មន្ត្រី​ខ្មែរ​ស្វាគមន៍​ចំពោះ​ការសម្រេច​របស់​ថៃ​ជុំវិញ​ការផ្អាក​ដឹក​ផ្លែឈើ​មក​កម្ពុជា

មន្ត្រី​ខ្មែរ​បាន​មាន​ប្រសាសន៍​ថា គេ​ស្វាគមន៍​ចំពោះ​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល​ថៃ​ដែល​ផ្អាក​ ការដឹកនាំ​ផ្លែឈើ​មក​កម្ពុជា និង​ការបញ្ឈប់​ការតាំង​ពិព័រណ៍​ពាណិជ្ជកម្ម​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ព្រះ​ រាជាណាចក្រ​កម្ពុជា ។

ប៉ុន្តែ​មន្ត្រី​ធ្វើការ​នៅ​ស្ថានទូត​ថៃ​បាន​តប​មក​វិញ​នៅ​ថ្ងៃ​ច័ន្ទ​ថា គេ​មិន​បាន​ដឹង​ថា​មាន​ការផ្អាក​ការធ្វើ​ជំនួញ​ទាំង​នោះ​ទេ ។

មន្ត្រី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ខ្មែរ លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា​បើ​វា​ជា​ការសម្រេច​របស់​ថៃ​ហើយ ចំពោះ​កម្ពុជា​នឹង​មិន​មាន​ផល​ប៉ះទង្គិច​អ្វី​នោះ​ទេ ។

លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា ៖ «ថៃ​គាត់​សុំ​ផ្អាក គាត់​ថា​ខ្លាច​សភាពការណ៍​អ៊ីចឹង ខ្លាច​គាត់​មក​លក់​អីវ៉ាន់​អត់​ដាច់ គ្មាន​អ្នកណា​ទិញ​អីវ៉ាន់​របស់​ថៃ ។ រាជ​រដ្ឋាភិបាល​កម្ពុជា​តែងតែ​ជំរុញ​ឲ្យ​មាន​ទំនាក់​ទំនង​គឺ​ល្អ​រវាង​ ប្រទេស​ទាំង​ពីរ ទាំង​វប្បធម៌ ទាំង​សេដ្ឋកិច្ច ទាំង​នយោបាយ ប៉ុន្តែ​ឃើញ​ថា​ពេលវេលា​នេះ​បើ​ថៃ​គាត់​យល់​ថា គាត់​មិន​ទាន់​ចង់​ហ៊ាន ខ្លាច​មិន​បាន​ចំណេញ​ផល ក៏​នេះ​ជា​ការសម្រេច​របស់​ថៃ​ទេ»

សេចក្តី​រាយការណ៍​ដែល​និយាយ​អំពី​ការផ្អាក​យ៉ាង​ហោចណាស់​បាន​នាំ​ឲ្យ​ គម្រោង​ធ្វើ​ពិធី​ផ្សារ​ណាត់​មួយ​របស់​ថៃ​រវាង​ពី​ថ្ងៃ​ទី​២២ ដល់ ២៥ សីហា បាន​ត្រូវ​អាក់ខាន ។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា បញ្ហា​ផ្អាក​របស់​ថៃ​នោះ​គឺ​ជា​ការប្រសើរ​មួយ​ទៅ​វិញ​ទេ ពីព្រោះ​ប្រជាជន​កម្ពុជា​ជា​ច្រើន​អាច​នឹង​ខឹង​ហើយ​អាច​នឹង​បំផ្លាញ​ការតាំង ​ពិព័រណ៍​ផលិតផល​ថៃ​ទាំង​នោះ ។

លោក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ចម ប្រសិទ្ធ បាន​មាន​ប្រសាសន៍​ថា​ការ​ដែល​ប្រជាជន​កម្ពុជា​ជា​ច្រើន​បាន​ខឹង​នឹង​ថៃ គឺ​ដោយសារតែ​បញ្ហា​ជម្លោះ​ប្រាសាទ​ព្រះវិហារ ។

សូម​ជម្រាប​ថា​ជា​ច្រើន​ថ្ងៃ​មក​នេះ​ភាព​តានតឹង​នៃ​ជម្លោះ​ប្រាសាទ​ ព្រះវិហារ បាន​នាំ​ឲ្យ​ប្រជាជន​ខ្មែរ​ខ្លះ​បាន​អំពាវនាវ​មិន​ឲ្យ​មាន​ការនាំ​អីវ៉ាន់​ ថៃ​ចូល​មក​ក្នុង​ស្រុក​ខ្មែរ និង​បញ្ឈប់​ការប្រើ​របស់​របរ​ដែល​ផលិត​មក​ពី​ប្រទេស​ថៃ​នោះ​ផងដែរ ។

បើ​យោង​តាម​ស្ថិតិ​ចេញ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​ខ្មែរ ទំនិញ​របស់​ថៃ​ដែល​នាំ​ចូល​មក​ក្នុង​ស្រុក​ខ្មែរ​កាលពី​ឆ្នាំ ២០០៧ មាន​ចំនួន​ដល់ ១៤០០​លាន​ដុល្លារ​អាមេរិក ។

ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ក្រុង​ព្រះសីហនុ លោកស្រី យាង អេង បាន​មាន​ប្រសាសន៍​ថា​គ្រាន់តែ​នៅ​ក្នុង​ក្រុង​ព្រះសីហនុ​តែ​មួយ ទំនិញ​របស់​ថៃ​ដែល​ដាក់​លក់​នៅ​ក្នុង​ក្រុង​ជាប់​មាត់​សមុទ្ទ​នោះ​សម្បូរណ៍​ ច្រើន​ជាង​ទំនិញ​នាំចូ​ល​មក​ពី​ប្រទេស​នានា ។

ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ក្រុង​ព្រះសីហនុ​បាន​មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​នេះ​ថា ៖ «ការប្រើប្រាស់​នៅ​ក្នុង​មូលដ្ឋាន​របស់​យើង​ខ្ញុំ ប្រហែល​ជា​យើង​ថា ៥០% ទៅ​ចុះ»

ទោះជា​យ៉ាង​ណា​ក៏ដោយ​មន្ត្រី​ធ្វើការ​ស្ថានទូត​ថៃ​បាន​ប្រាប់​វិទ្យុ​ អាស៊ីសេរី​ថា ចំពោះ​រឿង​ដែល​កើត​នៅ​ក្រុង​ព្រះសីហនុ​គឺ​ដោយសារតែ​ជា​គម្រោង​ហើយ​មិន​ទាន់​ មាន​ការអនុម័ត​តែ​ប៉ុណ្ណោះ ។

ក្នុង​សំណួរ​ចុងក្រោយ​ថា​តើ​បញ្ហា​ជម្លោះ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ បាន​ធ្វើ​ឲ្យ​ខូច​ទំនាក់​ទំនង​ការរកស៊ី​រវាង​ខ្មែរ​និង​ថៃ​ដែរ​ឬ​ទេ ? មន្ត្រី​ស្ថានទូត​បាន​បញ្ជាក់​យ៉ាង​នេះ​ថា ៖ «អត់​ទាក់ទង​គ្នា​ទេ អា​នោះ​វា​ផ្សេង​គ្នា អា​នោះ​រឿង​នយោបាយ​ផ្សេង អា​នេះ​គ្នា​អ្នក​រកស៊ី​គ្នា​រកស៊ី​ធម្មតា​អ៊ីចឹង​ទៅ»

មន្ត្រី​បក្ស​” រណឫទ្ធិ” ​សុំ​ឲ្យ​ព្រះ​មហាក្សត្រ​លើកលែង​ទោស​ដល់​សម្ដេច​ក្រុមព្រះ

មន្រ្តី ​ជាន់ខ្ពស់​របស់​គណបក្ស នរោត្តម រណឫទ្ធិ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទូល​ថ្វាយ​ព្រះករុណា ព្រះ​មហាក្សត្រ​ខែ្មរ ព្រះបាទ បរមនាថ នរោត្តម សីហមុនី ដើម្បី​សុំ​ឲ្យ​ព្រះអង្គ​ប្រទាន​ការលើកលែង​ទោស​ថ្វាយ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ក្រោយ​ពី​តុលាការ​កំពូល​បាន​សម្រេច​តម្កល់​សាលដីកា​របស់​តុលាការ​ឧទ្ធរណ៍​ ផ្តន្ទាទោស​ព្រះអង្គ​ឲ្យ​ជាប់​ទោស​១៨​ខែ និង​ផាក​ពិន័យ​ជា​ប្រាក់​១៥​ម៉ឺន​ដុល្លារ​អាមេរិក ។

RFA Photo

សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ប្រធាន​គណបក្ស នរោត្ដម រណឫទ្ធិ។

ផែ្អក​តាម​លិខិត​ចម្លង​ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន​ចុះ​ថៃ្ង​ទី​៣០ ខែ​កក្កដា​កន្លង​ទៅ​ថ្មីៗ​នេះ លិខិត​នោះ​បាន​ចុះ​ហត្ថលេខា​ដោយ​មន្រ្តី​ជាន់ខ្ពស់​របស់​គណបក្ស នរោត្ដម រណឫទ្ធិ ចំនួន​៧​រូប ដែល​មាន​ខ្លឹមសារ​ថា “ ទូល​ព្រះបង្គំ​យើង​ខ្ញុំ​សូម​ព្រះបរមរាជានុញ្ញាត​ក្រាបបង្គំ​ទូល​ស្នើ​ ព្រះករុណា​ព្រះបាទ សមេ្តច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ព្រះរាជា​មេត្តា​ប្រោស​ព្រះរាជ​ទាន​ការលើកលែង​ទោស​ថ្វាយ​សម្តេច​ ក្រុមព្រះ នរោត្តម រណឫទ្ធិ ដោយ​ព្រះរាជ​ហឫទ័យ​អនុគ្រោះ​បំផុត” ។

លោក អាណាន់ ដាយ៉ាត មន្រ្តី​ទីប្រឹក្សា​ពិសេស​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​មាន​ប្រសាសន៍​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ៖ «យោង ​ទៅ​តាម​រដ្ឋធម្មនុញ្ញ​មាត្រា​២៧ ព្រះអង្គ​មាន​សិទ្ធិ​គ្រប់គ្រាន់​ណាស់​ក្នុង​ការប្រោស​ព្រះរាជ​ទាន​លើកលែង​ ទោស​ថ្វាយ​សម្ដេច​ក្រុមព្រះ»

ជាមួយ​គ្នា​នោះ​ដែរ​លោក សម រង្ស៊ី មេ​ដឹកនាំ​គណបក្ស​សមរង្ស៊ី និង​លោក គៀត សុគន្ធ តំណាង​ឲ្យ​គណបក្ស​សិទ្ធិ​មនុស្ស បាន​សសេរ​លិខិត​ថ្វាយ​ព្រះ​មហាក្សត្រ​ដាច់​ដោយទ្បែក​ពី​គ្នា សុំ​ឲ្យ​ព្រះ​មហាក្សត្រ​ប្រទាន​ការលើកលែង​ទោស​ថ្វាយ​សមេ្តច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដើម្បី​បើក​ផ្លូវ​ឲ្យ​ព្រះអង្គ​អាច​យាង​ចូល​កម្ពុជា​វិញ​ដើម្បី​បន្ត​ជីវភាព ​នយោបាយ ។

ការសរសេរ​លិខិត​ថ្វាយ​ព្រះ​មហាក្សត្រ​ខាង​លើ​នេះ គឺ​នៅ​គ្រា​ដែល​ព្រះ​មហាក្សត្រ​បាន​យាង​ចាកចេញ​ពី​កម្ពុជា​ឆ្ពោះ​ទៅ​ទីក្រុង ​ប៉េកាំង ប្រទេស​ចិន ជាមួយ​នឹង​អតីត​ព្រះ​មហាក្សត្រ ព្រះបាទ នរោត្តម សីហនុ និង​ព្រះរាជ​អគ្គមហេសី នៅ​ថៃ្ង​សុក្រ​សប្ដាហ៍​នេះ ។

ទាក់ទង​នឹង​បញ្ហា​ខាង​លើ​នេះ លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត (គ.ជ.ប.) បាន​មាន​ប្រសាសន៍​ថា​គ.ជ.ប.​មាន​គម្រោងការ​លុប​ឈ្មោះ​សមេ្តច​ក្រុមព្រះ នរោត្តម រណឬទ្ធិ ចេញ​ពី​បញ្ជី​បេក្ខភាព​ជា​តំណាង​រាស្រ្ត​នៅ​ពេល​ខាង​មុខ​នេះ ។

លោក ទេព នីថា បាន​មាន​ប្រសាសន៍​ថា ៖ «បេក្ខជន​ត្រូវ​ជាប់​ឆ្នោត ក៏ប៉ុន្តែ​បេក្ខជន​ត្រូវ​បាន​តុលាការ​សម្រេច​ជា​ស្ថាពរ​ហើយ​ថា​មាន​ទោស គឺ​មិន​អាច​ស្រង់​ឈ្មោះ​ជាប់​ជា​តំណាង​រាស្ត្រ​បាន​ទេ តាម​ច្បាប់​គឺ​អ្នក​ដែល​បន្ទាប់​ត្រូវ​ឡើង​ជំនួស»

សូម​រំឭក​ថា​តុលាការ​កំពូល​នៃ​ប្រទេស​កម្ពុជា កាលពី​ថៃ្ង​ទី​៣០ ខែ​កក្កដា​កន្លង​ទៅ​ថ្មីៗ​នេះ បាន​សម្រេច​តម្កល់​សាល​ដីកា​របស់​តុលាការ​សាលា​ឧទ្ធរណ៍ ដែល​បាន​ផ្តន្ទាទោស​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ឲ្យ​ជាប់​ទោស​១៨​ខែ និង​ផាក​ពិន័យ​ជា​ប្រាក់​១៥​ម៉ឺន​ដុល្លារ​អាមេរិក ក្រោម​បទ​ចោទ​ថា​បាន​រំលោភ​លើ​សេចក្តី​ទុកចិត្ត​ក្នុង​ការលក់​ទីស្នាក់ការ​ កណ្តាល​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច តម្លៃ​៣​លាន​៦​សែន​ដុល្លារ​អាមេរិក កាលពី​ឆ្នាំ​២០០៥​កន្លង​ទៅ ដែល​មាន​លោក ញឹក ប៊ុនឆៃ ជា​អគ្គលេខាធិការ​គណបក្ស​ហ៊្វុនស៊ិចប៉ិច​ជា​ដើម​បណ្តឹង ។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា ធ្លាប់​បាន​ប្រកាស​ឲ្យ​ដឹង​ជា​រឿយៗ​កន្លង​មក​ថា ការប្រទាន​ការលើកលែង​ទោស​ថ្វាយ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ មិន​អាច​ធ្វើ​ទៅ​បាន​ទេ បើសិន​ណា​គ្មាន​ការស្នើ​ពី​រដ្ឋាភិបាល​របស់​លោក ឬ​មួយ​ក៍​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​មក​ជាប់​ទោស​ចំនួន​២​ភាគ​៣​នៃ​ទោស​១៨​ខែ​នោះ ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី

មន្ត្រី​ហ៊្វុនស៊ិនប៉ិច​ប្ដូរ​ជំហរ​ជុំវិញ​ការទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត

មន្ត្រី ​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ប្តូរ​ជំហរ​ជុំវិញ​ការទទួល​ស្គាល់​ លទ្ធផល​ការបោះ​ឆ្នោត ដែល​ការប្តូរ​នោះ​ត្រូវ​គេ​មើល​ឃើញ​ថា​បាន​ធ្វើ​ឡើង​បន្ទាប់ពី​គណបក្ស​ ប្រជាជន​កម្ពុជា​បាន​ប្រកាស​ថា នឹង​ធ្វើ​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​នឹង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​ដឹកនាំ​ ដោយ​លោក ញឹក ប៊ុនឆៃ ។

RFA Photo

និមិត្តសញ្ញា​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ។

គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ធ្វើ​កិច្ចប្រជុំ​ដ៏​ធំ​មួយ​នៅ​ថ្ងៃ​ ព្រហស្បតិ៍​នេះ​នៅ​ទីស្នាក់ការ​គណបក្ស​ក្នុង​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​សំខាន់ៗ​បក្ស​គ្រប់​ខេត្ត​ក្រុង និង​មេ​ដឹកនាំ​គន្លឹះ​ហ៊្វុនស៊ិនប៉ិច​ទាំងអស់ ដូច​ជា​ប្រធាន​គណបក្ស លោក កែវ ពុទ្ធរស្មី សម្តេច​ម្ចាស់​ក្សត្រី នរោត្តម អរុណរស្មី អ្នក​អង្គម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន លោក លឺ ឡាយស្រេង និង​លោក​អគ្គលេខាធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ញឹក ប៊ុនឆៃ ផងដែរ ។

កិច្ចប្រជុំ​ហ៊្វុនស៊ិនប៉ិច​បាន​ធ្វើឡើង​នៅ​មួយ​ថ្ងៃ​បន្ទាប់ពី​គណបក្ស​ ប្រជាជន​កម្ពុជា​បាន​ប្រកាស​ថា នឹង​ធ្វើ​រដ្ឋាភិបាល​ចម្រុះ​ជាមួយនឹង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​ដឹកនាំ​ដោយ ​លោក ញឹក ប៊ុនឆៃ និង​កិច្ចប្រជុំ​នោះ​ទៀត​ដែរ​បាន​ធ្វើឡើង​ក្រោយ​មាន​មន្ត្រី​ជាន់ខ្ពស់​ ហ៊្វុនស៊ិនប៉ិច ២​រូប គឺ​អ្នក​អង្គម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន និង​លោក លឺ ឡាយស្រេង ត្រូវ​គេ​រាយការណ៍​ថា​បាន​ចូលរួម​ជាមួយ​គណបក្ស ៣​ផ្សេង​ទៀត ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការបោះ​ឆ្នោត ។

ក្រោយពី​ការប្រកាស​នោះ​មាន​ការនិយាយ​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច​ក្នុង​រង្វង់​ថ្នាក់​ដឹកនាំ​កំពុងតែ​បែក​គ្នា ជា​ពិសេស​ការ​ដែល​គេ​បាន​កត់សម្គាល់​ម្យ៉ាងទៀត គឺ​នៅ​គ្រា​ដែល​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក កែវ ពុទ្ធរស្មី បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​មួយ​ស្នើ​ទៅ​តុលាការ​កំពូល សូម​ឲ្យ​មាន​ការដក​ពាក្យ​បណ្តឹង​ប្ដឹង​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​ការស្នើ​នោះ​បាន​ទទួល​សេចក្តី​បដិសេធ​ពី​តុលាការ​កំពូល​មក​វិញ ។

នៅ​ក្នុង​កិច្ចប្រជុំ​ថ្ងៃ​ព្រហស្បតិ៍ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក កែវ ពុទ្ធរស្មី បាន​ថ្លែង​ថា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មិន​មាន​ការបែក​គ្នា​នោះ​ទេ ។

ចំណែក​លោក លឺ ឡាយស្រេង ក៏​បាន​បញ្ជាក់​ថា​លោក​ក៏​មិន​បាន​បដិសេធ​ចំពោះ​លទ្ធផល​នៃ​ការបោះ​ឆ្នោត​នោះ​ដែរ ៖ «យើង ​ខ្ញុំ​ទាំងអស់​គ្នា​យើង​អត់​ប្រកែក​រឿង​លទ្ធផល​នេះ​ទេ ។ មិន​ដែល​និយាយ​ថា​មិន​ទទួល​ស្គាល់​ទេ តែ​គេ​ប្រកាស​មក​វា​ទៅ​ជា​ផ្លូវការ​ហើយ អា​ហ្នឹង​វា​អ៊ីចឹង ធ្វើ​ម៉េច ? ហើយ​ស្រុក​យើង​នេះ​ទៀត​ខ្ញុំ​ថា អ្វី​ដែល​យើង​ឃើញ យើង​ដឹង ខ្ញុំ​ថា​បើ​ធ្វើ​ខុស​ហើយ​ខ្ញុំ​ជជែក​ទៅ មាន​អាជ្ញាកណ្ដាល​មួយ​មក​ជម្រះ​ឲ្យខ្ញុំ អា​ហ្នឹង​ខ្ញុំ​ធ្វើ ប៉ុន្តែ​អត់​ទេ លេង​ដាក់​មួយ​ចប់ ទាំង​ពី​តុលាការ​មក​ដល់​ហ្នឹង គឺ​និយាយ​អី​ទៀត ទទួល​ទៅ»

ការបង្ហាញ​រូបភាព​ប្រមូល​ផ្តុំ​គ្នា​មក​វិញ​គឺ​នៅ​ក្រោយ​ស្ថានភាព​ដែល​ គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ថា​នឹង​ធ្វើ​រដ្ឋាភិបាល​ចម្រុះ​ជាមួយនឹង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក្រោម​ការដឹកនាំ​របស់​លោក ញឹក ប៊ុនឆៃ ។

លោក​អគ្គលេខាធិការ​គណបក្ស ញឹក ប៊ុនឆៃ បាន​ថ្លែង​ថា​លោក​មិន​ទាន់​បាន​ជជែក​លម្អិត​រឿង​នេះ ជាមួយ​នឹង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ឯ​ទៀត​នោះ​ទេ ប៉ុន្តែ​មិន​សង្ឃឹម​ថា​នឹង​បាន​ទទួល​ការបែងចែក​អំណាច​ច្រើន​ដូច​មុន​នោះ​ទេ ដោយសារតែ​លោក​និយាយ​ថា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នឹង​អាច​មាន​អាសនៈ​តែ​ចំនួន​២ ​ប៉ុណ្ណោះ​ក្នុង​រដ្ឋសភា​ថ្មី ។

លោក ញឹក ប៊ុនឆៃ បាន​មាន​ប្រសាសន៍​ថា ៖ «អ៊ីចឹង​យើង​អាច​និយាយ​បាន​ថា​ អ្វី​ដែល​យើង​មាន​កាលពី​មុន​២៦​មក​ហ្នឹង ហើយ​មក​ឥឡូវ​មាន​តែ​២​ហ្នឹង វា​អាច​ត្រូវ​បាត់បង់​អី​ច្រើន​ហើយ ។ អ៊ីចឹង​មិន​ដឹង​ជា​ការបាត់បង់​ហ្នឹង​អ្នក​ណា​ខ្លះ​ទេ​ដែល​យើង​ត្រូវ​មាន​ ការបាត់បង់…»

ប្រភព ៖ វិទ្យុអាស៊ីសេរី

មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មួយចំនួន​នឹង​ត្រូវ​ដក​ចេញ​ពី​រដ្ឋាភិបាល

មន្ត្រី ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មាន​ការបែក​បាក់​គ្នា​ដោយ​មាន​មួយ​ក្រុម​ ទៅ​ចូលរួម​ជាមួយ​គណបក្ស​សមរង្ស៊ី​និង​គណបក្ស​ដទៃទៀត ថ្កោលទោស​លទ្ធផល​ការបោះ​ឆ្នោត​នោះ រដ្ឋាភិបាល​នឹង​មាន​ការដក​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មួយចំនួន​ចេញ​ពី​ រដ្ឋាភិបាល ។

RFA Photo

និមិត្តសញ្ញា​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣០ កក្កដា​នេះ ថា រដ្ឋាភិបាល​ដែល​មាន​គណបក្ស​ប្រជាជន​ជា​អ្នក​ដឹកនាំ​នឹង​ដក​មន្ត្រី​មួយចំនួន ​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​ស្និទ្ធ​ជាមួយ​លោក កែវ ពុទ្ធរស្មី ហើយ​រក្សា​ទុក​មន្ត្រី​មួយចំនួន​ដែល​ស្និទ្ធ​ជាមួយ​លោក ញឹក ប៊ុនឆៃ ។

លោក ខៀវ កាញារីទ្ធ បាន​ឲ្យ​ដឹង​ថា ៖ «គណបក្ស​ប្រជាជន​បាន​សម្រេច​យក​ ហ៊្វុនស៊ិចប៉ិច ព្រោះ​ហ៊្វុនស៊ិចប៉ិច​បែក​ជា​២ អ៊ីចឹង​យើង​យក​ហ៊្វុនស៊ិនប៉ិច​ដែល​ជា​របស់​លោក ញឹក ប៊ុនឆៃ គឺ​ជា​ដៃគូ​ក្នុង​រដ្ឋាភិបាល ។ ហើយ​ព្រឹកមិញ​ឯកឧត្ដម សុខ អាន បាន​ឲ្យ សេរីរ័ត្ន ចេញ​ពី​រដ្ឋាភិបាល​ហើយ ល្ងាច​នេះ​លោក កែវ ពុទ្ធរស្មី នឺង​ទៅ​ចេញ​ពី​រដ្ឋាភិបាល»

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សេរីរ័ត្ន អនុ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​មាន​ឈ្មោះ​ត្រូវ​ដក​ចេញ​នោះ​បាន​មាន​ បន្ទូល​ឲ្យ​ដឹង​ថា មក​ទល់​នឹង​រសៀល​ថ្ងៃ​ទី​៣០ កក្កដា​នេះ ព្រះអង្គ​នៅ​មិន​ទាន់​បាន​ទទួល​ដំណឹង​នោះ​ជា​ផ្លូវការ​នៅ​ឡើយ​ទេ ។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សេរីរ័ត្ន បាន​មាន​បន្ទូល​ថា ៖ «មិន​ទាន់​ ឮ​អី​ផ្ទាល់​ពី​សម្ដេច​នាយក​ផង គ្រាន់តែ​ឮ​ល្ហៀងៗ​អ៊ីចឹង ប៉ុន្តែ​មិន​ដែល​និយាយ​ផង មាន​តែ​ប៉ុណ្ណឹង ។ អត់​ទាន់​ធ្វើ​អត្ថាធិប្បាយ​អី​បាន​ទេ ចាំ​មើល​ដក​សិន​បាន​យើង​ធ្វើ​អត្ថាធិប្បាយ​បាន ពីព្រោះ​ហ៊្វុនស៊ិនប៉ិច​ដឹកនាំ​ដោយ​គណៈកម្មការ​អចិន្ត្រៃយ៍ ត្រូវតែ​គណៈកម្មការ​អចិន្ត្រៃយ៍​ចាត់​វិធានការ​របៀប​ម៉េច បាន​យើង​អាច​ចាត់ការ​រឿង​នយោបាយ​ត​ទៅ​អនាគត​យ៉ាង​ម៉េច»

កែវ និមល ៖ ប៉ុន្តែ​ឥឡូវ​ព្រះអង្គ​ទទួល​ស្គាល់​ថា មាន​ការបែកបាក់​ផ្ទៃ​ក្នុង​រវាង​ព្រះអង្គ និង​ឯកឧត្ដម កែវ ពុទ្ធរស្មី ជាមួយនិង លោក ញឹក ប៊ុនឆៃ ដែរ​ក្រាបទូល ?

ស៊ីសុវត្ថិ សេរីរ័ត្ន ៖ មិន​ទទួល​ស្គាល់​ទេ ។ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ជា​គណបក្ស​សេរី​ណាស់ មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ មនុស្ស​ម្នាក់ៗ​អាច​ចេញ​យោបល់​បាន ។

កាលពី​ថ្ងៃ​ទី​២៨ កក្កដា​កន្លង​មក​នេះ ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ សេរីរ័ត្ន តំណាង​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​សមរង្ស៊ី គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស នរោត្តម រណឫទ្ធិ អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​និង​ជាតិ កុំ​ទទួល​ស្គាល់​លទ្ធផល​ការបោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​២៧ កក្កដា​កន្លង​ទៅ ដោយ​បាន​ចាត់ទុក​ថា​ការបោះ​ឆ្នោត​នោះ​មាន​ការបន្លំ​និង​ការចាត់ចែង​ដោយ​ គណបក្ស​ប្រជាជន​កម្ពុជា​តាម​រយៈ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត ។

ប៉ុន្តែ​សេចក្តី​ថ្លែងការណ៍​នោះ​ត្រូវ​បាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មួយ​ ទៀត​ដែល​គេ​ជឿ​ថា​ជា​ក្រុម​របស់​លោក​អគ្គលេខាធិការ ញ៉ឹក ប៊ុនឆៃ នោះ បាន​បដិសេធ ។

កាលពី​ថ្ងៃ​ទី​២៩ កក្កដា​នេះ​ផងដែរ លោក កែវ ពុទ្ធរស្មី ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ក្នុង​នាម​ដើម​បណ្តឹង​បាន​សុំ​ដក​ពាក្យ​ប្ដឹង ​ចំពោះ​ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ពី​បទ​បាន​បំពាន​យក​ដី​កម្មសិទ្ធិ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​សុំ​ឲ្យ​តុលាការ​លើកលែង​ទោស​ចំពោះ​ព្រះអង្គ​ផងដែរ ។

ដោយសារ​ពាក្យ​បណ្តឹង​នេះ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់ទោស​ដាក់​ គុក​និង​ផាក​ពិន័យ​ប្រាក់​ព្រះអង្គ ហើយ​ព្រះអង្គ​ម្ចាស់ នរោត្ដម រណឫទ្ធិ បាន​គង់​និរទេស​ខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី​មិន​បាន​ចូលរួម​ការឃោសនា​បោះ​ ឆ្នោត​បាន​ទេ ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការចរចា​ជាមួយ​ថៃ

មន្រ្តី ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​បាន​អំពាវនាវ​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​សុំ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​គួរ​តែ​បញ្ឈប់​ការចរចា​ជាមួយ​ថៃ​ក្នុង​ជម្លោះ ​ព្រំដែន​នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ ហើយ​ចង់​ឲ្យ​មាន​ការដោះស្រាយ​បញ្ហា​នេះ​ជា​លក្ខណៈ​អន្តរជាតិ ។

AFP Photo

ទាហាន ​ខ្មែរ​អង្គុយ​ជាមួយ​ទាហាន​ថៃ​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​វត្ត​មួយ នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ថៃ​ក្នុង​ខេត្ត​ព្រះវិហារ នា​ថ្ងៃ​ទី ១៧ កក្កដា ២០០៨ ។

ការអំពាវនាវ​នេះ​បាន​ធ្វើ​ឡើង​ភ្លាម​ៗ​ក្រោយពី​មាន​ការចរចា​ជាថ្មី​ទៀត កាលពី​ថ្ងៃ​ច័ន្ទ​រវាង​រដ្ឋមន្រ្តី​ការបរទេស​ខ្មែរ​និង​ថៃ នៅ​ខេត្ត​សៀមរាប ដែល​ពួក​មន្រ្តី​បាន​និយាយ​ថា មាន​ផ្លែផ្កា​ល្អ តែ​ក្រុម​មន្រ្តី​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​និយាយ​ថា វា​ជា​ការទាល់ច្រក​និង​ការចាញ់​ប្រៀប ។

លោក មឿង សុន ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ​និង​ជា​នាយក​ក្រុមហ៊ុន​ ទេសចរណ៍ ឈ្មោះ អឺរ៉ាស៊ី​ត្រាវែល បាន​មាន​ប្រសាសន៍​ថា វា​ជា​ការចាញ់​ប្រៀប​មួយ​នៅ​ពេល​ដែល​កម្ពុជា​សុខចិត្ត​ចរចា​ជាមួយ​ប្រទេស​ មួយ​ដែល​មាន​កម្លាំង​ទ័ព​ចូល​ក្នុង​ទឹកដី​របស់​ខ្លួន​ទៅ​ហើយ​នោះ ៖ «ខ្ញុំ ​យល់​ថា អត់​មាន​បាន​លទ្ធផល​អី​ជា​វិជ្ជមាន​សម្រាប់​ឲ្យ​មាន​សុខ​សន្តិភាព ហើយ​ឲ្យ​ប្រទេស​កម្ពុជា​យើង​មាន​ស្ថានភាព​ដូច​ពី​មុន​ថ្ងៃ​១៥ កក្កដា ទេ ពីព្រោះ​លទ្ធផល​ទាំង​ប៉ុន្មាន​គាត់​និយាយ​ថា ចាំ​គាត់​ទៅ​ជម្រាប​រាជរដ្ឋាភិបាល និង​រាយការណ៍​ជូន​រាជរដ្ឋាភិបាល ។ អ៊ីចឹង បាន​ន័យ​ថា អត់​មាន​បាន​ប្រយោជន៍​អី​ទាំង​អស់ ព្រោះ​រដ្ឋាភិបាល​គេ​មាន​គម្រោង​លុកលុយ​ឈ្លានពាន​ទឹក​ដី​យើង​រួច​ទៅ​ហើយ»

លោក មឿង សុន ក៏​បាន​សម្តែង​មន្ទិល​សង្ស័យ​ដែរ​ថា ការ​ដែល​ថៃ​សុំ​ឲ្យ​មាន​ការចរចា​ទ្វេ​ភាគី​នោះ ក៏​អាច​ជា​កលល្បិច​មួយ​ផង​ដែរ ៖ «ពីព្រោះ ​យើង​ដឹង​ហើយ យើង​មើល​ទៅ ជំហរ​ថៃ​គាត់​មិន​ផ្លាស់ប្ដូរ​ឥរិយាបថ​គាត់ ដោយ​ដក​ទ័ព​ទេ ។ ការដែល​គាត់​ហៅ​ចរចា​ទ្វេ​ភាគី វា​ចំណេញ​ម្យ៉ាង​សម្រាប់​ភាគី​ថៃ​និង​ភាគី​កម្ពុជា​យើង ។ ភាគី​កម្ពុជា​យើង យើង​ចំណេញ​បាន​បង្ហាញ​ពិភពលោក​ឲ្យ​ដឹង​ថា ខ្មែរ​ស្រលាញ់​សន្តិភាព យើង​សុខចិត្ត​ស្រប​តាម​ភាគី​ថៃ​សំណូមពរ ហើយ​ភាគី​ថៃ​គាត់​ចំណេញ​វិញ គាត់​ចង់​បង្ហាញ​ឲ្យ​ពិភពលោក​ឃើញ​ដែរ​ថា គាត់​មាន​ចេតនា​ចរចា​ជាមួយ​យើង ហើយ​គាត់​មាន​បំណង​ថា គាត់​ចង់​ពន្យារ​ពេល កុំ​ឲ្យ​យើង​ឆាប់​ទៅ​ប្ដឹង​ភ្លាម ដើម្បី​ទុក​ពេលវេលា​ឲ្យ​គាត់​ចំណេញ​នយោបាយ​ជាមួយ​នឹង​ក្រុម​គណបក្ស​ប្រឆាំង ។ អ៊ីចឹង​អាហ្នឹង​ជា​ល្បិចកល​របស់​គេ​ទេ គេ​ចំណេញ​នយោបាយ​របស់​គេ​ទេ»

ក្នុងករណី​នេះ លោក មឿង សុន ក៏​បាន​មាន​ប្រសាសន៍​ថា កម្ពុជា​ត្រូវតែ​ឲ្យ​មាន​ការដោះស្រាយ​បញ្ហា​នេះ ជា​លក្ខណៈ​អន្តរជាតិ​ដែល​អាច​ធ្វើ​ឲ្យ​មាន​ការអនុវត្ត​ច្បាប់​មួយ​ដ៏​មាំទាំ ​បាន ៖ «គឺ​យើង​ចំណេញ​ពីរ​យ៉ាង​ធំ ។ ទីមួយ គឺ​យើង​ត្រូវ​យក​ផែនទី​សម័យ​អាណានិគម​បារាំង ឆ្នាំ​១៩០៤, ១៩០៧ ហើយ​និង​តុលាការ​ក្រុង​ឡាអេ ជា​មូលដ្ឋាន ចាប់​វាស់​ឡើង​វិញ​ទាំងអស់​នូវ​ព្រំ​ប្រទល់​ជាមួយ​ថៃ ។ អ៊ីចឹង យើង​ត្រូវ​ចំណេញ​ដី​និង​កោះ​ថែម​ទៀត ។ ខ្ញុំ​ជឿ​ថា ពេល​យើង​កើត​សង្គ្រាម​ស៊ីវិល​និង​សម័យ​ខ្មែរ​ក្រហម និង​សម័យ​លន់​នល់ គឺ​ពួក​ប្រទេស​អស់​ហ្នឹង ឈ្លានពាន​ដី​យើង​ច្រើន​ណាស់ អ៊ីចឹង បើ​កាលណា​ជ្រុល​បាន​ប្ដឹង​ហើយ យើង​ត្រូវ​តែ​ឲ្យ​អន្តរជាតិ​សើរើ​ព្រំ​ប្រទល់​ខ្មែរ​យើង​វិញ​ទាំង​អស់ គឺ​អ្វី​ដែល​បារាំង​បាន​គូស​ទុក​ឲ្យ​ជាមួយ​នឹង​ភាគី​ថៃ​ហ្នឹង ។ ចំណេញ​ទី​ពីរ គឺ​យើង​ចំណេញ​ទាំង​នយោបាយ គឺ​យើង​ឲ្យ​ថៃ​ដឹង​ថា ខ្លួន​ឯង​ជា​ប្រទេស​មួយ​ដែល​រំលោភ​ទៅ​លើ ទាំង​យូណេស្កូ ផង ទាំង​អង្គការ​សហ​ប្រជាជាតិ​ទៀត»

ដូចគ្នា​នេះ​ដែរ​លោក រ៉ុង ឈុន មេដឹកនាំ​នៃ​ក្រុម​ឃ្លាំមើល​កម្ពុជា បាន​ថ្លែង​ថា ការចរចា​របស់​កម្ពុជា​ជាមួយ​ប្រទេស​ថៃ​នោះ​គឺ​បង្ហាញ​ពី​ភាព​អាម៉ាស់​និង​ អន់​ខ្សោយ​ខាង​ការទូត​មួយ​របស់​ខ្មែរ​ដែល​បាន​ធ្វើតប​នឹង​ប្រទេស​ដែល​ ឈ្លានពាន​ខ្លួន ៖ «ពេល​វេលា​នេះ​ហើយ យើង​មិន​ចាំបាច់​ចរចា​ជាមួយ​ភាគី​សៀម​ទេ ពីព្រោះ​ចោរ​គេ​មក​ឈ្លានពាន​យើង​ហើយ យើង​ទៅ​បន្ទន់​ឥរិយាបថ​ទៅ​ចរចា​ជាមួយ​ចោរ គឺ​យើង​អន់​មែនទែន»

លោក រ៉ុង ឈុន ក៏​យល់​ដូចគ្នា​ដែរ​នឹង​ការលើក​ឡើង​របស់​លោក មឿង សុន ដែល​ថា ការ​ដោះស្រាយ​វិបត្តិ​នេះ​ត្រូវ​តែ​ធ្វើឡើង​ដោយ​អង្គការ​សហប្រជាជាតិ ៖ «ចំពោះ ​ក្រុមប្រឹក្សា​ឃ្លាំ​មើល ក៏​ដូចជា​ខ្លួន​រូប​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់ រឹងមាំ យក​ផល​ប្រយោជន៍​ជាតិ​ជា​ធំ គឺ​ឈរ​ទៅ​លើ​សន្ធិសញ្ញា​បារាំង​-សៀម ឆ្នាំ​១៩០៤, ១៩០៧ ហើយ​ឈរ​លើ​សាលក្រម​របស់​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ ឆ្នាំ​១៩៦២ ឈរ​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ថ្ងៃ​២៣ តុលា ឆ្នាំ​១៩៩១ ដែល​មាន​ប្រទេស​ហត្ថលេខី​ចំនួន ១៩ រួម​ជាមួយ​នោះ មាន​មហាអំណាច​ធំៗ ហើយ​ប្រទេស​ជាប់​ប្រទេស​យើង​ហ្នឹង​ក៏​ជា​ហត្ថលេខី គឺ​ចង់​ឲ្យ​រដ្ឋាភិបាល​ឈរ​ឲ្យ​រឹង​មាំ ប្រកាន់​ជំហរ​ឲ្យ​ច្បាស់លាស់ ហើយ​ស្នើ​សុំ​អន្តរាគមន៍​ពី​អង្គការ​សហប្រជាជាតិ»

ទោះជា​យ៉ាង​ណា​ក៏​ដោយ លោក ធន សារាយ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស អាដហុក បាន​សម្តែង​ទស្សនៈ​ថា ការចរចា​ទ្វេភាគី​ក៏​អាច​ជា​រឿង​ល្អ​ម្យ៉ាង​ដែរ ប៉ុន្តែ​ត្រូវ​តែ​ធ្វើ​ដោយ​តម្លាភាព ភាព​ម៉ឺងម៉ាត់ ក្នុង​ការគោរព​សមភាគី​និង​ការគោរព​សន្ធិសញ្ញា​និង​អនុសញ្ញា​ព្រំដែន​និង​ ច្បាប់​អន្តរជាតិ​នានា​ដែល​ធ្លាប់​មាន​រួច​មក​ហើយ ។

លោក ធន សារាយ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ការចរចា​វា​ជា​ការមួយ​ល្អ​ ដែ ព្រោះ​ថា កុំ​ឲ្យ​បាក់​មុខ​ទាំង​សង​ខាង ព្រោះ​ប្រទេស​យើង​ជិត​ខាង​គ្នា ត្រូវការ​រស់​នៅ​ជាមួយ​គ្នា រាប់​រយ​រាប់​ពាន់​ឆ្នាំ​ទៅ​មុខ​ទៀត ប៉ុន្តែ​ត្រង់​ថា ការយល់ព្រម​មក​អង្គុយ​តុ​ចរចា​គ្នា​នេះ តើ​ភាគី​ថៃ​នៅ​តែ​ប្រកាន់​ជំហរ​ថា លោក​ចង់​សើរើ​ព្រំដែន​ដែល​មាន​ការឯកភាព​គ្នា​រួច​ហើយ ឬ​មួយ​ក៏​លោក​គ្រាន់​តែ​យល់​ថា យើង​ត្រូវការ​ជជែក​គ្នា​លំអិត​នូវ​ការបោះ​បង្គោល​ថ្មី​ទៅ​លើ​ព្រំដែន​ដែល កាល​ឆ្នាំ​១៩៦២ ទទួល​ស្គាល់​បន្ថែម​ទៀត​ដោយ​តុលាការ​ក្រុង​ឡាអេ​នេះ [ឬ​យ៉ាង​ណា]»

គួរ​បញ្ជាក់​ថា ជម្លោះ​ព្រំដែន​នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​បាន​កើត​មាន​ឡើង ក្រោយ​ពេល​ដែល​កម្ពុជា​បាន​ប្រកាស​ពី​ការចូល​ឈ្លានពាន​របស់​ថៃ ជាពិសេស គឺ​ការចូល​កាន់កាប់​ទឹកដី​នៃ​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ ហៅវត្ត​ប្រាសាទ​ព្រះវិហារ បន្ទាប់ពី​ប្រទេស​កម្ពុជា​បាន​ជោគជ័យ​ក្នុង​ការដាក់​ប្រាសាទ​ព្រះវិហារ​ជា​ បេតិកភណ្ឌ​ពិភពលោក ដែល​ប្រទេស​ថៃ​បាន​ប្រឆាំង​ជំទាស់​ជា​យូរ​មក​ហើយ ។

ក្រោយពី​ការលុកលុយ​នោះ​កម្ពុជា​បាន​ធ្វើការ​ចរចា​ជាមួយ​ថៃ​ជា​លើក​ដំបូង នៅ​ស្រុក​អារញ្ញ ប្រទេស​ថៃ​ម្តង​រួច​មក​ហើយ​តែ​មិន​បាន​លទ្ធផល​ឡើយ ដែល​នាំ​ឲ្យ​កម្ពុជា​សុំ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍ ពី​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ប៉ុន្តែ​ប្រទេស​ថៃ​បាន​សុំ​ឲ្យ​មាន​ការចរចា​ទ្វេ​ភាគី​ជា​ថ្មី​ទៀត ដូច្នេះ​ហើយ​បាន​ជា​កម្ពុជា​សម្រេច​ព្យួរ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​ពី​ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​សិន ។

ការចរចា​ចុងក្រោយ​នៅ​ខេត្ត​សៀមរាប​នោះ ភាគី​ទាំង​ពីរ​បាន​យល់ព្រម​ដក​ទ័ព​ចេញ​ពី​តំបន់​មាន​ជម្លោះ​នោះ ប៉ុន្តែ​គេ​មិន​បាន​បញ្ជាក់​ច្បាស់លាស់​ថា​ធ្វើ​ឡើង​នៅ​ពេលណា​ឡើយ ៕

ថៃ​នាំ​មន្ត្រី​យោធា​អម​ស្ថានទូត​១១​ប្រទេស​មក​ពិនិត្យ​តំបន់​ជម្លោះ

មន្ត្រី ​យោធា​អម​ស្ថានទូត​មក​ពី​១១​ប្រទេស​ប្រចាំ​ទីក្រុង​បាងកក ត្រូវ​បាន​កង​ទាហាន​ថៃ​ដឹកនាំ​មក​ពិនិត្យ​ស្ថានភាព​ប្រឈមមុខ​ដាក់​គ្នា​ដោយ​ យោធា​រវាង​ថៃ​ខ្មែរ នៅ​តំបន់​ជម្លោះ​ខ្សែ​ត្រៀម​ទី​១​ក្នុង​ទឹក​ដី​ថៃ​នៃ​បរិវេណ​ប្រាសាទ​ ព្រះវិហារ កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៨ ខែ​កក្កដា វេលាម៉ោង​ប្រមាណ​១១:៣០​នាទី ។

RFA Photo/Uy Sophea

មន្ត្រី ​យោធា​អម​ស្ថានទូត​មក​ពី​១១​ប្រទេស​ពិនិត្យ​តំបន់​ជម្លោះ​រវាង​ខ្មែរ​និង​ថៃ ​នៅ​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ កាលពី​ថ្ងៃ​២៨ កក្កដា ២០០៨ ។

តាម​មន្ត្រី​យោធា​អម​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​ទីក្រុង​បាងកក​មួយ​រូប​ ដែល​បាន​មក​ពិនិត្យ​ស្ថានការណ៍​នៃ​ជម្លោះ​នោះ លោក​វរសេនីយ៍ឯក ហ្គ័រហាត បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​រូប​លោក​និង​មន្ត្រី​យោធា​អម​ស្ថានទូត​ចំនួន​ ១០​ប្រទេស​ផ្សេង​ទៀត បាន​មក​កាន់​តំបន់​ប្រឈម​មុខ​តានតឹង​ដាក់​គ្នា​រវាង​កង​ទាហាន​ខ្មែរ​ថៃ​នៃ​ ប្រាសាទ​ព្រះវិហារ​នេះ ដោយសារតែ​មាន​ការសំណូមពរ​យ៉ាង​ទទូច​ពី​ក្រុម​មន្ត្រី​យោធា​ថៃ ។

មន្ត្រី​ដដែល​បាន​មាន​ប្រសាសន៍​ទៀត​ថា នៅ​ពេល​ដែល​លោក​បាន​ពិនិត្យ​ឃើញ​ស្ថានភាព​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​អាវុធ​ រវាង​យោធា​ខ្មែរ​ថៃ​នោះ គួរតែ​ភាគី​ទាំង​ពីរ​អង្គុយ​នៅ​តុ​ចរចា​ដើម្បី​ស្វែងរក​សន្តិភាព ។

អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​បាន​ចូល​ទៅ​ជួប​ផ្ទាល់​ក្នុង​បន្ទាត់​ ព្រំដែន​កម្ពុជា​ថៃ មន្ត្រី​យោធា​អម​ស្ថានទូត​ទាំង​នោះ​មក​ពី​ប្រទេស​កាណាដា អាល្លឺម៉ង់ វៀតណាម សិង្ហបុរី លាវ ឥណ្ឌូណេស៊ី ឥណ្ឌា និង​មន្ត្រី​មួយចំនួន​ទៀត​ដែល​មិន​បាន​ជួប​ដោយសារតែ​មន្ត្រី​យោធា​ថៃ​ ប្រញាប់​ឲ្យ​វិល​ត្រឡប់ ហាក់​ដូច​ជា​មិន​ចង់​ឲ្យ​មាន​ការជួប​សម្ភាស​ជាមួយ​អ្នក​កាសែត​ខ្មែរ ។

អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា​វា​ជា​ការប្រសើរ​ដែល​មន្ត្រី​យោធា​ថៃ​បាន​នាំ​មន្ត្រី​ យោធា​អម​ស្ថានទូត​បរទេស​ទៅ​ពិនិត្យ​ស្ថានការណ៍​ជាក់ស្ដែង​ក្នុង​តំបន់​ប្រឈម ​មុខ​ដាក់​គ្នា​រវាង​កង​ទាហាន​ខ្មែរ​និង​ថៃ​នោះ ។

លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា ៖ «អត់​អី​ទេ ពីព្រោះ​ធម្មតា​អ្នក​ការទូត​មក​ផ្អែក​លើ​ច្បាប់»

ស្ថានភាព​ប្រឈម​មុខ​ដាក់​គ្នា​ដ៏​តានតឹង​នៃ​កង​ទាហាន​ខ្មែរ​ថៃ​នៅ​តំបន់​ ប្រាសាទ​ព្រះវិហារ​រហូត​មក​ដល់​ថ្ងៃ​ច័ន្ទ​នេះ មាន​រយៈពេល​១៣​ថ្ងៃ​ហើយ នៅតែ​មិន​ទាន់​ធូរស្រាល​ទេ ដោយ​កងទ័ព​ទាំង​សងខាង​បាន​ត្រឹមតែ​និយាយ​ថា គេ​នៅ​រង់ចាំ​ស្ដាប់​លទ្ធផល​ការចរចា​រវាង​មន្ត្រី​ការ​បរទេស​នៃ​ប្រទេស​ទាំង ​ពីរ​ដែល​កំពុង​ជួប​ប្រជុំ​គ្នា​នៅ​ឯ​ខែត្រ​សៀមរាប​ប៉ុណ្ណោះ ។

ទាហាន​ខ្មែរ​ម្នាក់​នៃ​កង​វរសេនា​តូច​៤១២ កំពុង​ត្រៀម​ប្រយុទ្ធ​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ​បាន​និយាយ​ថា គេ​បាន​ត្រៀម​លះបង់​ជីវិត​ជា​ស្រេច​សម្រាប់​ការពារ​ទឹក​ដី​ខ្មែរ​ប្រសិនបើ​ មាន​សង្គ្រាម​កើតឡើង ។

ទាហាន​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​គិត​រួច​ហើយ​ថា ខ្ញុំ​ចូល​ទាហាន​នេះ​ខ្ញុំ​ធ្វើ​ដើម្បី​ទឹក​ដី​សមរភូមិ ការពារ​ប្រទេស​ជាតិ ។ អត់​ញញើត​ទេ ផ្ញើ​ជីវិត​ក្នុង​សមរភូមិ​ហើយ»

ប៉ុន្តែ​ចំពោះ​ទាហាន​ថៃ​មួយ​រូប​បាន​និយាយ​ថា​គេ​មិន​ចង់​ធ្វើ​សង្គ្រាម​ ទេ បើសិន​ស្ថានការណ៍​ឲ្យ​ពួក​គេ​វិល​ត្រឡប់​គេ​នឹង​បាន​ជួប​ប្រពន្ធ​កូន​និង​ បាន​ទៅ​ធ្វើ​ស្រែ​ចម្ការ ។

ស្រប​ពេល​ជាមួយ​គ្នា​ដែល​កង​ទាហាន​ឈុត​ខ្មៅ​និង​កង​ទាហាន​ប៉ារ៉ា​ថៃ​ កំពុង​ចូល​លុកលុយ​ព្រំដែន​និង​វត្ត​ខ្មែរ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​នោះ នៅ​ឯ​ព្រំដែន​ខ្មែរ​ថៃ​តំបន់​ជាំស្រង៉ាំ ស្រុក​អន្លង់វែង ខែត្រ​ឧត្ដរមានជ័យ ឯណោះ​វិញ កង​ប៉ូលិស​ព្រំដែន​ខ្មែរ​បាន​រាយការណ៍​ថា ទាហាន​ឈុត​ខ្មៅ​និង​ទាហាន​ប៉ារ៉ា​របស់​ថៃ​ចំនួន​១៦​នាក់ ប្រដាប់​ដោយ​អាវុធ​បាន​ចូល​មក​ព្រំដែន​ខ្មែរ​ចម្ងាយ​ប្រមាណ​៧០​ម៉ែត្រ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ច័ន្ទ​នេះ ក៏ប៉ុន្តែ​ត្រូវ​កង​រក្សា​ព្រំដែន​ខ្មែរ​រុញ​ច្រាន​ត្រឡប់​ទៅ​វិញ​បន្ទាប់ពី ​មួយ​ម៉ោង​ក្រោយ​មក ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី