សមាជិក​គ.ជ.ប.​និយាយ​អំពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​របស់​គ.ជ.ប.

សមាជិក ​ម្នាក់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប.) បាន​ឲ្យ​ដឹង​ថា គ.ជ.ប.​ពុំ​មាន​ឯកសារ​គ្រប់គ្រាន់ ដើម្បី​ធ្វើការ​សម្រេច​ដ៏​មាន​ភាព​ឯករាជ​មួយ​លើ​ការលុប​ឈ្មោះ​អ្នក​បោះឆ្នោត ដែល​បាន​ធ្វើ​កន្លង​ទៅ ឲ្យ​សម​ទៅ​នឹង​ឯករាជភាព​របស់​ខ្លួន​ឡើយ ដោយ​ខ្លូន​ពឹង​ផ្អែក​លើ​ស្មៀន​និង​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់ ដែល​ជា​អ្នក​ជាប់ឆ្នោត​តាមរយៈ​គណបក្ស​នយោបាយ​តែ​ប៉ុណ្ណោះ។

លោក​មេធាវី សោម ច័ន្ទឌីណា ដែល​ជា​សមាជិក​ម្នាក់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​មាន​សមាជិក​សរុប​ចំនួន​៩​នាក់​នោះ មាន​ប្រសាសន៍​ថា ក្នុង​ឋានៈ​ជា​សមាជិក​មួយ​រូប​នៃ​គ.ជ.ប. លោក​បាន​តវ៉ា​តាំងពី​ដំបូង​ដៃ​ចំពោះ​ការសម្រេច​ដោយ​ខ្វះ​មូលដ្ឋាន​ឯកសារ​ ទាំង​អស់​នោះ ៖ «នៅ​ពេល​ដែល គ.ជ.ប. បាន​ធ្វើការ​ពិនិត្យ​ការស្រង់​របស់​ស្មៀន​ឃុំ​សង្កាត់ ក៏​ដូចជា​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ទូទាំង​ប្រទេស យក​មក​ធ្វើការ​ពិនិត្យ ខ្ញុំ​ឃើញ​ថា អ្នក​ដែល​មាន​ឯកសារ​សំអាង ក្នុង​ការឈាន​ដល់​ការលុប​វា​តិចតួច​ពេក ដែល​យើង​គិត​ថា មិន​អាច​ទទួល​យក​បាន។ អ៊ីចឹង​ហើយ​បាន​ជា​នៅក្នុង​ដំណាក់កាល​នៃ​ការប្រជុំ​គ្នា ក្នុង​ការពិនិត្យ​ឯកសារ​នៃ​ការស្រង់ ក៏ដូចជា ភស្តុតាង​សំអាង​នៃ​ការលុប ខ្ញុំ​ឃើញ​ថា អត់​មាន​អ្វី ដែល​មក​សំអាង​ថា ឈ្មោះ ២០​-៣០​នាក់ ដែល​ស្រង់​មក​ហ្នឹង គាត់​ស្លាប់​មែន។ អ្នក​ដែល​ផ្លាស់​ចេញ គឺ​មាន​ឯកសារ​បញ្ជាក់​ថា អ្នក ១ពាន់​២ពាន់ មួយ​ម៉ឺន ពីរ​ម៉ឺន​នាក់ បាន​ផ្លាស់​ចេញ​មែន គឺ​វា​អត់ ឃើញ​តែ​ស្នាម​ឆូត​ទៅ​លើ​បញ្ជី ១០២៥​ហ្នឹង ហើយ​ធ្វើការ​អះអាង​ដោយ​អាជ្ញាធរ​ឃុំ​សង្កាត់ មេភូមិ ឬក៏​ប៉ូលិស​ប៉ុស្តិ៍។ អ៊ីចឹង​ហើយ បាន​ជា​ខ្ញុំ​បាន​តវ៉ា​ថា ធ្វើ​របៀប​នេះ គឺ​អត់​ត្រឹមត្រូវ​ទេ»

សូម​ជំរាប​ថា ទំរង់​១០២៥ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ប្រើប្រាស់​ក្នុង​ពេល​កន្លង​មក គឺ​ជា​ទម្រង់​ដែល​ប្រើ​ក្នុង​គោលដៅ​ដើម្បី​កាត់បន្ថយ​ការបំប៉ោង​ចំនួន​អ្នក​ បោះឆ្នោត​ឬ​លុប​បំបាត់​ឈ្មោះ​ខ្មោច​ចេញ​ពី​បញ្ជី​អ្នក​បោះឆ្នោត។

ទម្រង់​១០២៥​នេះ តម្រូវ​ឲ្យ​លុប​ឈ្មោះ​អ្នកស្លាប់ អ្នក​គ្មាន​ឈ្មោះ​ក្នុង​ឃុំ ឬ​ក្នុង​សង្កាត់ អ្នកដូរ​ទី​លំនៅ  អ្នក​មាន​ឈ្មោះ​ស្ទួន​ឬ​មាន​ឈ្មោះ​ពីរ​ដង​ក្នុង​បញ្ជី និង​អ្នក​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ។

ការអនុវត្ត​មិន​ត្រឹមត្រូវ​របស់​អាជ្ញាធរ​មូលដ្ឋាន​ដោយ​មាន​ការយល់ព្រម​ ពី គ.ជ.ប. លើ​ទម្រង់ ១០២៥​នេះ បណ្តាល​ឲ្យ​ពលរដ្ឋ​ច្រើន​សន្ធឹក​សន្ធាប់ បាត់បង់​សិទ្ធិ​បោះឆ្នោត។

សូម​ជម្រាប​ថា ការវាយ​តម្លៃ​បឋម​ៗ ទាក់ទង​នឹង​ការបោះឆ្នោត​ទើប​កន្លង​ផុត​ទៅ​នេះ ឲ្យ​ដឹង​ថា ការបាត់​ឈ្មោះ​អ្នកបោះឆ្នោត​ពី​បញ្ជី​អ្នក​បោះឆ្នោត គឺ​ជា​ភាព​មិន​ប្រក្រតី​ដ៏​ធំ​ជាង គេ​បំផុត​មួយ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។

ទោះបី​ក្រុម​គណបក្ស​ប្រឆាំង ដែល​ទើប​បាន​ប្រកាស​ថា ការបាត់​ឈ្មោះ​អ្នក​បោះឆ្នោត​ថា មាន​រហូត​ដល់​ទៅ​ជាង ពីរ​លាន​នាក់​ក្តី ក៏​សេចក្តី​រាយការណ៍​បឋមៗ​ដោយ​ក្រុម​អ្នក​សង្កេត​ការណ៍ សហគមន៍​អឺរុប បាន​ប៉ាន់​ចំនួន​អ្នក​បាត់​ឈ្មោះ​នោះ​ថា មាន​ប្រមាណ ៥០​ពាន់​នាក់​ប៉ុណ្ណោះ៕

គ.ជ.ប. ​ប្រកាស​លទ្ធផល​នៃ​ការបោះ​ឆ្នោត​បណ្តោះអាសន្ន

គណៈកម្មាធិការ ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត (គ.ជ.ប.) នៅ​ថ្ងៃ​សៅរ៍​នេះ​បាន​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​បណ្តោះអាសន្ន និង​បាន​បើក​ឲ្យ​មាន​ការប្ដឹង​តវ៉ា​ចាប់ពី​ពេល​នេះ​សម្រាប់​គ្រប់​គណបក្ស​ នយោបាយ​ដែល​មិន​សុខចិត្ត​ចំពោះ​ការបោះ​ឆ្នោត​កន្លង​មក​នេះ។

AFP Photo

មន្ត្រី ​រៀបចំ​ការបោះឆ្នោត​លើក​បង្ហាញ​សន្លឹក​ឆ្នោត ក្នុង​ពេល​រាប់​សន្លឹក​ឆ្នោត ក្នុង​ស្ថានីយ​បោះឆ្នោត​មួយ​កន្លែង​ក្នុង​ក្រុង​ភ្នំពេញ​នា​ថ្ងៃ​ទី ២៧ កក្កដា ២០០៨។

លទ្ធផល​ដែល​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​លទ្ធផល​របស់​អ្នក​សង្កេតការណ៍ ​ក្រៅ​រដ្ឋាភិបាល​ដែរ​បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​មាន​សំឡេង​គាំទ្រ​នាំ​មុខ​គេ​ដល់​ទៅ​ជាង​៥០% នៃ​សំឡេង​ឆ្នោត។

បក្ស​ប្រឆាំង​ដែល​ធំ​ជាង​គេ​គឺ​គណបក្ស​សមរង្ស៊ី បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ស្រប​គ្នា​នោះ​ដែរ​ដើម្បី​ច្រាន​ចោល​លទ្ធផល​នៃ​ ការបោះឆ្នោត​បណ្តោះអាសន្ន​នេះ ។ គណបក្ស​សមរង្ស៊ី​បាន​ចោទ​ថា គ.ជ.ប.​ធ្វើការ​មិន​បាន​ត្រឹមត្រូវ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ភារកិច្ច​របស់ ​ខ្លួន​ដោយ​ធ្វើ​ឲ្យ​មនុស្ស​ជាង​១​លាន​នាក់​បាត់បង់​សិទ្ធិ​ក្នុង​ការបោះ​ ឆ្នោត។

មន្រ្តី​ជាន់ខ្ពស់​របស់​គណបក្ស​ប្រឆាំង លោក សុន ឆ័យ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ដដែល​នេះ​ថា ៖ «តើ ​សង​សិទ្ធិ​គេ​យ៉ាង​ម៉េច​វិញ ? យើង​ត្រូវ​សង​សិទ្ធិ​គេ កុំ​ថា ១​ម៉ឺន ១​សែន ថា ១០០​នាក់​ទៅ​ចុះ តើ​យើង​រំលោភ​សិទ្ធិ​គេ​ដោយ​មិន​មាន​ការដោះស្រាយ​ឬ​ក៏​ម៉េច ?»

នៅ​ក្នុង​ចំណោម​អ្នក​បោះ​ឆ្នោត​ប្រហែល ៦​លាន​នាក់ លទ្ធផល​បណ្តោះអាសន្ន​របស់​គ.ជ.ប.​បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​សំឡេង​គាំទ្រ​ជាង ៣លាន​សំឡេង គណបក្ស​សមរង្ស៊ី បាន​ទទួល​សំឡេង​គាំទ្រ​ជាង ១​លាន​សំឡេង គណបក្ស​សិទ្ធិ​មនុស្ស បាន​ទទួល​ជិត ៤​សែន​សំឡេង គណបក្ស នរោត្តម រណឫទ្ធិ បាន​ទទួល​ជាង ៣​សែន​សំឡេង គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ប្រហែល ៣​សែន​សំឡេង និង​គណបក្ស​ផ្សេងៗ​ទៀត​បាន​ទទួល​ប្រហែល​១ម៉ឺន ឬ ២​ម៉ឺន​សំឡេង​ប៉ុណ្ណោះ។

របាយការណ៍​របស់​គណបក្ស​ប្រឆាំង​បាន​និយាយ​ថា គ.ជ.ប.​បាន​បង្ក​ការលំបាក​យ៉ាង​ច្រើន​ដល់​អ្នក​បោះ​ឆ្នោត ដូច​ជា​ការផ្លាល់​ប្តូរ​ការិយាល័យ ការរារាំង​អ្នក​បោះ​ឆ្នោត និង​បើក​ឲ្យ​មាន​ការធានា​ទម្រង់​១០១៨ ដោយ​ខុស​ច្បាប់​ពី​សំណាក់​មន្រ្តី​មូលដ្ឋាន។

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​រៀបចំ​ការបោះ​ឆ្នោត លោក ទេព នីថា ឲ្យ​ដឹង​ដដែល​ថា​ការលុប​ឈ្មោះ​មនុស្ស​មួយចំនួន​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត​ ដោយសារ​ធ្វើឡើង​កុំ​ឲ្យ​ជាន់​ឈ្មោះ​ដដែលៗ ហើយ​មាន​មនុស្ស​ខ្លះ​ទៀត​បាន​បាត់បង់​សិទ្ធ​នៃ​ការបោះ​ឆ្នោត  ហើយ​ក៍​មាន​អ្នក​ស្លាប់​ចំនួន​១%​ផងដែរ នៅ​ក្នុង​មនុស្ស​ប្រហែល​៦​សែន​នាក់​ដែល​គ.ជ.ប.​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ នោះ។

លោក​បន្ត​ថា​ការលុប​ឈ្មោះ​របស់​គ.ជ.ប.​អាច​មាន​ការភ្លាំងភ្លាត់​ចំនួន​៧​ ករណី​ប៉ុណ្ណោះ ដែល​គេ​គិត​ថា​មិន​ជះ​ឥទ្ធិពល​អ្វី​ទៅ​ដល់​លទ្ធផល​នៃ​ការបោះ​ឆ្នោត​ឡើយ។

លោក ទេព នីថា បាន​បញ្ជាក់​ថា ៖ «…​ដោយឡែក​អ្នក​ដែល​មក​បោះ​ឆ្នោត​ ហើយ​មាន​បញ្ហា​បច្ចេកទេស​មួយចំនួន​ដែល​រាំងស្ទះ​របស់​គាត់ អា​ហ្នឹង​ជា​កំហុស​មួយ​ដែល​យើង​មិន​អាច​ជួសជុល​សង​គាត់​វិញ​បាន​នៅ​ពេល​នេះ​ ទេ តែ​យើង​ត្រូវ​ធ្វើ​អី​ទៀត​នៅ​ពេល​ក្រោយ​ដើម្បី​ចៀស​បញ្ហា​នេះ»

គួរ​ជម្រាប​ផងដែរ​ថា​របាយការណ៍​ថ្មីៗ​របស់​អង្គការ​ខុមហ្វ្រែល​វិញ​បាន​ អះអាង​ថា គេ​បាន​រក​ឃើញ​ជាង​១​ពាន់​ករណី​នៃ​អ្នក​បោះ​ឆ្នោត​ដែល​ត្រូវ​បាន​គេ​លុប​ ឈ្មោះ​ចេញ​ពី​បញ្ជី។

ខុមហ្វ្រែល​បាន​និយាយ​ទៀត​ថា​ថ្វីបើ​ការបោះ​ឆ្នោត​លើក​នេះ​មិន​មាន​ ការប្រើប្រាស់​អំពើ​ហិង្សា ក៏ប៉ុន្តែ​ភាព​មិន​ប្រក្រតី​មាន​ច្រើន​ប្រហាក់​ប្រហែល​នឹង​ការបោះ​ឆ្នោត​ កាលពី​ឆ្នាំ​២០០៣​ដែរ៕

គ.ជ.ប.​បកស្រាយ​ករណី​មាន​ឈ្មោះ​វៀតណាម​ក្នុង​បញ្ជី​បោះ​ឆ្នោត

មន្ត្រី ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត (គ.ជ.ប.) បាន​បកស្រាយ​នៅ​ថ្ងៃ​នេះ ជុំវិញ​ករណី​ឃើញ​ឈ្មោះ​វៀតណាម​ជា​ច្រើន​រយ​នាក់​ដែល​គេ​បាន​ចុះ​បញ្ជី​ អនុញ្ញាត​ផ្តល់​សិទ្ធិ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​២៧ កក្កដា​កន្លង​មក​នេះ ។

RFA Photo

អ្នក​បោះឆ្នោត​​រក​មើល​ឈ្មោះ​របស់​ខ្លួន​នៅ​ក្នុង​បញ្ជី​បោះឆ្នោត នា​ថ្ងៃ​ទី​២៧ កក្កដា ២០០៨។

សូម​បញ្ជាក់​ថា​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​មាន​ការបញ្ចេញ​ឯកសារ​មួយ​ពី​ ខេត្ត​សៀមរាប ដែល​មាន​ចុះ​ឈ្មោះ លេខ​កូដ​ការិយាល័យ​បោះ​ឆ្នោត​ត្រឹមត្រូវ នៅ​ក្នុង​ឃុំ​ចុង​ឃ្នៀស បង្ហាញ​ឈ្មោះ​មនុស្ស​ប្រមាណ​៣០០​នាក់​ដែល​ប្រើ​នាម​ត្រកូល សែ ង្វៀង សែ ត្រឹង សែ ផាម។ល។ ដែល​គេ​ជឿ​ថា​សុទ្ធ​ជា​ក្រុម​នាម​ត្រកូល​សែស្រឡាយ​វៀតណាម ។ ឈ្មោះ​មនុស្ស​ទាំង​នោះ​ត្រូវ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​បាន​ ប្រថាប់​ត្រា​ផ្តល់​សិទ្ធិ​ឲ្យ​មាន​ការបោះឆ្នោត​រួច​មក​ហើយ​កន្លង​មក​នេះ ។

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត លោក ទេព នីថា បាន​មាន​ប្រសាសន៍​ថា​លោក​មិន​ដឹង​ថា​ការបញ្ចេញ​ឯកសារ​ជា​សាធារណៈ​បង្ហាញ​ ឈ្មោះ​វៀតណាម​ទាំង​នោះ កំពុង​តែ​មាន​គោលបំណង​អ្វី​ណា​មួយ​នោះ​ទេ ប៉ុន្តែ​លោក​បាន​បកស្រាយ​ថា​ការចុះ​ឈ្មោះ​រាល់​ជន​បរទេស​និង​ផ្តល់​សិទ្ធិ​ ឲ្យ​បាន​ទៅ​បោះ​ឆ្នោត គឺ​អាស្រ័យ​យោង​តាម​ឯកសារ​អត្តសញ្ញាណប័ណ្ណ​ត្រឹមត្រូវ​របស់​ពួក​គេ ។

លោក ទេព នីថា បាន​មាន​ប្រសាសន៍​ថា ៖ «គ.ជ.ប.​ពុំ​មាន​សមត្ថកិច្ច​នឹង​ ផ្ដល់​សញ្ជាតិ​ឲ្យ​នរណា​ម្នាក់​ទេ ក៏ប៉ុន្តែ​ប្រសិនបើ​ប្រជាពលរដ្ឋ​ដែល​មាន​ឯកសារ​បញ្ជាក់​សញ្ជាតិ​ច្បាស់លាស់​ ហើយ​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត យើង​ចុះ​ជូន»

ម៉ាយ៉ារិទ្ធិ ៖ ដូច្នេះ​បាន​ន័យ​ថា​គេ​មាន​សញ្ជាតិ​ខ្មែរ​រួច​ទៅ​ហើយ ?

ទេព នីថា ៖ ខ្ញុំ​មិន​ដឹង​យ៉ាង​ណា​ទេ តែ​ដំណើរការ​ចុះ​ឈ្មោះ​អ៊ីចឹង កាលណា​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ មាន​ប័ណ្ណ​គ្រួសារ​ដែល​បញ្ជាក់​ថា​សញ្ជាតិ​ខ្មែរ​ហើយ យើង​ចុះ​ឲ្យ​ហើយ ។

ក្រសួង​មហាផ្ទៃ​នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ឆ្លើយ​តប​ចំពោះ​ការផ្សាយ​ ឯកសារ​បង្ហាញ​ឈ្មោះ​សែ​ត្រកូល​ជាតិ​វៀតណាម​ទាំង​នោះ​ទេ​នៅ​ថ្ងៃ​នេះ ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី

គណបក្ស​៣ ប្ដឹង គ.ជ.ប. ទៅ​ព្រះមហាក្សត្រ

គណបក្ស ​សម​រង្ស៊ី គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស នរោត្តម រណឫទ្ធិ បាន​សុំ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដោយ​ប្ដឹង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) ថា បាន​រំលោភ​សិទ្ធិ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​និង​ទាមទារ​ឲ្យ​មាន​ការ​បោះ​ ឆ្នោត​ឡើង​វិញ។

AFP Photo

មន្ត្រី ​រៀបចំ​ការបោះឆ្នោត​លើក​បង្ហាញ​សន្លឹក​ឆ្នោត ក្នុង​ពេល​រាប់​សន្លឹក​ឆ្នោត ក្នុង​ស្ថានីយ​បោះឆ្នោត​មួយ​កន្លែង​ក្នុង​ក្រុង​ភ្នំពេញ​នា​ថ្ងៃ​ទី ២៧ កក្កដា ២០០៨។

នៅក្នុង​លិខិត​មួយ​ច្បាប់ កាលពី​ថ្ងៃ​ទី​៣០ កក្កដា ឆ្នាំ​២០០៨ ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ ព្រះ​បរមនាថ នរោត្តម សីហមុនី គណបក្ស​ទាំង​បី​បាន​តវ៉ា​ថា មាន​ប្រជាពលរដ្ឋ​កម្ពុជា យ៉ាងតិច​មួយ​លាន​នាក់ ដែល​ត្រូវ ​គ.ជ.ប. បដិសេធ​មិន​ឲ្យ​បោះឆ្នោត ដោយសារ​តែ​បែប​បទ​ផ្សេង​ៗ​ជា​ល្បិច​កល​របស់​គេ។

គួរ​ជម្រាប​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ កក្កដា មាន​ប្រជាពលរដ្ឋ​ប្រមាណ ៤០០​នាក់ បាន​នាំ​គ្នា​ប្រមូល​ផ្ដុំ​គ្នា​នៅឯ​ទីស្នាក់ការ​គណបក្ស​សម​រង្ស៊ី នា​ទីក្រុង​ភ្នំពេញ តវ៉ា​ចំពោះ​ការ​ដែល​ពួកគាត់​និង​សមាជិក​ក្រុម​គ្រួសារ​របស់​ពួកគាត់ ត្រូវ​បាន​មន្ត្រី​រៀបចំ​ការបោះ​ឆ្នោត បដិសេធ​មិន​ឲ្យ​បោះ​ឆ្នោត ជ្រើសតាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៤​នេះ។

អាជ្ញាធរ​ក្រុង​ភ្នំពេញ បាន​ដាក់​ពង្រាយ​កម្លាំង​ប្រដាប់​អាវុធ​នៅ​ជុំវិញ​ទីស្នាក់ការ​គណបក្ស​សម​ រង្ស៊ី និង​នៅ​តាម​ដង​ផ្លូវ​នានា​ជិត​វិមាន​ឯករាជ្យ​នៅ​ខណៈ​ពេល​មាន​កិច្ច​ជួបជុំ​ គ្នា​នោះ។

ប្រជាពលរដ្ឋ​ទាំង​នោះ បាន​បង្ហាញ​ពី​ភាព​ប្រក្រតី​នានា​ទាក់ទង​នឹង​ការបោះ​ឆ្នោត ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​អាទិត្យ ២៧ កក្កដា​នោះ ហើយ​ទាមទារ​ឲ្យ​មាន​ការបោះ​ឆ្នោត​ឡើង​វិញ។

ទោះ​ជា​យ៉ាង​ណា អគ្គលេខាធិការ គ.ជ.ប. លោក ទេព នីថា ធ្លាប់​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា នឹង​មិន​មាន​ការបោះឆ្នោត​ឡើង​វិញ​នោះ​ទេ។

តាម​លទ្ធផល​បណ្ដោះ​អាសន្ន​ក្រៅ​ផ្លូវការ​នៃ​ការបោះឆ្នោត បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៩០​អាសនៈ គណបក្ស​សម​រង្ស៊ី ២៦​អាសនៈ គណបក្ស​សិទ្ធិ​មនុស្ស ៣​អាសនៈ គណបក្ស​នរោត្តម រណឫទ្ធិ ២​អាសនៈ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ២​អាសនៈ។

ក្រុម​អ្នក​សង្កេតការណ៍​សហភាព​អឺរ៉ុប បាន​ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​តែ​ប្រមាណ ៥០.០០០​នាក់​ប៉ុណ្ណោះ​ដែល​មិន​បាន​បោះឆ្នោត។

ទោះជា​យ៉ាង​ណា ក្រុម​អ្នក​សង្កេត​ការណ៍​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា ការបោះ​ឆ្នោត​អាណត្តិ​ទី​៤​នេះ មិន​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​អន្តរជាតិ​ឡើយ បើ​ទោះ​បី​ជា​ដំណើរការ​នៃ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​អំពើ​ហិង្សា ​ក៏​ដោយ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី

គ.ជ.ប.​នឹង​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ផ្លូវការ​រវាង​ថ្ងៃ​១៣ សីហា ដល់​ថ្ងៃ​៧ កញ្ញា

2008-07-29

យោង ​តាម​ប្រតិទិន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​បាន​ឲ្យ​ដឹង​ថា លទ្ធផល​ជា​ផ្លូវការ​នៃ​ការបោះ​ឆ្នោត​និង​ការបែងចែក​អាសនៈ​រដ្ឋសភា នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​រវាង​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា ដល់​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០០៨ នេះ ។

AFP Photo

ការប្រកាស​លទ្ធផល​នោះ​នឹង​ផ្អែក​លើ​ករណី​មាន​ឬ​គ្មាន​បណ្ដឹង​ក្រោយ​ ការប្រកាស​លទ្ធផល​បណ្ដោះអាសន្ន និង​ករណី​គ្មាន​ការបោះ​ឆ្នោត​សា​ជា​ថ្មី ។

តាម​របាយការណ៍​បណ្ដោះអាសន្ន​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ការបោះ​ឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​អាណត្តិ​ទី​៤​នេះ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​៩០​អាសនៈ គណបក្ស​សមរង្ស៊ី ២៦​អាសនៈ គណបក្ស​សិទ្ធិ​មនុស្ស ៣​អាសនៈ គណបក្ស នរោត្តម រណឫទ្ធិ ២​អាសនៈ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​២​អាសនៈ ។

គណបក្ស​បួន​គឺ​គណបក្ស​សមរង្ស៊ី គណបក្ស​សិទ្ធិ​មនុស្ស គណបក្ស នរោត្តម រណឫទ្ធិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ជំទាស់​ទៅ​នឹង​លទ្ធផល​នោះ​បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​បាត់ ​ឈ្មោះ​នៅ​ក្នុង​បញ្ជី​មិន​អាច​បោះ​ឆ្នោត​បាន ។

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត លោក អ៊ឹម សួស្ដី បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៨ កក្កដា ថា រហូត​មក​ទល់​នឹង​ពេល​នេះ​គ.ជ.ប.​បាន​ទទួល​ពាក្យ​បណ្ដឹង​ចំនួន​៣០​ករណី ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី