ទាហាន​ថៃ​យល់​ព្រម​បើក​ច្រក​ចូល​ប្រាសាទ​តាមាន់​វិញ​ហើយ

វិទ្យុអាស៊ីសេរី
ដោយ សាវយុត

មន្រ្តី ​យោធា​ខ្មែរ​នៅ​តំបន់​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ បាន​ឲ្យ​ដឹង​ថា កងទាហាន​ឈុត​ខ្មៅ​ថៃ បាន​យល់ព្រម​បើក​ច្រក​ទ្វារ​ប្រាសាទ​តាមាន់ ឲ្យ​ប្រជាពលរដ្ឋ​និង​យោធា​ខ្មែរ បាន​ចេញចូល​ទៅ​កាន់​ប្រាសាទ​វិញ​ហើយ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​១ ខែ​កញ្ញា ក៏​ប៉ុន្តែ​ស្ថានការណ៍​មិន​ទាន់​ត្រឡប់​ទៅ​រក​ភាព​ប្រសើរ​ដូច​កាល​ពី​មុន​នៅ ​ឡើយ​ទេ។

មេបញ្ជាការ​កង​វរសេនា​តូច​លេខ ៤២២ នៃ​កង​យោធពល​ខេមរភូមិន្ទ លោក ប៉ុល ថេន បាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ចន្ទ​ថា កង​ទាហាន​ឈុត​ខ្មៅ​ថៃ បាន​សុខចិត្ត​បើក​ច្រក​ទ្វារ​ឲ្យ​ប្រជាពលរដ្ឋ​និង​យោធា​ខ្មែរ​បាន​ចេញ​ចូល​ ដូច​ធម្មតា​វិញ បន្ទាប់​ពី​កង​ទាហាន​ថៃ បាន​យក​សោ​មក​ចាក់​បិទ​ជា​ស្ថាពរ​ជិត​២​សប្ដាហ៍​មក​ហើយ ចាប់តាំង​តែ​ពី​មាន​ការបោក​កម្ទេច​ចោល​ឧបករណ៍​មើល​ផែនទី​របស់​មន្រ្តី​ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ខ្មែរ​មក​នោះ។

មន្រ្តី​យោធា​ដដែល បាន​ឲ្យ​ដឹង​ទៀត​ថា បើ​ទោះ​បី​ជា​ទាហាន​ថៃ បាន​យល់ព្រម​បើក​ច្រក​ចេញ​ចូល​ទៅ​កាន់​ប្រាសាទ​តាមាន់​វិញ​ក៏​ដោយ ក៏​ពេល​វេលា​ចេញ​ចូល​បាន​កំណត់​នៅលើ​ទាហាន​ថៃ​ដដែល គឺ​គ្រាន់​តែ​បង្ហាញ​ថា ស្ថាការណ៍​តានតឹង​ដោយ​យោធា​បាន​ធូរស្រាល​បន្តិច​តែ​ប៉ុណ្ណោះ។

លោក ប៉ុល ថេន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ពួក​ភ្ញៀវ​ពី​ភ្នំពេញ​មក ពី​ខាង​ឫស្សីកែវ មក​ច្រើន​ណាស់ វា​បិទ ប៉ុន្តែ​យើង​ហៅ​វា​ឲ្យ​បើក​ឲ្យ​បាន ចេញ​ចូល​ធម្មតា​អត់​អី​ទេ។ ទម្រាំ​នឹង​និយាយ​វា​បាន​ស្រួល​វិញ វា​បាន​ធូរ​គ្រាន់​ជាង​ពី​ម្សិល»

ចំណែក​នៅ​ឯ​តំបន់​ជម្លោះ​ជិត​ប្រាសាទ​ព្រះវិហារ​ឯណោះ​វិញ រហូត​មក​ដល់​ពេល​នេះ ស្ថានការណ៍​ប្រឈម​មុខ​ដាក់​គ្នា​រវាង​យោធា​ខ្មែរ​ថៃ នៅ​ខ្សែ​ត្រៀម​ជួរ​មុខ គឺ​នៅ​តែ​ដដែល។

កាលពី​ថ្ងៃ​ទី​១៦ ខែ​សីហា កន្លង​មក កងទាហាន​ឈុត​ខ្មៅ​ថៃ ប្រមាណ​ជាង ៣៣០​នាក់ បាន​ដក​ចេញ​ពី​ទី​វត្ត​កែវ​សិក្ខា​គិរីស្វរៈ ក៏​ប៉ុន្តែ​បាន​បន្សល់​ទុក​កម្លាំង​ខ្មែរ ១០​នាក់ និង​ថៃ ១០​នាក់ ក្នុង​ទី​វត្ត​នៅ​ឡើយ។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​កាលពី​រសៀល​ថ្ងៃ​ចន្ទ​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន​ទាំង​ នោះ។

លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ទៀត​ថា ចាប់តាំង​តែ​ពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន នាយក​រដ្ឋមន្រ្តី​នៃ​រដ្ឋាភិបាល​កម្ពុជា បាន​ជំរុញ​ឲ្យ​មន្រ្តី​ការបរទេស​ខ្មែរ ធ្វើការ​ទំនាក់​ទំនង​ជាមួយ​ថៃ ដើម្បី​ជួប​ចរចា​គ្នា​បន្ត​ទៅ​ទៀត ក៏​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ។

លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ថា ៖ «អត់​ទាន់​បាន​ចម្លើយ​អី​ទេ ប៉ុន្តែ​យើង​ក៏​អត់​បង្ខំ​អី​ដែរ តាម​ដំណើរ​ទៅ យើង​បញ្ចៀស​រឿង​បញ្ហា​ទ័ព​បាន​វា​រឿង​ធំ​ណាស់​ទៅ​ហើយ។ បញ្ហា​សំខាន់ គឺ​យើង​ចង់​ឲ្យ​ចប់​បញ្ហា​ហ្នឹង គឺ​បញ្ហា​គូរ​ព្រំដែន​ឲ្យ​បាន​ចប់ ហើយ​ដំណោះស្រាយ​ចុង​ក្រោយ​បំផុត​គូរ​ឲ្យ​អស់​ទៅ កន្លែង​ណា​ទាស់​គ្នា​ប៉ុន្មាន ចែក​មិន​ដាច់​ទេ យើង​អាច​មាន​គណៈកម្មការ​អន្តរជាតិ​មួយ អ្នក​កំណត់​បញ្ហា​ហ្នឹង»

សូម​រំឭក​ថា ចាប់​តាំង​តែ​ពី​ទាហាន​ឈុត​ខ្មៅ​ថៃ រាប់រយ​នាក់​បាន​ចូល​លុកលុយ​ទី​វត្ត​ខ្មែរ​កែវ​សិក្ខា​គិរីស្វរៈ កាលពី​ថ្ងៃ​ទី​១៥ ខែ​សីហា និង​ចូល​កាន់កាប់​ប្រាសាទ​តាមាន់​មក មន្រ្តី​ការបរទេស​កម្ពុជា​-ថៃ បាន​ជួប​ចរចា​ស្វែងរក​ការបញ្ចប់​ជម្លោះ​ចំនួន ៣​លើក​មក​ហើយ ពុំ​បាន​លទ្ធផល​ជា​ដុំ​កំភួន​ទេ ហើយ​ការចរចា​ដែល​គ្រោង​នឹង​ធ្វើ​ឡើង ជា​លើក​ទី​៤ ក្នុង​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ត្រូវ​បាន​លុបចោល​ដោយ​ពុំ​មាន​ការកំណត់​ពេល​វេលា​ជួប​ជជែក​ជា​ថ្មី​ទៀត ច្បាស់​លាស់​ពេល​ណា​នៅ​ឡើយ​ទេ៕

ទាហាន​ថៃ​ចូល​លុកលុយ​ដី​ខ្មែរ​មួយ​កន្លែង​ថ្មី​ទៀត​ក្បែរ​ប្រាសាទ​តាមាន់

វិទ្យុអាស៊ីសេរី
ដោយ សាវយុត

មន្រ្តី ​យោធា​ខ្មែរ​បាន​ឲ្យ​ដឹង​ថា កង​ទាហាន​ឈុត​ខ្មៅ​ថៃ បាន​រំកិល​ចូល​មក​បោះ​ទីតាំង​នៅ​លើ​បន្ទាត់​ព្រំដែន​ខ្មែរ​នៃ​ស្រុក​បន្ទាយ​ អំពិល ខេត្ត​ឧត្ដរ​មាន​ជ័យ ជិត​តំបន់​ប្រាសាទ​តាមាន់​ជា​ថ្មី​ទៀត។

មេបញ្ជាការ​កង​វរសេនា​តូច​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​លេខ ៤២២ លោក ប៉ុល ថេន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ទី​២៧ ខែ​សីហា ថា លោក​បាន​ទទួល​ព័ត៌មាន​ថា កង​ទាហាន​ឈុត​ខ្មៅ​ថៃ​មួយ​ក្រុម បាន​ចូល​មក​បោះ​ទីតាំង​នៅ​ចន្លោះ​តំបន់​ចៃឆ្កែ កាល​ពី ៣​ថ្ងៃ​មុន បន្ទាប់​ពី​តំបន់​ជប់​ត្រឡោក ដែល​នៅ​ក្បែរ​គ្នា​នោះ ត្រូវ​បាន​កង​ទាហាន​ថៃ ចូល​កាន់​កាប់​កាល​ពី​សប្ដាហ៍​មុន​មក។

លោក ប៉ុល ថេន មាន​ប្រសាសន៍​ថា ៖ «ខាង​លិច​ចៃ​ឆ្កែ​ប្រហែល​ជា ១០០​ម៉ែត្រ ទាហាន​នៅ​ហ្នឹង បោះ​បន្ទាយ​អី។ មក​នៅ ៣​-៤​ថ្ងៃ​ហើយ។ ពី​មុន​វា​នៅ ក្រោយ​មក​វា​ដក ឥឡូវ​វា​មក​នៅ​វិញ»

តាម​មន្រ្តី​យោធា​បាន​និយាយ​ថា តំបន់​ចៃឆ្កែ​មិន​មាន​កង​ទាហាន​ខ្មែរ​ច្រើន​ទេ មាន​តែ​កង​រក្សា​ព្រំដែន​ខ្មែរ​មួយ​ក្រុម​ប្រមាណ​ជាង ១០​នាក់​ប៉ុណ្ណោះ។

ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ភូមិ​ជប់គគីរ​ខាង​លិច ជិត​តំបន់​ចៃឆ្កែ​នោះ បាន​អះអាង​ថា បច្ចុប្បន្ន​កង​ទាហាន​ថៃ កំពុង​ដើរ​ល្បាត​ជិត​ផ្ទះ​អ្នក​ភូមិ​ខ្មែរ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ មាន​ការព្រួយ​បារម្ភ ៖ «ថៃ សឹង​តែ​រាល់​ថ្ងៃ​ដែរ វា​ដើរ​ល្បាត តាម​ព្រំដែន ជាប់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ ក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ ៥០​ម៉ែត្រ»

ក្រុម​ប្រជាពលរដ្ឋ​ទីនោះ​បាន​និយាយ​ថា អ្នកភូមិ​ក្រីក្រ​ជាង ៦០​គ្រួសារ ដែល​កំពុង​រស់នៅ​ជាប់​ព្រំដែន​បាន​ប្រឈម​មុខ​នឹង​ការ​ខ្វះ​ស្បៀង​អាហារ បន្ទាប់​ពី​កង​ទាហាន​ថៃ បាន​បិទ​ច្រក​មិន​ឲ្យ​ចេញ​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ ហើយ​ពួក​គេ​សុំ​អំពាវនាវ​ដល់​មន្រ្តី​រដ្ឋាភិបាល​ខ្មែរ និង​សប្បុរស​ជន​នានា ជួយ​ផ្ដល់​ស្បៀង​ឲ្យ​ពួកគេ​បាន​គ្រប់គ្រាន់​ផង។

ចំណែក​នៅ​ឯ​ប្រាសាទ​តាមាន់​វិញ កង​យោធា​ខ្មែរ​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ថ្ងៃ​ពុធ ទី​២៧ ខែ​សីហា កង​ទាហាន​ឈុត​ខ្មៅ​ថៃ នៅ​មិន​ទាន់​ធ្វើការ​បើក​ច្រក​ទ្វារ​ឲ្យ​ប្រជាពលរដ្ឋ​និង​ទាហាន​ខ្មែរ​បាន​ ចេញ​ចូល​ទៅ​កាន់​ប្រាសាទ​ដូច​ធម្មតា​វិញ​ទេ បន្ទាប់​ពី​មាន​ការចាក់​សោ​បិទ​ទ្វារ​កាល​ពី​សប្ដាហ៍​មុន ខណៈ​ដែល​កង​ទាហាន​ឈុត​ខ្មៅ​ថៃ​ម្នាក់ បាន​មក​ចាប់​យក​ឧបករណ៍​មើល​ផែនទី​ពី​មន្រ្តី​ក្រសួង​វប្បធម៌​និង​វិចិត្រ​ សិល្បៈ​របស់​ខ្មែរ ហើយ​បោក​កម្ទេច​ចោល​នោះ។

ស្រប​គ្នា​នេះ​ដែរ នៅឯ​តំបន់​ជម្លោះ​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ រហូត​មក​ដល់​ពេល​នេះ ផែនការ​ដក​កងទ័ព​ទាំង​សង​ខាង​រាប់​រយ​នាក់ ដែល​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​ចេញ​ពី​តំបន់​ខ្សែ​ត្រៀម​ជួរ​មុខ​នោះ ត្រូវ​បាន​ពន្យារ​ពេល​ត​ទៅ​ទៀត ដោយ​មិន​មាន​ការ​កំណត់​ច្បាស់លាស់​នៅ​ឡើយ។

តាម​ទាហាន​ឈុត​ខ្មៅ​ម្នាក់ ដែល​កំពុងតែ​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ​នៃ​តំបន់​ជម្លោះ​ព្រំដែន​ជិត​ប្រាសាទ​ ព្រះវិហារ បាន​និយាយ​ថា មេបញ្ជាការ​របស់​ពួក​គេ ពុំ​ប្រាប់​ពី​ការ​ដក​ចេញ​ច្បាស់​លាស់​នៅ​ឡើយ​ទេ ៖ «នៅ​ដដែល​អ៊ីចឹង ឮ​តែ​គេ​និយាយ ចាំ​ប្រជុំ​ថ្ងៃ​២៩, ៣០ [សីហា] អី​ណា​ទៀត»

កង​ទាហាន​ខ្មែរ​ថៃ​ទាំង​នៅ​តំបន់​ប្រាសាទ​តាមាន់​និង​ប្រាសាទ​ព្រះវិហារ​ បាន​ឲ្យ​ដឹង​ថា ពួកគេ​កំពុង​ទន្ទឹង​រង់ចាំ​ផែនការ​ថ្មី ដែល​នឹង​ចេញ​ពី​លទ្ធផល​នៃ​ការជួប​ចរចា​រវាង​មន្រ្តី​ការបរទេស​នៃ​ប្រទេស​ ទាំង​ពីរ ដែល​គ្រោង​នឹង​ជួប​ជជែក​គ្នា​លើក​ទី​៤ នៅ​ឯ​ខេត្ត​សៀមរាប នា​ថ្ងៃ​ទី​២៩ ខែ​សីហា ខាង​មុខ​នេះ៕

ទាហាន​ថៃ​នៅ​តែ​បិទ​ទ្វារ​ចូល​ប្រាសាទ​តាមាន់​នៅ​ឡើយ មក​ដល់​ថ្ងៃ​២៥ សីហា​នេះ

វិទ្យុអាស៊ីសេរី
ដោយ សាវយុត

ការបិទ ​ទ្វារ​ចេញ​ចូល​ទៅ​កាន់​ប្រាសាទ​តាមាន់ នៅ​ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្ដរមានជ័យ ដែល​ធ្វើ​ឡើង​ដោយ​កងទាហាន​ឈុត​ខ្មៅ​ថៃ តាំង​តែ​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន មក​ដល់​ថ្ងៃ​ចន្ទ ទី​២៥ សីហា​នេះ នៅ​មិន​ទាន់​មាន​ការបើក​ចំហ​ឲ្យ​ចេញ​ចូល​ធម្មតា​ដើម្បី​សម្រួល​ស្ថានការណ៍​ ផ្នែក​យោធា ដែល​តានតឹង​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ។

មន្រ្តី​គណៈកម្មការ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា បាន​មាន​ប្រសាសន៍​ថា បញ្ហា​ប្រាសាទ​តាមាន់ មន្រ្តី​ការបរទេស​នៃ​ប្រទេស​កម្ពុជា​-ថៃ បាន​យល់ស្រប​ជាមួយ​គ្នា នឹង​លើក​យក​បញ្ហា​មក​ពិគ្រោះ​យោបល់​ដើម្បី​រក​ដំណោះស្រាយ​ជា​ថ្មី​ម្ដង​ទៀត នៅ​ក្នុង​កិច្ច​ជួប​ចរចា​ដែល​គ្រោង​នឹង​ធ្វើ នៅ​លើក​ក្រោយ​ទៀត​នេះ។ ក៏​ប៉ុន្តែ​ចំពោះ​បញ្ហា​ដែល​កើត​ឡើង​ថ្មី​ស្ដីពី​ការបិទ​ច្រក​ទ្វារ​មិន​ឲ្យ ​ខ្មែរ ចេញ​ចូល​នោះ គឺ​អាជ្ញាធរ​ខេត្ត​ឧត្ដរមានជ័យ ត្រូវតែ​ប្រើប្រាស់​តួនាទី​ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​តំបន់​របស់​ ខ្លួន។

នៅឯ​តំបន់​ប្រាសាទ​តាមាន់​រហូត​ដល់​ថ្ងៃ​ចន្ទ​នេះ កង​ទាហាន​ខ្មែរ បាន​រាយការណ៍​ថា ទាហាន​ឈុត​ខ្មៅ​ថៃ ហាក់​បង្ហាញ​ឥរិយាបថ​មិន​ព្រមព្រៀង​បើក​ច្រកទ្វារ​ឲ្យ​មាន​សភាព​ចេញ​ចូល​ ធម្មតា​ឡើង​វិញ​ទេ។

មេបញ្ជាការ​កង​យោធពល​ខេមរ​ភូមិន្ទ​នៃ​កងវរសេនា​តូច​លេខ ៤២២ ដែល​កំពុង​បោះ​ជំរំ​ការពារ​តំបន់​ប្រាសាទ​តាមាន់ លោក ប៉ុល ថេន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ចន្ទ មេបញ្ជាការ​យោធា​ខ្មែរ បាន​ទៅ​ជួប​នឹង​មេបញ្ជាការ​យោធា​ថៃ ដោយ​សុំ​ឲ្យ​បើក​ទ្វារ​ចេញ​ចូល​ប្រាសាទ​តាមាន់​ឡើង​វិញ ក៏​ប៉ុន្តែ​ត្រូវ​បាន​ទាហាន​ថៃ​ឆ្លើយតប​ថា ទាល់តែ​មាន​ភ្ញៀវ​ពី​ខ្មែរ​ត្រូវ​ចេញ​ចូល ទើប​គេ​បើក​ទ្វារ​ឲ្យ ហើយ​សកម្មភាព​កង​ទាហាន​ឈុត​ខ្មៅ ហាក់​ចម្លែក​ដោយ​ឃើញ​មាន រាយ​បណ្ដាក់​ជា​ក្រុមៗ ត្រៀម​ជា​ស្រេច។

លោក ប៉ុល ថេន មាន​ប្រសាសន៍​ថា ៖ «ថ្ងៃ​នេះ ទៅ​ជួប​នឹង​វា​ថ្ងៃ​មិញ​ហើយ ប៉ុន្តែ​គ្រាន់តែ​ថា ពួក​យើង​ទៅ​ជួប​ហ្នឹង អត់​មាន​បើក​ទេ ទាល់​តែ​មាន​ភ្ញៀវ​អី​ហ្នឹង​បាន​វា​បើក។ ខុស​ប្លែក​ត្រង់​ថា វា​បិទ​តែ​យើង តែ​វា វា​បើក​ថ្ងៃ​សៅរ៍ ថ្ងៃ​អាទិត្យ​ក៏​ដូច​គ្នា។ តាម​មើល​វា​មិន​ជា​ព្រមព្រៀង​អី​ទេ តាម​បន្ទាត់​ហ្នឹង ឃើញ​វា​រាយ​មួយ​ក្រុមៗ​ដែរ​ហ្នឹង»

លោក សយ ថ្លៃ ជា​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ជប់គគីរ​ខាង​លិច បាន​មាន​ប្រសាសន៍​ថា ចម្ងាយ​ពី​ភូមិ​របស់​គាត់​ទៅ​ប្រាសាទ​តាមាន់ ប្រហែល​ជា ៦​គីឡូម៉ែត្រ​ប៉ុណ្ណោះ។

ចាប់​តាំង​តែ​ពី​ថៃ​ចូល​ទៅ​កាន់កាប់​ប្រាសាទ​តាមាន់ ប្រជាពលរដ្ឋ​នៅ​ទីនោះ​ខាន​បាន​ចូល​ទៅ​ច្រូត​ស្បូវ​ដើម្បី​ក្រង​លក់ ចំណែក​ឯ​ព្រំដែន​ក៏​ត្រូវ​បិទ​មិន​ឲ្យ​ចូល​ទៅ​រក​ការងារ​ធ្វើ​នៅ​ឯ​ថៃ​បាន​ ទេ។

លោក សយ ថ្លៃ បាន​មាន​ប្រសាសន៍​ទៀត​ថា អ្នកភូមិ​របស់​គាត់​តែងតែ​ទៅ​លេង​ប្រាសាទ​តាមាន់​នៅ​រដូវ​ចូល​ឆ្នាំ​ខ្មែរ ជា​រៀងរាល់​ឆ្នាំ តែ​ចាប់​ពី​ពេល​នេះ អ្នកភូមិ​ប្រហែល​ជា​ឈប់​បាន​ឃើញ​សម្រស់​ប្រាសាទ​តាមាន់ ទៀត​ហើយ ដោយ​អ្នក​ភូមិ​មិន​សប្បាយ​ចិត្ត ហើយ​កំពុងតែ​គ្រប់គ្នា​មាន​គម្រោង​ប្រមូលផ្ដុំ​ដើម្បី​ប្រឆាំង​នឹង​កងទ័ព​ថៃ ​ទាំង​នោះ។

លោក សយ ថ្លៃ រៀបរាប់​ដូច្នេះ​ថា ៖ «សម្រស់​ប្រាសាទ​ហ្នឹង វា​គួរ​ឲ្យ​ទាក់ទាញ​ដែរ ក្បូរក្បាច់​រចនា​ក៏​ស្អាត​ដែរ គេ​ចាប់​អារម្មណ៍​ច្រើន​ណាស់ ពេល​ដែល​ថៃ​គេ​បិទ ចេញ​ចូល​ទៅ​ណា។ អាឡោះ​អាល័យ​ច្រើន​ណាស់ ត្រង់​ថា ប្រាសាទ​យើង ដល់​ថៃ​អ្នក​គ្រប់គ្រង។ ជា​ការ​សោក​ស្ដាយ​ត្រង់​ថា ថវិកា​យើង​យក​ទៅ​ចាយ​វាយ​នៅ​នឹង​ប្រាសាទ​អស់​ច្រើន​ណាស់ ហើយ​បើ​សិន​ចូល​មក​ជា​បេតិក​ភណ្ឌ​ខ្មែរ​យើង វា​ត្រូវ​ចម្រើន​មក​ខាង​ខ្មែរ​យើង។ អត់​សប្បាយ​ចិត្ត​គ្រប់​គ្នា​នេះ កំពុង​តែ​ជុំ​បង​ប្អូន​រើស​ខាង​ជីវពល​ឃុំ​នេះ ដើម្បី​ថា ចង់​ប្រឈមមុខ​ជា​មួយ​ពួក​វា​ដែរ»

អ្នក​ធ្លាប់​រក​ចំណូល​ពី​ទេសចរណ៍​ដោយសារ​ការនាំ​ភ្ញៀវ​ដើរ​ទស្សនា​ ប្រាសាទ បាន​និយាយ​ថា ប្រាសាទ​តាមាន់​របស់​ខ្មែរ មាន​តម្លៃ​ដ៏​លើស​លប់ មិន​អាច​កាត់​ថ្លៃ​បាន​ទេ។ ប្រាសាទ​នោះ បើ​មាន​ផ្លូវ​ចេញ​ចូល​ល្អ អាច​ទាក់ទាញ​ទេសចរ​បរទេស​យ៉ាង​ច្រើន ហើយ​អាច​ផ្ដល់​មុខ​របរ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទី​នោះ ចាក​ផុត​ពី​ភាព​ក្រីក្រ​ទៀត​ផង។

អ្នក​មគ្គុទ្ទេសក៍​ទេសចរណ៍​មួយ​រូប ដែល​តែងតែង​នាំ​ភ្ញៀវ​ដើរ​មើល​ប្រាសាទ​នៅ​ខេត្ត​សៀមរាប លោក រ៉េត សាមុត បាន​មាន​ប្រសាសន៍​ថា ប្រាសាទ​បុរាណ​ដែល​ជា​ស្នាដៃ​ដូនតា​ខ្មែរ មាន​តម្លៃ​មហាសាល​ណាស់ ហើយ​បើ​បណ្ដោយ​ឲ្យ​ថៃ​យក​បាន គឺ​ពិត​ជា​គួរ​ឲ្យ​សោក​ស្ដាយ។

លោក រ៉េត សាមុត មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ប្រាសាទ​ដែល​ជា​កេរ​ដំណែល ​ដូន​តា​មាន​តម្លៃ​ធំ​ធេង និង​មហា​សាល​ណាស់។ គ្រាប់​ពេជ្រ​មាន​តម្លៃ ក៏​ពិត​មែន ក៏​ប៉ុន្តែ​គ្រាប់​ពេជ្រ​មាន​ដាក់​លក់​តាម​ទីផ្សារ ក៏​ប៉ុន្តែ​ចំពោះ​ប្រាង្គ​ប្រាសាទ​របស់​ដូនតា​ខ្មែរ ដែល​លោក​បាន​កសាង​មក គឺ​មិន​មាន​នៅ​តាម​ទីផ្សារ​ទេ ដូច្នេះ​ខ្ញុំ​គិត​ថា វា​ថ្លៃ​ជាង​គ្រាប់​ពេជ្រ​ទៅ​ទៀត។ ត​ទៅ ភ្ញៀវ​នៅ​ក្នុង​សកល​លោក​ហ្នឹង គេ​មក​មើល​ប្រាសាទ​ហ្នឹង​ទៅ ធ្វើ​ឲ្យ​ប្រជាជន​មាន​ការងារ​ធ្វើ បង​ប្អូន​យើង​បាន​ផុត​ពី​ភាព​ក្រីក្រ​បាន តាមរយៈ​ទេសចរណ៍ ឬ​ក៏​តាមរយៈ​ពិភពលោក។ ក្នុង​នាម​ជា​ពលរដ្ឋ​មួយ​រូប​នេះ ការបាត់​បង់​ប្រាសាទ គឺ​ជា​ការ​បាត់បង់​ព្រលឹង​ជាតិ​មួយ​ដែរ មាន​ការ​សោក​ស្ដាយ​ណាស់»

អ្នក​បុរាណ​វិទ្យា​របស់​ប្រទេស​កម្ពុជា បាន​បង្ហាញ​ភស្តុតាង​ថា ប្រាសាទ​តាមាន់​គឺ​ជា​ប្រាសាទ​ខ្មែរ ដែល​មាន​រចនាបថ​ខ្មែរ​សុទ្ធ​សាធ ក្នុង​ចំណោម​ប្រាសាទ​មួយ​ចំនួន​ទៀត ដែល​ថៃ​បាន​យក​ទៅ​កាន់កាប់​ទៅ​ហើយ។

