កម្ពុជា​-ថៃ​នឹង​ចរចា​រឿង​ជម្លោះ​នៅ​ព្រះវិហារ​ម្ដង​ទៀត​នៅ​សប្ដាហ៍​ក្រោយ

លោក ​ឧបនាយក​រដ្ឋមន្រ្តី ហោ ណាំហុង ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា គ្រោង​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​មួយ​ក្រុម​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ថៃ សម្រាប់​រយៈពេល​២​ថៃ្ង ចាប់ពី​ថៃ្ង​ទី​១៨ ខែ​សីហា ខាង​មុខ​នេះ ដើម្បី​បើក​ការចរចា​ជា​ថ្មី​ដែល​ភាគី​កម្ពុជា​បាន​ទាមទារ​ឲ្យ​ប្រទេស​ថៃ​ដក​ កងទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា​នោះ។


AFP Photo
ទាហាន​ខ្មែរ​ដើរ​នៅ​ក្នុង​បរិវេណ​ប្រាសាទ​ព្រះវិហារ នៅ​លើ​ភ្នំ​ដងរែក នៃ​ខេត្ត​ព្រះវិហារ នា​ថ្ងៃ​២១ កក្កដា ២០០៨ ។

ផ្អែក​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា គណៈប្រតិភូ​ជាន់​ខ្ពស់​របស់​កម្ពុជា​និង​ថៃ គ្រោង​នឹង​បើក​ការចរចា​ទេ្វភាគី​ជា​ថ្មី​នោះ នៅ​ប្រទេស​ថៃ នៅ​ថៃ្ង​ទី​១៨ ខែ​សីហា ហើយ​បន្ទាប់​មក គណៈប្រតិភូ​កម្ពុជា នឹង​វិល​ត្រទ្បប់​មក​ប្រទេស​កម្ពុជា​វិញ​នៅថៃ្ង​ទី​១៩ ខែ​សីហា។

លោក ស៊ិន ប៊ុនធឿន មន្រ្តី​អ្នកនាំ​ពាក្យ​របស់​ក្រសួង​ការបរទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី ឲ្យ​ដឹង​ថា សមាសភាព​គណៈប្រតិភូ​ខែ្មរ​ដែល​នឹង​ទៅ​បើក​ការចរចា​ទ្វេ​ភាគី​ជាមួយ​នឹង​ថៃ​ នៅ​ដើម​សប្តាហ៍​ខាង​មុខ​នេះ គឺ​មាន​ចំនួន​ប្រមាណ ១០​រូប មកពី​ក្រសួង​ការបរទេស ក្រសួង​ការពារ​ជាតិ និង​មន្រ្តី​មួយ​ចំនួន​នៃ​គណៈកម្មាធិការ​ដោះស្រាយ​វិវាទ​ព្រំដែន​កម្ពុជា។

លោក ស៊ិន ប៊ុនធឿន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «បញ្ហា​នេះ យើង​ចរចា​បញ្ហា​ព្រំដែន​យើង បញ្ហា​ការដក​ទ័ព​អី​ហ្នឹង បញ្ហា​ដែល​នៅ​សេសសល់​ហ្នឹង យើង​ដោះស្រាយ​បណ្ដើរ​ៗ»

ទាក់ទង​នឹង​ការបើក​ការចរចា​នៅ​ពេល​ខាង​មុខ​នេះ លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ដោះស្រាយ​វិវាទ​ព្រំដែន​កម្ពុជា ដែល​មាន​គម្រោង​រួម​ដំណើរ​ផង​ដែរ​នោះ បាន​មាន​ប្រសាសន៍​ថា ៖ «វា​ជា​ការបន្ត​កិច្ចការ​ដែល​យើង​ធ្វើ​នៅ​សៀមរាប ថ្ងៃ​២៨ (កក្កដា) កន្លង​មក»

សុខ សេរី ៖ អ្វី​ដែល​ជា​ចំណុច​មិន​ចុះសម្រុង​គ្នា រវាង​កម្ពុជា​និង​ថៃ?

វ៉ា គឹមហុង ៖ «អាហ្នឹង​យើង​និយាយ​មិន​ទាន់​បាន​ទេ ព្រោះ​យើង​នៅ​ក្នុង​ការចរចា។ ចរចា​ដើម្បី​ឲ្យ​ចុះ​សម្រុង​គ្នា…»

លោក មឿង សុន ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខែ្មរ បាន​មាន​ប្រសាសន៍​ជុំវិញ​ការចរចា​ទេ្វ​ភាគី​រវាង​ថៃ​និង​កម្ពុជា ខាង​មុខ​នេះ​ថា ៖ «ក្ដី​សង្ឃឹម វា​មាន​តិច ដោយសារ​អី គឺ​ដោយសារ​វត្តមាន​របស់​កងទ័ព​ថៃ​និង​សកម្មភាព​របស់​គាត់ ហាក់​ដូច​អត់​មាន​បង្ហាញ​ភាព​វិជ្ជមាន​នៃ​ការ​សម្រប​សម្រួល​ការចរចា​សោះ»

គម្រោង​នៃ​ការបើក​ការចរចា​នៅ​ថៃ្ង​ទី​១៨​-១៩ ខែ​សីហា ខាង​មុខ​នេះ គឺ​ជា​ការចរចា​ទ្វេ​ភាគី​លើក​ទី​៣​ហើយ រវាង​កម្ពុជា​និង​ថៃ ផ្តោត​លើ​ការដក​កងទ័ព​ថៃ​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា ប៉ុន្តែ​ភាគី​ថៃ​មិន​បាន​ដក​កងទ័ព​តាម​ការទាមទារ​របស់​កម្ពុជា​ទ្បើយ។

សូម​រំឭក​ថា រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​និង​ថៃ កាលពី​ថៃ្ង​ទី​២៨ ខែ​កក្កដា កន្លង​ទៅ​ថ្មីៗ​នេះ បាន​បើក​ការចរចា​ទ្វេភាគី​រួច​ម្តង​ទៅ​ហើយ​នៅក្នុង​ខេត្ត​សៀមរាប ដោយ​ភាគី​ទាំង​សង​ខាង បាន​យល់ព្រម​ថា កង​ទ័ព​នៃ​ប្រទេស​ទាំង​ពីរ​មិន​បើក​ការវាយ​ប្រយុទ្ធ​គ្នា​ទេ គឺ​ប្រកាន់​យក​នូវ​ការដោះស្រាយ​ដោយ​សន្តិវិធី។

ប៉ុនែ្ត ភាគី​ថៃ​នៅតែ​រក្សា​កងទ័ព​របស់​ខ្លួន​ជា​ដដែល ដែល​មជ្ឈដ្ឋាន​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា មើល​ឃើញ​ថា សកម្មភាព​នោះ​គឺ​ជា​ការឈ្លានពាន​និង​រំលោភ​លើ​អធិបតេយ្យ​របស់​កម្ពុជា៕

ខ្មែរ​នៅ​អាមេរិក​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​ថៃ​ទាមទារ​ឲ្យ​ថៃ​ដក​ទ័ព​ពី​ព្រះវិហារ

ពលរដ្ឋ ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ជា​ច្រើន​នាក់ បាន​តវ៉ា​កាល​ពី​ថ្ងៃ​ចន្ទ (ទី​១១ សីហា ២០០៨) នៅមុខ​ស្ថានទូត​ថៃ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ទាមទារ​ឲ្យ​ប្រទេស​ថៃ​ដក​កងទ័ព​ខ្លួន​ចេញ​ជា​បន្ទាន់ ពី​តំបន់​ព្រះវិហារ​ដែល​ជា​ទឹកដី​របស់​ខ្មែរ។


Photo courtesy of Kenneth Kiv
ពលរដ្ឋ ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​ថៃ
នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ឌីស៊ី ទាមទារ​​ឲ្យ​ថៃ​ដក​ទ័ព​ពី​ដី​ខ្មែរ
នៅ​តំបន់​ប្រាសាទ​ព្រះវិហារ នា​ថ្ងៃ​ទី​១១ សីហា ២០០៨។

ក្នុង​ចំណោម​បាតុករ​ខ្មែរ​ប្រមាណ ៥០​នាក់ ដែល​តវ៉ា​នៅមុខ​ស្ថានទូត​ថៃ​នោះ លោក ថូម៉ាស់ កែវ អគ្គហិរញ្ញិក​នៃ​សមាគម​អង្គរ បាន​មាន​ប្រសាសន៍​សម្ដែង​នូវ​គោលបំណង​នៃ​ការតវ៉ា​ថា ៖ «ខ្ញុំ​គឺ​មក​ពី​ សមាគម​អង្គរ នៅ​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​ឌីស៊ី និង ម៉ារីឡែន។ ការធ្វើ​បាតុកម្ម​ថ្ងៃ​នេះ គឺ​យើង​មាន​បំណង​៣ សំខាន់​បំផុត គឺ​ទី​១ យើង​សុំ​ឲ្យ​រដ្ឋាភិបាល​ថៃ ទទួល​ស្គាល់​នូវ​ច្បាប់​របស់​ខ្លួន ដែល​បាន​ស៊ីញ៉េ​នៅ​ខែ​៧ ថ្ងៃ​ទី​៨ ឆ្នាំ​២០០៨។ ទី​២ គឺ​ចង់​ឲ្យ​រដ្ឋាភិបាល​ថៃ ដក​ទ័ព​ចេញ​ពី​ទល់​ដែន​ពី​ព្រះវិហារ។ ទី​៣ គឺ​យើង​មិន​ចង់​ឲ្យ​មាន​សង្រ្គាម»

លោក​បញ្ជាក់​ថា ក្រៅពី​ការមក​ចូលរួម​ផ្ទាល់​តវ៉ា​ចាប់​ពី​ម៉ោង ១០​ព្រឹក ដល់​ម៉ោង​២ រសៀល ថ្ងៃ​ចន្ទ ទី​១១ ខែ​សីហា ក៏​នៅ​មាន​ខ្មែរ​ជា​ច្រើន នៅ​រដ្ឋ​ដទៃៗ​ទៀត​ក្នុង​សហរដ្ឋ​អាមេរិក បាន​ទូរស័ព្ទ​សម្ដែង​ការលើក​ទឹក​ចិត្ត និង​គាំទ្រ​ដល់​ការតវ៉ា​ផង​ដែរ ដើម្បី​ឲ្យ​ថៃ​ដក​កងទ័ព​ចេញ ហើយ​និង​ឲ្យ​មាន​សន្តិភាព។

លោក ថូម៉ាស់ កែវ មាន​ប្រសាសន៍​បន្ថែម​ថា ៖ «ខ្លះ​មក​ពី​គណៈកម្មការ​ ផ្សេង ហើយ​ក្នុង​នោះ​មាន​សមាគម​ខ្មែរ មក​ពី​រដ្ឋ​ដទៃ មិន​បាន​មក​ចូលរួម​ទេ ក៏​ប៉ុន្តែ គេ​បាន​ទូរស័ព្ទ​មក​ចូលរួម​ជួយ​គាំទ្រ ដូចជា តិចសាស់ កាលីហ្វ័រញ៉ា ផែនស៊ីលវេនៀ»

នៅមុខ​ស្ថានទូត​ថៃ ដែល​ស្ថិត​នៅអគារ​លេខ​១០២៤ មហា​វិថី Wisconsin Ave. រដ្ឋធានី​វ៉ាស៊ីនតោន ឌីស៊ី បាតុករ​ខ្មែរ​ដែល​បាន​ចូលរួម​ក្នុង​បាតុកម្ម បាន​សម្ដែង​នូវ​គោលបំណង​របស់​ខ្លួន​ថា ៖ «ខ្ញុំឈ្មោះ សូ ឡុង ពី​ដើម​ខ្ញុំ​នៅ​ខេត្ត​សៀមរាប អង្គរវត្ត។ ខ្ញុំ​មក​ថ្ងៃ​នេះ ដើម្បី​ជួបជុំ​គ្នា ខ្មែរ​យើង​ទាំង​អស់ មក​តវ៉ា​ឲ្យ​ថៃ ដក​ទ័ព​ពី​ដែនដី​ខ្មែរ​យើង ជាពិសេស គឺ​នៅ​វត្ត​ព្រះវិហារ វា​មក​ឈ្លានពាន​ដី​ខ្មែរ​យើង ឲ្យ​វា​ដក​ទ័ព​ក្នុង​ពេល​ឆាប់ៗ​នេះ។ ខ្ញុំ​ឈ្មោះ ម៉ូនីកា នៅ​រដ្ឋ​វ៉ាស៊ីនតោន ឌីស៊ី។ យើង​ខ្ញុំ​មក​ហ្នឹង ដើម្បី​មក​ធ្វើ​បាតុកម្ម ដើម្បី​ទាមទារ​ឲ្យ​ថៃ​គោរព​អង្គការ​យូណេស្កូ ហើយ​ឲ្យ​ថៃ​ដកទ័ព​ចេញ​ពី​ទឹកដី​ខ្មែរ​យើង ដែល​[ថៃ]​កំពុង​តែ​ចូល​នៅ​ព្រះវិហារ​ឥឡូវ​ហ្នឹង…»

បាតុកម្ម​ប្រឆាំង​ថៃ បាន​ចប់​បន្ទាប់​ពី​តំណាង​បាតុករ បាន​ជូន​ញត្តិ​តវ៉ា ដែល​មាន​ចុះ​ហត្ថលេខា​ផង ជូន​ទៅ​តំណាង​ស្ថានទូត​ថៃ៕

ទាហាន​ថៃ​ខ្លះ​បាន​ដក​ថយ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​ដោយ​ទ្រាំ​មិន​បាន​នឹង​ជំងឺ​គ្រុន​ចាញ់

មន្រ្តី ​យោធា​ខ្មែរ​នៅ​តំបន់​ជម្លោះ​នៃ​ប្រាសាទ​ព្រះវិហារ បាន​ឲ្យ​ដឹង​ថា កងទាហាន​ឈុត​ខ្មៅ​ថៃ ប្រមាណ​ជាង ១០០​នាក់ ដែល​បញ្ជូន​មក​ប្រឈម​មុខ​ដាក់​គ្នា ជាមួយ​ទាហាន​ខ្មែរ​នៅ​ភ្នំ​ទ្រព្យ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​ដែរ​នោះ បាន​ដក​ថយ​ទៅ​វិញ​ហើយ ដោយសារ​តែ​មិន​អាច​ទ្រាំទ្រ​នឹង​ជំងឺ​គ្រុនចាញ់​និង​គ្មាន​ទឹក​ប្រើប្រាស់។

     
RFA file photo/Savyuth ទាហាន​ថៃ​ដើរ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​នា​ថ្ងៃ​១៩ កក្កដា ២០០៨។ សេចក្ដី​រាយការណ៍​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៥ សីហា ២០០៨ ទាហាន​ថៃ​បាន​ដក​ចេញ​ខ្លះ​វិញ​ហើយ​ពី​ប្រាសាទ​តាមាន់​ក្នុង​ខេត្ត​ឧត្ដរ មានជ័យ។

មេបញ្ជាការ​រង​កង​ពល​ធំ​អន្តរាគមន៍​លេខ​២ ដែល​កំពុង​គ្រប់គ្រង​យោធា​នៅ​តំបន់​ភ្នំ​ទ្រព្យ លោក​ឧត្ដមសេនីយ៍ យឹម ពឹម បាន​មាន​ប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​១១ ខែ​សីហា​ថា កងទាហាន​ឈុត​ខ្មៅ​ថៃ ដែល​ទើប​តែ​បញ្ជូន​មក​ថ្មី ឲ្យ​ប្រឈម​មុខ​ជាមួយ​កង​ទាហាន​ខ្មែរ ដំណាល​គ្នា​នឹង​ថៃ​ចូល​លុកលុយ​ទី​វត្ត​ខ្មែរ​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ​ បាន​ដក​ថយ​ទៅវិញ​ហើយ។

មន្រ្តី​យោធា​ដដែល​បាន​ឲ្យ​ដឹង​ថា ទាហាន​ថៃ​ទាំង​នោះ បាន​ដក​ថយ​កាល​ពី​២​ថ្ងៃ​មុន ត្រឡប់​ទៅ​បន្ទាយ​ចាស់​របស់​ខ្លួន​វិញ ដែល​មាន​ចម្ងាយ​ជាង ៣​គីឡូម៉ែត្រ ពី​តំបន់​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​យោធា​ខ្មែរ ដោយសារ​តែ​ពួកគេ​ទទួល​រង​ជំងឺ​គ្រុនចាញ់​និង​ខ្វះ​ទឹក​ប្រើប្រាស់ ៖ «ភ្នំ ​ទ្រព្យ​ទាហាន​ខ្មៅ ដែល​វា​មក​ថ្មី ជាង ១០០។ ចេញ​អស់​ហើយ វា​ទៅ​នៅ​កន្លែង​វា​ក្រោយ​ឯណោះ បន្ទាយ​វា​ហ្នឹង វា ៣​គីឡូម៉ែត្រ។ វា​ឈឺ​គ្រុន នៅ​អត់​បាន កន្លែង​ហ្នឹង​វា​លំបាក អត់​ទឹក​អត់​អី​ផង ប្រើ​ទឹក​លើ​ថ្ម ទឹក​ដក់ៗ​ហ្នឹង ប៉ុន្តែ​វា​នៅ​អា​ចាស់ ៣០​នាក់»

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា មិន​អាច​ស្វែងរក​ជួប​ការអធិប្បាយ​បញ្ហា​នេះ ពី​ខាង​ភាគី​ថៃ​បាន​ទេ។

បញ្ហា​ដូចគ្នា​នេះ​ដែរ នៅឯ​តំបន់​ទ័ព​ប្រាសាទ​ព្រះវិហារ ដែល​កងទាហាន​ឈុត​ខ្មៅ​ថៃ កំពុង​ចូល​លុកលុយ​និង​បោះ​ជំរំ​ស្នាក់នៅ​ក្នុង​វត្ត​ខ្មែរ​នោះ តាម​ការឲ្យ​ដឹង​ពី​កង​ទាហាន​ខ្មែរ​ថា គេ​បាន​ឃើញ​មាន​មេ​បញ្ជាការ​យោធា​ថៃ ដែល​កំពុងតែ​នៅ​លើ​ទឹកដី​ខ្មែរ ពី​មុន​ជានិច្ចកាល​តែងតែ​ប្រជុំ​ជា​ញឹកញាប់ ជាមួយ​មេបញ្ជាការ​យោធា​ខ្មែរ​ដើម្បី​ធានា​កុំ​ឲ្យ​មាន​ការផ្ទុះ​អាវុធ​នោះ បាន​ផ្លាស់ប្ដូរ​ឥរិយាបថ ពុំ​ជួប​ប្រជុំ​ជាមួយ​មេបញ្ជាការ​យោធា​ខ្មែរ​ទៀត​ហើយ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា មេបញ្ជាការ​យោធា​ថៃ​ជា​ច្រើន បាន​ចាប់​ផ្ដើម​ដើរផ្លូវ​វាង​ចូល​ទៅ ខាង​ក្រៅ​វត្ត នៅពេល​ដែល​គេ​ចង់​ជួប​ជាមួយ​ពលទាហាន​របស់​គេ ដោយ​មិន​បាន​ដើរ​ចូល​ពី​មុខ​វត្ត​ដើម្បី​សម្ដែង​ការគួរសម​ជាមួយ​មេបញ្ជាការ​ យោធា​ខ្មែរ ដូច​មុន​ទៀត​ទេ។

ឧបនាយករដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​ កម្ពុជា លោក ទៀ បាញ់ បាន​មាន​ប្រសាសន៍​កាលពី​រសៀល​ថ្ងៃ​ចន្ទ​ថា ទោះ​យ៉ាង​ណា​រដ្ឋាភិបាល​កម្ពុជា​ថៃ នឹង​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន ដែល​កំពុងតែ​ប្រឈមមុខ​ដាក់​គ្នា ដោយ​កង​យោធា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ​ឲ្យ​ទាល់​តែ​បាន។

លោក ទៀ បាញ់ បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា​មាន​ចំណុច​ជោគជ័យ​មួយ​ចំនួន ដែល​គ្រោង​នឹង​យក​ទៅ​ជជែក​ក្នុង​កិច្ចចរចា​គ្នា ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ខាង​មុខ ក៏​ប៉ុន្តែ​ទោះ​យ៉ាង​ណា លោក​មិន​បាន​បង្ហើប​ឲ្យ​ដឹង​ពី​ចំណុច​ទាំង​នោះ​ទេ។

លោក ទៀ បាញ់ មាន​ប្រសាសន៍​ថា ៖ «វា​ត្រូវតែ​ចប់ ទោះ​យ៉ាង​ណា​ក៏​ដោយ យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​ចប់ កុំ​ឲ្យ​ពន្យារ​ពេល ត្រូវ​ធ្វើ​របៀប​ណា ពេល​ណា​អី​ហ្នឹង វា​ខូច​បរិយាកាស​…»

កង​ទាហាន​ខ្មែរ​និង​ថៃ​ខ្លះ ដែល​កំពុង​ប្រឈមមុខ​ដាក់​គ្នា បាន​និយាយ​ថា ពួកគេ​បាន​រង់ចាំ​ម្ដង​ហើយ ម្ដង​ទៀត ពី​លទ្ធផល​ចរចា​រវាង​មន្រ្តី​ខ្មែរ​-ថៃ ដើម្បី​បញ្ចប់​ជម្លោះ​តំបន់​ប្រាសាទ​ព្រះវិហារ​ពីព្រោះ​តែ​ពួកគេ​មិន​ចង់​ ច្បាំង​បង្ហូរ​ឈាម​គ្នា​ទេ៕

ក្រុម​សិទ្ធិ​មនុស្ស​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ប្រាសាទ​ព្រះវិហារ

សកម្មជន ​សិទ្ធិ​មនុស្ស ក្រុម​អ្នក​ជំនាញ​ផ្នែក​ច្បាប់ និង​អ្នក​ជំនាញ​ផ្នែក​អភិវឌ្ឍន៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៃ​ប្រទេស​ កម្ពុជា​ប្រមាណ​២០​នាក់ បាន​ធ្វើដំណើរ​ទៅ​តំបន់​ជម្លោះ​នា​ទឹក​ដី​ខ្មែរ​នៃ​ប្រាសាទ​ព្រះវិហារ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៩ សីហា ដើម្បី​ពិនិត្យ​មើល​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ស៊ីវិល​នៅ​តំបន់​នោះ ជាមួយ​នឹង​ស្ថានភាព​ព្រំដែន​ដែល​កំពុងតែ​លុកលុយ​ដោយ​កង​ទាហាន​ថៃ​ផងដែរ ។

RFA Photo/Keo Nimol

ប្រាសាទ​ព្រះវិហារ​ខ្មែរ នៅ​លើ​កំពូល​ភ្នំ​ដងរែក​ នៃ​ខេត្ត​ព្រះវិហារ។

សមាជិក​របស់​គណៈកម្មការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ ​មនុស្ស​កម្ពុជា​ម្នាក់​ក្នុង​ចំណោម​អ្នក​រួម​ដំណើរ​ប្រមាណ​២០​នាក់​ផ្សេង​ ទៀត គឺ​លោក ចាន់ សាវ៉េត បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ថា ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មក​ពី​ច្រើន​ផ្នែក​ទៅ​កាន់​តំបន់​ ប្រាសាទ​ព្រះវិហារ​នោះ គឺ​ដើម្បី​ទៅ​ពិនិត្យ​មើល​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​និង​ស្ថានភាព​ព្រំដែន ថា​តើ​មាន​ស្ថានភាព​យ៉ាង​ដូចម្ដេច ? ។

លោក ចាន់ សាវ៉េត បាន​មាន​ប្រសាសន៍​ទៀត​ថា អង្គការ​ក្រៅ​រដ្ឋាភិ​បាល​គ្រោង​នឹង​ធ្វើ​សន្និសីទ​កាសែត​នៅ​ទី​នោះ​ផង​ដែរ បន្ទាប់ពី​ពិនិត្យ​ជាក់ស្ដែង​នៅ​តាម​ព្រំដែន​ដែល​មាន​កងទ័ព​ថៃ​កំពុង​ចូល​ លុកលុយ​នោះ ។

លោក ចាន់ សាវ៉េត បាន​ឲ្យ​ដឹង​ថា ៖ «គឺ​យើង​ចង់​ពិនិត្យ​មើល​ពលរដ្ឋ​ យើង​នៅ​ទី​នោះ ហើយ​និង​ស្ថានភាព​ព្រំដែន​របស់​យើង​ហ្នឹង​មាន​សភាពការណ៍​យ៉ាង​ដូចម្ដេច ? អ៊ីចឹង​យើង​ប្រហែល​ជា​រៀបចំ​ធ្វើ​ជា​សន្និសីទ​កាសែត​មួយ បន្ទាប់ពី​យើង​ធ្វើ​កិច្ចការងារ​យើង​ចប់​នៅ​លើ​ភ្នំ​ហ្នឹង​តែម្ដង»

ការធ្វើ​ដំណើរ​ទៅ​កាន់​ប្រាសាទ​ព្រះវិហារ​របស់​ក្រុម​អង្គការ​ក្រៅ​ រដ្ឋាភិបាល​នោះ​បាន​នាំ​យក​អំណោយ​ពី​សប្បុរសជន​ខ្មែរ​នានា​ដែល​នៅ​បរទេស​និង ​ក្នុង​ស្រុក​ដែល​រួម​គ្នា​ជា​ទឹក​ប្រាក់​ប្រមាណ​ជា​១៨​លាន​រៀល ដោយ​ទិញ​ជា​សម្ភារៈ​សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​និង​កង​ទាហាន​នៅ​តំបន់​នោះ ។

ចំណែក​ឯ​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​បាន​មាន​ ប្រសាសន៍​ថា ពួក​គាត់​គ្រប់​គ្នា​តែងតែ​បន់ស្រន់​សុំ​ឲ្យ​បារមី​វត្ថុ​ស័ក្តិសិទ្ធិ​ឆាប់ ​បណ្ដេញ​កងទ័ព​ថៃ​ឲ្យ​ចេញ​ពី​ទឹក​ដី​ខ្មែរ ពីព្រោះ​តាំងតែពី​កងទ័ព​ថៃ​ចូល​លុកលុយ​ទី​វត្ត​ខ្មែរ កែវ​សិក្ខា​គិរី​ស្វារៈ ពួក​គេ​ពិត​ជា​ពិបាក​ប្រកប​របរ​ចិញ្ចឹម​ជីវិត​និង​ភ័យ​ព្រួយ​ខ្លាច​កើត​ សង្គ្រាម​ផង ៖ «ប្រជាជន​បន់​គ្រប់​គ្នា​ថា បន់​ឲ្យ​តែ​ថៃ​ដក​អស់​វិញ ថៃ​នៅ​រញ៉េរញ៉ៃ​អ៊ីចឹង​វា​ពិបាក​រកស៊ី…»

ចាប់តាំងពី​កង​ទាហាន​ឈុត​ខ្មៅ​ថៃ​ចូល​លុកលុយ​ទី​វត្ត​ខ្មែរ​ដំបូង​ថ្ងៃ​ ទី​១៥ ខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី​៩ ខែ​សីហា មាន​រយៈពេល​២៥​ថ្ងៃ​ហើយ វត្តមាន​កងទ័ព​ឈុត​ខ្មៅ​និង​ប៉ារ៉ា​របស់​ថៃ​នៅ​ដដែល​លើ​ទឹក​ដី​ខ្មែរ ។

ចំណែក​ឯ​នៅ​ប្រាសាទ​តាមាន់​ក្នុង​ស្រុក​បន្ទាយអំពិល ខែត្រ​ឧត្ដរមានជ័យ​ឯណោះ​វិញ មេ​បញ្ជាការ​យោធា​ខ្មែរ​បាន​ឲ្យ​ដឹង​ថា​ទាហាន​ខ្មែរ​និង​ថៃ​កំពុង​ប្រឈម​មុខ ​ដាក់​គ្នា​នៅ​ម្ខាង​ប្រាសាទ​ម្នាក់​ដោយ​ភាគី​ទាំង​សងខាង​កំពុង​ប្រឹងប្រែង​ កុំ​ឲ្យ​មាន​ការផ្ទុះ​អាវុធ ។

មេ​បញ្ជាការ​យោធា​ខ្មែរ​ឲ្យ​ដឹង​ថា នៅ​ប្រាសាទ​តាមាន់​ទាហាន​ខ្មែរ​កំពុងតែ​ខ្វះខាត​ស្បៀង​អាហារ​និង​ថ្នាំ​ ពេទ្យ​ដែល​ពេល​នេះ​កង​ទាហាន​ខ្លះ​បាន​កើត​ជំងឺ​គ្រុនចាញ់​និង​រាក ដោយសារតែ​គ្មាន​ទឹក​ស្អាត​ប្រើប្រាស់ ៖ «ថា​សព្វ​មុខ​ហ្នឹង ទឹក ម្ហូប​អាហារ មធ្យោបាយ​ធ្វើ​ដំណើរ ។ ធ្លាក់​ភ្លៀង​ធ្លាក់​អី​អ៊ីចេះ គ្រុន​ចាញ់ ក៏​រាករូស​ដែរ»

សូម​បញ្ជាក់​ថា​ជម្លោះ​ព្រំដែន​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​និង​ប្រាសាទ​ តាមាន់ កង​ទាហាន​ខ្មែរ​ថៃ​កំពុង​រង់ចាំ​ដំណោះស្រាយ​នៃ​ការជួប​ចរចា​រវាង​មន្ត្រី​ រដ្ឋាភិបាល​ទាំង​ពីរ​ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា​ខាង​មុខ បន្ទាប់ពី​ការជួប​ចរចា​ចំនួន​ពីរ​លើក​រួច​មក​ហើយ​បាន​ទទួល​បរាជ័យ ៕

ទាហាន​ខ្មែរ​ខ្លះ​នៅ​ព្រះវិហារ​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព

កង ​ទាហាន​ខ្មែរ​ខ្លះ ដែល​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​កងយោធា​ថៃ នា​តំបន់​ប្រាសាទ​ព្រះវិហារ កំពុង​ជួប​ប្រទះ​បញ្ហា​សុខភាព កើត​ជំងឺ​ផ្ដាសាយ ដោយសារ​តែ​ធាតុ​អាកាស​ត្រជាក់​និង​រាករូស ដោយសារ​ការបរិភោគ​ចំណី​អាហារ​និង​ទឹក។

RFA file photo/Uy Sophea

អង្គការ​មនុស្ស​ធម៌​ក្នុង​ស្រុក​ចែក​អំណោយ​ជា​ថ្នាំពេទ្យ​ដល់​ទាហាន​ខ្មែរ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ នា​ថ្ងៃ​ទី​២៩ កក្កដា ២០០៨។

មន្រ្តី​ពេទ្យ​មួយ​រូប ដែល​ប្រចាំការ​នៅ​ក្នុង​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ ទី​៦ ខែ​សីហា​នេះ​ថា មាន​ទាហាន ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្លះ នៅ​ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ កំពុង​ទទួល​រង​ជំងឺ​ផ្ដាសាយ ច្រើន​ជាង​ប្រភេទ​ជំងឺ​ដទៃ​ទៀត ៖ «ពេល​ខ្លះ ​ញាក់ យើង​ជោះ​ឈាម​ធ្វើ​តេស្ត អត់​មាន​គ្រុន​ចាញ់​ទេ បើ​ផ្ដាសាយ​រាង​ច្រើន​ជាង​គេ​បន្តិច ឈឺ​ក្បាល ឈឺ​ក្រពះ រាក មាន​ខ្លះ​ដែរ»

តាម​ការបង្ហាញ​តួលេខ​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​ចុះឈ្មោះ​សុំ​ថ្នាំ​ចំនួន ៦៥​នាក់ គឺ ៤០​នាក់ មាន​អាការៈ​ជំងឺ​ផ្ដាសាយ។

ពលទាហាន​ខ្មែរ​ម្នាក់ ដែល​កំពុង​បោះ​ជំរំ​នៅ​ខ្សែ​ត្រៀម​ទី​មួយ ប្រឈម​មុខ​នឹង​កងទាហាន​ប៉ារ៉ា​ថៃ​ដ៏​តឹងតែង បាន​មាន​ប្រសាសន៍​ថា ពួកគាត់​បាន​កើត​ជំងឺ​រាក​ប្រហែល​ជា​បណ្ដាល​មក​ពី​ចំណី​អាហារ​និង​ទឹក​ដែល​ ដង​មក​អណ្ដូង​ប្រើប្រាស់ ហើយ​បាន​កើត​ជំងឺ​ផ្ដាសាយ​ដោយសារ​តែ​ធាតុ​អាកាស​ត្រជាក់​ខ្លាំង ៖ «ផ្ដាសាយ​មាន រាក ចុកមួល។ ទឹក​អណ្ដូង ហើយ​ម្ហូប​មាន​ត្រី​ខ មី»

ចំណែក​ឯ កងទាហាន​ឈុត​ខ្មៅ​របស់​ថៃ​វិញ បាន​បង្ហើប​ឲ្យ​ដឹង​ថា ពួកគេ​ក៏​មាន​ជំងឺ​គ្រុន​ចាញ់​ខ្លះ និង​មាន​បញ្ហា​ផ្ដាសាយ​ផង​ដែរ ក៏​ប៉ុន្តែ​កងទាហាន​ថៃ​ទាំង​នោះ ត្រូវ​បាន​ផ្លាស់ប្តូរ​ចេញ ដាក់​ថ្មី​មក​ជំនួស នៅពេល​ដែល​មាន​ជំងឺ។

ការប្រឈម​មុខ​ដាក់គ្នា​រវាង​កងទ័ព​ខ្មែរ​ថៃ នៅ​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ​រហូត​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅតែ​ស្ថិត​ក្នុង​សភាព​តឹងតែង​ផ្នែក​យោធា​នៅ​ឡើយ​ដោយ​កងទ័ព​ថៃ រាប់​រយ​នាក់ នៅតែ​មាន​វត្ត​មាន​លើ​ទឹក​ដី​ខ្មែរ។

មេ​បញ្ជាការ​កងពល​អន្តរាគមន៍ លេខ​១២ ដែល​កំពុង​គ្រប់គ្រង​កងទ័ព​ខ្មែរ នៅ​តំបន់​ប្រឈម​មុខ​នោះ លោក​ឧត្ដមសេនីយ៍​ទៅ ស្រី ឌឹក បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ថា សភាពការណ៍​យោធា​នៅ​ទី​នោះ គឺ​ដដែល ពុំ​មាន​ការប្រែប្រួល​ណា​មួយពី​យោធា​ថៃ លើ​គម្រោង​ដកទ័ព​ចេញ​នៅ​ឡើយ​ទេ ៖ «អត់ទាន់​មាន​អី​ប្រែប្រួល​ទេ»

សូម​រំឭក​ថា ចាប់តាំង​តែ​ពី​កង​ទាហាន​ឈុត​ខ្មៅ​-ថៃ បាន​ចូល​លុកលុយ​ក្នុង​ទីវត្ត​កែវ​សិក្ខា​គិរី​ស្វារៈ ទឹកដី​ខ្មែរ​ជិត​តំបន់​ប្រាសាទ​ព្រះវិហារ ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី​៧ ខែ​សីហា មាន​រយៈពេល ២៣​ថ្ងៃ​ហើយ ដោយ​ភាគី​ថៃ មិន​បាន​បង្ហាញ​ឆន្ទៈ​ច្បាស់លាស់ ក្នុង​ការដក​កង​ទ័ព​ចេញ ពី​ទឹកដី​ខ្មែរ​នៅ​ឡើយ​ទេ បើ​ទោះ​បី​ជា​ការជួប​ចរចា​រវាង​មន្រ្តី​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ​នៅឯ​ ខេត្ត​សៀមរាប បាន​យល់ព្រម​ដក​កងទ័ព​ចេញ​ពី​តំបន់​ជម្លោះ​ក៏​ដោយ។

ចំណែក​នៅ​ឯ​ច្រក​ព្រំដែន​ជាំសាងាំ ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ ឯណោះ​វិញ មាន​សេចក្ដី​រាយការណ៍​ថា យន្តហោះ​យក​ការណ៍​របស់​ថៃ បាន​ហោះ​ល្បាត​ជាប់​បន្ទាត់​ព្រំដែន ហើយ​កង​ទាហាន​ថៃ​ជា​ច្រើន កំពុង​ធ្វើ​សកម្មភាព​ល្បាត​តាម​បន្ទាត់​ព្រំដែន​ថៃ​-កម្ពុជា ៖ «មួយ​ថ្ងៃ​ពីរ​ថ្ងៃ ឃើញ​យន្តហោះ​ស្លាបកាត់​របស់​វា​ហោះ ទាហាន​វា ដើរ​ល្បាត​ជា​ប្រចាំ»

តាម​កង​រក្សា​ព្រំដែន​ខ្មែរ នៅឯ​ច្រក​ជាំសាងាំ បាន​ឲ្យ​ដឹង​ថា ខណៈពេល​ដែល​កងទ័ព​ជា​ច្រើន​រយ​នាក់ បាន​បញ្ជូន​មក​ដាក់​ការពារ​ព្រំដែន​ខ្មែរ នៅ​តំបន់​នោះ ពួក​គេ​មាន​បញ្ហា​ខ្វះ​ម្ហូប​អាហារ ដោយ​ត្រី​ខ​មួយ​កំប៉ុង ហូប​គ្នា ៥​នាក់ ក្នុង​មួយ​ពេល​ក៏​មាន៕

ខ្មែរ​នៅ​អាមេរិក​នាំ​គ្នា​ធ្វើ​ញត្តិ​ទៅ​អ.ស.ប.​និង​ប្រធានាធិបតី​អាមេរិក​ពី​បញ្ហា​ព្រះវិហារ

បញ្ហា ​ជម្លោះ​ជាមួយ​ថៃ​ព្រោះ​តែ​ថៃ​បញ្ជូន​ទ័ព​ចូល​មក​កាន់កាប់​ដែន​ដី​ខ្មែរ ដោយ​ប្រកាន់​ថា​ជា​តំបន់​ប្រទាញ​ប្រទង់​ឬ​តំបន់​ស​ឬ​តំបន់​ចម្រូង​ចម្រាស​ ត្រួត​លើ​គ្នា​អី​គេ​នោះ បាន​នាំ​ឲ្យ​ខ្មែរ​នៅឯ​នាយ​សមុទ្រ​សម្តែង​ការក្តៅ​ក្រហាយ​នឹង​អំពើ​ឈ្លានពាន ​នេះ​របស់​ថៃ។

RFA Photo/Keo Nimol

ប្រាសាទ​ព្រះវិហារ​ខ្មែរ នៅ​លើ​កំពូល​ភ្នំ​ដងរែក​ នៃ​ខេត្ត​ព្រះវិហារ។

នៅឯ​រដ្ឋ​វ៉ាស៊ីនតោន សហគមន៍​អភិវឌ្ឍន៍​ខ្មែរ​រួម​ជាមួយ​បងប្អូន​រួម​ជាតិ​ខ្មែរ​ដទៃ​ទៀត  បាន​ផ្តួចផ្តើម​គំនិត​ធ្វើ​ញត្តិ​ជូន​ដល់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​ សហប្រជាជាតិ (អ.ស.ប.) ដល់​ប្រធានាធិបតី​អាមេរិក​និង​ដល់​មេដឹកនាំ​នៃ​ប្រទេស​កម្ពុជា។

លោក ខេវិន ក្តឹប អនុប្រធាន​សហគមន៍​អភិវឌ្ឍន៍​ខ្មែរ​នៅក្រុង​តាកូម៉ា មាន​ប្រសាសន៍ ៖ «ក្នុងនាម ​ប្រជាជន​ខ្មែរ​ទាំង​អស់ ទាំង​ក្រៅ​និង​ក្នុង​ប្រទេស គឺ​ថា យើង​ចង់​ធ្វើ​ជារួម​ជា​ញត្តិ​រួម ដើម្បី​ប្ដឹង​ទៅ​អង្គការ​សហប្រជាជាតិ ផ្នែក​ខាង​ក្រុមប្រឹក្សា​សន្តិសុខ ដើម្បី​ឲ្យ​លោក​ជួយ​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​បញ្ហា​ជម្លោះ​ខ្មែរ​និង​ថៃ ជាពិសេស ផ្តោត​ទៅ​លើ​ការចូល​ឈ្លានពាន​របស់​ថៃ មក​លើ​ដី​ខ្មែរ​យើង​ហ្នឹង។ យើង​ភ័យខ្លាច ខ្លាច​មាន​ការបង្ហូរ​ឈាម​ដល់​ប្រជាពលរដ្ឋ ដែល​អត់ដឹង​អី​សោះ​នោះ ជាពិសេស​ខ្មែរ​យើង នៅ​ទន់ខ្សោយ​នៅ​ឡើយ ផ្នែក​សេដ្ឋកិច្ច​ក្ដី យោធា​ក្ដី គឺ​ថា យើង​នៅ​ចាញ់​ប្រៀបធៀប​គេ។ ដូច្នេះ យើង​អត់​ចង់​ទេ យើង​ឆ្លងកាត់​សង្រ្គាម​ច្រើន​ឆ្នាំ​ហើយ យើង​មិន​ចង់​ឆ្លងកាត់​ទៀត​ទេ»

កាលពី​ថ្ងៃ​សុក្រ សហគមន៍​ខ្មែរ​ឯ​នាយ​សមុទ្រ បាន​ជួបជុំ​គ្នា​សម្រេច​ថា​ក្រៅពី​ធ្វើ​ញត្តិ​ថ្នាក់​អន្តរជាតិ ដោយ​មាន​ដាក់​ញត្តិ​លើ​ប្រព័ន្ធ​អ៊ិនថឹណិត ដែល​នឹង​អនុញ្ញាត​ឲ្យ​ខ្មែរ​នៅ​គ្រប់​ប្រទេស​ក្នុង​ពិភពលោក អាច​ចូលរួម​ចុះ​ហត្ថលេខា​បាន​ហើយ ក៏​នឹង​មាន​ការប្រារព្ធ​ពិធី​រៃ​អង្គាស​បច័្ចយ​យក​ប្រាក់​ទៅ​ជួយ​ឧបត្ថម្ភ​ ពលរដ្ឋ​រងគ្រោះ​ដោយសារ​ការឈ្លានពាន​របស់​ទាហាន​សៀម​និង​ជួយ​ផ្គង់ផ្គង់​លើក​ ទឹកចិត្ត​ដល់​យោធា​ខ្មែរ​នៅ​ជាយ​ដែន​ផង។

លោក ខេវិន សុំ​ឲ្យ​ខ្មែរ​ប្រួត​ដៃ​គ្នា​ប្រើ​សិទ្ធិ​ក្នុង​ការតវ៉ា​ប្រឆាំង​អំពើ​ឈ្លានពាន​តាម​ផ្លូវ​ច្បាប់ ៖ «ឆ្លៀត ​ឱកាស​នេះ ដើម្បី​អំពាវនាវ​ដល់​បង​ប្អូន​ខ្មែរ ជន​រួមជាតិ​ទាំងអស់​គ្រប់​រូប ក្នុង​និង​ក្រៅ​ប្រទេស។ សូម្បី​មេត្តា​ជួយ​ក្រោក​ឈរ​និង​ការជួយ​រួបរួម​សាមគ្គី​គ្នា​ឡើង ព្រោះ​នេះ ជា​ឱកាស​មួយ ដែល​យើង​ត្រូវ​បង្ហាញ​ឆន្ទៈ​យើង​ជា​ខ្មែរ។ មិន​មែន​ថា អស់​លោក​បាន​នៅ​សុខ​ស្រួល​ដល់​ប្រទេស​ក្រៅ​ហើយ មិនគួរ​អើពើ​ដល់​ប្រទេស​ជាតិ​យើង​ទេ ព្រោះ​ថា វា​ជា​អត្តសញ្ញាណ​របស់​យើង ដែល​ជា​ខ្មែរ កុំ​ឲ្យ​គេ​មើលងាយ ព្រោះ​កន្លង​មក ក្នុង​ប្រវត្តិសាស្រ្ត​ហ្នឹង វា​មាន​ការច្របូក​ច្របល់ ដោយសារ​យើង​អី? ដោយសារ​យើង​មិន​តតាំង មាន​ចរិត​ស្លូតបូត ដូច្នេះ​យើង​គួរតែ​បង្ហាញ​ពី​ឆន្ទៈ​របស់​យើង​និង​សិទ្ធិ​របស់​យើង ដែល​យើង​អាច​ប្រើបាន។ ឥឡូវ​នេះ គឺ​ថា យើង​ត្រូវតែ​ធ្វើ​តាម​ផ្លូវ​ច្បាប់»

ក្រៅពី​នេះ តំណាង​សហគមន៍​ខ្មែរ​ក្រុង​តាកូម៉ា រដ្ឋ​វ៉ាស៊ីនតោន ក៏​អំពាវនាវ​ឲ្យ​ខ្មែរ​ងាក​មក​ប្រើ​គ្រឿង​ឧបភោគ​បរិភោគ​ដែល​ខ្មែរ​អាច​ផលិត​ បាន​ដោយ​ខ្លួន​ឯង គឺ​មាន​ចិត្ត​ជាតិ​និយម​ឈប់​ទិញ​អីវ៉ាន់​ថៃ ៖ «ទំនិញ​ ចេញ​ពី​ថៃ​ហ្នឹង រដ្ឋាភិបាល​គួរតែ​គិត​ពី​រឿង​ហ្នឹង​ដែរ បើ​សិន​ជា​យើង​ជា​ខ្មែរ ជា​ពិសេស​ទំនិញ​កសិកម្ម ផលិតផល​ផ្សេង​ៗ​ដែល​យើង​អាច​ផលិត​បាន​នៅ​ស្រុក​ខ្មែរ​ហ្នឹង គួរតែ​យើង​យក​មក​គិត​សាថ្មី​ម្ដង​ទៀត​ថា យើង​គួរតែ​ប្រើ​ទំនិញ​នៅ​ក្នុង​ស្រុក​របស់​យើង នាំ​គ្នា​ជួយ​ដល់​សេដ្ឋកិច្ច​របស់​យើង ហើយ​ជួយ​បង្កើន​ការងារ​ដល់​បង​ប្អូន​ខ្មែរ​យើង​ដែរ។ យើង​មាន​លទ្ធភាព យើង​មាន​ធនធាន​អាច​ធ្វើ​បាន ដូច្នេះ យើង​មិន​គួរ​ទិញ​ទំនិញ​របស់​គេ ចូលមក​ទេ ដូច្នេះ រដ្ឋាភិបាល លោក​គួរគិត​ផ្នែក​ហ្នឹង​ដែរ ហើយ​ប្រជាជន​ខ្មែរ​យើង​ក៏​គួរ​គិត​ដែរ ដូចជា​ដំណាំ​ស្រួល​បំផុត ដូចជា​ជីរ​ឬ​ក៏​ស្លឹក​គ្រៃ​អី​ហ្នឹង យើង​ដាំ​ដុះ​ខ្លួន​ឯង​បាន គួរតែ​ធ្វើ​ខ្លួន​ឯង​នេះ​ជា​មោទនភាព ក្នុង​មោទនភាព​ជាតិ​ខ្មែរ»

ទស្សនៈ​ខ្មែរ​នៅ​អូស្ត្រាលី​ជុំវិញ​បញ្ហា​ជម្លោះ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ

លោក ជា យូហ៊ន ដែល​ជា​ទីប្រឹក្សា​ក្រុង Greater Dandenong នៃ​រដ្ឋ Victoria ប្រទេស​អូស្ត្រាលី រយៈ​ពេល​៤​អាណត្តិ​មក​ហើយ និង​ជា​ជនជាតិ​អូស្រ្តាលី​ដើមកំណើត​អាស៊ី​ ដំបូង​គេ​បង្អស់​ដែល​មាន​តំណែង​ជា​ចៅហ្វាយ​ក្រុង​នៅ​ប្រទេស​អូស្ត្រាលី​នោះ មាន​ប្រសាសន៍ថា​ ការ​ដែល​សៀម​បញ្ជូន​កងទ័ព​មក​ពង្រាយ​តាម​ជាយដែន​ខ្មែរ គឺ​ជា​ការគំរាម​កំហែង​ដល់​កម្ពុជា​និង​ជា​ការរំលោភ​ពេញ​ទី​ទៅ​លើ​ការសម្រេច​ របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ។

RFA Photo/Uy Sophea

ទាហាន​ខ្មែរ​យាម​ល្បាត​ប្រាសាទ​ព្រះវិហារ​នៅ​ក្នុង​ខែត្រ​ព្រះវិហារ នា​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០០៨ ។

ចំពោះ​ការ​ដែល​ភាគី​ថៃ​អះអាង​ថា វត្តមាន​ទ័ព​របស់​ខ្លួន​ជា​ប្រតិកម្ម​ទៅ​នឹង​ការរំលោភ​ព្រំដែន​ដោយ​កម្ពុជា​ ​នោះ លោក​ទីប្រឹក្សាក្រុង ជា យូហ៊ន មាន​ប្រសាសន៍​ថា​យោង​តាម​គំនូស​ផែនទី​ដី​ទាំង​នោះ​ជា​របស់​ខ្មែរ ។

លោក ជា យូហ៊ន បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​មិន​ជឿ​ថា​ខ្មែរ​ហ៊ាន​ចូល​ទៅ​ យក​ដី​គេ​ទេ ពីព្រោះ​អី​ទី​១ គឺ​ដី​អស់​ហ្នឹង​បើ​យើង​មើល​ទៅ​តាម​គំនូស​ទាំងអស់​ហ្នឹង​ទៅ ជា​ពិសេស​បើ​យើង​មើល​តាម​ការកត់សម្គាល់​របស់​អង្គការ​ព្រំប្រទល់​ដែន​ហ្នឹង គឺ​ឃើញ​ថា​ដី​ទាំងអស់​ហ្នឹង​គឺ​នៅ​ក្នុង​របស់​ខ្មែរ​យើង»

ស្តីពី​ដំណោះស្រាយ​ជម្លោះ​ជាមួយ​សៀម​នេះ លោក​ចៅហ្វាយ​ក្រុង Greater Dandenong ដែល​ឋិត​នៅ​មិន​ឆ្ងាយ​ពី​រដ្ឋធានី Melbourne របស់​រដ្ឋ Victoria នោះ មាន​យោបល់​ថា​កម្ពុជា​គួរតែ​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ ។

លោក ជា យូហ៊ន បាន​បញ្ជាក់​ថា ៖ «បើ​រដ្ឋាភិបាល​ខ្មែរ ខ្ញុំ​ថា​បើ​យើង​យក​កម្លាំង​ទៅ​វ៉ៃ​ជាមួយ​សៀម​ហ្នឹង ច្បាស់​ជា​មិន​ឈ្នះ​គេ​ទេ ។ ដូច្នេះ​ការទាមទារ​ខាង​ផ្លូវ​នយោបាយ​គឺ​ជា​ការល្អ ជាពិសេស​គឺ​យើង​ត្រូវ​ហ៊ាន​ឡើង​ទៅ​តុលាការ​ម្ដង​ទៀត ។ មាន​តែ​តុលាការ​អន្តរជាតិ​ទេ​ដែល​គេ​ជា​អ្នក​អាច​សម្រេច​ថា ទឹក​ដី​ខ្មែរ​ត្រឹមណាៗ​ឲ្យ​វា​បាន​ច្បាស់លាស់ ។ គឺ​ថា​ព្រំប្រទល់​ខ្មែរ​ហ្នឹង​តាម​ធម្មតា​គឺ​វា​មាន​ផែនទី​មាន​អី​ ច្បាស់លាស់ តាំងតែពី​បារាំង​កាន់កាប់​ហ្នឹង​គឺ​គេ​មាន​ផែនទី​ផែន​អី​ច្បាស់លាស់​របស់​គេ ។ ដូច្នេះ​បើ​យើង​សំអាង​ទៅ​លើ​ច្បាប់​ទម្លាប់​ទៅ​វិញ ប្រហែល​ជា​មាន​ការប្រសើរ​ជាង»

លោក ជា យូហ៊ន បាន​គេច​ផុត​ពី​វាល​មរណៈ​សម័យ​ខ្មែរ​ក្រហម ប៉ុល ពត ហើយ​បាន​ធ្វើ​អន្តោប្រវេសន៍​ទៅ​ប្រទេស​អូស្រ្តាលី កាលពី​ឆ្នាំ​១៩៨២ ។ លោក​ធ្លាប់​ជា​ជន​ស្ម័គ្រចិត្ត​ជួយ​ខ្មែរ​ភៀស​ខ្លួន​និង​ជួយ​បំពេញ​កិច្ចការ ​សង្គម​នានា​ជាមួយ​សមាគម​ខ្មែរ​នៅ​រដ្ឋ Victoria ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី

ព្រះ​មហាវីរក្សត្រ​៖ ការទាមទារ​យក​ប្រាសាទ​ព្រះវិហារ​ពី​ថៃ​សំខាន់​ជាង​ការដាក់​ជា​បេតិកភណ្ឌ​ពិភពលោក

ព្រះ ​មហាវីរក្សត្រ​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ការទាមទារ​យក​ប្រាសាទ​ព្រះវិហារ​ពី​ប្រទេស​ថៃ​មក​វិញ​ កាលពី​ឆ្នាំ​១៩៦២ មាន​ភាព​សំខាន់​ជាង​ការដាក់​បញ្ចូល​ប្រាសាទ​នេះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ ពិភពលោក ។

AFP Photo

សម្តេច នរោត្តម សីហនុ អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

មន្ត្រី​ខុទ្ទកាល័យ​ព្រះ​មហាក្សត្រ លោក អ៊ុំ តារាវុធ បាន​មាន​ប្រសាសន៍​ថា​បើ​គ្មាន​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​១៩៦២ ពេល​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ សម្រេច​ថា​ប្រាសាទ​ព្រះវិហារ​ជា​របស់​ខ្មែរ​នោះ​ទេ នោះ​ក៏​គ្មាន​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨ ដែល​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​អង្គការ​យូណេស្កូ​សម្រេច​ដាក់​ក្នុង​បញ្ជី ​បេតិកភណ្ឌ​ពិភពលោក​ដែរ ។

លោក អ៊ុំ តារាវុធ បាន​មាន​ប្រសាសន៍​ថា ៖ «ឧទាហរណ៍​មេអំបៅ មាន​មេអំបៅ​មួយ​ឈ្មោះ​ថា មេអំបៅ​ស្ដេច​ម៉ូណាក នៅ​ម៉ិចស៊ិចកូ ជិត​ដាច់​ពូជ​ហើយ ក្នុង​ហ្នឹង​មាន​៣០​បេតិកភណ្ឌ​គេ​ដាក់​ចូល ។ សំខាន់​បំផុត​មិន​មែន​ដាក់​ចូល​ក្នុង​បេតិកភណ្ឌ​ពិភពលោក​ទេ សូម្បីតែ​សម្ដេច​ព្រះ​រាម​នៅ​ឆ្នាំ​២០០៣ លោក​បាន​ដាក់​របាំ​ព្រះ​រាជ​ទ្រព្យ​យើង​នៅ​ក្នុង​បេតិកភណ្ឌ​ដែរ ហើយ​អង្គរវត្ត​យើង​នៅ​ឆ្នាំ​២០០១ ម៉្លោះហើយ​អត់​មាន​ស្អី​ជា​សារសំខាន់​ទេ ។ សំខាន់​បំផុត​គឺ​ថា​ការកាត់​ក្ដី​នៅ​ក្នុង​តុលាការ​ឡាអេ នៅ​ថ្ងៃ​១៥ ខែ​មិថុនា ១៩៦២​នេះ វា​មាន​សារសំខាន់​ជាង​គេ​ទាំងអស់»

មន្ត្រី​ព្រះបរមរាជវាំង លោក អ៊ុំ តារាវុធ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ព្រះ​មហាក្សត្រ​មិន​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រត់​ចូល​ព្រៃ​ម៉ាគី ​តស៊ូ​ប្រឆាំងនឹង​ការឈ្លានពាន​របស់​សៀម​នោះ​ឡើយ ។

លោក អ៊ុំ តារាវុធ បាន​មាន​ប្រសាសន៍​ថា​នៅ​ក្នុង​ព្រះរាជ​សារ​របស់​អតីត​ព្រះ​មហាក្សត្រ នរោត្តម សីហនុ តាំងពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០០៣​នោះ បាន​បញ្ជាក់​ថា​ទ្រង់​នឹង​យាង​ចូល​ព្រៃ​បើសិន​ណា​ប្រទេស​សៀម​ឈ្លានពាន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​ពួក​វាតទី​និយម ។

លោក អ៊ុំ តារាវុធ បាន​បញ្ជាក់​ថា ៖ «លោក​នឹង​ចូល​ម៉ាគី​ដើម្បី​ ប្រយុទ្ធ​នឹង​ពួក​វាតទី​និយម​ថៃ​ដែល​ចូល​មក​វាតទី​នៅ​ប្រទេស​កម្ពុជា ។ លោក​មាន​ព្រះរាជ​តម្រិះ​សម្រាប់​ព្រះអង្គ​ទេ មិនមែន​អំពាវនាវ​អី​ទេ សុំទោស អា​ហ្នឹង​កុំ​ឲ្យ​យើង​យល់​ច្រឡំ»

មន្ត្រី​ព្រះបរមរាជវាំង​បាន​ឲ្យ​ដឹង​ទៀត​ថា ព្រះ​មហាវីរក្សត្រ នរោត្តម សីហនុ នឹង​ជួយ​ដោះស្រាយ​ជុំវិញ​បញ្ហា​ជម្លោះ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ជាមួយ​ នឹង​ប្រទេស​សៀម បើសិន​ណា​ជា​មាន​កិច្ច​សុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល ។

លោក អ៊ុំ តារាវុធ បាន​បញ្ជាក់​ថា​រហូត​មក​ទល់​នឹង​ពេល​នេះ​ព្រះ​មហាវីរក្សត្រ នរោត្តម សីហនុ នៅ​មិន​ទាន់​បាន​ទទួល​កិច្ច​ស្នើ​ឲ្យ​ព្រះអង្គ​ជួយ​ដោះស្រាយ​ជម្លោះ​នោះ​ពី​ រដ្ឋាភិបាល​នៅ​ឡើយ​ទេ ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី

ភរិយា​នាយក​រដ្ឋមន្ត្រី​ធ្វើ​ពិធី​បួងសួង​នៅ​ប្រាសាទ​ព្រះវិហារ

ភរិយា ​របស់​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា លោក​ជំទាវ ប៊ុន រ៉ានី ហ៊ុន សែន បាន​ធ្វើ​ពិធី​បួងសួង​មួយ​នៅ​ឯ​ប្រាសាទ​ព្រះវិហារ កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១ សីហា ដោយ​បាន​អន្ទង​ហៅ​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះ​មហាក្សត្រ​កសាង​អង្គរ និង​វិញ្ញាណក្ខន្ធ​មេ​ទ័ព​ខ្លាំង​ពូកែ​មក​សណ្ឋិត​នៅ​ប្រាសាទ​ព្រះវិហារ ដើម្បី​សម្ដែង​ឫទ្ធិ​បារមី​ឲ្យ​មាន​សន្តិភាព​និង​សេចក្ដី​សុខ ។

RFA Photo/Uy Sophea

លោក ​ជំទាវ ប៊ុន រ៉ានី ភរិយា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អុជ​ទៀន​នៅ​ក្នុង​ពិធី​បួងសួង​សុំ​សុខ​សន្តិភាព នៅ​ឯ​ប្រាសាទ​ព្រះវិហារ​លើ​កំពូល​ភ្នំ​ដងរែក នៅ​ថ្ងៃ​ទី​១ សីហា ២០០៨។

ព្រះ​សង្ឃ​ថ្នាក់​រាជា​គណៈ មន្ត្រី​រដ្ឋាភិបាល​កំពូលៗ កម្លាំង​ប្រដាប់​អាវុធ យោធា ប៉ូលិស ប៉េអឹម និង​ប្រជាពលរដ្ឋ​ប្រមាណ​១​ពាន់​នាក់​បាន​ចូលរួម​ក្នុង​ពិធី​បួងសួង​នោះ ។

តំណាង​ឲ្យ​ក្រសួង​ធម្មការ​និង​សាសនា និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ​ជាតិ​និង​អន្តរជាតិ លោក មិន ឃិន បាន​មាន​ប្រសាសន៍​ថា​ពិធី​ដ៏សម្បើម​កាលពី​ព្រឹក​មិញ​គឺ​ជា​ការបួងសួង​សុំ​ សេចក្ដី​សុខ​ចម្រើន​ដល់​ប្រាសាទ​ព្រះវិហារ ។

លោក មិន ឃិន បាន​មាន​ប្រសាសន៍​ថា ៖ «បួងសួង​សុំ​សេចក្ដី​សុខ សេចក្ដី​ចម្រើន និង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​ប្រជាជន ជាមួយ​ព្រះ​សង្ឃ​ដែល​គង់​ចាំ​វស្សា​នៅ​ទី​នេះ និង​ជួប​ជាមួយ​កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​កំពុង​តែ​នៅ​លើ​ប្រាសាទ​ ព្រះវិហារ​យើង​នេះ»

ការធ្វើ​ពិធី​បួងសួង​សុំ​សន្តិភាព​និង​សេចក្ដី​សុខ​ចម្រើន​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កង​ទាហាន​ឈុត​ខ្មៅ​របស់​ថៃ​ចំនួន​ប្រមាណ​៦០០​នាក់ បាន​ចូល​មក​លុកលុយ​ទី​វត្ត​ខ្មែរ កែវសិក្ខាគិរីស្វារៈ ជាប់​តំបន់​ប្រាសាទ​ព្រះវិហារ រយៈពេល​១៧​ថ្ងៃ​មក​ហើយ​ដោយ​មិន​ទាន់​មាន​ផែនការ​ដក​កងទ័ព​ចេញ​នៅ​ឡើយ ។

ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​បាន​បង្ហាញ​ថា គេ​ចង់​ឲ្យ​ទាហាន​ថៃ​ទាំងអស់​ដក​កងទ័ព​ចេញ​ពី​ទឹក​ដី​ខ្មែរ​នៃ​តំបន់​ ប្រាសាទ​ព្រះវិហារ​តាមរយៈ​ការបួងសួង​នេះ ដោយ​គេ​មាន​ចិត្ត​ខឹង​សម្បា​ចាប់តាំងពី​មាន​វត្តមាន​កងទ័ព​ថៃ​ចូល​មក​លុកលុយ ​នោះ ៖ «កាល​ពួក​វា​មក​បាតុកម្ម ក៏​មាន​ចិត្ត​ខឹង​ចង់​តែ​វ៉ៃ​វា​វិញ ដី​យើង​សោះ​វា​ជេរ​ប្រមាថ​អាក្រក់ៗ​ណាស់ សុទ្ធតែ​អា​ម៉ឹង អ្ងែង ឲ្យ​ចុះចេញ​ពី​ទឹក​ដី​ព្រះវិហារ យើង​ម៉េច​នឹង​ចុះ​ដី​យើង»

ចំណែក​ទាហាន​ឈុត​ខ្មៅ​របស់​ថៃ​មួយ​រូប​ដែល​កំពុង​បោះ​ជំរំ​នៅ​ទី​វត្ត​ ខ្មែរ​បាន​និយាយ​ថា គេ​ត្រេកអរ​ចំពោះ​ការបួងសួង​សុំ​សន្តិភាព​នោះ​ដោយ​គេ​មិន​ចង់​ធ្វើ​សង្គ្រាម ​ទេ ហើយ​ពួក​គេ​ចង់​តែ​ចាកចេញ​ពី​ទឹក​ដី​ខ្មែរ​ឆាប់ៗ​ដែរ ។

ទោះ​យ៉ាង​ណា​នាយ​ទាហាន​ខ្មែរ​ម្នាក់​ដែល​កំពុង​ត្រៀម​ប្រយុទ្ធ​នៅ​ខ្សែ​ ត្រៀម​ទី​១ បាន​មាន​ប្រសាសន៍​ថា​លោក​ចង់​បាន​សន្តិភាព​មិន​បង្ហូរ​ឈាម ក៏ប៉ុន្តែ​កង​ទាហាន​ថៃ​បាន​បង្ហាញ​ឥរិយាបថ​ឲ្យ​ឃើញ​ថា មិន​ចង់​បាន​សន្តិភាព​នេះ​ទេ ៖ «ការបួងសួង​នេះ​យើង​ចង់​បាន​សន្តិភាព​ដែរ តែ​ខ្លាច​តែ​គេ​មិន​យល់ព្រម​សន្តិភាព​ហ្នឹង មើល​ទៅ​ចរិត​វា​ដូច​នៅ​រឹងរូស​នៅ​ត្រង់​ហ្នឹង»

សូម​បញ្ជាក់​ថា​កង​ទាហាន​ឈុត​ខ្មៅ​ថៃ​រាប់​រយ​នាក់​បាន​ចូល​មក​លុកលុយ​ទី ​វត្ត​ខ្មែរ​ជិត​តំបន់​ប្រាសាទ​ព្រះវិហារ តាំងតែ​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ហើយ​រហូត​មក​ដល់​ពេល​នេះ​ការប្រឈម​មុខ​ដាក់​គ្នា​រវាង​កងទ័ព​ខ្មែរ​ថៃ​នៅតែ​ កើត​មាន​នៅ​ឡើយ បើទោះបី​ជា​មាន​ការព្រមព្រៀង​គ្នា​កាលពី​ថ្ងៃ​ទី​២៨ ខែក​ក្កដា រវាង​មន្ត្រី​ការ​បរទេស​កម្ពុជា​ថៃ ថា​នឹង​ដក​កងទ័ព​ចេញ​ពី​តំបន់​ជម្លោះ​នោះ​ក៏​ដោយ ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី

ព្រះសង្ឃ​ថ្នាក់​រាជា​គណៈ​ធ្វើ​ពិធី​បួងសួង​សុំ​សន្តិភាព​នៅ​ប្រាសាទ​ព្រះវិហារ

វិទ្យុអាស៊ីសេរី
ដោយ សាវយុត

ព្រះសង្ឃ​ថ្នាក់​រាជា​គណៈ​ជា​ច្រើន​អង្គ​រួម​នឹង​មន្រ្តី​រដ្ឋាភិបាល​ កម្ពុជា បាន​ចាប់ផ្ដើម​ធ្វើ​ពិធី​បួងសួង​ជា​លើក​ដំបូង​ទាមទារ​ទឹក​ដី​និង​បញ្ជៀស​ សង្គ្រាម​បង្ហូរ​ឈាម​គ្នា​ដោយ​អាវុធ​រវាង​កងទ័ព​ខ្មែរ​ថៃ ដែល​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​ដ៏​តឹងតែង នៅ​មុខ​ខ្លោង​ទ្វារ​ទី​១​នៃ​ប្រាសាទ​ព្រះវិហារ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែ​កក្កដា ។

RFA Photo/Keo Nimol

ប្រាសាទ​ព្រះវិហារ​ខ្មែរ នៅ​លើ​កំពូល​ភ្នំ​ដងរែក​ នៃ​ខេត្ត​ព្រះវិហារ។

ប្រធាន​គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ​ជាតិ អន្តរជាតិ លោក មិន ឃិន បាន​មាន​ប្រសាសន៍​ថា​ការបួងសួង​នេះ​គឺ​សូម​ឲ្យ​សុខ​សន្តិភាព ដោយ​ចង់​ឲ្យ​ទាហាន​ថៃ​ដក​កងទ័ព​ចេញ​ពី​ទឹក​ដី​ខ្មែរ​នៃ​តំបន់​ប្រាសាទ​ ព្រះវិហារ​ដោយ​គ្មាន​សង្គ្រាម​ពីព្រោះ​ទឹក​ដី​ប្រាសាទ​ព្រះវិហារ​គឺ​ជា​របស់ ​ខ្មែរ ។

លោក មិន ឃិន បាន​ឲ្យ​ដឹង​ថា ៖ «ប្រាសាទ​ព្រះវិហារ​គឺ​ជា​ទឹក​ដី​ កម្ពុជា​ទទួល​បាន​ជ័យជម្នះ តាំងពី​ឆ្នាំ​១៩៦២ ដែល​កាល​ណោះ​ការទាមទារ​របស់​អតីត​ព្រះ​មហាវីរក្សត្រ ព្រះបាទ នរោត្ដម សីហនុ ដែល​មាន​សាលក្រម​ទីក្រុង​ឡាអេ​បាន​សម្រេច​រួច​ហើយ​ថា​ជា​របស់​កម្ពុជា» ។

មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​បាន​សម្ដែង​ការក្ដុកក្ដួល​ដោយ​ខ្លាច​ បាត់បង់​ទឹក​ដី​ខ្មែរ​និង​ប្រាសាទ​ព្រះវិហារ ហើយ​ពួក​គេ​ថ្កោលទោស​កង​ទាហាន​ថៃ​ដែល​បាន​ចូល​លុកលុយ​ទី​វត្ត​ខ្មែរ កែវសិក្ខាគិរីស្វារៈ​នោះ ថា​ជា​អំពើ​ឈ្លានពាន​ខុស​ច្បាប់ ៖ «ភ័យ​ខ្លាច​គេ​យក​បាន​ទឹក​ដី ប្រាសាទ​ព្រះវិហារ​នេះ» ។

ប៉ុន្តែ​ទោះ​យ៉ាង​ណា​មេ​បញ្ជាការ​កង​ទាហាន​ថៃ​ដែល​កំពុងតែ​បោះ​ជំរំ​ ក្នុង​ទឹក​ដី​ខ្មែរ​នៅ​ឡើយ មិន​មាន​ប្រតិកម្ម​និង​មិន​បាន​អធិប្បាយ​ឆ្លើយតប​បញ្ហា​ដែល​ថា កងទ័ព​របស់​ខ្លួន​នឹង​ដក​ចេញ​ពី​ទឹក​ដី​ខ្មែរ​តំបន់​ប្រាសាទ​ព្រះវិហារ​នៅ​ ពេល​ណា​នៅ​ឡើយ​ទេ ។

តាម​មេបញ្ជាការ​យោធា​ខ្មែរ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​កក្កដា​នេះ វត្តមាន​កង​ទាហាន​ឈុត​ខ្មៅ​ថៃ​នៅតែ​ចូល​មក​កាន់​វត្ត​ខ្មែរ ពី ១៥ ទៅ ២០​នាក់ ក្នុង​មួយ​ថ្ងៃៗ ហើយ​នៅ​ឯ​ខ្សែ​ត្រៀម​ទី​១​ជា​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ ទាហាន​ប៉ារ៉ា​នៅ​តែ​ចូល​មក​តាម​រូបភាព​ជញ្ជូន​ស្បៀង​និង​ទឹក​មក​ឲ្យ​កងទ័ព ខណៈពេល​ដែល​កងទ័ព​កម្ពុជា​ថៃ​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​ដ៏​តឹងតែង​នៅ​តំបន់ ​ប្រាសាទ​ព្រះវិហារ នៅ​ឯ​ច្រក​ជាំសាង៉ាំ ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ​ឯណោះ​វិញ មាន​សេចក្ដី​រាយការណ៍​ថា​កង​ទាហាន​ឈុត​ខ្មៅ​និង​ប៉ារ៉ា​របស់​ថៃ ដោយ​មាន​រថក្រោះ​និង​កាំភ្លើង​ធំ​គាំទ្រ​ផង​បាន​បញ្ជូន​មក​ដាក់​តាម​ព្រំដែន ​ក្រោម​រូបភាព​ធ្វើ​សមយុទ្ធ​យោធា ។

អនុ​ប្រធាន​ក្រុម​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា​ថៃ​ច្រក​ជាំសាង៉ាំ លោក​វរសេនីយ៍ទោ ទូច រ៉ា បាន​មាន​ប្រសាសន៍​ថា​កងពល​លេខ​៦ ប្រចាំ​ខេត្ត​អ៊ូប៊ុន​របស់​ថៃ បាន​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​យោធា​រយៈពេល​មួយ​ខែ​ចាប់ពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​សីហា ។

លោក​វរសេនីយ៍ទោ ទូច រ៉ា បាន​មាន​ប្រសាសន៍​ថា ៖ «ធ្វើ​ទល់មុខ​នឹង​ច្រក ​ជាំសាង៉ាំ​របស់​យើង… ។ សមយុទ្ធ​នេះ​គឺ​វា​មាន​រថក្រោះ​និង​មាន​កាំភ្លើង​ធំ​របស់​វា​ដែរ ក៏ប៉ុន្តែ​អត់​មាន​បាញ់» ។

កាលពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា មេបញ្ជាការ​កងទ័ព​ជើង​គោក​និង​ជា​មន្រ្តី​ទំនាក់​ទំនង​ព្រំដែន​ថៃ​កម្ពុជា លោក​ឧត្ដមសេនីយ៍ តូឌុក សិគ្រឿយ៉ៃ បាន​ចូល​មក​ពិនិត្យ​កងទ័ព​ថៃ​នៅ​ក្នុង​បរិវេណ​វត្ត​ខ្មែរ​ជិត​ប្រាសាទ​ ព្រះវិហារ តែ​មិន​បាន​និយាយ​អំពី​ការកំណត់​ពេលវេលា​នៃ​ការដក​កងទ័ព​ចេញពី​ទឹក​ដី​ខ្មែរ ​ទេ ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី