ដោយ សាវយុត
កង ទាហានខ្មែរខ្លះ ដែលកំពុងប្រឈមមុខដាក់គ្នាជាមួយកងយោធាថៃ នាតំបន់ប្រាសាទព្រះវិហារ កំពុងជួបប្រទះបញ្ហាសុខភាព កើតជំងឺផ្ដាសាយ ដោយសារតែធាតុអាកាសត្រជាក់និងរាករូស ដោយសារការបរិភោគចំណីអាហារនិងទឹក។
អង្គការមនុស្សធម៌ក្នុងស្រុកចែកអំណោយជាថ្នាំពេទ្យដល់ទាហានខ្មែរនៅតំបន់ប្រាសាទព្រះវិហារ នាថ្ងៃទី២៩ កក្កដា ២០០៨។
មន្រ្តីពេទ្យមួយរូប ដែលប្រចាំការនៅក្នុងវត្តកែវសិក្ខាគិរីស្វារៈ បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃពុធ ទី៦ ខែសីហានេះថា មានទាហាន ព្រះសង្ឃ និងប្រជាពលរដ្ឋខ្លះ នៅជុំវិញតំបន់ប្រាសាទព្រះវិហារ កំពុងទទួលរងជំងឺផ្ដាសាយ ច្រើនជាងប្រភេទជំងឺដទៃទៀត ៖ «ពេលខ្លះ ញាក់ យើងជោះឈាមធ្វើតេស្ត អត់មានគ្រុនចាញ់ទេ បើផ្ដាសាយរាងច្រើនជាងគេបន្តិច ឈឺក្បាល ឈឺក្រពះ រាក មានខ្លះដែរ»។
តាមការបង្ហាញតួលេខឲ្យដឹងថា ក្នុងចំណោមអ្នកចុះឈ្មោះសុំថ្នាំចំនួន ៦៥នាក់ គឺ ៤០នាក់ មានអាការៈជំងឺផ្ដាសាយ។
ពលទាហានខ្មែរម្នាក់ ដែលកំពុងបោះជំរំនៅខ្សែត្រៀមទីមួយ ប្រឈមមុខនឹងកងទាហានប៉ារ៉ាថៃដ៏តឹងតែង បានមានប្រសាសន៍ថា ពួកគាត់បានកើតជំងឺរាកប្រហែលជាបណ្ដាលមកពីចំណីអាហារនិងទឹកដែល ដងមកអណ្ដូងប្រើប្រាស់ ហើយបានកើតជំងឺផ្ដាសាយដោយសារតែធាតុអាកាសត្រជាក់ខ្លាំង ៖ «ផ្ដាសាយមាន រាក ចុកមួល។ ទឹកអណ្ដូង ហើយម្ហូបមានត្រីខ មី»។
ចំណែកឯ កងទាហានឈុតខ្មៅរបស់ថៃវិញ បានបង្ហើបឲ្យដឹងថា ពួកគេក៏មានជំងឺគ្រុនចាញ់ខ្លះ និងមានបញ្ហាផ្ដាសាយផងដែរ ក៏ប៉ុន្តែកងទាហានថៃទាំងនោះ ត្រូវបានផ្លាស់ប្តូរចេញ ដាក់ថ្មីមកជំនួស នៅពេលដែលមានជំងឺ។
ការប្រឈមមុខដាក់គ្នារវាងកងទ័ពខ្មែរថៃ នៅក្បែរតំបន់ប្រាសាទព្រះវិហាររហូតមកដល់ថ្ងៃព្រហស្បតិ៍នេះ នៅតែស្ថិតក្នុងសភាពតឹងតែងផ្នែកយោធានៅឡើយដោយកងទ័ពថៃ រាប់រយនាក់ នៅតែមានវត្តមានលើទឹកដីខ្មែរ។
មេបញ្ជាការកងពលអន្តរាគមន៍ លេខ១២ ដែលកំពុងគ្រប់គ្រងកងទ័ពខ្មែរ នៅតំបន់ប្រឈមមុខនោះ លោកឧត្ដមសេនីយ៍ទៅ ស្រី ឌឹក បានមានប្រសាសន៍កាលពីរសៀលថ្ងៃព្រហស្បតិ៍ថា សភាពការណ៍យោធានៅទីនោះ គឺដដែល ពុំមានការប្រែប្រួលណាមួយពីយោធាថៃ លើគម្រោងដកទ័ពចេញនៅឡើយទេ ៖ «អត់ទាន់មានអីប្រែប្រួលទេ»។
សូមរំឭកថា ចាប់តាំងតែពីកងទាហានឈុតខ្មៅ-ថៃ បានចូលលុកលុយក្នុងទីវត្តកែវសិក្ខាគិរីស្វារៈ ទឹកដីខ្មែរជិតតំបន់ប្រាសាទព្រះវិហារ ពីថ្ងៃទី១៥ ខែកក្កដា រហូតដល់ថ្ងៃទី៧ ខែសីហា មានរយៈពេល ២៣ថ្ងៃហើយ ដោយភាគីថៃ មិនបានបង្ហាញឆន្ទៈច្បាស់លាស់ ក្នុងការដកកងទ័ពចេញ ពីទឹកដីខ្មែរនៅឡើយទេ បើទោះបីជាការជួបចរចារវាងមន្រ្តីការបរទេសនៃប្រទេសទាំងពីរនៅឯ ខេត្តសៀមរាប បានយល់ព្រមដកកងទ័ពចេញពីតំបន់ជម្លោះក៏ដោយ។
ចំណែកនៅឯច្រកព្រំដែនជាំសាងាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ឯណោះវិញ មានសេចក្ដីរាយការណ៍ថា យន្តហោះយកការណ៍របស់ថៃ បានហោះល្បាតជាប់បន្ទាត់ព្រំដែន ហើយកងទាហានថៃជាច្រើន កំពុងធ្វើសកម្មភាពល្បាតតាមបន្ទាត់ព្រំដែនថៃ-កម្ពុជា ៖ «មួយថ្ងៃពីរថ្ងៃ ឃើញយន្តហោះស្លាបកាត់របស់វាហោះ ទាហានវា ដើរល្បាតជាប្រចាំ»។
តាមកងរក្សាព្រំដែនខ្មែរ នៅឯច្រកជាំសាងាំ បានឲ្យដឹងថា ខណៈពេលដែលកងទ័ពជាច្រើនរយនាក់ បានបញ្ជូនមកដាក់ការពារព្រំដែនខ្មែរ នៅតំបន់នោះ ពួកគេមានបញ្ហាខ្វះម្ហូបអាហារ ដោយត្រីខមួយកំប៉ុង ហូបគ្នា ៥នាក់ ក្នុងមួយពេលក៏មាន៕