វិទ្យុអាស៊ីសេរី
ដោយ ហ៊ុយ វណ្ណៈ
នៅ ក្នុងការដឹកនាំកសាងប្រទេសជាតិក្រៅពីតួនាទីរបស់ស្ថាប័នរដ្ឋាភិបាល នោះ អង្គការចលនាសង្គមដែលរួមមានក្រុមបញ្ញាជន អ្នកសិក្សាស្រាវជ្រាវ អ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិល គណបក្សនយោបាយ ចលនាព្រះសង្ឃ ចលនាស្ត្រី ចលនាយុវជន រួមទាំងចលនាកម្មករនិងកសិករផងនោះ គឺសុទ្ធតែមានចំណែកយ៉ាងសំខាន់ក្នុងការធ្វើឲ្យសង្គមខ្មែរ ប្រែប្រួលនិងអភិវឌ្ឍ ។
ទោះជាយ៉ាងនេះក្តីនាយិកាអង្គការសង្គមស៊ីវិលក្នុងស្រុកមួយ គឺលោកស្រី ពុង ឈីវកេក ដែលលោកស្រីបានចំណាយពេលជាង១០ឆ្នាំធ្វើកិច្ចការទាក់ទងបញ្ហារបស់ សង្គមខ្មែរ បានអធិប្បាយថានៅសង្គមកម្ពុជាបច្ចុប្បន្នរដ្ឋាភិបាលនៅតែជាស្ថាប័ន ដែលមានអំណាចលើសលប់ក្នុងការកំណត់កម្មវិធីនយោបាយនិងការកំណត់ទិសដៅ អនាគតរបស់កម្ពុជា ។
លោកស្រី ពុង ឈីវកេក បានមានប្រសាសន៍ថា ៖ «បានន័យថា រដ្ឋាភិបាលមិនសូវចង់ឲ្យអំណាចអី ឬក៏ឲ្យកិច្ចការងារអីទៅសង្គមស៊ីវិលទេ មិនមែនអំណាចដូចជាអំណាចរដ្ឋទេ ក៏ប៉ុន្តែដូចថាយកចិត្តទុកដាក់ ឲ្យតម្លៃទៅសង្គមស៊ីវិល ។ ប្រទេសគេដែលគេគោរពលទ្ធិប្រជាធិបតេយ្យពិតប្រាកដ គេឲ្យប្រជាពលរដ្ឋចូលរួមចំណែក ដើម្បីនឹងដោះស្រាយបញ្ហាសង្គម គេមិនមែនថាត្រូវតែរដ្ឋាភិបាលអ្នកធ្វើកិច្ចការងារហ្នឹងទាំងអស់ទេ ព្រោះអីថាលទ្ធិប្រជាធិបតេយ្យរដ្ឋាភិបាលបានមកពីប្រជាពលរដ្ឋ ហើយសម្រាប់ពង្រឹងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ហើយជារដ្ឋាភិបាលរបស់ប្រជាពលរដ្ឋ ។ បើជារដ្ឋាភិបាលរបស់ប្រជាពលរដ្ឋ ហើយបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋតោងតែឲ្យប្រជាពលរដ្ឋចូលរួម ចំណែក» ។
លោកស្រី ពុង ឈីវកេក មានប្រសាសន៍បន្តថានៅក្នុងបរិបទដែលផលប្រយោជន៍របស់រដ្ឋាភិបាលនិង គណបក្សនយោបាយមិនទាន់ចែកដាច់ពីគ្នានោះ រដ្ឋាភិបាលជាទូទៅគឺប្រឈមនូវបញ្ហាវិបាកផ្នែកនយោបាយជាច្រើននៅ ក្នុងការសម្រេចចិត្តរបស់ខ្លួន ។
នៅក្នុងបរិបទនេះលោកស្រី ពុង ឈីវកេក មានប្រសាសន៍គូសបញ្ជាក់ថាក្រុមចលនាសង្គមដែលរួមមានបញ្ញាជន អ្នកសិក្សាស្រាវជ្រាវ អង្គការសង្គមស៊ីវិល ឬអ្នកសារព័ត៌មាន គឺមានតួនាទីចាំបាច់ក្នុងការជួយជាគំនិតដើម្បីបង្ហាញផ្លូវដល់ រដ្ឋាភិបាលក្នុងការកសាងជាតិ ។
លោកស្រី ពុង ឈីវកេក បានឲ្យដឹងថា ៖ «អ៊ីចឹងត្រូវតែរដ្ឋាភិបាល ហ្នឹង លោកលើកទឹកចិត្តអ្នកទាំងអស់ហ្នឹង ឲ្យស្រាវជ្រាវ ស្រាវជ្រាវហើយ បើគេបានលទ្ធផល កុំឲ្យរដ្ឋាភិបាលខឹង ឲ្យរដ្ឋាភិបាលយកលទ្ធផលរបស់អ្នកបញ្ញវន្តទាំងអស់ហ្នឹង យកមកពិចារណា យកអ្នកបញ្ញវន្តហ្នឹងធ្វើជាដៃគូ ដើម្បីធ្វើការជាមួយគ្នា ។ ខ្ញុំថាបើរដ្ឋាភិបាលយើង រដ្ឋយើងឲ្យតម្លៃទៅសង្គមស៊ីវិល ព្រោះអ្នកទាំងអស់គ្នានៅក្នុងសង្គមស៊ីវិល ទាំងអ្នកសារព័ត៌មានអីទាំងអស់គឺនៅក្នុងសង្គមស៊ីវិល ហើយបើរដ្ឋាភិបាលយើងឲ្យតម្លៃទៅសង្គមស៊ីវិល យកសង្គមស៊ីវិលធ្វើដៃគូពិតប្រាកដ ខ្ញុំថាប្រទេសយើងជឿនលឿនណាស់ ព្រោះរដ្ឋាភិបាលមិនអាចធ្វើបានទាំងអស់ទេ បើមិនអ៊ីចឹងទេបើរដ្ឋាភិបាលធ្វើតែម្នាក់ឯង គេហៅថាអំណាចផ្ដាច់ការហើយ» ។
ចំណែកឯលោក ច័ន្ទ សុផល ប្រធានសមាគមអ្នកសេដ្ឋកិច្ចកម្ពុជា និងជាអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថាន CDRI មានប្រសាសន៍បន្ថែមថា ៖ «អាហ្នឹងវាទាមទារឲ្យថ្នាក់ដឹកនាំយើង យល់ច្បាស់ពីការស្រាវជ្រាវ ហើយរឿងស្រាវជ្រាវហ្នឹងគឺសំខាន់ណាស់ ។ ស្រុកគេ គេឲ្យតម្លៃណាស់ មិនចាំបាច់តែនៅស្រុកអ្នកជឿនលឿនទេ ស្រុកថៃ ស្រុកវៀតណាមហ្នឹង ក៏គេបែងចែកថវិកាជាតិមួយចំនួនសម្រាប់ស្រាវជ្រាវ គេឲ្យជាផ្ដល់ថវិកាតែម្ដង គេឲ្យវិទ្យាស្ថានស្រាវជ្រាវហ្នឹង ព្រោះបើសិនជាស្រាវជ្រាវត្រូវ វាធ្វើឲ្យការចាយប្រាក់ ថវិកាផ្សេងៗ មានប្រសិទ្ធភាព ។ យើងឧទាហរណ៍ដូចពួកប្រទេសជឿនលឿន គេមានទម្លាប់យកការស្រាវជ្រាវដឹកមុខ ក្រុមហ៊ុនឯកជនក៏អ៊ីចឹងដែរ ។ ឧទាហរណ៍ដូចធនាគារពិភពលោក គេមានគម្រោងដាក់ថវិកា ១០លានដុល្លារ សម្រាប់ជួយកាត់បន្ថយភាពក្រីក្រនៅក្នុងខេត្តសៀមរាប ហើយដើម្បីឲ្យចាយ១០លានដុល្លារហ្នឹង មានប្រសិទ្ធភាពគេហ៊ានចំណាយលុយដល់ទៅជិតកន្លះលាន ដើម្បីធ្វើការស្រាវជ្រាវមើលរកចម្លើយថា គួរតែធ្វើយ៉ាងម៉េច ? នៅកន្លែងណា ? ដោយវិធីណាខ្លះ ? ដើម្បីឲ្យការហ៊ានចំណាយកន្លះលាន វាធ្វើឲ្យអា១០លានមានប្រសិទ្ធភាព» ។
ទោះបីជាយ៉ាងណាក៏ដោយ លោក ច័ន្ទ សុផល មានប្រសាសន៍បន្តថាស្ថាប័នស្រាវជ្រាវនៅកម្ពុជា គឺភាគច្រើនទទួលថវិកាពីបរទេស ៖ «បច្ចុប្បន្ន ហ្នឹងយើងឃើញថាមិនអត់ទេ យើងមានមួយចំនួនវិទ្យាស្ថានស្រាវជ្រាវ ដូចជា CDRI ប៉ុន្តែគ្រាន់តែថាថវិកាបានមកពីក្រៅស្រុកហ្នឹង ១០០% ហើយយើងសង្ឃឹមថា រដ្ឋាភិបាលប្រហែលជាមិនច្រើនទេ បែងចែកថវិកាគ្រាន់តែគិតជាភាគរយវិញ គឺមិនដល់កន្លះភាគរយផងក៏អាចជួយផ្នែកហ្នឹងបានច្រើនដែរ» ។
នាប៉ុន្មានឆ្នាំចុងក្រោយនេះកម្ពុជាត្រូវបានក្រុមអ្នកសិក្សា ស្រាវជ្រាវអធិប្បាយថា ប្រទេសនេះបានផ្តោតការប្រឹងប្រែងច្រើនក្នុងការកសាងធនធានមនុស្សដែល ធ្វើឡើងដោយរដ្ឋនិងវិស័យឯកជន ។
លោកបណ្ឌិត ស៊ន សំណាង ប្រធានរាជបណ្ឌិតសភាកម្ពុជាមានប្រសាសន៍ថា បច្ចុប្បន្ននេះស្ថាប័នរាជបណ្ឌិតសភាកម្ពុជាកំពុងផ្តោតច្រើនលើ ការបណ្តុះបណ្តាលធនធានមនុស្ស ៖ «Master បាន៤ជំនាន់ បានជាង២០០នាក់ ហើយបណ្ឌិតបើកបានជំនាន់ទី១ ហើយបានតែ៥០នាក់ទេ» ។
លោកបណ្ឌិត ស៊ន សំណាង មានប្រសាសន៍បន្តថាដោយសារបញ្ហាហិរញ្ញវត្ថុ ការសិក្សាស្រាវជ្រាវរបស់ស្ថាប័នស្រាវជ្រាវជាន់ខ្ពស់របស់កម្ពុជាមួយ នេះនៅមានកម្រិតនៅឡើយ ៖ «ឥឡូវនេះមានប្រាក់បំណាច់ស្រាវជ្រាវ ដែលមានព្រះរាជក្រឹត្យចុះថ្ងៃទី២៧ កក្កដា ឆ្នាំ ២០០៧ គឺថាមានការផ្ដល់ប្រាក់បំណាច់ស្រាវជ្រាវមកដល់សមាជិកបណ្ឌិតសភា ហើយនិងមន្រ្តីស្រាវជ្រាវនៃរាជបណ្ឌិតសភាកម្ពុជា ។ ហើយឥឡូវនេះយើងកំពុងតែរៀបចំជំរុញការស្រាវជ្រាវដែលយើងបានទទួលខាង ផ្នែកស្រាវជ្រាវហ្នឹងហើយ ហើយយើងមានជំនួយខ្លះដែរ មួយចំនួនពីមូលនិធិ ជាពិសេសមូលនិធិនៃកូរ៉េសម្រាប់ការសិក្សាជាន់ខ្ពស់» ។
កាលពីជិត៣០ឆ្នាំមុនប្រទេសកម្ពុជាត្រូវបានធ្វើឲ្យខ្ទេចខ្ទាំ ដោយការដឹកនាំនៃរដ្ឋាភិបាលកម្ពុជាប្រជាធិតេយ្យខ្មែរក្រហម ។ រហូតមកទល់បច្ចុប្បន្នមរតកនៃការដឹកនាំសង្គមនៃរបប ប៉ុល ពត នៅតែត្រូវបានគេស្តីបន្ទោសនៅឡើយ ។
ទោះបីជាយ៉ាងណាក៏ដោយអ្នកសិក្សាសេដ្ឋកិច្ច គឺលោក ចាន់ សុផល បានអធិប្បាយថាកម្ពុជាបច្ចុប្បន្ននេះគឺមានឱកាសធនធានមនុស្ស និងភោគទ្រព្យធម្មជាតិ ដែលគួរតែអាចឲ្យប្រទេសនេះបន្តដំណើរតទៅមុខបាន ។
ចំណែកឯលោកស្រី ពុង ឈីវកេក មានប្រសាសន៍បន្ថែមថា ៖ «យើងអាចធ្វើ បាន យើងឈប់បន្ទោសពីរឿងដែលអស់ ៣០-៤០ឆ្នាំទៅហើយ ដែលវាហួសកន្លងទៅហើយ ។ ចាប់ពីពេលហ្នឹងទៅយើងអាចនាំគ្នាចាប់ដៃគ្នារៀបចំប្រទេសជាតិឡើង វិញ រដ្ឋាភិបាលធ្វើការជាមួយសង្គមស៊ីវិលទៅ អប់រំឲ្យបានច្រើន សូមឲ្យព្រះសង្ឃអីជួយអប់រំខាងសីលធម៌ឡើងវិញទៅ យើងអាចកសាងប្រទេសយើងបានទៅវិញ ។ ខ្ញុំថាឈប់ងាកទៅក្រោយ ដើរទៅមុខវិញ ងាកមើលតម្រង់ទៅមុខ ហើយរកផ្លូវឲ្យល្អដើរទៅមុខ» ៕