បាតុកម្ម​ប្រឆាំង​ការឈ្លានពាន​របស់​ថៃ​មក​លើ​ទឹក​ដី​ខ្មែរ ត្រូវ​បាន​បង្ក្រាប

មនុស្ស ​ពីរ​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ជា​បណ្ដោះ​អាសន្ន នៅ​ថ្ងៃ​អាទិត្យ ១៧ សីហា​នេះ ខណៈ​ដែល​អាជ្ញាធរ​ក្រុង​ភ្នំពេញ ធ្វើការ​បង្ក្រាប​រារាំង​ក្រុម​បាតុករ​ដែល​បម្រុង​ដើរ​ជា​ក្បួន​ប្រឆាំង​នឹង ​ការឈ្លានពាន​របស់​ថៃ មក​លើ​ទឹកដី​កម្ពុជា តាម​បណ្ដោយ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។


RFA Photo/Chea Makara
កម្លាំង ​នគរបាល​និង​បាតុករ​ប៉ះ​ទង្គិច​គ្នា នា​ថ្ងៃ​ទី​១៧ សីហា ២០០៨ ខណៈ​ដែល​កម្លាំង​នគរបាល​ព្យាយាម​រារាំង​មិន​ឲ្យ​បាតុករ​ធ្វើ​ការប្រមូល​ ផ្ដុំ​ដើម្បី​ដើរ​ហែ​ក្បួន​ប្រឆាំង​ការ​ឈ្លានពាន​របស់​ថៃ​មក​លើ​ទឹក​ដី​ ខ្មែរ។

បុគ្គលិក​សហជីព​សេរីកម្មករ​កម្ពុជា និង​អ្នក​បើកបរ​រថយន្ត​ដឹក​ទឹក​សម្រាប់​បាតុករ ត្រូវ​បាន​ឃាត់​ខ្លួន ហើយ​បញ្ជូន​ទៅ​សាលា​ខណ្ឌ​ដូនពេញ ហើយ​ក្រោយ​មក​ត្រូវ​បាន​ដោះលែង​វិញ នៅ​វេលា​ម៉ោង ៣​រសៀល បន្ទាប់​ពី​បាន​សរសេរ​កំណត់​ហេតុ​និង​ការចរចា​ជាមួយ​នឹង​មេដឹកនាំ​បាតុកម្ម។

ក្នុង​ការបង្ក្រាប​នោះ មាន​ការប្រទូសរ៉ាយ​គ្នា​មួយ​ឈុត​រវាង​ក្រុម​បាតុករ​និង​នគរបាល​បង្ក្រាប​ បាតុកម្ម​ដែល​មាន​កាន់​ខែល ដំបង​ឆក់ ហើយ​មេដឹកនាំ​ក្រុម​បាតុកម្ម គឺ​លោក រ៉ុង ឈុន បាន​ចោទ​ថា ក្រុម​នគរបាល​បាន​ប្រើ​ដំបង​ឆក់ ឆក់​រូប​លោក ត្រូវ​ដៃ​ខាង​ស្ដាំ។

បាតុកម្ម ដែល​ទទួល​បាន​បរាជ័យ​នោះ ដឹកនាំ​ដោយ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ ឯករាជ្យ និង​លោក ជា មុន្នី ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា ហើយ​បាន​គ្រោង​ថា នឹង​មាន​មនុស្ស​ប្រមាណ ៣០០​នាក់​ចូលរួម​ដង្ហែ​ក្បួន​ពី​រដ្ឋសភា​ចាស់ ដែល​បច្ចុប្បន្ន ជា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បណ្ដោះ​អាសន្ន ឆ្ពោះ​តាម​មហា​វិថី​នានា ទៅ​កាន់​ស្ថានទូត​ថៃ ហើយ​ធ្វើការ​ប្រគល់​ញត្តិ​ដល់​ស្ថានទូត​ទាមទារ​ឲ្យ​មាន​ការដក​កងទ័ព​ថៃ​ចេញ​ ពី​តំបន់​ប្រាសាទ​ព្រះវិហារ​ខ្មែរ។

លោក រ៉ុង ឈុន ចោទ​ថា អាជ្ញាធរ​បាន​រារាំង​អ្នក​ចូលរួម​ធ្វើ​បាតុកម្ម​គ្រប់​ផ្លូវ មិន​ឲ្យ​មក​ជួបជុំ​គ្នា​បាន ៖ «នៅតាម ​ដង​ផ្លូវ​ច្រក​ចូល​ឆ្ពោះ​មក​កន្លែង​បាតុកម្ម​យើង​នេះ ត្រូវ​បាន​ប៉ូលិស​រារាំង ហើយ​និង​មាន​ឃាត់​ខ្លួន​ដល់​បាតុករ អ្នក​ដែល​មាន​បំណង​មក​ចូលរួម»

បន្ទាប់ពី​មាន​ការរារាំង​នៅ​មុខ​រដ្ឋសភា​ចាស់ លោក រ៉ុង ឈុន និង​លោក ជា មុន្នី បាន​ប្ដូរ​គម្រោង​ធ្វើ​បាតុកម្ម ចេញ​ពី​អតីត​រដ្ឋសភា ដោយ​ចាប់​ផ្ដើម​ចេញ​ដំណើរ​ពី​ការិយាល័យ​សហជីព​សេរី​កម្មករ​នៃ​ ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​បឹងកេងកង​៣ ខណ្ឌ​ចម្ការមន​ឯណោះ​វិញ។ នៅ​ទីនោះ នគរបាល​និង​កងកម្លាំង​ប្រដាប់​អាវុធ បាន​បិទ​ផ្លូវ​ចេញ​ចូល​និង​បាន​រាំង​ខ្ទប់​ក្រុម​បាតុករ មិន​ឲ្យ​ចេញ​ពី​ការិយាល័យ​សហជីព​សេរី​កម្មករ​នោះ​បាន​ឡើយ។

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឧត្តមសេនីយ៍ ទូច ណារ៉ុថ ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​បាតុកម្ម​នោះ បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​មិន​អាច​អនុញ្ញាត​ឲ្យ​មាន​ការធ្វើ​បាតុកម្ម​នោះ​បាន​ឡើយ ដោយ​ថា គ្មាន​ច្បាប់​និង​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សង្គម។

លោក ទូច ណារ៉ុថ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «គាត់​ហែ​ហ្នឹង ថៃ​ដក​ចេញ​ឬ​អត់? អត់​ទេ។ ដូច្នេះ​ទុក​ឲ្យ​គេ​ដោះស្រាយ។ ការហែ​ក្បួន​របស់​គាត់​ហ្នឹង បាន​ត្រឹម​បង្ក​បញ្ហា ស្ទះ​ចរាចរណ៍​សណ្ដាប់​ធ្នាប់ ហើយ​អាច​ឈាន​ទៅ​មាន​បាតុភាព​ផ្សេង​ៗ​ទៀត»

លោក រ៉ុង ឈុន បាន​មាន​ប្រសាសន៍​ថា ការបង្ក្រាប​របស់​អាជ្ញាធរ គឺ​ជា​ការបំបិទ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ៖ «បាន​តែ​បង្រ្កាប​ខ្មែរ​គ្នា​ឯង ប៉ុន្តែ​ចំពោះ​ចោរ​សៀម​ឈ្លានពាន ជាមួយ​ប្រទេស​ជិត​ខាង ជាមួយ​បរទេស ទម្លាក់​កន្ទុយ​ខ្លាច​គេ»

គួរ​ជម្រាប​ថា ការធ្វើ​បាតុកម្ម​នេះ គឺ​បាន​កើត​ឡើង​មួយ​ថ្ងៃ នៅ​មុន​ការចរចា​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​-ថៃ​ដើម្បី​ ស្វែងរក​ដំណោះស្រាយ​ជម្លោះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ៕

មតិ​ពលរដ្ឋ​ខ្មែរ​ជុំវិញ​បញ្ហា​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ

មន្រ្តី ​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ជាំសាង៉ាំ​ភាគ​ឧត្តរ​នៃ​ប្រទេស​កម្ពុជា​ មាន​ប្រសាសន៍​ថា ថៃ​នៅតែ​មាន​គំនិត​ឈ្លានពាន​រំលោភ​មក​លើ​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា ។


RFA Photo/Chea Makara
នាយ ​ទាហាន​ខ្មែរ (រូប​ខាង​មុខ) ដើរ​នៅ​មុខ​ប្រាសាទ​តាមាន់ធំ ខណៈ​ដែល​ទាហាន​ថៃ​ឈរ​មើល​ពី​ក្នុង​របង​ដែល​បិទ​មិន​ឲ្យ​ទាហាន​ខ្មែរ​ចូល កាលពី​ថ្ងៃ​ទី​៨ សីហា ២០០៨។

មន្ត្រី​នគរបាល​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «គិត​ទៅ​គំនិត​ថៃ​គឺ​នៅ​ដដែល ដូច​ខ្មែរ​យើង​កាលពី​មុន​ថា គំនិត​ថៃ​ចោរ​គឺ​នៅតែ​ចោរ»

ការដាក់​ទ័ព​ឈ្លានពាន​របស់​កងទ័ព​ទាហាន​ឈុត​ខ្មៅ​របស់​ថៃ​បាន​កើត​មាន​ ឡើង​ក្រោយពី​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ ពិភពលោក កាលពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨ និង​ក្រោយពី​ប្រទេស​កម្ពុជា​បាន​បា្ររព្ធ​ពិធី​អបអរសាទរ​ពី​ភាព​ជោគជ័យ​ ក្នុង​ការដាក់​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​បេតិភណ្ឌ​ពិភពលោក ។

ប្រជាពលរដ្ឋ​កត់សម្គាល់​ថា​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ថៃ​បាន​ធ្វើ​សកម្មភាព​ចល័ត​ទ័ព រថពាស​ដែក និង​កាំភ្លើង​តូច​ធំ​គ្រប់​ប្រភេទ ហើយ​បាន​តម្រង់​ទិសដៅ​មក​ប្រទេស​កម្ពុជា ៖ «ថ្ងៃ​ហ្នឹង​ឃើញ​តែ​កាំភ្លើង​ធំ​ដឹក​ចូល​ពេល​យប់ ដល់​ពេល​កូន​ខ្ញុំ​ចូល​ទៅ​ទិញ​អីវ៉ាន់​ថៃ វា​ថា​ឃើញ​គេ​ដាក់»

រីឯ​លោក​វរសេនីយ៍​ឯក នាក់ វង្ស មេ​បញ្ជាការ​កងពល​៤២ បាន​មាន​ប្រសាសន៍​ថា​ទាហាន​ឈុត​ខ្មៅ​ថៃ​ជាង​៣០០​នាក់ កាលពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា បាន​ឈ្លានពាន​ចូល​ពង្រាយ​កម្លាំង​យ៉ាង​កំរោល​មក​ហួស​ប្រាសាទ​តាមាន់​ធំ​របស់ ​ខ្មែរ​លើ​ខ្នង​ភ្នំ​ដងរែក​ចម្ងាយ​៣០០​ម៉ែត្រ នៅ​ភាគ​ឧត្តរ​នៃ​ប្រទេស​កម្ពុជា ។

លោក​វរសេនីយ៍​ឯក នាក់ វង្ស បាន​មាន​ប្រសាសន៍​ថា ៖ «រឿង​នេះ​មែនទែន យើង​មាន​ការប្រយុទ្ធ​ដែរ មិនមែន​អត់​ប្រយុទ្ធ​ទេ តែ​យើង​ប្រយុទ្ធ​យ៉ាង​ម៉េច គឺ​យើង​ដាក់​កម្លាំង យើង​មក​ពី​ខាង​ក្រោយ​ដើម្បី​ធ្វើ​ឲ្យ​វា​ភ័យ​ដែរ នៅ​ថ្ងៃ​ហ្នឹង​យើង​យក​កម្លាំង​ដាក់ ដល់​ពេល​អ៊ីចឹង​វា​នៅ​ពី​មុខ​យើង វា​ត្រូវតែ​ដក ។ កម្លាំង​វា​មក​៣០០​នាក់​ជាង»

សុផល មុន្នី ៖ ហើយ​នៅ​ពេល​ហ្នឹង​តើ​យើង​អាច​ដាក់​កម្លាំង​យើង​ប៉ុន្មាន​នាក់​ដែរ ?

នាក់ វង្ស ៖ ខ្ញុំ​ឡើង​មក​២២០​នាក់ ។ ខ្ញុំ​ឡើង​មក​លើ​នេះ (ខ្នង​ភ្នំ​ដងរែក) តែ​៥០​នាក់​ទេ ។

យោង​តាម​ការអង្កេត​ជាក់ស្តែង​នៅ​លើ​ខ្នង​ភ្នំ​ដងរែក​ទាហាន​ឈុត​ខ្មៅ​ថៃ​ បាន​បន្សល់​ទុក​នូវ​ក្រណាត់​ពណ៌​លឿង និង​កំណាត់​ឈើ​ចង​ជាប់​តាម​ដើម​ឈើ​ក្រោយពី​ការដក​ចេញ​កាលពី​ថ្ងៃ​ទី​៥ សីហា ឆ្នាំ​២០០៨ ។

លោក​វរសេនីយ៍​ឯក នាក់ វង្ស មេ​បញ្ជាការ​កងពល​៤២​បាន​ថ្លែង​ថា មុន​ការដក​ចេញ​កងទ័ព​ភាគី​ទាំង​ពីរ​បាន​ប្រឈម​មុខ​ដាក់​គ្នា ប៉ុន្តែ​មិន​មាន​ការផ្ទុះ​អាវុធ​អ្វី​កើត​ឡើង​ដែរ ។

លោក​វរសេនីយ៍​ឯក នាក់ វង្ស បាន​បញ្ជាក់​ថា ៖ «យើង​មក​ដេញ​ឲ្យ​ទៅ​វិញ មិនមែន​ជា​រឿង​ធម្មតា​ទេ គឺ​មក​ដេញ​ឲ្យ​ទៅ​តែម្ដង យើង​មិន​ឲ្យ​នៅ»

សុផល មុន្នី ៖ យើង​ប្រាប់​គេ​ថា​ម៉េច​ខ្លះ​នៅ​ពេល​ហ្នឹង ?

នាក់ វង្ស ៖ យើង​ប្រាប់​គេ​ថា លោក​មក​នេះ​មក​ហួស​ខុស​ពី​ភាព​ធម្មតា បាន​ន័យ​ថា លោក​ចល័ត​និង​កិល​មក​មុខរំ​លោភ​ចូល​ដី​ខ្មែរ អ៊ីចឹង​លោក​ត្រូវតែ​ដក​ចេញ ។

ទោះ​ជា​ថៃ​បាន​ដក​ទ័ព​ចូល​បន្ទាយ​របស់​ខ្លួន​វិញ កាលពី​ថ្ងៃ​ទី​៥ សីហា ក៏ដោយ តែ​ទាហាន​ឈុត​ខ្មៅ​ថៃ​នៅតែ​កាន់កាប់​ប្រាសាទ​តាមាន់​ធំ​ដដែល ចំណែក​កងទ័ព​កម្ពុជា​ដែល​ឈរ​ជើង​ការពារ​នៅ​ទី​នោះ​ថៃ​មិន​អនុញ្ញាត​ឲ្យ​ចូល​ ទៅ​ក្នុង​បរិវេណ​ប្រាសាទ​តាមាន់​ធំ​នោះ​ឡើយ ។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី​៨ ខែ​៨ ឆ្នាំ​២០០៨ ទាហាន​ឈុត​ខ្មៅ​ថៃ​ជាង​១០​នាក់​បាន​ចេញ​មក​ពី​បន្ទាយ​របស់​ខ្លួន​ខាង​ក្រោយ ចូល​មក​ក្នុង​បរិវេណ​ប្រាសាទ​តាមាន់​ធំ ហាមឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​ទៅ​ខាង​ក្នុង​បរិវេណ​ប្រាសាទ ដើម្បី​ប្រារព្ធ​ពិធី​បួងសួង​តាម​បែប​ព្រហ្មញ្ញ​សាសនា​នៅ​ទី​នោះ​ទេ ។

លោក​វរសេនីយ៍​ឯក នាក់ វង្ស មេ​បញ្ជាការ​កងពល​៤២​បាន​ថ្លែង​ថា លោក​បាន​ស្នើសុំ​ទៅ​ភាគី​ថៃ​ដើម្បី​ឲ្យ​ពុទ្ធបរិស័ទ​ខ្មែរ​ដែល​ដឹកនាំ​ដោយ​ លោក មឿង សុន ប្រធាន​សមាគម​ទ្រទ្រង់​អរិយធម៌​ខ្មែរ ចូល​ទៅ​ធ្វើ​ពិធី​ក្នុង​ទី​ប្រាសាទ​នោះ ប៉ុន្តែ​ត្រូវ​បាន​ខាង​ភាគី​ថៃ​បដិសេធ​មិន​ឲ្យ​ចូល​ដោយ​និយាយ​ថា រង់ចាំ​បទបញ្ជា​ពី​មេ​បញ្ជាការ​ថៃ​ក្នុង​រយៈពេល​២​សប្តាហ៍​ទៀត ។

លោក​វរសេនីយ៍​ឯក នាក់ វង្ស បាន​ឲ្យ​ដឹង​ថា ៖ «យើង​បាន​សុំ​គេ​ហើយ យើង​បាន​ជម្រាប​គេ​មុន​ហើយ ក៏ប៉ុន្តែ​គេ​ឆ្លើយ​ថា​រង់ចាំ​បទបញ្ជា​ពី​ថ្នាក់លើ​គេ​ពីរ​សប្តាហ៍ ។ គេ​អត់​ថា​ម៉េច​ទេ គេ​ឲ្យ​រង់ចាំ​បទបញ្ជា​សិន»

លោកស្រី ព្រាប ស៊ីណូរ៉ា ដែល​បាន​ខំ​ប្រឹង​ធ្វើ​ដំណើរ​ឡើង​ទៅ​ដល់​ខ្នង​ភ្នំ​ដងរែក​នោះ បាន​សម្តែង​ការខក​ចិត្ត​យ៉ាង​ខ្លាំង​ដោយ​ជនជាតិ​ខ្មែរ​មិន​អាច​ចូល​ទៅ​កាន់​ ប្រាសាទ​តាមាន់​ធំ​របស់​ខ្មែរ​បាន ។

លោកស្រី​បាន​បន្ត​ថា​សៀម​មិន​គោរព​នូវ​អធិបតេយ្យភាព​របស់​ខ្មែរ មិន​គោរព​ច្បាប់​អន្តរជាតិ ហើយ​សៀម​មិន​គោរព​នូវ​កិច្ច​ព្រមព្រៀង​ក្នុង​នាម​ប្រទេស​ជា​អាស៊ាន​ទេ ។

លោកស្រី ព្រាប ស៊ីណូរ៉ា បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​សប្បាយ​រីករាយ​ ដែល​បាន​មក​ឃើញ​ប្រាសាទ​របស់​ខ្មែរ តែ​ខ្ញុំ​មាន​ការទោមនស្ស​យ៉ាង​ខ្លាំង​ដែល​ឃើញ​ប្រាសាទ​ខ្មែរ​ហើយ​ខ្មែរ​មិន​ អាច​ចូល​បាន ។ សៀម​ឈ្លានពាន​ខ្មែរ សៀម​អត់​គោរព​នូវ​ច្បាប់​អន្តរជាតិ ពួក​យើង​ស្ថិត​នៅ​ក្នុង​អាស៊ាន​ទាំងអស់​គ្នា គួរ​ណា​តែ​សៀម​គោរព​ច្បាប់​របស់​អាស៊ាន​ផង»

លោក សាយ វណ្ណារ៉េត មេ​បញ្ជាការ​កង​៥០៣ ការពារ​ព្រំដែន​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា បាន​ដាក់​ការសង្ស័យ​ថា​ថៃ​បាន​ប្រើ​យុទ្ធវិធី​កងទ័ព គ្រឿង​សព្វាវុធ ចល័ត​នៅ​តាម​ព្រំដែន​ជា​បន្ត​បន្ទាប់​នោះ ទំនង​គ្រាន់តែ​ជា​រូបភាព​មួយ​ដើម្បី​ដាក់​សម្ភាធ​គាប​សង្កត់​នយោបាយ​ការទូត​ បង្ខំ​មក​លើ​រដ្ឋាភិបាល​ខ្មែរ​ឲ្យ​បើក​ការចរចា​ជាមួយ​ខ្លួន​តែប៉ុណ្ណោះ ។

ពាក់ព័ន្ធ​នឹង​សភាពការណ៍​តានតឹង​នៃ​ការប្រឈម​មុខ​ដាក់​គ្នា​រវាង​កងទ័ព​ ទាំង​ពីរ​នៅ​តាម​ក្រវ៉ាត់​ព្រំដែន​ជា​បន្ត​បន្ទាប់​នា​ពេល​កន្លងមក ប្រទេស​ទាំង​ពីរ​បាន​ជួប​ចរចា​គ្នា​ចំនួន​ពីរ​លើក​រួច​មក​ហើយ ជំនួប​ទី​មួយ​គឺ​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២១ ខែ​កក្កដា នៅ​ក្នុង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ រវាង​ថ្នាក់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និង​លើក​ទី​២ នៅ​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា រវាង​ថ្នាក់​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​ទាំង​ពីរ ប៉ុន្តែ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ​ទេ​ទាក់ទង​បញ្ហា​ព្រំដែន​និង​ ការប្រឈម​មុខ​ដាក់​គ្នា​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ ។

កម្ពុជា​ថៃ​គ្រោង​ជួប​គ្នា​ជា​ថ្មី​ម្តង​ទៀត រវាង​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​ប្រទេស​ថៃ នា​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ ២០០៨ នេះ ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​និង​មេ​បញ្ជាការ​កង​យោធពល​ ខេមរភូមិន្ទ​ការពារ​នៅ​តាម​ព្រំដែន​បាន​ថ្លែង​ប្រហាក់​ប្រហែល​គ្នា​ថា ពួក​គេ​មិន​ចង់​ឲ្យ​កើត​មាន​នូវ​សង្រ្គាម​ដែល​នាំ​មក​នូវ​ការបង្ហូរ​ឈាម​ទេ ប៉ុន្តែ​រដ្ឋាភិបាល​ខ្មែរ​គួរ​ធ្វើ​យ៉ាង​ណា​រៀបចំ​ប្តឹង​ទៅ​អង្គការ​សហ​ ប្រជាជាតិ ដើម្បី​ទាមទារ​យក​ទឹក​ដី​និង​រាល់​ប្រាសាទ​ទាំងឡាយ​ដែល​សៀម​កំពុង​ឈ្លានពាន​ នោះ​មក​វិញ ៖ «សំណូមពរ​រដ្ឋាភិបាល​ឲ្យ​គិតគូរ​នូវ​ប្រាសាទ​ទាំងឡាយ​ដែល​ ត្រូវ​គេ​ឈ្លានពាន ដែល​យើង​មាន​ប្រាកដ​ថា​ដី​របស់​យើង​ហើយ ។ សូម​ឲ្យ​ធ្វើការ​ប្ដឹង​ទៅ​អង្គការ​សហ​ប្រជាជាតិ ដើម្បី​ជួយ​ឲ្យ​បាន​ប្រាសាទ​ហ្នឹង​មក​ជា​របស់​ខ្មែរ​យើង ។ ខ្ញុំ​ចេះតែ​គិត​ថា​រឿង​ជាតិ​វា​ធំ​ជាង​រឿង​អី​ទាំងអស់ រឿង​ស្អី​ដទៃ​ទៀត បើសិន​ជា​អត់​ជាតិ​យើង​ត្រូវ​រលាយ»

សកម្មភាព​ផ្សេងៗ​របស់​ខ្មែរ​នៅ​បរទេស​ជុំវិញ​ជម្លោះ​ជាមួយ​ថៃ

ជនជាតិ ​ខ្មែរ​រស់នៅ​ប្រទេស​នានា​ក្នុង​ពិភពលោក​បាន​និង​កំពុង​រៀបចំ​ធ្វើ​សកម្មភាព ​ផ្សេងៗ​ដើម្បី​ទាមទារ​ឲ្យ​ទាហាន​ថៃ​ដែល​ឈ្លានពាន​ទឹក​ដី​ខ្មែរ​នៅ​តំបន់​ ប្រាសាទ​ព្រះវិហារ គោរព​បូរណភាព​ដែន​ដី​កម្ពុជា។

AFP Photo

ទាហាន ​ខ្មែរ​អង្គុយ​ជាមួយ​ទាហាន​ថៃ​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​វត្ត​មួយ នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ថៃ​ក្នុង​ខេត្ត​ព្រះវិហារ នា​ថ្ងៃ​ទី ១៧ កក្កដា ២០០៨ ។

ពលរដ្ឋ​ខ្មែរ​និង​ខ្មែរ​-អាមេរិកាំង​នៅ​រដ្ឋVirginia ក្រុង​វ៉ាស៊ីនតោន​និង​នៅ​រដ្ឋ​ម៉ារីឡែន មាន​គម្រោង​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​ថៃ លើ​វិថី​វិសខនស៊ិន សង្កាត់​ហ្ចចថាវន៍ ក្រុង​វ៉ាស៊ីនតោន នៅ​ថ្ងៃ​ច័ន្ទ ទី​១១ សីហា​នេះ ពី​ម៉ោង​១០​ព្រឹក​ដល់​ម៉ោង​២​រសៀល។

លោក ខិនណិត ឃិវ នៃ​សមាគម​អង្គរ សង្កត់​ធ្ងន់​ពី​គោលបំណង​របស់​បាតុកម្ម​សំខាន់​មួយ​ទៀត​គឺ​ការបញ្ចៀស​ការបង្ហូរ​ឈាម ៖ «ពួក ​ខ្ញុំ​ធ្វើ​ហ្នឹង ដើម្បី​បំណង​ជៀសវាង​សង្រ្គាម​ធំ ហើយ​ដើម្បី​ជៀសវាង​សង្គ្រាម​ធំ​ហ្នឹង គឺ​សូម​ឲ្យ​រដ្ឋាភិបាល​ថៃ​ដកទ័ព​ចេញ ហើយ​គិត​គ្នា​ដោយ​សន្តិវិធី ដោយ​Diplomatic (ការទូត) អ៊ីចឹង​ទៅ។ ហ្នឹង​ជា​រឿង​ធំ​បំផុត​ហើយ ពួក​ខ្ញុំ​នៅ​ Virginia, Maryland ទាំងអស់​គ្នា​ទៅ​ធ្វើ​[បាតុកម្ម]​ថ្ងៃ​ហ្នឹង គឺ​បំណង​ធំ​ដើម្បី​បញ្ចៀស​សង្គ្រាម​តែ​ម្ដង»

សមាគម​អង្គរ​ក៏​សូម​អញ្ជើញ​បងប្អូន​រួមជាតិ​ទៅ​ចូលរួម​បាតុកម្ម​នេះ​ឲ្យ​ បាន​កុះករ​ដើម្បី​បង្ហាញ​ឲ្យ​ថៃ​ឃើញ​ថា ខ្មែរ​មិន​ថា​នៅ​ទីណា ក៏​នៅតែ​ជា​ខ្មែរ មាន​ឈាម​ជ័រ​និង​តពូជ​អំបូរ​ពី​ខ្មែរ​អង្គរ។

ខណៈនេះ នៅ​លើ​ប្រព័ន្ធ​អ៊ិនថឹណិត ក្នុង​វ៉ឹបសៃថ៍ ឈ្មោះ www.petitiononline.com មាន​ញត្តិ​ប្រភេទ​អសន្យាណូ​មួយ​របស់​ខ្មែរ​ដែល​រស់នៅ​ក្រៅ​ប្រទេស ប្តឹង​ទៅ​អង្គការ​សហប្រជាជាតិ (អ.ស.ប.) និង​សហរដ្ឋ​អាមេរិក (ស.រ.អា.) អំពី​ការ​ដែល​រដ្ឋាភិបាល​ថៃ​បាន​ប្រើ​កងកម្លាំង​យោធា​ចូល​រំលោភ​ឈ្លាន​ពាន​ អធិបតេយ្យ​ខ្មែរ។

ញត្តិ​ទាមទារ​ឲ្យ​ថៃ​ដក​ទ័ព​ចេញ​ជា​បន្ទាន់ គោរព​សាលដីកា​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ ឆ្នាំ​១៩៦២ ប្រគល់​មក​ឲ្យ​ខ្មែរ​វិញ​នូវ​ថ្ម​ចម្លាក់​និង​វត្ថុ​បូរាណ​ផ្សេងៗ​ដែល​ថៃ​ លួច​យក​ជា​ម្ចាស់​យូរ​ឆ្នាំ​មក​ហើយ និង​សុំ​ឲ្យ​ទាំង​អ.ស.ប. ទាំង​ស.រ.អា. ធ្វើ​អន្តរាគមន៍​ជា​បន្ទាន់​ដើម្បី​ដោះស្រាយ​បញ្ហា​រវាង​ខ្មែរ​និង​ថៃ​នេះ។

លោក ស៊ិដនីយ លៀង ម្ចាស់​វិទ្យុ​សំឡេង​កុលបុត្រ​ខ្មែរ​និង​ជា​មន្ត្រី​នៃ​មជ្ឈមណ្ឌល​សុខភាព​ សហគមន៍​ក្រុង​ឡូវែល រដ្ឋ​ម៉ាស្សា​ឈូសិត្ស ដែល​ជា​អ្នក​សរសេរ​ញត្តិ ៨​-ខ ដាក់​បញ្ចូល​ប្រព័ន្ធ​អ៊ិនថឹណិត​ឲ្យ​ខ្មែរ​នៅ​ទូទាំង​ពិភពលោក​នាំ​គ្នា​ចុះ​ ហត្ថលេខា មាន​ប្រសាសន៍​ថា មក​ទល់​ពេល​នេះ​មាន​អ្នក​ចុះ​ហត្ថលេខា​ទាំង​លើ​អ៊ិនថឹណិត ទាំង​លើ​ក្រដាស​ជាង ២​ពាន់​នាក់​ហើយ។

លោក​ក៏​ឲ្យ​ដឹង​ផង​ដែរ​ថា បង​ប្អូន​រួមជាតិ​ដែល​រស់នៅ​ប្រទេស​បារាំង ក៏​បាន​សុំ​បកប្រែ​ញត្តិ​ជា​ភាសា​បារាំង​និង​នៅ​ប្រទេស​ហ្វាំងឡង់​ក៏​សុំ​ បកប្រែ​ដែរ​ដើម្បី​ឲ្យ​ខ្មែរ​នៅ​អឺរ៉ុប​បាន​ចូលរួម​ចុះ​ហត្ថលេខា​ផង។

ក្រៅពី​នេះ លោក ស៊ិដនីយ ក៏​ឲ្យ​ដឹង​ថា បងប្អូន​ខ្មែរ​នៅ​ឡូវែល បាន​នាំគ្នា​រៃ​អង្គាស​ប្រាក់​បាន​មួយ​ចំនួន សម្រាប់​ផ្ញើ​ទៅ​ប្រគេន​ព្រះសង្ឃ​និង​ជួយ​ពលរដ្ឋ​នៅ​តំបន់​ព្រះវិហារ និង​យោធា​ជួរ​មុខ ទាំង​នៅ​ប្រាសាទ​ព្រះវិហារ ទាំង​នៅ​ប្រាសាទ​តាមាន់ធំ​លើ​ខ្នង​ភ្នំ​ដង​រែក ៖ «យើង​រៃ ឥឡូវ​បាន​លុយ​ពីរ​បី​រយ​ដែរ ហើយ​នៅ​ពេល​រៃ​លុយ​បាន​គ្រប់គ្រាន់ នឹង​ផ្ញើ​ទៅ»

ខាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏​មាន​ការអំពាវនាវ​ស្វែងរក​ថវិកា​ដើម្បី​ផ្ញើ​មក​ជួយ​ជន​រួមឈាម​ខ្មែរ​នៅ​កម្ពុជា​ផង​ដែរ។

លោក​ប្រធាន​សហព័ន្ធ ថាច់ ង៉ុកថាច់ មាន​ប្រសាសន៍​ថា មក​ទល់​នឹង​ពេល​នេះ លោក​នៅ​មិន​ទាន់​ជ្រាប​ច្បាស់​នៅ​ឡើយ​ទេ​ថា ប្រមែប្រមូល​បាន​បច្ច័យ​ប៉ុន្មាន​ហើយ សម្រាប់​ជួយ​ឧបត្ថម្ភ​ព្រះសង្ឃ​និង​គ្រហស្ត​នៅ​វត្ត​កែវ​សិក្ខា​គិរីស្វារៈ ដែល​បាន​ត្រូវ​ថៃ​កាន់កាប់​នោះ តែ​លោក​កត់​សម្គាល់​ថា នៅ​ខាង​ថៃ ខ្មែរ​បាត់​វត្ត​តែ​មួយ តែ​នៅ​ខាង​យៀកណាម ខ្មែរ​បាត់​វត្ត​ដល់​ទៅ​៥០០។

លោក ថាច់ ង៉ុកថាច់ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ខ្ញុំ​ចង់​រំឭក​ថា រឿង​វត្ត​ប្រាសាទ​ក្ដី រឿង​ប្រាសាទ​ព្រះវិហារ​ក្ដី គឺ​ថា វា​ជា​របស់​ខ្មែរ​ទូទៅ មិន​ថា​តែ​ក្រោម​ទេ។ រឿង​ធំ​មួយ​ទៀត ក៏​ចង់​រំឭក​ឲ្យ​បង​ប្អូន​ខ្មែរ​យើង​ថា ការប្រអូស​ប្រទាញ​រឿង​វត្ត​ប្រាសាទ​ហ្នឹង វា​ចាំបាច់​ចំពោះ​ខ្មែរ ប៉ុន្តែ​សូម​ឲ្យ​បងប្អូន​ខ្មែរ និង​ខ្មែរ​ក្រោម កុំ​ភ្លេច​ថា មាន​វត្ត​ជាង ៥០០​វត្ត​ទៀត ដែល​កំពុង​តែ​បាត់បង់​រាល់​ថ្ងៃ។ ដូច្នេះ​ហើយ ត្រូវ​តែ​រំឭក​រឿង​ហ្នឹង។ ការបាត់បង់​ទៅ​សៀម​ក្ដី ទៅ​យួន​ក្ដី គឺ​ជា​ភារកិច្ច​របស់​ខ្មែរ​ទាំងអស់ ត្រូវ​តែ​រំឭក​គ្នា ទាមទារ​តែ​វត្ត​បា្រសាទ​មួយ ប៉ុន្តែ​យើង​បាត់​ព្រះវិហារ​ដល់​ទៅ​ជាង ៥០០»

មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​សុទិដ្ឋិ​និយម​ចំពោះ​ការចរចា​ជាមួយ​ថៃ​នា​ថ្ងៃ​១៨ សីហា​នេះ

មន្រ្តី ​រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា គេ​មាន​សុទិដ្ឋិនិយម​ទៅ​លើ​គម្រោង​ជួប​ចរចា​គ្នា​ជា​ថ្មី​ម្ដង​ទៀត ជាមួយ​ប្រទេស​ថៃ ក្នុង​ការជជែក​ដោះស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ ដែល​កង​ប្រដាប់​អាវុធ​ទាំង​សងខាង កំពុង​ប្រឈម​ដាក់​គ្នា ដោយ​មិនទាន់​រក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​បាន​នៅ​ឡើយ​នោះ។

RFA Photo/Uy Sophea

នាយ​កង​រាជ​អាវុធ​ហត្ថ​ឈរ​យាម​នៅ​ជើង​ជណ្ដើរ​នៃ​ប្រាសាទ​ព្រះវិហារ នា​ថ្ងៃ​៣០ កក្កដា ២០០៨។

ប្រធាន​គណៈកម្មការ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង បាន​មាន​ប្រសាសន៍​កាលពី​រសៀល​ថ្ងៃ​អាទិត្យ ទី​១០ ខែ​សីហា​ថា មន្រ្តី​កម្ពុជា​និង​ថៃ នៅតែ​កំណត់​យក​ថ្ងៃ​ទី​១៨ ខែ​សីហា ដោយ​មិន​មាន​ការផ្លាស់​ប្ដូរ​ទេ ដើម្បី​នឹង​ជួប​ជជែក​ចរចា​គ្នា​អំពី​ដំណោះស្រាយ​បញ្ហា​ព្រំដែន​តំបន់​ ប្រាសាទ​ព្រះវិហារ​ជាលើក​ទី​៣ ហើយ​កម្ពុជា មាន​សុទិដ្ឋិនិយម​ដែល​នឹង​នាំ​មក​នូវ​ជោគជ័យ​ច្រើន​ក្នុង​ការជជែក ដោយ​យោង​តាម​ឯកសារ​សាលក្រម​តុលាការ​អន្តរជាតិ ទីក្រុង​ឡាអេ ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២ ដែល​សម្រេច​ថា ទឹកដី​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ​និង​ប្រាសាទ​ព្រះវិហារ​ជា​របស់​ខ្មែរ និង​យោង​ទៅតាម​ផែនទី​ឧបសម្ព័ន្ធ​នៅឯ​តុលាការ​ក្រុង​ឡាអេ ក៏​មាន​មូលដ្ឋាន​ច្បាស់​លាស់​ដែរ។

លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «យើង​គិត​ថា យើង​មាន​សុទិដ្ឋិនិយម​ដើម្បី​នឹង​នាំ​មក​នូវ​ជោគជ័យ។ សាលក្រម​ឆ្នាំ​១៩៦២ វា​រឹងមាំ​ប៉ុណ្ណឹង​ហើយ ផែនទី​ឧបសម្ព័ន្ធ នៅ​តុលាការ​ក្រុង​ឡាអេ ១៩៦២ ក៏​រឹងមាំ។ មូលដ្ឋាន​យើង​រឹងមាំ​ហើយ​តើ!»

អ្នក​ជំនាញ​ច្បាប់​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា ដែល​បាន​ទៅ​ពិនិត្យ​ស្ថានភាព​ជម្លោះ​ព្រំដែន​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ​ នោះ បាន​ចាត់ទុក​ចូល​លុកលុយ​របស់​កងទាហាន​ឈុត​ខ្មៅ​ថៃ មក​ក្នុង​ទីវត្ត​ទឹកដី​ខ្មែរ​និង​កងប៉ារ៉ា ដែល​កំពុងតែ​រាយ​បណ្ដាក់​តាម​ខ្សែ​ត្រៀម​ជួរ​មុខ​ថា​ជា​អំពើ​ឈ្លានពាន​ យ៉ាងច្បាស់។

នាយកប្រតិបត្តិ​របស់​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក សុក សំអឿន បាន​មាន​ប្រសាសន៍​ក្រោយ​ពី​ការពិនិត្យ​ស្ថានភាព​ការប្រឈម​មុខ​ដាក់​គ្នា​ដោយ ​យោធា​ថា លោក​បាន​មើល​ឃើញ​កងទាហាន​ឈុត​ខ្មៅ​ថៃ បាន​ចូល​កាន់កាប់​ក្នុង​ទឹកដី​ខ្មែរ​យ៉ាង​ច្រើន ហើយ​បើ​តាម​ច្បាប់​អ្នក​ឈ្លានពាន​មក​លើ​បូរណភាព​ទឹកដី កម្ពុជា​អាច​មាន​សិទ្ធិ​ប្រើ​កម្លាំង​កងទ័ព ដើម្បី​ការពារ​អធិបតេយ្យ​របស់​ខ្លួន។

លោក សុក សំអឿន មាន​ប្រសាសន៍​ថា ៖ «វា​ចូល​ហួស​ផ្លូវ​យើង​ធ្វើ​ទៅ​ទៀត ចូល​ឈ្លានពាន​ហើយ​អាហ្នឹង ធម្មតា​ឈ្លានពាន ទីមួយ​យើង​អាច​ប្រើ​កម្លាំង​ទ័ព ទី២ យើង​អាច​ប្ដឹង​អង្គការ​សហប្រជាជាតិ​ជួយ​ដោះស្រាយ។ ធម្មតា ការទៅ​អង្គការ​សហប្រជាជាតិ ទាល់​តែ​ខាង​អង្គការ​សហប្រជាជាតិ​គេ​គាំទ្រ​ដែរ»

ទោះ​យ៉ាង​ណា កាលពី​ថ្ងៃ​អាទិត្យ មិន​អាច​ទំនាក់ទំនង​សុំ​ការអធិប្បាយ​ណា​មួយ ពី​មន្រ្តី​ស្ថានទូត​ថៃ ប្រចាំ​ប្រទេស​កម្ពុជា​បាន​ទេ។

ចំណែក​ប្រជាពលរដ្ឋ​ខ្មែ​ប្រមាណ ៣០០​គ្រួសារ ដែល​កំពុង​រស់នៅ​ជិត​ប្រាសាទ​ព្រះវិហារ បាន​និយាយ​ថា ពួក​គេ​អាច​ប្រកប​មុខ​របរ​ប្រចាំ​ថ្ងៃ ដោយសារ​រក​កម្រៃ​ពី​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​ទស្សនា​ប្រាសាទ។ ក៏​ប៉ុន្តែ​ចាប់តាំង​តែ​ពី​កង​ទាហាន​ថៃ​ចូល​លុកលុយ​តំបន់​នោះ ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​មុខ​របរ​និង​ចំណូល​ប្រចាំ​ថ្ងៃ ៖ «បន់​ឲ្យ​តែ​ថៃ​ដក​អស់​ទេ ថៃ​នៅ​រញ៉េ​រញ៉ៃ​អ៊ីចឹង ពិបាក​រកស៊ី»

ចាប់តាំង​ពី​មាន​ទាហាន​ថៃ​ចូល​លុកលុយ​ដី​ខ្មែរ​នៃ​តំបន់​ប្រាសាទ​ ព្រះវិហារ​រយៈពេល ២៦​ថ្ងៃ​មក​ហើយ ការចរចា​រក​ដំណោះស្រាយ​ចំនួន​ពីរ​លើក ដើម្បី​ឲ្យ​កងទ័ព​ថៃ​ដក​ចេញ​ពី​ទឹកដី​ខ្មែរ​នោះ មិន​បាន​ទទួល​លទ្ធផល​ទេ ហើយ​វត្តមាន​កងទ័ព​ថៃ​ប្រមាណ​ជិត ៧០០​នាក់ កំពុង​នៅ​ក្នុង​បរិវេណ​និង​ជុំវិញ​វត្ត​ខ្មែរ កែវ​សិក្ខា​គិរី​ស្វារៈ នៅ​ឡើយ៕

ទាហាន​ថៃ​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​ក្នុង​ប្រាសាទ​តាមាន់ធំ

ថៃ ​បាន​រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​ទៅ​កាន់​ទី​បរិវេណ​ខាង​ក្នុង​នៃ ​ប្រាសាទ​តាមាន់​ធំ នៅ​លើ​ខ្នង​ភ្នំ​ដងរែក បើ​ទោះបី​ជា​មាន​ការស្នើសុំ​ពី​មេ​បញ្ជាការ​កងទ័ព​កម្ពុជា​ក៏ដោយ ។

RFA File Photo/Savyuth

ទាហាន​ថៃ​ដើរ​ក្បែរ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​ខ្មែរ​នា​ថ្ងៃ​ទី​១៩ កក្កដា ២០០៨។

លោក​វរសេនីយ៍​ឯក នាក់ ពង់ មេ​បញ្ជាការ​កងពល​៤២​ដែល​បាន​ដាក់​ទ័ព​ពង្រាយ​ការពារ​នៅ​លើ​ខ្នង​ភ្នំ​ដងរែក ​បាន​ថ្លែង​ថា ភាគី​ទ័ព​ឈុត​ខ្មៅ​ថៃ​បាន​បដិសេធ​មិន​ឲ្យ​ចូល​ទៅ​ក្នុង​បរិវេណ​ប្រាសាទ​ តាមាន់់​ធំ​នោះ​ឡើយ នា​ព្រឹក​ថ្ងៃ​ទី​៨ ខែ​៨ ឆ្នាំ​២០០៨​នេះ ។

លោក​បន្ត​ថា​ភាគី​ថៃ​បាន​សំអាង​ថា នៅ​ថ្ងៃ​នេះ​មេ​បញ្ជាការ​កង​ទាហាន​ឈុត​ខ្មៅ​នោះ​មិន​នៅ ដូច្នេះ​ហើយ​ក្រុម​កូន​ទាហាន​ឈុត​ខ្មៅ​របស់​ថៃ​បាន​បដិសេធ​មិន​ឲ្យ​ចូល​នោះ​ ទេ ។

លោក​វរសេនីយ៍​ឯក នាក់ ពង់ បាន​មាន​ប្រសាសន៍​ថា ៖ «យើង​បាន​សុំ​គេ​ហើយ យើង​បាន​ជម្រាប​គេ​មុន​ហើយ ក៏ប៉ុន្តែ​គេ​ឆ្លើយ​ថា​រង់ចាំ​បទបញ្ជា​ថ្នាក់​លើ​គេ​ពីរ​សប្ដាហ៍»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​លោក​វរសេនីយ៍​ឯក នាក់ ពង់ បាន​ឲ្យ​ដឹង​ថា​ថៃ​បាន​ប្រកាស​ឲ្យ​រង់ចាំ​ពីរ​សប្ដាហ៍​ទៀត​ទើប​អាច​អនុញ្ញាត ​ឲ្យ​ពុទ្ធបរិស័ទ​ខ្មែរ​ចូល​បាន ។

មនុស្ស​ជាង​៣០​នាក់​ដែល​ជា​ជនជាតិ​ខ្មែរ​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ឡើង​ តាម​ជើង​ភ្នំ​ដងរែក នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០០៨​នេះ ដើម្បី​ប្រារព្ធ​ពិធី​បួងសួង​តាម​បែប​ព្រហ្មញ្ញ​សាសនា អន្ទង​មហិទ្ធិឫទ្ធិ​និង​បារមី​បុព្វបុរស​ដូន​តា​អតីត​ព្រះ​មហាក្សត្រ​នៅ​ទី​ នោះ ឲ្យ​បណ្ដេញ​កងទ័ព​ឈ្លានពាន​របស់​ថៃ​ចេញ​ពី​ទឹក​ដី​ប្រាសាទ​តាមាន់​ធំ ។

ការហាមឃាត់​និង​ការឈ្លានពាន​របស់​ថៃ​បាន​ធ្វើ​ឲ្យ​ពុទ្ធបរិស័ទ​ខ្មែរ​មាន​ការខកចិត្ត​និង​ខឹងសម្បា ។

លោកស្រី ព្រាប ស៊ីនរ៉ា បាន​ថ្លែង​ថា​លោកស្រី​មាន​ការខកចិត្ត​យ៉ាង​ខ្លាំង​ព្រោះ​ជនជាតិ​ខ្មែរ​មិន​ អាច​ចូល​ទៅ​ជាន់​ឬ​ប៉ះ​ប្រាសាទ​របស់​ខ្មែរ​បាន ៖ «បង​សប្បាយ​រីករាយ​ដែល ​បាន​មក​ឃើញ​ប្រាសាទ​របស់​ខ្មែរ តែ​បង​មាន​ការទោមនស្ស​យ៉ាង​ខ្លាំង​ដែល​ឃើញ​ប្រាសាទ​ខ្មែរ​ហើយ​ខ្មែរ​មិន​អាច ​ចូល​បាន ។ សៀម​អត់​គោរព​នូវ​សិទ្ធិ​របស់​ខ្មែរ អត់​គោរព​ច្បាប់ អត់​គោរព​អន្តរជាតិ ព្រោះ​យើង​ស្ថិត​នៅ​ក្នុង​អាស៊ាន​ទាំងអស់​គ្នា គួរណាស់​តែ​សៀម​ហ្នឹង​គោរព​នូវ​ច្បាប់​របស់​អាស៊ាន​ផង»

ទាហាន​ឈុត​ខ្មៅ​ថៃ​ជាង​១០​នាក់​បាន​ចេញ​មក​ពី​បន្ទាយ​របស់​ខ្លួន​ជា​បន្ត ​បន្ទាប់ ដើម្បី​រារាំង​ខណៈ​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ជាង​៣០​នាក់​កំពុង​ដុត​ធូប​ដុត​ទៀន ​នៅ​ខាង​ក្រៅ​របង​ដែល​ហ៊ុមព័ទ្ធ​ដែល​ធ្វើ​ឡើង​ដោយ​ពួក​ថៃ ។

លោក​អនុសេនីយ៍ឯក ស៊ុម ឃួន មេ​បញ្ជាការ​កង​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ឬ​ ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​នោះ​ទេ ។

យោង​តាម​ក្រុម​ទាហាន​ដែល​ឈរ​ការពារ​នៅ​លើ​ខ្នង​ភ្នំ​ដងរែក​នោះ​បាន​ឲ្យ​ ដឹង​ថា ទាហាន​ឈុត​ខ្មៅ​របស់​ថៃ​មិនមែន​ទើបតែ​ចូល​កាន់កាប់​ហួស​ប្រាសាទ​តាមាន់​ធំ​ ប្រវែង​៣០០​ម៉ែត្រ ទើបតែ​ថ្ងៃ​ទី​៣ សីហា ប៉ុណ្ណោះ​ទេ តាម​ពិត​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​បើក​យុទ្ធសាស្ត្រ​ដាក់​ខ្សែ​ត្រៀម​ចាប់តាំង​ ពី​ថ្ងៃ​ទី​២៦ មុន​ថ្ងៃ​ដែល​ប្រទេស​កម្ពុជា​រៀបចំ​ការបោះ​ឆ្នោត​មក​ម៉្លេះ ៕

តំណាងរាស្ត្រ​បក្ស​ប្រឆាំង៖ រដ្ឋាភិបាល​ខ្មែរ​ត្រូវ​កំណត់​កាល​បរិច្ឆទ​ឲ្យ​ថៃ​ដក​ទ័ព

អ្នក ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ថ្លែង​នៅ​ថ្ងៃ​ទី​៧ សីហា​ថា ប្រទេស​កម្ពុជា​បាន​ស្ថិត​ក្នុង​សភាព​ជា​អ្នក​ចាញ់​ប្រៀប​ច្រើន​ក្នុង​ ការចរចា​អំពី​តំបន់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ហើយ​បាន​ស្នើ​ឲ្យ​មាន​ការកំណត់​ពេល​វេលា​ជាក់លាក់​ស្តីពី​ការដក​កងទ័ព។

RFA Photo/Savyouth

ទាហាន​ថៃ​អង្គុយ​លើ​ផ្លូវ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ថៃ​ក្នុង​ខែត្រ​ព្រះវិហារ នា​ថ្ងៃ​ទី​២០ កក្កដា ២០០៨ ។

លោក សុន ឆ័យ អ្នក​តំណាងរាស្រ្ត​មក​ពី​គណបក្ស​សម​រង្ស៊ី បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​ត្រូវតែ​មាន​ការប្រុង​ប្រយ័ត្ន​ក្នុង​ការចរចា​នៅ​ពេល​ដែល​ ប្រទេស​ថៃ​មាន​ប្រៀប​ខាង​យោធា​ដែល​កាន់កាប់​ទឹកដី​ខ្មែរ​រួច​ទៅ​ហើយ នៅ​ក្នុង​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ និង​តំបន់​ដទៃ​ទៀត​តាម​ព្រំដែន​នោះ។ លោក សុន ឆ័យ មាន​ប្រសាសន៍​ថា ៖ «វា​អត់​មាន​រឿង​អី​ចំណេញ ដូច​យើង​បាន​បញ្ជាក់​ហើយ ជា​ឡូហ្សិក (logic) ប្រទេស​ថៃ គេ​មក​ឈ្លានពាន​លើ​ទឹកដី​យើង គេ​មិនមែន​មិន​ដឹង​ថា ជា​ដី​របស់​យើង​ទេ គេ​មក​ដោយ​បំពាន រួច​យើង​ទៅ​ចរចា​ដើម្បី​ឲ្យ​គេ​យល់​អំពី​ការបំពាន​របស់​គេ​នោះ គឺ​ដូចជា​មិន​មាន​សង្ឃឹម​អី​ទេ។ ឲ្យ​គេ​ដកទ័ព​ទៅ​វិញ ក៏​គេ​មាន​បំណង​របស់​គេ​ច្បាស់​លាស់​ហើយ គឺ​គេ​នឹង​បញ្ជា​ចរចា​ទៅ គេ​ចាំ​ចាប់​ចំណុច​ណា ដែល​យើង​និយាយ ឬ​ក៏​យល់ព្រម ដែល​ចំណេញ​ដល់​គេ គឺ​គេ​យក​អាហ្នឹង​ជា​ភស្តុតាង ដើម្បី​នឹង​បន្ត យក​ជា​ផ្លូវការ​នូវ​ទឹក​ដី​របស់​យើង»។ ទោះជា​យ៉ាងណា​ក៏​ដោយ លោក សុន ឆ័យ បាន​ថ្លែង​ដែរ​ថា លោក​ស្វាគមន៍​ការចរចា​ស្តីពី​បទ​ឈប់​បាញ់ ប៉ុន្តែ​ត្រូវតែ​មាន​ការកំណត់​ពេល​ក្នុង​ការដក​ទ័ព ៖ «ហើយ​ខ្ញុំ​មាន​ ការព្រួយ​បារម្ភ​ថា ការប្រជុំ​ថ្ងៃ​១៨ ខាង​មុខ​នេះ នឹង​មិន​បាន​ផល​អ្វី​ដែរ ហើយ​ខ្ញុំ​បាន​ធ្វើ​លិខិត​ម្សិលមិញ ផ្ញើ​ទៅ​ឯកឧត្ដម ហោ ណាំហុង ហើយ សូម​ជម្រាប​ទៅ​គាត់​ថា បើ​សិន​ណា​រដ្ឋាភិបាល​នៅតែ​ប្រជុំ​ចុះ ឧទាហរណ៍​នៅ​តែ​បន្ត​ការប្រជុំ សូម​ឲ្យ​ដាក់​កាល​បរិច្ឆេទ​តែ​ម្ដង ថ្ងៃ​ណា​ដក​ទ័ព​ចេញ និយាយ​គ្នា​ឲ្យ​ហើយ កុំ​ឲ្យ​ថា នឹង​ដក​ទ័ព​ចេញ រួច​ដល់​ថ្ងៃ​ណា​នឹង​ដក​ទ័ព​ចេញ បើ​គេ​ចេះតែ​រក​លេស​បន្ត​បន្ទាប់​ទៀត ដើម្បី​ស្ថិត​នៅ​កាន់តែ​យូរ គេ​នឹង​មាន​សិទ្ធិ​កាន់តែ​ច្រើន ដូច្នេះ​ត្រូវ​កំណត់​កាល​បរិច្ឆេទ»។ គួរ​បញ្ជាក់​ថា ភាព​តានតឹង​ផ្នែក​យោធា​រវាង​កម្ពុជា​និង​ថៃ បាន​ចាប់ផ្តើម​ឡើង កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ២០០៨ កន្លង​ទៅ​នេះ ក្រោយពី​ក្រុម​ទាហាន​ថៃ​បាន​ចូល​មក​កាន់កាប់​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ ជា​ពិសេស​គឺ​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ ហៅ​វត្ត​ប្រាសាទ​ព្រះវិហារ​បន្ទាប់​ពី​កម្ពុជា បាន​ទទួល​ជោគជ័យ​ក្នុង​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​ បេតិកភណ្ឌ​ពិភពលោក។ នៅពេល​ថ្មី​ៗ​នេះ ជម្លោះ​បាន​រីកដាល​ដល់​ប្រាសាទ​តាមាន់​ធំ ក្រោយ​ពី​ទាហាន​ថៃ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ទាហាន​ខ្មែរ ចូល​ទៅ​កាន់​ប្រាសាទ​នេះ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ជួរភ្នំ​ដងរែក​ជាប់​ព្រំដែន​ខេត្ត​សុរិន្ទ​ប្រទេស​ ថៃ និង​ខេត្ត​ឧត្តរមានជ័យ​របស់​ខ្មែរ។ ប្រទេស​ទាំង​ពីរ​សុទ្ធតែ​បាន​អះអាង​ថា ប្រាសាទ​នោះ​ជា​របស់​ខ្លួន។ នៅក្នុង​ជម្លោះ​នេះ ប្រទេស​កម្ពុជា​និង​ថៃ​បាន​ធ្វើការ​ចរចា​មួយ​លើក​ជា​ពីរ​លើក​រួច​មក​ហើយ ដែល​ចុង​ក្រោយ​នេះ​ការចរចា ដោយ​រដ្ឋមន្ត្រី​ការបរទេស កាលពី​ថ្ងៃ​ទី​២៨ កក្កដា ២០០៨ បាន​ឯកភាព​គ្នា​ថា នឹង​ដក​កងទ័ព​ចេញ​រៀងៗ​ខ្លួន​ពី​តំបន់​ជម្លោះ​ប្រាសាទ​ព្រះវិហារ ជា​តំបន់​ដែល​កង​ទ័ព​ថៃ​បាន​ចូល​មក​កាន់កាប់​ដោយ​ខុស​ច្បាប់​ដំបូង​ គេបង្អស់៕

នាយក​រដ្ឋមន្ត្រី​ព្រមាន​ជុំវិញ​ជម្លោះ​ព្រំដែន​រវាង​ខ្មែរ​និង​ថៃ

លោក ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​កាលពី​ថ្ងៃ​ពុធ ទី​៦ សីហា​នេះ ថា ប្រសិនបើ​ការប្រឈម​មុខ​រវាង​ទាហាន​ខ្មែរ​និង​ថៃ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ​ក្លាយ​ទៅ​ជា​ការផ្ទុះ​អាវុធ​ច្បាំង​គ្នា​ទៅ​វិញ​ទៅ​មក​នោះ សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​នឹង​រង​ការលំបាក​ជា​មិន​ខាន ។

AFP Photo

នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន ។

លោក ហ៊ុន សែន មាន​ប្រសាសន៍​បន្ត​ថា​ជំហរ​រាជ​រដ្ឋាភិបាល​ខ្មែរ​នៅតែ​ចង់​ឲ្យ​មាន​ ការដោះស្រាយ​ជម្លោះ​ព្រំដែន​ខ្មែរ​-​ថៃ​ដោយ​សន្តិវិធី ហើយ​ថា​ប្រទេស​ទាំង​ពីរ​ត្រូវ​ពង្រឹង​ពង្រីក​មិត្តភាព​និង​សហ​ប្រតិបត្តិការ ​បន្ថែម​ទៀត ។

នៅ​ទន្ទឹម​នេះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ថ្លែង​រិះគន់​ចំពោះ​ខិត្តប័ណ្ណ​ដែល​បាន​ចែកចាយ​កាលពី​ពេល​ថ្មីៗ​នេះ អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ឈប់​នាំ​ទំនិញ​ថៃ​ចូល​មក​កម្ពុជា​និង​ ឈប់​ទិញ​ទំនិញ​ទាំង​នោះ​យក​មក​ប្រើប្រាស់ ដើម្បី​ជា​ការឆ្លើយតប​ទៅ​នឹង​សកម្មភាព​ឈ្លានពាន​របស់​ទាហាន​ថៃ រំលោភ​ចូល​បូរណភាព​ទឹក​ដី​កម្ពុជា​នៅ​វត្ត​កែវសិក្ខា​គិរីស្វារៈ ហៅ​វត្ត​ប្រាសាទ​ព្រះវិហារ និង​នៅ​ប្រាសាទ​តាមាន់​ធំ​ក្នុង​ខេត្ត​ឧត្តរមានជ័យ ។

លោក​ថា​គ្រាន់តែ​បញ្ហា​ជម្លោះ​ព្រំដែន​គេ​មិន​គួរ​ធ្វើ​ឲ្យ​ប្រទេស​ទាំង​ ពីរ​ក្លាយ​ទៅ​ជា​សត្រូវ​ជាមួយ​គ្នា​ នៅ​រាល់​គ្រប់​បញ្ហា​ទាំងអស់​នោះ​ទេ ៕

កម្ពុជា​និង​ថៃ​ព្រមព្រៀង​គ្នា​ដក​ទ័ព​ចេញ​ពី​តំបន់​ជម្លោះ

មន្រ្តី ​ខ្មែរ​និង​ថៃ​បាន​សុខចិត្ត​ព្រមព្រៀង​គ្នា​ដក​កម្លាំង​ទ័ព​របស់​ខ្លួន​រៀងៗ ​ខ្លួន​ចេញ​ពី​តំបន់​ប្រាសាទ​ខ្មែរ ឈ្មោះ តាមាន់ធំ ដែល​កងទ័ព​ប្រទេស​ទាំង​ពីរ​ប្រឈម​មុខ​គ្នា​កាលពី​ប្រមាណ​ជិត​មួយ​សប្តាហ៍​មក ​នេះ ។

RFA Photo/Savyouth

ទាហាន​ខ្មែរ​អង្គុយ​ជាមួយ​ទាហាន​ថៃ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ថៃ​ក្នុង​ខែត្រ​ព្រះវិហារ នា​ថ្ងៃ​ទី​២០ កក្កដា ២០០៨ ។

នាយ​ទាហាន​នៃ​អង្គភាព​ការពារ​ព្រំដែន វរសេនីយ៍ត្រី ស៊ិម សុខា បាន​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មាន​នានា​ដឹង​ថា ស្ថានការណ៍​នៅ​តំបន់​នោះ​បាន​ធូរ​ស្រាល​ឡើង​វិញ​ហើយ ហើយ​ថា​ទាហាន​ខ្មែរ​ប្រមាណ​៥០​នាក់ និង​ទាហាន​ថៃ​ប្រមាណ​៧០​នាក់ បាន​ដក​ថយ​ទៅ​កាន់​ទីតាំង​របស់​ខ្លួន​ហើយ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៣០០​ ម៉ែត្រ​ពី​ប្រាសាទ​តូច​នោះ ។

តាម​ការអះអាង​របស់​វរសេនីយ៍​ត្រី ហូ ប៊ុនធី មេ​បញ្ជាការ​ប្រចាំការ​នៅ​តំបន់​ព្រំដែន​នោះ​ថា កិច្ចប្រជុំ​រវាង​ភាគី​ខ្មែរ​និង​ថៃ​ធ្វើ​នៅ​ទីប្រជុំជន​អូរស្មាច់​ក្នុង​ ខេត្ត​ឧត្តរមានជ័យ​កាលពី​ថ្ងៃ​អង្គារ ។

ចំណែក​វិវាទ​ជុំវិញ​ប្រាសាទ​ព្រះវិហារ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក​រដ្ឋមន្រ្តី​ការពារ​ជាតិ ទៀ បាញ់ មាន​ប្រសាសន៍​ថា​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ទាហាន​ថៃ​បាន​ចូល​ទៅ​កាន់​ប្រាសាទ ហើយ​ហាម​មិន​ឲ្យ​ទាហាន​ខ្មែរ​ចូល​ទៅ​ទី​នោះ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​លោក​ថា​ភាគី​ទាំង​ពីរ​បាន​ដោះស្រាយ​បញ្ហា​នោះ​ជាមួយ​ គ្នា​ហើយ ហើយ​ថា​ទាហាន​ទាំង​សងខាង​ត្រូវ​ដក​ទៅ​កាន់​កន្លែង​រៀងៗ​ខ្លួន ។

ក្នុង​បញ្ហា​វិវាទ​រឿង​ខ្មែរ​ថា​ប្រាសាទ​ទាំង​នោះ​ជា​របស់​ខ្មែរ ហើយ​ថៃ​ថា​ជា​របស់​ថៃ​នោះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន រើស​យក​មាគ៌ា​ដោះស្រាយ​តាម​សន្តិវិធី ។

លោក​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ​នេះ​ទំនង​ជា​ដាក់​កំហុស​ ថា ភាព​មិន​ច្បាស់លាស់​នេះ​បណ្តាល​មក​ពី​គ្មាន​អ្វី​សម្គាល់​តាម​ព្រំដែន​ ប្រមាណ​១​សតវត្សរ៍​មក​នេះ ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ៖ «ការដោះស្រាយ​ ទ្វេ​ភាគី​យើង​អាច​ដោះស្រាយ​បាន ថ្ងៃ​១៨​ខាង​មុខ​នេះ នឹង​មាន​ការជួប​រដ្ឋមន្ត្រី​ការ​បរទេស​លើក​ទី​២ ដែល​ម្សិលមិញ​ទទួល​ព័ត៌មាន​មក​ថា ឯកឧត្ដម ហោ ណាំហុង ជួប​នៅ​ហួហិន ហើយ​បន្ទាប់ពី​ការជួប​នោះ​ឯកឧត្ដម ហោ ណាំហុង នឹង​ចូល​គាល់​ព្រះ​មហាក្សត្រ​ថៃ​តែម្ដង អ៊ីចឹង​ទេ​នេះ​ក៏​ជា​ការល្អ​ដែរ ។ ឥឡូវ​អាច​នឹង​សម្រួល​ទ័ព​ទាំង​សងខាង​ឲ្យ​ថយ ហើយ​ទុក​វត្ត ទុក​លោក​សង្ឃ ទុក​យាយជី រួច​ហើយ​ចាប់​ដោះ​មីន​ព្រោះ​មីន​នៅ​ច្រើន​ណាស់ ភាគី​ទាំង​ពីរ​សហការ​គ្នា​ដោះ​មីន ។ រួច​ហើយ​វាស់វែង​ព្រំដែន បោះ​បង្គោល​ទៅ ព្រោះ​ជាយដែន​បង្គោល​មាន​តែ​ប៉ុន្មាន​សិប​បង្គោល​ហ្នឹង ប៉ុន្មាន​រយ​គីឡូ ៨០០​គីឡូ​ប្លាយ​មានតែ​ចិតសិប​ប៉ុន្មាន​បង្គោល ហើយ​បង្គោល​ខ្លះ​មិន​ដឹង​បាត់​ទៅ​ណា ? ហើយ​ដី​១០០​ឆ្នាំ​ហើយ…»

ជា​មួយ​គ្នា​នេះ​កាសែត​ថៃ ឈ្មោះ The Nation ផ្សាយ​ថ្ងៃ​ពុធ​នេះ​ថា​រដ្ឋមន្រ្តី​ការ​បរទេស​ថៃ តិក ប៊ុណ្ណៈ  និង​រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា ហោ ណាំហុង បាន​ព្រមព្រៀង​គ្នា​កាលពី​អាទិត្យ​មុន​ថា ភាគី​ទាំង​សងខាង​នឹង​ដក​កម្លាំង​ទ័ព​ចេញ​ពី​វត្ត​កែវសិក្ខាគិរីស្វារៈ ហៅ​វត្ត​ប្រាសាទ​ព្រះវិហារ​នោះ ដើម្បី​បន្ធូរ​ភាព​តានតឹង​ផ្លូវ​យោធា ៕

កម្ពុជា​នឹង​យក​បញ្ហា​ជម្លោះ​ព្រំដែន​ដាក់​ជូន​អ.ស.ប.​បើ​ថៃ​នៅតែ​បន្ត​ឈ្លានពាន

មន្ត្រី ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ បាន​ថ្លែង​ថា​កម្ពុជា​នឹង​បន្ត​ព្យាយាម​ធ្វើ​កិច្ចការ​ចរចា​ទ្វេ​ភាគី​រវាង​ ខ្មែរ​និង​ថៃ​ឲ្យ​ដល់​កម្រិត​ចុងក្រោយ ប៉ុន្តែ​ព្រមាន​ថា​នឹង​យក​បញ្ហា​ដាក់​ជូន​ទៅ​អង្គការ​សហ​ប្រជាជាតិ (អ.ស.ប.) និង​ទៅ​កាន់​តុលាការ​អន្តរជាតិ បើសិន​ជា​ថៃ​នៅតែ​បន្ត​ការឈ្លានពាន​ដល់​អធិបតេយ្យភាព​ជាតិ​ខ្មែរ ។

AFP Photo

ទាហាន​ខ្មែរ​ដើរ​នៅ​ក្នុង​បរិវេណ​ប្រាសាទ​ព្រះវិហារ នៅ​លើ​ភ្នំ​ដងរែក នៃ​ខេត្ត​ព្រះវិហារ នា​ថ្ងៃ​២១ កក្កដា ២០០៨ ។

លោក ខៀវ កាញារីទ្ធ បាន​ឲ្យ​ដឹង​ថា ៖ «យើង​គ្រាន់តែ​កំណត់​ថា​បើសិន​ជា ​នៅ​បញ្ហា​អ៊ីចឹង ប្រាកដ​ជា​ចៀស​មិន​រួច​ទេ​បញ្ហា​អន្តរជាតិ​នោះ ពីព្រោះ​បញ្ហា​ព្រំដែន​មាន​តែ ២​គត់ បើគាត់​មិន​ពិភាក្សា​ផ្អែក​លើ​ការអង្គុយ​តុ​ជាមួយ​គ្នា​ទេ យើង​អាច​លើក​បញ្ហា​ទៅ​តុលាការ​អន្តរជាតិ ។ តុលាការ​អន្តរជាតិ​វា​ត្រូវការ​ទាមទារ​ពេលវេលា​យូរ​បន្តិច​ហើយ ប៉ុន្តែ​បើ​ទៅ UN វា​អាច​ធ្វើ​បាន ប៉ុន្តែ​យើង​ចង់​ដោះស្រាយ​ឲ្យ​អស់​បញ្ហា​ហ្នឹង​សិន»

សេចក្តី​ព្រមាន​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​សេចក្តី​រាយការណ៍​យោធា​មក​ថា ទាហាន​ថៃ​នៅតែ​បន្ត​ការបញ្ជូន​កម្លាំង​ទាហាន​ចូល​មក​កាន់កាប់​ក្នុង​តំបន់​ តាម​ព្រំប្រទល់​ខ្មែរ បើទោះបី​ជា​មាន​ការចរចា​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​ទាំង​ ២ នា​ពេល​ថ្មីៗ​កន្លង​មក​នេះ​ក៏ដោយ ។

សេចក្តី​ព្រមាន​នេះ​ដែរ​គឺ​នៅ​បន្ទាប់ពី​មាន​សេចក្តី​រាយការណ៍​ចុងក្រោយ​ មួយ​ដែល​និយាយ​ថា មាន​កម្លាំង​ទាហាន​ថៃ​ប្រមាណ​៧០​នាក់​បាន​ប៉ុនប៉ង​ចូល​មក​កាន់កាប់​ប្រាសាទ​ ខ្មែរ​បូរាណ​មួយ​ឈ្មោះ ប្រាសាទ​តាមាន់ធំ ស្ថិត​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ ។

មន្ត្រី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​ថ្លែង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ថៃ​ត្រូវតែ​គោរព​អធិបតេយ្យភាព​ជាតិ​ខ្មែរ​និង​ត្រូវ​ដោះស្រាយ​តាម​មធ្យោបាយ​ អហិង្សា​ការទូត ។

លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា ៖ «យើង​សង្ឃឹម​ថា​ថៃ​នឹង​ចេះ​ ដោះស្រាយ​បញ្ហា​ក្នុង​លក្ខណៈ​ជា​ប្រទេស​មួយ​ដែល​មាន​ភាពចាស់ទុំ​ផ្នែក​ នយោបាយ ការបញ្ជូន​កម្លាំង​ទ័ព​មិនមែន​ជា​បញ្ហា​ដែល​យើង​ថា​ជា​ប្រទេស​ដែល​មាន​ អរិយធម៌​មួយ​កើត​ទេ ចៀស​វាង​ការភាន់ច្រឡំ​រវាង​អំពី​ទំនាស់​ព្រំដែន និង​ដំណោះស្រាយ​នៃ​ទំនាស់​ព្រំដែន ។ យើង​មាន​គណៈកម្មការ​ពីរ មួយ​ទំនាស់​នៅ​តាម​ព្រំដែន រឿង​កំប៉ិក​កំប៉ុក រឿង​អី​ហ្នឹង គឺ​គណៈកម្មការ​ទទួល​បន្ទុក​ព្រំដែន​ទូទៅ ប៉ុន្តែ​មួយ​ទៀត យើង​មាន​គណៈកម្មការ​ព្រំដែន​ចម្រុះ​នោះ បើ​ថៃ​ចង់​ជជែក​អំពី​បញ្ហា​ព្រំដែន ដី​នៅ​ខាង​ណាៗ​គេ​ត្រូវ​ជជែក​នៅ​តុ​កៅអី​ជាមួយ​នឹង​គណៈកម្មការ​ជំនាញ មិន​មែន​កងទ័ព​ធ្វើ​ទេ»

ពី​ក្រុង​បាងកក​ឯណោះ​វិញ​មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ថៃ លោក ថារិទ្ធ ចារុងវ៉ាត់ បាន​ថ្លែង​ថា​ពិត​ជា​មាន​ទាហាន​ថៃ​បាន​រាយ​កម្លាំង​ជុំវិញ​ប្រាសាទ​តាមាន់ធំ ​នោះ​មែន ប៉ុន្តែ​ក្នុង​បរិវេណ​ចម្ងាយ​៨០​ម៉ែត្រ​ពី​ប្រាសាទ​នោះ​តែ​ប៉ុណ្ណោះ ដើម្បី​រារាំង​មិន​ឲ្យ​ទាហាន​ខ្មែរ​ចូល​ទៅ​កាន់កាប់​នៅ​ឯ​តំបន់​នោះ ។

កម្ពុជា​និង​ថៃ​ចាប់ផ្តើម​ដាក់​ពង្រាយ​ទ័ព​ប្រឈមមុខ​រឿង​ជម្លោះ​តំបន់​ ប្រាសាទ​ព្រះវិហារ តាំងពី​ថ្ងៃ​ទី​១៥ កក្កដា បន្ទាប់ពី​ស្ថានភាព​ដែល​រាជ​រដ្ឋាភិបាល​ខ្មែរ​បាន​ដាក់​ប្រាសាទ​ព្រះវិហារ​ ចូល​ជា​បេតិកភណ្ឌ​ពិភពលោក ។

មន្ត្រី​ខ្មែរ​បាន​ឲ្យ​ដឹង​ថា​ថៃ​កំពុងតែ​យក​ផែនទី​ដែល​ប្រទេស​ថៃ​គូស​ជា ​ឯកតោ​ភាគី មក​សំអាង​ថា​ថៃ​បាន​បាត់បង់​ទឹក​ដី​ទំហំ ៤,៦​គីឡូម៉ែត្រ​ក្រឡា ដោយសារតែ​ការដាក់​ប្រាសាទ​បូរាណ​ព្រះវិហារ​ខ្មែរ​ចូល​ជា​សម្បត្តិ​ពិភពលោក ៕

មន្ត្រី​ខ្មែរ​ស្វាគមន៍​ចំពោះ​ការសម្រេច​របស់​ថៃ​ជុំវិញ​ការផ្អាក​ដឹក​ផ្លែឈើ​មក​កម្ពុជា

មន្ត្រី​ខ្មែរ​បាន​មាន​ប្រសាសន៍​ថា គេ​ស្វាគមន៍​ចំពោះ​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល​ថៃ​ដែល​ផ្អាក​ ការដឹកនាំ​ផ្លែឈើ​មក​កម្ពុជា និង​ការបញ្ឈប់​ការតាំង​ពិព័រណ៍​ពាណិជ្ជកម្ម​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ព្រះ​ រាជាណាចក្រ​កម្ពុជា ។

ប៉ុន្តែ​មន្ត្រី​ធ្វើការ​នៅ​ស្ថានទូត​ថៃ​បាន​តប​មក​វិញ​នៅ​ថ្ងៃ​ច័ន្ទ​ថា គេ​មិន​បាន​ដឹង​ថា​មាន​ការផ្អាក​ការធ្វើ​ជំនួញ​ទាំង​នោះ​ទេ ។

មន្ត្រី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ខ្មែរ លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា​បើ​វា​ជា​ការសម្រេច​របស់​ថៃ​ហើយ ចំពោះ​កម្ពុជា​នឹង​មិន​មាន​ផល​ប៉ះទង្គិច​អ្វី​នោះ​ទេ ។

លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា ៖ «ថៃ​គាត់​សុំ​ផ្អាក គាត់​ថា​ខ្លាច​សភាពការណ៍​អ៊ីចឹង ខ្លាច​គាត់​មក​លក់​អីវ៉ាន់​អត់​ដាច់ គ្មាន​អ្នកណា​ទិញ​អីវ៉ាន់​របស់​ថៃ ។ រាជ​រដ្ឋាភិបាល​កម្ពុជា​តែងតែ​ជំរុញ​ឲ្យ​មាន​ទំនាក់​ទំនង​គឺ​ល្អ​រវាង​ ប្រទេស​ទាំង​ពីរ ទាំង​វប្បធម៌ ទាំង​សេដ្ឋកិច្ច ទាំង​នយោបាយ ប៉ុន្តែ​ឃើញ​ថា​ពេលវេលា​នេះ​បើ​ថៃ​គាត់​យល់​ថា គាត់​មិន​ទាន់​ចង់​ហ៊ាន ខ្លាច​មិន​បាន​ចំណេញ​ផល ក៏​នេះ​ជា​ការសម្រេច​របស់​ថៃ​ទេ»

សេចក្តី​រាយការណ៍​ដែល​និយាយ​អំពី​ការផ្អាក​យ៉ាង​ហោចណាស់​បាន​នាំ​ឲ្យ​ គម្រោង​ធ្វើ​ពិធី​ផ្សារ​ណាត់​មួយ​របស់​ថៃ​រវាង​ពី​ថ្ងៃ​ទី​២២ ដល់ ២៥ សីហា បាន​ត្រូវ​អាក់ខាន ។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា បញ្ហា​ផ្អាក​របស់​ថៃ​នោះ​គឺ​ជា​ការប្រសើរ​មួយ​ទៅ​វិញ​ទេ ពីព្រោះ​ប្រជាជន​កម្ពុជា​ជា​ច្រើន​អាច​នឹង​ខឹង​ហើយ​អាច​នឹង​បំផ្លាញ​ការតាំង ​ពិព័រណ៍​ផលិតផល​ថៃ​ទាំង​នោះ ។

លោក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ចម ប្រសិទ្ធ បាន​មាន​ប្រសាសន៍​ថា​ការ​ដែល​ប្រជាជន​កម្ពុជា​ជា​ច្រើន​បាន​ខឹង​នឹង​ថៃ គឺ​ដោយសារតែ​បញ្ហា​ជម្លោះ​ប្រាសាទ​ព្រះវិហារ ។

សូម​ជម្រាប​ថា​ជា​ច្រើន​ថ្ងៃ​មក​នេះ​ភាព​តានតឹង​នៃ​ជម្លោះ​ប្រាសាទ​ ព្រះវិហារ បាន​នាំ​ឲ្យ​ប្រជាជន​ខ្មែរ​ខ្លះ​បាន​អំពាវនាវ​មិន​ឲ្យ​មាន​ការនាំ​អីវ៉ាន់​ ថៃ​ចូល​មក​ក្នុង​ស្រុក​ខ្មែរ និង​បញ្ឈប់​ការប្រើ​របស់​របរ​ដែល​ផលិត​មក​ពី​ប្រទេស​ថៃ​នោះ​ផងដែរ ។

បើ​យោង​តាម​ស្ថិតិ​ចេញ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​ខ្មែរ ទំនិញ​របស់​ថៃ​ដែល​នាំ​ចូល​មក​ក្នុង​ស្រុក​ខ្មែរ​កាលពី​ឆ្នាំ ២០០៧ មាន​ចំនួន​ដល់ ១៤០០​លាន​ដុល្លារ​អាមេរិក ។

ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ក្រុង​ព្រះសីហនុ លោកស្រី យាង អេង បាន​មាន​ប្រសាសន៍​ថា​គ្រាន់តែ​នៅ​ក្នុង​ក្រុង​ព្រះសីហនុ​តែ​មួយ ទំនិញ​របស់​ថៃ​ដែល​ដាក់​លក់​នៅ​ក្នុង​ក្រុង​ជាប់​មាត់​សមុទ្ទ​នោះ​សម្បូរណ៍​ ច្រើន​ជាង​ទំនិញ​នាំចូ​ល​មក​ពី​ប្រទេស​នានា ។

ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ក្រុង​ព្រះសីហនុ​បាន​មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​នេះ​ថា ៖ «ការប្រើប្រាស់​នៅ​ក្នុង​មូលដ្ឋាន​របស់​យើង​ខ្ញុំ ប្រហែល​ជា​យើង​ថា ៥០% ទៅ​ចុះ»

ទោះជា​យ៉ាង​ណា​ក៏ដោយ​មន្ត្រី​ធ្វើការ​ស្ថានទូត​ថៃ​បាន​ប្រាប់​វិទ្យុ​ អាស៊ីសេរី​ថា ចំពោះ​រឿង​ដែល​កើត​នៅ​ក្រុង​ព្រះសីហនុ​គឺ​ដោយសារតែ​ជា​គម្រោង​ហើយ​មិន​ទាន់​ មាន​ការអនុម័ត​តែ​ប៉ុណ្ណោះ ។

ក្នុង​សំណួរ​ចុងក្រោយ​ថា​តើ​បញ្ហា​ជម្លោះ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ បាន​ធ្វើ​ឲ្យ​ខូច​ទំនាក់​ទំនង​ការរកស៊ី​រវាង​ខ្មែរ​និង​ថៃ​ដែរ​ឬ​ទេ ? មន្ត្រី​ស្ថានទូត​បាន​បញ្ជាក់​យ៉ាង​នេះ​ថា ៖ «អត់​ទាក់ទង​គ្នា​ទេ អា​នោះ​វា​ផ្សេង​គ្នា អា​នោះ​រឿង​នយោបាយ​ផ្សេង អា​នេះ​គ្នា​អ្នក​រកស៊ី​គ្នា​រកស៊ី​ធម្មតា​អ៊ីចឹង​ទៅ»