វិទ្យុអាស៊ីសេរី
ដោយ សុខ សេរី
លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាអនុប្រធានរបស់គណបក្សប្រជាជនកម្ពុជា បានសើ្នសុំឲ្យលោក ហេង សំរិន លោក ជា សុទ្ធ និងលោក មិន ឃិន ធ្វើការពិភាក្សានិងពិចារណាទ្បើងវិញក្នុងការលក់ទីតាំងសណ្ឋាគារ រណសិរ្សឲ្យទៅឈ្មួញផ្សេងនៅគ្រាដែលម្ចាស់សណ្ឋាគារដែលកំពុងជួលនា ពេលបច្ចុប្បន្ននេះបានធ្វើការតវ៉ា និងសើ្នសុំឲ្យបង្វែរការលក់ទីតាំងនោះមកឲ្យខ្លួនវិញ។
លោកស្រី កឹម ចន្ថា ម្ចាស់សណ្ឋាគាររណសិរ្សបានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា លោកស្រីបានជួលសណ្ឋាគារនោះចាប់តាំងពីឆ្នាំ១៩៨៩មកម៉្លេះ ក្នុងតម្លៃ២៦៤០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ ពីគណបក្សប្រជាជនកម្ពុជា ប៉ុនែ្តសណ្ឋាគារនេះត្រូវបានគេលក់ឲ្យឈ្មួញផ្សេងទៅវិញ។ លោកស្រីសុំស្នើឲ្យបង្វែរការលក់នោះមកឲ្យលោកស្រីវិញ។
លោកស្រី កឹម ចន្ថា បានឲ្យដឹងថា ៖ «ខ្ញុំសុំទី១ គឺសុំឲ្យរក្សាកិច្ចសន្យាខ្ញុំតាមគោលការណ៍របស់សម្ដេចនាយក ហ៊ុន សែន គាត់អត់មានរំលាយកិច្ចសន្យាទេ កិច្ចសន្យាត្រូវអនុវត្តឲ្យចប់។ ទី២ គឺខ្ញុំសុំថា បង្វែរការលក់ហ្នឹងមកខ្ញុំវិញ។ កន្លងមកខ្ញុំសុំទិញ មិនដឹងយ៉ាងម៉េចឯកឧត្ដម មិន ឃិន គាត់ចេះតែឆ្លើយអ៊ីចេះឆ្លើយអ៊ីចុះទៅរហូតដល់មានបញ្ហាទិញអ៊ីចឹង។ ប្រាប់ថា ៣លាន៨សែន(ដុល្លារ) ហើយខ្ញុំពេញចិត្តនឹងទិញតម្លៃដូចគេ ឬក៏លើសគេដើម្បីប៉ះប៉ូវ»។
ផ្អែកតាមឯកសារថតចម្លងដែលវិទ្យុអាស៊ីសេរីទទួលបានទាក់ទងនឹង ការស្នើសុំរបស់លោកស្រី កឹម ចន្ថា សុំឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយអន្តរាគមន៍បង្វែរការលក់ទីតាំងនោះមកឲ្យលោកស្រីវិញនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាអនុប្រធានរបស់គណបក្សប្រជាជនកម្ពុជាបានចារលើសំណើនោះជូន លោក ហេង សំរិន លោក មិន ឃិន និងលោក ជា សុទ្ធ ជាមួយនឹងការបញ្ជាក់ថា ដោយសារសណ្ឋាគារនេះជាទ្រព្យសម្បតិ្តរណសិរ្ស ដូចនេះសូមឲ្យសម្តេចនិងឯកឧត្តមពិភាក្សារកដំណោះស្រាយឲ្យបានសមរម្យ រីឯរូបលោករង់ចាំតែឯកភាពតែប៉ុណ្ណោះ ពីព្រោះការយល់ព្រមរបស់លោកកន្លងមកក៏ធ្វើតាមការសម្រេចរបស់ថ្នាក់ ដឹកនាំរណសិរ្សនោះដែរ។
មិនអាចទាក់ទងលោក មិន ឃិន ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍រៀបចំបុណ្យជាតិនិងអន្តរជាតិនៃ ប្រទេសកម្ពុជាបានភ្លាមៗទេនៅថៃ្ងព្រហស្បតិ៍នេះជុំវិញការស្នើសុំ បង្វែរការលក់ទីតាំងសណ្ឋាគាររណសិរ្សនោះមកឲ្យលោកស្រី កឹម ចន្ថា ប៉ុនែ្តលោក មិន ឃិន ធ្លាប់បានមានប្រសាសន៍ថា ៖ «…គាត់ជួល១៧ឆ្នាំហើយ គាត់អត់មានគោរពតាមកិច្ចសន្យាទេ។ ១៧ឆ្នាំគាត់អត់មានបានជួសជុល បានធ្វើអីទាំងអស់»។
សណ្ឋាគាររណសិរ្សនោះមានទីតាំងស្ថិតនៅចំខាងមុខព្រះបរមរាជវាំង ក្នុងទីក្រុងភ្នំពេញ និងធ្លាប់ជាទ្រព្យសម្បត្តិរបស់រដ្ឋ ប៉ុន្តែក្រោយមកបានក្លាយជាទ្រព្យសម្បត្តិក្នុងបញ្ជីអចលនទ្រព្យ របស់គណបក្សប្រជាជនកម្ពុជា ចុះថៃ្ងទី១០ ខែឧសភា ឆ្នាំ១៩៩៩។
ផ្អែកតាមឯកសារថតចម្លងនិងប្រភពមួយចំនួនបានឲ្យដឹងថា ទីតាំងសណ្ឋាគាររណសិរ្សនោះត្រូវបានលក់ឲ្យទៅលោកស្រី ជីង សុគន្ធាវី ដែលប្រភពបានអះអាងថា គឺជាយាយភូ ក្នុងតម្លៃ៣លាន៨សែនដុល្លារអាមេរិក។
មិនអាចទាក់ទងលោកស្រី ជីង សុគន្ធាវី ដើម្បីសុំសេចក្តីប្រតិកម្មជុំវិញបញ្ហាខាងលើនេះបានទេ។
ក្រុមអង្គការការពារសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលមួយចំនួនដែលបាន តាមដានបញ្ហាជម្លោះដីធ្លីក្នុងប្រទេសកម្ពុជាតែងតែរិះគន់ថា ការលក់និងការដោះដូរទ្រព្យសម្បតិ្តរបស់រដ្ឋនិងសាធារណៈកន្លងមក ត្រូវបានគេធ្វើទ្បើងដោយគ្មានតម្លាភាព គ្មានការដេញថៃ្លជាសាធារណៈ រីឯប្រាក់ចំណូលវិញមិនត្រូវបានគេលាតត្រដាងឲ្យដឹងឮឡើយ៕