សកម្មភាព​ផ្សេងៗ​របស់​ខ្មែរ​នៅ​បរទេស​ជុំវិញ​ជម្លោះ​ជាមួយ​ថៃ

ជនជាតិ ​ខ្មែរ​រស់នៅ​ប្រទេស​នានា​ក្នុង​ពិភពលោក​បាន​និង​កំពុង​រៀបចំ​ធ្វើ​សកម្មភាព ​ផ្សេងៗ​ដើម្បី​ទាមទារ​ឲ្យ​ទាហាន​ថៃ​ដែល​ឈ្លានពាន​ទឹក​ដី​ខ្មែរ​នៅ​តំបន់​ ប្រាសាទ​ព្រះវិហារ គោរព​បូរណភាព​ដែន​ដី​កម្ពុជា។

AFP Photo

ទាហាន ​ខ្មែរ​អង្គុយ​ជាមួយ​ទាហាន​ថៃ​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​វត្ត​មួយ នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ថៃ​ក្នុង​ខេត្ត​ព្រះវិហារ នា​ថ្ងៃ​ទី ១៧ កក្កដា ២០០៨ ។

ពលរដ្ឋ​ខ្មែរ​និង​ខ្មែរ​-អាមេរិកាំង​នៅ​រដ្ឋVirginia ក្រុង​វ៉ាស៊ីនតោន​និង​នៅ​រដ្ឋ​ម៉ារីឡែន មាន​គម្រោង​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​ថៃ លើ​វិថី​វិសខនស៊ិន សង្កាត់​ហ្ចចថាវន៍ ក្រុង​វ៉ាស៊ីនតោន នៅ​ថ្ងៃ​ច័ន្ទ ទី​១១ សីហា​នេះ ពី​ម៉ោង​១០​ព្រឹក​ដល់​ម៉ោង​២​រសៀល។

លោក ខិនណិត ឃិវ នៃ​សមាគម​អង្គរ សង្កត់​ធ្ងន់​ពី​គោលបំណង​របស់​បាតុកម្ម​សំខាន់​មួយ​ទៀត​គឺ​ការបញ្ចៀស​ការបង្ហូរ​ឈាម ៖ «ពួក ​ខ្ញុំ​ធ្វើ​ហ្នឹង ដើម្បី​បំណង​ជៀសវាង​សង្រ្គាម​ធំ ហើយ​ដើម្បី​ជៀសវាង​សង្គ្រាម​ធំ​ហ្នឹង គឺ​សូម​ឲ្យ​រដ្ឋាភិបាល​ថៃ​ដកទ័ព​ចេញ ហើយ​គិត​គ្នា​ដោយ​សន្តិវិធី ដោយ​Diplomatic (ការទូត) អ៊ីចឹង​ទៅ។ ហ្នឹង​ជា​រឿង​ធំ​បំផុត​ហើយ ពួក​ខ្ញុំ​នៅ​ Virginia, Maryland ទាំងអស់​គ្នា​ទៅ​ធ្វើ​[បាតុកម្ម]​ថ្ងៃ​ហ្នឹង គឺ​បំណង​ធំ​ដើម្បី​បញ្ចៀស​សង្គ្រាម​តែ​ម្ដង»

សមាគម​អង្គរ​ក៏​សូម​អញ្ជើញ​បងប្អូន​រួមជាតិ​ទៅ​ចូលរួម​បាតុកម្ម​នេះ​ឲ្យ​ បាន​កុះករ​ដើម្បី​បង្ហាញ​ឲ្យ​ថៃ​ឃើញ​ថា ខ្មែរ​មិន​ថា​នៅ​ទីណា ក៏​នៅតែ​ជា​ខ្មែរ មាន​ឈាម​ជ័រ​និង​តពូជ​អំបូរ​ពី​ខ្មែរ​អង្គរ។

ខណៈនេះ នៅ​លើ​ប្រព័ន្ធ​អ៊ិនថឹណិត ក្នុង​វ៉ឹបសៃថ៍ ឈ្មោះ www.petitiononline.com មាន​ញត្តិ​ប្រភេទ​អសន្យាណូ​មួយ​របស់​ខ្មែរ​ដែល​រស់នៅ​ក្រៅ​ប្រទេស ប្តឹង​ទៅ​អង្គការ​សហប្រជាជាតិ (អ.ស.ប.) និង​សហរដ្ឋ​អាមេរិក (ស.រ.អា.) អំពី​ការ​ដែល​រដ្ឋាភិបាល​ថៃ​បាន​ប្រើ​កងកម្លាំង​យោធា​ចូល​រំលោភ​ឈ្លាន​ពាន​ អធិបតេយ្យ​ខ្មែរ។

ញត្តិ​ទាមទារ​ឲ្យ​ថៃ​ដក​ទ័ព​ចេញ​ជា​បន្ទាន់ គោរព​សាលដីកា​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ ឆ្នាំ​១៩៦២ ប្រគល់​មក​ឲ្យ​ខ្មែរ​វិញ​នូវ​ថ្ម​ចម្លាក់​និង​វត្ថុ​បូរាណ​ផ្សេងៗ​ដែល​ថៃ​ លួច​យក​ជា​ម្ចាស់​យូរ​ឆ្នាំ​មក​ហើយ និង​សុំ​ឲ្យ​ទាំង​អ.ស.ប. ទាំង​ស.រ.អា. ធ្វើ​អន្តរាគមន៍​ជា​បន្ទាន់​ដើម្បី​ដោះស្រាយ​បញ្ហា​រវាង​ខ្មែរ​និង​ថៃ​នេះ។

លោក ស៊ិដនីយ លៀង ម្ចាស់​វិទ្យុ​សំឡេង​កុលបុត្រ​ខ្មែរ​និង​ជា​មន្ត្រី​នៃ​មជ្ឈមណ្ឌល​សុខភាព​ សហគមន៍​ក្រុង​ឡូវែល រដ្ឋ​ម៉ាស្សា​ឈូសិត្ស ដែល​ជា​អ្នក​សរសេរ​ញត្តិ ៨​-ខ ដាក់​បញ្ចូល​ប្រព័ន្ធ​អ៊ិនថឹណិត​ឲ្យ​ខ្មែរ​នៅ​ទូទាំង​ពិភពលោក​នាំ​គ្នា​ចុះ​ ហត្ថលេខា មាន​ប្រសាសន៍​ថា មក​ទល់​ពេល​នេះ​មាន​អ្នក​ចុះ​ហត្ថលេខា​ទាំង​លើ​អ៊ិនថឹណិត ទាំង​លើ​ក្រដាស​ជាង ២​ពាន់​នាក់​ហើយ។

លោក​ក៏​ឲ្យ​ដឹង​ផង​ដែរ​ថា បង​ប្អូន​រួមជាតិ​ដែល​រស់នៅ​ប្រទេស​បារាំង ក៏​បាន​សុំ​បកប្រែ​ញត្តិ​ជា​ភាសា​បារាំង​និង​នៅ​ប្រទេស​ហ្វាំងឡង់​ក៏​សុំ​ បកប្រែ​ដែរ​ដើម្បី​ឲ្យ​ខ្មែរ​នៅ​អឺរ៉ុប​បាន​ចូលរួម​ចុះ​ហត្ថលេខា​ផង។

ក្រៅពី​នេះ លោក ស៊ិដនីយ ក៏​ឲ្យ​ដឹង​ថា បងប្អូន​ខ្មែរ​នៅ​ឡូវែល បាន​នាំគ្នា​រៃ​អង្គាស​ប្រាក់​បាន​មួយ​ចំនួន សម្រាប់​ផ្ញើ​ទៅ​ប្រគេន​ព្រះសង្ឃ​និង​ជួយ​ពលរដ្ឋ​នៅ​តំបន់​ព្រះវិហារ និង​យោធា​ជួរ​មុខ ទាំង​នៅ​ប្រាសាទ​ព្រះវិហារ ទាំង​នៅ​ប្រាសាទ​តាមាន់ធំ​លើ​ខ្នង​ភ្នំ​ដង​រែក ៖ «យើង​រៃ ឥឡូវ​បាន​លុយ​ពីរ​បី​រយ​ដែរ ហើយ​នៅ​ពេល​រៃ​លុយ​បាន​គ្រប់គ្រាន់ នឹង​ផ្ញើ​ទៅ»

ខាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏​មាន​ការអំពាវនាវ​ស្វែងរក​ថវិកា​ដើម្បី​ផ្ញើ​មក​ជួយ​ជន​រួមឈាម​ខ្មែរ​នៅ​កម្ពុជា​ផង​ដែរ។

លោក​ប្រធាន​សហព័ន្ធ ថាច់ ង៉ុកថាច់ មាន​ប្រសាសន៍​ថា មក​ទល់​នឹង​ពេល​នេះ លោក​នៅ​មិន​ទាន់​ជ្រាប​ច្បាស់​នៅ​ឡើយ​ទេ​ថា ប្រមែប្រមូល​បាន​បច្ច័យ​ប៉ុន្មាន​ហើយ សម្រាប់​ជួយ​ឧបត្ថម្ភ​ព្រះសង្ឃ​និង​គ្រហស្ត​នៅ​វត្ត​កែវ​សិក្ខា​គិរីស្វារៈ ដែល​បាន​ត្រូវ​ថៃ​កាន់កាប់​នោះ តែ​លោក​កត់​សម្គាល់​ថា នៅ​ខាង​ថៃ ខ្មែរ​បាត់​វត្ត​តែ​មួយ តែ​នៅ​ខាង​យៀកណាម ខ្មែរ​បាត់​វត្ត​ដល់​ទៅ​៥០០។

លោក ថាច់ ង៉ុកថាច់ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ខ្ញុំ​ចង់​រំឭក​ថា រឿង​វត្ត​ប្រាសាទ​ក្ដី រឿង​ប្រាសាទ​ព្រះវិហារ​ក្ដី គឺ​ថា វា​ជា​របស់​ខ្មែរ​ទូទៅ មិន​ថា​តែ​ក្រោម​ទេ។ រឿង​ធំ​មួយ​ទៀត ក៏​ចង់​រំឭក​ឲ្យ​បង​ប្អូន​ខ្មែរ​យើង​ថា ការប្រអូស​ប្រទាញ​រឿង​វត្ត​ប្រាសាទ​ហ្នឹង វា​ចាំបាច់​ចំពោះ​ខ្មែរ ប៉ុន្តែ​សូម​ឲ្យ​បងប្អូន​ខ្មែរ និង​ខ្មែរ​ក្រោម កុំ​ភ្លេច​ថា មាន​វត្ត​ជាង ៥០០​វត្ត​ទៀត ដែល​កំពុង​តែ​បាត់បង់​រាល់​ថ្ងៃ។ ដូច្នេះ​ហើយ ត្រូវ​តែ​រំឭក​រឿង​ហ្នឹង។ ការបាត់បង់​ទៅ​សៀម​ក្ដី ទៅ​យួន​ក្ដី គឺ​ជា​ភារកិច្ច​របស់​ខ្មែរ​ទាំងអស់ ត្រូវ​តែ​រំឭក​គ្នា ទាមទារ​តែ​វត្ត​បា្រសាទ​មួយ ប៉ុន្តែ​យើង​បាត់​ព្រះវិហារ​ដល់​ទៅ​ជាង ៥០០»

នាយក​រដ្ឋមន្ត្រី​ព្រមាន​ជុំវិញ​ជម្លោះ​ព្រំដែន​រវាង​ខ្មែរ​និង​ថៃ

លោក ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​កាលពី​ថ្ងៃ​ពុធ ទី​៦ សីហា​នេះ ថា ប្រសិនបើ​ការប្រឈម​មុខ​រវាង​ទាហាន​ខ្មែរ​និង​ថៃ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ​ក្លាយ​ទៅ​ជា​ការផ្ទុះ​អាវុធ​ច្បាំង​គ្នា​ទៅ​វិញ​ទៅ​មក​នោះ សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​នឹង​រង​ការលំបាក​ជា​មិន​ខាន ។

AFP Photo

នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន ។

លោក ហ៊ុន សែន មាន​ប្រសាសន៍​បន្ត​ថា​ជំហរ​រាជ​រដ្ឋាភិបាល​ខ្មែរ​នៅតែ​ចង់​ឲ្យ​មាន​ ការដោះស្រាយ​ជម្លោះ​ព្រំដែន​ខ្មែរ​-​ថៃ​ដោយ​សន្តិវិធី ហើយ​ថា​ប្រទេស​ទាំង​ពីរ​ត្រូវ​ពង្រឹង​ពង្រីក​មិត្តភាព​និង​សហ​ប្រតិបត្តិការ ​បន្ថែម​ទៀត ។

