ទាហាន​ខ្មែរ​ត្រូវ​បាន​បញ្ជូន​ទៅ​តំបន់​ព្រំដែន​ខ្មែរ​-ថៃ​នៅ​ស្រុក​អន្លង់វែង

វិទ្យុអាស៊ីសេរី
ដោយ សាវយុត

ទាហាន ​ខ្មែរ​មួយ​កង​វរសេនា​តូច​នៃ​តំបន់​ប្រតិបត្តិការ​សឹក​ខេត្ត​សៀមរាប ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តំបន់​ជាយ​ដែន​ខ្មែរ​-ថៃ នា​ច្រក​តាទុំ​និង​ច្រក​ជាំសាង៉ាំ ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ​បន្ថែម​ទៀត កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​២០ ខែ​សីហា ដើម្បី​ពង្រឹង​និង​ការពារ​នៅ​តាម​បន្ទាត់​ព្រំដែន​តំបន់​នោះ។

អភិបាលរង​ខេត្ត​សៀមរាប លោក ប៊ុន ថារិទ្ធិ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កងទាហាន​ទាំង​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ចំណុច​ព្រំដែន ដើម្បី​ដោះដូរ​ជាមួយ​កង​កម្លាំង​រក្សា​ព្រំដែន​នៅ​តាម​តំបន់​មួយ​ចំនួន។

លោក ប៊ុន ថារិទ្ធិ មាន​ប្រសាសន៍​ថា ៖ «កម្លាំង​ទៅ​ផ្លាស់ប្ដូរ​គ្នា​ ទេ នៅ​តាទុំ ឧត្តរមានជ័យ។ ទ័ព​ទៅ​គេ​មាន​ស្បៀង​មាន​អី ហើយ​អំណោយ​សម្ភារៈ​ឧបត្ថម្ភ​អី​ពី​បង​ប្អូន​ប្រជា​ពលរដ្ឋ​មន្រ្តី​រាជការ​អី ដូច​សព្វដង​ដែល​យើង​តែង​ទៅ គឺ​យើង​តែង​ជួយ​ឧបត្ថម្ភ​អី​ផ្សេងៗ»។

ការបញ្ជូន​កង​យោធា​ខ្មែរ​ទៅ​កាន់​តំបន់​នោះ បាន​ធ្វើ​ឡើង នៅ​ស្រប​ពេល​ដែល​មាន​សេចក្ដី​រាយការណ៍​ថា កងទាហាន​ប៉ារ៉ា​ថៃ​ជា​ច្រើន ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​ដាក់​តាម​រថយន្ត នៅ​តំបន់​ក្បែរ​ព្រំដែន​ខ្មែរ កាលពី​ពេល​ថ្មីៗ។

អនុប្រធាន​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-ថៃ ប្រចាំ​ច្រក​ជាំសាង៉ាំ លោក​វរសេនីយ៍​ទោ តូច រ៉ា បាន​មាន​ប្រសាសន៍​ថា ទាហាន​ប៉ារ៉ា​ថៃ​ជា​ច្រើន ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​តាម​រថយន្ត​មក​ដាក់​នៅ​ក្នុង​បន្ទាត់​ព្រំដែន​ថៃ​ ក្បែរ​តំបន់​នោះ កាលពី​ថ្ងៃ​ទី​១៨ ខែ​សីហា។

លោក​វរសេនីយ៍​ទោ តូច រ៉ា មាន​ប្រសាសន៍​ថា ៖ «សព្វថ្ងៃ គេ​ដាក់​កម្លាំង​វា ១០០​ជាង ពួក​ប៉ារ៉ា​ប៉ុន្មាន​ឡាន ទម្លាក់​ចោល ប្រហែល​ពី​ព្រំដែន​ទៅ ៤00​-៥00​ម៉ែត្រ។ ហើយ​កម្លាំង​ហ្នឹង​ដើរ​ទៅ ដូច​ដើរ​ហាត់​អ៊ីចឹង»។

ចំណែក​ស្ថានការណ៍​នៅឯ​តំបន់​ជម្លោះ​ព្រំដែន ជិត​ប្រាសាទ​ព្រះវិហារ​វិញ រហូត​មក​ដល់​ថ្ងៃ​ទី​២០ ខែ​សីហានេះ គម្រោង​នៃ​ការដក​កងទ័ព​ទាំង​សង​ខាង ចេញ​ពី​តំបន់​ខ្សែ​ត្រៀម​ជួរ​មុខ ដោយ​កំណត់​ឲ្យ​ទុក​តែ ២០​នាក់​ម្ខាងៗ​នោះ បាន​កំពុង​ស្ថិត​នៅក្នុង​ការមិន​អាច​កំណត់​ពេល​វេលា​ច្បាស់លាស់​នៅ​ឡើយ។

កាលពី​ថ្ងៃ​ទី​១៤ ខែ​សីហា កន្លង​មក មេ​បញ្ជាការ​ខ្មែរ​-ថៃ ដែល​គ្រប់គ្រង​ផ្ទាល់​នៅក្នុង​តំបន់​ជម្លោះ ធ្លាប់​បាន​ជួប​ជជែក​គ្នា​ជាមួយ​នឹង​ការដាក់​ចេញ​គម្រោង​ដក​កងទ័ព ចេញ​ពី​តំបន់​ជម្លោះ ក្នុង​ទី​វត្ត​ខ្មែរ ដោយ​ទុក​ឲ្យ​នៅ​តែ ១០​នាក់​ម្ខាង។ ចំណែក​ឯ​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ គេ​មាន​គម្រោង​ថា នឹង​ដក​កងទ័ព ទាំងសង​ខាង ដោយ​ទុក​ឲ្យ​នៅ​តែ​ម្ខាង ២០​នាក់​ប៉ុណ្ណោះ ហើយ​ថា ផែនការ​នេះ អាច​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១៨ ឬ​ថ្ងៃ​ទី​១៩ ខែ​សីហា ក៏ប៉ុន្តែ​ទោះ​យ៉ាងណា ផែនការ​នោះ​ត្រូវ​បាន​ខកខាន។

ពល​ទាហាន​ថៃ​ឈុត​ខ្មៅ​ម្នាក់ ដែល​កំពុង​ត្រៀម​ប្រយុទ្ធ​ក្នុង​ខ្សែ​ត្រៀម​ជួរ​មុខ បាន​និយាយ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ថា រហូត​ដល់​ពេល​នេះ ពួក​គេ​មិន​បាន​ទទួល​បញ្ជា​ឲ្យ​ដក​កងទ័ព​ចេញ​ពី​ទឹកដី​ខ្មែរ​នៅ​ឡើយ ហើយ​ពួកគេ​មិន​ចង់​នៅ​យូរ​ទេ ៖ «អត់​ដេក​ពួន នៅ​ម៉ង់ៗ ដូច​ឆ្កែ​បាត់​ម្ចាស់ ដូច​និយាយ​ប្រាប់​ខាង​ណោះមិញ គេ​ដោះស្រាយ​តែ​ខាង​លើ​ឯ​ណោះ។ អត់​ចង់​នៅ​ទេ … កូន​ប្រពន្ធ​ភ្នែក​ខ្មៅ​នៅ​ស្រុក​ឯណោះ។ នៅ​ព្រោះ​អី? ព្រោះ​ចង់​បាន​លុយ​គេ»។

សូម​រំឭក​ថា កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា កន្លង​មក ទាហាន​ឈុត​ខ្មៅ​ថៃ ប្រមាណ​ជាង ៣៣០​នាក់ បាន​ដក​ចេញ​ពី​ទីវត្ត​ខ្មែរ​កែវ​សិក្ខា​គិរី​ស្វារៈ ក៏​ប៉ុន្តែ​កងទ័ព​ជា​ច្រើន​រយ​នាក់​ទៀត នៅឯ​ខ្សែ​ត្រៀម​ជួរ​មុខ គឺ​នៅ​ចំនួន​ដដែល៕

ទាហាន​ខ្មែរ​រង់ចាំ​បញ្ជា​ដក​ទ័ព ខណៈ​ដែល​រដ្ឋមន្ត្រី​ខ្មែរ​-ថៃ​កំពុង​ជួប​ចរចា

វិទ្យុអាស៊ីសេរី
ដោយ សាវយុត

មន្រ្តី ​យោធា​ខ្មែរ​នៅ​តំបន់​ប្រឈមមុខ​ដាក់​គ្នា​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា​-ថៃ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​និង​កំពុង​រង់ចាំ​បទ​បញ្ជា​ក្នុង​ការ​ដក​កងទ័ព​ទាំង​សង​ខាង ចេញ​ពី​បន្ទាត់​ខ្សែ​ត្រៀម​ជួរ​មុខ ស្រប​ពេល​ដែល​មន្រ្តី​រដ្ឋាភិបាល​ខ្មែរ​និង​ថៃ កំពុង​ជួប​ចរចា​គ្នា​ដើម្បី​ដោះស្រាយ ដែល​ការប្រជុំ​នេះ​ធ្វើ​ឡើង​នៅ​ឯ​ប្រទេស​ថៃ។


RFA Photo/Savyuth
មេ ​បញ្ជា​ការ​កង​ទ័ព​ខ្មែរ ឧត្ដមសេនីយ៍ទោ ស្រី ឌឹក (ឆ្វេង) សំណេះ​សំណាល​ជាមួយ​នាយ​ទាហាន​ថៃ នៅ​ឯ​ប្រាសាទ​ព្រះវិហារ នា​ថ្ងៃ​ទី​១៨ សីហា ២០០៨។

មេបញ្ជាការ​កង​ពល​អន្តរាគមន៍​លេខ​១២ លោក​ឧត្ដមសេនីយ៍​ទោ ស្រី ឌឹក បាន​មាន​ប្រសាសន៍ កាល​ពី​រសៀល​ថ្ងៃ​ចន្ទ ទី​១៨ សីហា ថា កងទ័ព​ទាំង​សង​ខាង​កំពុង​រង់ចាំ​ស្ដាប់​លទ្ធផល​នៃ​កិច្ចចរចា​រវាង​មន្រ្តី​ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ នៅឯ​ទីក្រុង​ហួហ៊ីន ប្រទេស​ថៃ ហើយ​បើ​មាន​ការបញ្ជា​ឲ្យ​ដក​កងទ័ព​ទាំង​សង​ខាង លោក​នឹង​ដាក់​បញ្ជា​នោះ​ភ្លាម។

លោក​ឧត្ដមសេនីយ៍​ទោ ស្រី ឌឹក បាន​មាន​ប្រសាសន៍​បន្ថែម​ថា តាម​ការជួប​ជជែក​គ្នា​រួច​មក​ហើយ កងទ័ព​ខ្មែរ​និង​ថៃ នៅ​ខ្សែ​ត្រៀម​ជួរ​មុខ​ទាំង​អស់ នឹង​ត្រូវ​ដក​ចេញ​ដោយ​ទុក​ឲ្យ​នៅ​ម្ខាងៗ តែ​២០​នាក់​ប៉ុណ្ណោះ ៖ «ចាំ​ស្ដាប់​ដំណឹង​ទាំង​អស់​គ្នា​ហ្នឹង។ ក្រោយ​កិច្ច​ប្រជុំ​ហើយ  គាត់​និយាយ​ថា ថ្ងៃ​១៩ ថ្ងៃ​២០ [សីហា]»

ចំណែក​មេបញ្ជាការ​កងកម្លាំង​ស៊ុរៈនារី​របស់​ថៃ លោក​ឧត្ដមសេនីយ៍​ត្រី កាណុនេត្រៈ ថៈវ៉េសនៈ បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​ដែល​ចូល​មក​ត្រួត​ពិនិត្យ​កងទ័ព​ថៃ​ថា កង​ទាហាន​ថៃ​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ​នឹង​ដក​ចេញ​ជា​លើក​ទី​២ បន្ទាប់​ពី​លទ្ធផល​នៃ​កិច្ចចរចា​បាន​ព្រមព្រៀង​គ្នា​នោះ។

ទោះ​យ៉ាងណា​កង​ទាហាន​ថៃ ដែល​នៅ​តំបន់​ខ្សែ​ត្រៀម​ជួរ​មុខ បាន​និយាយ​ថា គេ​នៅ​មិន​ទាន់​ដឹង​ពី​ពេល​វេលា​ដក​ចេញ​ពី​ទឹកដី​ខ្មែរ​ពិត​ប្រាកដ​នៅ​ឡើយ​ ទេ ៖ «ទាល់​តែ​មេធំ​ប្រាប់​មក អត់​ស្គាល់ អត់​ចេះ មិន​ដឹង​ម៉ោង​ប៉ុន្មាន​ទេ»

កាលពី​ថ្ងៃ​ទី​១៦ ខែ​សីហា កន្លង​មក កង​ទាហាន​ឈុត​ខ្មៅ​ថៃ ប្រមាណ​ជាង ៣៣០​នាក់ និង​កងទ័ព​ខ្មែរ ប្រហាក់​ប្រហែល​គ្នា បាន​ដក​ចេញ​ពី​បរិវេណ​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ ដោយ​បាន​បន្សល់​ទុក​តែ​ទាហាន​ថៃ ១០​នាក់​និង​ទាហាន​ខ្មែរ ១០​នាក់​ប៉ុណ្ណោះ។

ព្រះគ្រូ​អនុគណ​សង្ឃ ប្រចាំ​ស្រុក​ជាំក្សាន្ត ព្រះនាម ស្ងួន រដ្ឋា ដែល​កំពុង​គង់​នៅ​ក្នុង​ទី​វត្ត បាន​មាន​ព្រះ​ថេរដីកា​ថា ការដក​ចេញ​ពី​ទី​វត្ត​របស់​កង​ទាហាន​ទាំង​សង​ខាង បាន​ធ្វើ​ឲ្យ​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ អស់​ការព្រួយ​បារម្ភ​និង​ភ័យ​ខ្លាច ហើយ​ព្រះអង្គ​ចង់​ឲ្យ​កងទាហាន​ដែល​នៅ​សេស​សល់​ដក​ចេញ​ទាំង​អស់។

ព្រះតេជគុណ ស្ងួន រដ្ឋា មាន​ថេរដីកា​ដូច្នេះ​ថា ៖ «ថ្វាយ​បង្គំ​ព្រះ មាន​ទាហាន​នៅ​អ៊ីចឹង ក៏​មាន​ការពិបាក ព្រោះ​ត្រូវការ​ស្ងប់​ស្ងាត់។ ដល់​ពេល​មាន​ការដក​ថយ សម្រួល​កម្លាំង​អ៊ីចឹង​ទៅ គឺ​មាន​ការ​ងាយ​ស្រួល​ក្នុង​ការគោរព​ប្រតិបត្តិ​ណា​មួយ ញាតិ​ញោម​គាត់​មក​ធ្វើ​បុណ្យ ធ្វើ​ទាន ក៏​ងាយ​ស្រួល វា​មិន​ជា​បញ្ហា មិន​សូវ​ជា​ភ័យខ្លាច មិន​រញ៉េ​រញ៉ៃ»

កាលពី​ថ្ងៃ​ចន្ទ ស្រប​ពេល​ដែល​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​-ថៃ ជួប​ចរចា​គ្នា​ស្ដីពី​បញ្ហា​ជម្លោះ​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ កង​ទាហាន​ថៃ​បាន​ឲ្យ​ដឹង​ថា នាយក​រដ្ឋមន្រ្តី​ថៃ លោក សាម៉ាក់ សុដារ៉ាវេទ បាន​មក​ជួប​ប្រជុំ​ជាមួយ​មន្រ្តី​យោធា​ថៃ នៅ​ក្នុង​បន្ទាយ​យោធា ជិត​តំបន់​ជម្លោះ ក៏​ប៉ុន្តែ លោក​មិន​បាន​ចូល​មក​ពិនិត្យ​ស្ថានការណ៍​ជាក់​ស្ដែង​នៃ​ការប្រឈមមុខ​ដាក់​ គ្នា​រវាង​យោធា​ខ្មែរ​-ថៃ​នោះ​ទេ៕

ទាហាន​ខ្មែរ​ទាមទារ​ឲ្យ​ទាហាន​ថៃ​រុះ​របង​លួស​បន្លា​ព័ទ្ធ​ប្រាសាទ​តាមាន់​ចេញ

កងទាហាន ​ខ្មែរ​ដែល​កំពុង​ប្រឈមមុខ​ជាមួយ​ទាហាន​ឈុត​ខ្មៅ​ថៃ នៅ​តំបន់​ប្រាសាទ​តាមាន់ ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្ដរមានជ័យ កំពុង​ទាមទារ​ឲ្យ​ទាហាន​ទាំង​សង​ខាង​ដក​កម្លាំង​ប្រដាប់​អាវុធ ចេញ​ពី​បរិវេណ​ប្រាសាទ និង​ស្នើសុំ​ឲ្យ​ទាហាន​ថៃ ធ្វើការ​រុះរើ​របង​លួស​បន្លា​ដែល​កំពុង​ហ៊ុមព័ទ្ធ​ប្រាសាទ​ចេញ។


RFA Photo/Chea Makara
ទាហាន ​ថៃ​ឈរ​យាម​នៅ​ខាង​ក្រៅ​ប្រាសាទ​តាមាន់​ធំ ដែល​ស្ថិត​ក្នុង​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្ដរ​មានជ័យ រារាំង​ទាហាន​ខ្មែរ​មិន​ឲ្យ​ចូល​ក្នុង​បរិវេណ​ប្រាសាទ នា​ថ្ងៃ​ទី​៨ សីហា ២០០៨។

នាយសេនាធិការ​កង​ពល​តូច លេខ​៤២ ដែល​កំពុង​គ្រប់គ្រង​ទាហាន​ខ្មែរ នៅ​តំបន់​ប្រាសាទ​តាមាន់ លោក​វរសេនីយ៍​ឯក នាក់ វង្ស បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​អង្គារ ទី​១២ ខែ​សីហា​ថា កាលពី​ថ្ងៃ​ចន្ទ លោក​បាន​ជួប​ប្រជុំ​ជាមួយ​មេបញ្ជាការ​កងរយ​របស់​ទាហាន​ឈុត​ខ្មៅ​ថៃ ឈ្មោះ សំ ឃួន ដោយ​ស្នើ​សុំ​ឲ្យ​ទាហាន​ថៃ ធ្វើការ​រុះរើ​របង​លួស​បន្លា ដែល​ហ៊ុម​ព័ទ្ធ​ប្រាសាទ​តាមាន់​ចេញ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ បាន​ចេញ​ចូល​ទៅ​លើ​ប្រាសាទ។

មន្រ្តី​យោធា​ខ្មែរ​បាន​មាន​ប្រសាសន៍​ថា របង​លួស​បន្លា ដែល​ហ៊ុមព័ទ្ធ​ពី​មុខ​ប្រាសាទ​តាមាន់ ចម្ងាយ​ជាង ៤០​ម៉ែត្រ គឺ​ទាហាន​ថៃ​បាន​ដាក់​កាលពី​អំឡុង​ខែ​មេសា កន្លង​មក ៖ «ម្សិលមិញ ខ្ញុំ​ទៅ​ជួប សំណូមពរ​ឲ្យ​វា​រើ​របង​លួស ដែល​វា​ដាក់​យូរ​ហើយ ឲ្យ​បើក​របង​ឲ្យ​ប្រជាពលរដ្ឋ​ចេញ​ចូល​ប្រាសាទ​បាន។ វា​ថា វា​នឹង​ពាំនាំ​ពាក្យ​ដែល​យើង​សុំ​ហ្នឹង ទៅ​ជូន​ថ្នាក់​លើ​វិញ»

លោក នាក់ វង្ស បាន​ឲ្យ​ដឹង​ទៀត​ថា នៅក្នុង​កិច្ច​ជួបប្រជុំ​រវាង​មេ​បញ្ជាការ​យោធា​ខ្មែរ​-ថៃ ប្រចាំ​តំបន់​ប្រាសាទ​តាមាន់​នោះ ជា​ញយ​ៗ ភាគី​ខ្មែរ​បាន​ទាមទារ​ឲ្យ​ថៃ ដក​កងទ័ព​ចេញ​ពី​តំបន់​ប្រាសាទ។ ក៏​ប៉ុន្តែ មេ​បញ្ជាការ​យោធា​ថៃ បាន​ត្រឹមតែ​ឆ្លើយ​តប​ថា គេ​នឹង​នាំពាក្យ​ដែល​កម្ពុជា​ស្នើ​សុំ​នោះ​ទៅ​ជូន​មេបញ្ជាការ​ថ្នាក់​ធំ​តែ​ ប៉ុណ្ណោះ។

តាម​យោធា​ខ្មែរ​ប្រចាំការ​នៅ​តំបន់​ប្រាសាទ​តាមាន់ ឲ្យ​ដឹង​ថា កងទ័ព​ខ្មែរ​ជា​ច្រើន ដែល​កំពុង​បញ្ជូន​ទៅ​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​កង​ទាហាន​ឈុត​ខ្មៅ​ថៃ កំពុង​មាន​ជំងឺ​គ្រុន​ចាញ់ ខ្វះ​ថ្នាំ​ពេទ្យ ខ្វះ​តង់​កៅស៊ូ​បោះ​ជំរំ និង​ម្ហូប​អាហារ។

ចំណែក​តំបន់​ប្រឈម​មុខ​ដាក់​គ្នា នៅឯ​ប្រាសាទ​ព្រះវិហារ ឯណោះ​វិញ កង​ទាហាន​ខ្មែរ​-ថៃ នៅតែ​មាន​ភាព​តានតឹង ដោយ​គ្រាន់តែ​មិន​មាន​ការផ្ទុះ​អាវុធ ហើយ​រហូត​មក​ដល់​ថ្ងៃ​នេះ កងទ័ព​ថៃ មិន​បាន​និយាយ​អំពី​គម្រោង​ដក​ចេញ​ពី​ទឹកដី​ខ្មែរ​ទេ។ កងទ័ព​ទាំង​សងខាង​មាន​ស្ថានភាព​ស៊ាំ​រស់​នៅ​ជិត​គ្នា ដោយ​រង់ចាំ​ស្ដាប់តែ​លទ្ធផល​ដែល​ចរចា​រវាង​មន្រ្តី​រដ្ឋាភិបាល​នៃ​ប្រទេស​ ទាំងពីរ​តែ​ប៉ុណ្ណោះ។

រហូត​មក​ដល់​ថ្ងៃ​អង្គារ​នេះ មាន​សេចក្ដី​រាយការណ៍​ថា ក្រុម​ប្រជាពលរដ្ឋ​ខ្លះ ដែល​បាន​ភៀស​ខ្លួន ដោយសារ​តែ​ភ័យខ្លាច​ការប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ខ្មែរ​-ថៃ នៅ​តំបន់​ជម្លោះ​ប្រាសាទ​ព្រះវិហារ បាន​វិល​ត្រឡប់​មក​ផ្ទះ​របស់​គេ​វិញ នឹង​ចាប់​ផ្ដើម​ប្រកប​របរ​លក់ដូរ​ប្រចាំ​ថ្ងៃ។

ស្រ្តី​ម្នាក់​ដែល​រស់នៅ​ក្នុង​ភូមិ​ក្រោម​ប្រាសាទ​ព្រះវិហារ បាន​មាន​ប្រសាសន៍​ថា គាត់​បាន​ស៊ាំ​នឹង​ស្ថានការណ៍​ប្រឈម​មុខ​ដាក់​គ្នា ដោយ​យោធា​ខ្មែរ​-ថៃ របៀប​នេះ ហើយ​គាត់​មិន​មាន​ការភ័យ​ខ្លាច​ទៀត​ទេ ៖ «ឥឡូវ​ខ្ញុំ​គ្មាន​ខ្លាច​អី​ទៀត​ទេ គ្មាន​ថ្ងៃ​ដែល​យក​បាន​ទេ ទាហាន​ខ្មែរ​យើង​ជា​ច្រើន»

សូម​បញ្ជាក់​ថា ចាប់តាំង​តែ​ពី​កងទាហាន​ឈុត​ខ្មៅ​ថៃ បាន​ចូល​លុកលុយ​ទី​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ ជា​ទឹកដី​ខ្មែរ​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ កាលពី​ថ្ងៃ​ទី​១៥ កក្កដា រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​សីហា មាន​រយៈពេល ២៨​ថ្ងៃ​ហើយ ដោយ​មន្រ្តី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ព្យាយាម​ជួប​ចរចា​រក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​បញ្ហា​ព្រំដែន​ចំនួន​ពីរ​លើក ​រួច​មក​ហើយ ពុំ​បាន​លទ្ធផល​ល្អ​ទេ៕

ទាហាន​ខ្មែរ​៥​នាក់​ឈរ​ជើង​នៅ​លើ​ភ្នំ​ដងរែក​កើត​ជំងឺ​គ្រុនចាញ់

លោក នាក់ វង់ មេ​បញ្ជាការ​កងពល​៤២​ប្រចាំ​ភាគ​ឧត្ដរ បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា កង​ខេមរភូមិន្ទ​ចំនួន​៥​នាក់​ក្នុង​ចំណោម​កងទ័ព​ជា​ច្រើន​នាក់​ដែល​បាន​ដាក់ ​ការពារ​នៅ​លើ​ខ្នង​ភ្នំ​ដងរែក ខែត្រ​ឧត្ដរមានជ័យ បាន​ធ្លាក់​ខ្លួន​មាន​ជំងឺ​គ្រុនចាញ់ ហើយ​មាន​កងកម្លាំង​មួយចំនួន​ទៀត​កំពុង​ប្រឈម​ទៅ​នឹង​ជំងឺ​នេះ ។

RFA Photo/Uy Sophea

ទាហាន ​ខ្មែរ​យាម​ល្បាត​ប្រាសាទ​ព្រះវិហារ​នៅ​ក្នុង​ខែត្រ​ព្រះវិហារ នា​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០០៨ ខណៈ​ដែល​រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរ​ថៃ​ជួប​ប្រជុំ​គ្នា​នៅ​ខែត្រ​សៀមរាប​ ដើម្បី​រក​ដំណោះស្រាយ​ភាព​តានតឹង​ផ្នែក​យោធា​នៅ​តំបន់​បា្រសាទ​ព្រះវិហារ ។

លោក នាក់ វង់ បាន​ឲ្យ​ដឹង​ថា ៖ «គិត​ទៅ​យើង​រស់​នៅ​លំបាក​ណាស់ តំបន់​នេះ​តំបន់​គ្រុនចាញ់ ហើយ​យើង​ខ្វះខាត​ហ្នឹង កង​យោធពល​ខេមរភូមិន្ទ​យើង យើង​ដឹង​ហើយ ។ មាន​ឈឺ​គ្រុនចាញ់​ដែរ ចាប់ផ្ដើម​គ្រុនចាញ់​បណ្ដើរ​ដែរ ។ មក​ដល់​នេះ ៥​នាក់​ហើយ​ដែល​ខ្ញុំ​បញ្ជូន​ទៅ​ក្រោយ»

លោក​វរសេនីយ៍​ឯក នាក់ វង់ បាន​បន្ត​ថា​មាន​ក្រុម​គ្រូពេទ្យ​ទាហាន​ប្រចាំការ​បាន​ផ្ដល់​ការព្យាបាល​នៅ​ ទី​នោះ ប៉ុន្តែ​ទាំង​សម្ភារៈ​និង​ថ្នាំ​សង្កូវ​មិន​មាន​គ្រប់គ្រាន់​សម្រាប់​ ព្យាបាល​នោះ​ទេ គឺ​គ្រាន់តែ​សម្រាប់​ព្យាបាល​បណ្ដោះអាសន្ន​តែ​ប៉ុណ្ណោះ ។

កងកម្លាំង​ខេមរភូមិន្ទ​ជា​ច្រើន​នាក់​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​នៅ​តាម​ គោលដៅ​នីមួយៗ ចាប់ពី​ជើង​ភ្នំ​រហូត​ដល់​ខ្នង​ភ្នំ​ដងរែក ដើម្បី​ការពារ​និង​ទប់ស្កាត់​ការឈ្លានពាន​របស់​ទាហាន​ឈុត​ខ្មៅ​ថៃ ។

តាម​ការសង្កេត​ផ្ទាល់​របស់​វិទ្យុ​អាស៊ីសេរី​ក្រុម​ទាហាន​ខ្មែរ​ទាំង​នោះ បាន​បោះ​ទីតាំង​នៅ​ក្រោម​ដើម​ឈើ ខ្លះ​ធ្វើ​ជម្រក​ជា​តង់ និង​ខ្លះ​ទៀត​ចង​អង្រឹង​ដេក​តាម​ដើម​ឈើ​ដែល​ងាយ​ទទួល​រង​នូវ​ការកើត​មាន​ ជំងឺ​គ្រុនចាញ់ ។

កង​ទាហាន​ឈុត​ខ្មៅ​របស់​ថៃ កាលពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា បាន​ដាក់​កម្លាំង​ពង្រាយ​ចូល​ឈ្លានពាន​លើ​បូរណភាព​ទឹក​ដី​នៃ​ព្រះរាជាណាចក្រ ​កម្ពុជា ដែល​មាន​ចង្ងាយ​ហួស​ពី​ប្រាសាទ​តាមាន់​ធំ​របស់​ខ្មែរ​នៅ​លើ​ខ្នង​ភ្នំ​ដងរែក ​ចម្ងាយ​ប្រហែល​ជា​៣០០​ម៉ែត្រ ។

លោក​វរសេនីយ៍​ឯក នាក់ វង់ បាន​ថ្លែង​ថា​លោក​បាន​ធ្វើ​សំណើ​មួយចំនួន​ទៀត ប៉ុន្តែ​លោក​មិន​សង្ឃឹម​ថា​ជំនួយ​ទាំង​នោះ​នឹង​គ្រប់គ្រាន់​នោះ​ទេ ។

លោក​បាន​អំពាវនាវ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល ក៏​ដូច​ជា​ក្រុមហ៊ុន​ឯកជន​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​ជួយ​ឧបត្ថម្ភ​បន្ថែម​ ទៀត​ដល់​កងទ័ព​ដែល​កំពុង​ឈរ​ជើង​ការពារ​បូរណភាព​ទឹក​ដី​ខ្មែរ ។

គួរ​បញ្ជាក់​ថា​ថ្វីត្បិតតែ​កងទ័ព​ឈុត​ខ្មៅ​របស់​ថៃ​បាន​យល់ព្រម​ដក​ថយ​ ចូល​បន្ទាយ​របស់​ខ្លួន​នៅ​ខាង​ក្រោយ​ប្រាសាទ​តាមាន់​ធំ ដែល​មាន​ចម្ងាយ​១០០​ម៉ែត្រ​ពិត​មែន​ក៏ដោយ ក៏ប៉ុន្តែ​ភាគី​ថៃ​នៅតែ​គ្រប់គ្រង​ប្រាសាទ​តាមាន់​ធំ​ដដែល ដោយ​មាន​ការធ្វើ​របង​ឈើ​ការពារ​មិន​ឲ្យ​ខ្មែរ​ចូល​ទៅ​កាន់​ទី​ប្រាសាទ​នោះ​ ឡើយ ។

ចំណែក​ឯ​កង​យោធពល​ខេមរភូមិន្ទ​ក៏​នៅតែ​បន្ត​ដាក់​កម្លាំង​ការពារ​នៅ​ទី​នោះ​ជា​បន្ត​ទៀត ៕

ទាហាន​ខ្មែរ​ខ្លះ​នៅ​ព្រះវិហារ​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព

កង ​ទាហាន​ខ្មែរ​ខ្លះ ដែល​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​កងយោធា​ថៃ នា​តំបន់​ប្រាសាទ​ព្រះវិហារ កំពុង​ជួប​ប្រទះ​បញ្ហា​សុខភាព កើត​ជំងឺ​ផ្ដាសាយ ដោយសារ​តែ​ធាតុ​អាកាស​ត្រជាក់​និង​រាករូស ដោយសារ​ការបរិភោគ​ចំណី​អាហារ​និង​ទឹក។

RFA file photo/Uy Sophea

អង្គការ​មនុស្ស​ធម៌​ក្នុង​ស្រុក​ចែក​អំណោយ​ជា​ថ្នាំពេទ្យ​ដល់​ទាហាន​ខ្មែរ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ នា​ថ្ងៃ​ទី​២៩ កក្កដា ២០០៨។

មន្រ្តី​ពេទ្យ​មួយ​រូប ដែល​ប្រចាំការ​នៅ​ក្នុង​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ ទី​៦ ខែ​សីហា​នេះ​ថា មាន​ទាហាន ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្លះ នៅ​ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ កំពុង​ទទួល​រង​ជំងឺ​ផ្ដាសាយ ច្រើន​ជាង​ប្រភេទ​ជំងឺ​ដទៃ​ទៀត ៖ «ពេល​ខ្លះ ​ញាក់ យើង​ជោះ​ឈាម​ធ្វើ​តេស្ត អត់​មាន​គ្រុន​ចាញ់​ទេ បើ​ផ្ដាសាយ​រាង​ច្រើន​ជាង​គេ​បន្តិច ឈឺ​ក្បាល ឈឺ​ក្រពះ រាក មាន​ខ្លះ​ដែរ»

តាម​ការបង្ហាញ​តួលេខ​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​ចុះឈ្មោះ​សុំ​ថ្នាំ​ចំនួន ៦៥​នាក់ គឺ ៤០​នាក់ មាន​អាការៈ​ជំងឺ​ផ្ដាសាយ។

ពលទាហាន​ខ្មែរ​ម្នាក់ ដែល​កំពុង​បោះ​ជំរំ​នៅ​ខ្សែ​ត្រៀម​ទី​មួយ ប្រឈម​មុខ​នឹង​កងទាហាន​ប៉ារ៉ា​ថៃ​ដ៏​តឹងតែង បាន​មាន​ប្រសាសន៍​ថា ពួកគាត់​បាន​កើត​ជំងឺ​រាក​ប្រហែល​ជា​បណ្ដាល​មក​ពី​ចំណី​អាហារ​និង​ទឹក​ដែល​ ដង​មក​អណ្ដូង​ប្រើប្រាស់ ហើយ​បាន​កើត​ជំងឺ​ផ្ដាសាយ​ដោយសារ​តែ​ធាតុ​អាកាស​ត្រជាក់​ខ្លាំង ៖ «ផ្ដាសាយ​មាន រាក ចុកមួល។ ទឹក​អណ្ដូង ហើយ​ម្ហូប​មាន​ត្រី​ខ មី»

ចំណែក​ឯ កងទាហាន​ឈុត​ខ្មៅ​របស់​ថៃ​វិញ បាន​បង្ហើប​ឲ្យ​ដឹង​ថា ពួកគេ​ក៏​មាន​ជំងឺ​គ្រុន​ចាញ់​ខ្លះ និង​មាន​បញ្ហា​ផ្ដាសាយ​ផង​ដែរ ក៏​ប៉ុន្តែ​កងទាហាន​ថៃ​ទាំង​នោះ ត្រូវ​បាន​ផ្លាស់ប្តូរ​ចេញ ដាក់​ថ្មី​មក​ជំនួស នៅពេល​ដែល​មាន​ជំងឺ។

ការប្រឈម​មុខ​ដាក់គ្នា​រវាង​កងទ័ព​ខ្មែរ​ថៃ នៅ​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ​រហូត​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅតែ​ស្ថិត​ក្នុង​សភាព​តឹងតែង​ផ្នែក​យោធា​នៅ​ឡើយ​ដោយ​កងទ័ព​ថៃ រាប់​រយ​នាក់ នៅតែ​មាន​វត្ត​មាន​លើ​ទឹក​ដី​ខ្មែរ។

មេ​បញ្ជាការ​កងពល​អន្តរាគមន៍ លេខ​១២ ដែល​កំពុង​គ្រប់គ្រង​កងទ័ព​ខ្មែរ នៅ​តំបន់​ប្រឈម​មុខ​នោះ លោក​ឧត្ដមសេនីយ៍​ទៅ ស្រី ឌឹក បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ថា សភាពការណ៍​យោធា​នៅ​ទី​នោះ គឺ​ដដែល ពុំ​មាន​ការប្រែប្រួល​ណា​មួយពី​យោធា​ថៃ លើ​គម្រោង​ដកទ័ព​ចេញ​នៅ​ឡើយ​ទេ ៖ «អត់ទាន់​មាន​អី​ប្រែប្រួល​ទេ»

សូម​រំឭក​ថា ចាប់តាំង​តែ​ពី​កង​ទាហាន​ឈុត​ខ្មៅ​-ថៃ បាន​ចូល​លុកលុយ​ក្នុង​ទីវត្ត​កែវ​សិក្ខា​គិរី​ស្វារៈ ទឹកដី​ខ្មែរ​ជិត​តំបន់​ប្រាសាទ​ព្រះវិហារ ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី​៧ ខែ​សីហា មាន​រយៈពេល ២៣​ថ្ងៃ​ហើយ ដោយ​ភាគី​ថៃ មិន​បាន​បង្ហាញ​ឆន្ទៈ​ច្បាស់លាស់ ក្នុង​ការដក​កង​ទ័ព​ចេញ ពី​ទឹកដី​ខ្មែរ​នៅ​ឡើយ​ទេ បើ​ទោះ​បី​ជា​ការជួប​ចរចា​រវាង​មន្រ្តី​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ​នៅឯ​ ខេត្ត​សៀមរាប បាន​យល់ព្រម​ដក​កងទ័ព​ចេញ​ពី​តំបន់​ជម្លោះ​ក៏​ដោយ។

ចំណែក​នៅ​ឯ​ច្រក​ព្រំដែន​ជាំសាងាំ ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ ឯណោះ​វិញ មាន​សេចក្ដី​រាយការណ៍​ថា យន្តហោះ​យក​ការណ៍​របស់​ថៃ បាន​ហោះ​ល្បាត​ជាប់​បន្ទាត់​ព្រំដែន ហើយ​កង​ទាហាន​ថៃ​ជា​ច្រើន កំពុង​ធ្វើ​សកម្មភាព​ល្បាត​តាម​បន្ទាត់​ព្រំដែន​ថៃ​-កម្ពុជា ៖ «មួយ​ថ្ងៃ​ពីរ​ថ្ងៃ ឃើញ​យន្តហោះ​ស្លាបកាត់​របស់​វា​ហោះ ទាហាន​វា ដើរ​ល្បាត​ជា​ប្រចាំ»

តាម​កង​រក្សា​ព្រំដែន​ខ្មែរ នៅឯ​ច្រក​ជាំសាងាំ បាន​ឲ្យ​ដឹង​ថា ខណៈពេល​ដែល​កងទ័ព​ជា​ច្រើន​រយ​នាក់ បាន​បញ្ជូន​មក​ដាក់​ការពារ​ព្រំដែន​ខ្មែរ នៅ​តំបន់​នោះ ពួក​គេ​មាន​បញ្ហា​ខ្វះ​ម្ហូប​អាហារ ដោយ​ត្រី​ខ​មួយ​កំប៉ុង ហូប​គ្នា ៥​នាក់ ក្នុង​មួយ​ពេល​ក៏​មាន៕