គណបក្ស​សម​រង្ស៊ី​យក​ភស្តុតាង​ទាក់ទង​នឹង​ការបោះឆ្នោត​ទៅ​ឲ្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ

វិទ្យុអាស៊ីសេរី
ដោយ កែវ និមល

លោក សម រង្ស៊ី ជាមួយ​មេធាវី​គណបក្ស​សមរង្ស៊ី បាន​យក​លិខិត​និង​ភស្តុតាង​មួយ​ចំនួន​យក​ទៅ​ឲ្យ​តំណាង​ក្រុមប្រឹក្សា​ ធម្មនុញ្ញ​នៅ​ថ្ងៃ​ទី​១៩ សីហា​នេះ ដើម្បី​បញ្ជាក់​អះអាង​ថា មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​កើត​មាន​នៅ​ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី ​២៧ កក្កដា កន្លង​ទៅ។

លោក គង់ សំអុន មេធាវី​គណបក្ស​សម​រង្ស៊ី បាន​មាន​ប្រសាសន៍​ប្រាប់​អ្នកកាសែត​នៅ​ឯ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នៅ​ថ្ងៃ​ ទី​១៩ សីហា​នេះ ឲ្យ​ដឹង​ថា ៖ «ថ្ងៃ​នេះ យើង​មក​តាម​ការកោះ​អញ្ជើញ​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ ហើយ​យើង​មក​បង្ហាញ​ភស្តុតាង​បន្ថែម ឬ​មួយ​ក៏​គេ​មាន​សំណួរ​អី​ចង់​សួរ​យើង​បន្ថែម។ អ្វី​ដែល​យើង​ចង់​បង្ហាញ គឺ​បង្ហាញ​ថា យើង​មាន​ភស្តុតាង មាន​សាក្សី​ដើម្បី​ប្ដឹង​នូវ​ការបោះឆ្នោត​ដែល​មាន​ភាព​មិន​ប្រក្រតី​ហ្នឹង។ យើង​ប្ដឹង​ជា​ទូទៅ​ដោយ​បដិសេធ​លទ្ធផល​បោះឆ្នោត អាហ្នឹង​ក្នុង​គោលបំណង​របស់​យើង»

លោក សម រង្ស៊ី ដែល​មាន​វត្តមាន​នៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដែរ​នោះ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ៖ «អ៊ីចឹង ​គេ​ចង់​បញ្ចប់​ពេល​ណា ស្រេច​នឹង​ចិត្ត​គេ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា គេ​នឹង​បញ្ចប់​កាន់​តែ​ឆាប់ ពីព្រោះ​បើ​អូស​បន្លាយ​យូរ យើង​ប្រមូល​ភស្តុតាង​បាន​កាន់​តែ​ច្រើន ពីព្រោះ​មួយ​ថ្ងៃៗ មនុស្ស​មក​តវ៉ា បាន​ផ្ដល់​ឯកសារ​ឲ្យ​យើង។ ឥឡូវ​នេះ មាន​មេ​ភូមិ ចៅ​សង្កាត់ ដែល​បាន​វាយ​ត្រា ដែល​បាន​យក​ទម្រង់​បែប​បទ ១០​-១៨ ក្លែង​ក្លាយ យក​ទៅ​ចែក​ឲ្យ​ប្រជាពលរដ្ឋ ដែល​គ្មាន​សិទ្ធិ​បោះឆ្នោត​ទៅ​បោះឆ្នោត ហើយ​គេ​ឲ្យ​លុយ​ឲ្យ​អី​ខ្លះ​អ៊ីចឹង​ទៅ ដើម្បី​បំប៉ោង​ចំនួន​សន្លឹក​ឆ្នោត ដែល​គណបក្ស​ប្រជាជន គេ​អះអាង​ថា គេ​ទទួល​បាន​នោះ ប៉ុន្តែ​ទទួល​បាន​ពី​ការបន្លំ ការលួច ភាព​ទុច្ចរិត​មាន​រូបភាព​ច្រើន​ណាស់ៗ។ ដូច្នេះ យើង​បញ្ជូន​ឯកសារ​មក​ក្រុមប្រឹក្សា​ធម្មនុញ្ញ ពេល​ណា​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បដិសេធ​ថា ភស្តុតាង​ហ្នឹង​មិន​ត្រឹមត្រូវ មិន​គ្រប់គ្រាន់ អ្នក​ដទៃ​ទៀត គេ​អាច​វិនិច្ឆ័យ​ដោយ​ខ្លួន​គេ​ថា តើ​ភស្តុតាង​ហ្នឹង គួរតែ​យក​មក​ពិចារណា ឬ​ក៏​បដិសេធ​ទាំង​ស្រុង»

មន្រ្តី​ក្រុមប្រឹក្សា​ធម្មនុញ្ញ​មួយ​រូប ដែល​មិន​បាន​ប្រកាស​អត្តសញ្ញាណ បាន​មាន​ប្រសាសន៍​រិះគន់​ចំពោះ​អ្នក​សារព័ត៌មាន​ដែល​បាន​មក​ស្រង់​ព័ត៌មាន​ នៅ​ក្នុង​ពេល​មាន​ការប្រគល់​ឯកសារ​ភស្តុតាង​ឲ្យ​ក្រុមប្រឹក្សា​ថា មក​ច្រើន​ពេក​នៅ​ពេល​មិន​មាន​សវនាការ​ផង​ទេ​នោះ ៖ «គ្រាន់​តែ​អញ្ជើញ​មក​បំភ្លឺ​រឿង​ស្អី​ខ្លះៗ រួច​យើង​មក។ នៅ​ក្រៅ​ទៅ ព្រោះ​អា​នេះ យើង​ធ្លាប់​ជួប​បំភ្លឺ​តើ!»

យោង​តាម​ច្បាប់​ការបោះឆ្នោត​តំណាងរាស្រ្ត​បាន​កំណត់​ថា នៅ​ពេល​មាន​ការមិន​ឯកភាព​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត ក្រោយ​ពេល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ប្រកាស​លទ្ធផល​បោះឆ្នោត​បណ្តោះ​អាសន្ន​ហើយ គណបក្ស​ដែល​មិន​យល់ព្រម មាន​សិទ្ធិ​ប្តឹង​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ ហើយ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ត្រូវ​កាត់​សេចក្តី​ឲ្យ​ដឹង នៅ​ក្រោយ​ពេល​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី ១០ ទៅ ២០​ថ្ងៃ យ៉ាងយូរ។

គណបក្ស​សម​រង្ស៊ី​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ កាលពី​ថ្ងៃ​ទី​១៥ សីហា កន្លង​ទៅ ចំពោះ​ភាព​មិន​ប្រក្រតី​ផ្សេងៗ នៅ​ក្នុង​ការបោះឆ្នោត៕

មួយចំលើយ ទៅ “គណបក្ស​សម​រង្ស៊ី​យក​ភស្តុតាង​ទាក់ទង​នឹង​ការបោះឆ្នោត​ទៅ​ឲ្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ”

  1. ក្រាក់ម៉ូ និយាយ ៖

    រឿងរ៉ាវទាំងប៉ុន្មាន ដែលកើតមានឡើង ដោយសារមានពាក្សបណ្តឹងចេញពី គណៈបក្សជំទាស់ ធ្វើអោយមានភាពសង្ស័យ ទៅលើស្ថាប័ននានា នៅប្រទេសខ្មែរ ។ ដូច្នេះ ស្ថាប័នទាំងនេះ សុទ្ធតែលំអៀង ដោយពុំមានសុ ឆន្ទៈឡើយ ឬមួយក៍លាយឡំនឹងអំពើពុករលួយ ? ។
    យើងអាចជូនចំឡើយ ដោយខ្លួនឯង ចំពោះអ្វីដែងយើងបានសរសេរនៅ ខាង លើនេះថា នៅប្រទេសខ្មែរសព្វថ្ងៃ គេពុំខ្វាយខ្វល់ចំពោះភាពយុត្តិធម៌ និង អយុត្តិធម៌អ្វីឡើយ ។ ភាពយុត្តិធម៌របស់គេ គឺសំអាងទៅលើសាច៉ដុំ តែ ប៉ុណ្ណោះ ។
    ហេតុអ្វីបានជាយើងហ៊ានសន្មត់ថាយ៉ាងដូច្នេះ ?
    ចំឡើយ គឺសូមមើលទៅ អាកប្បកិរិយ៉ារបស់អ្នកកំពូលមេដឹកនាំខ្មែរទៅ ! ។ គាត់ចង់និយាយបែបណាក៍បាន៖ សំដីយូកូង, សំដីបាតផ្សា,​ សំដីជាន់ កែងឯង​។ល។ និង។ល។ ។
    ដូច្នេះ ស្ថាប័នដ៍ទៃទៀត គេមិនញញើតនឹងប្រព្រឹត្តអំពើ ដែលគ្មានសីលធម៌ នោះទេ ។


បញ្ចេញ មួយចំលើយតប