នៅ​ទន្ទឹម​នេះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ថ្លែង​រិះគន់​ចំពោះ​ខិត្តប័ណ្ណ​ដែល​បាន​ចែកចាយ​កាលពី​ពេល​ថ្មីៗ​នេះ អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ឈប់​នាំ​ទំនិញ​ថៃ​ចូល​មក​កម្ពុជា​និង​ ឈប់​ទិញ​ទំនិញ​ទាំង​នោះ​យក​មក​ប្រើប្រាស់ ដើម្បី​ជា​ការឆ្លើយតប​ទៅ​នឹង​សកម្មភាព​ឈ្លានពាន​របស់​ទាហាន​ថៃ រំលោភ​ចូល​បូរណភាព​ទឹក​ដី​កម្ពុជា​នៅ​វត្ត​កែវសិក្ខា​គិរីស្វារៈ ហៅ​វត្ត​ប្រាសាទ​ព្រះវិហារ និង​នៅ​ប្រាសាទ​តាមាន់​ធំ​ក្នុង​ខេត្ត​ឧត្តរមានជ័យ ។

លោក​ថា​គ្រាន់តែ​បញ្ហា​ជម្លោះ​ព្រំដែន​គេ​មិន​គួរ​ធ្វើ​ឲ្យ​ប្រទេស​ទាំង​ ពីរ​ក្លាយ​ទៅ​ជា​សត្រូវ​ជាមួយ​គ្នា​ នៅ​រាល់​គ្រប់​បញ្ហា​ទាំងអស់​នោះ​ទេ ៕

នាយក​រដ្ឋមន្ត្រី​ថៃ​និយាយ​ប្រាប់​ប្រធានាធិបតី​អាមេរិក​ពី​បញ្ហា​ជម្លោះ​ជាមួយ​ខ្មែរ

នាយក ​រដ្ឋមន្រ្តី​ថៃ លោក សាម៉ាក់ ស៊ុនថរ៉ាវ៉េទ កាលពី​រាត្រី​ថ្ងៃ​ពុធ​នេះ បាន​ថ្លែង​សេចក្ដី​អំណរ​អរគុណ​ដល់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចច្ច ដាប់ប៊ែលយូប៊ូស្ហ ចំពោះ​ការយល់ដឹង​របស់​លោក​ជុំវិញ​ដំណោះស្រាយ​បញ្ហា​ជម្លោះ​តំបន់​ប្រាសាទ​ ព្រះវិហារ​រវាង​ប្រទេស​ថៃ​និង​កម្ពុជា ។

លោក សាម៉ាក់ បាន​ថ្លែង​ថា​យើង​សូម​អរគុណ​ចំពោះ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដែល​បាន​យល់ ​ដឹង​អំពី​បញ្ហា​ប្រាសាទ​ព្រះវិហារ ។ លោក សាម៉ាក់ ថ្លែង​ដូច្នេះ​នៅ​ក្នុង​ឱកាស​ដែល​លោក​បាន​ទទួល​ជួប​ពិភាក្សា និង​ពិសារ​ភោជនាហារ​រួម​គ្នា​មួយ​ជាមួយ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចច្ច ដាប់ប៊ែលយូប៊ូស្ហ នៅ​វិមាន​រដ្ឋាភិបាល​ថៃ​នៅ​ក្នុង​ក្រុង​បាងកក កាលពី​វេលា​យប់​ម៉ោង ៧ ថ្ងៃ​ពុធ​នេះ ។

គេ​ពុំ​បាន​ឮ​ដោយ​ផ្ទាល់​ថា​លោក​ប្រធានាធិបតី ប៊ូស្ហ បាន​មាន​ប្រសាសន៍​អំពី​បញ្ហា​ប្រាសាទ​ព្រះវិហារ​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី ​ថៃ​នោះ​ទេ ក៏ប៉ុន្តែ​គេ​អាច​សន្និដ្ឋាន​ថា​នៅ​អំឡុង​នៃ​កិច្ច​ពិភាក្សា​នោះ ទំនង​ជា​លោក សាម៉ាក់ បាន​លើក​យក​បញ្ហា​ជម្លោះ​តំបន់​ប្រាសាទ​ព្រះវិហារ​រវាង​កម្ពុជា​និង​ថៃ​ ជម្រាប​ជូន​លោក​ប្រធានាធិបតី ប៊ូស្ហ ។

ការថ្លែង​របស់​លោក សាម៉ាក់ បាន​ថ្លែង​ថា​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​លោក​នាយក​រដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន សែន បាន​ថ្លែង​អំពី​គម្រោងការ​បញ្ជូន​រដ្ឋមន្រ្តី​ការ​បរទេស​របស់​កម្ពុជា គឺ​លោក ហោ ណាំហុង ឲ្យ​ទៅ​ជួប​ចរចា​ជាមួយ​រដ្ឋមន្រ្តី​ការ​បរទេស​ថៃ លោក តឹក ប៊ុនណាត នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ ២០០៨ នេះ ដើម្បី​ពិភាក្សា​អំពី​ការដក​កងទ័ព​និង​នៅ​ចំ​ពេល​ដែល​មាន​របាយការណ៍​ពី​ ជាយដែន​ថៃ​ខ្មែរ​មក​ថា ទាហាន​ជួរ​មុខ​របស់​ថៃ​ពី​អង្គភាព​លេខ​២៦០៦ នៃ​យោធភូមិភាគ​ទី​ពីរ និង​កង​ទាហាន​ជួរ​មុខ​របស់​កម្ពុជា ចំណុះ​ឲ្យ​យោធភូមិភាគ​ទី​៤ បាន​ត្រូវ​ដាក់​ពង្រាយ​ឲ្យ​យាម​ល្បាត​ការពារ​ខ្សែ​ក្រវ៉ាត់​ព្រំដែន​រួម​ គ្នា ចាប់​ពី​បង្គោល​ឡាក់​ទី​២២ ក្នុង​ខេត្ត​សុរិន្ទ​របស់​ថៃ និង​ខេត្ត​ឧត្ដរមានជ័យ​របស់​កម្ពុជា រហូត​ដល់​ទិស​ខាង​កើត​ចម្ងាយ​៤​គីឡូម៉ែត្រ​រៀងៗ​ខ្លួន ដោយ​រង់ចាំ​ដំណោះស្រាយ​ភាព​តានតឹង​នៃ​ជម្លោះ​ព្រំដែន ខណៈ​មេបញ្ជាការ​យោធា​ជាន់ខ្ពស់ និង​ក្រុម​កិច្ចការ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ជុំវិញ​ជម្លោះ​តំបន់​ព្រំដែន​ប្រាសាទ​តាមាន់ និង​ប្រាសាទ​ព្រះវិហារ ។

លោក​ប្រធានាធិបតី ចច្ច ដាប់ប៊ែលយូប៊ូស្ហ ដែល​បាន​មក​ដល់​ប្រទេស​ថៃ​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​លោក​គ្រោង​នឹង​ថ្លែង​សុន្ទរកថា​មួយ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​សីហា​នេះ អំពី​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ទៅ​លើ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៅ​ព្រះរាជ​ដំណាក់​ម្ចាស់ក្សត្រី  ស៊ីរកៀត ចំណែក​ឯ​ភរិយា​របស់​លោក​គឺ​អ្នកស្រី ឡូរ៉ា ប៊ូស្ហ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ជំរំ​ជន​ភៀស​ខ្លួន​ភូមា​ដែល​ស្ថិត​នៅ​តំបន់​ព្រំដែន ​ថៃ​ភូមា ៕

កម្ពុជា​នឹង​យក​បញ្ហា​ជម្លោះ​ព្រំដែន​ដាក់​ជូន​អ.ស.ប.​បើ​ថៃ​នៅតែ​បន្ត​ឈ្លានពាន

មន្ត្រី ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ បាន​ថ្លែង​ថា​កម្ពុជា​នឹង​បន្ត​ព្យាយាម​ធ្វើ​កិច្ចការ​ចរចា​ទ្វេ​ភាគី​រវាង​ ខ្មែរ​និង​ថៃ​ឲ្យ​ដល់​កម្រិត​ចុងក្រោយ ប៉ុន្តែ​ព្រមាន​ថា​នឹង​យក​បញ្ហា​ដាក់​ជូន​ទៅ​អង្គការ​សហ​ប្រជាជាតិ (អ.ស.ប.) និង​ទៅ​កាន់​តុលាការ​អន្តរជាតិ បើសិន​ជា​ថៃ​នៅតែ​បន្ត​ការឈ្លានពាន​ដល់​អធិបតេយ្យភាព​ជាតិ​ខ្មែរ ។

AFP Photo

ទាហាន​ខ្មែរ​ដើរ​នៅ​ក្នុង​បរិវេណ​ប្រាសាទ​ព្រះវិហារ នៅ​លើ​ភ្នំ​ដងរែក នៃ​ខេត្ត​ព្រះវិហារ នា​ថ្ងៃ​២១ កក្កដា ២០០៨ ។

លោក ខៀវ កាញារីទ្ធ បាន​ឲ្យ​ដឹង​ថា ៖ «យើង​គ្រាន់តែ​កំណត់​ថា​បើសិន​ជា ​នៅ​បញ្ហា​អ៊ីចឹង ប្រាកដ​ជា​ចៀស​មិន​រួច​ទេ​បញ្ហា​អន្តរជាតិ​នោះ ពីព្រោះ​បញ្ហា​ព្រំដែន​មាន​តែ ២​គត់ បើគាត់​មិន​ពិភាក្សា​ផ្អែក​លើ​ការអង្គុយ​តុ​ជាមួយ​គ្នា​ទេ យើង​អាច​លើក​បញ្ហា​ទៅ​តុលាការ​អន្តរជាតិ ។ តុលាការ​អន្តរជាតិ​វា​ត្រូវការ​ទាមទារ​ពេលវេលា​យូរ​បន្តិច​ហើយ ប៉ុន្តែ​បើ​ទៅ UN វា​អាច​ធ្វើ​បាន ប៉ុន្តែ​យើង​ចង់​ដោះស្រាយ​ឲ្យ​អស់​បញ្ហា​ហ្នឹង​សិន»

សេចក្តី​ព្រមាន​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​សេចក្តី​រាយការណ៍​យោធា​មក​ថា ទាហាន​ថៃ​នៅតែ​បន្ត​ការបញ្ជូន​កម្លាំង​ទាហាន​ចូល​មក​កាន់កាប់​ក្នុង​តំបន់​ តាម​ព្រំប្រទល់​ខ្មែរ បើទោះបី​ជា​មាន​ការចរចា​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​ទាំង​ ២ នា​ពេល​ថ្មីៗ​កន្លង​មក​នេះ​ក៏ដោយ ។

សេចក្តី​ព្រមាន​នេះ​ដែរ​គឺ​នៅ​បន្ទាប់ពី​មាន​សេចក្តី​រាយការណ៍​ចុងក្រោយ​ មួយ​ដែល​និយាយ​ថា មាន​កម្លាំង​ទាហាន​ថៃ​ប្រមាណ​៧០​នាក់​បាន​ប៉ុនប៉ង​ចូល​មក​កាន់កាប់​ប្រាសាទ​ ខ្មែរ​បូរាណ​មួយ​ឈ្មោះ ប្រាសាទ​តាមាន់ធំ ស្ថិត​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ ។

មន្ត្រី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​ថ្លែង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ថៃ​ត្រូវតែ​គោរព​អធិបតេយ្យភាព​ជាតិ​ខ្មែរ​និង​ត្រូវ​ដោះស្រាយ​តាម​មធ្យោបាយ​ អហិង្សា​ការទូត ។

លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា ៖ «យើង​សង្ឃឹម​ថា​ថៃ​នឹង​ចេះ​ ដោះស្រាយ​បញ្ហា​ក្នុង​លក្ខណៈ​ជា​ប្រទេស​មួយ​ដែល​មាន​ភាពចាស់ទុំ​ផ្នែក​ នយោបាយ ការបញ្ជូន​កម្លាំង​ទ័ព​មិនមែន​ជា​បញ្ហា​ដែល​យើង​ថា​ជា​ប្រទេស​ដែល​មាន​ អរិយធម៌​មួយ​កើត​ទេ ចៀស​វាង​ការភាន់ច្រឡំ​រវាង​អំពី​ទំនាស់​ព្រំដែន និង​ដំណោះស្រាយ​នៃ​ទំនាស់​ព្រំដែន ។ យើង​មាន​គណៈកម្មការ​ពីរ មួយ​ទំនាស់​នៅ​តាម​ព្រំដែន រឿង​កំប៉ិក​កំប៉ុក រឿង​អី​ហ្នឹង គឺ​គណៈកម្មការ​ទទួល​បន្ទុក​ព្រំដែន​ទូទៅ ប៉ុន្តែ​មួយ​ទៀត យើង​មាន​គណៈកម្មការ​ព្រំដែន​ចម្រុះ​នោះ បើ​ថៃ​ចង់​ជជែក​អំពី​បញ្ហា​ព្រំដែន ដី​នៅ​ខាង​ណាៗ​គេ​ត្រូវ​ជជែក​នៅ​តុ​កៅអី​ជាមួយ​នឹង​គណៈកម្មការ​ជំនាញ មិន​មែន​កងទ័ព​ធ្វើ​ទេ»

ពី​ក្រុង​បាងកក​ឯណោះ​វិញ​មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ថៃ លោក ថារិទ្ធ ចារុងវ៉ាត់ បាន​ថ្លែង​ថា​ពិត​ជា​មាន​ទាហាន​ថៃ​បាន​រាយ​កម្លាំង​ជុំវិញ​ប្រាសាទ​តាមាន់ធំ ​នោះ​មែន ប៉ុន្តែ​ក្នុង​បរិវេណ​ចម្ងាយ​៨០​ម៉ែត្រ​ពី​ប្រាសាទ​នោះ​តែ​ប៉ុណ្ណោះ ដើម្បី​រារាំង​មិន​ឲ្យ​ទាហាន​ខ្មែរ​ចូល​ទៅ​កាន់កាប់​នៅ​ឯ​តំបន់​នោះ ។

កម្ពុជា​និង​ថៃ​ចាប់ផ្តើម​ដាក់​ពង្រាយ​ទ័ព​ប្រឈមមុខ​រឿង​ជម្លោះ​តំបន់​ ប្រាសាទ​ព្រះវិហារ តាំងពី​ថ្ងៃ​ទី​១៥ កក្កដា បន្ទាប់ពី​ស្ថានភាព​ដែល​រាជ​រដ្ឋាភិបាល​ខ្មែរ​បាន​ដាក់​ប្រាសាទ​ព្រះវិហារ​ ចូល​ជា​បេតិកភណ្ឌ​ពិភពលោក ។

មន្ត្រី​ខ្មែរ​បាន​ឲ្យ​ដឹង​ថា​ថៃ​កំពុងតែ​យក​ផែនទី​ដែល​ប្រទេស​ថៃ​គូស​ជា ​ឯកតោ​ភាគី មក​សំអាង​ថា​ថៃ​បាន​បាត់បង់​ទឹក​ដី​ទំហំ ៤,៦​គីឡូម៉ែត្រ​ក្រឡា ដោយសារតែ​ការដាក់​ប្រាសាទ​បូរាណ​ព្រះវិហារ​ខ្មែរ​ចូល​ជា​សម្បត្តិ​ពិភពលោក ៕

ថៃ​បញ្ចុះបញ្ចូល​ប្រទេស​មហា​អំណាច​ឲ្យ​គាំទ្រ​ខ្លួន​លើ​ជម្លោះ​ជាមួយ​ខ្មែរ

ព័ត៌មាន ​ពី​ប្រទេស​ថៃ ឲ្យ​ដឹង​ថា ខាង​ថៃ​កំពុង​ព្យាយាម​ឡប់ប៊ី គឺ​បញ្ចុះបញ្ចូល​បណ្តា​ប្រទេស​មហា​អំណាច​ឲ្យ​គាំទ្រ​ជំហរ​របស់​ខ្លួន​លើ​ ជម្លោះ​តំបន់​ប្រាសាទ​ព្រះវិហារ។

ក្នុង​ឱកាស​ទទួល​បណ្តា​ឯកអគ្គរាជទូត រដ្ឋទូត និង​ឥស្សរជន​តំណាង​ប្រទេស​នានា ដែល​ចូលទៅ​សម្តែង​ការអបអរ​សាទរ​ការបាន​ទទួល​តំណែង​ថ្មី​របស់​លោក​នោះ រដ្ឋមន្រ្តី​ការបរទេស​ថៃ លោក ដេត ប៊ុនណាក នៅ​ដើម​ខែ​សីហា​នេះ បាន​ឆ្លៀត​អន្ទងចិត្ត​បណ្តា​ប្រទេស​ធំៗ​មួយ​ចំនួន ដើម្បី​ឲ្យ​គាំទ្រ​ថៃ ជុំវិញ​ការដោះស្រាយ​ជម្លោះ​តំបន់​ប្រាសាទ​ព្រះវិហារ។

ក្នុង​អ្នកមុខ​អ្នកការ​ទាំង​នេះ​រួមមាន លោក ហ៊ីដេអាគិ កូបាយ៉ាឈិ ឯក​អគ្គរាជទូត​ប្រទេស​ជប៉ុន លោក ឡូរ៉ង់ ប៊ីលី ឯកអគ្គរដ្ឋទូត​បារាំង លោក អេរិក ហ្ចន ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក ចាង ជាវហ៊ន ឯកអគ្គរដ្ឋទូត​ចិន​និង​លោក នីឡា កាន់តាន់ រ៉ាវី រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​ឥណ្ឌា​តំណាង​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ឥណ្ឌា។

អ្នកតំណាង​ប្រទេស​ជប៉ុន ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក ដែល​សុទ្ធតែ​ជា​ប្រទេស​មហា​អំណាច បាន​បង្ហាញ​ការគាំទ្រ​របស់​ខ្លួន​ចំពោះ​ដំណោះស្រាយ​ដោយ​សន្តិវិធី​លើ​ជម្លោះ ​រវាង​ប្រទេស​ថៃ​និង​កម្ពុជា តាម​កិច្ចចរចា​ទ្វេភាគី តាម​ការទាមទារ​របស់​ថៃ ដោយ​មិន​ចាំបាច់​មាន​អន្តរាគមន៍​ពី​ប្រទេស​នានា​នៅក្នុង​តំបន់​និង​ពី​ អង្គការ​សហប្រជាជាតិ ឡើយ។

ជុំវិញ​ការដោះស្រាយ​ជម្លោះ​តំបន់​ប្រាសាទ​ព្រះវិហារ​នេះ លោក​រដ្ឋលេខាធិការ ជុច ភឿន មាន​ប្រសាសន៍​ថា ជា​លទ្ធផល​នៃ​ការជជែក​ពិភាក្សា​គ្នា​រវាង​ភាគី​ទាំង​ពីរ គឺ​រវាង​ខ្មែរ​និង​ថៃ​នោះ ឥឡូវ​នេះ​បាន​មក​ដល់​ដំណាក់កាល​មួយ​ថ្មី​គឺ​ការបង្កើត​ជា​ក្រុម​ការងារ ឬ Task Force  ចំនួន​៤ តាម​ស្មារតី​កិច្ចចរចា​ក្រុង​សៀមរាប។

លោក ជុច ភឿន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «Task force [ក្រុម​ការងារ] ៤​ហ្នឹង ទី​១ គឺ Task force សម្រាប់​ការដក​ទ័ព ទី​២ Task force សម្រាប់​ការបើក​ប្រាសាទ​ព្រះវិហារ​ឲ្យ​ភ្ញៀវ​ចូល​មើល​សាថ្មី ទី​៣ Task force សម្រាប់​ដក​ទ័ព​តាម​បណ្ដោយ​ព្រំដែន​ទាំងអស់ ហើយ Task force មួយ​ទៀត គឺ​រៀបចំ​ដោះ​មីន។  ដោះមីន​ហ្នឹង មិនមែន​ដោះ​មីន​ទូទៅ​ទេ គឺ​ដោះ​មីន​តាម​បណ្ដោយ​ព្រំដែន»

លោក​មាន​ប្រសាសន៍​ថា ថ្វី​បើ​តាំង​ពី​ថ្ងៃ​ប្រជុំ​គ្នា​មក​នោះ នៅ​មិនទាន់​ឃើញ​ការដក​ទ័ព​អ្វី​នៅ​ឡើយ​ទេ តែ​ស្ថានភាព​បាន​ស្រាល​ជាង​មុន​ពុំ​មាន​ការបាញ់​បោះ​គ្នា​ឡើយ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី

ទស្សនៈ​ខ្មែរ​នៅ​អូស្ត្រាលី​ជុំវិញ​បញ្ហា​ជម្លោះ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ

លោក ជា យូហ៊ន ដែល​ជា​ទីប្រឹក្សា​ក្រុង Greater Dandenong នៃ​រដ្ឋ Victoria ប្រទេស​អូស្ត្រាលី រយៈ​ពេល​៤​អាណត្តិ​មក​ហើយ និង​ជា​ជនជាតិ​អូស្រ្តាលី​ដើមកំណើត​អាស៊ី​ ដំបូង​គេ​បង្អស់​ដែល​មាន​តំណែង​ជា​ចៅហ្វាយ​ក្រុង​នៅ​ប្រទេស​អូស្ត្រាលី​នោះ មាន​ប្រសាសន៍ថា​ ការ​ដែល​សៀម​បញ្ជូន​កងទ័ព​មក​ពង្រាយ​តាម​ជាយដែន​ខ្មែរ គឺ​ជា​ការគំរាម​កំហែង​ដល់​កម្ពុជា​និង​ជា​ការរំលោភ​ពេញ​ទី​ទៅ​លើ​ការសម្រេច​ របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ។

RFA Photo/Uy Sophea

ទាហាន​ខ្មែរ​យាម​ល្បាត​ប្រាសាទ​ព្រះវិហារ​នៅ​ក្នុង​ខែត្រ​ព្រះវិហារ នា​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០០៨ ។

ចំពោះ​ការ​ដែល​ភាគី​ថៃ​អះអាង​ថា វត្តមាន​ទ័ព​របស់​ខ្លួន​ជា​ប្រតិកម្ម​ទៅ​នឹង​ការរំលោភ​ព្រំដែន​ដោយ​កម្ពុជា​ ​នោះ លោក​ទីប្រឹក្សាក្រុង ជា យូហ៊ន មាន​ប្រសាសន៍​ថា​យោង​តាម​គំនូស​ផែនទី​ដី​ទាំង​នោះ​ជា​របស់​ខ្មែរ ។

លោក ជា យូហ៊ន បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​មិន​ជឿ​ថា​ខ្មែរ​ហ៊ាន​ចូល​ទៅ​ យក​ដី​គេ​ទេ ពីព្រោះ​អី​ទី​១ គឺ​ដី​អស់​ហ្នឹង​បើ​យើង​មើល​ទៅ​តាម​គំនូស​ទាំងអស់​ហ្នឹង​ទៅ ជា​ពិសេស​បើ​យើង​មើល​តាម​ការកត់សម្គាល់​របស់​អង្គការ​ព្រំប្រទល់​ដែន​ហ្នឹង គឺ​ឃើញ​ថា​ដី​ទាំងអស់​ហ្នឹង​គឺ​នៅ​ក្នុង​របស់​ខ្មែរ​យើង»

ស្តីពី​ដំណោះស្រាយ​ជម្លោះ​ជាមួយ​សៀម​នេះ លោក​ចៅហ្វាយ​ក្រុង Greater Dandenong ដែល​ឋិត​នៅ​មិន​ឆ្ងាយ​ពី​រដ្ឋធានី Melbourne របស់​រដ្ឋ Victoria នោះ មាន​យោបល់​ថា​កម្ពុជា​គួរតែ​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ ។

លោក ជា យូហ៊ន បាន​បញ្ជាក់​ថា ៖ «បើ​រដ្ឋាភិបាល​ខ្មែរ ខ្ញុំ​ថា​បើ​យើង​យក​កម្លាំង​ទៅ​វ៉ៃ​ជាមួយ​សៀម​ហ្នឹង ច្បាស់​ជា​មិន​ឈ្នះ​គេ​ទេ ។ ដូច្នេះ​ការទាមទារ​ខាង​ផ្លូវ​នយោបាយ​គឺ​ជា​ការល្អ ជាពិសេស​គឺ​យើង​ត្រូវ​ហ៊ាន​ឡើង​ទៅ​តុលាការ​ម្ដង​ទៀត ។ មាន​តែ​តុលាការ​អន្តរជាតិ​ទេ​ដែល​គេ​ជា​អ្នក​អាច​សម្រេច​ថា ទឹក​ដី​ខ្មែរ​ត្រឹមណាៗ​ឲ្យ​វា​បាន​ច្បាស់លាស់ ។ គឺ​ថា​ព្រំប្រទល់​ខ្មែរ​ហ្នឹង​តាម​ធម្មតា​គឺ​វា​មាន​ផែនទី​មាន​អី​ ច្បាស់លាស់ តាំងតែពី​បារាំង​កាន់កាប់​ហ្នឹង​គឺ​គេ​មាន​ផែនទី​ផែន​អី​ច្បាស់លាស់​របស់​គេ ។ ដូច្នេះ​បើ​យើង​សំអាង​ទៅ​លើ​ច្បាប់​ទម្លាប់​ទៅ​វិញ ប្រហែល​ជា​មាន​ការប្រសើរ​ជាង»

លោក ជា យូហ៊ន បាន​គេច​ផុត​ពី​វាល​មរណៈ​សម័យ​ខ្មែរ​ក្រហម ប៉ុល ពត ហើយ​បាន​ធ្វើ​អន្តោប្រវេសន៍​ទៅ​ប្រទេស​អូស្រ្តាលី កាលពី​ឆ្នាំ​១៩៨២ ។ លោក​ធ្លាប់​ជា​ជន​ស្ម័គ្រចិត្ត​ជួយ​ខ្មែរ​ភៀស​ខ្លួន​និង​ជួយ​បំពេញ​កិច្ចការ ​សង្គម​នានា​ជាមួយ​សមាគម​ខ្មែរ​នៅ​រដ្ឋ Victoria ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី

ខ្មែរ​ក្រៅ​ប្រទេស​គាំទ្រ​សម្ដេចឪ​ក្នុង​ការដោះស្រាយ​ជម្លោះ​ទឹក​ដី​ជាមួយ​ថៃ

ក្នុង ​បញ្ហា​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង ជា​ពិសេស​បញ្ហា​ព្រះវិហារ​ជាមួយ​ថៃ​នេះ ខ្មែរ​ទាំង​ក្នុង​ទាំង​ក្រៅ​ប្រទេស​មួយចំនួន មាន​យោបល់​ថា​មាន​តែ​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ ព្រះ​មហាវីរក្សត្រ សម្តេច នរោត្តម សីហនុ ប៉ុណ្ណោះ ទើប​មាន​សក្តានុពល​អាច​ដោះស្រាយ​ជូន​ប្រទេស​ជាតិ​បាន ថ្វីបើ​ព្រះអង្គ​ទ្រង់​ជរាភាព​ណាស់​ទៅ​ហើយ​ក្តី ។

លោក ប្រាក់ សេរីវុឌ្ឍ អនុ​ប្រធាន​ទួល​បន្ទុក​ផ្នែក​កិច្ចការ​អន្តរជាតិ​របស់​សហព័ន្ធ​ខ្មែរ​ កម្ពុជា​ក្រោម ដែល​មាន​ទីស្នាក់ការ​នៅ​រដ្ឋ New Jersey សហរដ្ឋអាមេរិក (ស.រ.អា.) មាន​ប្រសាសន៍​ថា​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​នៅ​ពុំ​ទាន់​មាន​កម្លាំង​ ខ្លាំងក្លា​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ឡើយ ខុស​ពី​សម្តេច​ព្រះ​នរោត្តម សីហនុ ដែល​ប្រៀប​បាន​ទៅ​នឹង​ស្រា​ទំពាំង​បាយជូរ​កាន់តែ​ចាស់​កាន់តែ​ខ្លាំង ។

លោក ប្រាក់ សេរីវុឌ្ឍ បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​យល់​ថា​អ្នក​ដែល​ មាន​លទ្ធភាព​ចេញ​មុខ​តតាំង​រឿង​ហ្នឹង​តាម​ផ្លូវ​នយោបាយ​ការទូត​អន្តរជាតិ​ ហ្នឹង ។ ខ្ញុំ​យល់​ថា កម្លាំង​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែ​ម្នាក់​ឯង​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​ហ្នឹង​មិន​គ្រប់​កម្លាំង​ សម្រាប់​ទៅ​តវ៉ា​ជាមួយនឹង​អន្តរជាតិ​ទេ ។ ខ្ញុំ​និយាយ​នេះ​អត់​មាន​ការបង្អាប់​អី​ចំពោះ​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទេ ថា​ខ្ញុំ​គោរព​ក្នុង​នាម​គាត់​ជា​អ្នក​ដឹកនាំ​ខ្មែរ​បាន​បោះ​ឆ្នោត​ជាប់​ជា​ ផ្លូវការ ប៉ុន្តែ​ខ្ញុំ​ចង់​ឃើញ​កម្លាំង​មួយ​ទៀត​បន្ថែម​ពី​លើ​ដើម្បី​ឲ្យ​គ្រប់​ដៃគូ ដៃ​ឆ្វេង ដៃ​ស្ដាំ គឺ​ព្រះ​មហាវីរក្សត្រ ព្រះបាទ នរោត្ដម សីហនុ លោក​ថ្វីត្បិតតែ​មាន​ព្រះជន្មាយុ​ចាស់​ជរា​ហើយ​តាម​ផ្លូវ​កម្លាំង​កាយ​ សុខភាព ក៏ប៉ុន្តែ​តាម​ផ្លូវ​ជីវិត​នយោបាយ​របស់​លោក ជា​ពិសេស​គឺ​រឿង​ការទូត​អន្តរជាតិ លោក​ប្រៀប​បាន​នឹង​ស្រា​ដែល​គេ​ទុក​យូរ​ឆ្នាំ យូរ​ណាស់​កាន់តែ​ខ្លាំង​ណាស់ បាន​ន័យ​ថា​លោក​មាន​ទឹកមាត់​ប្រៃ​ក្នុង​ការតវ៉ា​រឿង​ប្រាសាទ​ព្រះវិហារ រឿង​បញ្ហា​ផ្សេងៗ​ទាក់ទង​នឹង​ព្រំដែន ព្រោះ​លោក​ជា​អ្នក​ដឹកនាំ​មួយ​ដែល​មាន​អាយុ​វែង​ជាង​គេ​នៅ​ក្នុង​ចំណោម​អ្នក ​ដឹកនាំ​ពិភពលោក ហើយ​បាន​តាម​ទាន់​ស្ថានការណ៍​ទាំង​ប៉ុន្មាន​ដែល​ទាក់ទង​នឹង​ប្រទេស​កម្ពុជា»

ថៃ​នាំ​មន្ត្រី​យោធា​អម​ស្ថានទូត​១១​ប្រទេស​មក​ពិនិត្យ​តំបន់​ជម្លោះ

មន្ត្រី ​យោធា​អម​ស្ថានទូត​មក​ពី​១១​ប្រទេស​ប្រចាំ​ទីក្រុង​បាងកក ត្រូវ​បាន​កង​ទាហាន​ថៃ​ដឹកនាំ​មក​ពិនិត្យ​ស្ថានភាព​ប្រឈមមុខ​ដាក់​គ្នា​ដោយ​ យោធា​រវាង​ថៃ​ខ្មែរ នៅ​តំបន់​ជម្លោះ​ខ្សែ​ត្រៀម​ទី​១​ក្នុង​ទឹក​ដី​ថៃ​នៃ​បរិវេណ​ប្រាសាទ​ ព្រះវិហារ កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៨ ខែ​កក្កដា វេលាម៉ោង​ប្រមាណ​១១:៣០​នាទី ។

RFA Photo/Uy Sophea

មន្ត្រី ​យោធា​អម​ស្ថានទូត​មក​ពី​១១​ប្រទេស​ពិនិត្យ​តំបន់​ជម្លោះ​រវាង​ខ្មែរ​និង​ថៃ ​នៅ​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ កាលពី​ថ្ងៃ​២៨ កក្កដា ២០០៨ ។

តាម​មន្ត្រី​យោធា​អម​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​ទីក្រុង​បាងកក​មួយ​រូប​ ដែល​បាន​មក​ពិនិត្យ​ស្ថានការណ៍​នៃ​ជម្លោះ​នោះ លោក​វរសេនីយ៍ឯក ហ្គ័រហាត បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​រូប​លោក​និង​មន្ត្រី​យោធា​អម​ស្ថានទូត​ចំនួន​ ១០​ប្រទេស​ផ្សេង​ទៀត បាន​មក​កាន់​តំបន់​ប្រឈម​មុខ​តានតឹង​ដាក់​គ្នា​រវាង​កង​ទាហាន​ខ្មែរ​ថៃ​នៃ​ ប្រាសាទ​ព្រះវិហារ​នេះ ដោយសារតែ​មាន​ការសំណូមពរ​យ៉ាង​ទទូច​ពី​ក្រុម​មន្ត្រី​យោធា​ថៃ ។

មន្ត្រី​ដដែល​បាន​មាន​ប្រសាសន៍​ទៀត​ថា នៅ​ពេល​ដែល​លោក​បាន​ពិនិត្យ​ឃើញ​ស្ថានភាព​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​អាវុធ​ រវាង​យោធា​ខ្មែរ​ថៃ​នោះ គួរតែ​ភាគី​ទាំង​ពីរ​អង្គុយ​នៅ​តុ​ចរចា​ដើម្បី​ស្វែងរក​សន្តិភាព ។

អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​បាន​ចូល​ទៅ​ជួប​ផ្ទាល់​ក្នុង​បន្ទាត់​ ព្រំដែន​កម្ពុជា​ថៃ មន្ត្រី​យោធា​អម​ស្ថានទូត​ទាំង​នោះ​មក​ពី​ប្រទេស​កាណាដា អាល្លឺម៉ង់ វៀតណាម សិង្ហបុរី លាវ ឥណ្ឌូណេស៊ី ឥណ្ឌា និង​មន្ត្រី​មួយចំនួន​ទៀត​ដែល​មិន​បាន​ជួប​ដោយសារតែ​មន្ត្រី​យោធា​ថៃ​ ប្រញាប់​ឲ្យ​វិល​ត្រឡប់ ហាក់​ដូច​ជា​មិន​ចង់​ឲ្យ​មាន​ការជួប​សម្ភាស​ជាមួយ​អ្នក​កាសែត​ខ្មែរ ។

អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា​វា​ជា​ការប្រសើរ​ដែល​មន្ត្រី​យោធា​ថៃ​បាន​នាំ​មន្ត្រី​ យោធា​អម​ស្ថានទូត​បរទេស​ទៅ​ពិនិត្យ​ស្ថានការណ៍​ជាក់ស្ដែង​ក្នុង​តំបន់​ប្រឈម ​មុខ​ដាក់​គ្នា​រវាង​កង​ទាហាន​ខ្មែរ​និង​ថៃ​នោះ ។

លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា ៖ «អត់​អី​ទេ ពីព្រោះ​ធម្មតា​អ្នក​ការទូត​មក​ផ្អែក​លើ​ច្បាប់»

ស្ថានភាព​ប្រឈម​មុខ​ដាក់​គ្នា​ដ៏​តានតឹង​នៃ​កង​ទាហាន​ខ្មែរ​ថៃ​នៅ​តំបន់​ ប្រាសាទ​ព្រះវិហារ​រហូត​មក​ដល់​ថ្ងៃ​ច័ន្ទ​នេះ មាន​រយៈពេល​១៣​ថ្ងៃ​ហើយ នៅតែ​មិន​ទាន់​ធូរស្រាល​ទេ ដោយ​កងទ័ព​ទាំង​សងខាង​បាន​ត្រឹមតែ​និយាយ​ថា គេ​នៅ​រង់ចាំ​ស្ដាប់​លទ្ធផល​ការចរចា​រវាង​មន្ត្រី​ការ​បរទេស​នៃ​ប្រទេស​ទាំង ​ពីរ​ដែល​កំពុង​ជួប​ប្រជុំ​គ្នា​នៅ​ឯ​ខែត្រ​សៀមរាប​ប៉ុណ្ណោះ ។

ទាហាន​ខ្មែរ​ម្នាក់​នៃ​កង​វរសេនា​តូច​៤១២ កំពុង​ត្រៀម​ប្រយុទ្ធ​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ​បាន​និយាយ​ថា គេ​បាន​ត្រៀម​លះបង់​ជីវិត​ជា​ស្រេច​សម្រាប់​ការពារ​ទឹក​ដី​ខ្មែរ​ប្រសិនបើ​ មាន​សង្គ្រាម​កើតឡើង ។

ទាហាន​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​គិត​រួច​ហើយ​ថា ខ្ញុំ​ចូល​ទាហាន​នេះ​ខ្ញុំ​ធ្វើ​ដើម្បី​ទឹក​ដី​សមរភូមិ ការពារ​ប្រទេស​ជាតិ ។ អត់​ញញើត​ទេ ផ្ញើ​ជីវិត​ក្នុង​សមរភូមិ​ហើយ»

ប៉ុន្តែ​ចំពោះ​ទាហាន​ថៃ​មួយ​រូប​បាន​និយាយ​ថា​គេ​មិន​ចង់​ធ្វើ​សង្គ្រាម​ ទេ បើសិន​ស្ថានការណ៍​ឲ្យ​ពួក​គេ​វិល​ត្រឡប់​គេ​នឹង​បាន​ជួប​ប្រពន្ធ​កូន​និង​ បាន​ទៅ​ធ្វើ​ស្រែ​ចម្ការ ។

ស្រប​ពេល​ជាមួយ​គ្នា​ដែល​កង​ទាហាន​ឈុត​ខ្មៅ​និង​កង​ទាហាន​ប៉ារ៉ា​ថៃ​ កំពុង​ចូល​លុកលុយ​ព្រំដែន​និង​វត្ត​ខ្មែរ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​នោះ នៅ​ឯ​ព្រំដែន​ខ្មែរ​ថៃ​តំបន់​ជាំស្រង៉ាំ ស្រុក​អន្លង់វែង ខែត្រ​ឧត្ដរមានជ័យ ឯណោះ​វិញ កង​ប៉ូលិស​ព្រំដែន​ខ្មែរ​បាន​រាយការណ៍​ថា ទាហាន​ឈុត​ខ្មៅ​និង​ទាហាន​ប៉ារ៉ា​របស់​ថៃ​ចំនួន​១៦​នាក់ ប្រដាប់​ដោយ​អាវុធ​បាន​ចូល​មក​ព្រំដែន​ខ្មែរ​ចម្ងាយ​ប្រមាណ​៧០​ម៉ែត្រ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ច័ន្ទ​នេះ ក៏ប៉ុន្តែ​ត្រូវ​កង​រក្សា​ព្រំដែន​ខ្មែរ​រុញ​ច្រាន​ត្រឡប់​ទៅ​វិញ​បន្ទាប់ពី ​មួយ​ម៉ោង​ក្រោយ​មក ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី