បក្ស​ប្រឆាំង៖ ការបញ្ចប់​ថ្ងៃ​តវ៉ា​ពី​ការបោះ​ឆ្នោត​ជា​ការបង្ហាញ​នូវ​ភាព​អយុត្តិធម៌

វិទ្យុអាស៊ីសេរី
ដោយ ផាន សូផាត

មន្រ្តី ​គណបក្ស​ប្រឆាំង​បាន​ថ្លែង​ថា ការបញ្ចប់​នៃ​ថ្ងៃ​តវ៉ា​ការបោះ​ឆ្នោត​នា​ថ្ងៃ​នេះ គឺ​គ្រាន់តែ​ជា​ការបង្ហាញ​នូវ​រូបភាព​ដ៏​អាក្រក់ ដូច​ជា​ភាព​អយុត្តិធម៌ ការបំពាន​សិទ្ធិ​ពលរដ្ឋ ភាព​លម្អៀង​នៃ​ស្ថាប័ន​ដោះស្រាយ​ការបោះឆ្នោត​សម្រាប់​ប្រទេស​កម្ពុជា​ តែប៉ណ្ណោះ ។


RFA Photo
លោក កឹម សុខា (ឆ្វេង) ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស និង លោក សម រង្ស៊ី (ស្ដាំ) ប្រធាន​គណបក្ស​សម​រង្ស៊ី។

លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​ពាក្យបណ្ដឹង​ចុង​ក្រោយ​របស់​គណបក្ស​លោក ស្តីពី​ភាព​មិន​ប្រក្រតី​នៃ​ការបោះ​ឆ្នោត និង​ស្នើ​ឲ្យ​មាន​ការបោះ​ឆ្នោត​ឡើង​វិញ​នោះ​ត្រូវ​បាន​ក្រុមប្រឹក្សា​ ធម្មនុញ្ញ​បដិសេធ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ ​គិត​ថា​បញ្ចប់​ដោយ​ការឈឺចាប់​បញ្ចប់​ដោយ​អយុត្តិធម៌ បញ្ចប់​ដោយ​គ្មាន​បើក​ផ្លូវ ដោយ​តម្លាភាព ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ អ្នក​ដែល​មាន​ការតវ៉ា អស់​ចិត្ត គឺ​បញ្ចប់​ដោយ​ក្រៀមក្រំ»

កាលពី​ថ្ងៃ​ពុធ ក្រុមប្រឹក្សា​ធម្មនុញ្ញ​ក៏​បាន​បដិសេធ​ពាក្យបណ្តឹង​ស្រដៀង​គ្នា​នេះ​ដែរ​ របស់​គណបក្ស​សមរង្ស៊ី ដែល​ជា​បណ្តឹង​ចុងក្រោយ​ក្នុង​ការតវ៉ា​លទ្ធផល​បោះ​ឆ្នោត​ជាតិ កាលពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា​កន្លង​ទៅ​នេះ ។

មេ​ដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា​ទង្វើ​ដ៏​អាក្រក់​នៃ​ប្រព័ន្ធ​បោះឆ្នោត​ក្នុង​ប្រទេស​ កម្ពុជា​នា​ពេល​នេះ ៖ «ស​ឲ្យ​ឃើញ​ថា ស្ថាប័ន​ទាំង​ពីរ​គឺ​ថា លើក​ទី​១​គឺ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហើយ​លើក​ទី​២ គឺ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នេះ គឺ​បម្រើ​គណបក្ស​ប្រជាជន​ដែល​ជា​គណបក្ស​កាន់​អំណាច គឺ​បម្រើ​ផ្ដាច់ថ្លៃ គឺ​គ្មាន​រក​ដំណោះស្រាយ គ្មាន​ផ្ដល់​យុត្តិធម៌​ចំពោះ​ជម្លោះ ចំពោះ​ពាក្យ​បណ្ដឹង​របស់​យើង ហើយ​ចំពោះ​ប្រជារាស្រ្ដ​ដែល​បាត់បង់​សិទ្ធិ​បោះ​ឆ្នោត ហើយ​ដែល​ត្រូវ​គេ​ក្លែងបន្លំ​សន្លឹក​ឆ្នោត»

ប៉ុន្តែ​ទាក់ទង​នឹង​បញ្ហា​នេះ​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​អ្នក​មាន​ជ័យជម្នះ​លើសលុប​ក្នុង​ការបោះ​ឆ្នោត​កន្លង​ទៅ គឺ​លោក ជាម យៀប បាន​មាន​ប្រសាសន៍​ថា​ការចោទ​ប្រកាន់​នោះ​គឺ​ជា​ប្រពៃណី​របស់​អ្នក​ចាញ់​តែ​ ប៉ុណ្ណោះ ។

លោក ជាម យៀប បាន​មាន​ប្រសាសន៍​ថា ៖ «អ្នក​ដែល​បាន​ទទួល​អាសនៈ​តិច ច្រើនតែ​ចោទ​ប្រកាន់​គ្រប់​បែប​យ៉ាង​ដែល​គេ​ឈ្នះ​ឆ្នោត ថា​គេ​អ៊ីចេះ​មួយ អ៊ីចុះ​មួយ ។ បើសិន​ជា​គាត់​បាន​ជាប់​វិញ ឈ្នះ​ដូច​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ក៏​ស្ងាត់​ចឺម​ដូច​តែ​គ្នា​ហ្នឹង»

លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត (គ.ជ.ប.) បាន​មាន​ប្រសាសន៍​ថា ឥឡូវ​នេះ​ការតវ៉ា​និង​ការដោះស្រាយ​រឿង​បោះ​ឆ្នោត​បាន​បញ្ចប់​ហើយ ហើយ​គ.ជ.ប.​នឹង​អាច​ចេញ​លទ្ធផល​ផ្លូវការ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទាំង​លោក កឹម សុខា និង​លោក សម រង្ស៊ី បាន​ថ្លែង​បញ្ជាក់​ដែរ​ថា គណបក្ស​របស់​លោក​ទាំង​ពីរ​នៅតែ​រក្សា​ជំហរ​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ ការបោះ​ឆ្នោត​កន្លង​ទៅ​នេះ​ទេ ហើយ​នឹង​ធ្វើការ​តវ៉ា​បន្ត​ទៀត​ដល់​សហគមន៍​អន្តរជាតិ ។

មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ទាំង​ពីរ​នេះ​ក៏​បាន​អះអាង​ដែរ​ថា​ការរក្សា​ ជំហរ​មិន​ចូលរួម​ប្រជុំស្បថ​ចូល​កាន់​តំណែង​សភា​ក៏​មិនមាន​ការផ្លាស់ប្តូរ​ ដែរ​រហូត​មក​ទល់​ពេល​នេះ ៕

គ.ជ.ប. ​ប្រកាស​លទ្ធផល​នៃ​ការបោះ​ឆ្នោត​បណ្តោះអាសន្ន

គណៈកម្មាធិការ ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត (គ.ជ.ប.) នៅ​ថ្ងៃ​សៅរ៍​នេះ​បាន​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​បណ្តោះអាសន្ន និង​បាន​បើក​ឲ្យ​មាន​ការប្ដឹង​តវ៉ា​ចាប់ពី​ពេល​នេះ​សម្រាប់​គ្រប់​គណបក្ស​ នយោបាយ​ដែល​មិន​សុខចិត្ត​ចំពោះ​ការបោះ​ឆ្នោត​កន្លង​មក​នេះ។

AFP Photo

មន្ត្រី ​រៀបចំ​ការបោះឆ្នោត​លើក​បង្ហាញ​សន្លឹក​ឆ្នោត ក្នុង​ពេល​រាប់​សន្លឹក​ឆ្នោត ក្នុង​ស្ថានីយ​បោះឆ្នោត​មួយ​កន្លែង​ក្នុង​ក្រុង​ភ្នំពេញ​នា​ថ្ងៃ​ទី ២៧ កក្កដា ២០០៨។

លទ្ធផល​ដែល​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​លទ្ធផល​របស់​អ្នក​សង្កេតការណ៍ ​ក្រៅ​រដ្ឋាភិបាល​ដែរ​បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​មាន​សំឡេង​គាំទ្រ​នាំ​មុខ​គេ​ដល់​ទៅ​ជាង​៥០% នៃ​សំឡេង​ឆ្នោត។

បក្ស​ប្រឆាំង​ដែល​ធំ​ជាង​គេ​គឺ​គណបក្ស​សមរង្ស៊ី បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ស្រប​គ្នា​នោះ​ដែរ​ដើម្បី​ច្រាន​ចោល​លទ្ធផល​នៃ​ ការបោះឆ្នោត​បណ្តោះអាសន្ន​នេះ ។ គណបក្ស​សមរង្ស៊ី​បាន​ចោទ​ថា គ.ជ.ប.​ធ្វើការ​មិន​បាន​ត្រឹមត្រូវ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ភារកិច្ច​របស់ ​ខ្លួន​ដោយ​ធ្វើ​ឲ្យ​មនុស្ស​ជាង​១​លាន​នាក់​បាត់បង់​សិទ្ធិ​ក្នុង​ការបោះ​ ឆ្នោត។

មន្រ្តី​ជាន់ខ្ពស់​របស់​គណបក្ស​ប្រឆាំង លោក សុន ឆ័យ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ដដែល​នេះ​ថា ៖ «តើ ​សង​សិទ្ធិ​គេ​យ៉ាង​ម៉េច​វិញ ? យើង​ត្រូវ​សង​សិទ្ធិ​គេ កុំ​ថា ១​ម៉ឺន ១​សែន ថា ១០០​នាក់​ទៅ​ចុះ តើ​យើង​រំលោភ​សិទ្ធិ​គេ​ដោយ​មិន​មាន​ការដោះស្រាយ​ឬ​ក៏​ម៉េច ?»

នៅ​ក្នុង​ចំណោម​អ្នក​បោះ​ឆ្នោត​ប្រហែល ៦​លាន​នាក់ លទ្ធផល​បណ្តោះអាសន្ន​របស់​គ.ជ.ប.​បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​សំឡេង​គាំទ្រ​ជាង ៣លាន​សំឡេង គណបក្ស​សមរង្ស៊ី បាន​ទទួល​សំឡេង​គាំទ្រ​ជាង ១​លាន​សំឡេង គណបក្ស​សិទ្ធិ​មនុស្ស បាន​ទទួល​ជិត ៤​សែន​សំឡេង គណបក្ស នរោត្តម រណឫទ្ធិ បាន​ទទួល​ជាង ៣​សែន​សំឡេង គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ប្រហែល ៣​សែន​សំឡេង និង​គណបក្ស​ផ្សេងៗ​ទៀត​បាន​ទទួល​ប្រហែល​១ម៉ឺន ឬ ២​ម៉ឺន​សំឡេង​ប៉ុណ្ណោះ។

របាយការណ៍​របស់​គណបក្ស​ប្រឆាំង​បាន​និយាយ​ថា គ.ជ.ប.​បាន​បង្ក​ការលំបាក​យ៉ាង​ច្រើន​ដល់​អ្នក​បោះ​ឆ្នោត ដូច​ជា​ការផ្លាល់​ប្តូរ​ការិយាល័យ ការរារាំង​អ្នក​បោះ​ឆ្នោត និង​បើក​ឲ្យ​មាន​ការធានា​ទម្រង់​១០១៨ ដោយ​ខុស​ច្បាប់​ពី​សំណាក់​មន្រ្តី​មូលដ្ឋាន។

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​រៀបចំ​ការបោះ​ឆ្នោត លោក ទេព នីថា ឲ្យ​ដឹង​ដដែល​ថា​ការលុប​ឈ្មោះ​មនុស្ស​មួយចំនួន​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត​ ដោយសារ​ធ្វើឡើង​កុំ​ឲ្យ​ជាន់​ឈ្មោះ​ដដែលៗ ហើយ​មាន​មនុស្ស​ខ្លះ​ទៀត​បាន​បាត់បង់​សិទ្ធ​នៃ​ការបោះ​ឆ្នោត  ហើយ​ក៍​មាន​អ្នក​ស្លាប់​ចំនួន​១%​ផងដែរ នៅ​ក្នុង​មនុស្ស​ប្រហែល​៦​សែន​នាក់​ដែល​គ.ជ.ប.​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ នោះ។

លោក​បន្ត​ថា​ការលុប​ឈ្មោះ​របស់​គ.ជ.ប.​អាច​មាន​ការភ្លាំងភ្លាត់​ចំនួន​៧​ ករណី​ប៉ុណ្ណោះ ដែល​គេ​គិត​ថា​មិន​ជះ​ឥទ្ធិពល​អ្វី​ទៅ​ដល់​លទ្ធផល​នៃ​ការបោះ​ឆ្នោត​ឡើយ។

លោក ទេព នីថា បាន​បញ្ជាក់​ថា ៖ «…​ដោយឡែក​អ្នក​ដែល​មក​បោះ​ឆ្នោត​ ហើយ​មាន​បញ្ហា​បច្ចេកទេស​មួយចំនួន​ដែល​រាំងស្ទះ​របស់​គាត់ អា​ហ្នឹង​ជា​កំហុស​មួយ​ដែល​យើង​មិន​អាច​ជួសជុល​សង​គាត់​វិញ​បាន​នៅ​ពេល​នេះ​ ទេ តែ​យើង​ត្រូវ​ធ្វើ​អី​ទៀត​នៅ​ពេល​ក្រោយ​ដើម្បី​ចៀស​បញ្ហា​នេះ»

គួរ​ជម្រាប​ផងដែរ​ថា​របាយការណ៍​ថ្មីៗ​របស់​អង្គការ​ខុមហ្វ្រែល​វិញ​បាន​ អះអាង​ថា គេ​បាន​រក​ឃើញ​ជាង​១​ពាន់​ករណី​នៃ​អ្នក​បោះ​ឆ្នោត​ដែល​ត្រូវ​បាន​គេ​លុប​ ឈ្មោះ​ចេញ​ពី​បញ្ជី។

ខុមហ្វ្រែល​បាន​និយាយ​ទៀត​ថា​ថ្វីបើ​ការបោះ​ឆ្នោត​លើក​នេះ​មិន​មាន​ ការប្រើប្រាស់​អំពើ​ហិង្សា ក៏ប៉ុន្តែ​ភាព​មិន​ប្រក្រតី​មាន​ច្រើន​ប្រហាក់​ប្រហែល​នឹង​ការបោះ​ឆ្នោត​ កាលពី​ឆ្នាំ​២០០៣​ដែរ៕

គោលជំហរ​របស់​គណបក្ស​ប្រឆាំង​ចំពោះ​លទ្ធផល​នៃ​ការបោះ​ឆ្នោត

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី ដែល​បក្ស​នេះ​ទទួល​បាន ២៦​អាសនៈ សភា​ពី​ការបោះ​ឆ្នោត​ជ្រើសរើស​តំណាង​រាស្រ្ដ​ខ្មែរ​អាណត្តិ​ទី​៤ នៅ​កម្ពុជា​នោះ មាន​ប្រសាសន៍​ថា​ការវាយ​តម្លៃ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ចំពោះ​ការបោះ​ឆ្នោត​នោះ​គឺ​អាច​នឹង​មាន​ការកែប្រែ។

AFP Photo

ប្រធាន​គណបក្ស​សមរង្ស៊ី លោក សម រង្ស៊ី បោះ​ឆ្នោត​នៅ​ការិយាល័យ​បោះ​ឆ្នោត​មួយ​ក្នុង​ខែត្រ​កំពង់ចាម កាលពី​ថ្ងៃ​២៧ កក្កដា ២០០៨ ។

លោក សម រង្ស៊ី បាន​ឲ្យ​ដឹង​ថា ៖ «ការវាយ​តម្លៃ​នេះ​មិន​ទាន់​ជា​ ស្ថាពរទេ ពីព្រោះ​ខ្ញុំ​នៅ​ជួប​ជាមួយ​អ្នក​សង្កេតការណ៍​អន្តរជាតិ​ជា​ច្រើន គេ​កំពុងតែ​ប្រមូល​ព័ត៌មាន​បន្ថែម​ទៀត។ ការវាយតម្លៃ​របស់​គេ​អាច​នឹង​ប្រែប្រួល ខ្ញុំ​ជឿ​ថា​នឹង​ប្រែប្រួល ពីព្រោះ​ភស្តុតាង​មាន​កាន់តែ​ច្រើន​ឡើងៗ ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​ការបោះ​ឆ្នោត​នេះ​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន ទោះជា​យើង​ឃើញ​ថា​មាន​អំពើ​ហិង្សា​តិច​ជាង​មុន​មែន ប៉ុន្តែ​មាន​ល្បិចកល​ច្រើន​ជាង​មុន​ឆ្ងាយ​ណាស់ ហើយ​ធ្ងន់ធ្ងរ​ជាង​មុន​ឆ្ងាយ​ណាស់​ដែល​បំផ្លៃ​ឆន្ទៈ​ប្រជារាស្រ្ដ​ខ្មែរ គឺ​លទ្ធផល​បណ្ដោះអាសន្ន​ដែល​គេ​ប្រកាស​បណ្ដើរៗ​នេះ មិន​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​ប្រជារាស្រ្ដ​ខ្មែរ​ទេ ផ្ទុយ​ទៅ​វិញ​គឺ​បំភ្លៃ​ឆន្ទៈ​ប្រជារាស្រ្ដ​ខ្មែរ»

លោក សម រង្ស៊ី មាន​ប្រសាសន៍​បង្ហាញ​នូវ​ករណី​កម្រិត​ធ្ងន់ធ្ងរ​មួយចំនួន​នៃ​ភាព​មិន​ ប្រក្រតី​ក្នុង​ដំណើរការ​នៃ​ការបោះ​ឆ្នោត​នោះ​ឲ្យ​ដឹង​ថា ៖ «ពួក​អ្នក​ សង្កេតការណ៍​បើ​មក​មើល​ថ្ងៃ​បោះ​ឆ្នោត ឬ​មើល​តែ​ត្រឹម​បួន​ដប់​ថ្ងៃ មុន​ថ្ងៃ​បោះ​ឆ្នោត​អត់​ឃើញ​អី​ទេ ពីព្រោះ​ការកេងបន្លំ ការលុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត គេ​ថា​សម្អាត​បញ្ជី តែ​តាម​ការពិត​គឺ​គេ​លុប​ឈ្មោះ​អ្នក​ដែល​គេ​មាន​សិទ្ធិ​បោះ​ឆ្នោត​ ត្រឹមត្រូវ តែ​គេ​ដឹង​ឬ​គេ​សង្ស័យ​ថា​មិន​បោះ​ឆ្នោត​ឲ្យ​គេ ដូច្នេះ​គេ​បាន​លុប​ឈ្មោះ​ប្រជាពលរដ្ឋ​រាប់​សែន​នាក់។ ហ្នឹង​ហើយ​ជា​ល្បិចកល​មួយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​មួយចំនួនធំ បាត់បង់​សិទ្ធិ​បោះ​ឆ្នោត​ហ្នឹង​ហើយ ភាព​មិន​ប្រក្រតី​ដ៏​ធ្ងន់ធ្ងរ​មួយ។ ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​មួយ​ទៀត គឺ​ការបញ្ចេញ​ទម្រង់ ១០១៨ គឺ​ឯកសារ​សម្គាល់​ខ្លួន ឯកសារ​បញ្ជាក់​អត្តសញ្ញាណ ចំពោះ​អ្នក​ណា​ដែល​អត់​មាន​អត្តសញ្ញាណប័ណ្ណ តែ​គណបក្ស​កាន់​អំណាច ហើយ​អាជ្ញាធរ​នៅ​មូលដ្ឋាន ដែលប​ម្រើ​គណបក្ស​កាន់​អំណាច​ហ្នឹង គឺ​គេ​បាន​ចេញ​ឯកសារ​នេះ​ចេញ​ដោយ​ក្លែង​បន្លំ​ដោយ​ខុស​ច្បាប់»

លោក​ប្រធាន​គណបក្ស​សមរង្ស៊ី​បញ្ជាក់​ថា ៖ «គេ​យក​ឈ្មោះ​ខ្មោច គេ​យក​ឈ្មោះ​ដែល​អត់​មាន​វត្តមាន​នៅ​ក្នុង​ភូមិ អត់​មាន​ឈ្មោះ​នៅ​លើ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​នៅ​ការិយាល័យ​បោះ​ឆ្នោត​ នីមួយៗ​ទេ ប៉ុន្តែ​គេ​រក្សា​ឈ្មោះ​ខ្មោច​ទាំងអស់​នោះ ដើម្បី​យក​ឈ្មោះ​ខ្មោច​ទាំងអស់​នោះ យក​ទៅ​បំពាក់​ឲ្យ​មនុស្ស​ដែល​អត់​មាន​សិទ្ធិ​បោះ​ឆ្នោត ហើយ​ដែល​គេ​បាន​ឲ្យ​លុយ​គេ​បាន​ជំរុញ​ឲ្យ​ទៅ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន។ ហ្នឹង​ហើយ​ភាព​មិន​ប្រក្រតី​គឺ​ថា​តំណាង​រាស្រ្ដ​ដែល​ជាប់​ឆ្នោត​ក្រោម​ ស្លាក​គណបក្ស​ប្រជាជន គឺ​មួយចំនួន​ធំ មិនមែន​ជា​តំណាង​រាស្រ្ដ​ទេ គឺ​ជា​តំណាង​ខ្មោច​ឬ​ក៏​ជា​តំណាង​យួន ជា​តំណាង​ជន​បរទេស​ដែល​គេ​បាន​ឲ្យ​ឈ្មោះ​ខ្មោច​យក​ទៅ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ ប្រជាជន បូកសរុប​ទៅ​គឺ​ថា​ចំនួន​អ្នក​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​ពិត​ប្រាកដ មាន​តិច​ជាង​អ្វី​ដែល​គេ​ប្រកាស»

តែ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ចាត់​ទុក​ថា ភាព​មិន​ប្រក្រតី​ដែល​គេ​ទទួល​បាន​ភស្តុតាង​មួយ​ចំនួន​នៅ​មុន​ថ្ងៃ​ទី​១ ខែ​សីហា​នេះ ទាក់ទិន​នឹង​ការបោះ​ឆ្នោត​នោះ គឺ​ថា​ការរំលោភ​ទាំង​នោះ​បាន​កើតឡើង​ក្នុង​កម្រិត​មួយ​តិចតួច​នៅ​តាម​តំបន់​ មួយចំនួន ហើយ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការបោះ​ឆ្នោត​នោះ​ទេ។

ត្រង់​ចំណុច​នេះ​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​បក្ស​នេះ​ទទួល​បាន​៣​អាសនៈ​សភា​ពី​ការបោះ​ ឆ្នោត​នោះ​ដែរ មាន​ប្រសាសន៍​តប​ថា ៖ «ខ្ញុំ​គិត​ថា​ការវាយតម្លៃ​របស់​ គាត់​ថា​តិចតួច​នេះ គឺ​អត់​ត្រឹមត្រូវ​ទេ​ដោយសារ​គ្នា​គាត់ អ្នក​សង្កេតការណ៍​គាត់​មានតែ​ជាង​៧០​នាក់ យើង​ខ្ញុំ​មាន​រាប់​ម៉ឺន​នាក់ រាប់​សែន​នាក់ ដូច្នេះ​យើង​អាច​ដឹង​រឿង​ច្រើន​ជាង​ហ្នឹង។ ឧទាហរណ៍​តែ​រឿង​មួយ​ទេ ការិយាល័យ​មួយ​មាន​អ្នក​បោះ​ឆ្នោត ៣​-​៤​រយ​នាក់ ៥០០​នាក់ បាត់​ដល់ ១០០ បាត់ដល់ ៥០ តើ​វា​តិចតួច​ដែរ​ឬ​អត់ ? មិនមែន​បាត់​ម្នាក់​២​នាក់​ឯណា បាត់​រាប់​រយ​នាក់។ ដូច្នេះ​យើង​ឃើញ​ថា​បាត់​ច្រើន វា​ប៉ះពាល់​ដល់​លទ្ធផល​បោះ​ឆ្នោត​ច្រើន តាម​ការ​ដែល​យើង​ខ្ញុំ​ឃើញ​ផ្ទាល់។ ពី​សហគមន៍​អឺរ៉ុប​អី យើង​បាន​បង្ហាញ​ប្រាប់​គេ ក្រោយ​មក​ក៏​គេ​បាន​និយាយ ការបោះ​ឆ្នោត​ហ្នឹង វា​អយុត្តិធម៌ មាន​ភាព​មិន​ប្រក្រតី អត់​បាន​ដល់​ស្តង់ដារ​អន្តរជាតិ គឺ​គេ​និយាយ​តាម​សហគមន៍​អឺរ៉ុប ក្រោយពី​យើង​បាន​ជួប​ប្រជុំ​ពន្យល់​គេ ហេតុផល​ពី​ភាព​មិន​ប្រក្រតី​ហ្នឹង​ទៅ»។

ចំណែក​លោក ស៊ុត ឌីណា អគ្គលេខាធិការ​រង​នៃ​គណបក្ស នរោត្ដម រណឫទ្ធិ ដែល​បក្ស​នេះ​ទទួល​បាន​២​អាសនៈ​សភា​ពី​ការបោះ​ឆ្នោត​នោះ មាន​ប្រសាសន៍​បន្ថែម​ថា ៖ «ការបោះ​ឆ្នោត​នៅ​កម្ពុជា​មិន​បាន​ឆ្លុះ​ បញ្ចាំង​នូវ​ភាព​ដូច​ដែល​មតិ​អន្តរជាតិ​បាន​មើល​ឃើញ​ពី​សំបក​ក្រៅ​ទេ។ គាត់​អត់​បាន​មើល​ឃើញ​ល្បិចកល​នៃ​ការលុប​ឈ្មោះ​អ្នក​បោះឆ្នោត​ចេញ​ពី​បញ្ជី​ ទេ។ អាជ្ញាធរ​ភូមិ​ឃុំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អង្គុយ​ចាំ​នៅ​មុខ​គ្រប់​ ការិយាល័យ​ទាំងអស់ ដោយ​គំរាម​កំហែង​មិន​ឲ្យ​អ្នក​បោះឆ្នោត​ចេញ​ទៅ​បោះ​ឆ្នោត។ ហើយ​មួយ​ទៀត​គឺ​ថា​ការប្រើប្រាស់ ការទិញ​មនុស្ស​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត។ ការពិត​កម្ពុជា​យើង​កំពុង​ស្ថិត​នៅ​គ្រោះថ្នាក់​ដោយសារតែ​ការរៀបចំ​ការបោះ​ ឆ្នោត​នេះ គឺ​ជា​ឆាក​ល្ខោន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណៈកម្មការជាតិ​រៀបចំ​ការបោះឆ្នោត​ដែល​ជា​ឧបករណ៍​របស់​គណបក្ស​ប្រជាជន​ កម្ពុជា»

ប៉ុន្តែ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត (គ.ជ.ប.) លោក ទេព នីថា មាន​ប្រសាសន៍​ច្រានចោល​នូវ​ការចោទ​ប្រកាន់​ទាំង​នេះ​ដោយ​បញ្ជាក់​ថា ៖ «ការថ្លែង ​ការណ៍​របស់​គណបក្ស​នយោបាយ ឬ​ក៏​ការចោទ​ប្រកាន់​ផ្សេងៗ វា​ជា​សិទ្ធិ​របស់​គាត់ ប៉ុន្តែ​អ្វី​ក៏​ដោយ​យើង​ត្រូវតែ​អនុវត្ត​ទៅ​តាម​ច្បាប់​ទាំងអស់ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កើត​មាន​ឡើង។ សរុប​មក​វិញ​ចង់​ប្រៀបធៀប​ថា គ.ជ.ប.​ធ្វើ​ការងារ​នេះ​ត្រឹមត្រូវ​ប៉ុណ្ណា គឺ​សូម​ប្រៀបធៀប​ជាមួយ​នឹង​ច្បាប់​បោះ​ឆ្នោត នីតិវិធី​នៃ​ការបោះ​ឆ្នោត ព្រម​ទាំង​របៀប​អនុវត្ត​ការងារ​របស់​គ.ជ.ប. ហើយ​អញ្ជើញ​គណបក្ស​នយោបាយ​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ហ្នឹង ចូលរួម​ក្នុង​សកម្មភាព​របស់​ខ្លួន…»

លោក ទេព នីថា មាន​ប្រសាសន៍​ថា​បើ​គិត​មក​ដល់​ថ្ងៃ​ទី​២ ខែ​សីហា​នេះ គ.ជ.ប.​ទទួល​បាន​បណ្ដឹង​ទាំងអស់ ១០៣​បណ្ដឹង ក្នុង​នោះ​បណ្ដឹង​ជា​ច្រើន​ត្រូវ​បាន​ដោះស្រាយ​នៅ​ថ្នាក់​ឃុំ​សង្កាត់ និង​នៅ​ថ្នាក់​ខេត្ត​គឺ​មានតែ​ជាង​១០​បណ្ដឹង​តែ​ប៉ុណ្ណោះ ក្នុង​ចំណោម​បណ្ដឹង​ទាំងអស់​នោះ​ដែល​បាន​ប្ដឹង​បន្ត​ទៅ​ដល់​ថ្នាក់​ជាតិ។

លោក ទេព នីថា បញ្ជាក់​ថា​គ.ជ.ប.​នឹង​ខិតខំ​ដោះស្រាយ​បញ្ហា​នេះ​ក្នុង​រយៈពេល​៥​ថ្ងៃ នា​សប្ដាហ៍​ក្រោយ​នេះ​ដែល​សង្ឃឹម​ថា​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការបោះឆ្នោត​ ជាតិ​នោះ​និង​ប្រកាស​ជា​ផ្លូវការ​ដោយ​គ.ជ.ប. នៅ​ក្នុង​រង្វង់​ថ្ងៃ​ទី​៩ ថ្ងៃ​ឆ្នាំ​២០០៨​នេះ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​អគ្គលេខាធិការ​រង​នៃ​គណបក្ស នរោត្ដម រណឫទ្ធិ ថ្លែង​អះអាង​ថា គណបក្ស នរោត្ដម រណឫទ្ធិ គណបក្ស សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស នៅតែ​បន្ត​រួមគ្នា​ទាមទារ​ឲ្យ​គ.ជ.ប.​ដោះស្រាយ​បណ្ដឹង​របស់​គណបក្ស​ទាំង​បី​ ឲ្យ​មាន​យុត្តិធម៌​ដែល​គេ​អាច​ទទួល​យក​បាន៕

ប្រភព ៖ វិទ្យុអាស៊ីសេរី

គណៈកម្មការ​រៀបចំ​ការបោះ​ឆ្នោត​ទូទាំង​ប្រទេស​ទទួល​បាន​ពាក្យ​បណ្ដឹង​១០៣

មន្រ្តី ​ជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប.) បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ល្ងាច​ថ្ងៃ​ទី​២ ខែ​សីហា​នេះ ថា គណៈកម្មការ​រៀបចំ​ការបោះ​ឆ្នោត​គ្រប់​លំដាប់​ថ្នាក់​បាន​ទទួល​ពាក្យ​បណ្តឹង​ របស់​គណបក្ស​នយោបាយ​នានា​ក្នុង​អំឡុងពេល​បោះ​ឆ្នោត​នេះ​ឡើង​ដល់​ចំនួន​១០៣​ ពាក្យ​បណ្តឹង ។

AFP Photo

មន្ត្រី ​រៀបចំ​ការបោះឆ្នោត​លើក​បង្ហាញ​សន្លឹក​ឆ្នោត ក្នុង​ពេល​រាប់​សន្លឹក​ឆ្នោត ក្នុង​ស្ថានីយ​បោះឆ្នោត​មួយ​កន្លែង​ក្នុង​ក្រុង​ភ្នំពេញ​នា​ថ្ងៃ​ទី ២៧ កក្កដា ២០០៨។

លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​បាន​មាន​ប្រសាសន៍​ បញ្ជាក់​ថា ករណី​បណ្តឹង​មួយចំនួន​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ឃុំ​និង​សង្កាត់​បាន​ សម្រប​សម្រួល​រួចរាល់​ហើយ ប៉ុន្តែ​មាន​ករណី​ខ្លះ​បាន​បន្ត​ដល់​ក្រុមប្រឹក្សា​ជំនុំជម្រះ​ខេត្ត​ក្រុង និង​មក​ដល់​ថ្នាក់​ជាតិ​ដើម្បី​ដោះស្រាយ ។

លោក ទេព នីថា បាន​ឲ្យ​ដឹង​ថា ៖ «មុន ៣០​បណ្ដឹង ឥឡូវ​វា​ឡើង ១០៣ អា​ហ្នឹង​គិត​ទាំង​ពី​ឃុំ​រហូត​ដល់​ថ្នាក់​ខេត្ត​និង​ថ្នាក់​ជាតិ តែ​បណ្ដឹង​មក​ថ្នាក់​ខេត្ត​និង​ថ្នាក់​ជាតិ គឺ​ជា​បណ្ដឹង​ឧទ្ធរណ៍​បន្ត​ទេ ។ តាម​ពិត​បណ្ដឹង​នេះ​យើង​មើល​ទៅ​មួយចំនួន​វា​បាន​បញ្ចប់​នៅ​ថ្នាក់​ឃុំ​ហើយ ហើយ​មក​ដល់​ថ្នាក់​ជាតិ​ហ្នឹង​មាន​ប្រហែល​ជា​១០​បណ្ដឹង​ទេ​រហូត​មក​ដល់​ថ្ងៃ ​នេះ ។ គណបក្ស​សមរង្ស៊ី​ប្ដឹង​ច្រើន​ជាង​គេ​នៅ​ពេល​បោះ​ឆ្នោត​នេះ ។ ករណី​ដែល​មាន​ច្រើន​ជាង​គេ​គឺ​ករណី​ចេញ​ទម្រង់​១០១៨ ក្រៅពី​នោះ​ដូច​ជា​ពាក់ព័ន្ធ​នឹង​ការឃោសនា​នៅ​ថ្ងៃ​ដែល​គេ​ហាម»

លោក ទេព នីថា បាន​មាន​ប្រសាសន៍​ទៀត​ថា គ.ជ.ប.​នឹង​បន្ត​ពិនិត្យ​នឹង​ដោះស្រាយ​រាល់​ពាក្យ​បណ្តឹង​ទាំង​នោះ​នៅ​ដើម​ សប្តាហ៍​នេះ​ជា​បន្ត​ទៀត ហើយ​គណបក្ស​នយោបាយ​ដែល​បាន​ដាក់​ពាក្យ​ប្ដឹង​ច្រើន​ជាង​គេ​នោះ គឺ​គណបក្ស​សមរង្ស៊ី​ដែល​ប្តឹង​ទៅ​លើ​គណបក្ស​ផ្សេងៗ​ក្នុង​ករណី​ធ្វើ​ យុទ្ធនាការ​ឃោសនា​នៅ​ថ្ងៃ​ហាមឃាត់ និង​ការចេញ​ទម្រង់​១០១៨​ជាដើម ។

ទាក់ទង​ទៅ​នឹង​ការដោះស្រាយ​ពាក្យ​បណ្តឹង​ទាំង​នោះ លោក​បណ្ឌិត ពុទ្ធា ហង្ស នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិក បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ៖ «ដោយសារ​គណៈ​វិនិច្ឆ័យ​ការដោះស្រាយ​ពាក្យ​បណ្ដឹង​នេះ​ឯង ជា​សមត្ថកិច្ច​ដែល​ចែង​ក្នុង​បទបញ្ជា​ថា​ជា​សមត្ថកិច្ច​របស់​គ.ជ.ប. អ៊ីចឹង​បណ្ដឹង​ទាំងឡាយ​នេះ​ច្រើនតែ​ពាក់ព័ន្ធនឹង​គ.ជ.ប.​ខ្លួនឯង ។ អ៊ីចឹង​នៅ​ពេល​ដែល​គ.ជ.ប.​គាត់​ជា​អ្នក​ដោះស្រាយ​បណ្ដឹង​ផង ហើយ​គាត់​ជា​ចុងចោទ​ផង អ៊ីចឹង​ខ្ញុំ​គិត​ថា​អ្នក​ដោះស្រាយ​បណ្ដឹង​ត្រូវតែ​ខិតខំ​ការពារ​ខ្លួន​ហើយ ។ អ៊ីចឹង​រាល់​ការដោះស្រាយ​ហ្នឹង​គឺ​គណបក្ស​នយោបាយ​ដែល​ប្ដឹង​ហ្នឹង​ច្រើនតែ​ មិន​សូវ​ជា​បង្ហាញ​ការទទួល​យក​បាន​ទេ អ៊ីចឹង​ហើយ​បាន​ចេះតែ​មាន​ការបន្ត​ការទិតៀន​ដល់​គ.ជ.ប.​ហ្នឹង ។ គោលបំណង​របស់​សង្គម​ស៊ីវិល​ចង់​ឲ្យ​មាន​គណៈវិនិច្ឆ័យ​មួយ​ដែល​ឯករាជ្យ​ពី​ គ.ជ.ប. ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ទាំងឡាយ​ណា​ដែល​ប្ដឹងផ្ដល់​ជុំវិញ​ការបោះ​ ឆ្នោត»

សូម​ជម្រាប​ជូន​ថា​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០០៨ ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​មួយ​ថ្ងៃ គណបក្ស​សមរង្ស៊ី​ដែល​បាន​ដាក់​ពាក្យ​បណ្តឹង​ច្រើន​ជាង​គេ​នោះ​រួម​ជាមួយ​ គណបក្ស​បី​ផ្សេង​ទៀត បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ដោយ​បដិសេធ​លទ្ធផល​នៃ​ការបោះ​ឆ្នោត​ នេះ ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី

UCAOA គាំទ្រ​ការច្រាន​ចោល​លទ្ធផល​នៃ​ការបោះ​ឆ្នោត​របស់​បក្ស​ប្រឆាំង

សម្ព័ន្ធ ​សមាគម​និង​អង្គការ​ខ្មែរ​នៅ​ក្រៅ​ប្រទេស មាន​សហរដ្ឋ​អាមេរិក ប្រទេស​កាណាដា សហភាព​អឺរ៉ុប និង​ប្រទេស​ញូវហ្ស៊ីឡេន (UCAOA) បាន​គាំទ្រ​សេចក្តី​សម្រេច​ចិត្ត​របស់​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស ដែល​បាន​ប្រកាស​ច្រានចោល​លទ្ធផល​នៃ​ការបោះឆ្នោត កាលពី​ថ្ងៃ​ទី​២៧ កក្កដា​កន្លង​ទៅ​នេះ ។

AFP Photo

ស្ត្រី ​ពរ​កូន​នៅ​នឹង​ដៃ​ដាក់​សន្លឹក​ឆ្នោត​ចូល​ក្នុង​ហិប​ឆ្នោត​នៅ​ការិយាល័យ​បោះ ​ឆ្នោត​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០០៨ ។

នៅ​ជុំវិញ​ការបោះឆ្នោត​កន្លង​មក​នេះ​មាន​ការរិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ ភាព​អយុត្តិធម៌​រវាង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ផ្សេង​ដែល​មាន​លទ្ធភាព​ មិន​ដូច​គ្នា ។

សេចក្តី​ថ្លែងការណ៍​របស់ UCAOA សង្កត់​ធ្ងន់​ថា​គណបក្ស​ប្រជាជន​កម្ពុជា​មាន​លទ្ធភាព​គ្រប់​បែប​យ៉ាង ដូច​ជា​ប្រព័ន្ធ​ចែក​ផ្សាយ​ព័ត៌មាន រួម​មាន​វិទ្យុ ទូរទស្សន៍ និង​សារព័ត៌មាន​ក្នុង​ស្រុក​ជាដើម ។

ក្រៅ​ពី​នេះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​បាន​បម្រើ​ផល​ ប្រយោជន៍​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​បាន​លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ជា​ជនជាតិ​ខ្មែរ​រាប់​ម៉ឺន​នាក់ និង​ដាក់​ជនជាតិ​វៀតណាម​រាប់​លាន​នាក់​ដែល​រស់​នៅ​ខុស​ច្បាប់​ឲ្យ​មាន​ សិទ្ធិ​បោះ​ឆ្នោត​ជំនួស​វិញ ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី

អ្នក​សង្កេត​ការណ៍​អន្តរជាតិ៖ ការបោះ​ឆ្នោត​គ្មាន​អំពើ​ហិង្សា ប៉ុន្តែ​មិន​ទាន់​យុត្តិធម៌​ទេ

ការិយាល័យ ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ​មួយ នៅ​ថ្ងៃ​២៩ កក្កដា កត់​សម្គាល់​ថា ការបោះឆ្នោត​នា​ថ្ងៃ ២៧ កក្កដា ២០០៨ គ្មាន​អំពើ​ហិង្សា​ធំដុំ​អ្វី​ទេ ។

RFA Photo/Thai Sothea

ស្រ្តី ​ចំណាស់​ (ខាង​ឆ្វេង) ថ្លែង​តវ៉ា​អំពី​ការ​មិន​បាន​បោះឆ្នោត​ នៅ​ឯ​សន្និសីទ​កាសែត​នៅ​ទី​ស្នាក់ការ​គណបក្ស​សម​រង្ស៊ី​ក្នុង​ក្រុង​ភ្នំពេញ នា​ថ្ងៃ​៣០ កក្កដា ២០០៨។

ប៉ុន្តែ ជាមួយ​គ្នា​នេះ ក៏​កត់​សម្គាល់​ឃើញ​ថា មាន​យុទ្ធនាការ​ដាក់​សម្ពាធ​បង្ក​ការ​គំរាម​កំហែង បំភិត​បំភ័យ ចំពោះ​សកម្មជន​គណបក្ស​នយោបាយ​នៅ​គ្រប់​ស្រទាប់ ក្នុង​ការ​ព្យាយាម​បញ្ចុះ​បញ្ចូល​មនុស្ស​ឲ្យ​ដូរ​បក្ស ។

អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​នៅ​អាស៊ី​មួយ ឈ្មោះ បណ្តាញ​អាស៊ី​ដើម្បី​ការ​បោះឆ្នោត​សេរី ហៅកាត់ អាន់ហ្វ្រែល (ANFREL) បាន​ធ្វើការ​កត់​សម្គាល់​លើ​សម័យ​បោះឆ្នោត​អាណត្តិ​ទី​៤​នេះ​ថា ថ្វីត្បិត​តែ​មាន​ភាព​ស្ងប់ស្ងាត់​ក្នុង​ពេល​បោះឆ្នោត​ក្តី គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្នាក់​ឃុំ ហៅ​ថា សិក (CEC) មិន​ចង់​ជួយ​រក​ដំណោះស្រាយ​ដល់​ពាក្យ​បណ្តឹង​តវ៉ា​របស់​ពលរដ្ឋ​ដែល​បាត់​ ឈ្មោះ​ពី​បញ្ជី​បោះឆ្នោត​នោះ​ទេ ។

នាយ​ក្រុម​សង្កេតការណ៍ អាន់ហ្រ្វែល មួយ​រូប មាន​ប្រសាសន៍​ថា គេ​ប្រហែល​ជា​អាច​ហៅ​ការ​បោះឆ្នោត​នេះ​ថា សេរី ប៉ុន្តែ មិន​យុត្តិធម៌​ទាល់​តែ​សោះ ។

ចំណែក​ឯ​ក្រុម​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​ពី​សហគមន៍​អឺរ៉ុប​វិញ គេ​ថា ការ​បោះឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ ២៧ កក្កដា មិន​ឈាន​ដល់​កម្រិត​អន្តរជាតិ​ជា​ច្រើន​អន្លើ ដែល​គេ​មិន​អាច​ហៅ​ថា ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ ។

លោក Martin Callanan នាយ​ក្រុម​សង្កេត​ការណ៍​ពី​សហភាព​អឺរ៉ុប បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា រាល់​ទិដ្ឋភាព​ទាំង​អស់​នៃ​ការរៀបចំ​ការបោះឆ្នោត​នេះ គឺ​ត្រួតត្រា​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ទើប​អាច​អនុញ្ញាត​ឲ្យ​គេ​ធ្វើ​ការចោទ​ប្រកាន់​ផ្សេង​ៗ អំពី​កង្វះ​ភាព​មិន​លំអៀង ភាព​មិន​យុត្តិធម៌​នោះ ។

លោក​ថា នៅ​ទីបំផុត ការសម្រេច​ចិត្ត​គឺ​ស្ថិតលើ​ពលរដ្ឋ​ខ្មែរ ថា​តើ​ចង់​ទទួល​ស្គាល់ ឬ​បដិសេធ​លទ្ធផល​នៃ​ការបោះ​ឆ្នោត​នោះ ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី