បក្ស​ប្រឆាំង​នឹង​មិន​ស្នើ​សុំ​ព្រះ​មហាក្សត្រ​ឲ្យ​ពន្យារ​ពេល​កិច្ចប្រជុំ​ស្បថ​ទទួល​តំណែង​សភា​ថ្មី

វិទ្យុអាស៊ីសេរី
ដោយ ផាន សូផាត

មន្រ្តី ​គណបក្ស​ប្រឆាំង​បាន​ថ្លែង​ថា គេ​នឹង​មិន​ធ្វើ​សំណើ​ថ្វាយ​ព្រះ​មហាក្សត្រ​ដើម្បី​ឲ្យ​ព្រះអង្គ​ ប្រោសប្រទាន​ពន្យារ​កិច្ចប្រជុំ​ស្បថ​ទទួល​តំណែង​សភា​ថ្មី​នោះ​ទេ ដោយ​យល់​ថា​សំណើ​នោះ​នឹង​មិន​បាន​ជោគជ័យ​ឡើយ ។

លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​ជា​គណបក្ស​មួយ​ក្នុង​ចំណោម​គណបក្ស​ដៃគូ​ ជាមួយ​នឹង​គណបក្ស​សមរង្ស៊ី​ដែល​ប្រឆាំង​នឹង​លទ្ធផល​បោះ​ឆ្នោត បាន​មាន​ប្រសាសន៍​ថា​ក្នុង​ស្ថានភាព​ជាក់ស្តែង​ការសុំ​ជំនួយ​ពី​ព្រះ​ មហាក្សត្រ​គឺ​មិន​សូវ​បាន​ឃើញ​លទ្ធផល​ទេ ។

លោក កឹម សុខា បាន​មាន​ប្រសាសន៍​ថា ៖ «យើង​មិន​ធ្វើ​ទេ ពីព្រោះ​អា​ហ្នឹង​កុំ​ឲ្យ​ថា​លោក​ទើសទ័ល ។ ហើយ​ក៏​យើង​ដឹង​ហើយ​ថា កន្លង​មក​ទោះ​ជា​យើង​សុំ​អី​លោក​ច្រើន​ដង ច្រើន​រឿង​ណាស់​ហើយ ក៏​លោក​អត់​មាន​លទ្ធភាព​ជួយ​អី​យើង​ច្រើន​ទេ ពីព្រោះ​នៅតែ​លើ​រដ្ឋាភិបាល​សម្រេច​ដដែល»

ឥឡូវ​នេះ​មាន​តែ​គណបក្ស​សិទ្ធិ​មនុស្ស​និង​គណបក្ស​សមរង្ស៊ី​ប៉ុណ្ណោះ​ដែល ​នៅ​រក្សា​ជំហរ​ប្រកាស​ពហិការ​របស់​ខ្លួន​ក្នុង​កិច្ចប្រជុំ​ស្បថ​ទទួល​ តំណែង​សភា​នា​ពេល​ខាង​មុខ បើសិន​ជា​មិន​មាន​ការដោះស្រាយ​បណ្តឹង​បោះ​ឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ​នោះ ។

នា​ពេល​នេះ​បណ្តឹង​ការបោះ​ឆ្នោត​របស់​គណបក្ស​ប្រឆាំង​ទាំង​នោះ​បាន​ស្ថិត​នៅ​ក្នុង​ដៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ជា​អ្នក​សម្រេច ។

មេ​ដឹកនាំ​គណបក្ស​សមរង្ស៊ី​បាន​ថ្លែង​ថា នៅ​ពេល​នេះ​គណបក្ស​សម្ព័ន្ធភាព​តាំងពី​មិន​ទាន់​ពិចារណា​អំពី​ការចូលរួម​ឬ​ មិន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ស្បថ​ទទួល​តំណែង​សភា​នោះ​ទេ គឺ​ពួក​គេ​កំពុងតែ​ស្វះស្វែង​ដើម្បី​ឲ្យ​មាន​ការដោះស្រាយ​បញ្ហា​បណ្តឹង​បោះ​ ឆ្នោត ។

លោក សម រង្ស៊ី ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​គណបក្ស​ប្រឆាំង​កំពុងតែ​រង់ចាំ​ការប្រទាន​របស់​ព្រះ​ មហាក្សត្រ​ដើម្បី​ចូល​គាល់​រាយការណ៍​ថ្វាយ​លោក​អំពី​បញ្ហា​ក្នុង​ការបោះ​ ឆ្នោត​កន្លង​មក​ដែរ ។

លោក សម រង្ស៊ី បាន​ឲ្យ​ដឹង​ថា ៖ «សរសេរ​លិខិត​មួយ​ទៅ​ថ្វាយ​ព្រះ​ មហាក្សត្រ​ដើម្បី​សុំ​គាល់​ព្រះអង្គ មិន​ទាន់​បាន​ទទួល​ចម្លើយ​ពី​ព្រះ​បរមរាជវាំង​ទេ ប៉ុន្តែ​យើង​នឹង​ទួល​ថ្វាយ​ព្រះអង្គ​ផ្ទាល់​ពេល​ណា​ដែល​យើង​មាន​ឱកាស​និង​ មាន​កិត្តិយស​ទៅ​គាល់​ព្រះអង្គ»

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មន្រ្តី​ខុទ្ទកាល័យ​ព្រះ​បរមរាជវាំង​បាន​មាន​បន្ទូល​ថា សំណើ​របស់​គណបក្ស​ប្រឆាំង​នោះ​អាច​នឹង​ទទួល​បាន​ក្នុង​ពេល​ណា​មួយ​ដ៏​សមស្រប ។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​មាន​បន្ទូល​ថា ៖ «តាំងពី​ ស្ដេច​យាង​មក​ពី​ប៉េកាំង​មក​វិញ គឺ​ថា​លោក​មាន​កម្មវិធី​ញឹកញាប់ ដូច្នេះ​គ្រាន់តែ​យូរ​ហើយ​និង​ឆាប់​ទេ លោក​គង់តែ​ប្រទាន​ឲ្យ​គាល់​ទេ»

គួរ​បញ្ជាក់​ថា​តាម​លទ្ធផល​ដែល​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះ​ឆ្នោត​ បាន​ប្រកាស​ជា​ផ្លូវការ​បណ្តោះអាសន្ន​រួច​ទៅ​ហើយ​នោះ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​៩០​អាសនៈ​ក្នុងចំណោម​១២៣ គណបក្ស​សមរង្ស៊ី​បាន​ទទួល​២៦​អាសនៈ គណបក្ស​សិទ្ធិ​មនុស្ស​បាន​ទទួល​៣​អាសនៈ គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស នរោត្តម រណឫទ្ធិ បាន​ទទួល​២​អាសនៈ​ក្នុង​គណបក្ស​នីមួយៗ ។

កាលពី​ដើម​ខែ​សីហា​នេះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ព្រមាន​មេ​ដឹកនាំ​គណបក្ស​សមរង្ស៊ី ថា​មិន​អាច​រារាំង​កិច្ចប្រជុំ​ដើម្បី​បង្កើត​សភា​ថ្មី​ដោយ​ធ្វើ​ពហិការ​នោះ ​ទេ ហើយ​ថា​បើ​មាន​ពហិការ​មែន​នោះ​នឹង​ធ្វើ​ឲ្យ​អស់​សុពលភាព​តំណាង​រាស្ត្រ​របស់ ​ខ្លួន ៕

មន្ត្រី​បក្ស​” រណឫទ្ធិ” ​សុំ​ឲ្យ​ព្រះ​មហាក្សត្រ​លើកលែង​ទោស​ដល់​សម្ដេច​ក្រុមព្រះ

មន្រ្តី ​ជាន់ខ្ពស់​របស់​គណបក្ស នរោត្តម រណឫទ្ធិ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទូល​ថ្វាយ​ព្រះករុណា ព្រះ​មហាក្សត្រ​ខែ្មរ ព្រះបាទ បរមនាថ នរោត្តម សីហមុនី ដើម្បី​សុំ​ឲ្យ​ព្រះអង្គ​ប្រទាន​ការលើកលែង​ទោស​ថ្វាយ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ក្រោយ​ពី​តុលាការ​កំពូល​បាន​សម្រេច​តម្កល់​សាលដីកា​របស់​តុលាការ​ឧទ្ធរណ៍​ ផ្តន្ទាទោស​ព្រះអង្គ​ឲ្យ​ជាប់​ទោស​១៨​ខែ និង​ផាក​ពិន័យ​ជា​ប្រាក់​១៥​ម៉ឺន​ដុល្លារ​អាមេរិក ។

RFA Photo

សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ប្រធាន​គណបក្ស នរោត្ដម រណឫទ្ធិ។

ផែ្អក​តាម​លិខិត​ចម្លង​ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន​ចុះ​ថៃ្ង​ទី​៣០ ខែ​កក្កដា​កន្លង​ទៅ​ថ្មីៗ​នេះ លិខិត​នោះ​បាន​ចុះ​ហត្ថលេខា​ដោយ​មន្រ្តី​ជាន់ខ្ពស់​របស់​គណបក្ស នរោត្ដម រណឫទ្ធិ ចំនួន​៧​រូប ដែល​មាន​ខ្លឹមសារ​ថា “ ទូល​ព្រះបង្គំ​យើង​ខ្ញុំ​សូម​ព្រះបរមរាជានុញ្ញាត​ក្រាបបង្គំ​ទូល​ស្នើ​ ព្រះករុណា​ព្រះបាទ សមេ្តច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ព្រះរាជា​មេត្តា​ប្រោស​ព្រះរាជ​ទាន​ការលើកលែង​ទោស​ថ្វាយ​សម្តេច​ ក្រុមព្រះ នរោត្តម រណឫទ្ធិ ដោយ​ព្រះរាជ​ហឫទ័យ​អនុគ្រោះ​បំផុត” ។

លោក អាណាន់ ដាយ៉ាត មន្រ្តី​ទីប្រឹក្សា​ពិសេស​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​មាន​ប្រសាសន៍​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ៖ «យោង ​ទៅ​តាម​រដ្ឋធម្មនុញ្ញ​មាត្រា​២៧ ព្រះអង្គ​មាន​សិទ្ធិ​គ្រប់គ្រាន់​ណាស់​ក្នុង​ការប្រោស​ព្រះរាជ​ទាន​លើកលែង​ ទោស​ថ្វាយ​សម្ដេច​ក្រុមព្រះ»

ជាមួយ​គ្នា​នោះ​ដែរ​លោក សម រង្ស៊ី មេ​ដឹកនាំ​គណបក្ស​សមរង្ស៊ី និង​លោក គៀត សុគន្ធ តំណាង​ឲ្យ​គណបក្ស​សិទ្ធិ​មនុស្ស បាន​សសេរ​លិខិត​ថ្វាយ​ព្រះ​មហាក្សត្រ​ដាច់​ដោយទ្បែក​ពី​គ្នា សុំ​ឲ្យ​ព្រះ​មហាក្សត្រ​ប្រទាន​ការលើកលែង​ទោស​ថ្វាយ​សមេ្តច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដើម្បី​បើក​ផ្លូវ​ឲ្យ​ព្រះអង្គ​អាច​យាង​ចូល​កម្ពុជា​វិញ​ដើម្បី​បន្ត​ជីវភាព ​នយោបាយ ។

ការសរសេរ​លិខិត​ថ្វាយ​ព្រះ​មហាក្សត្រ​ខាង​លើ​នេះ គឺ​នៅ​គ្រា​ដែល​ព្រះ​មហាក្សត្រ​បាន​យាង​ចាកចេញ​ពី​កម្ពុជា​ឆ្ពោះ​ទៅ​ទីក្រុង ​ប៉េកាំង ប្រទេស​ចិន ជាមួយ​នឹង​អតីត​ព្រះ​មហាក្សត្រ ព្រះបាទ នរោត្តម សីហនុ និង​ព្រះរាជ​អគ្គមហេសី នៅ​ថៃ្ង​សុក្រ​សប្ដាហ៍​នេះ ។

ទាក់ទង​នឹង​បញ្ហា​ខាង​លើ​នេះ លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត (គ.ជ.ប.) បាន​មាន​ប្រសាសន៍​ថា​គ.ជ.ប.​មាន​គម្រោងការ​លុប​ឈ្មោះ​សមេ្តច​ក្រុមព្រះ នរោត្តម រណឬទ្ធិ ចេញ​ពី​បញ្ជី​បេក្ខភាព​ជា​តំណាង​រាស្រ្ត​នៅ​ពេល​ខាង​មុខ​នេះ ។

លោក ទេព នីថា បាន​មាន​ប្រសាសន៍​ថា ៖ «បេក្ខជន​ត្រូវ​ជាប់​ឆ្នោត ក៏ប៉ុន្តែ​បេក្ខជន​ត្រូវ​បាន​តុលាការ​សម្រេច​ជា​ស្ថាពរ​ហើយ​ថា​មាន​ទោស គឺ​មិន​អាច​ស្រង់​ឈ្មោះ​ជាប់​ជា​តំណាង​រាស្ត្រ​បាន​ទេ តាម​ច្បាប់​គឺ​អ្នក​ដែល​បន្ទាប់​ត្រូវ​ឡើង​ជំនួស»

សូម​រំឭក​ថា​តុលាការ​កំពូល​នៃ​ប្រទេស​កម្ពុជា កាលពី​ថៃ្ង​ទី​៣០ ខែ​កក្កដា​កន្លង​ទៅ​ថ្មីៗ​នេះ បាន​សម្រេច​តម្កល់​សាល​ដីកា​របស់​តុលាការ​សាលា​ឧទ្ធរណ៍ ដែល​បាន​ផ្តន្ទាទោស​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ឲ្យ​ជាប់​ទោស​១៨​ខែ និង​ផាក​ពិន័យ​ជា​ប្រាក់​១៥​ម៉ឺន​ដុល្លារ​អាមេរិក ក្រោម​បទ​ចោទ​ថា​បាន​រំលោភ​លើ​សេចក្តី​ទុកចិត្ត​ក្នុង​ការលក់​ទីស្នាក់ការ​ កណ្តាល​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច តម្លៃ​៣​លាន​៦​សែន​ដុល្លារ​អាមេរិក កាលពី​ឆ្នាំ​២០០៥​កន្លង​ទៅ ដែល​មាន​លោក ញឹក ប៊ុនឆៃ ជា​អគ្គលេខាធិការ​គណបក្ស​ហ៊្វុនស៊ិចប៉ិច​ជា​ដើម​បណ្តឹង ។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា ធ្លាប់​បាន​ប្រកាស​ឲ្យ​ដឹង​ជា​រឿយៗ​កន្លង​មក​ថា ការប្រទាន​ការលើកលែង​ទោស​ថ្វាយ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ មិន​អាច​ធ្វើ​ទៅ​បាន​ទេ បើសិន​ណា​គ្មាន​ការស្នើ​ពី​រដ្ឋាភិបាល​របស់​លោក ឬ​មួយ​ក៍​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​មក​ជាប់​ទោស​ចំនួន​២​ភាគ​៣​នៃ​ទោស​១៨​ខែ​នោះ ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី

ព្រះ​មហាវីរក្សត្រ, ព្រះ​មហាក្សត្រ, សម្ដេច​ម៉ែ យាង​ទៅ​ប្រទេស​ចិន

ព្រះ ​មហាវីរក្សត្រ ព្រះ​មហាក្សត្រ និង​សម្ដេច​ម៉ែ បាន​យាង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន នៅ​ថ្ងៃ​សុក្រ ទី​១ សីហា​នេះ ក្រោម​ការយាង​ពី​រដ្ឋាភិបាល​ចិន ដើម្បី​យាង​ចូលរួម​ក្នុង​ពិធី​បើក​កីឡា​អូឡាំពិក​នៅ​ទីក្រុង​ប៉េកាំង​។

AFP Photo

អតីត ​ព្រះមហាក្សត្រ សម្តេច​ព្រះ នរោត្តម សីហនុ (ខាង​ស្ដាំ) ព្រះអគ្គមហេសី នរោត្តម មុនីនាថ សីហនុ (កណ្ដាល) និង​ព្រះមហាក្សត្រ ព្រះ​បរមនាថ នរោត្តម សីហមុនី នៅ​មុន​ពេល​យាង​ចេញ​ដំណើរ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នា​ថ្ងៃ ២៨ វិច្ឆិកា ២០០៧ ។

មន្ត្រី​ខុទ្ទកាល័យ​ព្រះ​បរមរាជវាំង លោក អ៊ុំ តារាវុធ បាន​មាន​ប្រសាសន៍​ថា​ព្រះ​មហាក្សត្រ ព្រះ​បរមនាថ នរោត្តម សីហមុនី នឹង​យាង​ចូលរួម​ជាមួយ​នឹង​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​ដទៃ​ទៀត​ក្នុង​ពិធី​បើក​ កីឡា​អូឡាំពិក ទីក្រុង​ប៉េកាំង នៅ​ថ្ងៃ​ទី​៨ ខែ​សីហា​ខាង​មុខ​នេះ ហើយ​បន្ទាប់​មក​ទ្រង់​នឹង​ធ្វើការ​ត្រួត​ពិនិត្យ​ព្រះរាជ​សុខភាព​របស់​ ព្រះអង្គ ។

លោក អ៊ុំ តារាវុធ បាន​មាន​ប្រសាសន៍​ថា​ព្រះបរមនាថ នរោត្តម សីហមុនី នឹង​យាង​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​យ៉ា​ងយូរ​២​សប្ដាហ៍​ខាង​មុខ ។

លោក អ៊ុំ តារាវុធ បាន​មាន​ប្រសាសន៍​ថា ៖ «លោក​ចូលរួម​នៅ​ក្នុង​ការបើក ​អូឡាំពិក​ជាមួយ​ប្រមុខរដ្ឋ ប្រមុខ​រាជ​រដ្ឋាភិបាល​មួយចំនួន… ។ ហើយ​ផុត​មក លោក​នឹង​ត្រួតពិនិត្យ​នូវ​ព្រះរាជ​សុខភាព​របស់​លោក ម៉្លោះ​ហើយ​លោក​នឹង​យាង​មក​វិញ​យ៉ាង​យូរ​ពីរ​សប្ដាហ៍»

ទាក់ទង​នឹង​ព្រះ​មហាវីរក្សត្រ នរោត្តម សីហនុ និង​សម្ដេច​ម៉ែ លោក អ៊ុំ តារាវុធ បាន​មាន​ប្រសាសន៍​ថា​ទ្រង់​នឹង​គង់​នៅ​ប្រទេស​ចិន​មួយ​រយៈ ដើម្បី​ត្រួត​ពិនិត្យ​ព្រះរាជ​សុខភាព ។

នៅ​ក្នុង​ព្រះរាជ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​របស់​ព្រះ​មហាក្សត្រ ព្រះ​មហាវីរក្សត្រ និង​សម្ដេច​ម៉ែ​នោះ ក៏​មាន​ការចូលរួម​ដង្ហែ​ព្រះរាជ​ដំណើរ​ពី​សំណាក់​ប្រធាន​រដ្ឋ​សភា​ជាតិ លោក ហេង សំរិន ប្រធាន​ព្រឹទ្ធសភា លោក ជា ស៊ីម ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក កែវ ពុទ្ធរស្មី មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​ជា​ច្រើន​រូប​និង​មន្ត្រី​ទូត​ផងដែរ ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី

អង្គការ​ក្នុង​ស្រុក​មួយ​នាំ​លិខិត​ថ្វាយ​ព្រះ​មហាក្សត្រ​ថៃ​ដើម្បី​ឲ្យ​ថៃ​ដក​ទ័ព

អង្គការ ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ​ដឹកនាំ​ដោយ​លោក មឿង សុន បាន​នាំ​លិខិត​ថ្វាយ​ព្រះករុណា ព្រះ​មហាក្សត្រ​ថៃ តាម​រយៈ​ស្ថានឯកអគ្គរាជទូត​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ថ្ងៃ​ទី​៣១ កក្កដា​នេះ ដើម្បី​សូម​ព្រះករុណា ភូមិផុន អាឌុនយ៉ាកដេត ទ្រង់​ព្រះរាជ​តំរិះ​ព្រះរាជ​ត្រាស់​បង្គាប់​ដល់​កម្លាំង​ប្រដាប់​អាវុធ​នៃ​ ព្រះរាជាណាចក្រ​ថៃ ឲ្យ​ដក​ចេញ​ពី​បរិវេណ​វត្ត​កែវសិក្ខាគិរីស្វារៈ ដែល​ជា​វត្ត​របស់​ខ្មែរ​ស្ថិត​នៅ​លើ​ទឹក​ដី​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ ។

AFP Photo

ទាហាន ​ខ្មែរ​អង្គុយ​ជាមួយ​ទាហាន​ថៃ​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​វត្ត​មួយ នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ថៃ​ក្នុង​ខេត្ត​ព្រះវិហារ នា​ថ្ងៃ​ទី ១៧ កក្កដា ២០០៨ ។

ការស្នើសុំ​ឲ្យ​កងទ័ព​ថៃ​ដក​ចេញ​ពី​បរិវេណ​វត្ត​កែវសិក្ខាគិរីស្វារៈ​ដោយ ​ព្រះ​មហាក្សត្រ​ថៃ​នេះ ត្រូវ​បាន​លោក មឿង សុន ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ​ពន្យល់​ថា ៖ «លិខិត​ របស់​យើង​ហ្នឹង គឺ​យើង​ស្នើ​ហ្នឹង​គឺ​អត់​មាន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ គឺ​យើង​សុំ​ឲ្យ​កម្លាំង​ប្រដាប់​អាវុធ​ទាំង​សងខាង ទាំង​ភាគី​កម្ពុជា​ក៏​ដូច​ជា​ភាគី​ថៃ ទាំង​ពីរ​ភាគី​ហ្នឹង​គឺ​រក​ការជួប​គ្នា​ដក​កងទ័ព​ជាមួយ​គ្នា»

លោក មឿង សុន បាន​ជួប​ពិភាក្សា​និង​សំណេះ​សំណាល​ជាមួយ​លេខា​ទី​មួយ​នៃ​ស្ថានឯកអគ្គរាជទូត​ ថៃ ប្រមាណ​ជា​១​ម៉ោង​ដោយ​បាន​លើក​យក​នូវ​បញ្ហា​អាក្រក់​ជា​ច្រើន​ដែល​បណ្តាល​មក ​ពី​ការដែល​ទាហាន​ខ្មែរ​ថៃ​មិន​ព្រម​ដក​ចេញ​ពី​បរិវេណ​វត្ត​ កែវសិក្ខាគិរីស្វារៈ​ហៅ​វត្ត​ព្រះវិហារ ។

លោក​បាន​មាន​ប្រសាសន៍​ទៅ​ដល់​ផល​ប៉ះពាល់​នៃ​បរិស្ថាន​ដែល​បង្កឡើង​ដោយ​ កងទ័ព​ខែ្មរ​ថៃ​ដែល​កំពុង​ឈរ​ជើង​នៅ​ទីសក្ការៈ​ខ្មែរ​ដែល​រង​ការបំពាន​ពី​ ទ័ព​ថៃ ។

លោក មឿង សុន បាន​មាន​ប្រសាសន៍​ថា ៖ «ទាហាន​ទាំងអស់​រាប់​រយ​នាក់​នាំ​ គ្នា​បត់​ជើង​បត់​ដៃ ចោល​សំរាម​នៅ​លើ​ទួល ពីព្រោះ​វត្ត​ហ្នឹង​កសាង​នៅ​លើ​ទួល ហើយ​នៅ​ក្រោម​ទួល​ជំរាល​ចុះ​ទៅ​ហ្នឹង​មាន​ស្រះ​ទឹក អ៊ីចឹង​ធ្វើ​ឲ្យ​ការបត់​ជើង​បត់​ដៃ និង​ចោល​សំរាម​ទាំងអស់​ហ្នឹង ពេល​ភ្លៀង​មក​ធ្វើ​ឲ្យ​រលាយ​ហូរ​ចូល​ទៅ​ក្នុង​ទឹក​ហ្នឹង​ធ្វើ​ឲ្យ​ទឹក​ហ្នឹង ​ខូច»

គួរ​រំឭក​ថា​រដ្ឋមន្រី្ត​ការ​បរទេស​នៃ​ប្រទេស​កម្ពុជា​បាន​ជួប​ចរចា​ ជាមួយនឹង​រដ្ឋមន្រ្តី​ការ​បរទេស​ថៃ​នៅ​ឯ​ខេត្ត​សៀមរាប កាលពី​ថៃ្ង​ច័ន្ទ ទី​២៨ ខែ​កក្កដា​កន្លង​ទៅ​នេះ ដើម្បី​ដោះស្រាយ​លើ​ដី​ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ​ដែល​ភាគី​ថៃ​ចោទ​ថា​ ជា​ដី​មាន​ជម្លោះ ។

បន្ទាប់ពី​កិច្ច​ចរចា​នោះ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង បាន​ឲ្យ​ដឹង​ពី​ចំណុច​ជោគជ័យ​មួយ​ថា ប្រទេស​ទាំង​ពីរ​យល់ព្រម​ដក​កម្លាំង​ទ័ព​ចេញ​ពី​ទឹក​ដី​ដែល​កំពុង​មាន​ ទំនាស់​នោះ ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ភាគី​ថៃ​មិន​ព្រម​ដក​កម្លាំង​ចេញ​ពី​តំបន់​នោះ ​ឡើយ​ដោយ​រង់ចាំ​ការចេញ​បញ្ជា​ពី​រដ្ឋាភិបាល​របស់​ខ្លួន ។

លោក មឿង សុន បាន​ឲ្យ​ដឹង​ថា​វត្តមាន​នៃ​ព្រះ​មហាវីរក្សត្រ នរោត្តម សីហនុ គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​ក្នុង​ការដោះស្រាយ​ជម្លោះ​ព្រំដែន​ខ្មែរ​ថៃ​ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ។

លោក មឿង សុន បាន​បញ្ជាក់​ថា ៖ «បើ​លោក​សព្វ​ព្រះទ័យ​លោក​ចូលរួម​ ដោះស្រាយ​ជា​ការល្អ​ដែរ ពីព្រោះ​លោក​បាន​ដឹង​រឿង​ប្រវត្តិសាស្ត្រ​តាំងពី​ឆ្នាំ​១៩៦២ ដែល​ប្រាសាទ​ព្រះវិហារ​ឈ្នះ​ក្ដី​នៅ​តុលាការ​ឡាអេ​នោះ»

ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ​រូប​នេះ​បាន​មាន​ ប្រសាសន៍​បញ្ជាក់​ថា កម្ពុជា​ត្រូវ​ស្វែងរក​សហគមន៍​អន្តរជាតិ​ឲ្យ​ចូលរួម​ក្នុង​កិច្ច​ចរចា​រវាង​ កម្ពុជា​និង​ថៃ ពីព្រោះ​ថៃ​គេ​បាន​ស្វែងរក​ការជួយ​ពី​អន្តរជាតិ​រួច​ទៅ​ហើយ តួយ៉ាង​គឺ​ថៃ​បាន​នាំ​មន្រ្តី​យោធា​អម​ស្ថានទូត​១១ ប្រទេស​មក​ពិនិត្យ​តំបន់​ដែល​មាន​ជម្លោះ កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៨ កក្កដា គឺ​នៅ​ថ្ងៃ​ដែល​ប្រទេស​ទាំង​ពីរ​បាន​បើក​កិច្ចចរចា​ជា​មួយ​គ្នា ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី

ព្រះ​មហាក្សត្រ, ព្រះ​បិតា, ព្រះ​មាតា នឹង​យាង​ទៅ​ចិន​នៅ​ថ្ងៃ​១ សីហា

ព្រះ ​មហាក្សត្រ​កម្ពុជា ព្រះបាទ​បរមនាថ នរោត្តម សីហមុនី ជាមួយ​ព្រះ​បិតា​និង​ព្រះ​មាតា នឹង​យាង​ទៅ​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី​១ សីហា ដើម្បី​ចូលរួម​ការបើក​កីឡា​អូឡាំពិក​ពិភពលោក​ផង និង​ពិនិត្យ​សុខភាព​ផង ។

AFP Photo

អតីត ​ព្រះមហាក្សត្រ សម្តេច​ព្រះ នរោត្តម សីហនុ (ខាង​ស្ដាំ) ព្រះអគ្គមហេសី នរោត្តម មុនីនាថ សីហនុ (កណ្ដាល) និង​ព្រះមហាក្សត្រ ព្រះ​បរមនាថ នរោត្តម សីហមុនី នៅ​មុន​ពេល​យាង​ចេញ​ដំណើរ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នា​ថ្ងៃ ២៨ វិច្ឆិកា ២០០៧ ។

លោក អ៊ុំ ដារាវុធ មន្រ្តី​ជាន់ខ្ពស់​ព្រះរាជ​ខុទ្ទកាល័យ​ព្រះ​មហាក្សត្រ​កម្ពុជា​បាន​មាន​ ប្រសាសន៏​នៅ​ថ្ងៃ​ទី​៣១ កក្កដា​នេះ ឲ្យ​ដឹង​ថា ៖ «ស្ដេច​ទៅ​ទាំង​៣​អង្គ ព្រះ​បិតា ព្រះ​មហាវីរក្សត្រ ព្រះ​មហាក្សត្រ និង​ព្រះរាជ​មាតា ។ ព្រះ​មហាក្សត្រ​លោក​យាង​ទៅ​ក្នុង​នាម ទី​១ ការយាង​សម្រាប់​ជា​គណៈប្រតិភូ​ចូល​ទៅ​សម្ពោធ​កីឡា​អូឡាំពិក ដូច​ជា​បណ្ដា​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​មួយចំនួន ។ ទី២ លោក​យាង​ទៅ​សម្រាប់​ទៅ Check up (ពិនិត្យ) ព្រះរាជ​សុខភាព​របស់​លោក»

តាម​លោក អ៊ុំ ដារាវុធ បាន​ឲ្យ​ដឹង​បន្ថែម​ថា​ព្រះ​មហាក្សត្រ​និង​ព្រះរាជ​បិតា​និង​ព្រះ​មាតា មាន​គម្រោង​ស្នាក់​នៅ​ប្រទេស​ចិន​ចំនួន​២​សប្តាហ៍​ទើប​យាង​មក​ប្រទេស​ កម្ពុជា​វិញ ។

មន្រ្តី​ព្រះ​បរមរាជវាំង​បាន​ឲ្យ​ដឹង​ថា គណៈប្រតិភូ​ព្រះ​មហាក្សត្រ​នឹង​យាង​ចាកចេញ​នៅ​ម៉ោង​៩​ព្រឹក ដោយ​មាន​មន្រ្តី​ជាន់ខ្ពស់​មក​ពី​ច្រើន​គណបក្ស​នយោបាយ សុំ​ចូលរួម​ជូន​ព្រះរាជ​ដំណើរ​ផង ជា​ពិសេស​អ្នក​ដឹកនាំ​ជាន់ខ្ពស់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​បី​រូប​គឺ លោក ហេង សំរិន លោក ហ៊ុន សែន និង​លោក ជា ស៊ីម ។

ការយាង​ចាកចេញ​របស់​ព្រះ​មហាក្សត្រ​និង​ព្រះរាជវង្សានុវង្ស​ទៅ​ប្រទេស​ ចិន​នេះ បាន​កើត​មាន​ឡើង​នៅ​ក្រោយ​ពេល​មាន​ការបោះ​ឆ្នោត​ជាតិ​រើស​សមាជិក​សភា​ សម្រាប់​អាណត្តិ​ទី​៤ កាលពី​ថ្ងៃ​ទី​២៧ កក្កដា​កន្លង​ទៅ​នេះ ទើបតែ​បញ្ចប់​ទៅ​ថ្មីៗ ហើយ​កំពុង​មាន​ការតវ៉ា​ថា​ការបោះ​ឆ្នោត​លើក​នេះ​មាន​មនុស្ស​ជា​ច្រើន​នាក់​ បាន​បាត់​ឈ្មោះ​ពី​បញ្ជី​បោះ​ឆ្នោត​មិន​អាច​បោះ​ឆ្នោត​បាន ហើយ​និង​មាន​សភាពការណ៍​មួយ​ទៀត​គឺ​ការឈ្លានពាន​របស់​កងទ័ព​ថៃ​ជា​ច្រើន​រយ​ នាក់​មក​លើ​ទឹក​ដី​ខ្មែរ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ដែល​មក​ទល់​នឹង​ពេល​នេះ​មិន​ទាន់​ដក​កងទ័ព​ចេញ​នៅ​ឡើយ​ទេ ។

តាម​ការបូក​សរុប​បណ្តោះអាសន្ន​របស់​អង្គការ​សង្កេតការណ៍​បោះ​ឆ្នោត​មួយ​ ឈ្មោះ ខុមហ្រ្វែល បាន​ឲ្យ​ដឹង​ថា​ការបោះ​ឆ្នោត​លើក​នេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​ទទួល​បាន​សំឡេង​លើស​គេ ហើយ​បើ​គិត​ជា​កៅអី​បាន​ចំនួន​ប្រមាណ​៩០​កៅអី​ក្នុង​ចំណោម​កៅអី​សភា​ចំនួន​ ១២៣ ។

សូម​ជម្រាប​ថា​ប្រទេស​ចិន​ជា​ប្រទេស​មួយ​ដែល​មាន​ចំណង​ទាក់ទង​ពិសេស​ជាមួយ​ព្រះ​មហាក្សត្រ​ខ្មែរ​តាំងពី​យូរ​លង់​ណាស់​មក​ហើយ ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី