វិទ្យុអាស៊ីសេរី
ដោយ កែវពេជ្រមេត្តា
មន្ដ្រី មជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺគ្រុនចាញ់នៃក្រសួងសុខាភិបាលនៅភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០៨នេះ ថា មជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺគ្រុនចាញ់បានធ្វើការចែកចាយមុងនិងអង្រឹង ជ្រលក់ថ្នាំការពារជំងឺគ្រុនចាញ់ឲ្យដល់កងទ័ពជាតិខ្មែរដែលកំពុងតែ ឈរជើងការពារតំបន់ប្រាសាទព្រះវិហារ ពីព្រោះថានៅទីនោះគឺជាតំបន់មួយមានអត្រាជំងឺគ្រុនចាញ់ខ្ពស់ ។
ទាហានខ្មែរយាមល្បាតប្រាសាទព្រះវិហារនៅក្នុងខែត្រព្រះវិហារ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០៨ ។
ប្រធានផ្នែកមុងជ្រលក់ថ្នាំនៃមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺ គ្រុនចាញ់ លោកវេជ្ជបណ្ឌិត ស៊ីវ សុវណ្ណរ័ត្ន បានមានប្រសាសន៍ថាពេលនេះគឺជារដូវភ្លៀងធ្លាក់ខ្លាំង ដូច្នេះជំងឺគ្រុនចាញ់អាចនឹងកើតមានច្រើនជាងពេលធម្មតា ជាពិសេសនៅតាមតំបន់ព្រំដែនដូចជាខេត្តព្រះវិហារនោះ ។
លោកបានបន្តទៀតថា ប៉ុន្តែសម្រាប់កងទ័ពខ្មែរដែលកំពុងតែការពារតំបន់ប្រាសាទព្រះវិហារ នោះ គេនៅមិនទាន់ឃើញមានករណីណាមួយកើតឡើងនូវជំងឺគ្រុនចាញ់នោះទេ ពីព្រោះមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺគ្រុនចាញ់នៃក្រសួងសុខាភិបាល បានជួយការពាររួចជាស្រេចទៅតាមរយៈការផ្តល់មុងនិងអង្រឹងជ្រលក់ ថ្នាំនោះ ។
លោកវេជ្ជបណ្ឌិត ស៊ីវ សុវណ្ណរ័ត្ន បានមានប្រសាសន៍ថា ៖ «ខាងយើង មិនមានអីកត់សម្គាល់ថា ឈឺអីធំដុំធ្ងន់ធ្ងរដូចខាងថៃផ្សាយនោះទេ បើមានបញ្ហាឈឺធ្ងន់ធ្ងរគឺមានវិធានការចុះទៅប្រើថ្នាំបាញ់បំបាត់ ប្រភពមូស ឬក៏យើងមានវិធានការអីផ្សេងទៀត ឬក៏យើងត្រូវយកគ្រូពេទ្យយើងចុះទៅជាបន្ទាន់ យើងព្យាបាលភ្លាមៗ» ។
បញ្ជាក់ប្រាប់ពីបញ្ហានេះដែរប្រធានមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺ គ្រុនចាញ់ លោកវេជ្ជបណ្ឌិត ឌួង សុជាតិ បានឲ្យដឹងថាក្រៅពីបានផ្ដល់មុងនិងអង្រឹងជ្រលក់ថ្នាំ ក្នុងនោះមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺគ្រុនចាញ់របស់ក្រសួងសុខាភិបាល ថ្មីៗនេះ ក៏បានធ្វើការផ្តល់ឪសថមួយចំនួនផងដែរឲ្យដល់កងទ័ពជាតិដែលកំពុងតែ ឈរជើងនៅតំបន់ប្រាសាទព្រះវិហារនោះ ។
មន្ដ្រីមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺគ្រុនចាញ់បានឲ្យដឹងទៀតថា កាលពីមិនទាន់មានបញ្ហាទាហានឈុតខ្មៅថៃចូលមកលុកលុយក្នុងទឹកដី ប្រាសាទព្រះវិហារខ្មែរនោះ គឺមជ្ឈមណ្ឌលជាតិបានធ្វើការចែកចាយមុងជ្រលក់ថ្នាំឲ្យដល់កងទ័ពដែល ធ្លាប់យាមប្រចាំការនៅតាមព្រំដែននិងប្រជាពលរដ្ឋនៅក្នុងខេត្ត ព្រះវិហារនោះរួចហើយដែរដែលបានផ្ដល់មុងថ្មីជិតដប់ម៉ឺនមុង ។
ប្រធានផ្នែកមុងជ្រលក់ថ្នាំនៃមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺ គ្រុនចាញ់ លោកវេជ្ជបណ្ឌិត ស៊ីវ សុវណ្ណរ័ត្ន បានបញ្ជាក់ថាតាមរយៈការផ្តល់មុងនិងអង្រឹងជ្រលក់ថ្នាំ ព្រមទាំងផ្តល់ឪសថសម្រាប់ព្យាបាលជំងឺគ្រុនចាញ់ផងនោះ ទាំងកងទ័ពក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារឆ្នាំនេះគេ រំពឹងថាអាចការពារជំងឺគ្រុនចាញ់បានប្រមាណ៩០% ។
លោកវេជ្ជបណ្ឌិត ស៊ីវ សុវណ្ណរ័ត្ន បានមានប្រសាសន៍ថា ៖ «អ្នកដែលឈរនៅហ្នឹងចាស់ពីមុនយើងបានចែក យើងបានជ្រលក់មុងគាត់ដែលចាស់ហ្នឹងដើម្បីការពារជំងឺគ្រុនចាញ់» ។
ទាក់ទងទៅនឹងអត្រាជំងឺគ្រុនចាញ់នៅទូទាំងប្រទេសវិញនោះ មន្ត្រីមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺគ្រុនចាញ់នៃក្រសួងសុខាភិបាលបាន បញ្ជាក់ថា នៅក្នុងឆ្នាំនេះគិតចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះគឺមាន ជំងឺគ្រុនចាញ់ចំនួន១៥៥០០ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន៤៦នាក់ ៕
ប្រភព ៖ វិទ្យុអាស៊ីសេរី