ដោយ សាវយុត
មន្រ្តី យោធាខ្មែរនៅតំបន់ជម្លោះនៃប្រាសាទព្រះវិហារ បានឲ្យដឹងថា កងទាហានឈុតខ្មៅថៃ ប្រមាណជាង ១០០នាក់ ដែលបញ្ជូនមកប្រឈមមុខដាក់គ្នា ជាមួយទាហានខ្មែរនៅភ្នំទ្រព្យ មិនឆ្ងាយប៉ុន្មានពីតំបន់ប្រាសាទព្រះវិហារដែរនោះ បានដកថយទៅវិញហើយ ដោយសារតែមិនអាចទ្រាំទ្រនឹងជំងឺគ្រុនចាញ់និងគ្មានទឹកប្រើប្រាស់។
RFA file photo/Savyuth ទាហានថៃដើរនៅក្បែរប្រាសាទព្រះវិហារនាថ្ងៃ១៩ កក្កដា ២០០៨។ សេចក្ដីរាយការណ៍ឲ្យដឹងថា នៅថ្ងៃទី៥ សីហា ២០០៨ ទាហានថៃបានដកចេញខ្លះវិញហើយពីប្រាសាទតាមាន់ក្នុងខេត្តឧត្ដរ មានជ័យ។
មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ២ ដែលកំពុងគ្រប់គ្រងយោធានៅតំបន់ភ្នំទ្រព្យ លោកឧត្ដមសេនីយ៍ យឹម ពឹម បានមានប្រសាសន៍កាលពីព្រឹកថ្ងៃចន្ទ ទី១១ ខែសីហាថា កងទាហានឈុតខ្មៅថៃ ដែលទើបតែបញ្ជូនមកថ្មី ឲ្យប្រឈមមុខជាមួយកងទាហានខ្មែរ ដំណាលគ្នានឹងថៃចូលលុកលុយទីវត្តខ្មែរនៃតំបន់ប្រាសាទព្រះវិហារ បានដកថយទៅវិញហើយ។
មន្រ្តីយោធាដដែលបានឲ្យដឹងថា ទាហានថៃទាំងនោះ បានដកថយកាលពី២ថ្ងៃមុន ត្រឡប់ទៅបន្ទាយចាស់របស់ខ្លួនវិញ ដែលមានចម្ងាយជាង ៣គីឡូម៉ែត្រ ពីតំបន់ប្រឈមមុខដាក់គ្នាជាមួយយោធាខ្មែរ ដោយសារតែពួកគេទទួលរងជំងឺគ្រុនចាញ់និងខ្វះទឹកប្រើប្រាស់ ៖ «ភ្នំ ទ្រព្យទាហានខ្មៅ ដែលវាមកថ្មី ជាង ១០០។ ចេញអស់ហើយ វាទៅនៅកន្លែងវាក្រោយឯណោះ បន្ទាយវាហ្នឹង វា ៣គីឡូម៉ែត្រ។ វាឈឺគ្រុន នៅអត់បាន កន្លែងហ្នឹងវាលំបាក អត់ទឹកអត់អីផង ប្រើទឹកលើថ្ម ទឹកដក់ៗហ្នឹង ប៉ុន្តែវានៅអាចាស់ ៣០នាក់»។
ប៉ុន្តែទោះជាយ៉ាងណា មិនអាចស្វែងរកជួបការអធិប្បាយបញ្ហានេះ ពីខាងភាគីថៃបានទេ។
បញ្ហាដូចគ្នានេះដែរ នៅឯតំបន់ទ័ពប្រាសាទព្រះវិហារ ដែលកងទាហានឈុតខ្មៅថៃ កំពុងចូលលុកលុយនិងបោះជំរំស្នាក់នៅក្នុងវត្តខ្មែរនោះ តាមការឲ្យដឹងពីកងទាហានខ្មែរថា គេបានឃើញមានមេបញ្ជាការយោធាថៃ ដែលកំពុងតែនៅលើទឹកដីខ្មែរ ពីមុនជានិច្ចកាលតែងតែប្រជុំជាញឹកញាប់ ជាមួយមេបញ្ជាការយោធាខ្មែរដើម្បីធានាកុំឲ្យមានការផ្ទុះអាវុធនោះ បានផ្លាស់ប្ដូរឥរិយាបថ ពុំជួបប្រជុំជាមួយមេបញ្ជាការយោធាខ្មែរទៀតហើយ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា មេបញ្ជាការយោធាថៃជាច្រើន បានចាប់ផ្ដើមដើរផ្លូវវាងចូលទៅ ខាងក្រៅវត្ត នៅពេលដែលគេចង់ជួបជាមួយពលទាហានរបស់គេ ដោយមិនបានដើរចូលពីមុខវត្តដើម្បីសម្ដែងការគួរសមជាមួយមេបញ្ជាការ យោធាខ្មែរ ដូចមុនទៀតទេ។
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការពារជាតិនៃប្រទេស កម្ពុជា លោក ទៀ បាញ់ បានមានប្រសាសន៍កាលពីរសៀលថ្ងៃចន្ទថា ទោះយ៉ាងណារដ្ឋាភិបាលកម្ពុជាថៃ នឹងប្រឹងប្រែងដោះស្រាយបញ្ហាជម្លោះព្រំដែន ដែលកំពុងតែប្រឈមមុខដាក់គ្នា ដោយកងយោធានៅតំបន់ប្រាសាទព្រះវិហារនោះឲ្យទាល់តែបាន។
លោក ទៀ បាញ់ បានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាមានចំណុចជោគជ័យមួយចំនួន ដែលគ្រោងនឹងយកទៅជជែកក្នុងកិច្ចចរចាគ្នា ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៨ ខែសីហា ខាងមុខ ក៏ប៉ុន្តែទោះយ៉ាងណា លោកមិនបានបង្ហើបឲ្យដឹងពីចំណុចទាំងនោះទេ។
លោក ទៀ បាញ់ មានប្រសាសន៍ថា ៖ «វាត្រូវតែចប់ ទោះយ៉ាងណាក៏ដោយ យើងត្រូវតែធ្វើឲ្យចប់ កុំឲ្យពន្យារពេល ត្រូវធ្វើរបៀបណា ពេលណាអីហ្នឹង វាខូចបរិយាកាស…»។
កងទាហានខ្មែរនិងថៃខ្លះ ដែលកំពុងប្រឈមមុខដាក់គ្នា បាននិយាយថា ពួកគេបានរង់ចាំម្ដងហើយ ម្ដងទៀត ពីលទ្ធផលចរចារវាងមន្រ្តីខ្មែរ-ថៃ ដើម្បីបញ្ចប់ជម្លោះតំបន់ប្រាសាទព្រះវិហារពីព្រោះតែពួកគេមិនចង់ ច្បាំងបង្ហូរឈាមគ្នាទេ៕