ទាហាន​ថៃ​ខ្លះ​បាន​ដក​ថយ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​ដោយ​ទ្រាំ​មិន​បាន​នឹង​ជំងឺ​គ្រុន​ចាញ់

មន្រ្តី ​យោធា​ខ្មែរ​នៅ​តំបន់​ជម្លោះ​នៃ​ប្រាសាទ​ព្រះវិហារ បាន​ឲ្យ​ដឹង​ថា កងទាហាន​ឈុត​ខ្មៅ​ថៃ ប្រមាណ​ជាង ១០០​នាក់ ដែល​បញ្ជូន​មក​ប្រឈម​មុខ​ដាក់​គ្នា ជាមួយ​ទាហាន​ខ្មែរ​នៅ​ភ្នំ​ទ្រព្យ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​ដែរ​នោះ បាន​ដក​ថយ​ទៅ​វិញ​ហើយ ដោយសារ​តែ​មិន​អាច​ទ្រាំទ្រ​នឹង​ជំងឺ​គ្រុនចាញ់​និង​គ្មាន​ទឹក​ប្រើប្រាស់។

     
RFA file photo/Savyuth ទាហាន​ថៃ​ដើរ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​នា​ថ្ងៃ​១៩ កក្កដា ២០០៨។ សេចក្ដី​រាយការណ៍​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៥ សីហា ២០០៨ ទាហាន​ថៃ​បាន​ដក​ចេញ​ខ្លះ​វិញ​ហើយ​ពី​ប្រាសាទ​តាមាន់​ក្នុង​ខេត្ត​ឧត្ដរ មានជ័យ។

មេបញ្ជាការ​រង​កង​ពល​ធំ​អន្តរាគមន៍​លេខ​២ ដែល​កំពុង​គ្រប់គ្រង​យោធា​នៅ​តំបន់​ភ្នំ​ទ្រព្យ លោក​ឧត្ដមសេនីយ៍ យឹម ពឹម បាន​មាន​ប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​១១ ខែ​សីហា​ថា កងទាហាន​ឈុត​ខ្មៅ​ថៃ ដែល​ទើប​តែ​បញ្ជូន​មក​ថ្មី ឲ្យ​ប្រឈម​មុខ​ជាមួយ​កង​ទាហាន​ខ្មែរ ដំណាល​គ្នា​នឹង​ថៃ​ចូល​លុកលុយ​ទី​វត្ត​ខ្មែរ​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ​ បាន​ដក​ថយ​ទៅវិញ​ហើយ។

មន្រ្តី​យោធា​ដដែល​បាន​ឲ្យ​ដឹង​ថា ទាហាន​ថៃ​ទាំង​នោះ បាន​ដក​ថយ​កាល​ពី​២​ថ្ងៃ​មុន ត្រឡប់​ទៅ​បន្ទាយ​ចាស់​របស់​ខ្លួន​វិញ ដែល​មាន​ចម្ងាយ​ជាង ៣​គីឡូម៉ែត្រ ពី​តំបន់​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​យោធា​ខ្មែរ ដោយសារ​តែ​ពួកគេ​ទទួល​រង​ជំងឺ​គ្រុនចាញ់​និង​ខ្វះ​ទឹក​ប្រើប្រាស់ ៖ «ភ្នំ ​ទ្រព្យ​ទាហាន​ខ្មៅ ដែល​វា​មក​ថ្មី ជាង ១០០។ ចេញ​អស់​ហើយ វា​ទៅ​នៅ​កន្លែង​វា​ក្រោយ​ឯណោះ បន្ទាយ​វា​ហ្នឹង វា ៣​គីឡូម៉ែត្រ។ វា​ឈឺ​គ្រុន នៅ​អត់​បាន កន្លែង​ហ្នឹង​វា​លំបាក អត់​ទឹក​អត់​អី​ផង ប្រើ​ទឹក​លើ​ថ្ម ទឹក​ដក់ៗ​ហ្នឹង ប៉ុន្តែ​វា​នៅ​អា​ចាស់ ៣០​នាក់»

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា មិន​អាច​ស្វែងរក​ជួប​ការអធិប្បាយ​បញ្ហា​នេះ ពី​ខាង​ភាគី​ថៃ​បាន​ទេ។

បញ្ហា​ដូចគ្នា​នេះ​ដែរ នៅឯ​តំបន់​ទ័ព​ប្រាសាទ​ព្រះវិហារ ដែល​កងទាហាន​ឈុត​ខ្មៅ​ថៃ កំពុង​ចូល​លុកលុយ​និង​បោះ​ជំរំ​ស្នាក់នៅ​ក្នុង​វត្ត​ខ្មែរ​នោះ តាម​ការឲ្យ​ដឹង​ពី​កង​ទាហាន​ខ្មែរ​ថា គេ​បាន​ឃើញ​មាន​មេ​បញ្ជាការ​យោធា​ថៃ ដែល​កំពុងតែ​នៅ​លើ​ទឹកដី​ខ្មែរ ពី​មុន​ជានិច្ចកាល​តែងតែ​ប្រជុំ​ជា​ញឹកញាប់ ជាមួយ​មេបញ្ជាការ​យោធា​ខ្មែរ​ដើម្បី​ធានា​កុំ​ឲ្យ​មាន​ការផ្ទុះ​អាវុធ​នោះ បាន​ផ្លាស់ប្ដូរ​ឥរិយាបថ ពុំ​ជួប​ប្រជុំ​ជាមួយ​មេបញ្ជាការ​យោធា​ខ្មែរ​ទៀត​ហើយ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា មេបញ្ជាការ​យោធា​ថៃ​ជា​ច្រើន បាន​ចាប់​ផ្ដើម​ដើរផ្លូវ​វាង​ចូល​ទៅ ខាង​ក្រៅ​វត្ត នៅពេល​ដែល​គេ​ចង់​ជួប​ជាមួយ​ពលទាហាន​របស់​គេ ដោយ​មិន​បាន​ដើរ​ចូល​ពី​មុខ​វត្ត​ដើម្បី​សម្ដែង​ការគួរសម​ជាមួយ​មេបញ្ជាការ​ យោធា​ខ្មែរ ដូច​មុន​ទៀត​ទេ។

ឧបនាយករដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​ កម្ពុជា លោក ទៀ បាញ់ បាន​មាន​ប្រសាសន៍​កាលពី​រសៀល​ថ្ងៃ​ចន្ទ​ថា ទោះ​យ៉ាង​ណា​រដ្ឋាភិបាល​កម្ពុជា​ថៃ នឹង​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន ដែល​កំពុងតែ​ប្រឈមមុខ​ដាក់​គ្នា ដោយ​កង​យោធា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ​ឲ្យ​ទាល់​តែ​បាន។

លោក ទៀ បាញ់ បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា​មាន​ចំណុច​ជោគជ័យ​មួយ​ចំនួន ដែល​គ្រោង​នឹង​យក​ទៅ​ជជែក​ក្នុង​កិច្ចចរចា​គ្នា ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ខាង​មុខ ក៏​ប៉ុន្តែ​ទោះ​យ៉ាង​ណា លោក​មិន​បាន​បង្ហើប​ឲ្យ​ដឹង​ពី​ចំណុច​ទាំង​នោះ​ទេ។

លោក ទៀ បាញ់ មាន​ប្រសាសន៍​ថា ៖ «វា​ត្រូវតែ​ចប់ ទោះ​យ៉ាង​ណា​ក៏​ដោយ យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​ចប់ កុំ​ឲ្យ​ពន្យារ​ពេល ត្រូវ​ធ្វើ​របៀប​ណា ពេល​ណា​អី​ហ្នឹង វា​ខូច​បរិយាកាស​…»

កង​ទាហាន​ខ្មែរ​និង​ថៃ​ខ្លះ ដែល​កំពុង​ប្រឈមមុខ​ដាក់​គ្នា បាន​និយាយ​ថា ពួកគេ​បាន​រង់ចាំ​ម្ដង​ហើយ ម្ដង​ទៀត ពី​លទ្ធផល​ចរចា​រវាង​មន្រ្តី​ខ្មែរ​-ថៃ ដើម្បី​បញ្ចប់​ជម្លោះ​តំបន់​ប្រាសាទ​ព្រះវិហារ​ពីព្រោះ​តែ​ពួកគេ​មិន​ចង់​ ច្បាំង​បង្ហូរ​ឈាម​គ្នា​ទេ៕

បញ្ចេញ មួយចំលើយតប