បក្ស​សម​រង្ស៊ី​និង​បក្ស​សិទ្ធិ​មនុស្ស​បដិសេធ​លទ្ធផល​បោះឆ្នោត, គ្រោង​ប្ដឹង​ទៅ​អ.ស.ប.

គណបក្ស ​សមរង្ស៊ី​និង​គណបក្ស​សិទ្ធិ​មនុស្ស បាន​បដិសេធ​លទ្ធផល​បណ្តោះ​អាសន្ន​នៃ​ការបោះឆ្នោត​ជាតិ​អាណត្តិ​ទី​៤​នេះ ដោយ​បាន​ចោទ​ថា មាន​ភាព​មិន​ប្រក្រតី​ច្រើន។


RFA Photo/Thai Sothea
ស្រ្តី ​ចំណាស់​ (ខាង​ឆ្វេង) ថ្លែង​តវ៉ា​អំពី​ការ​មិន​បាន​បោះឆ្នោត​ នៅ​ឯ​សន្និសីទ​កាសែត​នៅ​ទី​ស្នាក់ការ​គណបក្ស​សម​រង្ស៊ី​ក្នុង​ក្រុង​ភ្នំពេញ នា​ថ្ងៃ​៣០ កក្កដា ២០០៨។

កាលពី​ថ្ងៃ​អង្គារ ទី​១២ សីហា កន្លង​មក​នេះ លោក សម រង្ស៊ី បាន​ប្រកាស​ថា លោក​នឹង​ធ្វើ​ការប្តឹង​បន្ត​ទៅ​អង្គការ​សហប្រជាជាតិ (អ.ស.ប.) និង​សហភាព​អឺរ៉ុប​ដើម្បី​បង្ហាញ​ភស្តុតាង​ដែល​ប្រមូល​បាន​ពី​ភាព​មិន​ ប្រក្រតី​ទាំងនោះ។

លោក សម រង្ស៊ី បាន​បញ្ជាក់​ថា ប្រសិន​បើ​ការបោះឆ្នោត​នេះ មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ គណបក្ស​ប្រជាជន​កម្ពុជា អាច​បាន​ទទួល​អាសនៈ​តែ​៧៥​ប៉ុណ្ណោះ មិនមែន​៩០​កៅអី​ឡើយ ហើយ​គណបក្ស​សម​រង្ស៊ី​វិញ នឹង​បាន​ទទួល​យ៉ាងតិច​ក៏ ៣៦​អាសនៈ​ដែរ មិន​មែន​តែ ២៦​កៅអី​ទេ។

លោក អ៊ូ ច័ន្ទរ័ត្ន អគ្គលេខាធិការ​គណបក្ស​សិទ្ធិ​មនុស្ស បាន​បញ្ជាក់​ថា គណបក្ស​លោក​គាំទ្រ​ចំពោះ​ការបន្ត​ប្តឹង​ដល់​អ.ស.ប. និង​សហភាព​អឺរ៉ុប៕

បក្ស​សមរង្ស៊ី​និង​បក្ស​សិទ្ធិ​មនុស្ស​បន្ត​រួម​គ្នា​បដិសេធ​លទ្ធផល​បោះ​ឆ្នោត

គណបក្ស ​សមរង្ស៊ី​និង​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​នៅ​ ថ្ងៃ​អង្គារ​នេះ ដោយ​នៅតែ​បង្ហាញ​ពី​ជំហរ​របស់​ខ្លួន​បដិសេធ​នូវ​លទ្ធផល​បោះ​ឆ្នោត​ជ្រើស​ តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៤​នេះ ។


AFP Photo
ស្ត្រី ​ពរ​កូន​នៅ​នឹង​ដៃ​ដាក់​សន្លឹក​ឆ្នោត​ចូល​ក្នុង​ហិប​ឆ្នោត​នៅ​ការិយាល័យ​បោះ ​ឆ្នោត​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០០៨ ។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា លោក​នឹង​យក​ឯកសារ​នានា​ដែល​ទាក់ទង​នឹង​ភាព​មិន​ប្រក្រតី​នៃ​ការបោះឆ្នោត​នោះ ​ទៅ​ប្តឹង​សហគមន៍​អន្តរជាតិ ។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា ៖ «ស្អែក ខានស្អែក ខ្ញុំ​ទៅ​ញូវយ៉ក​ហើយ ខ្ញុំ​ទៅ​អង្គការ​សហ​ប្រជាជាតិ ។ ខ្ញុំ​ទៅ​ធ្វើ​ទស្សកិច្ច ទៅ​អញ្ជើញ​តំណាង​គណបក្ស​ណា​ដែល​មាន​គោលជំហរ​ដូច​យើង ។ ទៅ​ធ្វើ​ទស្សនកិច្ច ទៅ​អង្គការ​សហ​ប្រជាជាតិ ទៅ​វ៉ាស៊ីនតោន ទៅ​ប៉ារីស ទៅ Brussels យក​ឯកសារ​ទាំងអស់​ហ្នឹង ជា​ពិសេស​ឲ្យ​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ថា អស់​លោក​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស អស់​លោក​បាន​សន្យា ធានា​ថា នឹង​ជួយ​ឲ្យ​មាន​ការបោះឆ្នោត​ត្រឹមត្រូវ​នៅ​ប្រទេស​កម្ពុជា ។ ឥឡូវ​ត្រឹមត្រូវ​កន្លែង​ណា ? បើ​យើង​ចាប់​បាន​ឯកសារ ភាព​មិន​ប្រក្រតី ដល់​កម្រិត​ហ្នឹង អត់​ត្រឹមត្រូវ​ទេ ។ លួច​សន្លឹក​ឆ្នោត​មួយ​ជាន់​ហើយ ឥឡូវ​ចង់​មក​លួច​កៅអី​ទៀត អ៊ីចឹង​បាន​ខ្ញុំ​ទៅ​ប្ដឹង​អន្តរជាតិ​ហើយ កុំ​ឲ្យ​ទទួល​ស្គាល់​ការបោះ​ឆ្នោត​ហ្នឹង កុំ​ឲ្យ​ទទួល​ស្គាល់​សភា​ហ្នឹង កុំ​ឲ្យ​ទទួល​ស្គាល់​រដ្ឋាភិបាល​ហ្នឹង អត់​ត្រឹមត្រូវ​ទេ»

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ទៀត​ថា គណបក្ស​សមរង្ស៊ី​និង​គណបក្ស​សិទ្ធិ​មនុស្ស នៅតែ​ជំរុញ​ឲ្យ​មាន​ការបោះឆ្នោត​ឡើង​វិញ​នៅ​តាម​បណ្តា​ខេត្ត​ក្រុង​មួយចំនួន ​ដែល​គណបក្ស​ទាំង​ពីរ​នេះ​រក​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរការ​បោះ​ឆ្នោត​នោះ ។

លោក​បាន​មាន​ប្រសាសន៍​បញ្ជាក់​ទៀត​ថា ភាព​មិន​ប្រក្រតី​ទាំង​នោះ​មាន ៖ ការចេញ​ទម្រង់​១០១៨​ច្រើន​ជាង​គេ មាន​ការលុប​ឈ្មោះ​ប្រជាពលរដ្ឋ​ច្រើន​បំផុត ហើយ​លោក​ថា ខេត្ត​ក្រុង​ណា​ដែល​មាន​ភាព​មិន​ប្រក្រតី​គឺ​ជះ​ឥទ្ធិពល​ដល់​លទ្ធផល​នៃ​ ការបោះឆ្នោត ។

ចំណែក​ឯ​គណបក្ស​សិទ្ធិ​មនុស្ស​បាន​បង្ហាញ​ពី​ជំហរ​របស់​ខ្លួន​ដែល​បដិសេធ ​លទ្ធផល​បោះ​ឆ្នោត​នោះ ហើយ​បន្ត​ការរួបរួម​ជាមួយ​គណបក្ស​សមរង្ស៊ី ។

លោក អ៊ូ ច័ន្ទរ័ត្ន អគ្គ​លេខាធិការ​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ថ្លែង​ថា ៖ «មក ​ដល់​ថ្ងៃ​នេះ ជំហរ​របស់​គណបក្ស​សិទ្ធិមនុស្ស​នៅតែ​រឹង​មាំ​ដដែល ហើយ​យើង​នឹង​កៀក​ស្មា​ជាមួយ​គណបក្ស​សមរង្ស៊ី​ត​ទៅ​ទៀត ក្នុង​ការបដិសេធ​នូវ​លទ្ធផល​បោះ​ឆ្នោត ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា​កន្លង​មក​នេះ ហើយ​យើង​នឹង​បន្ត​រួបរួម​ជាមួយ​គណបក្ស​សមរង្ស៊ី​នូវ​អ្វី​ដែល​ស្រប​ច្បាប់ ហើយ​អ្វី​ដែល​ត្រូវ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ»

ចំណែក​ឯ​គណបក្ស នរោត្តម រណឫទ្ធិ ដែល​ធ្លាប់តែ​ចូលរួម​និង​បដិសេធ​លទ្ធផល​ឆ្នោត​ជាមួយ​នឹង​គណបក្ស​សមរង្ស៊ី​ និង​គណបក្ស​សិទ្ធិ​មនុស្ស​នោះ បែរ​ជា​ប្រធាន​បក្ស​របស់​ខ្លួន​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ថ្លែង​គាំទ្រ​លទ្ធផល​នៃ​ការបោះ​ឆ្នោត​នេះ​ទៅ​វិញ ។

ទោះ​ជា​យ៉ាង​ណា លោក សម រង្ស៊ី បាន​ឲ្យ​ដឹង​ទៀត​ថា​លោក​មិន​ទាន់​បាន​គិត​ពី​ការចូលរួម​ប្រជុំ​សភា​នោះ​ទេ ដោយ​លោក​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​លើ​ភាព​មិន​ប្រក្រតី​នៃ​ការបោះឆ្នោត និង​ទទូច​ឲ្យ​មាន​ការបោះ​ឆ្នោត​ឡើង​វិញ ។ ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​ ធ្លាប់​ថ្លែង​ឲ្យ​ដឹង​ថា ករណី​ទាំង​នោះ​មិន​អាច​បង្កើត​ឲ្យ​មាន​ដំណើការ​បោះ​ឆ្នោត​ឡើង​វិញ​នោះ​បាន​ ឡើយ ៕

បក្ស​សមរង្ស៊ី​នឹង​បដិសេធ​លទ្ធផល​បោះ​ឆ្នោត​ពេល​ទទួល​បាន​បណ្តឹង​គ្រប់​ខេត្ត​ក្រុង

គណបក្ស ​សមរង្ស៊ី​បង្ហើប​ឲ្យ​ដឹង​ថា​នឹង​បដិសេធ​លទ្ធផល​បោះ​ឆ្នោត ដរាបណា​បាន​ទទួល​បណ្តឹង​គ្រប់​២៤​ខេត្ត​ក្រុង​ទាក់ទង​ភាព​មិន​ប្រក្រតី​ដែល​ កើតឡើង​ក្នុង​ពេល​បោះ​ឆ្នោត​សភា​ជាតិ​លើក​ទី​៤ ។

AFP Photo

ស្ត្រី ​ពរ​កូន​នៅ​នឹង​ដៃ​ដាក់​សន្លឹក​ឆ្នោត​ចូល​ក្នុង​ហិប​ឆ្នោត​នៅ​ការិយាល័យ​បោះ ​ឆ្នោត​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០០៨ ។

តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា​រយៈពេល​បោះ​ឆ្នោត​សភា​លើក​ទី​៤​នេះ គណបក្ស​សមរង្ស៊ី​បាន​ប្តឹង​ទាស់​ទាំង​២៤​ខេត្ត​ក្រុង​លើ​ករណី​ចេញ​ទម្រង់ ១០១៨ ក្លែងក្លាយ ធ្វើ​ឲ្យ​គេ​លួច​គូស​សន្លឹក​ឆ្នោត​ជំនួស​ឈ្មោះ​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​ ដែល​មិន​ទាន់​បាន​បោះ​និង​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​បោះ​ឆ្នោត ទោះបី​អ្នក​មាន​ឯកសារ​គ្រប់គ្រាន់​ឬ​ធ្លាប់​បាន​បោះ​ឆ្នោត ក៍​ត្រូវ​គេ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត ។ ករណី​ទិញ​សន្លឹក​ឆ្នោត​ករណី​ចែក​អំណោយ​ករណី​គំរាម​កំហែង ករណី​បំភិត​បំភ័យ ករណី​រំលោភ​នីតិវិធី​ច្បាប់​ជាដើម ។

លោក​ថា​គណបក្ស​សមរង្ស៊ី​កំពុងតែ​ប្រមូល​ភស្តុតាង​នោះ​នឹង​ធ្វើការ​បដិសេធ​លទ្ធផល​បោះ​ឆ្នោត ៖ «ព្រោះ ​ការធ្វើ​ទម្រង់ ១០១៨ ក្លែងក្លាយ ការលុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត ការបាត់​ឈ្មោះ និង​ការលុប​បញ្ជី​ឈ្មោះ​ដោយ​អយុត្តិធម៌​ហ្នឹង គេ​ធ្វើឡើង​ជា​លក្ខណៈ​ប្រព័ន្ធ​ដោយ​គណបក្ស​កាន់​អំណាច​ស៊ុមគ្រលំ​គ្នា​ ជាមួយនឹង​គ.ជ.ប. ។ ដូច្នេះ​យើង​កំពុង​រៀបចំ​ប្រមែ​ប្រមូល​ភស្តុតាង​ឲ្យ​បាន​ច្រើន​ករណី​ថែម​ទៀត ដើម្បី​ដាក់​ពាក្យបណ្ដឹង​បដិសេធ​លទ្ធផល​នៃ​ការបោះ​ឆ្នោត​ទាំងស្រុង​តែម្ដង»

ពាកព័ន្ធ​បញ្ហា​នេះ​នៅ​ខេត្ត​កំពង់ស្ពឺ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ខេត្ត បើក​សវនាការ​នៅ​ថ្ងៃ​អាទិត្យ ទី​៣ ខែ​សីហា ច្រានចោល​បណ្តឹង​គណបក្ស​សមរង្ស៊ី​ប្តឹង​មន្រ្តី​ឃុំ​ស្វាយរំពា បន្ត​ចេញ​ទម្រង់​១០១៨ ក្នុង​ថ្ងៃ​បោះឆ្នោត​ដែល​ច្បាប់​ហាមឃាត់ ។

ប្រធាន​គណៈកម្មការ​រៀបចំ​ការបោះ​ឆ្នោត​ខេត្ត​កំពង់ស្ពឺ លោក ព្រំ គឹមថៃ មាន​ប្រសាសន៍​ថា​បណ្តឹង​ចោទ​មេ​ភូមិ​និង​ស្មៀន​ឃុំ​ចេញ​ទម្រង់​១០១៨ ឲ្យ​អ្នក​បោះ​ឆ្នោត​ក្នុង​ថ្ងៃ​បោះ​ឆ្នោត ទី​២៧ ខែ​កក្កដា មិន​ត្រឹមត្រូវ​ទេ​របស់​គណបក្ស​សមរង្ស៊ី ។ តាម​ការស៊ើបអង្កេត​អ្នក​ចេញ​ទម្រង់ ១០១៨ ជា​មន្រ្តី​ឃុំ ហើយ​បាន​ផ្តល់​ទម្រង់ ១០១៨ នោះ មុន​ពេល​បោះ​ឆ្នោត​ទៅ​ទៀត ៖ «១០១៨ នេះ គាត់​ចេញ​តាំងពី​ថ្ងៃ​ទី​១៥ ខែ​៧ ឆ្នាំ​២០០៨ ម្ល៉េះ»

សវនាការ​ច្រានចោល​បណ្ដឹង​គណបក្ស​សមរង្ស៊ី​នេះ ត្រូវ​បាន​បេក្ខជន​តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី​ខេត្ត​កំពង់ស្ពឺ លោក សុខ គឹមស៊ា អះអាង​ថា ៖ «គឺ​គេ​យក​សន្លឹក​ឆ្នោត​តាមរយៈ​ទម្រង់​១០១៨ ព្រោះតែ​អ៊ីចឹង​ហើយ​បាន​ជា​ព្រឹក​មិញ​នេះ ខ្ញុំ​ប្រាប់​អង្គ​សវនាការ​ថា​ការសម្រប​សម្រួល​មិន​អាច​ធ្វើ​ទៅ​បាន​ទេ ព្រោះ​ភស្តុតាង​នេះ​ជា​ភស្តុតាង​មួយ​ដែល​ខ្ញុំ​ចាប់​បាន​នៅ​ឃុំ​ស្វាយរំពា​ ហ្នឹង ក្នុង​ចំណោម​ទម្រង់​១០១៨​ហ្នឹង ទូទាំង​ប្រទេស យើង​ដឹង​ថា​មាន​ច្រើន​សែន»

មន្រ្តី​ឃ្លាំមើល​ការបោះ​ឆ្នោត​ខេត្ត​កំពង់ស្ពឺ អ្នកស្រី អ៊ូច បូរ មាន​ប្រសាសន៍​ថា​តាម​សវនាការ​កន្លងមក​ដែល​អង្គការ​ឃ្លាំមើល​ការបោះ​ឆ្នោត និង​អង្គការ​អន្តរជាតិ បាន​ចូលរួម​សង្កេតឃើញ​ថា PEC ខេត្ត​កំពង់ស្ពឺ បាន​ធ្វើ​តាម​នីតិវិធី​ច្បាប់ គ្មាន​ការបង្ខិត​បង្ខំ គ្មាន​អំពើ​ហិង្សា ហើយ​បាន​សម្រុះ​សម្រួល​រហូត​អ្នក​ប្តឹង​និង​អ្នក​ចុងចោទ​អាច​ទទួល​យក​បាន ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី

ហ៊្វុនស៊ិនប៉ិច​បដិសេធ​ការជូន​ដំណឹង​ថា​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការបោះ​ឆ្នោត

គណបក្ស ​ហ៊្វុនស៊ិនប៉ិច​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ បដិសេធ​ចំពោះ​ការជូន​ដំណឹង​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការបោះ​ឆ្នោត ។

AFP Photo

ស្ត្រី ​ពរ​កូន​នៅ​នឹង​ដៃ​ដាក់​សន្លឹក​ឆ្នោត​ចូល​ក្នុង​ហិប​ឆ្នោត​នៅ​ការិយាល័យ​បោះ ​ឆ្នោត​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០០៨ ។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​មន្ត្រី​ដឹកនាំ​ គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក លឺ ឡាយស្រេង និង​អ្នក​អង្គម្ចាស់ ស៊ីសុវត្ថិ សេរីរ័ត្ន បាន​ធ្វើ​សន្និសីទ​កាសែត​ជាមួយ​គណបក្ស​សមរង្ស៊ី គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស នរោត្តម រណឫទ្ធិ ប្រកាស​បដិសេធ​លទ្ធផល​នៃ​ការបោះ​ឆ្នោត​អាណត្តិ​ទី​៤ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​មាន​និមិត្តសញ្ញា​សម្គាល់​គណបក្ស​ និង​មាន​ត្រា​ប្រថាប់​ផង​នោះ​ដែរ គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​បញ្ជាក់​ថា​សេចក្តី​ប្រកាស​ព័ត៌មាន​និង​ បទសម្ភាសន៍​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​កន្លង​មក​ពាក់ព័ន្ធ​ នឹង​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការបោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ ​ទី​៤ ពុំ​មែន​ជា​គោលជំហរ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នោះ​ទេ ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី