ដោយ អ៊ុក សាវបូរី
គណបក្ស សមរង្ស៊ីបង្ហើបឲ្យដឹងថានឹងបដិសេធលទ្ធផលបោះឆ្នោត ដរាបណាបានទទួលបណ្តឹងគ្រប់២៤ខេត្តក្រុងទាក់ទងភាពមិនប្រក្រតីដែល កើតឡើងក្នុងពេលបោះឆ្នោតសភាជាតិលើកទី៤ ។
ស្ត្រី ពរកូននៅនឹងដៃដាក់សន្លឹកឆ្នោតចូលក្នុងហិបឆ្នោតនៅការិយាល័យបោះ ឆ្នោតមួយក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៨ ។
តំណាងរាស្រ្តគណបក្សសមរង្ស៊ី លោក យឹម សុវណ្ណ មានប្រសាសន៍ថារយៈពេលបោះឆ្នោតសភាលើកទី៤នេះ គណបក្សសមរង្ស៊ីបានប្តឹងទាស់ទាំង២៤ខេត្តក្រុងលើករណីចេញទម្រង់ ១០១៨ ក្លែងក្លាយ ធ្វើឲ្យគេលួចគូសសន្លឹកឆ្នោតជំនួសឈ្មោះអ្នកមានសិទ្ធិបោះឆ្នោត ដែលមិនទាន់បានបោះនិងគ្មានឈ្មោះក្នុងបញ្ជីអ្នកបោះឆ្នោត ទោះបីអ្នកមានឯកសារគ្រប់គ្រាន់ឬធ្លាប់បានបោះឆ្នោត ក៍ត្រូវគេលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ។ ករណីទិញសន្លឹកឆ្នោតករណីចែកអំណោយករណីគំរាមកំហែង ករណីបំភិតបំភ័យ ករណីរំលោភនីតិវិធីច្បាប់ជាដើម ។
លោកថាគណបក្សសមរង្ស៊ីកំពុងតែប្រមូលភស្តុតាងនោះនឹងធ្វើការបដិសេធលទ្ធផលបោះឆ្នោត ៖ «ព្រោះ ការធ្វើទម្រង់ ១០១៨ ក្លែងក្លាយ ការលុបឈ្មោះអ្នកបោះឆ្នោតចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ការបាត់ឈ្មោះ និងការលុបបញ្ជីឈ្មោះដោយអយុត្តិធម៌ហ្នឹង គេធ្វើឡើងជាលក្ខណៈប្រព័ន្ធដោយគណបក្សកាន់អំណាចស៊ុមគ្រលំគ្នា ជាមួយនឹងគ.ជ.ប. ។ ដូច្នេះយើងកំពុងរៀបចំប្រមែប្រមូលភស្តុតាងឲ្យបានច្រើនករណីថែមទៀត ដើម្បីដាក់ពាក្យបណ្ដឹងបដិសេធលទ្ធផលនៃការបោះឆ្នោតទាំងស្រុងតែម្ដង» ។
ពាកព័ន្ធបញ្ហានេះនៅខេត្តកំពង់ស្ពឺក្រុមប្រឹក្សាជំនុំជម្រះខេត្ត បើកសវនាការនៅថ្ងៃអាទិត្យ ទី៣ ខែសីហា ច្រានចោលបណ្តឹងគណបក្សសមរង្ស៊ីប្តឹងមន្រ្តីឃុំស្វាយរំពា បន្តចេញទម្រង់១០១៨ ក្នុងថ្ងៃបោះឆ្នោតដែលច្បាប់ហាមឃាត់ ។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ស្ពឺ លោក ព្រំ គឹមថៃ មានប្រសាសន៍ថាបណ្តឹងចោទមេភូមិនិងស្មៀនឃុំចេញទម្រង់១០១៨ ឲ្យអ្នកបោះឆ្នោតក្នុងថ្ងៃបោះឆ្នោត ទី២៧ ខែកក្កដា មិនត្រឹមត្រូវទេរបស់គណបក្សសមរង្ស៊ី ។ តាមការស៊ើបអង្កេតអ្នកចេញទម្រង់ ១០១៨ ជាមន្រ្តីឃុំ ហើយបានផ្តល់ទម្រង់ ១០១៨ នោះ មុនពេលបោះឆ្នោតទៅទៀត ៖ «១០១៨ នេះ គាត់ចេញតាំងពីថ្ងៃទី១៥ ខែ៧ ឆ្នាំ២០០៨ ម្ល៉េះ» ។
សវនាការច្រានចោលបណ្ដឹងគណបក្សសមរង្ស៊ីនេះ ត្រូវបានបេក្ខជនតំណាងរាស្រ្តគណបក្សសមរង្ស៊ីខេត្តកំពង់ស្ពឺ លោក សុខ គឹមស៊ា អះអាងថា ៖ «គឺគេយកសន្លឹកឆ្នោតតាមរយៈទម្រង់១០១៨ ព្រោះតែអ៊ីចឹងហើយបានជាព្រឹកមិញនេះ ខ្ញុំប្រាប់អង្គសវនាការថាការសម្របសម្រួលមិនអាចធ្វើទៅបានទេ ព្រោះភស្តុតាងនេះជាភស្តុតាងមួយដែលខ្ញុំចាប់បាននៅឃុំស្វាយរំពា ហ្នឹង ក្នុងចំណោមទម្រង់១០១៨ហ្នឹង ទូទាំងប្រទេស យើងដឹងថាមានច្រើនសែន» ។
មន្រ្តីឃ្លាំមើលការបោះឆ្នោតខេត្តកំពង់ស្ពឺ អ្នកស្រី អ៊ូច បូរ មានប្រសាសន៍ថាតាមសវនាការកន្លងមកដែលអង្គការឃ្លាំមើលការបោះឆ្នោត និងអង្គការអន្តរជាតិ បានចូលរួមសង្កេតឃើញថា PEC ខេត្តកំពង់ស្ពឺ បានធ្វើតាមនីតិវិធីច្បាប់ គ្មានការបង្ខិតបង្ខំ គ្មានអំពើហិង្សា ហើយបានសម្រុះសម្រួលរហូតអ្នកប្តឹងនិងអ្នកចុងចោទអាចទទួលយកបាន ៕
ប្រភព ៖ វិទ្យុអាស៊ីសេរី