វិទ្យុអាស៊ីសេរី
ដោយ ជា មករា
ប្រធាន ព្រឹទ្ធសភាខ្មែរ លោក ជា ស៊ីម បានទាមទារឲ្យមានការពិនិត្យព្យាបាលជំងឺសម្រាប់ជនក្រីក្រដោយមិន ចាំបាច់បង់ថ្លៃ ព្រមទាំងទាមទារឲ្យលើកកម្ពស់មនសិការវិជ្ជាជីវៈរបស់មន្ត្រីសុខាភិបាល ក្នុងវិស័យសុខាភិបាលសាធារណៈ ។
AFP Photo
អ្នកគ្រូពេទ្យពិនិត្យជំងឺកុមារនៅឯមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃ១៤ កញ្ញា ២០០៦។
ប្រធានព្រឹទ្ធសភា លោក ជា ស៊ីម បានមានប្រសាសន៍ដូច្នេះនៅឯពិធីសម្ពោធអគារវះកាត់ប្រព័ន្ធប្រសាទ និងអគារព្យាបាលជំងឺបេះដូងកុមារ នៅឯមន្ទីរពេទ្យកាល់ម៉ែត នាទីក្រុងភ្នំពេញ នាថ្ងៃទី១៩ សីហានេះ ។
លោក ជា ស៊ីម ដែលជាអនុប្រធានមូលនិធិវេជ្ជសាស្ត្រកម្ពុជាផងដែរនោះបានថ្លែងថា ដើម្បីលើកកម្ពស់សុខភាពសាធារណៈ គេត្រូវយកចិត្តទុកដាក់ផ្ដល់សេវាសុខាភិបាលជូនប្រជាជនប្រកបដោយ ប្រសិទ្ធភាព និងមិនមានការរើសអើង ។
លោកបានបន្តថានៅតាមមន្ទីរពេទ្យនានាដើម្បីដំណើរការបានល្អ គឺត្រូវធានាឲ្យបាននូវអគារស្អាត ឧបករណ៍ពេទ្យគ្រប់គ្រាន់ ការថែទាំល្អ និងបុគ្គលិកមានសមត្ថភាពប្រកបដោយសតិសម្បជញ្ញៈខ្ពស់ ។
លោក ជា ស៊ីម បានមានប្រសាសន៍ថា ៖ «នៅក្នុងវិស័យសុខាភិបាល ទាំងមូល មានបញ្ហារួមខ្លះដែលយើងត្រូវយកចិត្តទុកដាក់ គឺការផ្ដល់សេវាសុខាភិបាលជូនប្រជាជន ប្រកបដោយប្រសិទ្ធភាព សមធម៌ និងនិរន្តរភាព ។ ការលើកលែងការបង់ថ្លៃក្នុងការពិនិត្យព្យាបាលចំពោះជនក្រីក្រ ការបង្កើនមូលនិធិសមធម៌ សំដៅគាំពារជនក្រីក្រ ឲ្យទទួលសេវាសុខភាព សុខាភិបាលសាធារណៈ ។ ការលើកកម្ពស់ មនសិការវិជ្ជាជីវៈរបស់មន្រ្តីភ្នាក់ងារសុខាភិបាលក្នុងការបម្រើ ប្រជាជន» ។
គួរជម្រាបថានេះជាលើកទីពីរហើយដែលប្រធានព្រឹទ្ធសភាបានលើកឡើង ពីបញ្ហាមនសិការវិជ្ជាជីវៈរបស់មន្ត្រីសុខាភិបាល និងការលើកលែងការបង់ថ្លៃសេវាសុខាភិបាលសាធារណៈចំពោះប្រជាពលរដ្ឋ ក្រីក្រ ដែលបញ្ហានេះត្រូវបានប្រធានព្រឹទ្ធសភា លោក ជា ស៊ីម ទើបនឹងបានលើកឡើងកាលពីពេលថ្មីៗនេះក្នុងឱកាសទិវាវេជ្ជសាស្ត្រ កាលពីថ្ងៃទី១៤ សីហាកន្លងទៅនេះ ។
សមាជិករដ្ឋសភាមកពីគណបក្សប្រឆាំង លោក យឹម សុវណ្ណ បានមានប្រសាសន៍ថាតាមការសង្កេតរបស់លោក មានមន្ត្រីសុខាភិបាលមួយចំនួនពិតជាបានគោរពតាមមនសិការវិជ្ជាជីវៈ ។ ទោះជាយ៉ាងណាលោកបានមានប្រសាសន៍ថា សព្វថ្ងៃមានមន្ត្រីសុខាភិបាលខ្លះមិនបានយកចិត្តទុកដាក់ចំពោះអ្នក ជំងឺ ហើយថែមទាំងទារប្រាក់ពីអ្នកជំងឺថែមទៀតផង ។
លោក យឹម សុវណ្ណ បានមានប្រសាសន៍ទៀតថាប្រជាពលរដ្ឋកម្ពុជាកម្រនឹងទទួលបានសេវា ព្យាបាលដោយមិនបង់ប្រាក់ណាស់នៅក្នុងមន្ទីរពេទ្យប្រទេសកម្ពុជា ។
លោក យឹម សុវណ្ណ បានឲ្យដឹងថា ៖ «ហើយអ្នកខ្លះទៀត គាត់មិនមានប្រាក់គ្រប់គ្រាន់សម្រាប់ព្យាបាលជំងឺទេ បង្ខំឲ្យគាត់លក់គោ លក់ក្របី លក់ដីធ្លី ផ្ទះសម្បែង ដើម្បីធ្វើម៉េចព្យាបាលជំងឺ ហើយអ្នកខ្លះទៀតព្យាបាលមិនជា រហូតដល់អស់ដីធ្លីអស់អីហើយ ព្យាបាលមិនជាទៀត គឺគ្រួសារគាត់ទាំងមូលធ្លាក់ខ្លួនវិបត្តិដ៏ធ្ងន់ធ្ងរ» ។
បច្ចុប្បន្ននេះមានការរិះគន់ជាសាធារណៈទៅលើមន្ទីរពេទ្យរដ្ឋថា បានយកកម្រៃព្យាបាលពីប្រជាជន ហើយថាគ្រូពេទ្យមិនសូវយកចិត្តទុកដាក់ចំពោះអ្នកជំងឺឡើយ ជាពិសេសគឺប្រជាពលរដ្ឋក្រីក្រដែលគ្មានលទ្ធភាពបង់ថ្លៃព្យាបាល ។ លើសពីនេះទៅទៀតប្រជាពលរដ្ឋដែលមានលទ្ធភាពបង្គួរ បានធ្វើដំណើរទៅកាន់ប្រទេសជិតខាងដើម្បីទទួលបានសេវាព្យាបាល ដែលនៅទីនោះត្រូវបានគេនិយាយថា មានតម្លៃថោកជាងនិងការព្យាបាលមានប្រសិទ្ធភាពខ្ពស់ថែមទៀតផង ៕