រដ្ឋាភិបាល​កំពុង​ពិចារណា​អនុញ្ញាត​ឲ្យ​បរទេស​ទិញ​ផ្ទះ​ល្វែង​នៅ​ស្រុក​ខ្មែរ​បាន

វិទ្យុអាស៊ីសេរី
ដោយ សាន សុវិទ្យ

រដ្ឋាភិបាល ​ខ្មែរ​កំពុង​គិតគូរ​ចេញ​ការធានា​ឲ្យ​ជនបរទេស​អាច​មាន​សិទ្ធិ​ទិញ​ផ្ទះ​ ល្វែង​បាន តែ​មិន​អាច​ទិញ​ដី​បាន​ទេ ដោយ​ខ្លាច​ត្រូវ​ចោទ​ថា រដ្ឋាភិបាល​លក់​ដី​ឲ្យ​យៀកណាម។


Photo courtesy of Bun Tharum, http://tharum.info
កម្មករ ​ធ្វើ​ការ​នៅ​លើ​សំណង់​អគារ​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ។ រដ្ឋាភិបាល​ខ្មែរ​កំពុង​ពិចារណា​អនុញ្ញាត​ឲ្យ​បរទេស​អាច​ទិញ​ផ្ទះ​ល្វែង​នៅ​ ស្រុក​ខ្មែរ​បាន ប៉ុន្តែ​មិន​អាច​ទិញ​ដី​បាន​ទេ។

លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល មាន​ប្រសាសន៍​ ថា មិន​ដែល​មាន​ច្បាប់​ហាម​ឃាត់​ការទិញ​ផ្ទះ​ល្វែង តែ​ក៏​ត្រូវ​ចេញ​ជា​ឯកសារ​ធានា​ឲ្យ​បរទេស​មាន​អារម្មណ៍​នឹង​ន។

លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ឧបមា​ថា គេ​មក​ធ្វើ​គ្រូ​បង្រៀន ឬ​គេ​មក​បើក​ភោជនីយដ្ឋាន ឬ​ក៏​បើក​សណ្ឋាគារ គេ​ចង់​បើក​ប្រមាណ ៥០​-៦០​ឆ្នាំ មិន​ឲ្យ​គ្នា​មាន​កន្លែង​នៅ​ម៉េច​នឹង​កើត បើ​ជួល​ផ្ទះ​មួយ​ខែ​ៗ​អស់​ច្រើន អ៊ីចឹង​គេ​អាច​ទិញ​ផ្ទះ​ល្វែង​បាន ប៉ុន្តែ​ដី​អត់​ទិញ​បាន​ទេ អាហ្នឹង​គឺ​អ៊ីចឹង។ ប៉ុន្តែ​នៅ​ស្រុក​គេ ដូច​អង់គ្លេស នៅ​អូស្រ្ដាលី អី​ហ្នឹង គេ​ទិញ​ទាំង​ដី​បាន​ទៀត​ឯណោះ ប៉ុន្តែ​យើង​អត់​អនុញ្ញាត​អ៊ីចឹង​បាន​ទេ ពីព្រោះ​មិន​អ៊ីចឹង​ទេ វា​ទី​១ ចោទ​ថា​រដ្ឋាភិបាល​ខ្មែរ លក់​ដី​ឲ្យ​យួន ទី២ ថា​រដ្ឋាភិបាល​ខ្មែរ លក់​ដី​ឲ្យ​បរទេស។ អត់ទេ យើង​អត់​ទៅ​បាន​ទេ»

លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ថា នយោបាយ​នេះ​នឹង​ជួយ​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​កាន់​តែ​រីក​ចម្រើន តែ​ក៏​នឹង​មាន​ប្រយោជន៍​ក្នុង​ការ​ទាក់ទាញ​ធនធាន​មនុស្ស​ខាង​វិស័យ​ប្រាជ្ញា ​ស្មារតី​ច្រើន​ជាង ៖ «គ្រូ​បង្រៀន អ្នកស្រាវជ្រាវ អ្នក​វិទ្យាសាស្រ្ដ ច្រើន​ណាស់ អ្នកវិនិយោគ​មិន​សំខាន់​ទេ គេ​ជិះ​យន្តហោះ​មួយ​ថ្ងៃ​ទៅ​នេះ មួយ​ថ្ងៃ​ទៅ​នោះ ហ្នឹង​តិច​ទេ សំខាន់​គឺ​ខួរ​ក្បាល​ដែល​យើង​ត្រូវ​អូស​មក​ចូល​មក​កន្លែង​យើង»

សម រង្ស៊ី​៖ រដ្ឋាភិបាល ហ៊ុន សែន គិត​តែ​អំណាច​បុគ្គល​ផ្ទាល់ខ្លួន​ជា​ធំ

វិទ្យុអាស៊ីសេរី
ដោយ ឃឹម សារ៉ង

ទាក់ទង ​នឹង​ដំណោះស្រាយ​វិបត្តិ​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​វិញ លោក​ប្រធានគ​ណបក្ស​សមរង្ស៊ី លោក សម រង្ស៊ី បាន​ហៅ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​ជា​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​បុគ្គល​ដែល​គិត​តែ​អំណាច​របស់​បុគ្គល​ ផ្ទាល់ខ្លួន​ជា​ធំ ពុំ​បាន​គិតគូរ​ប្រយោជន៍​ជាតិ​ឡើយ ។


RFA Photo
លោក សម រង្ស៊ី ប្រធាន​គណបក្ស សមរង្ស៊ី។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា ៖ «ឥឡូវ​ប្រទេស​កម្ពុជា​កំពុងតែ​ មាន​វិបត្តិ​ជាមួយ​ប្រទេស​ថៃ ។ យើង​ត្រូវ​មាន​កិច្ច​ព្រមព្រៀង ទីក្រុង​ប៉ារីស រដ្ឋាភិបាល ហ៊ុន សែន ខុស​ធ្ងន់​ណាស់ ទៅ​ចរចា​ជាមួយ​ថៃ ជាមួយ​អី យក​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​មក ។ កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស គឺ​បាន​ធានា​បូរណភាព​ទឹក​ដី​ប្រទេស​កម្ពុជា ហើយ​ប្រទេស​ថៃ​ក៏​បាន​ចុះ​ហត្ថលេខា​នៅ​ទីក្រុង​ប៉ារីស បើ​រដ្ឋាភិបាល​ស្នេហា​ជាតិ​មែន ត្រូវ​យក​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​យក​មក​ការពារ​បូរណភាព​ទឹក​ដី​ ប្រទេស​កម្ពុជា ។ ប៉ុន្តែ រដ្ឋាភិបាល ហ៊ុន សែន ខ្លាច​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស បាត់បង់​ទឹក​ដី​បាត់​ចុះ ប៉ុន្តែ​ខ្លាច​បាត់បង់​អំណាច បើ​យក​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​មក​អនុវត្ត បាត់បង់​អំណាច​ហើយ ពីព្រោះ​យើង​រំលោភ​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ ដូច្នេះ​អត់​ហ៊ាន​យក​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​យក​មក​និយាយ​ទេ»

