ពលរដ្ឋ​នៅ​ស្រុក​កោះសូទិន​ត្អូញត្អែរ​ពី​រឿង​ជន​ជាតិ​វៀតណាម​នេសាទ​ខុស​ច្បាប់

វិទ្យុអាស៊ីសេរី
ដោយ ហ្សាការីយ៉ា

ប្រជាពលរដ្ឋ ​នៅ​ក្នុង​ស្រុក​កោះសូទិន បាន​ត្អូញត្អែរ​ជា​លើក​ទី​២ និង​បារម្ភ​ខ្លាច​អស់​ពូជ​ត្រី​ក្នុង​ទន្លេ​មេគង្គ ដោយ​បាន​ចោទ​ប្រកាន់​ប្រជាពលរដ្ឋ​មួយ​ចំនួន​និង​ជនជាតិ​វៀតណាម​បាន​ប្រើ​ ឧបករណ៍​នេសាទ​ត្រី​ខុស​ច្បាប់​យ៉ាង​អនាធិបតេយ្យ​ដោយ​ឥត​ខ្លាច​អាជ្ញាធរ​មាន​ សមត្ថកិច្ច​នោះ​ឡើយ។

ប្រជាពលរដ្ឋ​ទំាង​នោះ​បាន​ថ្លែង​ថា ការនេសាទ​ខុស​ច្បាប់​នៅ​ចំពេល​ដែល​ច្បាប់​នេសាទ​បាន​ហាម​ឃាត់​នៅ​រដូវ​ត្រី​ ពង ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នោះ ខំ​រក​គ្រប់​មធ្យោបាយ​នេសាទ​យក​កូ​ន​ត្រី​តូចៗ ដោយ​ប្រើ​អួន​ស្បៃ​និង​ឧបករណ៍​ផ្សេងៗ​ទៀត។

ប្រជា​ពលរដ្ឋ​ឈ្មោះ វ៉ាន់ ថេង បាន​មាន​ប្រសាសន៍​ថា លោក​ព្រួយ​បារម្ភ​ខ្លាច​អស់​ពូជ​ត្រី​ដោយ​មាន​អ្នក​នេសាទ​ខុស​ច្បាប់​ច្រើន​ ពេក​នៅ​តាម​ដង​ទន្លេ​មេគង្គ ៖ «ឥឡូវ​សមត្ថកិច្ច​ឃុបឃិត​ជាមួយ​អ្នក​រក​ ស៊ី​ខុស​ច្បាប់ ព្រោះ​ប្រាក់​ខែ​វា​តិច ធ្វើការ​តាម​ប្រាក់​ខែ វា​រួម​សម​គំនិត​ជាមួយ​ជន​ខិលខូច»

ប្រជាពលរដ្ឋ​ឈ្មោះ សុខ ណាំ បាន​មាន​ប្រសាសន៍​ថា អ្នក​នេសាទ​ខុស​ច្បាប់​ទាំង​នោះ​បាន​ធ្វើការ​នេសាទ​គ្រប់​រដូវ​មិន​ថា​រដូវ​ ហាមឃាត់​ឬ​យ៉ាង​ណា​នោះ​ទេ។ លោក​បាន​បន្ត​ថា ចំពោះ​អ្នក​មាន​មុខ​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​កាន់​តែ​មាន​ជីវភាព​លំបាក​ ទៅៗ។

លោក សុខ ណាំ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ដោះស្រាយ​លក្ខណៈ​គ្រួសារ គ្នា​អត់​មាន​បច្ចេកទេស​រក ឧបករណ៍​តូចតាច​រក​មិន​បាន វា​ទៅ​ជា​ពាយ»

ប្រជាពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​កោះសូទិន​មួយ​ចំនួន​បាន​សហការ​នឹង​ជន​ជាតិ​ វៀតណាម​ដែល​បាន​បង្កើត​ជា​ភូមិ​ជីហែ ឃុំ​ពាម​ប្រធ្នួស ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ធំៗ មាន​ដូចជា ដាយ និង​ឧបករណ៍​ឆក់​ត្រី​ផ្សេង​ៗ​ទៀត រីឯ​មន្រ្តី​ជលផល​ពុករលួយ​ពុំ​មាន​ការ​ហាមឃាត់​នោះ​ឡើយ ៖ «ភូមិ​យួន​នៅ​ កន្លែង​ទន្លេ​ហ្នឹង អាហ្នឹង​មាន​បែ​ត្រី​រាប់​រយ ប្រើ​ស្បៃ​មុង​ហ្នឹង​ដើម្បី​យក​នុយ​ត្រី​ល្អិតៗ យក​មក​ឲ្យ​ត្រី​ធំ​ស៊ី ហើយ​ដល់​ពេល​ខែ​ខុស​ពី​ខែ​ហ្នឹង​ទៀត អូស​យ៉ាងកាវ​អី​តាម​ទន្លេ​ទៀត។ អូស​យ៉ាងកាវ ភាសា​វៀតណាម​គេ​ហៅ​យ៉ាងកាវ អាហ្នឹង​វា​មាន​ប្រដាប់​ឆក់​ឲ្យ​ត្រី​ប្រកាច់ ចូល​ក្នុង​កាវ​ហ្នឹង​ទៀត»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ធ្វើការ​ទំនាក់ទំនង​និង​អ្នក​នេសាទ ដែល​ប្រជាពលរដ្ឋ​ខាង​លើ បាន​ចោទ​ប្រកាន់​បាន​ទេ​នៅ​ថ្ងៃ​នេះ។

រីឯ​នាយ​អធិការដ្ឋាន​ជលផល​មេគង្គ លោក ឡង់ គន បាន​មាន​ប្រសាសន៍​ជុំវិញ​បញ្ហា​ខាង​លើ​ថា លោក​ក៏​បាន​ដឹង​អំពី​ការនេសាទ​ខុស​ច្បាប់​នេះ​ដែរ។ កាល​ពី​ថ្ងៃ​ទី​២៥ សីហា​នេះ លោក​បាន​កោះហៅ​មន្ត្រី​ក្រោម​បង្គាប់​ប្រជុំ​ដើម្បី​ចាត់​វិធានការ​ក្នុង​ ពេល​ឆាប់ៗ​នេះ។

លោក ឡង់ គន ថ្លែង​ដូច្នេះ​ថា ៖ «តាម​បទ​ពិសោធន៍​កន្លង​មក វា​អាច​មាន​ដែរ​នៅ​ខាង​ក្រោម ព្រោះ​យើង​មើល​មិន​អស់​ដែរ ជួន​កាល​វា​អាច​មាន​បញ្ហា​ហ្នឹង​កើត​ឡើង​ដែរ តែ​ជួនកាល​ក៏​វា​មិនមែន​ជា​រឿង​គេ​ឃុបឃិត​ទេ ប៉ុន្តែ​ជា​រឿង​បទល្មើស​វា​កើត​ឡើង​ឯង ហើយ​វា​លួច»

សូម​ជម្រាប​ថា បណ្តា​ប្រជាពលរដ្ឋ​ខាង​លើ​សំណូមពរ​ដល់​មន្ត្រី​ជលផល​ឲ្យ​ចាត់​វិធានការ​ឲ្យ​ បាន​តឹងរ៉ឹង​និង​ចាប់​ឲ្យ​បាន​ច្បាស់លាស់ កុំ​ប្រព្រឹត្ត​អំពើ​ពុករលួយ ចាប់​ហើយ​ដោះលែង​វិញ ពិសេស ជនជាតិ​វៀតណាម​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​យ៉ាង​អនាធិបតេយ្យ៕

ពលរដ្ឋ​នៅ​ខែត្រ​កណ្ដាល​ចោទ​ថា​បក្ស​ប្រជាជន​មិន​ធ្វើ​ផ្លូវ​តាម​សន្យា

វិទ្យុអាស៊ីសេរី
ដោយ អ៊ុក សាវបូរី

កសិករ ​ស្រុក​ស្អាង និង​ស្រុក​កោះធំ នៃ​ខេត្ត​កណ្តាល រអ៊ូរ​ថា​ផ្លូវ​នៅតែ​យ៉ាប់​បន្ទាប់ពី​មាន​ការអះអាង​របស់​គណបក្ស​ប្រជាជន​ កម្ពុជា ថា​ឈ្នះ​ឆ្នោត​នឹង​កសាង​ផ្លូវ​លំ​តាម​មាត់​ព្រែក​ពី​ភូមិ​អន្លង់​តាសេក ទៅ​កាន់​ថ្នល់​ជាតិ​លេខ​២១ ។


RFA Photo/Ouk Savborey
ស្ថានភាព​ផ្លូវ​នៅ​ក្នុង​ភូមិ​អន្លង់​តាសេក ឃុំ​ព្រែ​កអំបិល ស្រុក​ស្អាង ខែត្រ​កណ្ដាល។

កសិករ​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​ហ្នឹង គេ​ថា​បើ​ជាប់​គេ​ធ្វើ​ឲ្យ ហើយ​ឥឡូវ​ជាប់​ហើយ កាលពី​អាណត្តិ​ឃុំ​ក៏​ជាប់ ដល់​មក​បោះ​ឆ្នោត​ធំ​ហ្នឹង​ក៏​ឈ្នះ​ដែរ គ្រាន់តែ​ឈ្នះ​តិចតួច តែ​វា​ឈ្នះ ។ ដល់​អត់​ធ្វើ​ឲ្យ​គ្នា​អ៊ីចឹង ប្រជាជន​ក៏​អស់​ជំនឿ​ដែរ ផ្លូវ​ក៏​ឈូស​ចោល​នៅ​ហ្នឹង ហើយ​មិន​ដឹង​ជា​មូលហេតុ​អី​បាន​ជា​គេ​មិន​ធ្វើ ? មក​ពី​សន្លឹក​ឆ្នោត​ហ្នឹង​មិន​បាន​ឈ្នះ​ទាំងអស់​ឬ​យ៉ាង​ម៉េច ? ខ្ញុំ​ឆ្ងល់​តែ​ត្រង់​ហ្នឹង​ទេ»

ការត្អូញត្អែរ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ផ្លូវ​ថ្នល់​ក្នុង​ភូមិ​ ពី​វត្ត​អន្លង់​តាសេក​ទៅ​កាន់​ថ្នល់​ជាតិ​លេខ​២១​នៅ​បន្ត​លំបាក ដោយសារ​ទឹក​ភ្លៀង​ក្រោយ​ការឈូសឆាយ​មុន​បោះ​ឆ្នោត​សភា​លើក​ទី​៤ ៖ «ខែ​ វស្សា​ទឹក​លិច​ផ្លូវ​ពិបាក​ដឹក​ជញ្ជូន ព្រោះ​ផ្លូវ​ដូច​ដឹង​ស្រាប់​ហើយ បើ​ឡាន​វិញ​ចង់​កប់​ឡាន​ហើយ ។ បន្លែ​នេះ​ដូច​ថា ក្នុង​មួយ​តោន​យើង​ដឹក​ម្ដង​អស់ យើង​ដឹក​៣​ដង​អ៊ីចឹង អា​ហ្នឹង​អ៊ីចឹង»

ទប់​កង់​គ្មាន​ស្រទប​និង​ដី​រអិល​ក្នុង​ល្បាប់​ភក់ បុរស​សក់​ស្កូវ ស្លៀក​ខោ​ខ្លី គ្មាន​ពាក់​ស្បែក​ជើង គាត់​សុំ​មិន​ប្រាប់​ឈ្មោះ រស់​នៅ​ភូមិ​អន្លង់​តាសេក ឃុំ​ព្រែ​កអំបិល មាន​ប្រសាសន៍​ទាំង​ខឹងសម្បា​ថា ជិត​៣០​ឆ្នាំ​ហើយ​ក្រោយ​រំដោះ​ពី​របប​ខ្មែរ​ក្រហម ផ្លូវ​លំ​កាត់​ភូមិ​ពី​ស្ពាន​ព្រែកអំបិល​ទៅ​ដល់​វត្ត​អន្លង់​តាសេក​មិន​ ងាយស្រួល​ធ្វើ​ដំណើរ​ក្នុង​រដូវ​ភ្លៀង​ទេ ។ មុន​បោះ​ឆ្នោត​គណបក្ស​នយោបាយ​តែងតែ​យក​ផ្លូវ​លំ​ក្នុង​ភូមិ​នេះ ឃោសនា​សម្រាប់​ស្វែងរក​សំឡេង​ឆ្នោត ។ ក្រោយ​ជាប់​ឆ្នោត​លើក​ណា​ក៏​ដូច​លើក​ណា​ផ្លូវ​នៅតែ​លំបាក ។

វ័យ​ចាស់​អះអាង​ថា បោះ​ឆ្នោត​មុនៗ​ឃុំ​នេះ​ជាប់​តែ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​សមរង្ស៊ី បាន​ជា​រដ្ឋាភិបាល​មិន​ជួយ​ធ្វើ​ផ្លូវ មាន​តែ​គម្រោង​ធ្វើ​ផ្លូវ​តែ​មិន​ធ្វើ​ឲ្យ​ទេ ។ ឥឡូវ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត​ចាប់​ពី​បោះ​ឆ្នោត ក្រុមប្រឹក្សា​ឃុំ​អាណត្តិ​ទី​២ និង​បោះ​ឆ្នោត​សភា​លើក​ទី​៤ ផ្លូវ​នេះ​បាន​ត្រឹម​ឈូស​ហើយ​ថត​ផ្សាយ​តាម​ទូរទស្សន៍ ដល់​ក្រោយ​បោះ​ឆ្នោត​គ្រឿង​ចក្រ​ដក​យក​ទៅ​វិញ​អស់ ។

គាត់​សង្ស័យ​ការដក​គ្រឿង​ចក្រ​នោះ​ថា ៖ «ប្រជាជន​ស្ម័គ្រ​ស្មោះ​បោះ​ ឆ្នោត​ហ្នឹង​ទៅ​ឲ្យ​ខាង​គណបក្ស​ប្រជាជន​ហ្នឹង ចង់​បាន​ផ្លូវ​ហ្នឹង​គ្រាន់តែ​អភិវឌ្ឍ​ទៅ ដឹក​ទំនិញ​ភោគផល​ហ្នឹង​ឲ្យ​វា​បាន ។ ដល់​ឥឡូវ​ដក​គ្រឿង​ចក្រ​ហ្នឹង​ប្រហែល​ជា​មិន​ឈ្នះ​ដាច់ ។ យើង​មាន​គណបក្ស​ផ្សេងៗ​យក​សន្លឹក​ឆ្នោត​ហ្នឹង​ខ្លះ​ក្នុង​ភូមិ​អន្លង់​ ត្រសេកលើ អន្លង់​ត្រសេក​ក្រោម​ហ្នឹង»

ទាំង​ខឹងសម្បា​វ័យ​ចាស់​សុំ​ឲ្យ​រដ្ឋាភិបាល​ថ្មី​ជួយ​កសាង​ប្រទេស​តាម​បែប​នេះ ៖ «សំណូមពរ ​រដ្ឋាភិបាល​ថ្មី​ឲ្យ​គាត់​បង្កើត​អំពើ​ពុករលួយ​ហ្នឹង​កាន់តែ​ច្រើន​ទៀត​ទៅ ឲ្យ​ប្រជាជន​ងាប់​តែម្ដង​ទៅ ព្រោះ​ប្រាប់​ឲ្យ​បន្ថយ​មិន​បន្ថយ បន្ថែម​ឲ្យ​ចប់​ម្ដង​ទៅ»

កសិករ​ភូមិ​សំប៉ាន ស្រុក​កោះធំ បន្ទោស​រដ្ឋាភិបាល​ថា​មិន​បាន​ធ្វើការ​ទេ មាន​តែ​បុគ្គល​ម្នាក់​ដែល​ធ្វើការ បើ​រដ្ឋាភិបាល​ធ្វើការ​អាច​មើលឃើញ​ការលំបាក​របស់​កសិករ​ដែល​ដឹក​កសិផល​លើ​ ផ្លូវ​នេះ​យ៉ាប់យ៉ឺន​ដូចម្តេច ។ បើ​និយាយ​ពី​បន្លែ​ខ្ទេចខ្ទាំ​អស់ ទម្រាំ​បាន​យក​ទៅ​លក់ ហើយ​បើ​ចង់​ដឹក​ច្រើន​តោន​ក៏​ដឹក​មិន​បាន​ដោយ​រថយន្ត​ចូល​ដឹក​បន្លែ​ខែ​ វស្សា​មិន​បាន ។ កសិករ​នោះ​ថា​រដ្ឋាភិបាល​ជាប់​ឆ្នោត​ប៉ុន្មាន​អាណត្តិ​ក៏​នៅតែ​មិន​ធ្វើ​ ផ្លូវ​នេះ​ដែរ ។ រង់ចាំ​តែ​សន្លឹក​ឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​បាន​ធ្វើ​ផ្លូវ​ឲ្យ ។ ដល់​មក​ឥឡូវ​គណបក្ស​នោះ​ឈ្នះ​ពីរ​ដង​ហើយ ផ្លូវ​លំ​នៅ​តែ​មិន​ធ្វើ​ដដែល ។

កសិករ​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «បើ​តាម​ខ្ញុំ​ពិនិត្យ​សព្វថ្ងៃ រដ្ឋាភិបាល​ដូច​អត់​មាន​ធ្វើ​អី ។ ខ្ញុំ​ឃើញ​មាន​ឈ្មោះ​ផ្សេង​ដូច​ខាង​ព្រែក… មាន​រដ្ឋាភិបាល​ឯណា អំណោយ​សម្ដេច ហ៊ុន សែន គេ​ដាក់​ក្នុង​ស្ពាន​ហ្នឹង មិន​មែន​ស្ពាន​នេះ​រដ្ឋាភិបាល​ជួយ​អី»

កសិករ​ភូមិ​សំប៉ាន​ដែរ​ឲ្យ​ដឹង​ថា គណបក្ស​បាន​យក​ថ្នល់​ធ្វើ​អាជីវកម្ម​នយោបាយ​ដើម្បី​ឈ្នះ​សន្លឹក​ឆ្នោត ប៉ុន្តែ​អ្នក​រង​គ្រោះ​គឺ​ប្រជាជន​ទៅ​វិញ​ទេ ៖ «គណបក្ស​ប្រជាជន​គេ​កេង​ ចំណេញ​រឿង​សន្លឹក​ឆ្នោត ដូច​ខ្ញុំ​ជម្រាប​អ្នក​បង​អ៊ីចឹង ។ ឲ្យ​តែ​ជាប់​គណបក្ស​ប្រជាជន​គេ​ធ្វើ​ផ្លូវ គេ​ធ្វើ​ស្ពាន ប៉ុន្តែ​នេះ​ជា​ការងារ​រដ្ឋាភិបាល គាត់​យក​ឈ្មោះ​គណបក្ស​យក​មក​លាបពណ៌ ។ កន្លែង​ណា​ដែល​អត់​ជាប់​គេ​ដក​ម៉ាស៊ីន​ទៅ​អស់​ទៅ ចាក់​ក្រួស​បាន​តែ​ក្រោម​ស្ពាន ២​-​៣​ឡាន វា​នៅ​ហ្នឹង​ទៀត»

ស្រ្តី​វ័យ​ចាស់​កំពុង​ប៉ាក់​ឌិន​អាវ​ដែល​កាត់​រួច​មាន​ប្រសាសន៍​អំពី​ថ្នល់​មុខ​ផ្ទះ​គាត់​នៅ​ឃុំ​ព្រែកអំបិល​ថា ៖ «កាល​ហ្នឹង​មិន​ជាប់​គណបក្ស​ប្រជាជន​ឃុំ​សង្កាត់ បោះ​ឆ្នោត​ឥឡូវ​ទៀត​ជា​ប់ទៀត នៅតែ​អត់​បាន​ផ្លូវ អត់​បាន​ស្ពាន»

ស្រ្តី​អ្នក​ភូមិ​ព្រែកក្រាញ់​ខឹង​សម្បា​នឹង​ក្រុម​អ្នក​ម៉ៅការ​ធ្វើ​ ផ្លូវ​ថា បាន​វាយ​កម្ទេច​របង​ថ្ម​របស់​គាត់​និង​កាប់​ដើម​ឈើ​ហូប​ផ្លែ​អស់​ច្រើន​ដើម ថា​ពង្រីក​ថ្នល់​ក្រោយ​ឈ្នះ​ឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បែរ​ជា​ដក​យក​គ្រឿង​ចក្រ​ទៅ​វិញ​ថ្នល់​មិន​បន្ត​ធើ្វ​ដដែល ។

ស្រ្តី​ដដែល​បានឲ្យ​ដឹង​ថា ៖ «ហើយ​បើ​បែរ​ជា​មិន​ធ្វើ​ផ្លូវ ចុះ​វ៉ៃ​របង​ខ្ញុំ​ហើយ​គិត​យ៉ាង​ម៉េច​វិញ ? ហើយ​បើសិន​ជា​គាត់​ធ្លាក់​អា​ហ្នឹង​ក៏​ខ្ញុំ​មិន​ថា​ដែរ ។ ឥឡូវ​គណបក្ស​ប្រជាជន​គាត់​ជាប់ ហើយ​ណា​មួយ​ថា​ផ្លូវ​ផ្អាក​សិន ខ្ញុំ​មិន​ដឹង​ថា​មូលហេតុ​អី​ខ្ញុំ​អត់​ដឹង​ទេ តែ​ផ្លូវ​មុខ​ផ្ទះ​ខ្ញុំ​វា​អត់​ទាន់​បាន»

មេ​ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង លោក ប៉ិច គ្រឿន មាន​ប្រសាសន៍​ថា​ផ្លូវ​នោះ​កំពុង​កសាង​បណ្តើរៗ ។ប៉ុន្តែ​ក្នុង​រដូវ​វស្សា​ពិបាក​រក​អាចម៍​ដី​យក​មក​ចាក់​ធ្វើ​ទំនប់​លើក​ជា ​ថ្នល់​មិន​បាន​ខ្ពស់ ដោយ​ពេល​នេះ​ទឹក​ឡើង​ខ្លាំង​បុក​ដាច់​ដី​ចាក់​ហើយ​នោះ ទើប​ដក​គ្រឿង​ចក្រ​យក​ទៅ​ធ្វើ​កន្លែង​ផ្សេង​សិន ។

លោក ប៉ិច គ្រឿន បាន​មាន​ប្រសាសន៍​ថា ៖ «ទឹក​ទន្លេ​វា​ឡើង​មក យើង​អត់​មាន​អាចម៍​ដី​យក ។ ហើយ​ដល់​ពេល​បញ្ហា​មួយ​ទៀត បញ្ហា​ដឹក​ក្រួស​ចូល​នេះ ស្ពាន​ព្រែក… អត់​អាច​ទៅ​រួច ហើយ​ខាង​ផ្លូវ​ឫស្សី​ដាច់ ខាង​គម្រោង​អភិវឌ្ឍន៍​គេ ឡាន​យើង​ទម្ងន់​វា ៤០​តោន គេ​អត់​ឲ្យ​ដឹក វា​ខូច​ផ្លូវ ព្រោះ​ទឹក​វា​កំពុង​ឡើង ។ ៧០%​ហើយ​វា​ត្រូវ​បាន​ធ្វើ​ដំណើរ​ស្រួល ប៉ុន្តែ​ក្នុង​ពេល​មាន​ភ្លៀង​មាន​អី​មក ផ្លូវ​យើង​អត់​ទាន់​បាន​ចាក់​ថ្ម​អី វា​លំបាក​ពេល​ភ្លៀង​ទេ»

ព្រះចៅអធិការ​វត្ត​អន្លង់​តាសេក មាន​ថេរដីកា​អំពី​ផ្លូវ​ចូល​ទៅ​កាន់​វត្ត​នោះ​ថា ព្រះសង្ឃ​និង​ចំណុះ​ជើង​វត្ត​បាន​រួម​ចំណែក​កសាង​ស្ពាន​ឫស្សី និង​ចាក់​ដី​ធ្វើ​ជា​ផ្លូវ​ដើម្បី​ជួយ​ឲ្យ​សិស្ស​បាន​ធ្វើ​ដំណើរ​ទៅ​សាលា​ រៀន ឯ​សាលា​កោះធំ​និង​ស្អាង និង​ជួយ​សម្រួល​ផ្លូវ​ដឹក​បន្លែបង្ការ​អ្នក​ស្រុក​ផងដែរ ។

ព្រះចៅ​អធិការ​វត្ត​អន្លង់​តាសេក​មាន​ថេរដីកា​ថា ៖ «ស្នើ​សុំ ប៉ុន្តែ​មិន​ព្រម​គេ​ថា​ជាប់​បោះ​ឆ្នោត​អី​ណា​មួយ ពី​មុនៗ​មក​ជាប់​តែ​ហ៊្វុនស៊ិនប៉ិច​និង​សមរង្ស៊ី ឥឡូវ​ជាប់​គណបក្ស​ប្រជាជន បែប​មាន​សង្ឃឹម​ហើយ គាត់​ជួយ​ធ្វើ​ផ្លូវ​ថ្នល់​ព្រែក… និង​អន្លង់​ត្រសេក​ហើយ»

សូម​ជម្រាប​ថា​កាលពី​មុន​បោះ​ឆ្នោត​លោក​នាយក​រដ្ឋមន្រ្តី​ខ្មែរ​ធ្លាប់​ មាន​ប្រសាសន៍​ពី​ខេត្ត​តាកែវ​អំពី​ផល​ប្រយោជន៍​នៃ​ថ្នល់​លំ​នៅ​ស្រុក​ស្អាង​ នេះ មាន​សារសំខាន់​សម្រាប់​កសិករ​អាច​ដឹក​កសិផល​យក​ទៅ​លក់ និង​ជា​ផ្លូវ​ដែល​អាច​ជួយ​សម្រួល​ចរាចរណ៍​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ ។ អាជ្ញាធរ​ឃុំ​ព្រែក​អំបិល​ឲ្យ​ដឹង​ថា ផ្លូវ​លំ​ត្រូវ​បាន​កសាង​ពី​ថ្នល់​ជាតិ​លេខ​២១ មុខ​សាលា​ឃុំ​ព្រែកអំបិល បាច​ក្រួស​ប្រមាណ​២​គីឡូម៉ែត្រ និង​បាន​ឈូស​ឆាយ​ហួស​វត្ត​អន្លង់​តាសេក​ហើយ ប៉ុន្តែ​មាន​កន្លែង​ខ្លះ​បាន​ស្រុត​ដី​ទៅ​វិញ​ខ្លះ​ដោយសារតែ​ទឹក​បុក​ខ្លាំង ៕

ទាហាន​ថៃ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​និង​យោធា​ខ្មែរ​ចូល​ប្រាសាទ​តាមាន់​ធំ

កាសែត Daily Manager របស់​ថៃ រាយការណ៍​ថា យោងតាម​កិច្ច​ព្រមព្រៀង​រវាង​ក្រុម​ទាហាន​ឈុត​ខ្មៅ​ពី​បន្ទាយ​ស៊ុរៈ​នារី​ និង​យោធា​ខ្មែរ​នៃ​យោធ​ភូមិភាគ​ទី​៤ កាល​ពី​ថ្ងៃ​ទី​១៣ សីហា ទាហាន​ថៃ ដែល​នៅ​កាន់កាប់​ប្រាសាទ​តាមាន់​ធំ​របស់​ខ្មែរ បាន​បើកទ្វារ​របង​លួស​បន្លា អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​និង​យោធា​ខ្មែរ ចូល​ទៅ​ទស្សនា​ប្រាសាទ​បុរាណ​នេះ​ហើយ កាល​ពី​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១៤ សីហា ម្សិលមិញ​នេះ ដោយ​មាន​វិធានការ​ការពារ​ត្រួត​ពិនិត្យ​តឹងរ៉ឹង​ហាម​នាំ​សព្វាវុធ​និង​ ស្លៀកពាក់​ឯកសណ្ឋាន​យោធា​ចូល​ជា​ដាច់​ខាត។


RFA Photo/Chea Makara
ទាហាន ​ថៃ​ឈរ​យាម​នៅ​ខាង​ក្រៅ​ប្រាសាទ​តាមាន់​ធំ ដែល​ស្ថិត​ក្នុង​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្ដរ​មានជ័យ រារាំង​ទាហាន​ខ្មែរ​មិន​ឲ្យ​ចូល​ក្នុង​បរិវេណ​ប្រាសាទ នា​ថ្ងៃ​ទី​៨ សីហា ២០០៨។

កាសែត​បាន​ឲ្យ​ដឹង​ថា ទោះ​ជា​យ៉ាង​នេះ​ក្ដី ក៏​ពុំ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ណា​ម្នាក់ ចូល​ទៅ​ក្នុង​ប្រាសាទ​នោះ​ឡើយ លើកលែង​តែ​គណៈប្រតិភូ​យោធា​ខ្មែរ​និង​អ្នកកាសែត​ចំនួន ៧​នាក់​ចូល​ទៅ​ទស្សនា​ប្រាសាទ​តែ​ប៉ុណ្ណោះ។

ខាង​ទាហាន​ឈុត​ខ្មៅ​ថៃ ពី​បន្ទាយ​ស៊ុរៈ​នារី នៅ​នគរ​រាជសីម៉ា បាន​ត្រៀម​ប័ណ្ណ​ចូល​មើល​ប្រាសាទ បែងចែក​ចេញ​ជា​ប័ណ្ណ​សម្រាប់​ប្រុស​និង​ប័ណ្ណ​សម្រាប់​ស្រ្ដី​ផ្សេង​ពី​គ្នា ​សម្រាប់​ឲ្យ​ទស្សនិកជន​ខ្មែរ កាន់​ចូល​ទៅ​មើល​ប្រាសាទ​តាមាន់ធំ។ អ្នក​ចូល​ទៅ​ក្នុង​តួ​ប្រាសាទ ត្រូវ​មាន​ប័ណ្ណ ហើយ​ត្រូវ​ឆ្លងកាត់​ការត្រួត​ពិនិត្យ ឆែកឆេរ យ៉ាង​តឹងរ៉ឹង ហាម​មិន​ឲ្យ​នាំ​អាវុធ គ្រឿង​ឧបករណ៍​ទូរគមនាគមន៍ គ្រឿង​ញៀន និង​វត្ថុ​ខុស​ច្បាប់​ចូល​ទៅ​ជា​មួយ ហើយ​ហាម​ស្លៀកពាក់​ឯកសណ្ឋាន​យោធា​កម្ពុជា ចូល​ទៅ​ជា​ដាច់ខាត។

លោក ធីរ៉ាវ៉ាត់ ស៊ុតស៊ុក ចៅហ្វាយ​ស្រុក ស្រុក​ភ្នំ​ដង​រ៉ែក ខេត្ត​សុរិន្ទ មាន​ប្រសាសន៍​ប្រាប់​ដូច្នេះ ៖ «ខ្ញុំ ​បាន​ដឹង គេ​អនុញ្ញាត​ឲ្យ​ឡើង​មក​ទីនេះ​បាន ពី​ម៉ោង​៩ ដល់​ថ្ងៃ​ត្រង់ តែ​តាម​ដែល​ខ្ញុំ​ទៅ​សង្កេត​មើល ពុំ​ឃើញ​មាន​ខ្មែរ​ចូល​មក ទោះ​ជា​ម្នាក់​ផង​ទេ គឺ​មាន​តែ​អ្នក​ទេសចរ​ថៃ និង​អ្នក​កាសែត​ទៅ​មើល​កន្លែង​នោះ តែ​ប៉ុណ្ណោះ»

កាសែត Daily Manager រាយការណ៍​ថា ទោះ​ជា​គ្មាន​ពលរដ្ឋ​ខ្មែរ មក​មើល​ប្រាសាទ​តាមាន់ធំ តែ​ក៏​នៅ​មាន​គណៈប្រតិភូ​របស់​វរៈសេនីយ៍ឯក នាក់ វង្ស នាយសេនាធិការ​និង​ជា​មេបញ្ជាការ​រង​កង​ពល​លេខ​៤២ របស់​កម្ពុជា ព្រមទាំង​អ្នក​កាសែត​ទាំង​អស់ ៧​នាក់ បាន​ឡើង​មក​ដល់​ទួល​ប្រាសាទ ម៉ោង​១១ មុន​ថ្ងៃ​ត្រង់ ហើយ​ខាង​ថៃ ក៏​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ទស្សនា​ដោយ​ឃើញ​ថា ជា​គណៈប្រតិភូ​នាយ​ទាហាន​ជាន់ខ្ពស់ ទើប​អនុញ្ញាត​ឲ្យ​ស្លៀក​ឯកសណ្ឋាន​យោធា​ចូល​ទៅ​បាន ព្រមទាំង​អនុញ្ញាត​ឲ្យ​អ្នក​កាសែត​ខ្មែរ ថត​រូប​បាន​ទៀត​ផង។

រីឯ​ខាង​ថៃ​វិញ ដោយ​បាន​ទទួល​ដំណឹង​ថា មាន​ការបើក​ទ្វារ​ឲ្យ​ខាង​ពលរដ្ឋ​កម្ពុជា ចូល​ទៅ​ទស្សនា​នោះ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ សីហា ម្សិលមិញ ក៏​មាន​ទេសចរ​និង​ព្រះសង្ឃ​ចំនួន​ច្រើន​ជាង​សព្វ​មួយ​ដង បាន​នាំ​គ្នា​ទៅ​ទស្សនា​ប្រាសាទ​តាមាន់ធំ ព្រមទាំង​ប្រាសាទ​តាមាន់​តូច និង​ប្រាសាទ​តាមាន់ ដែល​ស្ថិត​នៅក្នុង​ឃុំ​តាមៀង ស្រុក​ភ្នំ​ដងរ៉ែក ខេត្ត​សុរិន្ទ ក្បែរ​នោះ​ផង៕

ពលរដ្ឋ​ខ្លះ​បារម្ភ​ខ្លាច​ថវិកា​ដែល​រៃ​អង្គាស​មិន​បាន​ដល់​ដៃ​កងទ័ព​នៅ​ព្រំដែន

នៅក្នុង ​ពេល​មាន​ការរៃ​អង្គាស​ប្រាក់​ដើម្បី​ជួយ​កងកម្លាំង​យុទ្ធជន ដែល​កំពុង​ការពារ​ព្រំដែន​ខ្មែរ​-ថៃ នៅ​ក្នុង​ខេត្ត​ព្រះវិហារ​នោះ បណ្តា​ប្រជា​ពលរដ្ឋ​មាន​ការបារម្ភ​ខ្លាច​ថវិកា​ទាំង​នោះ​មិន​បាន​ដល់​ដៃ​ កងទ័ព។


RFA Photo/Savyouth
ទាហាន ​ខ្មែរ​អង្គុយ​ជាមួយ​ទាហាន​ថៃ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ថៃ​ក្នុង​ខែត្រ​ព្រះវិហារ នា​ថ្ងៃ​ទី​២០ កក្កដា ២០០៨ ។ គណៈប្រតិភូ​ខ្មែរ​គ្រោង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ នា​ថ្ងៃ​២១ កក្កដា​ ដើម្បី​ជួប​ចរចា​ជាមួយ​ថៃ ជុំវិញ​បញ្ហា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ។

ប្រជាពលរដ្ឋ​និង​អាជីវករ​នៅ​ភូមិ​ជីមាន់​កណ្តាល ឃុំ​ក្រែក ស្រុក​ពញាក្រែក ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៤ ខែ​សីហា​នេះ​ថា ពួក​គេ​មាន​ការបារម្ភ​ចំពោះ​ប្រធាន​ភូមិ​ឈ្មោះ អ៊ុក ឡាក់ ដែល​បាន​ដើរ​រៃ​អង្គាស​ប្រាក់ ខ្លាច​មិន​បាន​យក​ទៅ​ឧបត្ថម្ភ​ដល់​កងទ័ព​ខ្មែរ​ដែល​កំពុង​ការពារ​ប្រាសាទ​ ព្រះវិហារ​នោះ​ទេ។

ប្រជាពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​មាន​ប្រសាសន៍​ថា ក្នុង​ពេល​ថ្មីៗ​នេះ ប្រធាន​ភូមិ​បាន​ដើរ​រៃ​អង្គាស​ប្រាក់​ពី​ប្រជាពលរដ្ឋ​គ្រប់ៗ​គ្នា​ថា យក​ទៅ​ជួយ​កងទ័ព​ដែល​ប្រចាំ​នៅ​បា្រសាទ​ព្រះវិហារ ប៉ុន្តែ​ប្រជាពលរដ្ឋ​ទាំងអស់​មាន​ការអល់អែក​នឹង​ការឲ្យ​លុយ​ទៅ​ប្រធាន​ភូមិ ព្រោះ​ខ្លាច​ប្រធាន​ភូមិ​មិន​បាន​យក​ថវិកា​ទាំង​នោះ​ប្រគល់​ដល់​ទាហាន​ពិត​ ប្រាកដ ៖ «បាន ៥​លាន​រៀល​អី ខ្លាច​ទៅ​ដល់​តែ ២​លាន​អី​អ៊ីចឹង យើង​ចេះ​តែ​បារម្ភ ព្រោះ​ថា គេ​អត់​ទុក​ចិត្ត»

ប្រជាពលរដ្ឋ​ម្នាក់​ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែរ បាន​ឲ្យ​ដឹង​ថា រូប​គាត់​មាន​ការលំបាក​ណាស់ ក្នុង​ការ​រក​ចំណូល​ប្រចាំ​ថ្ងៃ ទោះជា​យ៉ាង​នេះ​ក្តី គាត់​នៅ​តែ​ឲ្យ​ថវិកា​ដល់​ប្រធាន​ភូមិ​ដើម្បី​ជួយ​ដល់​កងទ័ព ប៉ុន្តែ​បើ​គាត់​មាន​ទំនុកចិត្ត​គាត់​នឹង​ឲ្យ​ថវិកា​កាន់តែ​ច្រើន​ទៀត។

អាជីវករ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​មាន​ប្រសាសន៍​ដូច​ប្រជាពលរដ្ឋ​ខាង​លើ​ដែរ លោក​បាន​មាន​ប្រសាសន៍​ថា ទោះបី​ជា​មាន​ការសង្ស័យ​យ៉ាង​ណា​ក៏​ដោយ ក៏​ប្រជាពលរដ្ឋ ក៏​ដូចជា​អាជីវករ​មួយ​ចំនួន​មាន​ការពេញចិត្ត​និង​ចូលរួម​ជួយ​កងទ័ព ៖ «គេ​រៃ​ទៅ​ខ្លាច​មិន​ដល់ ខ្ញុំ​មាន​វិប្បដិសារី យើង​ខំ​ប្រឹង​រក​មួយ​កាក់ មួយ​សេន​ហ្នឹង»

ប្រធាន​ភូមិ​ជីមាន់​កណ្តាល ឈ្មោះ អ៊ុក ឡាក់ បាន​មាន​ប្រសាសន៍​ឆ្លើយ​តប​នឹង​ការសង្ស័យ​របស់​ប្រជាពលរដ្ឋ​ខាង​លើ​ថា ការរៃ​អង្គាស​ប្រាក់​នោះ គឺ​លោក​ធ្វើ​តាម​លោក​មេឃុំ​និង​លោក​អភិបាល​ស្រុក​ប៉ុណ្ណោះ​ទេ។

លោក​មេឃុំ​ក្រែក​ឈ្មោះ សួន ទី បាន​មាន​ប្រសាសន៍​ថា ការឲ្យ​ប្រធាន​ភូមិ​រៃ​ប្រាក់​ដើម្បី​យក​ទៅ​ឧបត្ថម្ភ​ដល់​កងទ័ព​នោះ​គឺ​មាន​ លិខិត​អនុញ្ញាត​ពី​អភិបាល​ខេត្ត​កំពង់ចាម លោក ហ៊ុន ណេង កាលពី​ថ្ងៃ​ទី​១១ ខែ​សីហា ៖ «ពាក់ព័ន្ធ​រឿង​លុយ​កាក់​ហ្នឹង​ថា មិន​ដល់​ដៃ​លោក​អភិបាល​ស្រុក ក៏​ដូចជា​លោក​អភិបាល​ស្រុក គាត់​យក​ទៅ​ដល់​អភិបាល​ខេត្ត​ទេ ព្រោះ​ខ្ញុំ​ទទួល​ផែនការ​នេះ តាម​ការណែនាំ​ហើយ»

មន្រ្តី​សម្រប​សម្រួល​ស្តីទី​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ លោក ប៊ូ វីរៈ បាន​មាន​ប្រសាសន៍​ថា នេះ​គឺ​ជា​សន្តាន​ចិត្ត​មួយ​ដែល​ប្រជាពលរដ្ឋ​បាន​ជួយ​ដល់​កងទ័ព ប៉ុន្តែ​ចំពោះ​ថវិកា​នោះ​បាន​ដល់​កងទ័ព ឬ​យ៉ាងណា​នោះ​អាស្រ័យ​លើ​សមត្ថកិច្ច។

ប្រធាន​សមាគម​អាដហុក ខេត្ត​កំពង់ចាម លោក នាង សូវ៉ាត បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​បាន​រក​មធ្យោបាយ​ជួយ​ដល់​កងទ័ព​នោះ គឺ​ជា​ទឹកចិត្ត​មួយ​ដែល​ជួយ​ដល់​ជាតិ ក៏​ប៉ុន្តែ​ធ្វើ​យ៉ាងណា​ដើម្បី​យក​ប្រាក់​នោះ​ដល់​កងទ័ព​ពិត​ប្រាកដ។

លោក នាង សូវ៉ាត មាន​ប្រសាសន៍​ថា ៖ «អ្នក​ដែល​ប្រគល់​អំណោយ​ហ្នឹង គួរតែ​ធ្វើការ​ប្រកាស​ជូន​ដល់​កងទ័ព​យើង​ថា ថា​នៅ​ភូមិ​ជីមាន់​កណ្ដាល​នេះ មាន​ប្រជាពលរដ្ឋ​ប៉ុណ្ណេះ គាត់​បាន​ឧបត្ថម្ភ​ចំនួន​ប៉ុណ្ណេះ ដល់​គាត់​អ៊ីចឹង​ទៅ ដើម្បី​ឲ្យ​ម្ចាស់​អំណោយ​យើង​មាន​ទឹក​ចិត្ត»

សូម​ជម្រាប​ថា ការរៃ​អង្គាស​ប្រាក់​នៅ​ក្នុង​ឃុំ​ក្រែក​នេះ​សរុប​ទាំងអស់​បាន​ជាង ៣​លាន​រៀល ហើយ​យោងតាម​ការអះអាង​របស់​មេឃុំ​ថា នឹង​យក​ប្រាក់​ទាំង​នោះ ទៅ​ប្រគល់​ឲ្យ​លោក​អភិបាល​ខេត្ត នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា​នេះ៕

ពលរដ្ឋ​នៅ​មណ្ឌលគិរី​តវ៉ា​ឲ្យ​លុប​កុងត្រា​ជាមួយ​ក្រុមហ៊ុន​កូរ៉េ

ប្រជាពលរដ្ឋ ​នៅ​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី កំពុងតែ​ស្វះស្វែង​រក​ការជួយ​អន្តរាគមន៍​ពី​បណ្ដា​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​ឲ្យ​ជួយ​ដាក់​ពាក្យ​បណ្ដឹង​តវ៉ា​ឲ្យ​មាន​ការលុប​ចោល​ក្រុមហ៊ុន​កូរ៉េ ​មួយ ដែល​ចូល​ទៅ​អភិវឌ្ឍ​ក្នុង​ឃុំ​របស់​ពួក​គេ ។

ប្រជាពលរដ្ឋ​នៅ​ឃុំ​ដាក់ដាំ​បាន​ឲ្យ​ដឹង​ថា ៖ «ចង់​ឲ្យ​អង្គការ​អី តាំងខ្លួន​ជា​អ្នក​សម្រប​សម្រួល​ហ្នឹង ធ្វើ​ញត្តិ​ផ្ដិត​មេដៃ​ហ្នឹង ផ្ញើ​ទៅ​សភា​ដើម្បី​គេ​ប្រជុំ​សភា​ទៅ​ថ្ងៃ​មុខ​ហ្នឹង ដើម្បី​ឲ្យ​លុប​ក្រុមហ៊ុន​កូរ៉េ​ហ្នឹង​ចោល កុំ​ឲ្យ​គាត់​ធ្វើ​ប៉ះពាល់​ព្រៃ​ឈើ​ហ្នឹង​ខ្លាំង​ពេក»

ការតវ៉ា​នេះ​ត្រូវ​បាន​ជនជាតិ​ភាគ​តិច​នៅ​ភូមិ​ពូឡេះ ឃុំ​ដាក់ដាំ ឲ្យ​ដឹង​ថា​បាន​កើត​មាន​ឡើង​បន្ទាប់ពី​ឃើញ​ក្រុមហ៊ុន​កូរ៉េ​នោះ​បាន​ធ្វើការ ​អភិវឌ្ឍ ដោយ​ការបំផ្លាញ​ព្រៃឈើ និង​ហាមឃាត់​ពួក​គេ​មិន​ឲ្យ​ដាំដុះ​ផល​ដំណាំ​យុទ្ធសាស្រ្ដ ។

ជនជាតិ​ភាគ​តិច​នៅ​ភូមិ​ពូឡេះ បាន​ឲ្យ​ដឹង​ថា ៖ «ប្រឆាំង​ក្រុមហ៊ុន​ កូរ៉េ គាត់​កាប់​ទន្ទ្រាន​ព្រៃ​ឈើ វា​អស់​ច្រើន​ពេក ប៉ះពាល់​កន្លែង​ដំណម ព្រៃ​ថ្ម ដូច​ជា​ជម្រក​សត្វ​អី… ខ្ទេច​អស់ សុទ្ធតែ​កន្លែ​កូរ៉េ​ទាំងអស់ ។ …ពេល​គេ​កាប់​អស់​ហ្នឹង ដើរ​ទៅ​ណា គេ​មិន​ឲ្យ​ដើរ​ដែរ ។ សូម​ឲ្យ​លុប​ក្រុមហ៊ុន​ហ្នឹង​ឲ្យ​ឈប់​ធ្វើ​តែម្ដង កុំ​ឲ្យ​អស់​ព្រៃ កន្លែង​ដំណម…»

មន្រ្តី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​វីជីឡែន គឺ​លោក ឯម វាសនា ដែល​ជនជាតិ​ភាគ​តិច បាន​ពឹងពាក់​នោះ​បាន​ឲ្យ​ដឹង​ពី​មូលហេតុ​ដែល​ជនជាតិ​ភាគតិច​នោះ​បាន​ប្ដឹង ក្រោយពី​ការស៊ើប​អង្កេត​បឋម​ថា ក្រុមហ៊ុន​កូរ៉េ​បាន​ទទួល​អភិវឌ្ឍ​លើ​ផ្ទៃ​ដី​ប្រមាណ​៥​គីឡូម៉ែត្រ ទទឹង​៨០០​ម៉ែត្រ ហើយ​ថា​ក្នុង​ការអភិវឌ្ឍ​នោះ​ក្រុមហ៊ុន​បាន​កាប់​បំផ្លាញ​ព្រៃ​ជម្រក​សត្វ និង​ព្រៃ​ដំណម​ដូនតា រួម​ទាំង​ហាមប្រាម​អ្នក​ស្រុក​មិន​ឲ្យ​ដាំ​ដំណាំ​យុទ្ធសាស្រ្ដ ដូចជា​ស្វាយចន្ទី​ជាដើម ។

លោក ឯម វាសនា បាន​មាន​ប្រសាសន៍​ថា ៖ «មូលហេតុ​ទី​មួយ គឺ​ប៉ះពាល់​ទាំង​ពី​ព្រៃ​តម ធនធាន​ធម្មជាតិ​ហ្នឹង ផ្ដល់​ជីវភាព​របស់​គាត់​ហ្នឹង ជនជាតិ គាត់​រក​ជា​លក្ខណៈ​ប្រពៃណី មាន​ដូច​ជា​គាត់​ទៅ​រក​ជ័រ រក​វល្លិ ដាក់​មង ដាក់​អី​អ៊ីចឹង​ទៅ ទាក់ទង​ទៅ​នឹង​ដំណាំ​យុទ្ធសាស្រ្ដ​ដែល​គាត់​ចង់​ដាំ​ហ្នឹង មិន​អាច​ដាំ​បាន»

អភិបាល​ខេត្ត​មណ្ឌលគិរី គឺ​លោក ឡាយ សុខា បាន​ជម្រាប​តាម​ទូរស័ព្ទ​ថា​លោក​មិន​ទាន់​បាន​ជ្រាប​ពី​គោលបំណង​នៃ​ការតវ៉ា​ នោះ​នៅ​ឡើយ​ទេ ហើយ​ថា​លោក​នឹង​ធ្វើការ​ស្រាវជ្រាវ​រឿង​នេះ ៖ «ខ្ញុំ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន គាត់​អត់​ឃើញ​រាយការណ៍​មក​ផង ចាំមើល​ត្រឡប់​ទៅ​វិញ ឲ្យ​គេ​ចុះ​ស្រាវជ្រាវ»

ទម្លាប់​របស់​ជនជាតិ​ភាគ​តិច​ដែល​គេ​ធ្លាប់​ដឹង គឺ​ច្រើនតែ​ធ្វើ​ចម្ការ​វិលជុំ​នៅ​លើ​ផ្ទៃ​ដី​ជា​ច្រើន​ហិកតា ប៉ុន្តែ​បន្ទាប់ពី​មាន​ក្រុមហ៊ុន​ចូល​ទៅ​អភិវឌ្ឍ​ជា​ច្រើន ធ្វើ​ឲ្យ​ពួក​គេ​កែប្រែ​ទម្លាប់​រស់នៅ​ដោយ​ជនជាតិ​ភាគ​តិច​ខ្លះ​បាន​អះអាង​ ថា ខ្លាច​បាត់បង់​ដី​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ ហើយ​ក៏​ប្រែ​មុខរបរ​ពី​ធ្វើ​ចម្ការ​វិលជុំ​ទៅ​ជា​ការចង់​ដាំ​ដំណាំ​ យុទ្ធសាស្រ្ដ​យូរអង្វែង​ដើម្បី​ទុក​កេរ​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ ៕

ពលរដ្ឋ​នៅ​ស្រុក​ស្ទឹងត្រង់ បារម្ភ​ខ្លាច​ក្រុមហ៊ុន​ឈូស​ឆាយ​ដី​និង​ផ្ទះ​របស់​ពួកគេ

ប្រជាពលរដ្ឋ ​ចំនួន ៧១៩​គ្រួសារ បាន​ថ្លែង​ថា ពួកគាត់​កំពុង​មាន​ការបារម្ភ​ខ្លាច​ក្រុមហ៊ុន ឡុង ស្រេង ឈូសឆាយ​ដី​និង​ផ្ទះ​សម្បែង​របស់​ពួកគាត់​នៅ​ក្នុង​តំបន់​ចម្ការ​កៅស៊ូ​នៃ​ ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម។

បណ្តា​ប្រជាពលរដ្ឋ​ទាំង​នោះ បាន​ថ្លែង​ប្រាប់​នៅព្រឹក​ថ្ងៃ​អង្គារ ទី​១២ សីហា​នេះ​ថា ពួកគេ​បាន​រង់ចាំ​ខាង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ចុះ​ត្រួត​ពិនិត្យ​និង​ធ្វើ​អន្តរាគមន៍​ជួយ​ពួកគេ កាល​ដែល​ប្រជាពលរដ្ឋ​ទាំង​នោះ​ធ្លាប់​ឡើង​មក​ផ្ទះ​លោក​នាយក​រដ្ឋមន្រ្តី​ កាលពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា កន្លង​ទៅ ដើម្បី​សុំ​ឲ្យ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយ​អន្តរាគមន៍។

ប្រជាពលរដ្ឋ​ឈ្មោះ មាន បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ បើ​ប្រជាពលរដ្ឋ​ណា​កាប់​ដើម​ស្វាយ​ចាន់ទី ហើយ​ដាំ​ដើម​កៅស៊ូ ក្រុមហ៊ុន​បាន​យក​ប៉ូលិស​ទៅ​ដក​ដើម​កៅស៊ូ​ចោល។

លោក​បាន​បន្ត​ថា ដី​របស់​ពួកគាត់​បាន​កាន់កាប់​តាំងពី​ឆ្នាំ​១៩៨៩ មក​ហើយ និង​មាន​លិខិត​បញ្ជាក់​ពី​មេភូមិ​និង​មេឃុំ​ទៀត​ផង ៖ «សូម ​សំណូមពរ​ថា ធ្វើ​ម៉េច​ឲ្យ​រដ្ឋាភិបាល​ជួយ​ផង កុំ​ឲ្យ​មាន​កាំភ្លើង​មាន​អី​ទៅ​ដក​កៅស៊ូ​គ្នា ទើប​ដាំ គ្នា​ធ្វើ​អស់​លុយ​គគោក​ហើយ។ ដក​ប៉ូលិស​ចេញ​ពី​កន្លែង​ហ្នឹង ពួក​ហ្នឹង​ឃោរឃៅ​ណាស់»

លោក​មេឃុំ​ព្រែក​កក់​ឈ្មោះ អៀត គឹមលាង បាន​មាន​ប្រសាសន៍​ថា ឃុំ​បាន​ចេញ​លិខិត​ឲ្យ​ប្រជា​ពលរដ្ឋ​ទាំង​នោះ​ជា​បណ្តោះ​អាសន្ន​ទេ ៖ «អ៊ីចឹង យើង​ចម្រាញ់​រើស​យក​តែ​ប្រជាពលរដ្ឋ​ណា ដែល​គេ​ជាក់លាក់​ពី​មុន​មក»

ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ ម៉ៅ សុខផូ បាន​មាន​ប្រសាសន៍​ថា កាលពី​មុន​ក្រុមហ៊ុន ឡុង ស្រេង ធ្លាប់​បាន​ឈូសឆាយ​ដី​របស់​ពួកគាត់​ម្តង​រួច​មក​ហើយ ហើយ​ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​ឡើង​មក​ផ្ទះ​លោក​នាយក​រដ្ឋមន្រ្តី ដើម្បី​សុំ​ឲ្យ​លោក​ជួយ​អន្តរាគមន៍។ នៅ​ពេល​នោះ ខាង​ខុទ្ទកាល័យ​បាន​សន្យា​ថា ក្រោយ​ពេល​បោះឆ្នោត​អាណត្តិ​ទី​៤ គេ​នឹង​ចុះទៅ​ដោះស្រាយ​ជូន ប៉ុន្តែ​រហួត​មក​ដល់​ពេល​នេះ មិនទាន់​មាន​ដំណោះស្រាយ​ណា​មួយ​នោះ​ទេ ៖ «ឡើង​ទៅ​ដល់​ជួប​សម្ដេច​មួយ​សា​ហើយ គេ​ថា ចាំ​បោះឆ្នោត​ហើយ បោះឆ្នោត​ហើយ ខ្ញុំ​ចេះ​តែ​ចាំ​មើល​ដែរ»

នាយករង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន លោក លឹម លាងសែ បាន​មាន​ប្រសាសន៍​ដូចេ្នះ​ថា ៖ «ខ្ញុំ​រង់ចាំ​អាជ្ញាធរ​ស្រុក ខេត្ត គេ​ធ្វើ​របាយការណ៍​មក​សិន»

អភិបាល​ស្រុក​ស្ទឹងត្រង់ លោក កៅ សុខអាន បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​បញ្ហា​នេះ​ទេ។

រីឯ​ប្រជាពលរដ្ឋ​ចំនួន​១៣​គ្រួសារ នៅ​ក្នុង​ឃុំ​ពាមកោះស្នា បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន ឡុង ស្រេង ថា បាន​យក​ដី​ពួក​គាត់​ដែរ។

លោក ហ៊ា តូចេង បាន​មាន​ប្រសាសន៍​ថា លោក​បាន​ដាំ​កៅស៊ូ​លើ​ដី​ដែល​កាន់កាប់​តាំង​ពី​ឆ្នាំ​១៩៨៩ ដែរ​នោះ ស្រាប់តែ​ពេល​នេះ គាត់​ទៅ​ដាំ​កៅស៊ូ​ត្រូវ​បាន​ក្រុមហ៊ុន ឡុង ស្រេង ឲ្យ​ប៉ូលិស​ប្រដាប់​ដោយ​អាវុធ​ដក​ដើម​កៅស៊ូ​នោះ​ចោល​វិញ។

លោក ហ៊ា តូចេង មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ហើយ​ខ្ញុំ​ទិញ​ហ្នឹង ម្ចាស់​គេ​ដើម​ឡើយ គាត់​ចាស់ តាំង​តែ​ពី​មុន​បារាំង តាំង​ពី ១៩៥៣​មកម៉្លេះ ក្រោយ ១៩៧៩​មក គាត់​កាន់កាប់​មក​រហូត​ដល់​ថ្ងៃ​លក់​ឲ្យ​ខ្ញុំ​ហ្នឹង»

ម្ចាស់​ក្រុមហ៊ុន ឡុង​ស្រេង ឈ្មោះ ហេង ឡុង បាន​មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​រឿង​នេះ​ទេ ដោយ​លោក​នៅ​ក្រៅ​ប្រទេស ៖ «ឥឡូវ​ខ្ញុំ​នៅ​អាមេរិក អត់​នៅ​ស្រុក​ខ្មែរ​ផង»

សូមជម្រាប​ដែរ​ថា ដី​ចម្ការ​កៅស៊ូ​របស់​ប្រជាពលរដ្ឋ​ចំនួន ៧១៩​គ្រួសារ នៅក្នុង​ឃុំ​ព្រែ​កក់ ស្រុក​ស្ទឹងត្រង់​ផង​នោះ គឺ​មាន​ផ្ទៃដី​ជាង ១​ពាន់​ហិកតា៕

ពលរដ្ឋ​នៅ​ស្រុក​អង្គរជ័យ ខែត្រ​កំពត ត្អូញត្អែរ​ពី​បញ្ហា​ភាព​រាំងស្ងួត

អ្នក ​ភូមិ​និង​អាជ្ញាធរ​នៅ​តាម​ឃុំ​ខ្លះ​នៃ​ស្រុក​អង្គរជ័យ ខេត្ត​កំពត បាន​ត្អូញត្អែរ​ពី​ភាព​រាំងស្ងួត គ្មាន​ទឹក​ភ្លៀង និង​ខ្វះ​ប្រភព​ទឹក សម្រាប់​ធ្វើ​ស្រែ​នាំ​ឲ្យ​មាន​កង្វល់​ពី​បញ្ហា​សន្តិសុខ​ស្បៀង ។

RFA Photo

អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​សម្ភាស​ពលរដ្ឋ​នៅ​ក្នុង​ខែត្រ​កំពត។

វ័យ​ចាស់​ឈ្មោះ នេន រស់​នៅ​ភូមិ​ព្រៃ​ឈើ​ទាល ឃុំ​អង្គរជ័យ ស្រុក​អង្គរជ័យ ខេត្ត​កំពត មាន​ប្រសាសន៍​ថា​គាត់​គ្មាន​សង្ឃឹម​ថា​សំណាប​គាត់​២​-​៣​ថ្នាល​ក្រៀម​ងាប់​ ហើយ​នោះ រស់​ឡើង​វិញ​ទេ ។

គាត់​ថា​មេឃ​កាន់តែ​ក្តៅ​ខ្លាំង ស្រែ​មាន​ទឹក​តិចតួច​ក៏​ស្ងួត​ទឹក​អស់ ដី​ក៏​បែក​ក្រហែង ។ ស្រះ​អ្នក​ភូមិ​ជីក​តាម​គ្រួសារ​បូម​ទឹក​រីង​អស់ ដាក់​ស្រូវ​ដើម​រដូវ​ឲ្យ​ផ្លែ​បាន​ទុំ ។ គាត់​ថា​ស្រូវ​ខ្លះ​ខ្វះ​ទឹក​ស្កក​ខ្លះ​ក៏​បាន​ច្រូត ឯ​ភ្លៀង​ក៏​មិន​ធ្លាក់​២​ខែ​មក​ហើយ នាំ​ឲ្យ​សំណាប ស្រូវ​វស្សា ខ្លះ​ងាប់ ខ្លះ​ក្រៀម​ស្វិត ខ្លះ​ទៀត​ក្រហម​រៀប​ងាប់​គ្រប់​ថ្នាល ។ គាត់​ថា​បើ​សំណាប​ងាប់​អស់​គាត់​គ្មាន​ពូជ​សាប​ទៀត​ទេ ។ គាត់​ក៏​ខ្វះ​ស្បៀង​ដែរ គាត់​បាន​ទៅ​ជីក​ទំពាំង​ដល់​ភ្នំ​សែនហាន​មក​លក់​ចិញ្ចឹម​ជីវិត ហើយ​ក៏​ព្រួយបារម្ភ​ខ្លាំង​ពី​កង្វះ​ស្បៀង​នា​ពេល​អនាគត​បើ​ភ្លៀង​មិន​បន្ត​ ធ្លាក់​ទេ​នោះ ។

ស្ត្រី​វ័យ​ចាស់​ឈ្មោះ នេន បាន​ឲ្យ​ដឹង​ថា ៖ «សំណាប​ងាប់​អស់​ហើយ ស្រែ​២​-​៣​ហ្នឹង​ងាប់​អស់​ហើយ បាន​អី ? អស់​ស្រូវ​សាប​អស់​រលីង ។ …អត់​មាន​ស្រូវ​១​គ្រាប់​សោះ អត់​លុយ​ទិញ​ស្រូវ​នឹង​គេ ។ បើ​អង្គការ​ផ្ដល់​មក​យើង​បាន​សាប​ស្ទូង​ចុង​ដៃ​បន្តិច​បន្តួច​អី បាន​មួយ​កញ្ជើ​ពីរ​កញ្ជើ​អី​ហូប ។ ចុះ​បើ​អ៊ីចឹង​ធ្វើ​ម៉េច ? ងាប់ ។ មានតែ​ទៅ​រក​ទំពាំង ដល់​ទំពាំង​វា​ដុះ ដល់​ទំពាំង​វា​លែង​ដុះ មិន​ដឹង​បាន​អី​ទិញ​ហូប ឥឡូវ​ហ្នឹង​ដាច់​ព្រឹក ដាច់​ល្ងាច​ហ្នឹង»

វ័យ​ចាស់​ឈ្មោះ ឡន មាន​ប្រសាសន៍​ថា​គាត់​សាប​ស្រូវ​ពូជ​អស់​៤​កញ្ជើ ឥឡូវ​សំណាប​ក្រៀម​ងាប់​អស់​ទៅ​ហើយ ។ គាត់​ថា​ធ្វើ​ស្រែ​តាំងពី​ដូនតា​មក​ប្រវះ​ជាមួយ​មេឃ ដល់​បោះ​ឆ្នោត​មាន​ការប្រកួត​ប្រជែង​ច្រើន គណបក្ស​នយោបាយ​បាន​ប្រកូក​ប្រកាស​ថា​ធ្វើ​ប្រព័ន្ធ​ធារាសាស្រ្ត​ឲ្យ​ទឹក​ សំបូរ ក៏​គាត់​នៅតែ​ធ្វើ​ស្រែ​ប្រវះ​ជាមួយ​មេឃ​ដដែល ។

ស្ត្រី​វ័យ​ចាស់​ឈ្មោះ ឡន បាន​មាន​ប្រសាសន៍​ថា ៖ «ចប់​រឿង​គ្មាន​ទឹក​បូម​ដាក់​នឹង​គេ សាប​អស់​៣​-​៤​តៅ ឥឡូវ​ក្រហម​អស់​ហើយ បើ​ភ្លៀង​មក​ក្រែងលោ​វា​រស់​ខ្លះ បើ​ភ្លៀង​មិន​មក​ងាប់​អស់​ហើយ ។ បើសិន​ជា​មាន​ទឹក​មក ត្រូវ​សំណាប​ពេញ​ស្ទូង​ណាស់ ២​ខែ​ជាង​ហើយ សំណាប ។ ខ្ញុំ​អត់​មាន​ប្រឡាយ​អី​បូម​ដាក់​នឹង​គេ ស្រែ​វា​ឆ្ងាយ បូម​អត់​ដល់ ធ្វើ​ម៉េច​បាន​នឹង​គេ»

បុរស​កំពុង​ប្រមូល​ផ្លែ​ត្នោត​ទុំ​ដែល​ជ្រុះ​ពេញ​ដី​អះអាង​ថា រៀងរាល់​ការឃោសនា​បោះ​ឆ្នោត​គ្រប់​គណបក្ស​នយោបាយ​សុទ្ធតែ​សន្យា​ថា នឹង​ធ្វើ​ឲ្យ​ជីវភាព​ប្រជាកសិករ​កាន់តែ​ប្រសើរ​ឡើង ដោយ​សន្យា​រៀបចំ​កែប្រែ​ប្រព័ន្ធ​ធារាសាស្រ្ត​ជាដើម ។ ប៉ុន្តែ​១​អាណត្តិ​ហើយ ១​អាណត្តិ​ទៀត ក្រោយ​ជាប់​ឆ្នោត​កសិករ​ខ្លួន​ឯង​ស្រវេស្រវា​ខ្ចី​បុល​ប្រាក់​គេ​យក​មក​ជីក​ ស្រះ ជីក​អណ្តូង​តាម​ផ្ទះ​យក​ទឹក​ប្រើប្រាស់​និង​បូម​ទឹក​ដាក់​ស្រែ ដាំ​ស្រូវ ដាំ​ដំណាំ ។ រីឯ​ផ្លូវថ្នល់​ទាល់តែ​មាន​ប្រាក់​បដិភាគ ៣​ពាន់​រៀល ១​គ្រួសារ ទើប​អាច​មាន​ផ្លូវ​ក្រួស​ក្រហម​ដើរ និង​ដឹក​កសិផល​យក​ទៅ​លក់​ងាយ​ស្រួល ។

បុរស​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «បោះ​ឆ្នោត​ហើយ​នៅ​ស្ងៀម ស្ងាត់​ឈឹង​ទាំងអស់​គ្នា អត់​មាន​រឿង​ប្រព័ន្ធ​ធារាសាស្រ្ដ​អត់​មាន​ទេ ។ ប៉ះពាល់​រឿង​ជីវភាព ខ្ញុំ​រកស៊ី​នឹង​កម្លាំង​ខ្លួនឯង ខ្ញុំ​កាប់​អុស​កាប់​អី​លក់ ជួនកាល​គោះ​អង្រ្កង​អី​លក់​ទៅ បាន​មួយ​ថ្ងៃ ៦​-​៧​ពាន់ ទិញ​ទឹក​ដោះ​គោ​ឲ្យ​កូន កូន​ពីរ​ហ្នឹង។ អ៊ីចឹង​បាន​ថា​វា​ពិបាក​ណាស់​ការងារ​ហ្នឹង ឥឡូវ​ហ្នឹង​វា​ស្ងាត់ឈឹង​អ៊ីចឹង ។ ខ្ញុំ​មិន​ដឹង​ធ្វើ​ម៉េច ចង់​ឲ្យ​តែ​បងប្អូន​ធូរធារ​អ៊ីចឹង ជីវភាព​ដូច​ខ្ញុំ​ចង់​ឲ្យ​ធូរធារ ដល់​ពេល​ឥឡូវ បន្ទាប់ពី​បោះ​ឆ្នោត​ហើយ​គាត់​នៅ​ស្ងៀម មិន​ដឹង​ធ្វើ​ម៉េច គណបក្ស​នយោបាយ​ទាំងអស់​គាត់​នៅ​ស្ងៀម​ឈឹង​ទាំងអស់»

បន្ត​ចេញ​ពី​ឃុំ​អង្គរជ័យ​មក​ឃុំ​តានី អ្នក​ភូមិ​តាព្រាម​រអ៊ូរ​ដូច​គ្នា​នឹង​ឃុំ​អង្គរជ័យ​ដែរ ថា​គ្មាន​ទឹក​ភ្លៀង​សំណាប​ងាប់​ស្ទើរ​អស់ ៖ «សំណាប​ខ្ញុំ​ពីរ​ថ្នាល​ ងាប់​ទាំងអស់ ។ សាប​ក្រោយ​មួយ​ទៀត​រីង​ត្រពាំង​អស់ ឥឡូវ​ស្រែ​ខ្ញុំ​ស្ទូង​អ៊ីអ៊ែ​អស់​ទៀត​ហើយ មាន​សង្ឃឹម​អី មិន​ទាន់​ចេញ​ផង»

បុរស​ម្នាក់​ទៀត​ឈ្មោះ គឹម សូវន ទើប​ឡើង​មក​ពី​ស្រែ​អះអាង​ថា ៖ «ពិបាក ​ថា​ណាស់​ឥឡូវ​ហ្នឹង​រាំង​អស់​ហើយ ដាស់​ស្រែ​មិន​ទាន់​ហើយ​ផង ។ រាំង​ណាស់ ព្រឹក​មិញ​គេ​ទើប​បូម គេ​មាន​ប្រភព​ទឹក គេ​បូម​ទៅ ខ្ញុំ​អត់​មាន​ទឹក​ឯណា… ។ មិន​ព្រួយ​យ៉ាង​ម៉េច​បើ​អត់​ស្រូវ​អង្ករ​ហូប នៅ​ស្រែ ខ្ញុំ​ទៅ​រក​លុយ​ឯណា ?»

ស្រ្តី​មេម៉ាយ​កូន​៣​នាក់​លក់​ផ្លែ​ទៀប​ទុំ​និង​ផ្លែ​ចាន់ ក្បែរ​ថ្នល់​ជាតិ​លេខ​៣១ នៅ​ឃុំ​តានី អះអាង​ថា​គាត់​ជា​ស្រី​មេម៉ាយ ខំ​ត្រដរ​ធ្វើ​ស្រែ ភ្ជួរ​រាស់ ខ្លួនឯង ។ ប៉ុន្តែ​ឆ្នាំ​នេះ​ការខំ​ប្រឹងប្រែង​របស់​គាត់​ទំនង​ជា​គ្មាន​សង្ឃឹម​ឡើយ ដោយ​សំណាប​នៅ​ក្បែរ​ជើង​ភ្នំ​ងាប់​អស់​ទៅ​ហើយ ។ ឯ​សំណាប​ក្បែរ​ផ្ទះ​គាត់​ខំ​ជួល​ម៉ាស៊ីន​បូម​ទឹក​គេ អស់​ច្រើន​ម៉ឺន​រៀល​ក៏​ក្រៀម​ងាប់​អស់​ទៀត ។

ស្ត្រី​មេម៉ាយ​ដដែល​បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​សាប​មួយ​ខែ​ជាង​ហើយ ឥឡូវ​ស្វិត​ងាប់ កំពុងតែ​ភ័យ​រឿង​ស្រូវ ដល់​អត់​មាន​ទឹក​ភ្លៀង​ភ័យ ដល់​ស្វិត​អស់​រលីង​ទៅ មិន​ដឹង​ដោះស្រាយ​ផ្លូវ​ណា​ទេ​អ៊ីចឹង ចាំមើល​តែ​ទឹក​ភ្លៀង តាំង​ពី​សាប​ហើយ​អត់​ដែល​ភ្លៀង​ទេ ភ្លៀង​កាល​ទើប​សាប​បាន​១០​ថ្ងៃ ដុះ​បាន​ប៉ុណ្ណឹង ដល់​រួច​មក​អត់»

មេ​ឃុំ​តានី លោក អីវ ស្ងួន មាន​ប្រសាសន៍​ថា​ក្នុង​៧​ភូមិ​នៃ​ឃុំ​តានី បាន​សាប​១០០% ប៉ុន្តែ​តាំងពី​ចុង​ខែ​ឧសភា​មក​បច្ចុប្បន្ន​ទឹក​តាម​ប្រព័ន្ធ​កូន​ប្រឡាយ​ និង​ស្រះ​ទឹក​តាម​ភូមិ​នានា​បាន​គោក​ស្ងួត​អស់​ទឹក ដោយ​អ្នក​ភូមិ​ខ្លះ​ដណ្តើម​គ្នា​បូម​ទឹក​ដាក់​ស្រូវ​ដើម​រដូវ​ឲ្យ​មាន​ គ្រាប់​ពេញ​បាន​ផល​ច្រូត​កាត់ ។ ហើយ​បែរ​ជា​ខ្វះ​ទឹក​សំណាប​ស្រូវ​វស្សា ។

លោក​ថា​បើ​រំពឹង​ទឹក​ភ្លៀង​មិន​ធ្លាក់​មក​សោះ​នាំ​ឲ្យ​សំណាប​គ្រប់​ថ្នាល ​កាន់តែ​ខ្វះ​ទឹក​ច្រើន​ទៅ ។ សំណាប​ខ្លះ​ក្រៀម ខ្លះ​ងាប់​បណ្តើរៗ​ដោយ​គ្មាន​ប្រព័ន្ធ​ធារាសាស្រ្ត​ជួយ​សង្រ្គោះ​បាន​ទេ ។ រីឯ​គម្រោង​កែប្រែ​ប្រព័ន្ធ​ធារាសាស្រ្ត ឬ​សាងសង់​បន្ថែម ក៏​មិន​អាច​ធ្វើ​ទៅ​បាន​ដោយ​រដ្ឋ​គ្មាន​ថវិការ​គ្រប់គ្រាន់ ។

លោក អីវ ស្ងួន បាន​មាន​ប្រសាសន៍​ថា ៖ «ព្រោះ​ថា​ភូមិ​សាស្រ្ដ​នៅ​ ក្នុង​ឃុំ​របស់​ខ្ញុំ​នេះ វា​ឆ្ងាយ​ពី​ប្រភព​ទឹក មិន​អាច​ធ្វើ​ប្រឡាយ​ពី​បឹង​មក​បាន​ទេ ចំណាយ​ទុន​ច្រើន ហើយ​វា​ត្រូវ​កាត់​ភូមិ កាត់​ដី​វា​រាប់​គីឡូ​ពី​បឹង អ៊ីចឹង​មាន​តែ​ភូមិ​គេ​ក្បែរ​បឹង​ហ្នឹង គឺ​យើង​មាន​ប្រឡាយ​របស់​យើង​អាច​ស្ដារ​សំណាប​ហ្នឹង​បាន…។ បើសិន​ជា​ភ្លៀង​ឥឡូវ​នេះ​យើង​នៅតែ​បាន​១០០%»

បើ​យើង​សង្កេតមើល​ពី​តាម​ថ្នល់​ជាតិ​លេខ​៣ ចាប់ពី​ឃុំ​គូស ស្រុក​ត្រាំកក់ ខេត្ត​តាកែវ រហូត​ដល់​ខេត្ត​កំពត​ដី​ច្រើន​រយ​ហិកតា​ស្ងួត​ក្រៀម ខ្លះ​មិន​បាន​ភ្ជួរ​ដាស់​ដី​ស្រែ​នៅ​ឡើយ​ទេ ។

យោង​តាម​មន្រ្តី​ជំនាញ​កសិកម្ម​និង​មន្រ្តី​ឧត្តុនិយម​ឲ្យ​ដឹង​ថា ក្នុង​រដូវ​វស្សា​ចាប់ពី​ខែ​មិថុនា​និង​ខែ​កក្កដា មាន​កូន​រដូវ​ប្រាំង​១ ទឹក​ភ្លៀង​មិន​បាន​ធ្លាក់​ជោកជាំ​បាន​ទេ ។

បើ​តាម​ការអះអាង​របស់​អាជ្ញាធរ​និង​អ្នក​ស្រុក​ខេត្ត​កំពត​បាន​ឲ្យ​ដឹង​ ថា កាលពី​ឆ្នាំ​មុន​ទឹក​ភ្លៀង​បាន​ធ្លាក់​ល្អ អ្នក​ស្រុក​ធ្វើ​ស្រែ​បាន​ផល​ច្រើន ទោះបី​មាន​កូន​រដូវ​ប្រាំង​ក្នុង​រដូវ​វស្សា​ក៍ដោយ ៕

ទាហាន​ថៃ​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​ក្នុង​ប្រាសាទ​តាមាន់ធំ

ថៃ ​បាន​រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​ទៅ​កាន់​ទី​បរិវេណ​ខាង​ក្នុង​នៃ ​ប្រាសាទ​តាមាន់​ធំ នៅ​លើ​ខ្នង​ភ្នំ​ដងរែក បើ​ទោះបី​ជា​មាន​ការស្នើសុំ​ពី​មេ​បញ្ជាការ​កងទ័ព​កម្ពុជា​ក៏ដោយ ។

RFA File Photo/Savyuth

ទាហាន​ថៃ​ដើរ​ក្បែរ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​ខ្មែរ​នា​ថ្ងៃ​ទី​១៩ កក្កដា ២០០៨។

លោក​វរសេនីយ៍​ឯក នាក់ ពង់ មេ​បញ្ជាការ​កងពល​៤២​ដែល​បាន​ដាក់​ទ័ព​ពង្រាយ​ការពារ​នៅ​លើ​ខ្នង​ភ្នំ​ដងរែក ​បាន​ថ្លែង​ថា ភាគី​ទ័ព​ឈុត​ខ្មៅ​ថៃ​បាន​បដិសេធ​មិន​ឲ្យ​ចូល​ទៅ​ក្នុង​បរិវេណ​ប្រាសាទ​ តាមាន់់​ធំ​នោះ​ឡើយ នា​ព្រឹក​ថ្ងៃ​ទី​៨ ខែ​៨ ឆ្នាំ​២០០៨​នេះ ។

លោក​បន្ត​ថា​ភាគី​ថៃ​បាន​សំអាង​ថា នៅ​ថ្ងៃ​នេះ​មេ​បញ្ជាការ​កង​ទាហាន​ឈុត​ខ្មៅ​នោះ​មិន​នៅ ដូច្នេះ​ហើយ​ក្រុម​កូន​ទាហាន​ឈុត​ខ្មៅ​របស់​ថៃ​បាន​បដិសេធ​មិន​ឲ្យ​ចូល​នោះ​ ទេ ។

លោក​វរសេនីយ៍​ឯក នាក់ ពង់ បាន​មាន​ប្រសាសន៍​ថា ៖ «យើង​បាន​សុំ​គេ​ហើយ យើង​បាន​ជម្រាប​គេ​មុន​ហើយ ក៏ប៉ុន្តែ​គេ​ឆ្លើយ​ថា​រង់ចាំ​បទបញ្ជា​ថ្នាក់​លើ​គេ​ពីរ​សប្ដាហ៍»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​លោក​វរសេនីយ៍​ឯក នាក់ ពង់ បាន​ឲ្យ​ដឹង​ថា​ថៃ​បាន​ប្រកាស​ឲ្យ​រង់ចាំ​ពីរ​សប្ដាហ៍​ទៀត​ទើប​អាច​អនុញ្ញាត ​ឲ្យ​ពុទ្ធបរិស័ទ​ខ្មែរ​ចូល​បាន ។

មនុស្ស​ជាង​៣០​នាក់​ដែល​ជា​ជនជាតិ​ខ្មែរ​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ឡើង​ តាម​ជើង​ភ្នំ​ដងរែក នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០០៨​នេះ ដើម្បី​ប្រារព្ធ​ពិធី​បួងសួង​តាម​បែប​ព្រហ្មញ្ញ​សាសនា អន្ទង​មហិទ្ធិឫទ្ធិ​និង​បារមី​បុព្វបុរស​ដូន​តា​អតីត​ព្រះ​មហាក្សត្រ​នៅ​ទី​ នោះ ឲ្យ​បណ្ដេញ​កងទ័ព​ឈ្លានពាន​របស់​ថៃ​ចេញ​ពី​ទឹក​ដី​ប្រាសាទ​តាមាន់​ធំ ។

ការហាមឃាត់​និង​ការឈ្លានពាន​របស់​ថៃ​បាន​ធ្វើ​ឲ្យ​ពុទ្ធបរិស័ទ​ខ្មែរ​មាន​ការខកចិត្ត​និង​ខឹងសម្បា ។

លោកស្រី ព្រាប ស៊ីនរ៉ា បាន​ថ្លែង​ថា​លោកស្រី​មាន​ការខកចិត្ត​យ៉ាង​ខ្លាំង​ព្រោះ​ជនជាតិ​ខ្មែរ​មិន​ អាច​ចូល​ទៅ​ជាន់​ឬ​ប៉ះ​ប្រាសាទ​របស់​ខ្មែរ​បាន ៖ «បង​សប្បាយ​រីករាយ​ដែល ​បាន​មក​ឃើញ​ប្រាសាទ​របស់​ខ្មែរ តែ​បង​មាន​ការទោមនស្ស​យ៉ាង​ខ្លាំង​ដែល​ឃើញ​ប្រាសាទ​ខ្មែរ​ហើយ​ខ្មែរ​មិន​អាច ​ចូល​បាន ។ សៀម​អត់​គោរព​នូវ​សិទ្ធិ​របស់​ខ្មែរ អត់​គោរព​ច្បាប់ អត់​គោរព​អន្តរជាតិ ព្រោះ​យើង​ស្ថិត​នៅ​ក្នុង​អាស៊ាន​ទាំងអស់​គ្នា គួរណាស់​តែ​សៀម​ហ្នឹង​គោរព​នូវ​ច្បាប់​របស់​អាស៊ាន​ផង»

ទាហាន​ឈុត​ខ្មៅ​ថៃ​ជាង​១០​នាក់​បាន​ចេញ​មក​ពី​បន្ទាយ​របស់​ខ្លួន​ជា​បន្ត ​បន្ទាប់ ដើម្បី​រារាំង​ខណៈ​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ជាង​៣០​នាក់​កំពុង​ដុត​ធូប​ដុត​ទៀន ​នៅ​ខាង​ក្រៅ​របង​ដែល​ហ៊ុមព័ទ្ធ​ដែល​ធ្វើ​ឡើង​ដោយ​ពួក​ថៃ ។

លោក​អនុសេនីយ៍ឯក ស៊ុម ឃួន មេ​បញ្ជាការ​កង​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ឬ​ ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​នោះ​ទេ ។

យោង​តាម​ក្រុម​ទាហាន​ដែល​ឈរ​ការពារ​នៅ​លើ​ខ្នង​ភ្នំ​ដងរែក​នោះ​បាន​ឲ្យ​ ដឹង​ថា ទាហាន​ឈុត​ខ្មៅ​របស់​ថៃ​មិនមែន​ទើបតែ​ចូល​កាន់កាប់​ហួស​ប្រាសាទ​តាមាន់​ធំ​ ប្រវែង​៣០០​ម៉ែត្រ ទើបតែ​ថ្ងៃ​ទី​៣ សីហា ប៉ុណ្ណោះ​ទេ តាម​ពិត​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​បើក​យុទ្ធសាស្ត្រ​ដាក់​ខ្សែ​ត្រៀម​ចាប់តាំង​ ពី​ថ្ងៃ​ទី​២៦ មុន​ថ្ងៃ​ដែល​ប្រទេស​កម្ពុជា​រៀបចំ​ការបោះ​ឆ្នោត​មក​ម៉្លេះ ៕

ពលរដ្ឋ​មាន​បញ្ហា​ដី​ធ្លី​នៅ​កំពត​រង​ការគំរាម​កំហែង​ពី​កម្លាំង​ប្រដាប់​អាវុធ

ប្រជាពលរដ្ឋ ​ដែល​មាន​បញ្ហា​ដី​ធ្លី​នៅ​ស្រុក​ឈូក ខេត្ត​កំពត បាន​ឲ្យ​ដឹង​ថា​ពួក​គាត់​បាន​រង​នូវ​ការគំរាម កំហែង​ពី​សំណាក់​កង​កម្លាំង​ប្រដាប់​អាវុធ​នៃ​កងពល​តូច​ថ្មើរ​ជើង​លេខ​៣១ នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​៤ ខែ​សីហា​នេះ ។

ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​រស់​នៅ​ចំណុច​អន្លង់​ ក្រោម​ក្នុង​ភូមិ​ជ័យសេនា ឃុំ​តាកែន ស្រុក​ឈូក ខេត្ត​កំពត ហើយ​ដែល​ដី​របស់​ពួក​គាត់​ត្រូវ​បាន​ដក​ហូត​សម្រាប់​ប្រើប្រាស់​ជា​សួន​ បណ្ដុះ​កូន​ឈើ អ្នកស្រី ដា បាន​អះអាង​ថា ៖ «ម៉ោង ៦ ទាហាន​មក​វ៉ៃ ប្រជាជន​ដឹក​ធ្យូង ដើម្បី​ទិញ​អង្ករ​ហូប​អ៊ីចឹង ។ ហើយ​មក​គ្នា ៧​នាក់ កាន់​កាំភ្លើង ៣​ដើម ពេល​ដែល​ពួក​ខ្ញុំ​ឡើង​ទៅ ឃាត់​កុំ​ឲ្យ​វ៉ៃ​ឡ យក​កាំភ្លើង​មក​ភ្ជង់​ដាក់ ហើយ​ហៅ​សុទ្ធ​ថា​ពួក​អ្ងែង​ស្អី មេ​អញ​បញ្ជា​មក​វ៉ៃ​ឡ អ្ងែង​គ្មាន​សិទ្ធិ​អី​មក​ឃាត់​ទេ មេ​អញ​ផ្កាយ​២ ស្រ៊ុន សារឿន ។ បាញ់​មួយ​គ្រាប់​ទៀត ពេល​ដែល​ពួក​ប្រជាជន​ដើរ​មក ហើយ​ស្រែក​ជាមួយ​គ្នា ត​សម្ដី​គ្នា​ទៅ​វិញ​ទៅ​មក វា​ដើរ​ហួស​ទៅ​បន្តិច វា​បាញ់​មួយ​គ្រាប់​គំរាម​ថា បើ​ចង់​ខ្លាំង​អ្ងែង​ដើរ​មក ។ ហើយ​វា​ស្រែក​ថា ឲ្យ​ខ្ញុំ​ថា ម៉េច​ពួក​អ្ងែង​បាន​មិន ទៅ អ្ងែង​នៅ​ហ្នឹង​ធ្វើ​អី»

បុរស​ម្នាក់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​បាន​ចាកចេញ​ពី​ចំណុច​អន្លង់​ ក្រោម​ទៅ​ជ្រក​កោន​នៅ​ក្នុង​វត្ត​វាល​ធំ លោក គ្រី យ៉ា ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​៤ ខែ​សីហា​នេះ កងកម្លាំង​ប្រដាប់​អាវុធ​មួយ​ក្រុម​ដែល​ដឹក​នាំ​ដោយ​មេ​បញ្ជាការ​កងពល​តូច​ ថ្មើរជើង​លេខ​៣១ លោក​បាន​មក​ដាក់​ឱសានវាទ​ឲ្យ​ពួក​គាត់​ចាកចេញ​ពី​ទី​អារាម ។

លោក គ្រី យ៉ា បាន​ឲ្យ​ដឹង​ថា ៖ «ដឹកនាំ​ដោយ​លោក ស្រុន សារឿន បើក​ឡាន​២​គ្រឿង ជិះ​ម៉ូតូ​៣​គ្រឿង មាន​កម្លាំង​ចំនួន​៩​នាក់ ហើយ​យក​អាវុធ​ទៅ​ភ្ជង់​ប្រជាពលរដ្ឋ​នៅ​ក្នុង​វត្ត​ហ្នឹង ឲ្យ​ប្រជាពលរដ្ឋ​ចាក​ចេញ​ពី​ក្នុង​វត្ត នៅ​ថ្ងៃ​ស្អែក​ពេល​ព្រឹក»

វិទ្យុ​អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​តាម​ទូរស័ព្ទ​ដើម្បី​សុំ​ ការបំភ្លឺ​ជុំវិញ​បញ្ហា​នេះ​ពី​មេ​បញ្ជាការ​កងពល​តូច​ថ្មើរជើង​លេខ​៣១ លោក ស្រ៊ុន សារឿន តែ​មិន​បាន​សម្រេច​ដោយ​ការព្យាយាម​លើក​ទី​មួយ​មាន​បញ្ហា​ផ្នែក​ប្រព័ន្ធ​ ទូរស័ព្ទ​ស្ដាប់​ការ​សន្ទនា​មិន​បាន ហើយ​ជា​បន្តបន្ទាប់​ទៀត​ទូរស័ព្ទ​របស់​លោក​ពុំ​មាន​អ្នក​ទទួល ។

ចៅ​អធិការ​វត្ត​រុក្ខាមុនីរង្សី ហៅ​វត្ត​វាល​ធំ ស្ថិត​ក្នុង​ភូមិ​វាលធំ ឃុំ​ត្រែងទ្រយឹង ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់ស្ពឺ ព្រះនាម ឃឹម ចាន់នូវ បាន​មាន​ដីកា​ថា​នៅ​វេលា​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​ដែរ​មាន​មេ​បញ្ជាការ​ កងរាជអាវុធហត្ថ​មួយ​រូប​បាន​មក​ពិត​ព្រះអង្គ​អំពី​បញ្ហា​ពាក់ព័ន្ធ​នឹង​ ប្រជាពលរដ្ឋ​ដែល​មក​ស្នាក់​អាស្រ័យ​នៅ​ក្នុង​វត្ត ។

ព្រះតេជព្រះគុណ ឃឹម ចាន់នូវ បាន​មាន​ដីកា​ថា ៖ «គេ​ថា​ខ្លាច​មាន​ បញ្ហា​អី​ក្នុង​វត្ត គេ​ថា​មនុស្ស​អត់​ល្អ​អត់​អី អាត្មា​ថា​គេ​មក​ពេញ​វត្ត​ហើយ អាត្មា​មិន​ដឹង​បោះបង់​ទៅ​ណា ឃើញ​សត្វ​លង់​ទឹក​ហើយ​អាត្មា​ត្រូវតែ​ជួយ​សង្រ្គោះ​អ៊ីចឹង​ហើយ»

ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ដី​ធ្លី​នៅ​ចំណុច​អន្លង់​ក្រោម​ភូមិ​ជ័យ​សេនា ​ភាគ​ច្រើន​បាន​ថ្លែង​ថា​ក្ដី​សង្ឃឹម​នូវ​ដំណោះស្រាយ​សម្រាប់​ពួក​គាត់​ ក្រោយ​ការបោះឆ្នោត​ហាក់​រសាត់​ឆ្ងាយ​ទៅ​វិញ បន្ទាប់ពី​បាន​ឃើញ​នូវ​សកម្មភាព​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​ថ្ងៃ​ ច័ន្ទ​នេះ ៕

ក្រុមប្រឹក្សា​ឃុំ​បក្ស​ប្រជាជន​នៅ​កំពង់ចាម​រង​ការចោទ​ថា​ចាប់​ឧបករណ៍​នេសាទ​ពលរដ្ឋ

ប្រជាពលរដ្ឋ ​ប្រមាណ​ជា​២០០​គ្រួសារ​នៅ​ក្នុង​ភូមិ​បឹងជ្រោយ ឃុំ​សូទឹប ស្រុក​ជើងព្រៃ បាន​ចោទ​ប្រកាន់​ក្រុមប្រឹក្សា​ឃុំ​គណបក្ស​ប្រជាជន​កម្ពុជា ថា​បាន​សហការគ្នា​នឹង​ម្ចាស់​ឡូត៍​នេសាទ​ស្ទឹង​ឆ្វេង ចាប់​ឧបករណ៍​នេសាទ​របស់​ពួក​គេ ប៉ុន្តែ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ធ្វើការ​ហាមឃាត់​និង​ចាប់​យក​នោះ​ទេ ។

ការនេសាទ​ត្រី​នៅ​រដូវ​នេះ​ជា​ការខុស​ច្បាប់ ប៉ុន្តែ​ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៥ សីហា​នេះ ថា ក្រុមប្រឹក្សា​ឃុំ ឈ្មោះ ហៃ សេងលី និង​ម្ចាស់​ឡូត៍​នេសាទ​ឈ្មោះ លីន បាន​ចាប់​យក​ឧបករណ៍​នេសាទ​របស់​ពួក​គេ ដោយ​ថា​ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​បោះ​ឆ្នោត​ជូន​គណបក្ស​សមរង្ស៊ី ។

ដោយ​គិត​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ប្រជាពលរដ្ឋ​ទាំង​នោះ​សុំ​មិន​ បញ្ចេញ​ឈ្មោះ​បាន​មាន​ប្រសាសន៍​ថា ក្រោយពី​បោះ​ឆ្នោត​អាណត្តិ​ទី​៤​បាន​មួយ​ថ្ងៃ គឺ​ថ្ងៃ​ទី​២៨ ខែ​កក្កដា​កន្លង​ទៅ​នេះ ក្រុមប្រឹក្សា​ឃុំ​ក៏​ដូច​ជា​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទៅ​គំរាម​ ពួក​គេ​ថា បើ​អ្នកឯង​បោះ​ឆ្នោត​ឲ្យ​អ្នក​ណា​ឲ្យ​អ្នក​នោះ​ជួយ​ទៅ ។ ទន្ទឹម​នឹង​នោះ​ដែរ​ពួក​គេ​បាន​សហការ​នឹង​ម្ចាស់​ឡូត៍​នេសាទ បាន​ដើរ​ប្រមូល​ចាប់​យក​ឧបករណ៍​នេសាទ​អួនស្បៃ ចំពោះ​ប្រជាពលរដ្ឋ​ណា​ដែល​បាន​បោះ​ឆ្នោត​ជូន​គណបក្ស​សមរង្ស៊ី  ៖ «ខាង​គណបក្ស​ប្រជាជន គេ​គំរាម​កំហែង​ថា រក​អី ឲ្យ​តែ​គណបក្ស​សមរង្ស៊ី​គេ​ចាប់​ទាំងអស់»

ប្រជាពលរដ្ឋ​ម្នាក់​ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែរ​បាន​មាន​ប្រសាសន៍​ថា ពួក​គេ​មាន​ការលំបាក​ខាង​ជីវភាព​ដោយ​រដូវ​នេះ​ជា​រដូវ​នេសាទ ទោះបី​ជា​ពួក​គេ​ដឹង​ថា​ការប្រើប្រាស់​ឧបករណ៍​នេសាទ​អួន​ស្បៃ​នោះ​ជា​ឧបករណ៍ ​ដែល​ខុស​ច្បាប់​ក៏​ដោយ ដោយ​នៅ​រដូវ​នេះ​បញ្ហា​ជីវភាព​មាន​ការលំបាក​គ្មាន​ការងារ​អ្វី​ក្រៅពី​ ធ្វើការ​នេសាទ​នោះ​ទេ ៖ «បើ​សង្ឃឹម ២​-​៣​គីឡូ​អី រក​លុយ​ទិញ​អង្ករ​ហូប​មិន​បាន​ទេ ។ អ៊ីចឹង​ហើយ​បាន​នាំ​គ្នា​រក​អ៊ីចឹងទៅ ឥឡូវ​បើ​គេ​បិទ​មុខ​ហ្នឹង​ទៅ ខ្ញុំ​ក៏​មិន​ថា​ម៉េច​ដែរ ប៉ុន្តែ​ឲ្យ​តែ​បិទ​គេ​ទាំងអស់»

ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ដែល​កំពុង​ជួប​ប្រទះ​នូវ​បញ្ហា​លំបាក​ដូច​គ្នា​ ដែរ​នោះ បាន​មាន​ប្រសាសន៍​ថា​លោក​ដឹង​ថា​រដូវ​នេះ​ជា​រដូវ​ហាមឃាត់​ធ្វើការ​នេសាទ ប៉ុន្តែ​ម្ចាស់​ឡូត៍​នេសាទ​ប្រកាន់​នូវ​និន្នាការ​គណបក្ស​នយោបាយ​ចំពោះ​ បក្សពួក​របស់​ខ្លួន​បាន​អនុញ្ញាត​ឲ្យ​ធ្វើការ​នេសាទ​តាម​អំពើ​ចិត្ត ៖ «គ្រាន់តែ​តូច​ចិត្ត គេ​មួយចំនួន​គេ​រក​បាន គេ​អ្នក​មាន​ខ្សែ​បណ្ដាញ បើ​ខ្ញុំ​ក្រីក្រ​ឯណេះ​គេ​ចាប់ គេ​ដេញ យក​របស់​ខ្ទេចខ្ទី​អស់»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ធ្វើការ​ទំនាក់​ទំនង​នឹង​ម្ចាស់​ឡូត៍​នេសាទ​ ស្ទឹង​ឆ្វេង ឈ្មោះ លីន បាន​ទេ នៅ​ថ្ងៃ​នេះ ។ រី​ឯ​ក្រុមប្រឹក្សា​ឃុំ​សូទឹប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ហៃ សេងលី បាន​ធ្វើការ​បដិសេធ​នូវ​ការចោទ​ប្រកាន់​ខាង​លើ ។

មេ​ឃុំ​សូទឹប​មកពី​គណបក្ស​សមរង្ស៊ី លោក មិច មាឃ បាន​មាន​ប្រសាសន៍​ជុំវិញ​បញ្ហា​ខាង​លើ​ថា លោក​ពិត​ជា​គាំទ្រ​នូវ​ការបង្រ្កាប​ការនេសាទ​ខុស​ច្បាប់ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​បើ​ចាប់​គឺ​ចាប់​ទាំងអស់​មិន​ត្រូវ​មាន​ ការរើសអើង​នោះ​ទេ ៖ «អំពើ​ខុស​ច្បាប់ ដាក់​ស្បៃ ដាក់​អី​នេះ គឺ​ច្បាប់​ហាម​ឃាត់»