សាស្រ្ដាចារ្យ​ផ្នែក​បុរាណ​វិទ្យា​នៃ​សកល​វិទ្យាល័យ​វិចិត្រ​សិល្បៈ​របស់ ​ប្រទេស​កម្ពុជា លោក សឺន ស៊ូប៊ែរ្តិ៍ បាន​មាន​ប្រសាសន៍​ថា ការ​ព្យាយាម​លេប​ត្របាក់​យក​ប្រាសាទ​តាមាន់​ពី​សំណាក់​កង​ទាហាន​ថៃ នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ប្រទេស​អាស៊ាន ប្រទេស​កម្ពុជា​-ថៃ​គួរតែ​ចរចា​ទ្វេ​ភាគី ក៏​ប៉ុន្តែ​បើ​ប្រទេស​ថៃ​មិន​យល់ព្រម​ឲ្យ​មក​ខ្មែរ​វិញ​ទេ យើង​ត្រូវ​រៀបចំ​ភស្តុតាង​គ្រប់គ្រាន់​ដាក់​ទៅ​តុលាការ​អន្តរជាតិ​ម្ដង​ទៀត ដូចជា​ប្រាសាទ​ព្រះវិហារ កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ ដូច្នោះ​ដែរ។

លោក សឺន ស៊ូប៊ែរ្តិ៍ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ប្រាសាទ​នៅ​ជាយ​ដែន​ ខ្មែរ​-ថៃ មាន​តាមាន់​ធំ តាមាន់​តូច ផង ជា​រចនាបថ​របស់​ខ្មែរ​សុទ្ធ​សាធ​ហើយ។ ក្នុង​សតវត្សរ៍​ទី​១១ នៅ​ក្នុង​រជ្ជកាល​ព្រះបាទ​សុរិយវរ្ម័ន​ទី​១ ថៃ​អត់​ទាន់​មាន​រជ្ជកាល​ផង​ហ្នឹង អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្រ្ដ​វា​ចាប់​ពី​សតវត្សរ៍​ទី​១៣ ទៅ។ គេ​មាន​ភស្តុតាង​ពួក​ថៃ​ហៅ​ថា ស្យ៉ាម ប៉ុន្តែ​យើង​ហៅ សៀម។ ក្នុង​ក្របខ័ណ្ឌ​នៃ​តំបន់​អាស៊ី​អាគ្នេយ៍ សមាគម​អាស៊ាន​ហ្នឹង គួរ​ណា​ចរចា​ទ្វេ​ភាគី​ទៅ ក៏​ប៉ុន្តែ​បើ​មិន​ចេញ​ជា​ស្អី​ទេ ខ្មែរ​យើង បើ​យើង​មាន​ភស្តុតាង​គ្រប់គ្រាន់​ហើយ បើ​ខាង​ថៃ​គេ​មិន​ព្រម​ទទួល​ស្គាល់​ទេ គួរ​ទៅ​តុលាការ​អន្តរជាតិ​ម្ដង​ទៀត ព្រោះ​យើង​មាន​បាន​ធ្វើ​ម្ដង​ហើយ ពី​រឿង​ព្រះវិហារ»

ចំណែក​ប្រធាន​គណៈកម្មការ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង បាន​មាន​ប្រសាសន៍​ថា បញ្ហា​ជម្លោះ​ប្រាសាទ​តាមាន់ ប្រទេស​កម្ពុជា​-ថៃ បាន​ព្រម​ជាមួយ​គ្នា​ថា នឹង​លើក​យក​មក​ដោះស្រាយ​ក្នុង​ជំនួប​ចរចា​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​នៃ​ ប្រទេស​ទាំង​ពីរ ដែល​គ្រោង​នឹង​ធ្វើ​នៅ​ពេល​ខាង​មុខ​នេះ។

លោក វ៉ា គឹមហុង បាន​មាន​ប្រសាសន៍​ថា រាល់​បញ្ហា​ដែល​កើត​ឡើង​បន្តិច​បន្តួច នា​ពេល​បច្ចុប្បន្ន ត្រូវ​ប្រគល់​តួនាទី​ទៅ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជា​អ្នក​ដោះស្រាយ ៖ «អាហ្នឹង ​គេ​បាន​បញ្ជាក់​នៅ​ពេល​សន្និសីទ​កាសែត​របស់​ឯកឧត្ដម ហោ ណាំហុង បន្ទាប់​ពី​ប្រជុំ​នៅ​ហួហ៊ីន​នោះ​មក អាទិត្យ​មុន​ថា ភាគី​ទាំង​ពីរ​នឹង​ឯកភាព​គ្នា ទី១ នឹង​យក​បញ្ហា​តំបន់​នោះ មក​ពិគ្រោះ​យោបល់​ទៀត នៅ​ពេល​ប្រជុំ​លើក​ក្រោយ រវាង​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ បាន​ឯកភាព​គ្នា​អ៊ីចឹង​ហើយ»

តាម​អ្នក​ច្បាប់​ខ្មែរ​បាន​និយាយ​ថា បញ្ហា​ជម្លោះ​ប្រាសាទ​តាមាន់ ដែល​ទាហាន​ឈុត​ខ្មៅ​ថៃ កំពុង​ចូល​កាន់កាប់​នោះ ការ​ស្វែងរក​ដំណោះស្រាយ​ដ៏​សំខាន់ ត្រូវ​ត្រឡប់​ទៅ​រក​កិច្ច​ព្រមព្រៀង​រវាង​សៀម​-បារាំង ដែល​តំណាង​ឲ្យ​រដ្ឋ​ខ្មែរ កាលពី​អំឡុង​ឆ្នាំ​១៩០៧ ដែល​មាន​កិច្ចព្រមព្រៀង​សំខាន់ ចុង​ក្រោយ​បង្អស់ ដោយ​ចំណុច​ព្រំដែន​ទាំង​ប៉ុន្មាន​បាន​កត់​សម្គាល់​ច្បាស់​លាស់ គេ​ជឿ​ថា ប្រទេស​បារាំង​នឹង​មាន​រក្សា​ទុក​ឯកសារ​និង​ផែនទី​ទាំង​នោះ​នៅ​ឡើយ៕

ទាហាន​ថៃ​ចូល​លុកលុយ​ដី​ខ្មែរ​នៅ​តំបន់​«ជប់ត្រឡោក» ក្បែរ​ប្រាសាទ​តាមាន់

វិទ្យុអាស៊ីសេរី
ដោយ សាវយុត

មន្រ្តី ​យោធា​ខ្មែរ​បាន​អះអាង​ថា កង​ទាហាន​ឈុត​ខ្មៅ​ថៃ​មួយ​ក្រុម​បាន​ព្យាយាម​ចូល​កាន់កាប់​ទឹក​ដី​ខ្មែរ​មួយ ​កន្លែង​ទៀត នៅ​តំបន់​ភាគ​ខាង​លិច​នៃ​ភូមិ​ជប់​គគីរ ក្នុង​ឃុំ​បន្ទាយ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្ដរមានជ័យ កាលពី​ពេល​ថ្មីៗ​នេះ។

មេបញ្ជាការ​កង​វរសេនា​តូច​លេខ ៤២២ របស់​កង​យោធពល​ខេមរ​ភូមិន្ទ ដែល​កំពុង​គ្រប់គ្រង​កងទ័ព​ជិត​តំបន់​ប្រាសាទ​តាមាន់ លោក ប៉ុល ថេន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៤ សីហា ថា តាម​លោក​ទទួល​ព័ត៌មាន​ថា កង​ទាហាន​ថៃ​ឈុត​ខ្មៅ​មួយ​ក្រុម បាន​ចូល​មក​បោះ​ទីតាំង នៅ​តំបន់​ច្រក​ជប់​ត្រឡោក នៃ​ទឹក​ដី​ខ្មែរ ដោយ​មាន​ជីក​លេណដ្ឋាន​ត្រៀម​ប្រយុទ្ធ​ផង។

លោក ប៉ុល ថេន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ច្រក​ជប់ត្រឡោក នៅ​ខាង​លិច​ជប់​គគីរ តាម​របាយការណ៍ វា​បោះ​ទីតាំង ហើយ​ជីក​លេណដ្ឋាន​អី ជុំវិញ​ហ្នឹង។ ពួក​ហ្នឹង​វា​បញ្ជាក់​មក​ថា ពី​ម្សិលមិញ»

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ជប់គគីរ​ខាង​លិច ឃុំ​អំពិល ស្រុក​បន្ទាយអំពិល បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា តំបន់​ច្រក​ជប់ត្រឡោក​មាន​ចម្ងាយ​ប្រមាណ ១៨០០​ម៉ែត្រ ភាគ​ខាង​លិច នៃ​ភូមិ​ជប់គគីរ​ខាង​លិច​ប៉ុណ្ណោះ។

ប្រជាពលរដ្ឋ​ដដែល​បាន​អះអាង​ថា កាល​ពី​មុន​កើត​បញ្ហា​នៅ​ប្រាសាទ​តាមាន់ តំបន់​ជប់ត្រឡោក ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ដើរ​ឆ្លង​ទៅ​ធ្វើការ​ក្នុង​ទឹកដី​ថៃ និង​ធ្លាប់​ដើរ​ច្រូត​ស្បូវ​នៅ​ទីនោះ ៖ «ជប់​ត្រឡោក នៅ​តំបន់​នោះ យើង​ធ្លាប់​ដើរ​ធ្វើការ​ឆ្លង​កាត់​ទៅ​ឡាក់​២៦។ ទ័ព​ឈុត​ខ្មៅ រារាំង​ផ្លូវ​នោះ មិន​ឲ្យ​ខ្មែរ​យើង​ដើរ​កាត់។ វា​ចេញ​មក​កាក់​នៅ​ខាង​មុខ វា​មិន​ឲ្យ​យើង​ចូល»

បញ្ហា​ជាប់​គ្នា​នេះ​ដែរ នៅ​តំបន់​ប្រាសាទ​តាមាន់ ក្នុង​ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្ដរមានជ័យ​ដដែល មេបញ្ជាការ​យោធា​ខ្មែរ​ជាន់​ទាប​មួយ​រូប​ប្រចាំ​តំបន់​នោះ បាន​មាន​ប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ ថា កង​ទាហាន​ថៃ បាន​ជូន​ដំណឹង​មក​កងទ័ព​ខ្មែរ​អំពី​ការស្នើ​សុំ​បិទ​ទ្វារ​ច្រក​ចូល​ប្រាសាទ ​តាមាន់ សម្រាប់​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​ជា​បណ្ដោះ​អាសន្ន ដោយ​ហេតុផល​ថា មេបញ្ជាការ​របស់​គេ​មិន​នៅ។

មន្រ្តី​យោធា​ខ្មែរ​ដដែល បាន​ឲ្យ​ដឹង​ទៀត​ថា ការស្នើ​សុំ​បិទ​ច្រក​ប្រាសាទ​តាមាន់​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​បញ្ហា​កើត​ឡើង ដោយ​កង​ទាហាន​ឈុត​ខ្មៅ​ថៃ បាន​ចាប់​យក​ឧបករណ៍​ផែនទី GPS របស់​មន្រ្តី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​របស់​ខ្មែរ​ទៅ​បំផ្លាញ​ ចោល។

ចំណែក​ស្ថានការណ៍​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​កងទ័ព​ខ្មែរ​-ថៃ ខ្សែ​ត្រៀម​ជួរ​មុខ​ជិត​ប្រាសាទ​ព្រះវិហារ ត្រូវ​បាន​គេ​ដឹង​ថា គ្មាន​អ្វី​ផ្លាស់​ប្តូរ​ទៅ​រក​ភាព​ប្រសើរ​នៅ​ឡើយ​ទេ ដោយសារ​កាល​កំណត់​នៃ​ការដក​កងទ័ព​ទាំង​សង​ខាង​ចេញ​ពី​តំបន់​ជម្លោះ​ព្រំដែន​ ត្រូវ​បាន​ជាប់​គាំង។

មេបញ្ជាការ​កង​ពល​អន្តរាគមន៍​លេខ ១២ ដែល​កំពុង​គ្រប់គ្រង​កងទ័ព​ខ្មែរ​នៅ​ទី​នោះ លោក​ឧត្ដមសេនីយ៍​ទោ ស្រី ឌឹក បាន​មាន​ប្រសាសន៍​ថា ការប្រឈម​មុខ​ដាក់​គ្នា​រវាង​កងទ័ព​ខ្មែរ​និង​ទាហាន​ឈុត​ខ្មៅ​ប៉ារ៉ា​របស់​ ថៃ​នោះ គឺ​នៅ​តែ​ដដែល ៖ «ដូច​លើក​មុន​ហ្នឹង នៅ​ដដែល គេ​មិន​ទាន់​ទៅ​ផង។ ចាំ​មើល​ថ្ងៃ ២៩»

ទាំង​យោធា​ខ្មែរ​និង​ថៃ ដែល​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​រយៈពេល ៤១​ថ្ងៃ មក​ហើយ គឺ​នៅតែ​បន្ត​រង់ចាំ​ដំណោះស្រាយ​នៃ​កិច្ច​ជួបចរចា​រវាង​មន្រ្តី​រដ្ឋាភិបាល​ ទាំង​ពីរ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ខាង​មុខ​នេះ​ទៀត៕

ទាហាន​ថៃ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​និង​យោធា​ខ្មែរ​ចូល​ប្រាសាទ​តាមាន់​ធំ

កាសែត Daily Manager របស់​ថៃ រាយការណ៍​ថា យោងតាម​កិច្ច​ព្រមព្រៀង​រវាង​ក្រុម​ទាហាន​ឈុត​ខ្មៅ​ពី​បន្ទាយ​ស៊ុរៈ​នារី​ និង​យោធា​ខ្មែរ​នៃ​យោធ​ភូមិភាគ​ទី​៤ កាល​ពី​ថ្ងៃ​ទី​១៣ សីហា ទាហាន​ថៃ ដែល​នៅ​កាន់កាប់​ប្រាសាទ​តាមាន់​ធំ​របស់​ខ្មែរ បាន​បើកទ្វារ​របង​លួស​បន្លា អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​និង​យោធា​ខ្មែរ ចូល​ទៅ​ទស្សនា​ប្រាសាទ​បុរាណ​នេះ​ហើយ កាល​ពី​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១៤ សីហា ម្សិលមិញ​នេះ ដោយ​មាន​វិធានការ​ការពារ​ត្រួត​ពិនិត្យ​តឹងរ៉ឹង​ហាម​នាំ​សព្វាវុធ​និង​ ស្លៀកពាក់​ឯកសណ្ឋាន​យោធា​ចូល​ជា​ដាច់​ខាត។


RFA Photo/Chea Makara
ទាហាន ​ថៃ​ឈរ​យាម​នៅ​ខាង​ក្រៅ​ប្រាសាទ​តាមាន់​ធំ ដែល​ស្ថិត​ក្នុង​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្ដរ​មានជ័យ រារាំង​ទាហាន​ខ្មែរ​មិន​ឲ្យ​ចូល​ក្នុង​បរិវេណ​ប្រាសាទ នា​ថ្ងៃ​ទី​៨ សីហា ២០០៨។

កាសែត​បាន​ឲ្យ​ដឹង​ថា ទោះ​ជា​យ៉ាង​នេះ​ក្ដី ក៏​ពុំ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ណា​ម្នាក់ ចូល​ទៅ​ក្នុង​ប្រាសាទ​នោះ​ឡើយ លើកលែង​តែ​គណៈប្រតិភូ​យោធា​ខ្មែរ​និង​អ្នកកាសែត​ចំនួន ៧​នាក់​ចូល​ទៅ​ទស្សនា​ប្រាសាទ​តែ​ប៉ុណ្ណោះ។

ខាង​ទាហាន​ឈុត​ខ្មៅ​ថៃ ពី​បន្ទាយ​ស៊ុរៈ​នារី នៅ​នគរ​រាជសីម៉ា បាន​ត្រៀម​ប័ណ្ណ​ចូល​មើល​ប្រាសាទ បែងចែក​ចេញ​ជា​ប័ណ្ណ​សម្រាប់​ប្រុស​និង​ប័ណ្ណ​សម្រាប់​ស្រ្ដី​ផ្សេង​ពី​គ្នា ​សម្រាប់​ឲ្យ​ទស្សនិកជន​ខ្មែរ កាន់​ចូល​ទៅ​មើល​ប្រាសាទ​តាមាន់ធំ។ អ្នក​ចូល​ទៅ​ក្នុង​តួ​ប្រាសាទ ត្រូវ​មាន​ប័ណ្ណ ហើយ​ត្រូវ​ឆ្លងកាត់​ការត្រួត​ពិនិត្យ ឆែកឆេរ យ៉ាង​តឹងរ៉ឹង ហាម​មិន​ឲ្យ​នាំ​អាវុធ គ្រឿង​ឧបករណ៍​ទូរគមនាគមន៍ គ្រឿង​ញៀន និង​វត្ថុ​ខុស​ច្បាប់​ចូល​ទៅ​ជា​មួយ ហើយ​ហាម​ស្លៀកពាក់​ឯកសណ្ឋាន​យោធា​កម្ពុជា ចូល​ទៅ​ជា​ដាច់ខាត។

លោក ធីរ៉ាវ៉ាត់ ស៊ុតស៊ុក ចៅហ្វាយ​ស្រុក ស្រុក​ភ្នំ​ដង​រ៉ែក ខេត្ត​សុរិន្ទ មាន​ប្រសាសន៍​ប្រាប់​ដូច្នេះ ៖ «ខ្ញុំ ​បាន​ដឹង គេ​អនុញ្ញាត​ឲ្យ​ឡើង​មក​ទីនេះ​បាន ពី​ម៉ោង​៩ ដល់​ថ្ងៃ​ត្រង់ តែ​តាម​ដែល​ខ្ញុំ​ទៅ​សង្កេត​មើល ពុំ​ឃើញ​មាន​ខ្មែរ​ចូល​មក ទោះ​ជា​ម្នាក់​ផង​ទេ គឺ​មាន​តែ​អ្នក​ទេសចរ​ថៃ និង​អ្នក​កាសែត​ទៅ​មើល​កន្លែង​នោះ តែ​ប៉ុណ្ណោះ»

កាសែត Daily Manager រាយការណ៍​ថា ទោះ​ជា​គ្មាន​ពលរដ្ឋ​ខ្មែរ មក​មើល​ប្រាសាទ​តាមាន់ធំ តែ​ក៏​នៅ​មាន​គណៈប្រតិភូ​របស់​វរៈសេនីយ៍ឯក នាក់ វង្ស នាយសេនាធិការ​និង​ជា​មេបញ្ជាការ​រង​កង​ពល​លេខ​៤២ របស់​កម្ពុជា ព្រមទាំង​អ្នក​កាសែត​ទាំង​អស់ ៧​នាក់ បាន​ឡើង​មក​ដល់​ទួល​ប្រាសាទ ម៉ោង​១១ មុន​ថ្ងៃ​ត្រង់ ហើយ​ខាង​ថៃ ក៏​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ទស្សនា​ដោយ​ឃើញ​ថា ជា​គណៈប្រតិភូ​នាយ​ទាហាន​ជាន់ខ្ពស់ ទើប​អនុញ្ញាត​ឲ្យ​ស្លៀក​ឯកសណ្ឋាន​យោធា​ចូល​ទៅ​បាន ព្រមទាំង​អនុញ្ញាត​ឲ្យ​អ្នក​កាសែត​ខ្មែរ ថត​រូប​បាន​ទៀត​ផង។

រីឯ​ខាង​ថៃ​វិញ ដោយ​បាន​ទទួល​ដំណឹង​ថា មាន​ការបើក​ទ្វារ​ឲ្យ​ខាង​ពលរដ្ឋ​កម្ពុជា ចូល​ទៅ​ទស្សនា​នោះ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ សីហា ម្សិលមិញ ក៏​មាន​ទេសចរ​និង​ព្រះសង្ឃ​ចំនួន​ច្រើន​ជាង​សព្វ​មួយ​ដង បាន​នាំ​គ្នា​ទៅ​ទស្សនា​ប្រាសាទ​តាមាន់ធំ ព្រមទាំង​ប្រាសាទ​តាមាន់​តូច និង​ប្រាសាទ​តាមាន់ ដែល​ស្ថិត​នៅក្នុង​ឃុំ​តាមៀង ស្រុក​ភ្នំ​ដងរ៉ែក ខេត្ត​សុរិន្ទ ក្បែរ​នោះ​ផង៕

ទាហាន​ថៃ​យល់ព្រម​បើក​ច្រក​ទ្វារ​ឲ្យ​ខ្មែរ​ចូល​ប្រាសាទ​តាមាន់

មន្រ្តី ​យោធា​ខ្មែរ​បាន​អះអាង​ថា កង​ទាហាន​ឈុត​ខ្មៅ​ថៃ​ដែល​កំពុង​កាន់កាប់​ប្រាសាទ​តាមាន់ នៅ​ទឹក​ដី​ខ្មែរ ក្នុង​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្ដរមានជ័យ បាន​យល់ព្រម​បើក​ច្រក​ទ្វារ​ដែល​បិទ​ដោយ​លួសបន្លា​កន្លងមក ដើម្បី​ឲ្យ​កង​ទាហាន​និង​ប្រជាពលរដ្ឋ​ខ្មែរ​អាច​ចេញ​ចូល​ទៅ​ប្រាសាទ​តាមាន់​ ហើយ ។


RFA Photo/Chea Makara
ទាហាន​ខ្មែរ​ឈរ​ជើង​នៅ​ក្បែរ​ប្រាសាទ​តាមាន់​ធំ ក្នុង​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្ដរ​មានជ័យ នា​ថ្ងៃ​ទី​៨ សីហា ២០០៨។

មេ​បញ្ជាការ​កង​វរសេនា​តូច​លេខ​៤២២​របស់​កង​យោធពល​ខេមរភូមិន្ទ ដែល​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​កង​ទាហាន​ឈុត​ខ្មៅ​ថៃ នៅ​តំបន់​ប្រាសាទ​តាមាន់ លោក ប៉ុល ថេន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ពុធ ទី​១៣ ខែ​សីហា ថា កង​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​យល់ព្រម​បើក​ច្រក​ទ្វារ​ចេញ​ចូល​កាលពី​វេលា​ម៉ោង​ ប្រមាណ​១​រសៀល។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ក្រៅពី​កង​ទាហាន​ថៃ​យល់ព្រម​បើក​ច្រក​ចេញ​ចូល​ប្រាសាទ​តាមាន់​នោះ កង​ទាហាន​ថៃ​ទាំងអស់​បាន​ដក​ថយ​ចេញ​ពី​ប្រាសាទ​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ ហើយ​កង​ទាហាន​ខ្មែរ​ក៏​បាន​ដក​ថយ​១០០​ម៉ែត្រ​ដែរ ដោយ​ទុកតែ​ទាហាន​ថៃ​៥​នាក់ និង​ទាហាន​ខ្មែរ​៥​នាក់​ប៉ុណ្ណោះ​សម្រាប់​ដើរ​ល្បាត។

លោក ប៉ុល ថេន បាន​មាន​ប្រសាសន៍​ថា ៖ «វា​បើក​ទ្វារ​ទាំងអស់​ហើយ ឲ្យ​យើង​ចេញ​ចូល​ធម្មតា​វិញ​បាន​ហើយ ប៉ុន្តែ​គ្រាន់តែ​យើង​នៅ​និយាយ​គ្នា​បណ្ដើរៗ​នៅ​លើ​ហ្នឹង វា​ដក​ចេញ ។ ចម្ងាយ​ពី​ប្រាសាទ​ទៅ​បន្ទាយ​វា​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ ទាំង​សងខាង។ ទុក​ឲ្យ​កងទ័ព​ដើរ​ល្បាត​ចំនួន​៥​នាក់​រៀងៗខ្លួន ក្រៅពី​ហ្នឹង​គឺ​ថា​នៅ​ចំណុច​ខាង​ក្រោម។ ពីរ​ម៉ោង​មុន​រាង​តឹងតែង​ដែរ យើង​និយាយ​ដោះស្រាយ​គ្នា​អត់​ទាន់​ត្រូវ»

តាម​មេ​បញ្ជាការ​យោធា​ខ្មែរ​ឲ្យ​ដឹង​ថា ការយល់ព្រម​បើក​ច្រក​ចេញ​ចូល​ប្រាសាទ​នោះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ ការជជែក​គ្នា​ដ៏​តឹងតែង​រវាង​មេ​បញ្ជាការ​ថ្នាក់​ភូមិភាគ​ខ្មែរ​និង​ថៃ អស់​រយៈពេល​ប្រមាណ​ជា​ពីរ​ម៉ោង ដោយ​ភាគី​ខ្មែរ​ទាមទារ​ឲ្យ​មាន​ការរុះរើ​របង​លួស​បន្លា​ចេញ​ពី​មុខ​ប្រាសាទ និង​ឲ្យ​កង​ទាហាន​ថៃ​ទាំងអស់​ដក​ចេញ ។ បើ​ទោះបី​ជា​ស្ថានការណ៍​ប្រឈម​មុខ​ដោយ​យោធា​នៅ​ប្រាសាទ​តាមាន់ ត្រូវ​បាន​កង​ទាហាន​ថៃ​បន្ទន់​ឥរិយាបថ​ក៏​ដោយ ក៏​កង​ទាហាន​ខ្មែរ​មួយចំនួន​នៅតែ​បញ្ជូន​បន្ថែម​ទៅ​កាន់​តំបន់​នោះ​នៅ​ថ្ងៃ​ ពុធ​នេះ ។

ចំណែក​នៅ​ឯ​បន្ទាត់​ព្រំដែន​ខ្មែរ​ថៃ​ច្រក​ជាំសាង៉ាំ ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ​ឯណោះ​វិញ មាន​សេចក្ដី​រាយការណ៍​ថា​កង​ទាហាន​ប៉ារ៉ា​ថៃ នៅតែ​ធ្វើ​សមយុទ្ធ​យោធា​ក្បែរៗ​ព្រំដែន​ខ្មែរ ។

អនុ​ប្រធាន​ក្រុម​ការងារ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា​ថៃ លោក​វរសេនីយ៍ តូច រ៉ា បាន​មាន​ប្រសាសន៍​ថា កង​ទាហាន​ថៃ​បាន​បង្ហាញ​ឲ្យ​ឃើញ​សកម្មភាព​ហ្វឹកហាត់​របស់​គេ នៅ​តាម​បន្ទាត់​ព្រំដែន​ថៃ​កម្ពុជា ហើយ​កងទ័ព​ខ្មែរ​ជា​ច្រើន​នៅតែ​រាយ​បណ្ដាក់​តាម​ព្រំដែន​ទាំង​នោះ ។

លោក​វរសេនីយ៍ តូច រ៉ា បាន​ឲ្យ​ដឹង​ថា ៖ «សកម្មភាព​របស់​វា​នៅតែ​ ហ្វឹកហាត់​ដដែល ស្ពាយ​បាឡូ ដាក់​ដុំ​ថ្ម ដាក់​ដុំ​ដី​អ៊ីចឹង កូន​ទាហាន​កាតព្វកិច្ច ១៨​ខែ របស់​គេ​ហ្នឹង។ ហ្វឹកហាត់​តាំងពី​២​ខែ​មុន​រហូត​ដល់​ខែ​កញ្ញា​នេះ ឃើញ​អ៊ីចឹង តាម​គុម្ពោត តាម​ព្រៃ»

លោក តូច រ៉ា បាន​ឲ្យ​ដឹង​ទៀត​ថា​កង​ទាហាន​ខ្មែរ​មួយចំនួន​ដែល​កំពុងតែ​រាយ​បណ្ដាក់​ ការពារ​ព្រំដែន​ខ្មែរ​ក្នុង​ព្រៃ កំពុង​ទទួល​រង​ជំងឺ​គ្រុនចាញ់ ក្ដៅ​សន្ធម និង​ខ្វះ​ស្បៀង​អាហារ​នៅ​ឡើយ ៖ «បង​ប្អូន​យើង​អាច ១០% អី​ហើយ មាន​ជំងឺ​គ្រុន​ចាញ់​ដែរ គ្រុន​របៀប​ក្ដៅ​ភ្លាមៗ​តែម្ដង តាម​ខ្សែ​បន្ទាត់​ព្រំដែន ទើប​ខាង​ហ្នុង​ឯង បើ​គ្នា​នៅ​ក្នុង​ព្រៃ​អី»

ក្រុម​កង​ទាហាន​បាន​ឲ្យ​ដឹង​ថា គេ​ត្រូវការ​មុង តង់​កៅស៊ូ​ធ្វើ​ជា​ជម្រក និង​ថ្នាំ​ពេទ្យ ដើម្បី​ជួយ​ថែទាំ​ដល់​សុខភាព​កង​ទាហាន​ខ្មែរ​នា​តំបន់​ព្រំដែន​ទាំង​នោះ​ផង ៕

ទាហាន​ខ្មែរ​ទាមទារ​ឲ្យ​ទាហាន​ថៃ​រុះ​របង​លួស​បន្លា​ព័ទ្ធ​ប្រាសាទ​តាមាន់​ចេញ

កងទាហាន ​ខ្មែរ​ដែល​កំពុង​ប្រឈមមុខ​ជាមួយ​ទាហាន​ឈុត​ខ្មៅ​ថៃ នៅ​តំបន់​ប្រាសាទ​តាមាន់ ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្ដរមានជ័យ កំពុង​ទាមទារ​ឲ្យ​ទាហាន​ទាំង​សង​ខាង​ដក​កម្លាំង​ប្រដាប់​អាវុធ ចេញ​ពី​បរិវេណ​ប្រាសាទ និង​ស្នើសុំ​ឲ្យ​ទាហាន​ថៃ ធ្វើការ​រុះរើ​របង​លួស​បន្លា​ដែល​កំពុង​ហ៊ុមព័ទ្ធ​ប្រាសាទ​ចេញ។


RFA Photo/Chea Makara
ទាហាន ​ថៃ​ឈរ​យាម​នៅ​ខាង​ក្រៅ​ប្រាសាទ​តាមាន់​ធំ ដែល​ស្ថិត​ក្នុង​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្ដរ​មានជ័យ រារាំង​ទាហាន​ខ្មែរ​មិន​ឲ្យ​ចូល​ក្នុង​បរិវេណ​ប្រាសាទ នា​ថ្ងៃ​ទី​៨ សីហា ២០០៨។

នាយសេនាធិការ​កង​ពល​តូច លេខ​៤២ ដែល​កំពុង​គ្រប់គ្រង​ទាហាន​ខ្មែរ នៅ​តំបន់​ប្រាសាទ​តាមាន់ លោក​វរសេនីយ៍​ឯក នាក់ វង្ស បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​អង្គារ ទី​១២ ខែ​សីហា​ថា កាលពី​ថ្ងៃ​ចន្ទ លោក​បាន​ជួប​ប្រជុំ​ជាមួយ​មេបញ្ជាការ​កងរយ​របស់​ទាហាន​ឈុត​ខ្មៅ​ថៃ ឈ្មោះ សំ ឃួន ដោយ​ស្នើ​សុំ​ឲ្យ​ទាហាន​ថៃ ធ្វើការ​រុះរើ​របង​លួស​បន្លា ដែល​ហ៊ុម​ព័ទ្ធ​ប្រាសាទ​តាមាន់​ចេញ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ បាន​ចេញ​ចូល​ទៅ​លើ​ប្រាសាទ។

មន្រ្តី​យោធា​ខ្មែរ​បាន​មាន​ប្រសាសន៍​ថា របង​លួស​បន្លា ដែល​ហ៊ុមព័ទ្ធ​ពី​មុខ​ប្រាសាទ​តាមាន់ ចម្ងាយ​ជាង ៤០​ម៉ែត្រ គឺ​ទាហាន​ថៃ​បាន​ដាក់​កាលពី​អំឡុង​ខែ​មេសា កន្លង​មក ៖ «ម្សិលមិញ ខ្ញុំ​ទៅ​ជួប សំណូមពរ​ឲ្យ​វា​រើ​របង​លួស ដែល​វា​ដាក់​យូរ​ហើយ ឲ្យ​បើក​របង​ឲ្យ​ប្រជាពលរដ្ឋ​ចេញ​ចូល​ប្រាសាទ​បាន។ វា​ថា វា​នឹង​ពាំនាំ​ពាក្យ​ដែល​យើង​សុំ​ហ្នឹង ទៅ​ជូន​ថ្នាក់​លើ​វិញ»

លោក នាក់ វង្ស បាន​ឲ្យ​ដឹង​ទៀត​ថា នៅក្នុង​កិច្ច​ជួបប្រជុំ​រវាង​មេ​បញ្ជាការ​យោធា​ខ្មែរ​-ថៃ ប្រចាំ​តំបន់​ប្រាសាទ​តាមាន់​នោះ ជា​ញយ​ៗ ភាគី​ខ្មែរ​បាន​ទាមទារ​ឲ្យ​ថៃ ដក​កងទ័ព​ចេញ​ពី​តំបន់​ប្រាសាទ។ ក៏​ប៉ុន្តែ មេ​បញ្ជាការ​យោធា​ថៃ បាន​ត្រឹមតែ​ឆ្លើយ​តប​ថា គេ​នឹង​នាំពាក្យ​ដែល​កម្ពុជា​ស្នើ​សុំ​នោះ​ទៅ​ជូន​មេបញ្ជាការ​ថ្នាក់​ធំ​តែ​ ប៉ុណ្ណោះ។

តាម​យោធា​ខ្មែរ​ប្រចាំការ​នៅ​តំបន់​ប្រាសាទ​តាមាន់ ឲ្យ​ដឹង​ថា កងទ័ព​ខ្មែរ​ជា​ច្រើន ដែល​កំពុង​បញ្ជូន​ទៅ​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​កង​ទាហាន​ឈុត​ខ្មៅ​ថៃ កំពុង​មាន​ជំងឺ​គ្រុន​ចាញ់ ខ្វះ​ថ្នាំ​ពេទ្យ ខ្វះ​តង់​កៅស៊ូ​បោះ​ជំរំ និង​ម្ហូប​អាហារ។

ចំណែក​តំបន់​ប្រឈម​មុខ​ដាក់​គ្នា នៅឯ​ប្រាសាទ​ព្រះវិហារ ឯណោះ​វិញ កង​ទាហាន​ខ្មែរ​-ថៃ នៅតែ​មាន​ភាព​តានតឹង ដោយ​គ្រាន់តែ​មិន​មាន​ការផ្ទុះ​អាវុធ ហើយ​រហូត​មក​ដល់​ថ្ងៃ​នេះ កងទ័ព​ថៃ មិន​បាន​និយាយ​អំពី​គម្រោង​ដក​ចេញ​ពី​ទឹកដី​ខ្មែរ​ទេ។ កងទ័ព​ទាំង​សងខាង​មាន​ស្ថានភាព​ស៊ាំ​រស់​នៅ​ជិត​គ្នា ដោយ​រង់ចាំ​ស្ដាប់តែ​លទ្ធផល​ដែល​ចរចា​រវាង​មន្រ្តី​រដ្ឋាភិបាល​នៃ​ប្រទេស​ ទាំងពីរ​តែ​ប៉ុណ្ណោះ។

រហូត​មក​ដល់​ថ្ងៃ​អង្គារ​នេះ មាន​សេចក្ដី​រាយការណ៍​ថា ក្រុម​ប្រជាពលរដ្ឋ​ខ្លះ ដែល​បាន​ភៀស​ខ្លួន ដោយសារ​តែ​ភ័យខ្លាច​ការប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ខ្មែរ​-ថៃ នៅ​តំបន់​ជម្លោះ​ប្រាសាទ​ព្រះវិហារ បាន​វិល​ត្រឡប់​មក​ផ្ទះ​របស់​គេ​វិញ នឹង​ចាប់​ផ្ដើម​ប្រកប​របរ​លក់ដូរ​ប្រចាំ​ថ្ងៃ។

ស្រ្តី​ម្នាក់​ដែល​រស់នៅ​ក្នុង​ភូមិ​ក្រោម​ប្រាសាទ​ព្រះវិហារ បាន​មាន​ប្រសាសន៍​ថា គាត់​បាន​ស៊ាំ​នឹង​ស្ថានការណ៍​ប្រឈម​មុខ​ដាក់​គ្នា ដោយ​យោធា​ខ្មែរ​-ថៃ របៀប​នេះ ហើយ​គាត់​មិន​មាន​ការភ័យ​ខ្លាច​ទៀត​ទេ ៖ «ឥឡូវ​ខ្ញុំ​គ្មាន​ខ្លាច​អី​ទៀត​ទេ គ្មាន​ថ្ងៃ​ដែល​យក​បាន​ទេ ទាហាន​ខ្មែរ​យើង​ជា​ច្រើន»

សូម​បញ្ជាក់​ថា ចាប់តាំង​តែ​ពី​កងទាហាន​ឈុត​ខ្មៅ​ថៃ បាន​ចូល​លុកលុយ​ទី​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ ជា​ទឹកដី​ខ្មែរ​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ កាលពី​ថ្ងៃ​ទី​១៥ កក្កដា រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​សីហា មាន​រយៈពេល ២៨​ថ្ងៃ​ហើយ ដោយ​មន្រ្តី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ព្យាយាម​ជួប​ចរចា​រក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​បញ្ហា​ព្រំដែន​ចំនួន​ពីរ​លើក ​រួច​មក​ហើយ ពុំ​បាន​លទ្ធផល​ល្អ​ទេ៕

ទាហាន​ថៃ​ខ្លះ​បាន​ដក​ថយ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​ដោយ​ទ្រាំ​មិន​បាន​នឹង​ជំងឺ​គ្រុន​ចាញ់

មន្រ្តី ​យោធា​ខ្មែរ​នៅ​តំបន់​ជម្លោះ​នៃ​ប្រាសាទ​ព្រះវិហារ បាន​ឲ្យ​ដឹង​ថា កងទាហាន​ឈុត​ខ្មៅ​ថៃ ប្រមាណ​ជាង ១០០​នាក់ ដែល​បញ្ជូន​មក​ប្រឈម​មុខ​ដាក់​គ្នា ជាមួយ​ទាហាន​ខ្មែរ​នៅ​ភ្នំ​ទ្រព្យ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​ដែរ​នោះ បាន​ដក​ថយ​ទៅ​វិញ​ហើយ ដោយសារ​តែ​មិន​អាច​ទ្រាំទ្រ​នឹង​ជំងឺ​គ្រុនចាញ់​និង​គ្មាន​ទឹក​ប្រើប្រាស់។

     
RFA file photo/Savyuth ទាហាន​ថៃ​ដើរ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​នា​ថ្ងៃ​១៩ កក្កដា ២០០៨។ សេចក្ដី​រាយការណ៍​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៥ សីហា ២០០៨ ទាហាន​ថៃ​បាន​ដក​ចេញ​ខ្លះ​វិញ​ហើយ​ពី​ប្រាសាទ​តាមាន់​ក្នុង​ខេត្ត​ឧត្ដរ មានជ័យ។

មេបញ្ជាការ​រង​កង​ពល​ធំ​អន្តរាគមន៍​លេខ​២ ដែល​កំពុង​គ្រប់គ្រង​យោធា​នៅ​តំបន់​ភ្នំ​ទ្រព្យ លោក​ឧត្ដមសេនីយ៍ យឹម ពឹម បាន​មាន​ប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​១១ ខែ​សីហា​ថា កងទាហាន​ឈុត​ខ្មៅ​ថៃ ដែល​ទើប​តែ​បញ្ជូន​មក​ថ្មី ឲ្យ​ប្រឈម​មុខ​ជាមួយ​កង​ទាហាន​ខ្មែរ ដំណាល​គ្នា​នឹង​ថៃ​ចូល​លុកលុយ​ទី​វត្ត​ខ្មែរ​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ​ បាន​ដក​ថយ​ទៅវិញ​ហើយ។

មន្រ្តី​យោធា​ដដែល​បាន​ឲ្យ​ដឹង​ថា ទាហាន​ថៃ​ទាំង​នោះ បាន​ដក​ថយ​កាល​ពី​២​ថ្ងៃ​មុន ត្រឡប់​ទៅ​បន្ទាយ​ចាស់​របស់​ខ្លួន​វិញ ដែល​មាន​ចម្ងាយ​ជាង ៣​គីឡូម៉ែត្រ ពី​តំបន់​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​យោធា​ខ្មែរ ដោយសារ​តែ​ពួកគេ​ទទួល​រង​ជំងឺ​គ្រុនចាញ់​និង​ខ្វះ​ទឹក​ប្រើប្រាស់ ៖ «ភ្នំ ​ទ្រព្យ​ទាហាន​ខ្មៅ ដែល​វា​មក​ថ្មី ជាង ១០០។ ចេញ​អស់​ហើយ វា​ទៅ​នៅ​កន្លែង​វា​ក្រោយ​ឯណោះ បន្ទាយ​វា​ហ្នឹង វា ៣​គីឡូម៉ែត្រ។ វា​ឈឺ​គ្រុន នៅ​អត់​បាន កន្លែង​ហ្នឹង​វា​លំបាក អត់​ទឹក​អត់​អី​ផង ប្រើ​ទឹក​លើ​ថ្ម ទឹក​ដក់ៗ​ហ្នឹង ប៉ុន្តែ​វា​នៅ​អា​ចាស់ ៣០​នាក់»

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា មិន​អាច​ស្វែងរក​ជួប​ការអធិប្បាយ​បញ្ហា​នេះ ពី​ខាង​ភាគី​ថៃ​បាន​ទេ។

បញ្ហា​ដូចគ្នា​នេះ​ដែរ នៅឯ​តំបន់​ទ័ព​ប្រាសាទ​ព្រះវិហារ ដែល​កងទាហាន​ឈុត​ខ្មៅ​ថៃ កំពុង​ចូល​លុកលុយ​និង​បោះ​ជំរំ​ស្នាក់នៅ​ក្នុង​វត្ត​ខ្មែរ​នោះ តាម​ការឲ្យ​ដឹង​ពី​កង​ទាហាន​ខ្មែរ​ថា គេ​បាន​ឃើញ​មាន​មេ​បញ្ជាការ​យោធា​ថៃ ដែល​កំពុងតែ​នៅ​លើ​ទឹកដី​ខ្មែរ ពី​មុន​ជានិច្ចកាល​តែងតែ​ប្រជុំ​ជា​ញឹកញាប់ ជាមួយ​មេបញ្ជាការ​យោធា​ខ្មែរ​ដើម្បី​ធានា​កុំ​ឲ្យ​មាន​ការផ្ទុះ​អាវុធ​នោះ បាន​ផ្លាស់ប្ដូរ​ឥរិយាបថ ពុំ​ជួប​ប្រជុំ​ជាមួយ​មេបញ្ជាការ​យោធា​ខ្មែរ​ទៀត​ហើយ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា មេបញ្ជាការ​យោធា​ថៃ​ជា​ច្រើន បាន​ចាប់​ផ្ដើម​ដើរផ្លូវ​វាង​ចូល​ទៅ ខាង​ក្រៅ​វត្ត នៅពេល​ដែល​គេ​ចង់​ជួប​ជាមួយ​ពលទាហាន​របស់​គេ ដោយ​មិន​បាន​ដើរ​ចូល​ពី​មុខ​វត្ត​ដើម្បី​សម្ដែង​ការគួរសម​ជាមួយ​មេបញ្ជាការ​ យោធា​ខ្មែរ ដូច​មុន​ទៀត​ទេ។

ឧបនាយករដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​ កម្ពុជា លោក ទៀ បាញ់ បាន​មាន​ប្រសាសន៍​កាលពី​រសៀល​ថ្ងៃ​ចន្ទ​ថា ទោះ​យ៉ាង​ណា​រដ្ឋាភិបាល​កម្ពុជា​ថៃ នឹង​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន ដែល​កំពុងតែ​ប្រឈមមុខ​ដាក់​គ្នា ដោយ​កង​យោធា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ​ឲ្យ​ទាល់​តែ​បាន។

លោក ទៀ បាញ់ បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា​មាន​ចំណុច​ជោគជ័យ​មួយ​ចំនួន ដែល​គ្រោង​នឹង​យក​ទៅ​ជជែក​ក្នុង​កិច្ចចរចា​គ្នា ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ខាង​មុខ ក៏​ប៉ុន្តែ​ទោះ​យ៉ាង​ណា លោក​មិន​បាន​បង្ហើប​ឲ្យ​ដឹង​ពី​ចំណុច​ទាំង​នោះ​ទេ។

លោក ទៀ បាញ់ មាន​ប្រសាសន៍​ថា ៖ «វា​ត្រូវតែ​ចប់ ទោះ​យ៉ាង​ណា​ក៏​ដោយ យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​ចប់ កុំ​ឲ្យ​ពន្យារ​ពេល ត្រូវ​ធ្វើ​របៀប​ណា ពេល​ណា​អី​ហ្នឹង វា​ខូច​បរិយាកាស​…»

កង​ទាហាន​ខ្មែរ​និង​ថៃ​ខ្លះ ដែល​កំពុង​ប្រឈមមុខ​ដាក់​គ្នា បាន​និយាយ​ថា ពួកគេ​បាន​រង់ចាំ​ម្ដង​ហើយ ម្ដង​ទៀត ពី​លទ្ធផល​ចរចា​រវាង​មន្រ្តី​ខ្មែរ​-ថៃ ដើម្បី​បញ្ចប់​ជម្លោះ​តំបន់​ប្រាសាទ​ព្រះវិហារ​ពីព្រោះ​តែ​ពួកគេ​មិន​ចង់​ ច្បាំង​បង្ហូរ​ឈាម​គ្នា​ទេ៕