ភ្លាមៗនេះ​វិទ្យុ​អាស៊ីសេរី​ពុំ​អាច​រក​ប្រតិកម្ម​ឆ្លើយតប​ពី​មន្ត្រី​ ផ្លូវការ​គណបក្ស​ប្រជាជន​ទៅ​នឹង​សេចក្តី​ថ្លែង​របស់​លោក សម រង្ស៊ី ខាង​លើ​នេះ​បាន​នៅ​ឡើយ​ទេ ៕

តំណាងរាស្ត្រ​បក្ស​ប្រឆាំង៖ រដ្ឋាភិបាល​ខ្មែរ​ត្រូវ​កំណត់​កាល​បរិច្ឆទ​ឲ្យ​ថៃ​ដក​ទ័ព

អ្នក ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ថ្លែង​នៅ​ថ្ងៃ​ទី​៧ សីហា​ថា ប្រទេស​កម្ពុជា​បាន​ស្ថិត​ក្នុង​សភាព​ជា​អ្នក​ចាញ់​ប្រៀប​ច្រើន​ក្នុង​ ការចរចា​អំពី​តំបន់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ហើយ​បាន​ស្នើ​ឲ្យ​មាន​ការកំណត់​ពេល​វេលា​ជាក់លាក់​ស្តីពី​ការដក​កងទ័ព។

RFA Photo/Savyouth

ទាហាន​ថៃ​អង្គុយ​លើ​ផ្លូវ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ថៃ​ក្នុង​ខែត្រ​ព្រះវិហារ នា​ថ្ងៃ​ទី​២០ កក្កដា ២០០៨ ។

លោក សុន ឆ័យ អ្នក​តំណាងរាស្រ្ត​មក​ពី​គណបក្ស​សម​រង្ស៊ី បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​ត្រូវតែ​មាន​ការប្រុង​ប្រយ័ត្ន​ក្នុង​ការចរចា​នៅ​ពេល​ដែល​ ប្រទេស​ថៃ​មាន​ប្រៀប​ខាង​យោធា​ដែល​កាន់កាប់​ទឹកដី​ខ្មែរ​រួច​ទៅ​ហើយ នៅ​ក្នុង​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ និង​តំបន់​ដទៃ​ទៀត​តាម​ព្រំដែន​នោះ។ លោក សុន ឆ័យ មាន​ប្រសាសន៍​ថា ៖ «វា​អត់​មាន​រឿង​អី​ចំណេញ ដូច​យើង​បាន​បញ្ជាក់​ហើយ ជា​ឡូហ្សិក (logic) ប្រទេស​ថៃ គេ​មក​ឈ្លានពាន​លើ​ទឹកដី​យើង គេ​មិនមែន​មិន​ដឹង​ថា ជា​ដី​របស់​យើង​ទេ គេ​មក​ដោយ​បំពាន រួច​យើង​ទៅ​ចរចា​ដើម្បី​ឲ្យ​គេ​យល់​អំពី​ការបំពាន​របស់​គេ​នោះ គឺ​ដូចជា​មិន​មាន​សង្ឃឹម​អី​ទេ។ ឲ្យ​គេ​ដកទ័ព​ទៅ​វិញ ក៏​គេ​មាន​បំណង​របស់​គេ​ច្បាស់​លាស់​ហើយ គឺ​គេ​នឹង​បញ្ជា​ចរចា​ទៅ គេ​ចាំ​ចាប់​ចំណុច​ណា ដែល​យើង​និយាយ ឬ​ក៏​យល់ព្រម ដែល​ចំណេញ​ដល់​គេ គឺ​គេ​យក​អាហ្នឹង​ជា​ភស្តុតាង ដើម្បី​នឹង​បន្ត យក​ជា​ផ្លូវការ​នូវ​ទឹក​ដី​របស់​យើង»។ ទោះជា​យ៉ាងណា​ក៏​ដោយ លោក សុន ឆ័យ បាន​ថ្លែង​ដែរ​ថា លោក​ស្វាគមន៍​ការចរចា​ស្តីពី​បទ​ឈប់​បាញ់ ប៉ុន្តែ​ត្រូវតែ​មាន​ការកំណត់​ពេល​ក្នុង​ការដក​ទ័ព ៖ «ហើយ​ខ្ញុំ​មាន​ ការព្រួយ​បារម្ភ​ថា ការប្រជុំ​ថ្ងៃ​១៨ ខាង​មុខ​នេះ នឹង​មិន​បាន​ផល​អ្វី​ដែរ ហើយ​ខ្ញុំ​បាន​ធ្វើ​លិខិត​ម្សិលមិញ ផ្ញើ​ទៅ​ឯកឧត្ដម ហោ ណាំហុង ហើយ សូម​ជម្រាប​ទៅ​គាត់​ថា បើ​សិន​ណា​រដ្ឋាភិបាល​នៅតែ​ប្រជុំ​ចុះ ឧទាហរណ៍​នៅ​តែ​បន្ត​ការប្រជុំ សូម​ឲ្យ​ដាក់​កាល​បរិច្ឆេទ​តែ​ម្ដង ថ្ងៃ​ណា​ដក​ទ័ព​ចេញ និយាយ​គ្នា​ឲ្យ​ហើយ កុំ​ឲ្យ​ថា នឹង​ដក​ទ័ព​ចេញ រួច​ដល់​ថ្ងៃ​ណា​នឹង​ដក​ទ័ព​ចេញ បើ​គេ​ចេះតែ​រក​លេស​បន្ត​បន្ទាប់​ទៀត ដើម្បី​ស្ថិត​នៅ​កាន់តែ​យូរ គេ​នឹង​មាន​សិទ្ធិ​កាន់តែ​ច្រើន ដូច្នេះ​ត្រូវ​កំណត់​កាល​បរិច្ឆេទ»។ គួរ​បញ្ជាក់​ថា ភាព​តានតឹង​ផ្នែក​យោធា​រវាង​កម្ពុជា​និង​ថៃ បាន​ចាប់ផ្តើម​ឡើង កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ២០០៨ កន្លង​ទៅ​នេះ ក្រោយពី​ក្រុម​ទាហាន​ថៃ​បាន​ចូល​មក​កាន់កាប់​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ ជា​ពិសេស​គឺ​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ ហៅ​វត្ត​ប្រាសាទ​ព្រះវិហារ​បន្ទាប់​ពី​កម្ពុជា បាន​ទទួល​ជោគជ័យ​ក្នុង​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​ បេតិកភណ្ឌ​ពិភពលោក។ នៅពេល​ថ្មី​ៗ​នេះ ជម្លោះ​បាន​រីកដាល​ដល់​ប្រាសាទ​តាមាន់​ធំ ក្រោយ​ពី​ទាហាន​ថៃ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ទាហាន​ខ្មែរ ចូល​ទៅ​កាន់​ប្រាសាទ​នេះ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ជួរភ្នំ​ដងរែក​ជាប់​ព្រំដែន​ខេត្ត​សុរិន្ទ​ប្រទេស​ ថៃ និង​ខេត្ត​ឧត្តរមានជ័យ​របស់​ខ្មែរ។ ប្រទេស​ទាំង​ពីរ​សុទ្ធតែ​បាន​អះអាង​ថា ប្រាសាទ​នោះ​ជា​របស់​ខ្លួន។ នៅក្នុង​ជម្លោះ​នេះ ប្រទេស​កម្ពុជា​និង​ថៃ​បាន​ធ្វើការ​ចរចា​មួយ​លើក​ជា​ពីរ​លើក​រួច​មក​ហើយ ដែល​ចុង​ក្រោយ​នេះ​ការចរចា ដោយ​រដ្ឋមន្ត្រី​ការបរទេស កាលពី​ថ្ងៃ​ទី​២៨ កក្កដា ២០០៨ បាន​ឯកភាព​គ្នា​ថា នឹង​ដក​កងទ័ព​ចេញ​រៀងៗ​ខ្លួន​ពី​តំបន់​ជម្លោះ​ប្រាសាទ​ព្រះវិហារ ជា​តំបន់​ដែល​កង​ទ័ព​ថៃ​បាន​ចូល​មក​កាន់កាប់​ដោយ​ខុស​ច្បាប់​ដំបូង​ គេបង្អស់៕

រដ្ឋាភិបាល​៖ ការស្នើសុំ​លើកលែង​ទោស​ដល់​សម្ដេច​ក្រុមព្រះ​គឺ​ជា​នយោបាយ

មន្ត្រី ​រដ្ឋាភិបាល​បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា ចលនា​ដែល​សុំ​ឲ្យ​ព្រះ​មហាក្សត្រ​ធ្វើការ​ប្រទាន​លើកលែង​ទោស​ដល់​ព្រះអង្គ​ ម្ចាស់ នរោត្តម រណឫទ្ធិ របស់​គណបក្ស​នយោបាយ​នានា កាលពី​ពេល​ថ្មីៗ​នេះ​គឺ​ជា​នយោបាយ​មួយ​ដើម្បី​គ្រាន់តែ​ចង់​ឲ្យ​មាន​ ការប្រឈម​រវាង​ព្រះ​មហាក្សត្រ​និង​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ ។

AFP Photo

មន្ត្រី ​អ្នក​នាំ​ពាក្យ​នៃ​រាជ​ដ្ឋាភិបាល​កម្ពុជា លោក ខៀវ កាញារីទ្ធ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត កាលពី​ថ្ងៃ​២៤ កក្កដា ២០០៨ នៅ​ឯ​ក្រសួង​ព័ត៌មាន​ក្នុង​ទីក្រុង​ភ្នំពេញ ។

លោក ខៀវ កាញារីទ្ធ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការស្នើសុំ​របស់​គណបក្ស​នយោបាយ​នានា​នោះ​គឺ​វា​មិន​ស្រប​តាម​នីតិវិធី​ ច្បាប់​ទេ ហើយ​គឺ​គ្រាន់តែ​ជា​ល្បិច​មួយ ។

លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​គិត​ឃើញ​ថា គ្រាន់តែ​បង្ហើរ​សំឡេង​ចោល ជាពិសេស​អ្នក​ខ្លះ​ទៀត​ក្នុង​គម្រោង​បំណង​ធំ​បំផុត ឲ្យ​ព្រះករុណា​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​មួយ ។ អ៊ីចឹង​តើ​លើកលែង មិន​លើកលែង ? បើ​លើកលែង​វា​ខុស​ជាមួយនឹង​រដ្ឋាភិបាល​ខ្លះ​ដែរ អ៊ីចឹង​ជំរុញ​ព្រះករុណា​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ទៀត តើ​ព្រះអង្គ​ត្រូវ​មក​បើក​សម័យ​ប្រជុំ​លើក​ទី​១ នៅ​សភា​អត់ ? ពួក​ហ្នឹង​ចង់​រុញ​ព្រះករុណា ហើយ​រដ្ឋាភិបាល​ជល់​គ្នា​ទេ ។ មិន​មែន​រឿង​ពួក​ហ្នឹង​គិត​សម្ដេច​ក្រុមព្រះ​ប៉ុន្មាន​ទេ ដល់​ពេល​ឃោសនា​ជេរ​ឡើង​កប់​ម៉ាត់ មិនមែន​រឿង​អាណិត​រឿង​អី​ទេ គឺ​ចង់​រុញ​ព្រះករុណា រដ្ឋាភិបាល​ជល់​គ្នា ។ និយាយ​រួម​ចង់​រុញ​ព្រះករុណា​ហើយ​គណបក្ស​ប្រជាជន ហើយ​និង​រដ្ឋាភិបាល​ជល់​គ្នា​ប៉ុណ្ណឹង មិនមែន​ដោយសារ​គំនិត​ល្អ​គិត​ដល់​សម្ដេច​ក្រុមព្រះ​ទេ»

លោក ខៀវ កាញារីទ្ធ ដែល​ជា​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ផង​នោះ បាន​បញ្ជាក់​ថា​ការស្នើសុំ​លើកលែង​ទោស​គឺ​ជា​ភារកិច្ច​របស់​រដ្ឋាភិបាល ហើយ​ទង្វើ​របស់​គណបក្ស​នយោបាយ​នានា​នោះ​អាច​ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​លំបាក ។

លោក ខៀវ កាញារីទ្ធ បាន​ឲ្យ​ដឹង​ថា ៖ «ធម្មតា តាម​សំណើ​របស់​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ ព្រះករុណា​លើកលែង​ទោស ឬ​បន្ធូរ​បន្ថយ​ទោស លើកលែង​ករណី​ពិសេស​មួយៗ​ទេ ប៉ុន្តែ​កម្រ​ណាស់»

គួរ​បញ្ជាក់​ថា​កាលពី​ពេល​ថ្មីៗ​នេះ​គណបក្ស​នយោបាយ​នានា រួម​មាន​គណបក្ស នរោត្តម រណឫទ្ធិ លោក សម រង្ស៊ី មេ​ដឹកនាំ​គណបក្ស​សមរង្ស៊ី និង​លោក គៀត សុគន្ធ តំណាង​ឲ្យ​គណបក្ស​សិទ្ធិ​មនុស្ស បាន​សសេរ​លិខិត​ថ្វាយ​ព្រះ​មហាក្សត្រ​សុំ​ឲ្យ​ព្រះអង្គ​ប្រទាន​ការលើកលែង​ ទោស​ថ្វាយ​ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ដោយ​និយាយ​ថា​ដើម្បី​បើក​ផ្លូវ​ឲ្យ​ព្រះអង្គ​អាច​យាង​ចូល​កម្ពុជា​​ដើម្បី​ បន្ត​ជីវភាព​នយោបាយ​វិញ ។

ការស្នើសុំ​នោះ​បាន​ធ្វើឡើង​ភ្លាមៗ​ក្រោយ​ពី​តុលាការ​កំពូល​បាន​សម្រេច​ តម្កល់​សាលដីកា​របស់​តុលាការ​ឧទ្ធរណ៍​ផ្តន្ទាទោស​ព្រះអង្គ​ម្ចាស់ នរោត្ដម រណឫទ្ធិ ឲ្យ​ជាប់​ទោស​១៨​ខែ និង​ផាក​ពិន័យ​ជា​ប្រាក់​១៥​ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​រឿងក្តី​ចោទ​ប្រកាន់​ក្បត់​ទំនុក​ចិត្ត​ក្នុង​ការលក់​ទីស្នាក់ការ​ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចាស់ ។

នៅ​ក្នុង​រឿង​នេះ​ដែរ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា ធ្លាប់​បាន​ប្រកាស​សាធារណៈ​ជា​រឿយៗ​កន្លង​មក​ថា ការប្រទាន​ការលើកលែង​ទោស​ថ្វាយ​ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ដែល​បច្ចុប្បន្ន​កំពុង​គង់​និរទេស​នោះ​មិន​អាច​ធ្វើ​ទៅ​បាន​ទេ ដ៏រាបណា​គ្មាន​ការស្នើ​ពី​រដ្ឋាភិបាល​របស់​លោក ឬ​មួយ​ក៍​ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ មិន​បាន​ទទួល​ទោស​ចំនួន​២​ភាគ​៣​នៃ​ទោស​១៨​ខែ​នោះ​ជា​មុន​សិន ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី

រដ្ឋាភិបាល​យល់ព្រម​ទទួល​កិច្ច​សហការ​ពី FBI ក្នុង​ការស្វែងរក​ឃាតករ​សម្លាប់​អ្នក​កាសែត

ក្រុម​មន្រ្តី​បាន​ថ្លែង​ថា​រដ្ឋាភិបាល​ខ្មែរ​បាន​យល់ព្រម​ហើយ​ដោយ​ ស្នើសុំ​ឲ្យ​មាន​កិច្ច​សហការ​ពី​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ​របស់​ សហរដ្ឋ​អាមេរិក (FBI) ក្នុង​កិច្ច​ខិតខំ​ស្វែងរក​ឃាតករ​បាញ់​សម្លាប់​អ្នក​កាសែត​ខ្មែរ គឺ​លោក ឃឹម សម្បូរណ៍ ។

AFP Photo

អ្នក ​ចូលរួម​រំលែក​មរណទុក្ខ​អុជ​ធូប​សម្ដែង​ការគោរព​រូបថត​សព​កាសែត​លោក ឃឹម សម្បូរណ៍ នៅ​វត្ត​ស្វាយ​ដង្គំ ក្រុង​ភ្នំពេញ នា​ថ្ងៃ​១២ កក្កដា ២០០៨។

លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ នៅ​ថ្ងៃ​នេះ​ថា រដ្ឋាភិបាល​បាន​យល់ស្រប​តាម​សំណើ​របស់​ស្ថានទូត​អាមេរិក​អំពី​បញ្ហា​នេះ ៖ «កន្លងមក FBI លោក​បាន​ជម្រាប​ថា លោក​រីករាយ​នឹង​ចូលរួម​សហការ​ជាមួយ​នឹង​សមត្ថកិច្ច​កម្ពុជា​យើង​នៅ​ក្នុង​ ន័យ​យើង​ស្នើសុំ ។ ហើយ​លិខិត​នេះ​គឺ​ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​ជម្រាប​ជូន​មក​ក្រសួង​ មហាផ្ទៃ ហើយ​កន្លងមក​ក្រសួង​មហាផ្ទៃ​ក៏​បាន​ពិនិត្យ​និង​ស្នើសុំ​ពី​រាជ​រដ្ឋាភិបាល រាជរដ្ឋាភិបាល​បាន​ឯកភាព​ឲ្យ FBI»

យោងតាម​លិខិត​របស់​ក្រសួង​មហាផ្ទៃ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​ឧប​នាយក​ រដ្ឋមន្រ្តី ស ខេង និង​ជា​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ផ្ញើ​ជូន​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក Joseph Mussomeli កាលពី​ថ្ងៃ​ទី​១ សីហា​នេះ បាន​បញ្ជាក់​ថា​រដ្ឋាភិបាល​កម្ពុជា​និង​ក្រសួង​មហាផ្ទៃ​មាន​សេចក្តី​រីករាយ​ ដើម្បី​ទទួល​យក​ជំនួយ​សហការ​របស់​ទីភ្នាក់ងារ​ស៊ើប​អង្កេត​សហព័ន្ធ​ ការិយាល័យ​របស់​សហរដ្ឋ​អាមេរិក FBI ដើម្បី​ស្វែងរក​ឃាតករ​សម្លាប់​លោក ឃឹម សម្បូរណ៍ និង​កូន​ប្រុស​របស់​គាត់ មក​ប្រឈម​ចំពោះ​មុខ​ច្បាប់ ។

លិខិត​នេះ​គឺ​ជា​ការឆ្លើយតប​នឹង​លិខិត​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ទី​១៤ កក្កដា ដែល​និយាយ​ថា​ទីភ្នាក់ងារ​ស៊ើប​អង្កេត​សហព័ន្ធ​របស់​សហរដ្ឋ​អាមេរិក FBI តាម​រយៈ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​ក្នុង​ការស៊ើបអង្កេត​ក្នុង​ករណី​នេះ ប្រសិនបើ​មាន​ការស្នើសុំ​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា ។

មន្រ្តី​អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​លោក John Johnson បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​នេះ​ដែរ​ថា​ស្ថានទូត​បាន​ទទួល​លិខិត​ នោះ​ហើយ ។

លោក John Johnson បាន​មាន​ប្រសាសន៍​ថា ៖ “ ខ្ញុំ​អាច​ជម្រាប​បញ្ជាក់​ថា យើង​ពិត​ជា​បាន​ទទួល​លិខិត​ឆ្លើយតប​ពី​ក្រសួង​មហាផ្ទៃ តប​តាម​ការស្នើ​របស់​ទីភ្នាក់ងារ​ស៊ើប​អង្កេត​សហព័ន្ធ​សហរដ្ឋ​អាមេរិក FBI ក្នុង​ការជួយ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម លោក ឃឹម សម្បូរណ៍ នោះ​ហើយ ។ ក៏ប៉ុន្តែ​ខ្ញុំ​នៅ​មិន​ទាន់​ដឹង​ថា​តើ​នឹង​ត្រូវ​ធ្វើ​អ្វី​នៅ​ជំហាន​ បន្ទាប់​ទៀត​នៅ​ឡើយ​ទេ តែ​យើង​កំពុង​ធ្វើ​កិច្ច​សហការ​គ្នា​រឿង​ស៊ើប​អង្កេត​ករណី​នេះ​ហើយ” ។

សូម​បញ្ចាក់​ថា​អ្នក​កាសែត​មនសិការ​ខ្មែរ​ដែល​មាន​និន្នាការ​គាំទ្រ​ គណបក្ស​ប្រឆាំង គឺ​លោក ឃឹម សម្បូរណ៍ អាយុ​៤៧​ឆ្នាំ និង​កូន​ប្រុស​របស់​គាត់​ឈ្មោះ ខាត់ សារិន្ទភាតា អាយុ​២១​ឆ្នាំ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បាញ់​សម្លាប់​នៅ​ជិត​ពហុកីឡដ្ឋាន​អូឡាំពិក កាលពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ខណៈ​ដែល​ជន​រងគ្រោះ​ទាំង​ពីរ​កំពុង​ជិះ​ម៉ូតូ​ចេញ​ពី​កន្លែង​ហាត់​ប្រាណ ។

ការបាញ់​សម្លាប់​នោះ​បាន​កើត​ឡើង​នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុងតែ​បើក ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជាតិ ដែល​​បញ្ហា​នោះ​ត្រូវ​បាន​ក្រុម​អ្នក​ប្រឆាំង​ចោទ​ប្រកាន់​ថា ជា​ការគំរាម​កំហែង​ដល់​អ្នក​គាំទ្រ​ខ្លួន ។

រីឯ​ក្រុម​អ្នក​សារព័ត៌មាន​នានា​ក៏​បាន​ចាត់ទុក​ថា ឃាតកម្ម​នោះ​គឺ​ពិត​ជា​ការគំរាម​កំហែង​យ៉ាង​សម្បើម​ផងដែរ​ដល់​សេរីភាព​អ្នក​ សារព័ត៌មាន ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី

មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មួយចំនួន​នឹង​ត្រូវ​ដក​ចេញ​ពី​រដ្ឋាភិបាល

មន្ត្រី ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មាន​ការបែក​បាក់​គ្នា​ដោយ​មាន​មួយ​ក្រុម​ ទៅ​ចូលរួម​ជាមួយ​គណបក្ស​សមរង្ស៊ី​និង​គណបក្ស​ដទៃទៀត ថ្កោលទោស​លទ្ធផល​ការបោះ​ឆ្នោត​នោះ រដ្ឋាភិបាល​នឹង​មាន​ការដក​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មួយចំនួន​ចេញ​ពី​ រដ្ឋាភិបាល ។

RFA Photo

និមិត្តសញ្ញា​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣០ កក្កដា​នេះ ថា រដ្ឋាភិបាល​ដែល​មាន​គណបក្ស​ប្រជាជន​ជា​អ្នក​ដឹកនាំ​នឹង​ដក​មន្ត្រី​មួយចំនួន ​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​ស្និទ្ធ​ជាមួយ​លោក កែវ ពុទ្ធរស្មី ហើយ​រក្សា​ទុក​មន្ត្រី​មួយចំនួន​ដែល​ស្និទ្ធ​ជាមួយ​លោក ញឹក ប៊ុនឆៃ ។

លោក ខៀវ កាញារីទ្ធ បាន​ឲ្យ​ដឹង​ថា ៖ «គណបក្ស​ប្រជាជន​បាន​សម្រេច​យក​ ហ៊្វុនស៊ិចប៉ិច ព្រោះ​ហ៊្វុនស៊ិចប៉ិច​បែក​ជា​២ អ៊ីចឹង​យើង​យក​ហ៊្វុនស៊ិនប៉ិច​ដែល​ជា​របស់​លោក ញឹក ប៊ុនឆៃ គឺ​ជា​ដៃគូ​ក្នុង​រដ្ឋាភិបាល ។ ហើយ​ព្រឹកមិញ​ឯកឧត្ដម សុខ អាន បាន​ឲ្យ សេរីរ័ត្ន ចេញ​ពី​រដ្ឋាភិបាល​ហើយ ល្ងាច​នេះ​លោក កែវ ពុទ្ធរស្មី នឺង​ទៅ​ចេញ​ពី​រដ្ឋាភិបាល»

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សេរីរ័ត្ន អនុ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​មាន​ឈ្មោះ​ត្រូវ​ដក​ចេញ​នោះ​បាន​មាន​ បន្ទូល​ឲ្យ​ដឹង​ថា មក​ទល់​នឹង​រសៀល​ថ្ងៃ​ទី​៣០ កក្កដា​នេះ ព្រះអង្គ​នៅ​មិន​ទាន់​បាន​ទទួល​ដំណឹង​នោះ​ជា​ផ្លូវការ​នៅ​ឡើយ​ទេ ។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សេរីរ័ត្ន បាន​មាន​បន្ទូល​ថា ៖ «មិន​ទាន់​ ឮ​អី​ផ្ទាល់​ពី​សម្ដេច​នាយក​ផង គ្រាន់តែ​ឮ​ល្ហៀងៗ​អ៊ីចឹង ប៉ុន្តែ​មិន​ដែល​និយាយ​ផង មាន​តែ​ប៉ុណ្ណឹង ។ អត់​ទាន់​ធ្វើ​អត្ថាធិប្បាយ​អី​បាន​ទេ ចាំ​មើល​ដក​សិន​បាន​យើង​ធ្វើ​អត្ថាធិប្បាយ​បាន ពីព្រោះ​ហ៊្វុនស៊ិនប៉ិច​ដឹកនាំ​ដោយ​គណៈកម្មការ​អចិន្ត្រៃយ៍ ត្រូវតែ​គណៈកម្មការ​អចិន្ត្រៃយ៍​ចាត់​វិធានការ​របៀប​ម៉េច បាន​យើង​អាច​ចាត់ការ​រឿង​នយោបាយ​ត​ទៅ​អនាគត​យ៉ាង​ម៉េច»

កែវ និមល ៖ ប៉ុន្តែ​ឥឡូវ​ព្រះអង្គ​ទទួល​ស្គាល់​ថា មាន​ការបែកបាក់​ផ្ទៃ​ក្នុង​រវាង​ព្រះអង្គ និង​ឯកឧត្ដម កែវ ពុទ្ធរស្មី ជាមួយនិង លោក ញឹក ប៊ុនឆៃ ដែរ​ក្រាបទូល ?

ស៊ីសុវត្ថិ សេរីរ័ត្ន ៖ មិន​ទទួល​ស្គាល់​ទេ ។ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ជា​គណបក្ស​សេរី​ណាស់ មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ មនុស្ស​ម្នាក់ៗ​អាច​ចេញ​យោបល់​បាន ។

កាលពី​ថ្ងៃ​ទី​២៨ កក្កដា​កន្លង​មក​នេះ ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ សេរីរ័ត្ន តំណាង​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​សមរង្ស៊ី គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស នរោត្តម រណឫទ្ធិ អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​និង​ជាតិ កុំ​ទទួល​ស្គាល់​លទ្ធផល​ការបោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​២៧ កក្កដា​កន្លង​ទៅ ដោយ​បាន​ចាត់ទុក​ថា​ការបោះ​ឆ្នោត​នោះ​មាន​ការបន្លំ​និង​ការចាត់ចែង​ដោយ​ គណបក្ស​ប្រជាជន​កម្ពុជា​តាម​រយៈ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត ។

ប៉ុន្តែ​សេចក្តី​ថ្លែងការណ៍​នោះ​ត្រូវ​បាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មួយ​ ទៀត​ដែល​គេ​ជឿ​ថា​ជា​ក្រុម​របស់​លោក​អគ្គលេខាធិការ ញ៉ឹក ប៊ុនឆៃ នោះ បាន​បដិសេធ ។

កាលពី​ថ្ងៃ​ទី​២៩ កក្កដា​នេះ​ផងដែរ លោក កែវ ពុទ្ធរស្មី ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ក្នុង​នាម​ដើម​បណ្តឹង​បាន​សុំ​ដក​ពាក្យ​ប្ដឹង ​ចំពោះ​ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ពី​បទ​បាន​បំពាន​យក​ដី​កម្មសិទ្ធិ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​សុំ​ឲ្យ​តុលាការ​លើកលែង​ទោស​ចំពោះ​ព្រះអង្គ​ផងដែរ ។

ដោយសារ​ពាក្យ​បណ្តឹង​នេះ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់ទោស​ដាក់​ គុក​និង​ផាក​ពិន័យ​ប្រាក់​ព្រះអង្គ ហើយ​ព្រះអង្គ​ម្ចាស់ នរោត្ដម រណឫទ្ធិ បាន​គង់​និរទេស​ខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី​មិន​បាន​ចូលរួម​ការឃោសនា​បោះ​ ឆ្នោត​បាន​ទេ ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការចរចា​ជាមួយ​ថៃ

មន្រ្តី ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​បាន​អំពាវនាវ​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​សុំ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​គួរ​តែ​បញ្ឈប់​ការចរចា​ជាមួយ​ថៃ​ក្នុង​ជម្លោះ ​ព្រំដែន​នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ ហើយ​ចង់​ឲ្យ​មាន​ការដោះស្រាយ​បញ្ហា​នេះ​ជា​លក្ខណៈ​អន្តរជាតិ ។

AFP Photo

ទាហាន ​ខ្មែរ​អង្គុយ​ជាមួយ​ទាហាន​ថៃ​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​វត្ត​មួយ នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ថៃ​ក្នុង​ខេត្ត​ព្រះវិហារ នា​ថ្ងៃ​ទី ១៧ កក្កដា ២០០៨ ។

ការអំពាវនាវ​នេះ​បាន​ធ្វើ​ឡើង​ភ្លាម​ៗ​ក្រោយពី​មាន​ការចរចា​ជាថ្មី​ទៀត កាលពី​ថ្ងៃ​ច័ន្ទ​រវាង​រដ្ឋមន្រ្តី​ការបរទេស​ខ្មែរ​និង​ថៃ នៅ​ខេត្ត​សៀមរាប ដែល​ពួក​មន្រ្តី​បាន​និយាយ​ថា មាន​ផ្លែផ្កា​ល្អ តែ​ក្រុម​មន្រ្តី​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​និយាយ​ថា វា​ជា​ការទាល់ច្រក​និង​ការចាញ់​ប្រៀប ។

លោក មឿង សុន ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ​និង​ជា​នាយក​ក្រុមហ៊ុន​ ទេសចរណ៍ ឈ្មោះ អឺរ៉ាស៊ី​ត្រាវែល បាន​មាន​ប្រសាសន៍​ថា វា​ជា​ការចាញ់​ប្រៀប​មួយ​នៅ​ពេល​ដែល​កម្ពុជា​សុខចិត្ត​ចរចា​ជាមួយ​ប្រទេស​ មួយ​ដែល​មាន​កម្លាំង​ទ័ព​ចូល​ក្នុង​ទឹកដី​របស់​ខ្លួន​ទៅ​ហើយ​នោះ ៖ «ខ្ញុំ ​យល់​ថា អត់​មាន​បាន​លទ្ធផល​អី​ជា​វិជ្ជមាន​សម្រាប់​ឲ្យ​មាន​សុខ​សន្តិភាព ហើយ​ឲ្យ​ប្រទេស​កម្ពុជា​យើង​មាន​ស្ថានភាព​ដូច​ពី​មុន​ថ្ងៃ​១៥ កក្កដា ទេ ពីព្រោះ​លទ្ធផល​ទាំង​ប៉ុន្មាន​គាត់​និយាយ​ថា ចាំ​គាត់​ទៅ​ជម្រាប​រាជរដ្ឋាភិបាល និង​រាយការណ៍​ជូន​រាជរដ្ឋាភិបាល ។ អ៊ីចឹង បាន​ន័យ​ថា អត់​មាន​បាន​ប្រយោជន៍​អី​ទាំង​អស់ ព្រោះ​រដ្ឋាភិបាល​គេ​មាន​គម្រោង​លុកលុយ​ឈ្លានពាន​ទឹក​ដី​យើង​រួច​ទៅ​ហើយ»

លោក មឿង សុន ក៏​បាន​សម្តែង​មន្ទិល​សង្ស័យ​ដែរ​ថា ការ​ដែល​ថៃ​សុំ​ឲ្យ​មាន​ការចរចា​ទ្វេ​ភាគី​នោះ ក៏​អាច​ជា​កលល្បិច​មួយ​ផង​ដែរ ៖ «ពីព្រោះ ​យើង​ដឹង​ហើយ យើង​មើល​ទៅ ជំហរ​ថៃ​គាត់​មិន​ផ្លាស់ប្ដូរ​ឥរិយាបថ​គាត់ ដោយ​ដក​ទ័ព​ទេ ។ ការដែល​គាត់​ហៅ​ចរចា​ទ្វេ​ភាគី វា​ចំណេញ​ម្យ៉ាង​សម្រាប់​ភាគី​ថៃ​និង​ភាគី​កម្ពុជា​យើង ។ ភាគី​កម្ពុជា​យើង យើង​ចំណេញ​បាន​បង្ហាញ​ពិភពលោក​ឲ្យ​ដឹង​ថា ខ្មែរ​ស្រលាញ់​សន្តិភាព យើង​សុខចិត្ត​ស្រប​តាម​ភាគី​ថៃ​សំណូមពរ ហើយ​ភាគី​ថៃ​គាត់​ចំណេញ​វិញ គាត់​ចង់​បង្ហាញ​ឲ្យ​ពិភពលោក​ឃើញ​ដែរ​ថា គាត់​មាន​ចេតនា​ចរចា​ជាមួយ​យើង ហើយ​គាត់​មាន​បំណង​ថា គាត់​ចង់​ពន្យារ​ពេល កុំ​ឲ្យ​យើង​ឆាប់​ទៅ​ប្ដឹង​ភ្លាម ដើម្បី​ទុក​ពេលវេលា​ឲ្យ​គាត់​ចំណេញ​នយោបាយ​ជាមួយ​នឹង​ក្រុម​គណបក្ស​ប្រឆាំង ។ អ៊ីចឹង​អាហ្នឹង​ជា​ល្បិចកល​របស់​គេ​ទេ គេ​ចំណេញ​នយោបាយ​របស់​គេ​ទេ»

ក្នុងករណី​នេះ លោក មឿង សុន ក៏​បាន​មាន​ប្រសាសន៍​ថា កម្ពុជា​ត្រូវតែ​ឲ្យ​មាន​ការដោះស្រាយ​បញ្ហា​នេះ ជា​លក្ខណៈ​អន្តរជាតិ​ដែល​អាច​ធ្វើ​ឲ្យ​មាន​ការអនុវត្ត​ច្បាប់​មួយ​ដ៏​មាំទាំ ​បាន ៖ «គឺ​យើង​ចំណេញ​ពីរ​យ៉ាង​ធំ ។ ទីមួយ គឺ​យើង​ត្រូវ​យក​ផែនទី​សម័យ​អាណានិគម​បារាំង ឆ្នាំ​១៩០៤, ១៩០៧ ហើយ​និង​តុលាការ​ក្រុង​ឡាអេ ជា​មូលដ្ឋាន ចាប់​វាស់​ឡើង​វិញ​ទាំងអស់​នូវ​ព្រំ​ប្រទល់​ជាមួយ​ថៃ ។ អ៊ីចឹង យើង​ត្រូវ​ចំណេញ​ដី​និង​កោះ​ថែម​ទៀត ។ ខ្ញុំ​ជឿ​ថា ពេល​យើង​កើត​សង្គ្រាម​ស៊ីវិល​និង​សម័យ​ខ្មែរ​ក្រហម និង​សម័យ​លន់​នល់ គឺ​ពួក​ប្រទេស​អស់​ហ្នឹង ឈ្លានពាន​ដី​យើង​ច្រើន​ណាស់ អ៊ីចឹង បើ​កាលណា​ជ្រុល​បាន​ប្ដឹង​ហើយ យើង​ត្រូវ​តែ​ឲ្យ​អន្តរជាតិ​សើរើ​ព្រំ​ប្រទល់​ខ្មែរ​យើង​វិញ​ទាំង​អស់ គឺ​អ្វី​ដែល​បារាំង​បាន​គូស​ទុក​ឲ្យ​ជាមួយ​នឹង​ភាគី​ថៃ​ហ្នឹង ។ ចំណេញ​ទី​ពីរ គឺ​យើង​ចំណេញ​ទាំង​នយោបាយ គឺ​យើង​ឲ្យ​ថៃ​ដឹង​ថា ខ្លួន​ឯង​ជា​ប្រទេស​មួយ​ដែល​រំលោភ​ទៅ​លើ ទាំង​យូណេស្កូ ផង ទាំង​អង្គការ​សហ​ប្រជាជាតិ​ទៀត»

ដូចគ្នា​នេះ​ដែរ​លោក រ៉ុង ឈុន មេដឹកនាំ​នៃ​ក្រុម​ឃ្លាំមើល​កម្ពុជា បាន​ថ្លែង​ថា ការចរចា​របស់​កម្ពុជា​ជាមួយ​ប្រទេស​ថៃ​នោះ​គឺ​បង្ហាញ​ពី​ភាព​អាម៉ាស់​និង​ អន់​ខ្សោយ​ខាង​ការទូត​មួយ​របស់​ខ្មែរ​ដែល​បាន​ធ្វើតប​នឹង​ប្រទេស​ដែល​ ឈ្លានពាន​ខ្លួន ៖ «ពេល​វេលា​នេះ​ហើយ យើង​មិន​ចាំបាច់​ចរចា​ជាមួយ​ភាគី​សៀម​ទេ ពីព្រោះ​ចោរ​គេ​មក​ឈ្លានពាន​យើង​ហើយ យើង​ទៅ​បន្ទន់​ឥរិយាបថ​ទៅ​ចរចា​ជាមួយ​ចោរ គឺ​យើង​អន់​មែនទែន»

លោក រ៉ុង ឈុន ក៏​យល់​ដូចគ្នា​ដែរ​នឹង​ការលើក​ឡើង​របស់​លោក មឿង សុន ដែល​ថា ការ​ដោះស្រាយ​វិបត្តិ​នេះ​ត្រូវ​តែ​ធ្វើឡើង​ដោយ​អង្គការ​សហប្រជាជាតិ ៖ «ចំពោះ ​ក្រុមប្រឹក្សា​ឃ្លាំ​មើល ក៏​ដូចជា​ខ្លួន​រូប​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់ រឹងមាំ យក​ផល​ប្រយោជន៍​ជាតិ​ជា​ធំ គឺ​ឈរ​ទៅ​លើ​សន្ធិសញ្ញា​បារាំង​-សៀម ឆ្នាំ​១៩០៤, ១៩០៧ ហើយ​ឈរ​លើ​សាលក្រម​របស់​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ ឆ្នាំ​១៩៦២ ឈរ​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ថ្ងៃ​២៣ តុលា ឆ្នាំ​១៩៩១ ដែល​មាន​ប្រទេស​ហត្ថលេខី​ចំនួន ១៩ រួម​ជាមួយ​នោះ មាន​មហាអំណាច​ធំៗ ហើយ​ប្រទេស​ជាប់​ប្រទេស​យើង​ហ្នឹង​ក៏​ជា​ហត្ថលេខី គឺ​ចង់​ឲ្យ​រដ្ឋាភិបាល​ឈរ​ឲ្យ​រឹង​មាំ ប្រកាន់​ជំហរ​ឲ្យ​ច្បាស់លាស់ ហើយ​ស្នើ​សុំ​អន្តរាគមន៍​ពី​អង្គការ​សហប្រជាជាតិ»

ទោះជា​យ៉ាង​ណា​ក៏​ដោយ លោក ធន សារាយ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស អាដហុក បាន​សម្តែង​ទស្សនៈ​ថា ការចរចា​ទ្វេភាគី​ក៏​អាច​ជា​រឿង​ល្អ​ម្យ៉ាង​ដែរ ប៉ុន្តែ​ត្រូវ​តែ​ធ្វើ​ដោយ​តម្លាភាព ភាព​ម៉ឺងម៉ាត់ ក្នុង​ការគោរព​សមភាគី​និង​ការគោរព​សន្ធិសញ្ញា​និង​អនុសញ្ញា​ព្រំដែន​និង​ ច្បាប់​អន្តរជាតិ​នានា​ដែល​ធ្លាប់​មាន​រួច​មក​ហើយ ។

លោក ធន សារាយ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ការចរចា​វា​ជា​ការមួយ​ល្អ​ ដែ ព្រោះ​ថា កុំ​ឲ្យ​បាក់​មុខ​ទាំង​សង​ខាង ព្រោះ​ប្រទេស​យើង​ជិត​ខាង​គ្នា ត្រូវការ​រស់​នៅ​ជាមួយ​គ្នា រាប់​រយ​រាប់​ពាន់​ឆ្នាំ​ទៅ​មុខ​ទៀត ប៉ុន្តែ​ត្រង់​ថា ការយល់ព្រម​មក​អង្គុយ​តុ​ចរចា​គ្នា​នេះ តើ​ភាគី​ថៃ​នៅ​តែ​ប្រកាន់​ជំហរ​ថា លោក​ចង់​សើរើ​ព្រំដែន​ដែល​មាន​ការឯកភាព​គ្នា​រួច​ហើយ ឬ​មួយ​ក៏​លោក​គ្រាន់​តែ​យល់​ថា យើង​ត្រូវការ​ជជែក​គ្នា​លំអិត​នូវ​ការបោះ​បង្គោល​ថ្មី​ទៅ​លើ​ព្រំដែន​ដែល កាល​ឆ្នាំ​១៩៦២ ទទួល​ស្គាល់​បន្ថែម​ទៀត​ដោយ​តុលាការ​ក្រុង​ឡាអេ​នេះ [ឬ​យ៉ាង​ណា]»

គួរ​បញ្ជាក់​ថា ជម្លោះ​ព្រំដែន​នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​បាន​កើត​មាន​ឡើង ក្រោយ​ពេល​ដែល​កម្ពុជា​បាន​ប្រកាស​ពី​ការចូល​ឈ្លានពាន​របស់​ថៃ ជាពិសេស គឺ​ការចូល​កាន់កាប់​ទឹកដី​នៃ​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ ហៅវត្ត​ប្រាសាទ​ព្រះវិហារ បន្ទាប់ពី​ប្រទេស​កម្ពុជា​បាន​ជោគជ័យ​ក្នុង​ការដាក់​ប្រាសាទ​ព្រះវិហារ​ជា​ បេតិកភណ្ឌ​ពិភពលោក ដែល​ប្រទេស​ថៃ​បាន​ប្រឆាំង​ជំទាស់​ជា​យូរ​មក​ហើយ ។

ក្រោយពី​ការលុកលុយ​នោះ​កម្ពុជា​បាន​ធ្វើការ​ចរចា​ជាមួយ​ថៃ​ជា​លើក​ដំបូង នៅ​ស្រុក​អារញ្ញ ប្រទេស​ថៃ​ម្តង​រួច​មក​ហើយ​តែ​មិន​បាន​លទ្ធផល​ឡើយ ដែល​នាំ​ឲ្យ​កម្ពុជា​សុំ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍ ពី​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ប៉ុន្តែ​ប្រទេស​ថៃ​បាន​សុំ​ឲ្យ​មាន​ការចរចា​ទ្វេ​ភាគី​ជា​ថ្មី​ទៀត ដូច្នេះ​ហើយ​បាន​ជា​កម្ពុជា​សម្រេច​ព្យួរ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​ពី​ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​សិន ។

ការចរចា​ចុងក្រោយ​នៅ​ខេត្ត​សៀមរាប​នោះ ភាគី​ទាំង​ពីរ​បាន​យល់ព្រម​ដក​ទ័ព​ចេញ​ពី​តំបន់​មាន​ជម្លោះ​នោះ ប៉ុន្តែ​គេ​មិន​បាន​បញ្ជាក់​ច្បាស់លាស់​ថា​ធ្វើ​ឡើង​នៅ​ពេលណា​ឡើយ ៕