វិទ្យុអាស៊ីសេរី
ដោយ សាន សុវិទ្យ
គណបក្ស ប្រឆាំងធំទាំង២គឺគណបក្សសមរង្ស៊ីនិងគណបក្សសិទ្ធិមនុស្ស នៅតែប្រកាន់ជំហរមិនចូលរួមសម័យប្រជុំសភាលើកទីមួយ និងការធ្វើសច្ចាប្រណិធានដដែល បន្ទាប់ពីបានទទួលព្រះរាជសារឆ្លើយតបពីព្រះមហាក្សត្រទៅនឹងសំណើសុំ ព្រះរាជានុញ្ញាតធ្វើសម្បថដោយឡែក។
លោកប្រធានគណបក្សសមរង្ស៊ីបញ្ជាក់ពីទីក្រុងប៉ារីសប្រទេសបារាំង មិនប៉ុន្មានម៉ោងមុននេះថា នឹងមិនចូលរួមលេងសើចជាមួយតំណាងរាស្រ្តគណបក្សដទៃទៀតឡើយ។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា ៖ «មិនចូលរួម មិនចូលរួមទាំងសម័យប្រជុំលើកទី១ នៃរដ្ឋសភា ហើយមិនចូលរួមក្នុងពិធីសច្ចាប្រណិធានជាមួយតំណាងរាស្រ្ដមកពីគណបក្ស មួយទៀតនោះ។ ដូច្នេះយើងនឹងចូលរួមក្នុងពិធីសច្ចាប្រណិធានដោយឡែក ហើយយើងនឹងចូលរួមក្នុងសម័យប្រជុំសភាពេលក្រោយ ពេលគេចាប់ផ្ដើមបើកឆាកបើកអីគ្នាគេទៅ ពីព្រោះយើងដឹងថាអ្វីដែលគេធ្វើនេះ គឺមិនស្របច្បាប់ទាល់តែសោះ ហើយផ្ទុយពីផលប្រយោជន៍ប្រទេសជាតិទាំងស្រុង ដូច្នេះយើងមិនចូលរួមលេងសើចជាមួយអ្នកទាំងអស់នោះទេ»។
ប្រភពព័ត៌មាននានាបានឲ្យដឹងថា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើលិខិតមួយជូនដល់លោក សម រង្ស៊ី ដោយភ្ជាប់លិខិតរបស់ក្រុមប្រឹក្សាធម្មនុញ្ញទៅជាមួយផងជុំវិញបញ្ហា សមាជិកសភាត្រូវចូលស្បថធ្វើសច្ចាប្រណិធាន និងមាត្រាខ្លះរបស់រដ្ឋធម្មនុញ្ញពាក់ព័ន្ធនឹងការចូលរួមប្រជុំសភា លើកទីមួយខាងមុខនេះ។
លោក សម រង្ស៊ី មានប្រសាសន៍ថាលោកយល់ថា ការណ៍នេះជាការប៉ុនប៉ងដាក់សម្ពាធលើព្រះមហាក្សត្រ ៖ «ព្រះ មហាក្សត្រលោកបានផ្ញើឲ្យយើងខ្ញុំ យើងបានឃើញហើយ បានយើងសរសេរលិខិតទៅថ្វាយព្រះមហាក្សត្រមួយច្បាប់ទៀតថា ការបកស្រាយហ្នឹងគឺច្បាស់ជាមានការប៉ុនប៉ងដាក់សម្ពាធមកលើព្រះ មហាក្សត្រ។ ដូច្នេះព្រះមហាក្សត្រលោកមិនអាចការពារសិទ្ធិមនុស្ស មិនអាចការពារសិទ្ធិសេរីភាព ការពារផលប្រយោជន៍ប្រទេសជាតិឲ្យបានត្រឹមត្រូវ ឲ្យបានពេញលេញទេក្នុងកាលៈទេសៈហ្នឹង។ យើងក៏យល់ព្រះមហាក្សត្រ ហើយព្រះមហាក្សត្រក៏យល់យើង»។
ចំពោះសេចក្តីរាយការណ៍ដោយប្រភពដែលអះអាងថា ច្បាស់ការណ៍ថាគណបក្សសិទ្ធិមនុស្សនឹងលះបង់ជំហរពហិការបែរជានឹង ចូលរួមសម័យប្រជុំសភាថ្ងៃទី២៤ កញ្ញាខាងមុខនេះវិញនោះ លោកប្រធានគណបក្សសមរង្ស៊ីមានប្រសាសន៍ថា មិនមែនជាការពិតឡើយព្រោះខ្លួនលោក និងលោក កឹម សុខា នៅតែបន្តសកម្មភាពផ្សព្វផ្សាយដល់មេដឹកនាំប្រទេសនានាក៏ដូចជា មិត្តភក្តិទូទៅថា ជំហរនៅដដែលគឺបក្សសមរង្ស៊ីនិងបក្សសិទ្ធិមនុស្សមានជំហរតែមួយ។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា ៖ «អត់ទេ ជំហរដូចគ្នា។ ខ្ញុំនៅទីក្រុងប៉ារីសនេះ ប៉ុន្មានថ្ងៃមុននេះ ខ្ញុំបានធ្វើដំណើរទៅទីក្រុងប្រ៊ូសែលជួបអ្នកដឹកនាំសហភាពអឺរ៉ុប ហើយបានជួបជាមួយនឹងរដ្ឋមន្រ្តីសហប្រតិបត្តិការអន្តរជាតិ ប្រទេសបារាំង ជួបប្រធានរដ្ឋសភាបារាំង ជួបប្រធានព្រឹទ្ធសភាបារាំង ខ្ញុំបានជួបទីប្រឹក្សាលោកប្រធានាធិបតីបារាំង លោក នីកូឡាស ហ្សាកូស៊ី ជាមួយលោក កឹម សុខា បានធ្វើដំណើរជាមួយខ្ញុំ សម រង្ស៊ី។ ហើយយើងបានបញ្ជាក់គោលជំហររបស់យើងប្រាប់មិត្តយើងនៅឯនាយសមុទ្រ ទាំងអស់ ថាយើងមិនចូលរួមទេ»៕