គោលជំហរ​របស់​គណបក្ស​ប្រឆាំង​ចំពោះ​លទ្ធផល​នៃ​ការបោះ​ឆ្នោត

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី ដែល​បក្ស​នេះ​ទទួល​បាន ២៦​អាសនៈ សភា​ពី​ការបោះ​ឆ្នោត​ជ្រើសរើស​តំណាង​រាស្រ្ដ​ខ្មែរ​អាណត្តិ​ទី​៤ នៅ​កម្ពុជា​នោះ មាន​ប្រសាសន៍​ថា​ការវាយ​តម្លៃ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ចំពោះ​ការបោះ​ឆ្នោត​នោះ​គឺ​អាច​នឹង​មាន​ការកែប្រែ។

AFP Photo

ប្រធាន​គណបក្ស​សមរង្ស៊ី លោក សម រង្ស៊ី បោះ​ឆ្នោត​នៅ​ការិយាល័យ​បោះ​ឆ្នោត​មួយ​ក្នុង​ខែត្រ​កំពង់ចាម កាលពី​ថ្ងៃ​២៧ កក្កដា ២០០៨ ។

លោក សម រង្ស៊ី បាន​ឲ្យ​ដឹង​ថា ៖ «ការវាយ​តម្លៃ​នេះ​មិន​ទាន់​ជា​ ស្ថាពរទេ ពីព្រោះ​ខ្ញុំ​នៅ​ជួប​ជាមួយ​អ្នក​សង្កេតការណ៍​អន្តរជាតិ​ជា​ច្រើន គេ​កំពុងតែ​ប្រមូល​ព័ត៌មាន​បន្ថែម​ទៀត។ ការវាយតម្លៃ​របស់​គេ​អាច​នឹង​ប្រែប្រួល ខ្ញុំ​ជឿ​ថា​នឹង​ប្រែប្រួល ពីព្រោះ​ភស្តុតាង​មាន​កាន់តែ​ច្រើន​ឡើងៗ ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​ការបោះ​ឆ្នោត​នេះ​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន ទោះជា​យើង​ឃើញ​ថា​មាន​អំពើ​ហិង្សា​តិច​ជាង​មុន​មែន ប៉ុន្តែ​មាន​ល្បិចកល​ច្រើន​ជាង​មុន​ឆ្ងាយ​ណាស់ ហើយ​ធ្ងន់ធ្ងរ​ជាង​មុន​ឆ្ងាយ​ណាស់​ដែល​បំផ្លៃ​ឆន្ទៈ​ប្រជារាស្រ្ដ​ខ្មែរ គឺ​លទ្ធផល​បណ្ដោះអាសន្ន​ដែល​គេ​ប្រកាស​បណ្ដើរៗ​នេះ មិន​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​ប្រជារាស្រ្ដ​ខ្មែរ​ទេ ផ្ទុយ​ទៅ​វិញ​គឺ​បំភ្លៃ​ឆន្ទៈ​ប្រជារាស្រ្ដ​ខ្មែរ»

លោក សម រង្ស៊ី មាន​ប្រសាសន៍​បង្ហាញ​នូវ​ករណី​កម្រិត​ធ្ងន់ធ្ងរ​មួយចំនួន​នៃ​ភាព​មិន​ ប្រក្រតី​ក្នុង​ដំណើរការ​នៃ​ការបោះ​ឆ្នោត​នោះ​ឲ្យ​ដឹង​ថា ៖ «ពួក​អ្នក​ សង្កេតការណ៍​បើ​មក​មើល​ថ្ងៃ​បោះ​ឆ្នោត ឬ​មើល​តែ​ត្រឹម​បួន​ដប់​ថ្ងៃ មុន​ថ្ងៃ​បោះ​ឆ្នោត​អត់​ឃើញ​អី​ទេ ពីព្រោះ​ការកេងបន្លំ ការលុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត គេ​ថា​សម្អាត​បញ្ជី តែ​តាម​ការពិត​គឺ​គេ​លុប​ឈ្មោះ​អ្នក​ដែល​គេ​មាន​សិទ្ធិ​បោះ​ឆ្នោត​ ត្រឹមត្រូវ តែ​គេ​ដឹង​ឬ​គេ​សង្ស័យ​ថា​មិន​បោះ​ឆ្នោត​ឲ្យ​គេ ដូច្នេះ​គេ​បាន​លុប​ឈ្មោះ​ប្រជាពលរដ្ឋ​រាប់​សែន​នាក់។ ហ្នឹង​ហើយ​ជា​ល្បិចកល​មួយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​មួយចំនួនធំ បាត់បង់​សិទ្ធិ​បោះ​ឆ្នោត​ហ្នឹង​ហើយ ភាព​មិន​ប្រក្រតី​ដ៏​ធ្ងន់ធ្ងរ​មួយ។ ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​មួយ​ទៀត គឺ​ការបញ្ចេញ​ទម្រង់ ១០១៨ គឺ​ឯកសារ​សម្គាល់​ខ្លួន ឯកសារ​បញ្ជាក់​អត្តសញ្ញាណ ចំពោះ​អ្នក​ណា​ដែល​អត់​មាន​អត្តសញ្ញាណប័ណ្ណ តែ​គណបក្ស​កាន់​អំណាច ហើយ​អាជ្ញាធរ​នៅ​មូលដ្ឋាន ដែលប​ម្រើ​គណបក្ស​កាន់​អំណាច​ហ្នឹង គឺ​គេ​បាន​ចេញ​ឯកសារ​នេះ​ចេញ​ដោយ​ក្លែង​បន្លំ​ដោយ​ខុស​ច្បាប់»

លោក​ប្រធាន​គណបក្ស​សមរង្ស៊ី​បញ្ជាក់​ថា ៖ «គេ​យក​ឈ្មោះ​ខ្មោច គេ​យក​ឈ្មោះ​ដែល​អត់​មាន​វត្តមាន​នៅ​ក្នុង​ភូមិ អត់​មាន​ឈ្មោះ​នៅ​លើ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​នៅ​ការិយាល័យ​បោះ​ឆ្នោត​ នីមួយៗ​ទេ ប៉ុន្តែ​គេ​រក្សា​ឈ្មោះ​ខ្មោច​ទាំងអស់​នោះ ដើម្បី​យក​ឈ្មោះ​ខ្មោច​ទាំងអស់​នោះ យក​ទៅ​បំពាក់​ឲ្យ​មនុស្ស​ដែល​អត់​មាន​សិទ្ធិ​បោះ​ឆ្នោត ហើយ​ដែល​គេ​បាន​ឲ្យ​លុយ​គេ​បាន​ជំរុញ​ឲ្យ​ទៅ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន។ ហ្នឹង​ហើយ​ភាព​មិន​ប្រក្រតី​គឺ​ថា​តំណាង​រាស្រ្ដ​ដែល​ជាប់​ឆ្នោត​ក្រោម​ ស្លាក​គណបក្ស​ប្រជាជន គឺ​មួយចំនួន​ធំ មិនមែន​ជា​តំណាង​រាស្រ្ដ​ទេ គឺ​ជា​តំណាង​ខ្មោច​ឬ​ក៏​ជា​តំណាង​យួន ជា​តំណាង​ជន​បរទេស​ដែល​គេ​បាន​ឲ្យ​ឈ្មោះ​ខ្មោច​យក​ទៅ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ ប្រជាជន បូកសរុប​ទៅ​គឺ​ថា​ចំនួន​អ្នក​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​ពិត​ប្រាកដ មាន​តិច​ជាង​អ្វី​ដែល​គេ​ប្រកាស»

តែ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ចាត់​ទុក​ថា ភាព​មិន​ប្រក្រតី​ដែល​គេ​ទទួល​បាន​ភស្តុតាង​មួយ​ចំនួន​នៅ​មុន​ថ្ងៃ​ទី​១ ខែ​សីហា​នេះ ទាក់ទិន​នឹង​ការបោះ​ឆ្នោត​នោះ គឺ​ថា​ការរំលោភ​ទាំង​នោះ​បាន​កើតឡើង​ក្នុង​កម្រិត​មួយ​តិចតួច​នៅ​តាម​តំបន់​ មួយចំនួន ហើយ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការបោះ​ឆ្នោត​នោះ​ទេ។

ត្រង់​ចំណុច​នេះ​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​បក្ស​នេះ​ទទួល​បាន​៣​អាសនៈ​សភា​ពី​ការបោះ​ ឆ្នោត​នោះ​ដែរ មាន​ប្រសាសន៍​តប​ថា ៖ «ខ្ញុំ​គិត​ថា​ការវាយតម្លៃ​របស់​ គាត់​ថា​តិចតួច​នេះ គឺ​អត់​ត្រឹមត្រូវ​ទេ​ដោយសារ​គ្នា​គាត់ អ្នក​សង្កេតការណ៍​គាត់​មានតែ​ជាង​៧០​នាក់ យើង​ខ្ញុំ​មាន​រាប់​ម៉ឺន​នាក់ រាប់​សែន​នាក់ ដូច្នេះ​យើង​អាច​ដឹង​រឿង​ច្រើន​ជាង​ហ្នឹង។ ឧទាហរណ៍​តែ​រឿង​មួយ​ទេ ការិយាល័យ​មួយ​មាន​អ្នក​បោះ​ឆ្នោត ៣​-​៤​រយ​នាក់ ៥០០​នាក់ បាត់​ដល់ ១០០ បាត់ដល់ ៥០ តើ​វា​តិចតួច​ដែរ​ឬ​អត់ ? មិនមែន​បាត់​ម្នាក់​២​នាក់​ឯណា បាត់​រាប់​រយ​នាក់។ ដូច្នេះ​យើង​ឃើញ​ថា​បាត់​ច្រើន វា​ប៉ះពាល់​ដល់​លទ្ធផល​បោះ​ឆ្នោត​ច្រើន តាម​ការ​ដែល​យើង​ខ្ញុំ​ឃើញ​ផ្ទាល់។ ពី​សហគមន៍​អឺរ៉ុប​អី យើង​បាន​បង្ហាញ​ប្រាប់​គេ ក្រោយ​មក​ក៏​គេ​បាន​និយាយ ការបោះ​ឆ្នោត​ហ្នឹង វា​អយុត្តិធម៌ មាន​ភាព​មិន​ប្រក្រតី អត់​បាន​ដល់​ស្តង់ដារ​អន្តរជាតិ គឺ​គេ​និយាយ​តាម​សហគមន៍​អឺរ៉ុប ក្រោយពី​យើង​បាន​ជួប​ប្រជុំ​ពន្យល់​គេ ហេតុផល​ពី​ភាព​មិន​ប្រក្រតី​ហ្នឹង​ទៅ»។

ចំណែក​លោក ស៊ុត ឌីណា អគ្គលេខាធិការ​រង​នៃ​គណបក្ស នរោត្ដម រណឫទ្ធិ ដែល​បក្ស​នេះ​ទទួល​បាន​២​អាសនៈ​សភា​ពី​ការបោះ​ឆ្នោត​នោះ មាន​ប្រសាសន៍​បន្ថែម​ថា ៖ «ការបោះ​ឆ្នោត​នៅ​កម្ពុជា​មិន​បាន​ឆ្លុះ​ បញ្ចាំង​នូវ​ភាព​ដូច​ដែល​មតិ​អន្តរជាតិ​បាន​មើល​ឃើញ​ពី​សំបក​ក្រៅ​ទេ។ គាត់​អត់​បាន​មើល​ឃើញ​ល្បិចកល​នៃ​ការលុប​ឈ្មោះ​អ្នក​បោះឆ្នោត​ចេញ​ពី​បញ្ជី​ ទេ។ អាជ្ញាធរ​ភូមិ​ឃុំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អង្គុយ​ចាំ​នៅ​មុខ​គ្រប់​ ការិយាល័យ​ទាំងអស់ ដោយ​គំរាម​កំហែង​មិន​ឲ្យ​អ្នក​បោះឆ្នោត​ចេញ​ទៅ​បោះ​ឆ្នោត។ ហើយ​មួយ​ទៀត​គឺ​ថា​ការប្រើប្រាស់ ការទិញ​មនុស្ស​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត។ ការពិត​កម្ពុជា​យើង​កំពុង​ស្ថិត​នៅ​គ្រោះថ្នាក់​ដោយសារតែ​ការរៀបចំ​ការបោះ​ ឆ្នោត​នេះ គឺ​ជា​ឆាក​ល្ខោន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណៈកម្មការជាតិ​រៀបចំ​ការបោះឆ្នោត​ដែល​ជា​ឧបករណ៍​របស់​គណបក្ស​ប្រជាជន​ កម្ពុជា»

ប៉ុន្តែ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត (គ.ជ.ប.) លោក ទេព នីថា មាន​ប្រសាសន៍​ច្រានចោល​នូវ​ការចោទ​ប្រកាន់​ទាំង​នេះ​ដោយ​បញ្ជាក់​ថា ៖ «ការថ្លែង ​ការណ៍​របស់​គណបក្ស​នយោបាយ ឬ​ក៏​ការចោទ​ប្រកាន់​ផ្សេងៗ វា​ជា​សិទ្ធិ​របស់​គាត់ ប៉ុន្តែ​អ្វី​ក៏​ដោយ​យើង​ត្រូវតែ​អនុវត្ត​ទៅ​តាម​ច្បាប់​ទាំងអស់ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កើត​មាន​ឡើង។ សរុប​មក​វិញ​ចង់​ប្រៀបធៀប​ថា គ.ជ.ប.​ធ្វើ​ការងារ​នេះ​ត្រឹមត្រូវ​ប៉ុណ្ណា គឺ​សូម​ប្រៀបធៀប​ជាមួយ​នឹង​ច្បាប់​បោះ​ឆ្នោត នីតិវិធី​នៃ​ការបោះ​ឆ្នោត ព្រម​ទាំង​របៀប​អនុវត្ត​ការងារ​របស់​គ.ជ.ប. ហើយ​អញ្ជើញ​គណបក្ស​នយោបាយ​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ហ្នឹង ចូលរួម​ក្នុង​សកម្មភាព​របស់​ខ្លួន…»

លោក ទេព នីថា មាន​ប្រសាសន៍​ថា​បើ​គិត​មក​ដល់​ថ្ងៃ​ទី​២ ខែ​សីហា​នេះ គ.ជ.ប.​ទទួល​បាន​បណ្ដឹង​ទាំងអស់ ១០៣​បណ្ដឹង ក្នុង​នោះ​បណ្ដឹង​ជា​ច្រើន​ត្រូវ​បាន​ដោះស្រាយ​នៅ​ថ្នាក់​ឃុំ​សង្កាត់ និង​នៅ​ថ្នាក់​ខេត្ត​គឺ​មានតែ​ជាង​១០​បណ្ដឹង​តែ​ប៉ុណ្ណោះ ក្នុង​ចំណោម​បណ្ដឹង​ទាំងអស់​នោះ​ដែល​បាន​ប្ដឹង​បន្ត​ទៅ​ដល់​ថ្នាក់​ជាតិ។

លោក ទេព នីថា បញ្ជាក់​ថា​គ.ជ.ប.​នឹង​ខិតខំ​ដោះស្រាយ​បញ្ហា​នេះ​ក្នុង​រយៈពេល​៥​ថ្ងៃ នា​សប្ដាហ៍​ក្រោយ​នេះ​ដែល​សង្ឃឹម​ថា​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការបោះឆ្នោត​ ជាតិ​នោះ​និង​ប្រកាស​ជា​ផ្លូវការ​ដោយ​គ.ជ.ប. នៅ​ក្នុង​រង្វង់​ថ្ងៃ​ទី​៩ ថ្ងៃ​ឆ្នាំ​២០០៨​នេះ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​អគ្គលេខាធិការ​រង​នៃ​គណបក្ស នរោត្ដម រណឫទ្ធិ ថ្លែង​អះអាង​ថា គណបក្ស នរោត្ដម រណឫទ្ធិ គណបក្ស សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស នៅតែ​បន្ត​រួមគ្នា​ទាមទារ​ឲ្យ​គ.ជ.ប.​ដោះស្រាយ​បណ្ដឹង​របស់​គណបក្ស​ទាំង​បី​ ឲ្យ​មាន​យុត្តិធម៌​ដែល​គេ​អាច​ទទួល​យក​បាន៕

ប្រភព ៖ វិទ្យុអាស៊ីសេរី

ហ៊ុន សែន ប៉ះ​សម្ដី​ជាមួយ​នឹង​ប្រធាន​គណបក្ស​ប្រឆាំង

វិទ្យុអាស៊ីសេរី

លោក ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប៉ះ​សម្ដី​ជាមួយ​នឹង​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី កាលពី​ព្រឹក​ថ្ងៃ​សុក្រ នៅ​គ្រា​ដែល​អ្នក​នយោបាយ​នានា​បាន​ដង្ហែ​ដំណើរ​ព្រះ​មហាវីរក្សត្រ សម្ដេច​ម៉ែ និង​ព្រះ​មហាក្សត្រ យាង​ទៅ​កាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ។

AFP Photo

លោក ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និយាយ​ជាមួយ​លោក សម រង្ស៊ី (ឆ្វេង) នៅ​មុខ​មន្ទីរ​រដ្ឋ​សភា ក្នុង​ទីក្រុង​ភ្នំពេញ នាថ្ងៃទី ២៨ កុម្ភៈ ២០០៦។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​លោក សម រង្ស៊ី នៅ​ចំពោះ​មុខ​មន្ត្រី​រដ្ឋាភិបាល មន្ត្រី​អង្គទូត និង​អ្នក​កាសែត ដែល​មាន​វត្តមាន​នៅ​ឯ​ព្រលាន​យន្តហោះ​ភ្នំពេញ​ថា លោក សម រង្ស៊ី នឹង​អាច​បាត់បង់​អាសនៈ​ក្នុង​រដ្ឋ​សភា បើសិន​ជា​គណបក្ស​សមរង្ស៊ី​មិន​ព្រម​ស្បថ​ចូល​កាន់​តំណែង​តំណាង​រាស្ត្រ​ ដើម្បី​បង្កើត​រដ្ឋ​សភា​ថ្មី​នោះ​ទេ ។

ការប៉ះ​សម្ដី​គ្នា​នេះ​បាន​ធ្វើ​ឡើង​នៅ​គ្រា​ដែល​ព្រះ​មហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហាវីរក្សត្រ នរោត្តម សីហនុ និង​សម្ដេច​ម៉ែ កំពុង​គង់​នៅ​លើ​ព្រះទីនាំង​យន្តហោះ​របស់​ចិន​ដែល​កំពុងតែ​ហោះ​ចេញ​ដំណើរ ហើយ​នៅ​គ្រា​ដែល​មេ​ដឹកនាំ​គណបក្ស​ទាំង​ពីរ​បាន​ជួប​គ្នា​ជា​លើក​ដំបូង​ជា​ សាធារណៈ​បន្ទាប់ពី​យុទ្ធនាការ​នៃ​ការបោះ​ឆ្នោត​មក ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា​កិច្ចប្រជុំ​ចូល​ស្បថ​នឹង​អាច​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២៤ សីហា​នេះ ហើយ​បើសិន​ជា​លោក សម រង្ស៊ី មិន​ព្រម​ចូលរួម​ទេ​នោះ​អាសនៈ​សភា​នឹង​បាន​ទៅ​អ្នក​ដទៃ ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ៖ «លោក​ឯង​មិន​ចូល​ស្បថ អស់​សុពលភាព កៅអី​គេ​យក​ទៅ​ចែក​ឲ្យ​អ្នក​ដទៃ»

ទោះ​ជា​យ៉ាង​ណា​លោក សម រង្ស៊ី មិន​ទាន់​បាន​សម្រេច​ចិត្ត​ថា​តើ​លោក​នឹង​ចូល​ឬ​មិន​ចូល​កិច្ច​ប្រជុំ​នោះ​ ទេ ប៉ុន្តែ​លោក​បញ្ជាក់​ថា​គណបក្ស​សមរង្ស៊ី​ក៏​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ជាង​២​ លាន​នាក់​ដែល​បោះ​ឆ្នោត​គាំទ្រ​លោក​ដែរ ។

លោក សម រង្ស៊ី បាន​ឲ្យ​ដឹង​ថា ៖ «យើង​មិន​ទាន់​ដល់​ស្ថានការណ៍​ហ្នឹង​ ទេ ។ យើង​នៅតែ​ទាមទារ​ឲ្យ​ផ្ដល់​យុត្តិធម៌​ជូន​ចំពោះ​ខ្មែរ​យើង​ដែល​បាន​បាត់បង់​ សិទ្ធិ​បោះ​ឆ្នោត​ដែល​ត្រូវ​គេ​បំបាត់​សិទ្ធិ​បោះ​ឆ្នោត»

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត លោក ទេព នីថា បាន​ឲ្យ​ដឹង​ថា​កិច្ច​ប្រជុំ​សភា​នោះ​អាច​នឹង​ធ្វើ​ឡើង បើសិន​ជា​គ្មាន​ការប្ដឹង​តវ៉ា​ទាក់ទង​នឹង​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការបោះ​ ឆ្នោត​ទេ​នោះ ។

លោក ទេព នីថា បាន​បញ្ជាក់​ថា ៖ «បើសិន​មាន​បណ្ដឹង​ទៅ​ក្រុមប្រឹក្សា​ ធម្មនុញ្ញ ក្រុមប្រឹក្សា​ធម្មនុញ្ញ​អាច​ដោះស្រាយ​ក្នុង​រយៈ​ពេល​ពី​១០​ទៅ​២០​ថ្ងៃ ។ អ៊ីចឹង​ទេ​វា​ទាក់ទង​នឹង​បណ្ដឹង​ទេ យើង​មិន​អាច​កំណត់​បាន​ច្បាស់លាស់​ទេ»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា​ព្រះ​មហាក្សត្រ​ខ្មែរ ព្រះ​បរមនាថ នរោត្តម សីហមុនី ទ្រង់​នឹង​យាង​ទៅ​ចូលរួម​ធ្វើ​ជា​អធិបតី​ក្នុង​កិច្ច​ប្រជុំ​បង្កើត​រដ្ឋសភា ​ថ្មី​នោះ ហើយ​ថា​គណបក្ស​សមរង្ស៊ី​មិន​អាច​រារាំង​កិច្ចប្រជុំ​ដើម្បី​បង្កើត​រដ្ឋសភា​ ថ្មី​នោះ​បាន​ទេ បើទោះបី​ជា​គណបក្ស​សមរង្ស៊ី​ធ្វើ​ពហិការ​ក៏​ដោយ ។

ក្រៅពី​នេះ​ដែរ​លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ស្ដី​បន្ទោស លោក សម រង្ស៊ី ចំពោះ​ពាក្យ​សម្ដី​ចោទ​ប្រកាន់​និង​ប្រមាថ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​ កម្ពុជា ថា​ជា​ចោរ​លួច​ជាតិ​នោះ ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា​លោក សម រង្ស៊ី គង់តែ​នឹង​រលាយ​ដោយសារ​តែ​ការប្រមាថ​ចំពោះ​មេ​ដឹកនាំ​គណបក្ស​ប្រជាជន​ កម្ពុជា​នោះ ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី

គណបក្ស​២​ខកចិត្ត​ចំពោះ​ការប្រែប្រួល​ជំហរ​របស់​មន្ត្រី​ហ៊្វុនស៊ិនប៉ិច

ការប្រែប្រួល ​ជំហរ​របស់​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ញ៉ាំង​ឲ្យ​គណបក្ស​ដែល​បាន​ ចូលរួម​គាំទ្រ​ប្រឆាំង​លទ្ធផល​នៃ​ការបោះ​ឆ្នោត​ខក​ចិត្ត ។

អគ្គលេខាធិការ​គណបក្ស​សិទ្ធិ​មនុស្ស លោក អ៊ូ ច័ន្ទរ័ត្ន បាន​មាន​ប្រសាសន៍​ថា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​គ្មាន​គោលជំហរ​ច្បាស់លាស់ ។

លោក អ៊ូ ច័ន្ទរ័ត្ន បាន​ឲ្យ​ដឹង​ថា ៖ «បើសិន​ជា​គាត់​មិន​បដិសេធ​វិញ​បាន​ន័យ​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច​នេះ​គ្មាន​ជំហរ​ច្បាស់លាស់​ក្នុង​រឿង​នយោបាយ​ទេ»

ចំពោះ​ការប្រែប្រួល​ជំហរ​នេះ​ដែរ មន្ត្រី​គណបក្ស​សមរង្ស៊ី លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា​នេះ​ជា​សិទ្ធិ​ក្នុង​ការជ្រើសរើស​របស់​គណបក្ស​ ហ៊្វុនស៊ិនប៉ិច ។

លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា ៖ «អា​ហ្នឹង​ជា​សិទ្ធិ​របស់​គេ​ ពីព្រោះ​តាម​ដែល​ខ្ញុំ​ដឹង​អ្នក​ដែល​ចូលរួម​ចុះ​ហត្ថលេខា​ទាំងអស់​នោះ គឺ​ធ្វើ​ដោយ​ស្ម័គ្រចិត្ត​អត់​មាន​អ្នក​ណា​បង្ខំ​ទេ ។ ហើយ​បើសិន​ជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​យល់​ថា ស្ថានភាព​ថ្មី​គាត់​មាន​យោបល់​ថ្មី​អា​ហ្នឹង​ជា​សិទ្ធិ​របស់​គាត់ ហើយ​សូម​បញ្ជាក់​ថា​អ្វី​ដែល​ជា​ការថ្លែងការណ៍​នេះ​គ្រាន់តែ​ជា​ការចូលរួម​ ផ្តល់​មតិ​ពាក់ព័ន្ធ​ទៅ​នឹង​លទ្ធផល​ការបោះ​ឆ្នោត​និង​ការងារ​បោះ​ឆ្នោត​ កន្លង​ទៅ​ប៉ុណ្ណោះ»

គណបក្ស នរោត្តម រណឫទ្ធិ នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ចំពោះ​ការប្រែប្រួល​ជំហរ​របស់​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នោះ​ឡើយ ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី

គណបក្ស​៣ ប្ដឹង គ.ជ.ប. ទៅ​ព្រះមហាក្សត្រ

គណបក្ស ​សម​រង្ស៊ី គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស នរោត្តម រណឫទ្ធិ បាន​សុំ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដោយ​ប្ដឹង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) ថា បាន​រំលោភ​សិទ្ធិ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​និង​ទាមទារ​ឲ្យ​មាន​ការ​បោះ​ ឆ្នោត​ឡើង​វិញ។

AFP Photo

មន្ត្រី ​រៀបចំ​ការបោះឆ្នោត​លើក​បង្ហាញ​សន្លឹក​ឆ្នោត ក្នុង​ពេល​រាប់​សន្លឹក​ឆ្នោត ក្នុង​ស្ថានីយ​បោះឆ្នោត​មួយ​កន្លែង​ក្នុង​ក្រុង​ភ្នំពេញ​នា​ថ្ងៃ​ទី ២៧ កក្កដា ២០០៨។

នៅក្នុង​លិខិត​មួយ​ច្បាប់ កាលពី​ថ្ងៃ​ទី​៣០ កក្កដា ឆ្នាំ​២០០៨ ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ ព្រះ​បរមនាថ នរោត្តម សីហមុនី គណបក្ស​ទាំង​បី​បាន​តវ៉ា​ថា មាន​ប្រជាពលរដ្ឋ​កម្ពុជា យ៉ាងតិច​មួយ​លាន​នាក់ ដែល​ត្រូវ ​គ.ជ.ប. បដិសេធ​មិន​ឲ្យ​បោះឆ្នោត ដោយសារ​តែ​បែប​បទ​ផ្សេង​ៗ​ជា​ល្បិច​កល​របស់​គេ។

គួរ​ជម្រាប​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ កក្កដា មាន​ប្រជាពលរដ្ឋ​ប្រមាណ ៤០០​នាក់ បាន​នាំ​គ្នា​ប្រមូល​ផ្ដុំ​គ្នា​នៅឯ​ទីស្នាក់ការ​គណបក្ស​សម​រង្ស៊ី នា​ទីក្រុង​ភ្នំពេញ តវ៉ា​ចំពោះ​ការ​ដែល​ពួកគាត់​និង​សមាជិក​ក្រុម​គ្រួសារ​របស់​ពួកគាត់ ត្រូវ​បាន​មន្ត្រី​រៀបចំ​ការបោះ​ឆ្នោត បដិសេធ​មិន​ឲ្យ​បោះ​ឆ្នោត ជ្រើសតាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៤​នេះ។

អាជ្ញាធរ​ក្រុង​ភ្នំពេញ បាន​ដាក់​ពង្រាយ​កម្លាំង​ប្រដាប់​អាវុធ​នៅ​ជុំវិញ​ទីស្នាក់ការ​គណបក្ស​សម​ រង្ស៊ី និង​នៅ​តាម​ដង​ផ្លូវ​នានា​ជិត​វិមាន​ឯករាជ្យ​នៅ​ខណៈ​ពេល​មាន​កិច្ច​ជួបជុំ​ គ្នា​នោះ។

ប្រជាពលរដ្ឋ​ទាំង​នោះ បាន​បង្ហាញ​ពី​ភាព​ប្រក្រតី​នានា​ទាក់ទង​នឹង​ការបោះ​ឆ្នោត ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​អាទិត្យ ២៧ កក្កដា​នោះ ហើយ​ទាមទារ​ឲ្យ​មាន​ការបោះ​ឆ្នោត​ឡើង​វិញ។

ទោះ​ជា​យ៉ាង​ណា អគ្គលេខាធិការ គ.ជ.ប. លោក ទេព នីថា ធ្លាប់​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា នឹង​មិន​មាន​ការបោះឆ្នោត​ឡើង​វិញ​នោះ​ទេ។

តាម​លទ្ធផល​បណ្ដោះ​អាសន្ន​ក្រៅ​ផ្លូវការ​នៃ​ការបោះឆ្នោត បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៩០​អាសនៈ គណបក្ស​សម​រង្ស៊ី ២៦​អាសនៈ គណបក្ស​សិទ្ធិ​មនុស្ស ៣​អាសនៈ គណបក្ស​នរោត្តម រណឫទ្ធិ ២​អាសនៈ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ២​អាសនៈ។

ក្រុម​អ្នក​សង្កេតការណ៍​សហភាព​អឺរ៉ុប បាន​ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​តែ​ប្រមាណ ៥០.០០០​នាក់​ប៉ុណ្ណោះ​ដែល​មិន​បាន​បោះឆ្នោត។

ទោះជា​យ៉ាង​ណា ក្រុម​អ្នក​សង្កេត​ការណ៍​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា ការបោះ​ឆ្នោត​អាណត្តិ​ទី​៤​នេះ មិន​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​អន្តរជាតិ​ឡើយ បើ​ទោះ​បី​ជា​ដំណើរការ​នៃ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​អំពើ​ហិង្សា ​ក៏​ដោយ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី

មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មួយចំនួន​នឹង​ត្រូវ​ដក​ចេញ​ពី​រដ្ឋាភិបាល

មន្ត្រី ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មាន​ការបែក​បាក់​គ្នា​ដោយ​មាន​មួយ​ក្រុម​ ទៅ​ចូលរួម​ជាមួយ​គណបក្ស​សមរង្ស៊ី​និង​គណបក្ស​ដទៃទៀត ថ្កោលទោស​លទ្ធផល​ការបោះ​ឆ្នោត​នោះ រដ្ឋាភិបាល​នឹង​មាន​ការដក​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មួយចំនួន​ចេញ​ពី​ រដ្ឋាភិបាល ។

RFA Photo

និមិត្តសញ្ញា​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣០ កក្កដា​នេះ ថា រដ្ឋាភិបាល​ដែល​មាន​គណបក្ស​ប្រជាជន​ជា​អ្នក​ដឹកនាំ​នឹង​ដក​មន្ត្រី​មួយចំនួន ​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​ស្និទ្ធ​ជាមួយ​លោក កែវ ពុទ្ធរស្មី ហើយ​រក្សា​ទុក​មន្ត្រី​មួយចំនួន​ដែល​ស្និទ្ធ​ជាមួយ​លោក ញឹក ប៊ុនឆៃ ។

លោក ខៀវ កាញារីទ្ធ បាន​ឲ្យ​ដឹង​ថា ៖ «គណបក្ស​ប្រជាជន​បាន​សម្រេច​យក​ ហ៊្វុនស៊ិចប៉ិច ព្រោះ​ហ៊្វុនស៊ិចប៉ិច​បែក​ជា​២ អ៊ីចឹង​យើង​យក​ហ៊្វុនស៊ិនប៉ិច​ដែល​ជា​របស់​លោក ញឹក ប៊ុនឆៃ គឺ​ជា​ដៃគូ​ក្នុង​រដ្ឋាភិបាល ។ ហើយ​ព្រឹកមិញ​ឯកឧត្ដម សុខ អាន បាន​ឲ្យ សេរីរ័ត្ន ចេញ​ពី​រដ្ឋាភិបាល​ហើយ ល្ងាច​នេះ​លោក កែវ ពុទ្ធរស្មី នឺង​ទៅ​ចេញ​ពី​រដ្ឋាភិបាល»

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សេរីរ័ត្ន អនុ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​មាន​ឈ្មោះ​ត្រូវ​ដក​ចេញ​នោះ​បាន​មាន​ បន្ទូល​ឲ្យ​ដឹង​ថា មក​ទល់​នឹង​រសៀល​ថ្ងៃ​ទី​៣០ កក្កដា​នេះ ព្រះអង្គ​នៅ​មិន​ទាន់​បាន​ទទួល​ដំណឹង​នោះ​ជា​ផ្លូវការ​នៅ​ឡើយ​ទេ ។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សេរីរ័ត្ន បាន​មាន​បន្ទូល​ថា ៖ «មិន​ទាន់​ ឮ​អី​ផ្ទាល់​ពី​សម្ដេច​នាយក​ផង គ្រាន់តែ​ឮ​ល្ហៀងៗ​អ៊ីចឹង ប៉ុន្តែ​មិន​ដែល​និយាយ​ផង មាន​តែ​ប៉ុណ្ណឹង ។ អត់​ទាន់​ធ្វើ​អត្ថាធិប្បាយ​អី​បាន​ទេ ចាំ​មើល​ដក​សិន​បាន​យើង​ធ្វើ​អត្ថាធិប្បាយ​បាន ពីព្រោះ​ហ៊្វុនស៊ិនប៉ិច​ដឹកនាំ​ដោយ​គណៈកម្មការ​អចិន្ត្រៃយ៍ ត្រូវតែ​គណៈកម្មការ​អចិន្ត្រៃយ៍​ចាត់​វិធានការ​របៀប​ម៉េច បាន​យើង​អាច​ចាត់ការ​រឿង​នយោបាយ​ត​ទៅ​អនាគត​យ៉ាង​ម៉េច»

កែវ និមល ៖ ប៉ុន្តែ​ឥឡូវ​ព្រះអង្គ​ទទួល​ស្គាល់​ថា មាន​ការបែកបាក់​ផ្ទៃ​ក្នុង​រវាង​ព្រះអង្គ និង​ឯកឧត្ដម កែវ ពុទ្ធរស្មី ជាមួយនិង លោក ញឹក ប៊ុនឆៃ ដែរ​ក្រាបទូល ?

ស៊ីសុវត្ថិ សេរីរ័ត្ន ៖ មិន​ទទួល​ស្គាល់​ទេ ។ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ជា​គណបក្ស​សេរី​ណាស់ មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ មនុស្ស​ម្នាក់ៗ​អាច​ចេញ​យោបល់​បាន ។

កាលពី​ថ្ងៃ​ទី​២៨ កក្កដា​កន្លង​មក​នេះ ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ សេរីរ័ត្ន តំណាង​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​សមរង្ស៊ី គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស នរោត្តម រណឫទ្ធិ អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​និង​ជាតិ កុំ​ទទួល​ស្គាល់​លទ្ធផល​ការបោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​២៧ កក្កដា​កន្លង​ទៅ ដោយ​បាន​ចាត់ទុក​ថា​ការបោះ​ឆ្នោត​នោះ​មាន​ការបន្លំ​និង​ការចាត់ចែង​ដោយ​ គណបក្ស​ប្រជាជន​កម្ពុជា​តាម​រយៈ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត ។

ប៉ុន្តែ​សេចក្តី​ថ្លែងការណ៍​នោះ​ត្រូវ​បាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មួយ​ ទៀត​ដែល​គេ​ជឿ​ថា​ជា​ក្រុម​របស់​លោក​អគ្គលេខាធិការ ញ៉ឹក ប៊ុនឆៃ នោះ បាន​បដិសេធ ។

កាលពី​ថ្ងៃ​ទី​២៩ កក្កដា​នេះ​ផងដែរ លោក កែវ ពុទ្ធរស្មី ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ក្នុង​នាម​ដើម​បណ្តឹង​បាន​សុំ​ដក​ពាក្យ​ប្ដឹង ​ចំពោះ​ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ពី​បទ​បាន​បំពាន​យក​ដី​កម្មសិទ្ធិ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​សុំ​ឲ្យ​តុលាការ​លើកលែង​ទោស​ចំពោះ​ព្រះអង្គ​ផងដែរ ។

ដោយសារ​ពាក្យ​បណ្តឹង​នេះ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់ទោស​ដាក់​ គុក​និង​ផាក​ពិន័យ​ប្រាក់​ព្រះអង្គ ហើយ​ព្រះអង្គ​ម្ចាស់ នរោត្ដម រណឫទ្ធិ បាន​គង់​និរទេស​ខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី​មិន​បាន​ចូលរួម​ការឃោសនា​បោះ​ ឆ្នោត​បាន​ទេ ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី

មេ​ដឹកនាំ​គណបក្ស​៤​រួមគ្នា​ច្រាន​ចោល​លទ្ធផល​ការបោះ​ឆ្នោត

មេដឹកនាំ​គណបក្ស​ចំនួន​៤​នៅ​ថ្ងៃ​នេះ​បាន​រួម​គ្នា​ធ្វើ​សេចក្តី​ប្រកាស​ ច្រានចោល លទ្ធផល​ការបោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី​៤ ដែល​ទើបតែ​បញ្ចប់​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ បើ​ទោះបី​ជា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​មិន​ទាន់​ប្រកាស​លទ្ធផល ​ឆ្នោត​ជា​ផ្លូវការ​ក៏​ដោយ​ក្តី ។

គណបក្ស​ទាំង​៤​នោះ គឺ​រួម​មាន​គណបក្ស​សម​រង្ស៊ី គណបក្ស​សិទ្ធិ​មនុស្ស គណបក្ស នរោត្តម រណឫទ្ធិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក៏​បាន​ថ្លែង​អំពាវនាវ​កុំ​ឲ្យ​សហគមន៍​អន្តរជាតិ​ទទួល​ស្គាល់​លទ្ធផល​ការបោះ ​ឆ្នោត​នោះ​ផងដែរ ។

ប្រធាន​គណបក្ស​សមរង្ស៊ី គឺ​លោក សម រង្ស៊ី ដែល​តំណាង​ឲ្យ​គណបក្ស​ទាំង​៤​នោះ​បាន​ថ្លែង​ថា លទ្ធផល​ការបោះ​ឆ្នោត​ដែល​គណបក្ស​ទាំង​៤​មិន​អាច​ទទួល​យក​បាន​នោះ គឺ​ដោយសារ​មាន​ពលរដ្ឋ​ជា​ច្រើន​ម៉ឺន​នាក់​បាន​តវ៉ា​អំពី​ការបាត់​ឈ្មោះ និង​ថា​មាន​អ្នក​បន្លំ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ។

ចំណែក​ឯ​មន្ត្រី​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​បាន​ថ្លែង​ តាមរយៈ​ប្រព័ន្ធ​សារព័ត៌មាន​រដ្ឋ និង​ប្រព័ន្ធ​សារព័ត៌មាន​ឯកជន​ជា​បន្តបន្ទាប់​សរសើរ​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​បាន​រៀបចំ​ការបោះ​ឆ្នោត​បាន​ល្អ​ ប្រសើរ​ជាង​អាណត្តិ​កន្លង​ទៅ ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី