ទាហាន​ថៃ​យល់ព្រម​បើក​ច្រក​ទ្វារ​ឲ្យ​ខ្មែរ​ចូល​ប្រាសាទ​តាមាន់

មន្រ្តី ​យោធា​ខ្មែរ​បាន​អះអាង​ថា កង​ទាហាន​ឈុត​ខ្មៅ​ថៃ​ដែល​កំពុង​កាន់កាប់​ប្រាសាទ​តាមាន់ នៅ​ទឹក​ដី​ខ្មែរ ក្នុង​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្ដរមានជ័យ បាន​យល់ព្រម​បើក​ច្រក​ទ្វារ​ដែល​បិទ​ដោយ​លួសបន្លា​កន្លងមក ដើម្បី​ឲ្យ​កង​ទាហាន​និង​ប្រជាពលរដ្ឋ​ខ្មែរ​អាច​ចេញ​ចូល​ទៅ​ប្រាសាទ​តាមាន់​ ហើយ ។


RFA Photo/Chea Makara
ទាហាន​ខ្មែរ​ឈរ​ជើង​នៅ​ក្បែរ​ប្រាសាទ​តាមាន់​ធំ ក្នុង​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្ដរ​មានជ័យ នា​ថ្ងៃ​ទី​៨ សីហា ២០០៨។

មេ​បញ្ជាការ​កង​វរសេនា​តូច​លេខ​៤២២​របស់​កង​យោធពល​ខេមរភូមិន្ទ ដែល​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​កង​ទាហាន​ឈុត​ខ្មៅ​ថៃ នៅ​តំបន់​ប្រាសាទ​តាមាន់ លោក ប៉ុល ថេន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ពុធ ទី​១៣ ខែ​សីហា ថា កង​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​យល់ព្រម​បើក​ច្រក​ទ្វារ​ចេញ​ចូល​កាលពី​វេលា​ម៉ោង​ ប្រមាណ​១​រសៀល។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ក្រៅពី​កង​ទាហាន​ថៃ​យល់ព្រម​បើក​ច្រក​ចេញ​ចូល​ប្រាសាទ​តាមាន់​នោះ កង​ទាហាន​ថៃ​ទាំងអស់​បាន​ដក​ថយ​ចេញ​ពី​ប្រាសាទ​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ ហើយ​កង​ទាហាន​ខ្មែរ​ក៏​បាន​ដក​ថយ​១០០​ម៉ែត្រ​ដែរ ដោយ​ទុកតែ​ទាហាន​ថៃ​៥​នាក់ និង​ទាហាន​ខ្មែរ​៥​នាក់​ប៉ុណ្ណោះ​សម្រាប់​ដើរ​ល្បាត។

លោក ប៉ុល ថេន បាន​មាន​ប្រសាសន៍​ថា ៖ «វា​បើក​ទ្វារ​ទាំងអស់​ហើយ ឲ្យ​យើង​ចេញ​ចូល​ធម្មតា​វិញ​បាន​ហើយ ប៉ុន្តែ​គ្រាន់តែ​យើង​នៅ​និយាយ​គ្នា​បណ្ដើរៗ​នៅ​លើ​ហ្នឹង វា​ដក​ចេញ ។ ចម្ងាយ​ពី​ប្រាសាទ​ទៅ​បន្ទាយ​វា​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ ទាំង​សងខាង។ ទុក​ឲ្យ​កងទ័ព​ដើរ​ល្បាត​ចំនួន​៥​នាក់​រៀងៗខ្លួន ក្រៅពី​ហ្នឹង​គឺ​ថា​នៅ​ចំណុច​ខាង​ក្រោម។ ពីរ​ម៉ោង​មុន​រាង​តឹងតែង​ដែរ យើង​និយាយ​ដោះស្រាយ​គ្នា​អត់​ទាន់​ត្រូវ»

តាម​មេ​បញ្ជាការ​យោធា​ខ្មែរ​ឲ្យ​ដឹង​ថា ការយល់ព្រម​បើក​ច្រក​ចេញ​ចូល​ប្រាសាទ​នោះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ ការជជែក​គ្នា​ដ៏​តឹងតែង​រវាង​មេ​បញ្ជាការ​ថ្នាក់​ភូមិភាគ​ខ្មែរ​និង​ថៃ អស់​រយៈពេល​ប្រមាណ​ជា​ពីរ​ម៉ោង ដោយ​ភាគី​ខ្មែរ​ទាមទារ​ឲ្យ​មាន​ការរុះរើ​របង​លួស​បន្លា​ចេញ​ពី​មុខ​ប្រាសាទ និង​ឲ្យ​កង​ទាហាន​ថៃ​ទាំងអស់​ដក​ចេញ ។ បើ​ទោះបី​ជា​ស្ថានការណ៍​ប្រឈម​មុខ​ដោយ​យោធា​នៅ​ប្រាសាទ​តាមាន់ ត្រូវ​បាន​កង​ទាហាន​ថៃ​បន្ទន់​ឥរិយាបថ​ក៏​ដោយ ក៏​កង​ទាហាន​ខ្មែរ​មួយចំនួន​នៅតែ​បញ្ជូន​បន្ថែម​ទៅ​កាន់​តំបន់​នោះ​នៅ​ថ្ងៃ​ ពុធ​នេះ ។

ចំណែក​នៅ​ឯ​បន្ទាត់​ព្រំដែន​ខ្មែរ​ថៃ​ច្រក​ជាំសាង៉ាំ ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ​ឯណោះ​វិញ មាន​សេចក្ដី​រាយការណ៍​ថា​កង​ទាហាន​ប៉ារ៉ា​ថៃ នៅតែ​ធ្វើ​សមយុទ្ធ​យោធា​ក្បែរៗ​ព្រំដែន​ខ្មែរ ។

អនុ​ប្រធាន​ក្រុម​ការងារ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា​ថៃ លោក​វរសេនីយ៍ តូច រ៉ា បាន​មាន​ប្រសាសន៍​ថា កង​ទាហាន​ថៃ​បាន​បង្ហាញ​ឲ្យ​ឃើញ​សកម្មភាព​ហ្វឹកហាត់​របស់​គេ នៅ​តាម​បន្ទាត់​ព្រំដែន​ថៃ​កម្ពុជា ហើយ​កងទ័ព​ខ្មែរ​ជា​ច្រើន​នៅតែ​រាយ​បណ្ដាក់​តាម​ព្រំដែន​ទាំង​នោះ ។

លោក​វរសេនីយ៍ តូច រ៉ា បាន​ឲ្យ​ដឹង​ថា ៖ «សកម្មភាព​របស់​វា​នៅតែ​ ហ្វឹកហាត់​ដដែល ស្ពាយ​បាឡូ ដាក់​ដុំ​ថ្ម ដាក់​ដុំ​ដី​អ៊ីចឹង កូន​ទាហាន​កាតព្វកិច្ច ១៨​ខែ របស់​គេ​ហ្នឹង។ ហ្វឹកហាត់​តាំងពី​២​ខែ​មុន​រហូត​ដល់​ខែ​កញ្ញា​នេះ ឃើញ​អ៊ីចឹង តាម​គុម្ពោត តាម​ព្រៃ»

លោក តូច រ៉ា បាន​ឲ្យ​ដឹង​ទៀត​ថា​កង​ទាហាន​ខ្មែរ​មួយចំនួន​ដែល​កំពុងតែ​រាយ​បណ្ដាក់​ ការពារ​ព្រំដែន​ខ្មែរ​ក្នុង​ព្រៃ កំពុង​ទទួល​រង​ជំងឺ​គ្រុនចាញ់ ក្ដៅ​សន្ធម និង​ខ្វះ​ស្បៀង​អាហារ​នៅ​ឡើយ ៖ «បង​ប្អូន​យើង​អាច ១០% អី​ហើយ មាន​ជំងឺ​គ្រុន​ចាញ់​ដែរ គ្រុន​របៀប​ក្ដៅ​ភ្លាមៗ​តែម្ដង តាម​ខ្សែ​បន្ទាត់​ព្រំដែន ទើប​ខាង​ហ្នុង​ឯង បើ​គ្នា​នៅ​ក្នុង​ព្រៃ​អី»

ក្រុម​កង​ទាហាន​បាន​ឲ្យ​ដឹង​ថា គេ​ត្រូវការ​មុង តង់​កៅស៊ូ​ធ្វើ​ជា​ជម្រក និង​ថ្នាំ​ពេទ្យ ដើម្បី​ជួយ​ថែទាំ​ដល់​សុខភាព​កង​ទាហាន​ខ្មែរ​នា​តំបន់​ព្រំដែន​ទាំង​នោះ​ផង ៕

សកម្មភាព​ផ្សេងៗ​របស់​ខ្មែរ​នៅ​បរទេស​ជុំវិញ​ជម្លោះ​ជាមួយ​ថៃ

ជនជាតិ ​ខ្មែរ​រស់នៅ​ប្រទេស​នានា​ក្នុង​ពិភពលោក​បាន​និង​កំពុង​រៀបចំ​ធ្វើ​សកម្មភាព ​ផ្សេងៗ​ដើម្បី​ទាមទារ​ឲ្យ​ទាហាន​ថៃ​ដែល​ឈ្លានពាន​ទឹក​ដី​ខ្មែរ​នៅ​តំបន់​ ប្រាសាទ​ព្រះវិហារ គោរព​បូរណភាព​ដែន​ដី​កម្ពុជា។

AFP Photo

ទាហាន ​ខ្មែរ​អង្គុយ​ជាមួយ​ទាហាន​ថៃ​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​វត្ត​មួយ នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ថៃ​ក្នុង​ខេត្ត​ព្រះវិហារ នា​ថ្ងៃ​ទី ១៧ កក្កដា ២០០៨ ។

ពលរដ្ឋ​ខ្មែរ​និង​ខ្មែរ​-អាមេរិកាំង​នៅ​រដ្ឋVirginia ក្រុង​វ៉ាស៊ីនតោន​និង​នៅ​រដ្ឋ​ម៉ារីឡែន មាន​គម្រោង​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​ថៃ លើ​វិថី​វិសខនស៊ិន សង្កាត់​ហ្ចចថាវន៍ ក្រុង​វ៉ាស៊ីនតោន នៅ​ថ្ងៃ​ច័ន្ទ ទី​១១ សីហា​នេះ ពី​ម៉ោង​១០​ព្រឹក​ដល់​ម៉ោង​២​រសៀល។

លោក ខិនណិត ឃិវ នៃ​សមាគម​អង្គរ សង្កត់​ធ្ងន់​ពី​គោលបំណង​របស់​បាតុកម្ម​សំខាន់​មួយ​ទៀត​គឺ​ការបញ្ចៀស​ការបង្ហូរ​ឈាម ៖ «ពួក ​ខ្ញុំ​ធ្វើ​ហ្នឹង ដើម្បី​បំណង​ជៀសវាង​សង្រ្គាម​ធំ ហើយ​ដើម្បី​ជៀសវាង​សង្គ្រាម​ធំ​ហ្នឹង គឺ​សូម​ឲ្យ​រដ្ឋាភិបាល​ថៃ​ដកទ័ព​ចេញ ហើយ​គិត​គ្នា​ដោយ​សន្តិវិធី ដោយ​Diplomatic (ការទូត) អ៊ីចឹង​ទៅ។ ហ្នឹង​ជា​រឿង​ធំ​បំផុត​ហើយ ពួក​ខ្ញុំ​នៅ​ Virginia, Maryland ទាំងអស់​គ្នា​ទៅ​ធ្វើ​[បាតុកម្ម]​ថ្ងៃ​ហ្នឹង គឺ​បំណង​ធំ​ដើម្បី​បញ្ចៀស​សង្គ្រាម​តែ​ម្ដង»

សមាគម​អង្គរ​ក៏​សូម​អញ្ជើញ​បងប្អូន​រួមជាតិ​ទៅ​ចូលរួម​បាតុកម្ម​នេះ​ឲ្យ​ បាន​កុះករ​ដើម្បី​បង្ហាញ​ឲ្យ​ថៃ​ឃើញ​ថា ខ្មែរ​មិន​ថា​នៅ​ទីណា ក៏​នៅតែ​ជា​ខ្មែរ មាន​ឈាម​ជ័រ​និង​តពូជ​អំបូរ​ពី​ខ្មែរ​អង្គរ។

ខណៈនេះ នៅ​លើ​ប្រព័ន្ធ​អ៊ិនថឹណិត ក្នុង​វ៉ឹបសៃថ៍ ឈ្មោះ www.petitiononline.com មាន​ញត្តិ​ប្រភេទ​អសន្យាណូ​មួយ​របស់​ខ្មែរ​ដែល​រស់នៅ​ក្រៅ​ប្រទេស ប្តឹង​ទៅ​អង្គការ​សហប្រជាជាតិ (អ.ស.ប.) និង​សហរដ្ឋ​អាមេរិក (ស.រ.អា.) អំពី​ការ​ដែល​រដ្ឋាភិបាល​ថៃ​បាន​ប្រើ​កងកម្លាំង​យោធា​ចូល​រំលោភ​ឈ្លាន​ពាន​ អធិបតេយ្យ​ខ្មែរ។

ញត្តិ​ទាមទារ​ឲ្យ​ថៃ​ដក​ទ័ព​ចេញ​ជា​បន្ទាន់ គោរព​សាលដីកា​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ ឆ្នាំ​១៩៦២ ប្រគល់​មក​ឲ្យ​ខ្មែរ​វិញ​នូវ​ថ្ម​ចម្លាក់​និង​វត្ថុ​បូរាណ​ផ្សេងៗ​ដែល​ថៃ​ លួច​យក​ជា​ម្ចាស់​យូរ​ឆ្នាំ​មក​ហើយ និង​សុំ​ឲ្យ​ទាំង​អ.ស.ប. ទាំង​ស.រ.អា. ធ្វើ​អន្តរាគមន៍​ជា​បន្ទាន់​ដើម្បី​ដោះស្រាយ​បញ្ហា​រវាង​ខ្មែរ​និង​ថៃ​នេះ។

លោក ស៊ិដនីយ លៀង ម្ចាស់​វិទ្យុ​សំឡេង​កុលបុត្រ​ខ្មែរ​និង​ជា​មន្ត្រី​នៃ​មជ្ឈមណ្ឌល​សុខភាព​ សហគមន៍​ក្រុង​ឡូវែល រដ្ឋ​ម៉ាស្សា​ឈូសិត្ស ដែល​ជា​អ្នក​សរសេរ​ញត្តិ ៨​-ខ ដាក់​បញ្ចូល​ប្រព័ន្ធ​អ៊ិនថឹណិត​ឲ្យ​ខ្មែរ​នៅ​ទូទាំង​ពិភពលោក​នាំ​គ្នា​ចុះ​ ហត្ថលេខា មាន​ប្រសាសន៍​ថា មក​ទល់​ពេល​នេះ​មាន​អ្នក​ចុះ​ហត្ថលេខា​ទាំង​លើ​អ៊ិនថឹណិត ទាំង​លើ​ក្រដាស​ជាង ២​ពាន់​នាក់​ហើយ។

លោក​ក៏​ឲ្យ​ដឹង​ផង​ដែរ​ថា បង​ប្អូន​រួមជាតិ​ដែល​រស់នៅ​ប្រទេស​បារាំង ក៏​បាន​សុំ​បកប្រែ​ញត្តិ​ជា​ភាសា​បារាំង​និង​នៅ​ប្រទេស​ហ្វាំងឡង់​ក៏​សុំ​ បកប្រែ​ដែរ​ដើម្បី​ឲ្យ​ខ្មែរ​នៅ​អឺរ៉ុប​បាន​ចូលរួម​ចុះ​ហត្ថលេខា​ផង។

ក្រៅពី​នេះ លោក ស៊ិដនីយ ក៏​ឲ្យ​ដឹង​ថា បងប្អូន​ខ្មែរ​នៅ​ឡូវែល បាន​នាំគ្នា​រៃ​អង្គាស​ប្រាក់​បាន​មួយ​ចំនួន សម្រាប់​ផ្ញើ​ទៅ​ប្រគេន​ព្រះសង្ឃ​និង​ជួយ​ពលរដ្ឋ​នៅ​តំបន់​ព្រះវិហារ និង​យោធា​ជួរ​មុខ ទាំង​នៅ​ប្រាសាទ​ព្រះវិហារ ទាំង​នៅ​ប្រាសាទ​តាមាន់ធំ​លើ​ខ្នង​ភ្នំ​ដង​រែក ៖ «យើង​រៃ ឥឡូវ​បាន​លុយ​ពីរ​បី​រយ​ដែរ ហើយ​នៅ​ពេល​រៃ​លុយ​បាន​គ្រប់គ្រាន់ នឹង​ផ្ញើ​ទៅ»

ខាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏​មាន​ការអំពាវនាវ​ស្វែងរក​ថវិកា​ដើម្បី​ផ្ញើ​មក​ជួយ​ជន​រួមឈាម​ខ្មែរ​នៅ​កម្ពុជា​ផង​ដែរ។

លោក​ប្រធាន​សហព័ន្ធ ថាច់ ង៉ុកថាច់ មាន​ប្រសាសន៍​ថា មក​ទល់​នឹង​ពេល​នេះ លោក​នៅ​មិន​ទាន់​ជ្រាប​ច្បាស់​នៅ​ឡើយ​ទេ​ថា ប្រមែប្រមូល​បាន​បច្ច័យ​ប៉ុន្មាន​ហើយ សម្រាប់​ជួយ​ឧបត្ថម្ភ​ព្រះសង្ឃ​និង​គ្រហស្ត​នៅ​វត្ត​កែវ​សិក្ខា​គិរីស្វារៈ ដែល​បាន​ត្រូវ​ថៃ​កាន់កាប់​នោះ តែ​លោក​កត់​សម្គាល់​ថា នៅ​ខាង​ថៃ ខ្មែរ​បាត់​វត្ត​តែ​មួយ តែ​នៅ​ខាង​យៀកណាម ខ្មែរ​បាត់​វត្ត​ដល់​ទៅ​៥០០។

លោក ថាច់ ង៉ុកថាច់ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ខ្ញុំ​ចង់​រំឭក​ថា រឿង​វត្ត​ប្រាសាទ​ក្ដី រឿង​ប្រាសាទ​ព្រះវិហារ​ក្ដី គឺ​ថា វា​ជា​របស់​ខ្មែរ​ទូទៅ មិន​ថា​តែ​ក្រោម​ទេ។ រឿង​ធំ​មួយ​ទៀត ក៏​ចង់​រំឭក​ឲ្យ​បង​ប្អូន​ខ្មែរ​យើង​ថា ការប្រអូស​ប្រទាញ​រឿង​វត្ត​ប្រាសាទ​ហ្នឹង វា​ចាំបាច់​ចំពោះ​ខ្មែរ ប៉ុន្តែ​សូម​ឲ្យ​បងប្អូន​ខ្មែរ និង​ខ្មែរ​ក្រោម កុំ​ភ្លេច​ថា មាន​វត្ត​ជាង ៥០០​វត្ត​ទៀត ដែល​កំពុង​តែ​បាត់បង់​រាល់​ថ្ងៃ។ ដូច្នេះ​ហើយ ត្រូវ​តែ​រំឭក​រឿង​ហ្នឹង។ ការបាត់បង់​ទៅ​សៀម​ក្ដី ទៅ​យួន​ក្ដី គឺ​ជា​ភារកិច្ច​របស់​ខ្មែរ​ទាំងអស់ ត្រូវ​តែ​រំឭក​គ្នា ទាមទារ​តែ​វត្ត​បា្រសាទ​មួយ ប៉ុន្តែ​យើង​បាត់​ព្រះវិហារ​ដល់​ទៅ​ជាង ៥០០»

ខ្មែរ​នៅ​ស.រ.អា.​គ្រោង​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​ថៃ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន

នៅ ​ឯ​សហរដ្ឋ​អាមេរិក (ស.រ.អា.) ពលរដ្ឋ​អ្នក​មាន​ដើម​កំណើត​ខ្មែរ​នៃ​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ពី​ តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន ពី​រដ្ឋ​វឺជីញ៉ា និង​ពី​រដ្ឋ​ម៉ារីឡែន ដឹកនាំ​ដោយ​សមាគម​អង្គរ​បាន​រួមគ្នា​គ្រោង​នឹង​ដឹកនាំ​បាតុកម្ម​អហិង្សា​មួយ នៅ​ថ្ងៃ​ច័ន្ទ ទី​១១ ខែ​សីហា​នេះ ទៅ​ឈប់​នៅ​មុខ​ស្ថានទូត​ថៃ ដែល​ស្ថិត​នៅ​លើ​វិថី​វិសខនស៊ិន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន គឺ​ធ្វើ​ចាប់ពី​ម៉ោង​១០​ព្រឹក​ដល់​ម៉ោង​២​រសៀល ។

បាតុកម្ម​នេះ​ធ្វើឡើង​ក្នុង​បំណង​បង្ហាញ​រដ្ឋាភិបាល​ថៃ​ឲ្យ​ដឹង​ថា​ ពលរដ្ឋ​ដែល​មាន​ដើម​កំណើត​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក បាន​និង​កំពុង​តាមដាន​យល់​ដឹង​ច្បាស់​អំពី​បញ្ហា​ទំនាស់​ថៃ​ខ្មែរ​លើ​ករណី​ ប្រាសាទ​ព្រះវិហារ ។ គឺ​ថា​ពលរដ្ឋ​ខ្មែរ​ទាំង​នេះ​មិន​នៅ​ស្ងៀម មិន​បណ្តោយ​ឲ្យ​រដ្ឋាភិបាល​ថៃ​ប្រើ​ល្បិច​ដាក់​កងទ័ព​មក​តាំង​នៅ​លើ​ទឹក​ដី​ ខ្មែរ​នោះ​ឡើយ ។

ទី​ពីរ​បាតុកម្ម​នេះ​ទាមទារ​ឲ្យ​ទាហាន​ថៃ​រាប់​រយ​នាក់​ដែល​កំពុង​ឈរ​ជើង ​មក​នៅ​ក្នុង​ដែន​ដី​តំបន់​ប្រាសាទ​ព្រះវិហារ​ត្រូវ​ដក​ចេញ​ពី​ទី​នោះ ព្រោះ​ថា​ការប្រើ​កម្លាំង​ទ័ព​ដូច្នោះ​អាច​ជា​ការបង្ក​សង្រ្គាម​បង្ហូរ​ឈាម​ នា​ពេល​ណា​មួយ ។

ទី​បី​បាតុកម្ម​របស់​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​នោះ​ក៏​នឹង​ទាមទារ​ផងដែរ​ ឲ្យ​រដ្ឋាភិបាល​ថៃ​គោរព​សន្ធិសញ្ញា​របស់​អង្គការ​យូណេស្កូ​ដែល​ស្ថាប័ន​ អង្គការ​សហ​ប្រជាជាតិ​នេះ​ទើបតែ​បាន​ទទួល​ចុះ​ឈ្មោះ​ប្រាសាទ​ព្រះវិហារ​ជា​ បេតិកភណ្ឌពិភពលោក កាលពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨​នេះ ៕

ទាហាន​ថៃ​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​ក្នុង​ប្រាសាទ​តាមាន់ធំ

ថៃ ​បាន​រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​ទៅ​កាន់​ទី​បរិវេណ​ខាង​ក្នុង​នៃ ​ប្រាសាទ​តាមាន់​ធំ នៅ​លើ​ខ្នង​ភ្នំ​ដងរែក បើ​ទោះបី​ជា​មាន​ការស្នើសុំ​ពី​មេ​បញ្ជាការ​កងទ័ព​កម្ពុជា​ក៏ដោយ ។

RFA File Photo/Savyuth

ទាហាន​ថៃ​ដើរ​ក្បែរ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​ខ្មែរ​នា​ថ្ងៃ​ទី​១៩ កក្កដា ២០០៨។

លោក​វរសេនីយ៍​ឯក នាក់ ពង់ មេ​បញ្ជាការ​កងពល​៤២​ដែល​បាន​ដាក់​ទ័ព​ពង្រាយ​ការពារ​នៅ​លើ​ខ្នង​ភ្នំ​ដងរែក ​បាន​ថ្លែង​ថា ភាគី​ទ័ព​ឈុត​ខ្មៅ​ថៃ​បាន​បដិសេធ​មិន​ឲ្យ​ចូល​ទៅ​ក្នុង​បរិវេណ​ប្រាសាទ​ តាមាន់់​ធំ​នោះ​ឡើយ នា​ព្រឹក​ថ្ងៃ​ទី​៨ ខែ​៨ ឆ្នាំ​២០០៨​នេះ ។

លោក​បន្ត​ថា​ភាគី​ថៃ​បាន​សំអាង​ថា នៅ​ថ្ងៃ​នេះ​មេ​បញ្ជាការ​កង​ទាហាន​ឈុត​ខ្មៅ​នោះ​មិន​នៅ ដូច្នេះ​ហើយ​ក្រុម​កូន​ទាហាន​ឈុត​ខ្មៅ​របស់​ថៃ​បាន​បដិសេធ​មិន​ឲ្យ​ចូល​នោះ​ ទេ ។

លោក​វរសេនីយ៍​ឯក នាក់ ពង់ បាន​មាន​ប្រសាសន៍​ថា ៖ «យើង​បាន​សុំ​គេ​ហើយ យើង​បាន​ជម្រាប​គេ​មុន​ហើយ ក៏ប៉ុន្តែ​គេ​ឆ្លើយ​ថា​រង់ចាំ​បទបញ្ជា​ថ្នាក់​លើ​គេ​ពីរ​សប្ដាហ៍»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​លោក​វរសេនីយ៍​ឯក នាក់ ពង់ បាន​ឲ្យ​ដឹង​ថា​ថៃ​បាន​ប្រកាស​ឲ្យ​រង់ចាំ​ពីរ​សប្ដាហ៍​ទៀត​ទើប​អាច​អនុញ្ញាត ​ឲ្យ​ពុទ្ធបរិស័ទ​ខ្មែរ​ចូល​បាន ។

មនុស្ស​ជាង​៣០​នាក់​ដែល​ជា​ជនជាតិ​ខ្មែរ​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ឡើង​ តាម​ជើង​ភ្នំ​ដងរែក នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០០៨​នេះ ដើម្បី​ប្រារព្ធ​ពិធី​បួងសួង​តាម​បែប​ព្រហ្មញ្ញ​សាសនា អន្ទង​មហិទ្ធិឫទ្ធិ​និង​បារមី​បុព្វបុរស​ដូន​តា​អតីត​ព្រះ​មហាក្សត្រ​នៅ​ទី​ នោះ ឲ្យ​បណ្ដេញ​កងទ័ព​ឈ្លានពាន​របស់​ថៃ​ចេញ​ពី​ទឹក​ដី​ប្រាសាទ​តាមាន់​ធំ ។

ការហាមឃាត់​និង​ការឈ្លានពាន​របស់​ថៃ​បាន​ធ្វើ​ឲ្យ​ពុទ្ធបរិស័ទ​ខ្មែរ​មាន​ការខកចិត្ត​និង​ខឹងសម្បា ។

លោកស្រី ព្រាប ស៊ីនរ៉ា បាន​ថ្លែង​ថា​លោកស្រី​មាន​ការខកចិត្ត​យ៉ាង​ខ្លាំង​ព្រោះ​ជនជាតិ​ខ្មែរ​មិន​ អាច​ចូល​ទៅ​ជាន់​ឬ​ប៉ះ​ប្រាសាទ​របស់​ខ្មែរ​បាន ៖ «បង​សប្បាយ​រីករាយ​ដែល ​បាន​មក​ឃើញ​ប្រាសាទ​របស់​ខ្មែរ តែ​បង​មាន​ការទោមនស្ស​យ៉ាង​ខ្លាំង​ដែល​ឃើញ​ប្រាសាទ​ខ្មែរ​ហើយ​ខ្មែរ​មិន​អាច ​ចូល​បាន ។ សៀម​អត់​គោរព​នូវ​សិទ្ធិ​របស់​ខ្មែរ អត់​គោរព​ច្បាប់ អត់​គោរព​អន្តរជាតិ ព្រោះ​យើង​ស្ថិត​នៅ​ក្នុង​អាស៊ាន​ទាំងអស់​គ្នា គួរណាស់​តែ​សៀម​ហ្នឹង​គោរព​នូវ​ច្បាប់​របស់​អាស៊ាន​ផង»

ទាហាន​ឈុត​ខ្មៅ​ថៃ​ជាង​១០​នាក់​បាន​ចេញ​មក​ពី​បន្ទាយ​របស់​ខ្លួន​ជា​បន្ត ​បន្ទាប់ ដើម្បី​រារាំង​ខណៈ​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ជាង​៣០​នាក់​កំពុង​ដុត​ធូប​ដុត​ទៀន ​នៅ​ខាង​ក្រៅ​របង​ដែល​ហ៊ុមព័ទ្ធ​ដែល​ធ្វើ​ឡើង​ដោយ​ពួក​ថៃ ។

លោក​អនុសេនីយ៍ឯក ស៊ុម ឃួន មេ​បញ្ជាការ​កង​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ឬ​ ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​នោះ​ទេ ។

យោង​តាម​ក្រុម​ទាហាន​ដែល​ឈរ​ការពារ​នៅ​លើ​ខ្នង​ភ្នំ​ដងរែក​នោះ​បាន​ឲ្យ​ ដឹង​ថា ទាហាន​ឈុត​ខ្មៅ​របស់​ថៃ​មិនមែន​ទើបតែ​ចូល​កាន់កាប់​ហួស​ប្រាសាទ​តាមាន់​ធំ​ ប្រវែង​៣០០​ម៉ែត្រ ទើបតែ​ថ្ងៃ​ទី​៣ សីហា ប៉ុណ្ណោះ​ទេ តាម​ពិត​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​បើក​យុទ្ធសាស្ត្រ​ដាក់​ខ្សែ​ត្រៀម​ចាប់តាំង​ ពី​ថ្ងៃ​ទី​២៦ មុន​ថ្ងៃ​ដែល​ប្រទេស​កម្ពុជា​រៀបចំ​ការបោះ​ឆ្នោត​មក​ម៉្លេះ ៕

ខ្មែរ​នៅ​ស.រ.អា.​ប្រមាណ​២០​នាក់​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន

កង ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​និង​គយ​របស់​សហរដ្ឋ​អាមេរិក (ស.រ.អា.) ហៅ​កាត់​ថា ICE ព្រម​ទាំង​ប៉ូលិស បាន​ប្រមូល​ចាប់​ជនជាតិ​ខ្មែរ​ប្រមាណ​២០​នាក់​នៅ​ក្រុង Lowell, Lynn និង Revere ដែល​តាម​ដំណឹង​រួម​មាន​ទាំង​ខ្មែរ​ដែល​កាន់​ប័ណ្ណ​ជា​អ្នក​រស់នៅ​ អចិន្ត្រៃយ៍ ឬ Green Cards មាន​សិទ្ធិ​រស់​នៅ​ស.រ.អា.​ត្រឹមត្រូវ​តាម​ច្បាប់​នោះ​ផង ។

លោក Sydney Liang នៃ​មជ្ឈមណ្ឌល​សុខភាព​សហគមន៍ Lowell បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា​ជន​ដែល​ត្រូវ​ចាប់​ទាំង​នោះ​សុទ្ធតែ​មាន​ ប្រវត្តិ​ធ្លាប់​មាន​កំហុស​ដែល​មាន​កត់ត្រា​ទុក​នៅ​ស្ថានីយ​ប៉ូលិស ឬ​តុលាការ រួម​ទាំង​អ្នក​ខ្លះ​ដែល​ធ្លាប់​ទទួល​ទោសទណ្ឌ​តែ​បន្តិចបន្តួច​តាំងពី​យូរយារ ​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ​ផង ។

លោក Sydney Liang បាន​ឲ្យ​ដឹង​ថា ៖ «អ្នក​ណា​ក៏ដោយ ជា​ពិសេស​តាម​ដែល​យើង​ឃើញ​គឺ​អ្នក​ដែល​មានGreen Card ។ អ្នក​មាន Green Card ទោះបី​ជា​មាន​ទោស​តិចតួច​ក៏ដោយ ឬ​មួយ​ទោស​ធំ​ក៏ដោយ គឺ​មាន​ចូល​នៅ​ក្នុង​បញ្ជី​របស់​គេ​ទាំងអស់ ។ ឥឡូវ​ហ្នឹង​ការតាម​ចាប់​វា​មិន​ទាន់​ផុត​ទេ តាម​ថ្នាក់​លើ​គេ​ដឹង គេ​ថា​ប្រហែល​ជា​មាន​រហូត​ទៅ​ដល់​ចុង​សប្ដាហ៍​ទៀត​ឯណោះ ។ ដូច្នេះ​ត្រង់​ហ្នឹង​ពួក​ខ្មែរ​យើង គ្រាន់​ថា​ប្រសិនបើ​គេ​ចាប់​ហ្នឹង ត្រូវ​ធ្វើ​ម៉េច​ខ្លះៗ​អ៊ីចឹង គ្រាន់ Provide information (ផ្ដល់​ព័ត៌មាន) ឥឡូវ​ហ្នឹង​វា​មិន​ទាន់​ចប់​ទេ ។ ហើយ​ម៉្យាងទៀត​ហ្នឹង​គេ​ចាប់​បាន​ប៉ុន្មាន​នាក់​ហ្នឹង គឺ​វា​មិនមែន​ត្រឹមតែ Massachusetts យើង​ទេ តែ​យើង​អត់​ដឹង​ថា​រដ្ឋ​ណា​ផ្សេង​ទៀត​ទេ ប៉ុន្តែ​ខ្មែរ​យើង​នៅ Massachusetts មាន​ច្រើន​ដែរ»

លោក Sydney Liang ក៏​មាន​ប្រសាសន៍​ឲ្យ​ដឹង​ផងដែរ​ថា​ដោយសារ​ខ្មែរ​ភាគ​ច្រើន​ធ្លាប់​មាន​ បទពិសោធន៍​ជូរ​ចត់​ពី​សង្គម​ដើម ច្រើនតែ​ភ័យ​ខ្លាច​មិន​ហ៊ាន​ចេញ​មុខ ចេញ​សំឡេង​តវ៉ា​ឡើយ ។ នៅ​ថ្ងៃ​សុក្រ ទី​៨ ខែ​សីហា​នេះ លោក​ប្រកាស​ថា​នឹង​មាន​មេធាវី​មក​ជួយ​អធិប្បាយ​ប្រាប់​ថា គ្រួសារ​ខ្មែរ​ដែល​មាន​កូន ប្តី ឬ​ប្រពន្ធ ត្រូវ​ចាប់ គប្បី​ធ្វើ​យ៉ាង​ណា​ចូលរួម​ក្នុង​ជំនួប​មួយ​នា​មន្ទីរពេទ្យ​មេត្តា ក្រុង Lowell ។

លោក Sydney Liang បាន​មាន​ប្រសាសន៍​ថា ៖ «ដោយសារ​សង្គម​យើង​ធ្លាប់តែ​ មាន​រដ្ឋាភិបាល​គាប​សង្កត់​អ៊ីចឹង ភ័យ​ខ្លាច ។ ម្ដង​នេះ​ខ្ញុំ​ឃើញ​សង្គម​យើង​ស្ងាត់​មែនទែន ភ័យ​ខ្លាច ហើយ​ឲ្យ​ជនជាតិ​គេ​ជួយ​ដឹក​មុខ ដូច​ជា​ក្រុម​ខាង​មៀរ៉ា ក្រុម​ខាង​ច្បាប់​អី​ផ្សេងៗ ។ យើង​ជា​អ្នក​ដឹកនាំ​សង្គម​មិន​ទាន់​ឮ​សំឡេង ព្រោះ​អា​ហ្នឹង​ជា​ការយល់​មួយ​ដែរ ព្រោះ​ថា​យើង​វា​ខ្លាច ព្រោះ​យើង​ធ្លាប់​ឆ្លងកាត់​ច្រើន ។ ឥឡូវ​ហ្នឹង​នៅ​ពេទ្យ​មេត្តា​ហ្នឹង ខ្ញុំ​ជួយ​រៀបចំ​កន្លែង Conference Room (បន្ទប់​ប្រជុំ) ឲ្យ​ពួក​ឪពុក​ម្ដាយ​ដែល​ថា ចង់​ដឹង​ព័ត៌មាន​បន្ថែម ថា​តើ​ត្រូវ​ធ្វើ​ម៉េច​ហ្នឹង ខ្ញុំ​មាន​មេធាវី​បួន​ប្រាំ​នាក់ គេ​ចុះ​មក​ពី Boston ដើម្បី​ជួប​សំណេះ​សំណាល​ជាមួយ​បង​ប្អូន​យើង​ហ្នឹង ហើយ​ពី​ម៉ោង ៣ ដល់​ម៉ោង ៦ ថ្ងៃ​សុក្រ​នេះ»

តំណាងរាស្ត្រ​បក្ស​ប្រឆាំង៖ រដ្ឋាភិបាល​ខ្មែរ​ត្រូវ​កំណត់​កាល​បរិច្ឆទ​ឲ្យ​ថៃ​ដក​ទ័ព

អ្នក ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ថ្លែង​នៅ​ថ្ងៃ​ទី​៧ សីហា​ថា ប្រទេស​កម្ពុជា​បាន​ស្ថិត​ក្នុង​សភាព​ជា​អ្នក​ចាញ់​ប្រៀប​ច្រើន​ក្នុង​ ការចរចា​អំពី​តំបន់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ហើយ​បាន​ស្នើ​ឲ្យ​មាន​ការកំណត់​ពេល​វេលា​ជាក់លាក់​ស្តីពី​ការដក​កងទ័ព។

RFA Photo/Savyouth

ទាហាន​ថៃ​អង្គុយ​លើ​ផ្លូវ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ថៃ​ក្នុង​ខែត្រ​ព្រះវិហារ នា​ថ្ងៃ​ទី​២០ កក្កដា ២០០៨ ។

លោក សុន ឆ័យ អ្នក​តំណាងរាស្រ្ត​មក​ពី​គណបក្ស​សម​រង្ស៊ី បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​ត្រូវតែ​មាន​ការប្រុង​ប្រយ័ត្ន​ក្នុង​ការចរចា​នៅ​ពេល​ដែល​ ប្រទេស​ថៃ​មាន​ប្រៀប​ខាង​យោធា​ដែល​កាន់កាប់​ទឹកដី​ខ្មែរ​រួច​ទៅ​ហើយ នៅ​ក្នុង​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ និង​តំបន់​ដទៃ​ទៀត​តាម​ព្រំដែន​នោះ។ លោក សុន ឆ័យ មាន​ប្រសាសន៍​ថា ៖ «វា​អត់​មាន​រឿង​អី​ចំណេញ ដូច​យើង​បាន​បញ្ជាក់​ហើយ ជា​ឡូហ្សិក (logic) ប្រទេស​ថៃ គេ​មក​ឈ្លានពាន​លើ​ទឹកដី​យើង គេ​មិនមែន​មិន​ដឹង​ថា ជា​ដី​របស់​យើង​ទេ គេ​មក​ដោយ​បំពាន រួច​យើង​ទៅ​ចរចា​ដើម្បី​ឲ្យ​គេ​យល់​អំពី​ការបំពាន​របស់​គេ​នោះ គឺ​ដូចជា​មិន​មាន​សង្ឃឹម​អី​ទេ។ ឲ្យ​គេ​ដកទ័ព​ទៅ​វិញ ក៏​គេ​មាន​បំណង​របស់​គេ​ច្បាស់​លាស់​ហើយ គឺ​គេ​នឹង​បញ្ជា​ចរចា​ទៅ គេ​ចាំ​ចាប់​ចំណុច​ណា ដែល​យើង​និយាយ ឬ​ក៏​យល់ព្រម ដែល​ចំណេញ​ដល់​គេ គឺ​គេ​យក​អាហ្នឹង​ជា​ភស្តុតាង ដើម្បី​នឹង​បន្ត យក​ជា​ផ្លូវការ​នូវ​ទឹក​ដី​របស់​យើង»។ ទោះជា​យ៉ាងណា​ក៏​ដោយ លោក សុន ឆ័យ បាន​ថ្លែង​ដែរ​ថា លោក​ស្វាគមន៍​ការចរចា​ស្តីពី​បទ​ឈប់​បាញ់ ប៉ុន្តែ​ត្រូវតែ​មាន​ការកំណត់​ពេល​ក្នុង​ការដក​ទ័ព ៖ «ហើយ​ខ្ញុំ​មាន​ ការព្រួយ​បារម្ភ​ថា ការប្រជុំ​ថ្ងៃ​១៨ ខាង​មុខ​នេះ នឹង​មិន​បាន​ផល​អ្វី​ដែរ ហើយ​ខ្ញុំ​បាន​ធ្វើ​លិខិត​ម្សិលមិញ ផ្ញើ​ទៅ​ឯកឧត្ដម ហោ ណាំហុង ហើយ សូម​ជម្រាប​ទៅ​គាត់​ថា បើ​សិន​ណា​រដ្ឋាភិបាល​នៅតែ​ប្រជុំ​ចុះ ឧទាហរណ៍​នៅ​តែ​បន្ត​ការប្រជុំ សូម​ឲ្យ​ដាក់​កាល​បរិច្ឆេទ​តែ​ម្ដង ថ្ងៃ​ណា​ដក​ទ័ព​ចេញ និយាយ​គ្នា​ឲ្យ​ហើយ កុំ​ឲ្យ​ថា នឹង​ដក​ទ័ព​ចេញ រួច​ដល់​ថ្ងៃ​ណា​នឹង​ដក​ទ័ព​ចេញ បើ​គេ​ចេះតែ​រក​លេស​បន្ត​បន្ទាប់​ទៀត ដើម្បី​ស្ថិត​នៅ​កាន់តែ​យូរ គេ​នឹង​មាន​សិទ្ធិ​កាន់តែ​ច្រើន ដូច្នេះ​ត្រូវ​កំណត់​កាល​បរិច្ឆេទ»។ គួរ​បញ្ជាក់​ថា ភាព​តានតឹង​ផ្នែក​យោធា​រវាង​កម្ពុជា​និង​ថៃ បាន​ចាប់ផ្តើម​ឡើង កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ២០០៨ កន្លង​ទៅ​នេះ ក្រោយពី​ក្រុម​ទាហាន​ថៃ​បាន​ចូល​មក​កាន់កាប់​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ ជា​ពិសេស​គឺ​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ ហៅ​វត្ត​ប្រាសាទ​ព្រះវិហារ​បន្ទាប់​ពី​កម្ពុជា បាន​ទទួល​ជោគជ័យ​ក្នុង​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​ បេតិកភណ្ឌ​ពិភពលោក។ នៅពេល​ថ្មី​ៗ​នេះ ជម្លោះ​បាន​រីកដាល​ដល់​ប្រាសាទ​តាមាន់​ធំ ក្រោយ​ពី​ទាហាន​ថៃ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ទាហាន​ខ្មែរ ចូល​ទៅ​កាន់​ប្រាសាទ​នេះ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ជួរភ្នំ​ដងរែក​ជាប់​ព្រំដែន​ខេត្ត​សុរិន្ទ​ប្រទេស​ ថៃ និង​ខេត្ត​ឧត្តរមានជ័យ​របស់​ខ្មែរ។ ប្រទេស​ទាំង​ពីរ​សុទ្ធតែ​បាន​អះអាង​ថា ប្រាសាទ​នោះ​ជា​របស់​ខ្លួន។ នៅក្នុង​ជម្លោះ​នេះ ប្រទេស​កម្ពុជា​និង​ថៃ​បាន​ធ្វើការ​ចរចា​មួយ​លើក​ជា​ពីរ​លើក​រួច​មក​ហើយ ដែល​ចុង​ក្រោយ​នេះ​ការចរចា ដោយ​រដ្ឋមន្ត្រី​ការបរទេស កាលពី​ថ្ងៃ​ទី​២៨ កក្កដា ២០០៨ បាន​ឯកភាព​គ្នា​ថា នឹង​ដក​កងទ័ព​ចេញ​រៀងៗ​ខ្លួន​ពី​តំបន់​ជម្លោះ​ប្រាសាទ​ព្រះវិហារ ជា​តំបន់​ដែល​កង​ទ័ព​ថៃ​បាន​ចូល​មក​កាន់កាប់​ដោយ​ខុស​ច្បាប់​ដំបូង​ គេបង្អស់៕

នាយក​រដ្ឋមន្ត្រី​ព្រមាន​ជុំវិញ​ជម្លោះ​ព្រំដែន​រវាង​ខ្មែរ​និង​ថៃ

លោក ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​កាលពី​ថ្ងៃ​ពុធ ទី​៦ សីហា​នេះ ថា ប្រសិនបើ​ការប្រឈម​មុខ​រវាង​ទាហាន​ខ្មែរ​និង​ថៃ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ​ក្លាយ​ទៅ​ជា​ការផ្ទុះ​អាវុធ​ច្បាំង​គ្នា​ទៅ​វិញ​ទៅ​មក​នោះ សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​នឹង​រង​ការលំបាក​ជា​មិន​ខាន ។

AFP Photo

នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន ។

លោក ហ៊ុន សែន មាន​ប្រសាសន៍​បន្ត​ថា​ជំហរ​រាជ​រដ្ឋាភិបាល​ខ្មែរ​នៅតែ​ចង់​ឲ្យ​មាន​ ការដោះស្រាយ​ជម្លោះ​ព្រំដែន​ខ្មែរ​-​ថៃ​ដោយ​សន្តិវិធី ហើយ​ថា​ប្រទេស​ទាំង​ពីរ​ត្រូវ​ពង្រឹង​ពង្រីក​មិត្តភាព​និង​សហ​ប្រតិបត្តិការ ​បន្ថែម​ទៀត ។

នៅ​ទន្ទឹម​នេះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ថ្លែង​រិះគន់​ចំពោះ​ខិត្តប័ណ្ណ​ដែល​បាន​ចែកចាយ​កាលពី​ពេល​ថ្មីៗ​នេះ អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ឈប់​នាំ​ទំនិញ​ថៃ​ចូល​មក​កម្ពុជា​និង​ ឈប់​ទិញ​ទំនិញ​ទាំង​នោះ​យក​មក​ប្រើប្រាស់ ដើម្បី​ជា​ការឆ្លើយតប​ទៅ​នឹង​សកម្មភាព​ឈ្លានពាន​របស់​ទាហាន​ថៃ រំលោភ​ចូល​បូរណភាព​ទឹក​ដី​កម្ពុជា​នៅ​វត្ត​កែវសិក្ខា​គិរីស្វារៈ ហៅ​វត្ត​ប្រាសាទ​ព្រះវិហារ និង​នៅ​ប្រាសាទ​តាមាន់​ធំ​ក្នុង​ខេត្ត​ឧត្តរមានជ័យ ។

លោក​ថា​គ្រាន់តែ​បញ្ហា​ជម្លោះ​ព្រំដែន​គេ​មិន​គួរ​ធ្វើ​ឲ្យ​ប្រទេស​ទាំង​ ពីរ​ក្លាយ​ទៅ​ជា​សត្រូវ​ជាមួយ​គ្នា​ នៅ​រាល់​គ្រប់​បញ្ហា​ទាំងអស់​នោះ​ទេ ៕

នាយក​រដ្ឋមន្ត្រី​ថៃ​និយាយ​ប្រាប់​ប្រធានាធិបតី​អាមេរិក​ពី​បញ្ហា​ជម្លោះ​ជាមួយ​ខ្មែរ

នាយក ​រដ្ឋមន្រ្តី​ថៃ លោក សាម៉ាក់ ស៊ុនថរ៉ាវ៉េទ កាលពី​រាត្រី​ថ្ងៃ​ពុធ​នេះ បាន​ថ្លែង​សេចក្ដី​អំណរ​អរគុណ​ដល់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចច្ច ដាប់ប៊ែលយូប៊ូស្ហ ចំពោះ​ការយល់ដឹង​របស់​លោក​ជុំវិញ​ដំណោះស្រាយ​បញ្ហា​ជម្លោះ​តំបន់​ប្រាសាទ​ ព្រះវិហារ​រវាង​ប្រទេស​ថៃ​និង​កម្ពុជា ។

លោក សាម៉ាក់ បាន​ថ្លែង​ថា​យើង​សូម​អរគុណ​ចំពោះ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដែល​បាន​យល់ ​ដឹង​អំពី​បញ្ហា​ប្រាសាទ​ព្រះវិហារ ។ លោក សាម៉ាក់ ថ្លែង​ដូច្នេះ​នៅ​ក្នុង​ឱកាស​ដែល​លោក​បាន​ទទួល​ជួប​ពិភាក្សា និង​ពិសារ​ភោជនាហារ​រួម​គ្នា​មួយ​ជាមួយ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចច្ច ដាប់ប៊ែលយូប៊ូស្ហ នៅ​វិមាន​រដ្ឋាភិបាល​ថៃ​នៅ​ក្នុង​ក្រុង​បាងកក កាលពី​វេលា​យប់​ម៉ោង ៧ ថ្ងៃ​ពុធ​នេះ ។

គេ​ពុំ​បាន​ឮ​ដោយ​ផ្ទាល់​ថា​លោក​ប្រធានាធិបតី ប៊ូស្ហ បាន​មាន​ប្រសាសន៍​អំពី​បញ្ហា​ប្រាសាទ​ព្រះវិហារ​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី ​ថៃ​នោះ​ទេ ក៏ប៉ុន្តែ​គេ​អាច​សន្និដ្ឋាន​ថា​នៅ​អំឡុង​នៃ​កិច្ច​ពិភាក្សា​នោះ ទំនង​ជា​លោក សាម៉ាក់ បាន​លើក​យក​បញ្ហា​ជម្លោះ​តំបន់​ប្រាសាទ​ព្រះវិហារ​រវាង​កម្ពុជា​និង​ថៃ​ ជម្រាប​ជូន​លោក​ប្រធានាធិបតី ប៊ូស្ហ ។

ការថ្លែង​របស់​លោក សាម៉ាក់ បាន​ថ្លែង​ថា​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​លោក​នាយក​រដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន សែន បាន​ថ្លែង​អំពី​គម្រោងការ​បញ្ជូន​រដ្ឋមន្រ្តី​ការ​បរទេស​របស់​កម្ពុជា គឺ​លោក ហោ ណាំហុង ឲ្យ​ទៅ​ជួប​ចរចា​ជាមួយ​រដ្ឋមន្រ្តី​ការ​បរទេស​ថៃ លោក តឹក ប៊ុនណាត នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ ២០០៨ នេះ ដើម្បី​ពិភាក្សា​អំពី​ការដក​កងទ័ព​និង​នៅ​ចំ​ពេល​ដែល​មាន​របាយការណ៍​ពី​ ជាយដែន​ថៃ​ខ្មែរ​មក​ថា ទាហាន​ជួរ​មុខ​របស់​ថៃ​ពី​អង្គភាព​លេខ​២៦០៦ នៃ​យោធភូមិភាគ​ទី​ពីរ និង​កង​ទាហាន​ជួរ​មុខ​របស់​កម្ពុជា ចំណុះ​ឲ្យ​យោធភូមិភាគ​ទី​៤ បាន​ត្រូវ​ដាក់​ពង្រាយ​ឲ្យ​យាម​ល្បាត​ការពារ​ខ្សែ​ក្រវ៉ាត់​ព្រំដែន​រួម​ គ្នា ចាប់​ពី​បង្គោល​ឡាក់​ទី​២២ ក្នុង​ខេត្ត​សុរិន្ទ​របស់​ថៃ និង​ខេត្ត​ឧត្ដរមានជ័យ​របស់​កម្ពុជា រហូត​ដល់​ទិស​ខាង​កើត​ចម្ងាយ​៤​គីឡូម៉ែត្រ​រៀងៗ​ខ្លួន ដោយ​រង់ចាំ​ដំណោះស្រាយ​ភាព​តានតឹង​នៃ​ជម្លោះ​ព្រំដែន ខណៈ​មេបញ្ជាការ​យោធា​ជាន់ខ្ពស់ និង​ក្រុម​កិច្ចការ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ជុំវិញ​ជម្លោះ​តំបន់​ព្រំដែន​ប្រាសាទ​តាមាន់ និង​ប្រាសាទ​ព្រះវិហារ ។

លោក​ប្រធានាធិបតី ចច្ច ដាប់ប៊ែលយូប៊ូស្ហ ដែល​បាន​មក​ដល់​ប្រទេស​ថៃ​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​លោក​គ្រោង​នឹង​ថ្លែង​សុន្ទរកថា​មួយ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​សីហា​នេះ អំពី​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ទៅ​លើ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៅ​ព្រះរាជ​ដំណាក់​ម្ចាស់ក្សត្រី  ស៊ីរកៀត ចំណែក​ឯ​ភរិយា​របស់​លោក​គឺ​អ្នកស្រី ឡូរ៉ា ប៊ូស្ហ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ជំរំ​ជន​ភៀស​ខ្លួន​ភូមា​ដែល​ស្ថិត​នៅ​តំបន់​ព្រំដែន ​ថៃ​ភូមា ៕

រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌៖ ប្រាសាទ​តាមាន់​ធំ​ជា​របស់​ខ្មែរ

រដ្ឋលេខាធិការ ​ក្រសួង​វប្បធម៌​កម្ពុជា លោក ជុច ភឿន មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី នា​ថ្ងៃ​អាទិត្យ ម្សិលមិញ​ថា ប្រាសាទ​តាមាន់ គឺ​ជា​របស់​ខ្មែរ។

លោក​ថា ប្រាសាទ​តាមាន់ គឺ​ជា​សាលា​សំណាក់​មួយ ក្នុង​ចំណោម​សាលា​សំណាក់​ជាច្រើន​បន្សល់​ទុក​ពី​សម័យ​ព្រះបាទ​ជយវរ្ម័ន​ទី​៧ ដោយ​ទ្រង់​បាន​សាង​សាលាទាន​ទាំង​នេះ​នៅ​តាម​បណ្តោយ​មហា​វិថី​អង្គរ ភ្ជាប់​មហា​បូរី​អង្គរ​ធំ ទៅ​នឹង​តំបន់​ខ្ពង់​រាប​​នគរ​រាជសីមា​របស់​ខ្មែរ​បូរាណ។

លោក​បញ្ជាក់​ថា ប្រាសាទ​តាមាន់ធំ ក្នុង​ចំណោម​ប្រាសាទ​តាមាន់​ទាំង​បី​ឋិត​នៅ​លើ​ដី​ខ្មែរ ៖ «ប្រាសាទ ​តាមាន់ វា​មាន​៣។ ៣​ហ្នឹង អាមួយ​នៅ​ខាង​ព្រំដែន​ថៃ ២​នៅ​ខាង​តំបន់​តូច​តំបន់​ធំ នៅក្នុង​ព្រំដែន​ស្រុក​ខ្មែរ​ហ្នឹង ទឹក​ដី​ខ្មែរ»

មន្ត្រី​ខ្មែរ​ស្វាគមន៍​ចំពោះ​ការសម្រេច​របស់​ថៃ​ជុំវិញ​ការផ្អាក​ដឹក​ផ្លែឈើ​មក​កម្ពុជា

មន្ត្រី​ខ្មែរ​បាន​មាន​ប្រសាសន៍​ថា គេ​ស្វាគមន៍​ចំពោះ​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល​ថៃ​ដែល​ផ្អាក​ ការដឹកនាំ​ផ្លែឈើ​មក​កម្ពុជា និង​ការបញ្ឈប់​ការតាំង​ពិព័រណ៍​ពាណិជ្ជកម្ម​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ព្រះ​ រាជាណាចក្រ​កម្ពុជា ។

ប៉ុន្តែ​មន្ត្រី​ធ្វើការ​នៅ​ស្ថានទូត​ថៃ​បាន​តប​មក​វិញ​នៅ​ថ្ងៃ​ច័ន្ទ​ថា គេ​មិន​បាន​ដឹង​ថា​មាន​ការផ្អាក​ការធ្វើ​ជំនួញ​ទាំង​នោះ​ទេ ។

មន្ត្រី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ខ្មែរ លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា​បើ​វា​ជា​ការសម្រេច​របស់​ថៃ​ហើយ ចំពោះ​កម្ពុជា​នឹង​មិន​មាន​ផល​ប៉ះទង្គិច​អ្វី​នោះ​ទេ ។

លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា ៖ «ថៃ​គាត់​សុំ​ផ្អាក គាត់​ថា​ខ្លាច​សភាពការណ៍​អ៊ីចឹង ខ្លាច​គាត់​មក​លក់​អីវ៉ាន់​អត់​ដាច់ គ្មាន​អ្នកណា​ទិញ​អីវ៉ាន់​របស់​ថៃ ។ រាជ​រដ្ឋាភិបាល​កម្ពុជា​តែងតែ​ជំរុញ​ឲ្យ​មាន​ទំនាក់​ទំនង​គឺ​ល្អ​រវាង​ ប្រទេស​ទាំង​ពីរ ទាំង​វប្បធម៌ ទាំង​សេដ្ឋកិច្ច ទាំង​នយោបាយ ប៉ុន្តែ​ឃើញ​ថា​ពេលវេលា​នេះ​បើ​ថៃ​គាត់​យល់​ថា គាត់​មិន​ទាន់​ចង់​ហ៊ាន ខ្លាច​មិន​បាន​ចំណេញ​ផល ក៏​នេះ​ជា​ការសម្រេច​របស់​ថៃ​ទេ»

សេចក្តី​រាយការណ៍​ដែល​និយាយ​អំពី​ការផ្អាក​យ៉ាង​ហោចណាស់​បាន​នាំ​ឲ្យ​ គម្រោង​ធ្វើ​ពិធី​ផ្សារ​ណាត់​មួយ​របស់​ថៃ​រវាង​ពី​ថ្ងៃ​ទី​២២ ដល់ ២៥ សីហា បាន​ត្រូវ​អាក់ខាន ។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា បញ្ហា​ផ្អាក​របស់​ថៃ​នោះ​គឺ​ជា​ការប្រសើរ​មួយ​ទៅ​វិញ​ទេ ពីព្រោះ​ប្រជាជន​កម្ពុជា​ជា​ច្រើន​អាច​នឹង​ខឹង​ហើយ​អាច​នឹង​បំផ្លាញ​ការតាំង ​ពិព័រណ៍​ផលិតផល​ថៃ​ទាំង​នោះ ។

លោក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ចម ប្រសិទ្ធ បាន​មាន​ប្រសាសន៍​ថា​ការ​ដែល​ប្រជាជន​កម្ពុជា​ជា​ច្រើន​បាន​ខឹង​នឹង​ថៃ គឺ​ដោយសារតែ​បញ្ហា​ជម្លោះ​ប្រាសាទ​ព្រះវិហារ ។

សូម​ជម្រាប​ថា​ជា​ច្រើន​ថ្ងៃ​មក​នេះ​ភាព​តានតឹង​នៃ​ជម្លោះ​ប្រាសាទ​ ព្រះវិហារ បាន​នាំ​ឲ្យ​ប្រជាជន​ខ្មែរ​ខ្លះ​បាន​អំពាវនាវ​មិន​ឲ្យ​មាន​ការនាំ​អីវ៉ាន់​ ថៃ​ចូល​មក​ក្នុង​ស្រុក​ខ្មែរ និង​បញ្ឈប់​ការប្រើ​របស់​របរ​ដែល​ផលិត​មក​ពី​ប្រទេស​ថៃ​នោះ​ផងដែរ ។

បើ​យោង​តាម​ស្ថិតិ​ចេញ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​ខ្មែរ ទំនិញ​របស់​ថៃ​ដែល​នាំ​ចូល​មក​ក្នុង​ស្រុក​ខ្មែរ​កាលពី​ឆ្នាំ ២០០៧ មាន​ចំនួន​ដល់ ១៤០០​លាន​ដុល្លារ​អាមេរិក ។

ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ក្រុង​ព្រះសីហនុ លោកស្រី យាង អេង បាន​មាន​ប្រសាសន៍​ថា​គ្រាន់តែ​នៅ​ក្នុង​ក្រុង​ព្រះសីហនុ​តែ​មួយ ទំនិញ​របស់​ថៃ​ដែល​ដាក់​លក់​នៅ​ក្នុង​ក្រុង​ជាប់​មាត់​សមុទ្ទ​នោះ​សម្បូរណ៍​ ច្រើន​ជាង​ទំនិញ​នាំចូ​ល​មក​ពី​ប្រទេស​នានា ។

ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ក្រុង​ព្រះសីហនុ​បាន​មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​នេះ​ថា ៖ «ការប្រើប្រាស់​នៅ​ក្នុង​មូលដ្ឋាន​របស់​យើង​ខ្ញុំ ប្រហែល​ជា​យើង​ថា ៥០% ទៅ​ចុះ»

ទោះជា​យ៉ាង​ណា​ក៏ដោយ​មន្ត្រី​ធ្វើការ​ស្ថានទូត​ថៃ​បាន​ប្រាប់​វិទ្យុ​ អាស៊ីសេរី​ថា ចំពោះ​រឿង​ដែល​កើត​នៅ​ក្រុង​ព្រះសីហនុ​គឺ​ដោយសារតែ​ជា​គម្រោង​ហើយ​មិន​ទាន់​ មាន​ការអនុម័ត​តែ​ប៉ុណ្ណោះ ។

ក្នុង​សំណួរ​ចុងក្រោយ​ថា​តើ​បញ្ហា​ជម្លោះ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ បាន​ធ្វើ​ឲ្យ​ខូច​ទំនាក់​ទំនង​ការរកស៊ី​រវាង​ខ្មែរ​និង​ថៃ​ដែរ​ឬ​ទេ ? មន្ត្រី​ស្ថានទូត​បាន​បញ្ជាក់​យ៉ាង​នេះ​ថា ៖ «អត់​ទាក់ទង​គ្នា​ទេ អា​នោះ​វា​ផ្សេង​គ្នា អា​នោះ​រឿង​នយោបាយ​ផ្សេង អា​នេះ​គ្នា​អ្នក​រកស៊ី​គ្នា​រកស៊ី​ធម្មតា​អ៊ីចឹង​ទៅ»