ដោយ សុផល មុន្នី
លោក នាក់ វង់ មេបញ្ជាការកងពល៤២ប្រចាំភាគឧត្ដរ បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា កងខេមរភូមិន្ទចំនួន៥នាក់ក្នុងចំណោមកងទ័ពជាច្រើននាក់ដែលបានដាក់ ការពារនៅលើខ្នងភ្នំដងរែក ខែត្រឧត្ដរមានជ័យ បានធ្លាក់ខ្លួនមានជំងឺគ្រុនចាញ់ ហើយមានកងកម្លាំងមួយចំនួនទៀតកំពុងប្រឈមទៅនឹងជំងឺនេះ ។
ទាហាន ខ្មែរយាមល្បាតប្រាសាទព្រះវិហារនៅក្នុងខែត្រព្រះវិហារ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០៨ ខណៈដែលរដ្ឋមន្ត្រីការបរទេសខ្មែរថៃជួបប្រជុំគ្នានៅខែត្រសៀមរាប ដើម្បីរកដំណោះស្រាយភាពតានតឹងផ្នែកយោធានៅតំបន់បា្រសាទព្រះវិហារ ។
លោក នាក់ វង់ បានឲ្យដឹងថា ៖ «គិតទៅយើងរស់នៅលំបាកណាស់ តំបន់នេះតំបន់គ្រុនចាញ់ ហើយយើងខ្វះខាតហ្នឹង កងយោធពលខេមរភូមិន្ទយើង យើងដឹងហើយ ។ មានឈឺគ្រុនចាញ់ដែរ ចាប់ផ្ដើមគ្រុនចាញ់បណ្ដើរដែរ ។ មកដល់នេះ ៥នាក់ហើយដែលខ្ញុំបញ្ជូនទៅក្រោយ» ។
លោកវរសេនីយ៍ឯក នាក់ វង់ បានបន្តថាមានក្រុមគ្រូពេទ្យទាហានប្រចាំការបានផ្ដល់ការព្យាបាលនៅ ទីនោះ ប៉ុន្តែទាំងសម្ភារៈនិងថ្នាំសង្កូវមិនមានគ្រប់គ្រាន់សម្រាប់ ព្យាបាលនោះទេ គឺគ្រាន់តែសម្រាប់ព្យាបាលបណ្ដោះអាសន្នតែប៉ុណ្ណោះ ។
កងកម្លាំងខេមរភូមិន្ទជាច្រើននាក់ត្រូវបានគេដាក់ពង្រាយនៅតាម គោលដៅនីមួយៗ ចាប់ពីជើងភ្នំរហូតដល់ខ្នងភ្នំដងរែក ដើម្បីការពារនិងទប់ស្កាត់ការឈ្លានពានរបស់ទាហានឈុតខ្មៅថៃ ។
តាមការសង្កេតផ្ទាល់របស់វិទ្យុអាស៊ីសេរីក្រុមទាហានខ្មែរទាំងនោះ បានបោះទីតាំងនៅក្រោមដើមឈើ ខ្លះធ្វើជម្រកជាតង់ និងខ្លះទៀតចងអង្រឹងដេកតាមដើមឈើដែលងាយទទួលរងនូវការកើតមាន ជំងឺគ្រុនចាញ់ ។
កងទាហានឈុតខ្មៅរបស់ថៃ កាលពីថ្ងៃទី២៦ ខែកក្កដា បានដាក់កម្លាំងពង្រាយចូលឈ្លានពានលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រ កម្ពុជា ដែលមានចង្ងាយហួសពីប្រាសាទតាមាន់ធំរបស់ខ្មែរនៅលើខ្នងភ្នំដងរែក ចម្ងាយប្រហែលជា៣០០ម៉ែត្រ ។
លោកវរសេនីយ៍ឯក នាក់ វង់ បានថ្លែងថាលោកបានធ្វើសំណើមួយចំនួនទៀត ប៉ុន្តែលោកមិនសង្ឃឹមថាជំនួយទាំងនោះនឹងគ្រប់គ្រាន់នោះទេ ។
លោកបានអំពាវនាវដល់អង្គការក្រៅរដ្ឋាភិបាល ក៏ដូចជាក្រុមហ៊ុនឯកជនក្នុងប្រទេសកម្ពុជាឲ្យជួយឧបត្ថម្ភបន្ថែម ទៀតដល់កងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីខ្មែរ ។
គួរបញ្ជាក់ថាថ្វីត្បិតតែកងទ័ពឈុតខ្មៅរបស់ថៃបានយល់ព្រមដកថយ ចូលបន្ទាយរបស់ខ្លួននៅខាងក្រោយប្រាសាទតាមាន់ធំ ដែលមានចម្ងាយ១០០ម៉ែត្រពិតមែនក៏ដោយ ក៏ប៉ុន្តែភាគីថៃនៅតែគ្រប់គ្រងប្រាសាទតាមាន់ធំដដែល ដោយមានការធ្វើរបងឈើការពារមិនឲ្យខ្មែរចូលទៅកាន់ទីប្រាសាទនោះ ឡើយ ។
ចំណែកឯកងយោធពលខេមរភូមិន្ទក៏នៅតែបន្តដាក់កម្លាំងការពារនៅទីនោះជាបន្តទៀត ៕