បក្ស​ប្រឆាំង៖ ការបញ្ចប់​ថ្ងៃ​តវ៉ា​ពី​ការបោះ​ឆ្នោត​ជា​ការបង្ហាញ​នូវ​ភាព​អយុត្តិធម៌

វិទ្យុអាស៊ីសេរី
ដោយ ផាន សូផាត

មន្រ្តី ​គណបក្ស​ប្រឆាំង​បាន​ថ្លែង​ថា ការបញ្ចប់​នៃ​ថ្ងៃ​តវ៉ា​ការបោះ​ឆ្នោត​នា​ថ្ងៃ​នេះ គឺ​គ្រាន់តែ​ជា​ការបង្ហាញ​នូវ​រូបភាព​ដ៏​អាក្រក់ ដូច​ជា​ភាព​អយុត្តិធម៌ ការបំពាន​សិទ្ធិ​ពលរដ្ឋ ភាព​លម្អៀង​នៃ​ស្ថាប័ន​ដោះស្រាយ​ការបោះឆ្នោត​សម្រាប់​ប្រទេស​កម្ពុជា​ តែប៉ណ្ណោះ ។


RFA Photo
លោក កឹម សុខា (ឆ្វេង) ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស និង លោក សម រង្ស៊ី (ស្ដាំ) ប្រធាន​គណបក្ស​សម​រង្ស៊ី។

លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​ពាក្យបណ្ដឹង​ចុង​ក្រោយ​របស់​គណបក្ស​លោក ស្តីពី​ភាព​មិន​ប្រក្រតី​នៃ​ការបោះ​ឆ្នោត និង​ស្នើ​ឲ្យ​មាន​ការបោះ​ឆ្នោត​ឡើង​វិញ​នោះ​ត្រូវ​បាន​ក្រុមប្រឹក្សា​ ធម្មនុញ្ញ​បដិសេធ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ ​គិត​ថា​បញ្ចប់​ដោយ​ការឈឺចាប់​បញ្ចប់​ដោយ​អយុត្តិធម៌ បញ្ចប់​ដោយ​គ្មាន​បើក​ផ្លូវ ដោយ​តម្លាភាព ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ អ្នក​ដែល​មាន​ការតវ៉ា អស់​ចិត្ត គឺ​បញ្ចប់​ដោយ​ក្រៀមក្រំ»

កាលពី​ថ្ងៃ​ពុធ ក្រុមប្រឹក្សា​ធម្មនុញ្ញ​ក៏​បាន​បដិសេធ​ពាក្យបណ្តឹង​ស្រដៀង​គ្នា​នេះ​ដែរ​ របស់​គណបក្ស​សមរង្ស៊ី ដែល​ជា​បណ្តឹង​ចុងក្រោយ​ក្នុង​ការតវ៉ា​លទ្ធផល​បោះ​ឆ្នោត​ជាតិ កាលពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា​កន្លង​ទៅ​នេះ ។

មេ​ដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា​ទង្វើ​ដ៏​អាក្រក់​នៃ​ប្រព័ន្ធ​បោះឆ្នោត​ក្នុង​ប្រទេស​ កម្ពុជា​នា​ពេល​នេះ ៖ «ស​ឲ្យ​ឃើញ​ថា ស្ថាប័ន​ទាំង​ពីរ​គឺ​ថា លើក​ទី​១​គឺ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហើយ​លើក​ទី​២ គឺ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នេះ គឺ​បម្រើ​គណបក្ស​ប្រជាជន​ដែល​ជា​គណបក្ស​កាន់​អំណាច គឺ​បម្រើ​ផ្ដាច់ថ្លៃ គឺ​គ្មាន​រក​ដំណោះស្រាយ គ្មាន​ផ្ដល់​យុត្តិធម៌​ចំពោះ​ជម្លោះ ចំពោះ​ពាក្យ​បណ្ដឹង​របស់​យើង ហើយ​ចំពោះ​ប្រជារាស្រ្ដ​ដែល​បាត់បង់​សិទ្ធិ​បោះ​ឆ្នោត ហើយ​ដែល​ត្រូវ​គេ​ក្លែងបន្លំ​សន្លឹក​ឆ្នោត»

ប៉ុន្តែ​ទាក់ទង​នឹង​បញ្ហា​នេះ​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​អ្នក​មាន​ជ័យជម្នះ​លើសលុប​ក្នុង​ការបោះ​ឆ្នោត​កន្លង​ទៅ គឺ​លោក ជាម យៀប បាន​មាន​ប្រសាសន៍​ថា​ការចោទ​ប្រកាន់​នោះ​គឺ​ជា​ប្រពៃណី​របស់​អ្នក​ចាញ់​តែ​ ប៉ុណ្ណោះ ។

លោក ជាម យៀប បាន​មាន​ប្រសាសន៍​ថា ៖ «អ្នក​ដែល​បាន​ទទួល​អាសនៈ​តិច ច្រើនតែ​ចោទ​ប្រកាន់​គ្រប់​បែប​យ៉ាង​ដែល​គេ​ឈ្នះ​ឆ្នោត ថា​គេ​អ៊ីចេះ​មួយ អ៊ីចុះ​មួយ ។ បើសិន​ជា​គាត់​បាន​ជាប់​វិញ ឈ្នះ​ដូច​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ក៏​ស្ងាត់​ចឺម​ដូច​តែ​គ្នា​ហ្នឹង»

លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត (គ.ជ.ប.) បាន​មាន​ប្រសាសន៍​ថា ឥឡូវ​នេះ​ការតវ៉ា​និង​ការដោះស្រាយ​រឿង​បោះ​ឆ្នោត​បាន​បញ្ចប់​ហើយ ហើយ​គ.ជ.ប.​នឹង​អាច​ចេញ​លទ្ធផល​ផ្លូវការ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទាំង​លោក កឹម សុខា និង​លោក សម រង្ស៊ី បាន​ថ្លែង​បញ្ជាក់​ដែរ​ថា គណបក្ស​របស់​លោក​ទាំង​ពីរ​នៅតែ​រក្សា​ជំហរ​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ ការបោះ​ឆ្នោត​កន្លង​ទៅ​នេះ​ទេ ហើយ​នឹង​ធ្វើការ​តវ៉ា​បន្ត​ទៀត​ដល់​សហគមន៍​អន្តរជាតិ ។

មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ទាំង​ពីរ​នេះ​ក៏​បាន​អះអាង​ដែរ​ថា​ការរក្សា​ ជំហរ​មិន​ចូលរួម​ប្រជុំស្បថ​ចូល​កាន់​តំណែង​សភា​ក៏​មិនមាន​ការផ្លាស់ប្តូរ​ ដែរ​រហូត​មក​ទល់​ពេល​នេះ ៕

បក្ស​ប្រឆាំង​នឹង​មិន​ស្នើ​សុំ​ព្រះ​មហាក្សត្រ​ឲ្យ​ពន្យារ​ពេល​កិច្ចប្រជុំ​ស្បថ​ទទួល​តំណែង​សភា​ថ្មី

វិទ្យុអាស៊ីសេរី
ដោយ ផាន សូផាត

មន្រ្តី ​គណបក្ស​ប្រឆាំង​បាន​ថ្លែង​ថា គេ​នឹង​មិន​ធ្វើ​សំណើ​ថ្វាយ​ព្រះ​មហាក្សត្រ​ដើម្បី​ឲ្យ​ព្រះអង្គ​ ប្រោសប្រទាន​ពន្យារ​កិច្ចប្រជុំ​ស្បថ​ទទួល​តំណែង​សភា​ថ្មី​នោះ​ទេ ដោយ​យល់​ថា​សំណើ​នោះ​នឹង​មិន​បាន​ជោគជ័យ​ឡើយ ។

លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​ជា​គណបក្ស​មួយ​ក្នុង​ចំណោម​គណបក្ស​ដៃគូ​ ជាមួយ​នឹង​គណបក្ស​សមរង្ស៊ី​ដែល​ប្រឆាំង​នឹង​លទ្ធផល​បោះ​ឆ្នោត បាន​មាន​ប្រសាសន៍​ថា​ក្នុង​ស្ថានភាព​ជាក់ស្តែង​ការសុំ​ជំនួយ​ពី​ព្រះ​ មហាក្សត្រ​គឺ​មិន​សូវ​បាន​ឃើញ​លទ្ធផល​ទេ ។

លោក កឹម សុខា បាន​មាន​ប្រសាសន៍​ថា ៖ «យើង​មិន​ធ្វើ​ទេ ពីព្រោះ​អា​ហ្នឹង​កុំ​ឲ្យ​ថា​លោក​ទើសទ័ល ។ ហើយ​ក៏​យើង​ដឹង​ហើយ​ថា កន្លង​មក​ទោះ​ជា​យើង​សុំ​អី​លោក​ច្រើន​ដង ច្រើន​រឿង​ណាស់​ហើយ ក៏​លោក​អត់​មាន​លទ្ធភាព​ជួយ​អី​យើង​ច្រើន​ទេ ពីព្រោះ​នៅតែ​លើ​រដ្ឋាភិបាល​សម្រេច​ដដែល»

ឥឡូវ​នេះ​មាន​តែ​គណបក្ស​សិទ្ធិ​មនុស្ស​និង​គណបក្ស​សមរង្ស៊ី​ប៉ុណ្ណោះ​ដែល ​នៅ​រក្សា​ជំហរ​ប្រកាស​ពហិការ​របស់​ខ្លួន​ក្នុង​កិច្ចប្រជុំ​ស្បថ​ទទួល​ តំណែង​សភា​នា​ពេល​ខាង​មុខ បើសិន​ជា​មិន​មាន​ការដោះស្រាយ​បណ្តឹង​បោះ​ឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ​នោះ ។

នា​ពេល​នេះ​បណ្តឹង​ការបោះ​ឆ្នោត​របស់​គណបក្ស​ប្រឆាំង​ទាំង​នោះ​បាន​ស្ថិត​នៅ​ក្នុង​ដៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ជា​អ្នក​សម្រេច ។

មេ​ដឹកនាំ​គណបក្ស​សមរង្ស៊ី​បាន​ថ្លែង​ថា នៅ​ពេល​នេះ​គណបក្ស​សម្ព័ន្ធភាព​តាំងពី​មិន​ទាន់​ពិចារណា​អំពី​ការចូលរួម​ឬ​ មិន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ស្បថ​ទទួល​តំណែង​សភា​នោះ​ទេ គឺ​ពួក​គេ​កំពុងតែ​ស្វះស្វែង​ដើម្បី​ឲ្យ​មាន​ការដោះស្រាយ​បញ្ហា​បណ្តឹង​បោះ​ ឆ្នោត ។

លោក សម រង្ស៊ី ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​គណបក្ស​ប្រឆាំង​កំពុងតែ​រង់ចាំ​ការប្រទាន​របស់​ព្រះ​ មហាក្សត្រ​ដើម្បី​ចូល​គាល់​រាយការណ៍​ថ្វាយ​លោក​អំពី​បញ្ហា​ក្នុង​ការបោះ​ ឆ្នោត​កន្លង​មក​ដែរ ។

លោក សម រង្ស៊ី បាន​ឲ្យ​ដឹង​ថា ៖ «សរសេរ​លិខិត​មួយ​ទៅ​ថ្វាយ​ព្រះ​ មហាក្សត្រ​ដើម្បី​សុំ​គាល់​ព្រះអង្គ មិន​ទាន់​បាន​ទទួល​ចម្លើយ​ពី​ព្រះ​បរមរាជវាំង​ទេ ប៉ុន្តែ​យើង​នឹង​ទួល​ថ្វាយ​ព្រះអង្គ​ផ្ទាល់​ពេល​ណា​ដែល​យើង​មាន​ឱកាស​និង​ មាន​កិត្តិយស​ទៅ​គាល់​ព្រះអង្គ»

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មន្រ្តី​ខុទ្ទកាល័យ​ព្រះ​បរមរាជវាំង​បាន​មាន​បន្ទូល​ថា សំណើ​របស់​គណបក្ស​ប្រឆាំង​នោះ​អាច​នឹង​ទទួល​បាន​ក្នុង​ពេល​ណា​មួយ​ដ៏​សមស្រប ។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​មាន​បន្ទូល​ថា ៖ «តាំងពី​ ស្ដេច​យាង​មក​ពី​ប៉េកាំង​មក​វិញ គឺ​ថា​លោក​មាន​កម្មវិធី​ញឹកញាប់ ដូច្នេះ​គ្រាន់តែ​យូរ​ហើយ​និង​ឆាប់​ទេ លោក​គង់តែ​ប្រទាន​ឲ្យ​គាល់​ទេ»

គួរ​បញ្ជាក់​ថា​តាម​លទ្ធផល​ដែល​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះ​ឆ្នោត​ បាន​ប្រកាស​ជា​ផ្លូវការ​បណ្តោះអាសន្ន​រួច​ទៅ​ហើយ​នោះ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​៩០​អាសនៈ​ក្នុងចំណោម​១២៣ គណបក្ស​សមរង្ស៊ី​បាន​ទទួល​២៦​អាសនៈ គណបក្ស​សិទ្ធិ​មនុស្ស​បាន​ទទួល​៣​អាសនៈ គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស នរោត្តម រណឫទ្ធិ បាន​ទទួល​២​អាសនៈ​ក្នុង​គណបក្ស​នីមួយៗ ។

កាលពី​ដើម​ខែ​សីហា​នេះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ព្រមាន​មេ​ដឹកនាំ​គណបក្ស​សមរង្ស៊ី ថា​មិន​អាច​រារាំង​កិច្ចប្រជុំ​ដើម្បី​បង្កើត​សភា​ថ្មី​ដោយ​ធ្វើ​ពហិការ​នោះ ​ទេ ហើយ​ថា​បើ​មាន​ពហិការ​មែន​នោះ​នឹង​ធ្វើ​ឲ្យ​អស់​សុពលភាព​តំណាង​រាស្ត្រ​របស់ ​ខ្លួន ៕

បក្ស​ប្រឆាំង​៣​គ្រោង​ធ្វើ​ពហិការ​មិន​ចូលរួម​កិច្ចប្រជុំ​សភា​លើក​ដំបូង

គណបក្ស ​ប្រឆាំង​ចំនួន​បី​បាន​បញ្ជាក់​ជំហរ​ជា​ថ្មី​ឲ្យ​ដឹង​ថា ពួក​គេ​មាន​គម្រោងការ​ធ្វើ​ពហិការ​មិន​ចូលរួម​ក្នុង​ការបើក​សម័យ​ប្រជុំ​លើក ​ដំបូង​របស់​សភា​ជាតិ​អាណត្តិ​ទី​៤ នៅ​ថៃ្ង​ទី​២៤ ខែ​កញ្ញា​នា​ពេល​ខាង​មុខ​នេះ បើ​ទោះបី​ជា​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​គំរាម​កាលពី​ពេល​ថ្មីៗ​នេះ​ថា គណបក្ស​ទាំង​នោះ​នឹង​ប្រឈមមុខ​នឹង​ការបាត់បង់​អាសនៈ​របស់​ខ្លួន ដោយ​ការបែងចែក​អាសនៈ​ទាំង​នោះ​ឲ្យ​ទៅ​គណបក្ស​ដទៃ​ទៀត​ក្រោយពី​ការធ្វើ​ ពហិការ​នោះ ។

គណបក្ស​ប្រឆាំង​ទាំង​បី​នោះ​មាន​គណបក្ស​សមរង្ស៊ី គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស នរោត្តម រណឫទ្ធិ បាន​ប្រកាស​ប្រឆាំង​លទ្ធផល​នៃ​ការបោះ​ឆ្នោត និង​បាន​ចោទ​ប្រកាន់​ថា​មាន​ការលួច​បន្លំ​សន្លឹក​ឆ្នោត និង​មាន​ការលុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ចំនួន​ជិត ៦​សែន​នាក់ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​អ្នក​បោះ​ឆ្នោត​ចំនួន​ជាង​១​លាន​នាក់​ត្រូវ​បាន​ បាតបង់​សិទ្ធិ​ក្នុង​ការបោះ​ឆ្នោត កាលពី​ថៃ្ង​ទី​២៧ ខែ​កក្កដា​កន្លង​ទៅ​ថ្មីៗ​នេះ ។

លោក សម រង្ស៊ី មេ​ដឹកនាំ​គណបក្ស​សមរង្ស៊ី​បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ៖ «គឺ ​យើង​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការបោះ​ឆ្នោត​ហ្នឹង​ទេ បើ​យើង​ចូលរួម​ក្នុង​កិច្ចប្រជុំ​សភា មាន​ន័យ​ថា​យើង​ទទួល​ស្គាល់ ។ យើង​តវ៉ា​យ៉ាង​ណា​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ពាក្យ​បណ្ដឹង​របស់​យើង»

លោក មុត ចន្ថា មន្រ្តី​អ្នក​នាំ​ពាក្យ​របស់​គណបក្ស នរោត្តម រណឫទ្ធិ បាន​មាន​ប្រសាសន៍​ថា ៖ «បាន​ប្រកាស​យ៉ាង​ច្បាស់​ថា ការពហិការ​មិន​ចូល​ប្រជុំ​សភា​ហ្នឹង​គឺ​មិន​មែន​មាន​ន័យ​ថា យើង​បោះបង់​ចោល​អាសនៈ​នោះ​ទេ»

លោក គៀត សុគន្ធ មន្រ្តី​អ្នក​នាំ​ពាក្យ​របស់​គណបក្ស​សិទ្ធិ​មនុស្ស​បាន​មាន​ប្រសាសន៍​ថា ៖ «យើង ​មិន​បារម្ភ​ចំពោះ​ការគំរាម​កំហែង​ថា យក​កៅអី យក​អាសនៈ​របស់​យើង ទៅ​ចែកចាយ​ឲ្យ​អ្នក​នេះ​អ្នក​នោះ​ទេ ព្រោះ​ថា​សម្ដេច​នាយក​រដ្ឋមន្ត្រី​លោក​ធ្លាប់​ធ្វើ​តែ​អ៊ីចឹង​ជា​ញឹកញាប់​មក ​ហើយ កាលណា​យើង​ធូរ​ទៅ​បាន​ជា​ស្ថានការណ៍​យើង​ចេះតែ​ធ្លាក់​មក​ដល់​សភាព​ដុនដាប​ សព្វថ្ងៃ​នេះ ។ ប្រកាន់​ជំហរ​ថា បើសិនណា​ជា​មិន​ដោះស្រាយ​បញ្ហា​ហ្នឹង​ឲ្យ​យើង​ទេ យើង​មិន​ចូលរួម​ទេ ប៉ុន្តែ​មិន​ចូលរួម​ក្នុង​ការប្រជុំ​សភា មិនមែន​បាន​ន័យ​ថា​យើង​បោះបង់​អាសនៈ​ទេ»

សូម​រំឭក​ថា​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កន្លង​ទៅ​ថ្មីៗ​នេះ​បាន​មាន​ប្រសាសន៍​គំរាម​ក្នុង​ខេត្ត​កំពង់ស្ពឺ​ថា ៖ «ក្រុមប្រឹក្សា ​ធម្មនុញ្ញ​តែ​គេ​បកស្រាយ​ហើយ គេ​បិទ​ផ្លូវ​តវ៉ា ។ ជំទាស់នឹង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​អាច​ជាប់​គុក​បាន​ថែម​ទៀត​ផង ។ ករណី​ដែល​អ្នក​ឯង​បោះបង់​ចោល​អាសនៈ គេ​យក​អាសនៈ​ហ្នឹង​ទៅ​ចែក​ឲ្យ​បក្ស​ផ្សេង​ទៀត ។ យើង​ហ្នឹង​វា​បាន​ប្រហែល​ជា​ជាប់​២០​ប្លាយ​ទៀត ព្រោះ​កន្ទុយ​យើង​ស៊ី​តាម​ខេត្ត កន្ទុយ​យើង​នៅ​វែងៗ​តើ ស៊ី​យក​អស់»

ក្រុម​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា បាន​ចេញ​សេចក្តី​ថែ្លងការណ៍​ជា​បន្ត​បន្ទាប់​ធ្វើការ​រិះគន់​ថា ការបោះ​ឆ្នោត​កាលពី​ថៃ្ង​ទី​២៧ ខែ​កក្កដា​កន្លង​ទៅ​ថ្មីៗ​នេះ មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ទាក់ទង​នឹង​ការបាត់​ឈ្មោះ​អ្នក​បោះ​ឆ្នោត ការលុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត ។

ដោយទ្បែក​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ឈ្មោះ Human Rights Watch Asia បាន​ធ្វើការ​រិះគន់​ផងដែរ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ប្រើប្រាស់​ផ្តាច់មុខ ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុងតែ​កាន់​អំណាច​សម្រាប់​ការបោះ​ឆ្នោត​នោះ ៕

តំណាងរាស្ត្រ​បក្ស​ប្រឆាំង៖ រដ្ឋាភិបាល​ខ្មែរ​ត្រូវ​កំណត់​កាល​បរិច្ឆទ​ឲ្យ​ថៃ​ដក​ទ័ព

អ្នក ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ថ្លែង​នៅ​ថ្ងៃ​ទី​៧ សីហា​ថា ប្រទេស​កម្ពុជា​បាន​ស្ថិត​ក្នុង​សភាព​ជា​អ្នក​ចាញ់​ប្រៀប​ច្រើន​ក្នុង​ ការចរចា​អំពី​តំបន់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ហើយ​បាន​ស្នើ​ឲ្យ​មាន​ការកំណត់​ពេល​វេលា​ជាក់លាក់​ស្តីពី​ការដក​កងទ័ព។

RFA Photo/Savyouth

ទាហាន​ថៃ​អង្គុយ​លើ​ផ្លូវ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ថៃ​ក្នុង​ខែត្រ​ព្រះវិហារ នា​ថ្ងៃ​ទី​២០ កក្កដា ២០០៨ ។

លោក សុន ឆ័យ អ្នក​តំណាងរាស្រ្ត​មក​ពី​គណបក្ស​សម​រង្ស៊ី បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​ត្រូវតែ​មាន​ការប្រុង​ប្រយ័ត្ន​ក្នុង​ការចរចា​នៅ​ពេល​ដែល​ ប្រទេស​ថៃ​មាន​ប្រៀប​ខាង​យោធា​ដែល​កាន់កាប់​ទឹកដី​ខ្មែរ​រួច​ទៅ​ហើយ នៅ​ក្នុង​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ និង​តំបន់​ដទៃ​ទៀត​តាម​ព្រំដែន​នោះ។ លោក សុន ឆ័យ មាន​ប្រសាសន៍​ថា ៖ «វា​អត់​មាន​រឿង​អី​ចំណេញ ដូច​យើង​បាន​បញ្ជាក់​ហើយ ជា​ឡូហ្សិក (logic) ប្រទេស​ថៃ គេ​មក​ឈ្លានពាន​លើ​ទឹកដី​យើង គេ​មិនមែន​មិន​ដឹង​ថា ជា​ដី​របស់​យើង​ទេ គេ​មក​ដោយ​បំពាន រួច​យើង​ទៅ​ចរចា​ដើម្បី​ឲ្យ​គេ​យល់​អំពី​ការបំពាន​របស់​គេ​នោះ គឺ​ដូចជា​មិន​មាន​សង្ឃឹម​អី​ទេ។ ឲ្យ​គេ​ដកទ័ព​ទៅ​វិញ ក៏​គេ​មាន​បំណង​របស់​គេ​ច្បាស់​លាស់​ហើយ គឺ​គេ​នឹង​បញ្ជា​ចរចា​ទៅ គេ​ចាំ​ចាប់​ចំណុច​ណា ដែល​យើង​និយាយ ឬ​ក៏​យល់ព្រម ដែល​ចំណេញ​ដល់​គេ គឺ​គេ​យក​អាហ្នឹង​ជា​ភស្តុតាង ដើម្បី​នឹង​បន្ត យក​ជា​ផ្លូវការ​នូវ​ទឹក​ដី​របស់​យើង»។ ទោះជា​យ៉ាងណា​ក៏​ដោយ លោក សុន ឆ័យ បាន​ថ្លែង​ដែរ​ថា លោក​ស្វាគមន៍​ការចរចា​ស្តីពី​បទ​ឈប់​បាញ់ ប៉ុន្តែ​ត្រូវតែ​មាន​ការកំណត់​ពេល​ក្នុង​ការដក​ទ័ព ៖ «ហើយ​ខ្ញុំ​មាន​ ការព្រួយ​បារម្ភ​ថា ការប្រជុំ​ថ្ងៃ​១៨ ខាង​មុខ​នេះ នឹង​មិន​បាន​ផល​អ្វី​ដែរ ហើយ​ខ្ញុំ​បាន​ធ្វើ​លិខិត​ម្សិលមិញ ផ្ញើ​ទៅ​ឯកឧត្ដម ហោ ណាំហុង ហើយ សូម​ជម្រាប​ទៅ​គាត់​ថា បើ​សិន​ណា​រដ្ឋាភិបាល​នៅតែ​ប្រជុំ​ចុះ ឧទាហរណ៍​នៅ​តែ​បន្ត​ការប្រជុំ សូម​ឲ្យ​ដាក់​កាល​បរិច្ឆេទ​តែ​ម្ដង ថ្ងៃ​ណា​ដក​ទ័ព​ចេញ និយាយ​គ្នា​ឲ្យ​ហើយ កុំ​ឲ្យ​ថា នឹង​ដក​ទ័ព​ចេញ រួច​ដល់​ថ្ងៃ​ណា​នឹង​ដក​ទ័ព​ចេញ បើ​គេ​ចេះតែ​រក​លេស​បន្ត​បន្ទាប់​ទៀត ដើម្បី​ស្ថិត​នៅ​កាន់តែ​យូរ គេ​នឹង​មាន​សិទ្ធិ​កាន់តែ​ច្រើន ដូច្នេះ​ត្រូវ​កំណត់​កាល​បរិច្ឆេទ»។ គួរ​បញ្ជាក់​ថា ភាព​តានតឹង​ផ្នែក​យោធា​រវាង​កម្ពុជា​និង​ថៃ បាន​ចាប់ផ្តើម​ឡើង កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ២០០៨ កន្លង​ទៅ​នេះ ក្រោយពី​ក្រុម​ទាហាន​ថៃ​បាន​ចូល​មក​កាន់កាប់​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ ជា​ពិសេស​គឺ​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ ហៅ​វត្ត​ប្រាសាទ​ព្រះវិហារ​បន្ទាប់​ពី​កម្ពុជា បាន​ទទួល​ជោគជ័យ​ក្នុង​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​ បេតិកភណ្ឌ​ពិភពលោក។ នៅពេល​ថ្មី​ៗ​នេះ ជម្លោះ​បាន​រីកដាល​ដល់​ប្រាសាទ​តាមាន់​ធំ ក្រោយ​ពី​ទាហាន​ថៃ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ទាហាន​ខ្មែរ ចូល​ទៅ​កាន់​ប្រាសាទ​នេះ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ជួរភ្នំ​ដងរែក​ជាប់​ព្រំដែន​ខេត្ត​សុរិន្ទ​ប្រទេស​ ថៃ និង​ខេត្ត​ឧត្តរមានជ័យ​របស់​ខ្មែរ។ ប្រទេស​ទាំង​ពីរ​សុទ្ធតែ​បាន​អះអាង​ថា ប្រាសាទ​នោះ​ជា​របស់​ខ្លួន។ នៅក្នុង​ជម្លោះ​នេះ ប្រទេស​កម្ពុជា​និង​ថៃ​បាន​ធ្វើការ​ចរចា​មួយ​លើក​ជា​ពីរ​លើក​រួច​មក​ហើយ ដែល​ចុង​ក្រោយ​នេះ​ការចរចា ដោយ​រដ្ឋមន្ត្រី​ការបរទេស កាលពី​ថ្ងៃ​ទី​២៨ កក្កដា ២០០៨ បាន​ឯកភាព​គ្នា​ថា នឹង​ដក​កងទ័ព​ចេញ​រៀងៗ​ខ្លួន​ពី​តំបន់​ជម្លោះ​ប្រាសាទ​ព្រះវិហារ ជា​តំបន់​ដែល​កង​ទ័ព​ថៃ​បាន​ចូល​មក​កាន់កាប់​ដោយ​ខុស​ច្បាប់​ដំបូង​ គេបង្អស់៕

UCAOA គាំទ្រ​ការច្រាន​ចោល​លទ្ធផល​នៃ​ការបោះ​ឆ្នោត​របស់​បក្ស​ប្រឆាំង

សម្ព័ន្ធ ​សមាគម​និង​អង្គការ​ខ្មែរ​នៅ​ក្រៅ​ប្រទេស មាន​សហរដ្ឋ​អាមេរិក ប្រទេស​កាណាដា សហភាព​អឺរ៉ុប និង​ប្រទេស​ញូវហ្ស៊ីឡេន (UCAOA) បាន​គាំទ្រ​សេចក្តី​សម្រេច​ចិត្ត​របស់​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស ដែល​បាន​ប្រកាស​ច្រានចោល​លទ្ធផល​នៃ​ការបោះឆ្នោត កាលពី​ថ្ងៃ​ទី​២៧ កក្កដា​កន្លង​ទៅ​នេះ ។

AFP Photo

ស្ត្រី ​ពរ​កូន​នៅ​នឹង​ដៃ​ដាក់​សន្លឹក​ឆ្នោត​ចូល​ក្នុង​ហិប​ឆ្នោត​នៅ​ការិយាល័យ​បោះ ​ឆ្នោត​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០០៨ ។

នៅ​ជុំវិញ​ការបោះឆ្នោត​កន្លង​មក​នេះ​មាន​ការរិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ ភាព​អយុត្តិធម៌​រវាង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ផ្សេង​ដែល​មាន​លទ្ធភាព​ មិន​ដូច​គ្នា ។

សេចក្តី​ថ្លែងការណ៍​របស់ UCAOA សង្កត់​ធ្ងន់​ថា​គណបក្ស​ប្រជាជន​កម្ពុជា​មាន​លទ្ធភាព​គ្រប់​បែប​យ៉ាង ដូច​ជា​ប្រព័ន្ធ​ចែក​ផ្សាយ​ព័ត៌មាន រួម​មាន​វិទ្យុ ទូរទស្សន៍ និង​សារព័ត៌មាន​ក្នុង​ស្រុក​ជាដើម ។

ក្រៅ​ពី​នេះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​បាន​បម្រើ​ផល​ ប្រយោជន៍​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​បាន​លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ជា​ជនជាតិ​ខ្មែរ​រាប់​ម៉ឺន​នាក់ និង​ដាក់​ជនជាតិ​វៀតណាម​រាប់​លាន​នាក់​ដែល​រស់​នៅ​ខុស​ច្បាប់​ឲ្យ​មាន​ សិទ្ធិ​បោះ​ឆ្នោត​ជំនួស​វិញ ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី