គោលជំហរ​របស់​គណបក្ស​ប្រឆាំង​ចំពោះ​លទ្ធផល​នៃ​ការបោះ​ឆ្នោត

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី ដែល​បក្ស​នេះ​ទទួល​បាន ២៦​អាសនៈ សភា​ពី​ការបោះ​ឆ្នោត​ជ្រើសរើស​តំណាង​រាស្រ្ដ​ខ្មែរ​អាណត្តិ​ទី​៤ នៅ​កម្ពុជា​នោះ មាន​ប្រសាសន៍​ថា​ការវាយ​តម្លៃ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ចំពោះ​ការបោះ​ឆ្នោត​នោះ​គឺ​អាច​នឹង​មាន​ការកែប្រែ។

AFP Photo

ប្រធាន​គណបក្ស​សមរង្ស៊ី លោក សម រង្ស៊ី បោះ​ឆ្នោត​នៅ​ការិយាល័យ​បោះ​ឆ្នោត​មួយ​ក្នុង​ខែត្រ​កំពង់ចាម កាលពី​ថ្ងៃ​២៧ កក្កដា ២០០៨ ។

លោក សម រង្ស៊ី បាន​ឲ្យ​ដឹង​ថា ៖ «ការវាយ​តម្លៃ​នេះ​មិន​ទាន់​ជា​ ស្ថាពរទេ ពីព្រោះ​ខ្ញុំ​នៅ​ជួប​ជាមួយ​អ្នក​សង្កេតការណ៍​អន្តរជាតិ​ជា​ច្រើន គេ​កំពុងតែ​ប្រមូល​ព័ត៌មាន​បន្ថែម​ទៀត។ ការវាយតម្លៃ​របស់​គេ​អាច​នឹង​ប្រែប្រួល ខ្ញុំ​ជឿ​ថា​នឹង​ប្រែប្រួល ពីព្រោះ​ភស្តុតាង​មាន​កាន់តែ​ច្រើន​ឡើងៗ ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​ការបោះ​ឆ្នោត​នេះ​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន ទោះជា​យើង​ឃើញ​ថា​មាន​អំពើ​ហិង្សា​តិច​ជាង​មុន​មែន ប៉ុន្តែ​មាន​ល្បិចកល​ច្រើន​ជាង​មុន​ឆ្ងាយ​ណាស់ ហើយ​ធ្ងន់ធ្ងរ​ជាង​មុន​ឆ្ងាយ​ណាស់​ដែល​បំផ្លៃ​ឆន្ទៈ​ប្រជារាស្រ្ដ​ខ្មែរ គឺ​លទ្ធផល​បណ្ដោះអាសន្ន​ដែល​គេ​ប្រកាស​បណ្ដើរៗ​នេះ មិន​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​ប្រជារាស្រ្ដ​ខ្មែរ​ទេ ផ្ទុយ​ទៅ​វិញ​គឺ​បំភ្លៃ​ឆន្ទៈ​ប្រជារាស្រ្ដ​ខ្មែរ»

លោក សម រង្ស៊ី មាន​ប្រសាសន៍​បង្ហាញ​នូវ​ករណី​កម្រិត​ធ្ងន់ធ្ងរ​មួយចំនួន​នៃ​ភាព​មិន​ ប្រក្រតី​ក្នុង​ដំណើរការ​នៃ​ការបោះ​ឆ្នោត​នោះ​ឲ្យ​ដឹង​ថា ៖ «ពួក​អ្នក​ សង្កេតការណ៍​បើ​មក​មើល​ថ្ងៃ​បោះ​ឆ្នោត ឬ​មើល​តែ​ត្រឹម​បួន​ដប់​ថ្ងៃ មុន​ថ្ងៃ​បោះ​ឆ្នោត​អត់​ឃើញ​អី​ទេ ពីព្រោះ​ការកេងបន្លំ ការលុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត គេ​ថា​សម្អាត​បញ្ជី តែ​តាម​ការពិត​គឺ​គេ​លុប​ឈ្មោះ​អ្នក​ដែល​គេ​មាន​សិទ្ធិ​បោះ​ឆ្នោត​ ត្រឹមត្រូវ តែ​គេ​ដឹង​ឬ​គេ​សង្ស័យ​ថា​មិន​បោះ​ឆ្នោត​ឲ្យ​គេ ដូច្នេះ​គេ​បាន​លុប​ឈ្មោះ​ប្រជាពលរដ្ឋ​រាប់​សែន​នាក់។ ហ្នឹង​ហើយ​ជា​ល្បិចកល​មួយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​មួយចំនួនធំ បាត់បង់​សិទ្ធិ​បោះ​ឆ្នោត​ហ្នឹង​ហើយ ភាព​មិន​ប្រក្រតី​ដ៏​ធ្ងន់ធ្ងរ​មួយ។ ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​មួយ​ទៀត គឺ​ការបញ្ចេញ​ទម្រង់ ១០១៨ គឺ​ឯកសារ​សម្គាល់​ខ្លួន ឯកសារ​បញ្ជាក់​អត្តសញ្ញាណ ចំពោះ​អ្នក​ណា​ដែល​អត់​មាន​អត្តសញ្ញាណប័ណ្ណ តែ​គណបក្ស​កាន់​អំណាច ហើយ​អាជ្ញាធរ​នៅ​មូលដ្ឋាន ដែលប​ម្រើ​គណបក្ស​កាន់​អំណាច​ហ្នឹង គឺ​គេ​បាន​ចេញ​ឯកសារ​នេះ​ចេញ​ដោយ​ក្លែង​បន្លំ​ដោយ​ខុស​ច្បាប់»

លោក​ប្រធាន​គណបក្ស​សមរង្ស៊ី​បញ្ជាក់​ថា ៖ «គេ​យក​ឈ្មោះ​ខ្មោច គេ​យក​ឈ្មោះ​ដែល​អត់​មាន​វត្តមាន​នៅ​ក្នុង​ភូមិ អត់​មាន​ឈ្មោះ​នៅ​លើ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​នៅ​ការិយាល័យ​បោះ​ឆ្នោត​ នីមួយៗ​ទេ ប៉ុន្តែ​គេ​រក្សា​ឈ្មោះ​ខ្មោច​ទាំងអស់​នោះ ដើម្បី​យក​ឈ្មោះ​ខ្មោច​ទាំងអស់​នោះ យក​ទៅ​បំពាក់​ឲ្យ​មនុស្ស​ដែល​អត់​មាន​សិទ្ធិ​បោះ​ឆ្នោត ហើយ​ដែល​គេ​បាន​ឲ្យ​លុយ​គេ​បាន​ជំរុញ​ឲ្យ​ទៅ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន។ ហ្នឹង​ហើយ​ភាព​មិន​ប្រក្រតី​គឺ​ថា​តំណាង​រាស្រ្ដ​ដែល​ជាប់​ឆ្នោត​ក្រោម​ ស្លាក​គណបក្ស​ប្រជាជន គឺ​មួយចំនួន​ធំ មិនមែន​ជា​តំណាង​រាស្រ្ដ​ទេ គឺ​ជា​តំណាង​ខ្មោច​ឬ​ក៏​ជា​តំណាង​យួន ជា​តំណាង​ជន​បរទេស​ដែល​គេ​បាន​ឲ្យ​ឈ្មោះ​ខ្មោច​យក​ទៅ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ ប្រជាជន បូកសរុប​ទៅ​គឺ​ថា​ចំនួន​អ្នក​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​ពិត​ប្រាកដ មាន​តិច​ជាង​អ្វី​ដែល​គេ​ប្រកាស»

តែ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ចាត់​ទុក​ថា ភាព​មិន​ប្រក្រតី​ដែល​គេ​ទទួល​បាន​ភស្តុតាង​មួយ​ចំនួន​នៅ​មុន​ថ្ងៃ​ទី​១ ខែ​សីហា​នេះ ទាក់ទិន​នឹង​ការបោះ​ឆ្នោត​នោះ គឺ​ថា​ការរំលោភ​ទាំង​នោះ​បាន​កើតឡើង​ក្នុង​កម្រិត​មួយ​តិចតួច​នៅ​តាម​តំបន់​ មួយចំនួន ហើយ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការបោះ​ឆ្នោត​នោះ​ទេ។

ត្រង់​ចំណុច​នេះ​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​បក្ស​នេះ​ទទួល​បាន​៣​អាសនៈ​សភា​ពី​ការបោះ​ ឆ្នោត​នោះ​ដែរ មាន​ប្រសាសន៍​តប​ថា ៖ «ខ្ញុំ​គិត​ថា​ការវាយតម្លៃ​របស់​ គាត់​ថា​តិចតួច​នេះ គឺ​អត់​ត្រឹមត្រូវ​ទេ​ដោយសារ​គ្នា​គាត់ អ្នក​សង្កេតការណ៍​គាត់​មានតែ​ជាង​៧០​នាក់ យើង​ខ្ញុំ​មាន​រាប់​ម៉ឺន​នាក់ រាប់​សែន​នាក់ ដូច្នេះ​យើង​អាច​ដឹង​រឿង​ច្រើន​ជាង​ហ្នឹង។ ឧទាហរណ៍​តែ​រឿង​មួយ​ទេ ការិយាល័យ​មួយ​មាន​អ្នក​បោះ​ឆ្នោត ៣​-​៤​រយ​នាក់ ៥០០​នាក់ បាត់​ដល់ ១០០ បាត់ដល់ ៥០ តើ​វា​តិចតួច​ដែរ​ឬ​អត់ ? មិនមែន​បាត់​ម្នាក់​២​នាក់​ឯណា បាត់​រាប់​រយ​នាក់។ ដូច្នេះ​យើង​ឃើញ​ថា​បាត់​ច្រើន វា​ប៉ះពាល់​ដល់​លទ្ធផល​បោះ​ឆ្នោត​ច្រើន តាម​ការ​ដែល​យើង​ខ្ញុំ​ឃើញ​ផ្ទាល់។ ពី​សហគមន៍​អឺរ៉ុប​អី យើង​បាន​បង្ហាញ​ប្រាប់​គេ ក្រោយ​មក​ក៏​គេ​បាន​និយាយ ការបោះ​ឆ្នោត​ហ្នឹង វា​អយុត្តិធម៌ មាន​ភាព​មិន​ប្រក្រតី អត់​បាន​ដល់​ស្តង់ដារ​អន្តរជាតិ គឺ​គេ​និយាយ​តាម​សហគមន៍​អឺរ៉ុប ក្រោយពី​យើង​បាន​ជួប​ប្រជុំ​ពន្យល់​គេ ហេតុផល​ពី​ភាព​មិន​ប្រក្រតី​ហ្នឹង​ទៅ»។

ចំណែក​លោក ស៊ុត ឌីណា អគ្គលេខាធិការ​រង​នៃ​គណបក្ស នរោត្ដម រណឫទ្ធិ ដែល​បក្ស​នេះ​ទទួល​បាន​២​អាសនៈ​សភា​ពី​ការបោះ​ឆ្នោត​នោះ មាន​ប្រសាសន៍​បន្ថែម​ថា ៖ «ការបោះ​ឆ្នោត​នៅ​កម្ពុជា​មិន​បាន​ឆ្លុះ​ បញ្ចាំង​នូវ​ភាព​ដូច​ដែល​មតិ​អន្តរជាតិ​បាន​មើល​ឃើញ​ពី​សំបក​ក្រៅ​ទេ។ គាត់​អត់​បាន​មើល​ឃើញ​ល្បិចកល​នៃ​ការលុប​ឈ្មោះ​អ្នក​បោះឆ្នោត​ចេញ​ពី​បញ្ជី​ ទេ។ អាជ្ញាធរ​ភូមិ​ឃុំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អង្គុយ​ចាំ​នៅ​មុខ​គ្រប់​ ការិយាល័យ​ទាំងអស់ ដោយ​គំរាម​កំហែង​មិន​ឲ្យ​អ្នក​បោះឆ្នោត​ចេញ​ទៅ​បោះ​ឆ្នោត។ ហើយ​មួយ​ទៀត​គឺ​ថា​ការប្រើប្រាស់ ការទិញ​មនុស្ស​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត។ ការពិត​កម្ពុជា​យើង​កំពុង​ស្ថិត​នៅ​គ្រោះថ្នាក់​ដោយសារតែ​ការរៀបចំ​ការបោះ​ ឆ្នោត​នេះ គឺ​ជា​ឆាក​ល្ខោន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណៈកម្មការជាតិ​រៀបចំ​ការបោះឆ្នោត​ដែល​ជា​ឧបករណ៍​របស់​គណបក្ស​ប្រជាជន​ កម្ពុជា»

ប៉ុន្តែ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត (គ.ជ.ប.) លោក ទេព នីថា មាន​ប្រសាសន៍​ច្រានចោល​នូវ​ការចោទ​ប្រកាន់​ទាំង​នេះ​ដោយ​បញ្ជាក់​ថា ៖ «ការថ្លែង ​ការណ៍​របស់​គណបក្ស​នយោបាយ ឬ​ក៏​ការចោទ​ប្រកាន់​ផ្សេងៗ វា​ជា​សិទ្ធិ​របស់​គាត់ ប៉ុន្តែ​អ្វី​ក៏​ដោយ​យើង​ត្រូវតែ​អនុវត្ត​ទៅ​តាម​ច្បាប់​ទាំងអស់ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កើត​មាន​ឡើង។ សរុប​មក​វិញ​ចង់​ប្រៀបធៀប​ថា គ.ជ.ប.​ធ្វើ​ការងារ​នេះ​ត្រឹមត្រូវ​ប៉ុណ្ណា គឺ​សូម​ប្រៀបធៀប​ជាមួយ​នឹង​ច្បាប់​បោះ​ឆ្នោត នីតិវិធី​នៃ​ការបោះ​ឆ្នោត ព្រម​ទាំង​របៀប​អនុវត្ត​ការងារ​របស់​គ.ជ.ប. ហើយ​អញ្ជើញ​គណបក្ស​នយោបាយ​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ហ្នឹង ចូលរួម​ក្នុង​សកម្មភាព​របស់​ខ្លួន…»

លោក ទេព នីថា មាន​ប្រសាសន៍​ថា​បើ​គិត​មក​ដល់​ថ្ងៃ​ទី​២ ខែ​សីហា​នេះ គ.ជ.ប.​ទទួល​បាន​បណ្ដឹង​ទាំងអស់ ១០៣​បណ្ដឹង ក្នុង​នោះ​បណ្ដឹង​ជា​ច្រើន​ត្រូវ​បាន​ដោះស្រាយ​នៅ​ថ្នាក់​ឃុំ​សង្កាត់ និង​នៅ​ថ្នាក់​ខេត្ត​គឺ​មានតែ​ជាង​១០​បណ្ដឹង​តែ​ប៉ុណ្ណោះ ក្នុង​ចំណោម​បណ្ដឹង​ទាំងអស់​នោះ​ដែល​បាន​ប្ដឹង​បន្ត​ទៅ​ដល់​ថ្នាក់​ជាតិ។

លោក ទេព នីថា បញ្ជាក់​ថា​គ.ជ.ប.​នឹង​ខិតខំ​ដោះស្រាយ​បញ្ហា​នេះ​ក្នុង​រយៈពេល​៥​ថ្ងៃ នា​សប្ដាហ៍​ក្រោយ​នេះ​ដែល​សង្ឃឹម​ថា​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការបោះឆ្នោត​ ជាតិ​នោះ​និង​ប្រកាស​ជា​ផ្លូវការ​ដោយ​គ.ជ.ប. នៅ​ក្នុង​រង្វង់​ថ្ងៃ​ទី​៩ ថ្ងៃ​ឆ្នាំ​២០០៨​នេះ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​អគ្គលេខាធិការ​រង​នៃ​គណបក្ស នរោត្ដម រណឫទ្ធិ ថ្លែង​អះអាង​ថា គណបក្ស នរោត្ដម រណឫទ្ធិ គណបក្ស សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស នៅតែ​បន្ត​រួមគ្នា​ទាមទារ​ឲ្យ​គ.ជ.ប.​ដោះស្រាយ​បណ្ដឹង​របស់​គណបក្ស​ទាំង​បី​ ឲ្យ​មាន​យុត្តិធម៌​ដែល​គេ​អាច​ទទួល​យក​បាន៕

ប្រភព ៖ វិទ្យុអាស៊ីសេរី

បក្ស​សមរង្ស៊ី​នឹង​បដិសេធ​លទ្ធផល​បោះ​ឆ្នោត​ពេល​ទទួល​បាន​បណ្តឹង​គ្រប់​ខេត្ត​ក្រុង

គណបក្ស ​សមរង្ស៊ី​បង្ហើប​ឲ្យ​ដឹង​ថា​នឹង​បដិសេធ​លទ្ធផល​បោះ​ឆ្នោត ដរាបណា​បាន​ទទួល​បណ្តឹង​គ្រប់​២៤​ខេត្ត​ក្រុង​ទាក់ទង​ភាព​មិន​ប្រក្រតី​ដែល​ កើតឡើង​ក្នុង​ពេល​បោះ​ឆ្នោត​សភា​ជាតិ​លើក​ទី​៤ ។

AFP Photo

ស្ត្រី ​ពរ​កូន​នៅ​នឹង​ដៃ​ដាក់​សន្លឹក​ឆ្នោត​ចូល​ក្នុង​ហិប​ឆ្នោត​នៅ​ការិយាល័យ​បោះ ​ឆ្នោត​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០០៨ ។

តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា​រយៈពេល​បោះ​ឆ្នោត​សភា​លើក​ទី​៤​នេះ គណបក្ស​សមរង្ស៊ី​បាន​ប្តឹង​ទាស់​ទាំង​២៤​ខេត្ត​ក្រុង​លើ​ករណី​ចេញ​ទម្រង់ ១០១៨ ក្លែងក្លាយ ធ្វើ​ឲ្យ​គេ​លួច​គូស​សន្លឹក​ឆ្នោត​ជំនួស​ឈ្មោះ​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​ ដែល​មិន​ទាន់​បាន​បោះ​និង​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​បោះ​ឆ្នោត ទោះបី​អ្នក​មាន​ឯកសារ​គ្រប់គ្រាន់​ឬ​ធ្លាប់​បាន​បោះ​ឆ្នោត ក៍​ត្រូវ​គេ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត ។ ករណី​ទិញ​សន្លឹក​ឆ្នោត​ករណី​ចែក​អំណោយ​ករណី​គំរាម​កំហែង ករណី​បំភិត​បំភ័យ ករណី​រំលោភ​នីតិវិធី​ច្បាប់​ជាដើម ។

លោក​ថា​គណបក្ស​សមរង្ស៊ី​កំពុងតែ​ប្រមូល​ភស្តុតាង​នោះ​នឹង​ធ្វើការ​បដិសេធ​លទ្ធផល​បោះ​ឆ្នោត ៖ «ព្រោះ ​ការធ្វើ​ទម្រង់ ១០១៨ ក្លែងក្លាយ ការលុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត ការបាត់​ឈ្មោះ និង​ការលុប​បញ្ជី​ឈ្មោះ​ដោយ​អយុត្តិធម៌​ហ្នឹង គេ​ធ្វើឡើង​ជា​លក្ខណៈ​ប្រព័ន្ធ​ដោយ​គណបក្ស​កាន់​អំណាច​ស៊ុមគ្រលំ​គ្នា​ ជាមួយនឹង​គ.ជ.ប. ។ ដូច្នេះ​យើង​កំពុង​រៀបចំ​ប្រមែ​ប្រមូល​ភស្តុតាង​ឲ្យ​បាន​ច្រើន​ករណី​ថែម​ទៀត ដើម្បី​ដាក់​ពាក្យបណ្ដឹង​បដិសេធ​លទ្ធផល​នៃ​ការបោះ​ឆ្នោត​ទាំងស្រុង​តែម្ដង»

ពាកព័ន្ធ​បញ្ហា​នេះ​នៅ​ខេត្ត​កំពង់ស្ពឺ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ខេត្ត បើក​សវនាការ​នៅ​ថ្ងៃ​អាទិត្យ ទី​៣ ខែ​សីហា ច្រានចោល​បណ្តឹង​គណបក្ស​សមរង្ស៊ី​ប្តឹង​មន្រ្តី​ឃុំ​ស្វាយរំពា បន្ត​ចេញ​ទម្រង់​១០១៨ ក្នុង​ថ្ងៃ​បោះឆ្នោត​ដែល​ច្បាប់​ហាមឃាត់ ។

ប្រធាន​គណៈកម្មការ​រៀបចំ​ការបោះ​ឆ្នោត​ខេត្ត​កំពង់ស្ពឺ លោក ព្រំ គឹមថៃ មាន​ប្រសាសន៍​ថា​បណ្តឹង​ចោទ​មេ​ភូមិ​និង​ស្មៀន​ឃុំ​ចេញ​ទម្រង់​១០១៨ ឲ្យ​អ្នក​បោះ​ឆ្នោត​ក្នុង​ថ្ងៃ​បោះ​ឆ្នោត ទី​២៧ ខែ​កក្កដា មិន​ត្រឹមត្រូវ​ទេ​របស់​គណបក្ស​សមរង្ស៊ី ។ តាម​ការស៊ើបអង្កេត​អ្នក​ចេញ​ទម្រង់ ១០១៨ ជា​មន្រ្តី​ឃុំ ហើយ​បាន​ផ្តល់​ទម្រង់ ១០១៨ នោះ មុន​ពេល​បោះ​ឆ្នោត​ទៅ​ទៀត ៖ «១០១៨ នេះ គាត់​ចេញ​តាំងពី​ថ្ងៃ​ទី​១៥ ខែ​៧ ឆ្នាំ​២០០៨ ម្ល៉េះ»

សវនាការ​ច្រានចោល​បណ្ដឹង​គណបក្ស​សមរង្ស៊ី​នេះ ត្រូវ​បាន​បេក្ខជន​តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី​ខេត្ត​កំពង់ស្ពឺ លោក សុខ គឹមស៊ា អះអាង​ថា ៖ «គឺ​គេ​យក​សន្លឹក​ឆ្នោត​តាមរយៈ​ទម្រង់​១០១៨ ព្រោះតែ​អ៊ីចឹង​ហើយ​បាន​ជា​ព្រឹក​មិញ​នេះ ខ្ញុំ​ប្រាប់​អង្គ​សវនាការ​ថា​ការសម្រប​សម្រួល​មិន​អាច​ធ្វើ​ទៅ​បាន​ទេ ព្រោះ​ភស្តុតាង​នេះ​ជា​ភស្តុតាង​មួយ​ដែល​ខ្ញុំ​ចាប់​បាន​នៅ​ឃុំ​ស្វាយរំពា​ ហ្នឹង ក្នុង​ចំណោម​ទម្រង់​១០១៨​ហ្នឹង ទូទាំង​ប្រទេស យើង​ដឹង​ថា​មាន​ច្រើន​សែន»

មន្រ្តី​ឃ្លាំមើល​ការបោះ​ឆ្នោត​ខេត្ត​កំពង់ស្ពឺ អ្នកស្រី អ៊ូច បូរ មាន​ប្រសាសន៍​ថា​តាម​សវនាការ​កន្លងមក​ដែល​អង្គការ​ឃ្លាំមើល​ការបោះ​ឆ្នោត និង​អង្គការ​អន្តរជាតិ បាន​ចូលរួម​សង្កេតឃើញ​ថា PEC ខេត្ត​កំពង់ស្ពឺ បាន​ធ្វើ​តាម​នីតិវិធី​ច្បាប់ គ្មាន​ការបង្ខិត​បង្ខំ គ្មាន​អំពើ​ហិង្សា ហើយ​បាន​សម្រុះ​សម្រួល​រហូត​អ្នក​ប្តឹង​និង​អ្នក​ចុងចោទ​អាច​ទទួល​យក​បាន ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី

UCAOA គាំទ្រ​ការច្រាន​ចោល​លទ្ធផល​នៃ​ការបោះ​ឆ្នោត​របស់​បក្ស​ប្រឆាំង

សម្ព័ន្ធ ​សមាគម​និង​អង្គការ​ខ្មែរ​នៅ​ក្រៅ​ប្រទេស មាន​សហរដ្ឋ​អាមេរិក ប្រទេស​កាណាដា សហភាព​អឺរ៉ុប និង​ប្រទេស​ញូវហ្ស៊ីឡេន (UCAOA) បាន​គាំទ្រ​សេចក្តី​សម្រេច​ចិត្ត​របស់​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស ដែល​បាន​ប្រកាស​ច្រានចោល​លទ្ធផល​នៃ​ការបោះឆ្នោត កាលពី​ថ្ងៃ​ទី​២៧ កក្កដា​កន្លង​ទៅ​នេះ ។

AFP Photo

ស្ត្រី ​ពរ​កូន​នៅ​នឹង​ដៃ​ដាក់​សន្លឹក​ឆ្នោត​ចូល​ក្នុង​ហិប​ឆ្នោត​នៅ​ការិយាល័យ​បោះ ​ឆ្នោត​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០០៨ ។

នៅ​ជុំវិញ​ការបោះឆ្នោត​កន្លង​មក​នេះ​មាន​ការរិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ ភាព​អយុត្តិធម៌​រវាង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ផ្សេង​ដែល​មាន​លទ្ធភាព​ មិន​ដូច​គ្នា ។

សេចក្តី​ថ្លែងការណ៍​របស់ UCAOA សង្កត់​ធ្ងន់​ថា​គណបក្ស​ប្រជាជន​កម្ពុជា​មាន​លទ្ធភាព​គ្រប់​បែប​យ៉ាង ដូច​ជា​ប្រព័ន្ធ​ចែក​ផ្សាយ​ព័ត៌មាន រួម​មាន​វិទ្យុ ទូរទស្សន៍ និង​សារព័ត៌មាន​ក្នុង​ស្រុក​ជាដើម ។

ក្រៅ​ពី​នេះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​បាន​បម្រើ​ផល​ ប្រយោជន៍​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​បាន​លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ជា​ជនជាតិ​ខ្មែរ​រាប់​ម៉ឺន​នាក់ និង​ដាក់​ជនជាតិ​វៀតណាម​រាប់​លាន​នាក់​ដែល​រស់​នៅ​ខុស​ច្បាប់​ឲ្យ​មាន​ សិទ្ធិ​បោះ​ឆ្នោត​ជំនួស​វិញ ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី

មន្ត្រី​ហ៊្វុនស៊ិនប៉ិច​ប្ដូរ​ជំហរ​ជុំវិញ​ការទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត

មន្ត្រី ​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ប្តូរ​ជំហរ​ជុំវិញ​ការទទួល​ស្គាល់​ លទ្ធផល​ការបោះ​ឆ្នោត ដែល​ការប្តូរ​នោះ​ត្រូវ​គេ​មើល​ឃើញ​ថា​បាន​ធ្វើ​ឡើង​បន្ទាប់ពី​គណបក្ស​ ប្រជាជន​កម្ពុជា​បាន​ប្រកាស​ថា នឹង​ធ្វើ​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​នឹង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​ដឹកនាំ​ ដោយ​លោក ញឹក ប៊ុនឆៃ ។

RFA Photo

និមិត្តសញ្ញា​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ។

គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ធ្វើ​កិច្ចប្រជុំ​ដ៏​ធំ​មួយ​នៅ​ថ្ងៃ​ ព្រហស្បតិ៍​នេះ​នៅ​ទីស្នាក់ការ​គណបក្ស​ក្នុង​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​សំខាន់ៗ​បក្ស​គ្រប់​ខេត្ត​ក្រុង និង​មេ​ដឹកនាំ​គន្លឹះ​ហ៊្វុនស៊ិនប៉ិច​ទាំងអស់ ដូច​ជា​ប្រធាន​គណបក្ស លោក កែវ ពុទ្ធរស្មី សម្តេច​ម្ចាស់​ក្សត្រី នរោត្តម អរុណរស្មី អ្នក​អង្គម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន លោក លឺ ឡាយស្រេង និង​លោក​អគ្គលេខាធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ញឹក ប៊ុនឆៃ ផងដែរ ។

កិច្ចប្រជុំ​ហ៊្វុនស៊ិនប៉ិច​បាន​ធ្វើឡើង​នៅ​មួយ​ថ្ងៃ​បន្ទាប់ពី​គណបក្ស​ ប្រជាជន​កម្ពុជា​បាន​ប្រកាស​ថា នឹង​ធ្វើ​រដ្ឋាភិបាល​ចម្រុះ​ជាមួយនឹង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​ដឹកនាំ​ដោយ ​លោក ញឹក ប៊ុនឆៃ និង​កិច្ចប្រជុំ​នោះ​ទៀត​ដែរ​បាន​ធ្វើឡើង​ក្រោយ​មាន​មន្ត្រី​ជាន់ខ្ពស់​ ហ៊្វុនស៊ិនប៉ិច ២​រូប គឺ​អ្នក​អង្គម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន និង​លោក លឺ ឡាយស្រេង ត្រូវ​គេ​រាយការណ៍​ថា​បាន​ចូលរួម​ជាមួយ​គណបក្ស ៣​ផ្សេង​ទៀត ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការបោះ​ឆ្នោត ។

ក្រោយពី​ការប្រកាស​នោះ​មាន​ការនិយាយ​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច​ក្នុង​រង្វង់​ថ្នាក់​ដឹកនាំ​កំពុងតែ​បែក​គ្នា ជា​ពិសេស​ការ​ដែល​គេ​បាន​កត់សម្គាល់​ម្យ៉ាងទៀត គឺ​នៅ​គ្រា​ដែល​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក កែវ ពុទ្ធរស្មី បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​មួយ​ស្នើ​ទៅ​តុលាការ​កំពូល សូម​ឲ្យ​មាន​ការដក​ពាក្យ​បណ្តឹង​ប្ដឹង​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​ការស្នើ​នោះ​បាន​ទទួល​សេចក្តី​បដិសេធ​ពី​តុលាការ​កំពូល​មក​វិញ ។

នៅ​ក្នុង​កិច្ចប្រជុំ​ថ្ងៃ​ព្រហស្បតិ៍ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក កែវ ពុទ្ធរស្មី បាន​ថ្លែង​ថា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មិន​មាន​ការបែក​គ្នា​នោះ​ទេ ។

ចំណែក​លោក លឺ ឡាយស្រេង ក៏​បាន​បញ្ជាក់​ថា​លោក​ក៏​មិន​បាន​បដិសេធ​ចំពោះ​លទ្ធផល​នៃ​ការបោះ​ឆ្នោត​នោះ​ដែរ ៖ «យើង ​ខ្ញុំ​ទាំងអស់​គ្នា​យើង​អត់​ប្រកែក​រឿង​លទ្ធផល​នេះ​ទេ ។ មិន​ដែល​និយាយ​ថា​មិន​ទទួល​ស្គាល់​ទេ តែ​គេ​ប្រកាស​មក​វា​ទៅ​ជា​ផ្លូវការ​ហើយ អា​ហ្នឹង​វា​អ៊ីចឹង ធ្វើ​ម៉េច ? ហើយ​ស្រុក​យើង​នេះ​ទៀត​ខ្ញុំ​ថា អ្វី​ដែល​យើង​ឃើញ យើង​ដឹង ខ្ញុំ​ថា​បើ​ធ្វើ​ខុស​ហើយ​ខ្ញុំ​ជជែក​ទៅ មាន​អាជ្ញាកណ្ដាល​មួយ​មក​ជម្រះ​ឲ្យខ្ញុំ អា​ហ្នឹង​ខ្ញុំ​ធ្វើ ប៉ុន្តែ​អត់​ទេ លេង​ដាក់​មួយ​ចប់ ទាំង​ពី​តុលាការ​មក​ដល់​ហ្នឹង គឺ​និយាយ​អី​ទៀត ទទួល​ទៅ»

ការបង្ហាញ​រូបភាព​ប្រមូល​ផ្តុំ​គ្នា​មក​វិញ​គឺ​នៅ​ក្រោយ​ស្ថានភាព​ដែល​ គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ថា​នឹង​ធ្វើ​រដ្ឋាភិបាល​ចម្រុះ​ជាមួយនឹង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក្រោម​ការដឹកនាំ​របស់​លោក ញឹក ប៊ុនឆៃ ។

លោក​អគ្គលេខាធិការ​គណបក្ស ញឹក ប៊ុនឆៃ បាន​ថ្លែង​ថា​លោក​មិន​ទាន់​បាន​ជជែក​លម្អិត​រឿង​នេះ ជាមួយ​នឹង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ឯ​ទៀត​នោះ​ទេ ប៉ុន្តែ​មិន​សង្ឃឹម​ថា​នឹង​បាន​ទទួល​ការបែងចែក​អំណាច​ច្រើន​ដូច​មុន​នោះ​ទេ ដោយសារតែ​លោក​និយាយ​ថា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នឹង​អាច​មាន​អាសនៈ​តែ​ចំនួន​២ ​ប៉ុណ្ណោះ​ក្នុង​រដ្ឋសភា​ថ្មី ។

លោក ញឹក ប៊ុនឆៃ បាន​មាន​ប្រសាសន៍​ថា ៖ «អ៊ីចឹង​យើង​អាច​និយាយ​បាន​ថា​ អ្វី​ដែល​យើង​មាន​កាលពី​មុន​២៦​មក​ហ្នឹង ហើយ​មក​ឥឡូវ​មាន​តែ​២​ហ្នឹង វា​អាច​ត្រូវ​បាត់បង់​អី​ច្រើន​ហើយ ។ អ៊ីចឹង​មិន​ដឹង​ជា​ការបាត់បង់​ហ្នឹង​អ្នក​ណា​ខ្លះ​ទេ​ដែល​យើង​ត្រូវ​មាន​ ការបាត់បង់…»

ប្រភព ៖ វិទ្យុអាស៊ីសេរី

សម​រង្ស៊ី​ដឹកនាំ​ពលរដ្ឋ​រាប់​រយ​នាក់​តវ៉ា​លទ្ធផល​នៃ​ការបោះឆ្នោត

ប្រជាពលរដ្ឋ ​ប្រមាណ ៤០០​នាក់ បាននាំ​គ្នា​ប្រមូល​ផ្ដុំ​នៅ​ទីស្នាក់ការ​គណបក្ស​សម​រង្ស៊ី នៅ​ព្រឹក​ថ្ងៃ​ពុធ ៣០ កក្កដា ធ្វើការ​ជំទាស់​ទៅនឹង​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​ អាណត្តិ​ទី​៤ ហើយ​ទាមទារ​ឲ្យ​មាន​ការបោះឆ្នោត​ឡើង​វិញ ។

RFA Photo/Thai Sothea

លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នកកាសែត​និង​ពលរដ្ឋ​ជា​ច្រើន​រយ​នាក់​នៅ​ឯ​ទីស្នាក់ការ​ គណបក្ស​សម​រង្ស៊ីក្នុង​ក្រុង​ភ្នំពេញ នា​ថ្ងៃ​៣០ កក្កដា ២០០៨ អំពី​ករណី​បន្លំ​ទាក់ទង​នឹង​ការបោះឆ្នោត ។

ប្រធាន​គណបក្ស​សម​រង្ស៊ី គឺ​លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ប្រាប់​ដល់​ប្រជាពលរដ្ឋ​ដែល​នាំ​គ្នា​មក​តវ៉ា​នោះ​ថា លោក​មិន​អាច​ទទួល​យក​លទ្ធផល​នៃ​ការបោះឆ្នោត​នោះ​បាន​ទេ ដោយសារ​មាន​មនុស្ស​ប្រមាណ ១​លាន​នាក់ មិន​បាន​បោះ​ឆ្នោត ។

លោក សម រង្ស៊ី មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «សូម​បង​ប្អូន​ទាំងអស់​គ្នា ប្រកាន់​គោល​ជំហរ​ឲ្យ​រឹងមាំ អត់​ទទួលស្គាល់​ការបោះឆ្នោត​នេះ ជា​ដាច់​ខាត ។ ទាមទារ​ឲ្យ​មាន​ការបោះឆ្នោត​ឡើង​វិញ ទូទាំង​ប្រទេស​កម្ពុជា»

ការជួបជុំ​គ្នា​តវ៉ា​នេះ បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​គណបក្ស​សម​រង្ស៊ី បាន​ដើរ​ចែក​ខិត្ត​ប័ណ្ណ​អញ្ជើញ​អ្នក​ដែល​មិន​បាន​បោះឆ្នោត ឲ្យ​មក​តវ៉ា​នៅ​ទីស្នាក់ការ​គណបក្ស​សម​រង្ស៊ី ហើយ​ក្នុង​យុទ្ធនាការ​ចែក​ខិត្ត​ប័ណ្ណ​នោះ មាន​សកម្មជន​គណបក្ស​សម​រង្ស៊ី មួយ​ចំនួន ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ឃាត់​ខ្លួន ដោយ​លើក​ហេតុផល​ថា ការពារ​សណ្ដាប់​ធ្នាប់​សាធារណៈ ។

ស្របពេល​នឹង​ការតវ៉ា​នោះ អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​ដាក់​ពង្រាយ​កម្លាំង​ប្រដាប់​អាវុធ​ជុំវិញ​ ទីស្នាក់ការ​គណបក្ស​សម​រង្ស៊ី និង​តាម​ដង​ផ្លូវ​នានា ជិត​វិមាន​ឯករាជ្យ​ដើម្បី​ការពារ​ក្រែង​មាន​ការធ្វើ​បាតុកម្ម ហើយ​ក៏​មាន​ការ​ចូលរួម​ពី​អ្នក​សង្កេត​ការណ៍​របស់​សហភាព​អឺរ៉ុប មន្ត្រី​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ និង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ផង​ដែរ ។

ទោះ​ជា​យ៉ាងណា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) ធ្លាប់​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា នឹង​មិន​មាន​ការបោះឆ្នោត​ឡើង​វិញ​នោះ​ទេ ។

តាម​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការបោះ​ឆ្នោត ឆ្នាំ​២០០៨​នេះ បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៩០​អាសនៈ គណបក្ស​សម​រង្ស៊ី ២៦​អាសនៈ គណបក្ស​សិទ្ធិ​មនុស្ស ៣​អាសនៈ គណបក្ស នរោត្តម រណឫទ្ធិ ២​អាសនៈ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ២​អាសនៈ ដែល​លទ្ធផល​នេះ ត្រូវ​បាន​ជំទាស់​ដោយ​គណបក្ស​ប្រឆាំង​ទាំង​បួន ។

លោក សម រង្ស៊ី បាន​ឲ្យ​ដឹង​ទៀត​ថា គណបក្ស​ទាំង​បួន គឺ​គណបក្ស​សម​រង្ស៊ី គណបក្ស​សិទ្ធិ​មនុស្ស គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​នរោត្តម រណឫទ្ធិ នឹង​ប្រមូល​ស្នាម​មេដៃ​ប្រជា​ពលរដ្ឋ ដែល​មិន​បាន​បោះឆ្នោត ឲ្យ​ធ្វើ​ការដាក់​ពាក្យ​បណ្ដឹង​ចោទ​ប្រកាន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ បោះឆ្នោត ។

ស្ត្រី​ម្នាក់​ទៀត​រស់នៅ​ទីក្រុង​ភ្នំពេញ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា សមាជិក​គ្រួសារ​របស់​គាត់ មាន ៩​នាក់ ដែល​មាន​សិទ្ធិ​បោះឆ្នោត​តែ ៥​នាក់ មិន​បាន​បោះឆ្នោត​ឡើយ ដោយសារ​តែ​បាត់​ឈ្មោះ ។

ស្ត្រី​រូប​នោះ​បាន​សម្ដែង​ការសង្ស័យ​ចំពោះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​យ៉ាង​ដូច្នេះ​ថា៖ «កាលពេល ​ចុះ​ឈ្មោះ​បោះឆ្នោត បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ទៅ​មើល​ឈ្មោះ ហើយ​បើ​អត់​មាន​ឈ្មោះ យើង​នឹង​ចុះ ប៉ុន្តែ​ទៅ​មើល​ហើយ ឃើញ​មាន​ឈ្មោះ​ទាំងអស់ ហើយ​ក៏​អត់​ចុះ​ទេ ។ ដល់​ពេល​មក​បោះឆ្នោត ហេតុអី​ឈ្មោះ​គាត់​អត់​មាន ។ ដាក់​ឈ្មោះ​នៅ​សង្កាត់​ឲ្យ​យើង​ទៅ​មើល ពេល​នោះ​ឈ្មោះ​យើង​មាន ស្រាប់តែ​មក​បោះឆ្នោត ឈ្មោះ​យើង​អត់​មាន ។ អ៊ីចឹង​បាន​ន័យ​ថា បញ្ជី​ដែល គ.ជ.ប. ធ្វើ​នេះ គឺ​គាត់​ធ្វើ​ពីរ»

គួរ​ជម្រាប​ថា មន្ត្រី​ឃ្លាំមើល​ការបោះឆ្នោត​បាន​ឲ្យ​ដឹង​ថា ការបោះឆ្នោត​នៅ​កម្ពុជា​កាលពី​ថ្ងៃ​អាទិត្យ ២៧ កក្កដា មិន​ត្រឹមត្រូវ​តាម​បទដ្ឋាន​អន្តរជាតិ​ឡើយ ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី

ហ៊្វុនស៊ិនប៉ិច​បដិសេធ​ការជូន​ដំណឹង​ថា​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការបោះ​ឆ្នោត

គណបក្ស ​ហ៊្វុនស៊ិនប៉ិច​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ បដិសេធ​ចំពោះ​ការជូន​ដំណឹង​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការបោះ​ឆ្នោត ។

AFP Photo

ស្ត្រី ​ពរ​កូន​នៅ​នឹង​ដៃ​ដាក់​សន្លឹក​ឆ្នោត​ចូល​ក្នុង​ហិប​ឆ្នោត​នៅ​ការិយាល័យ​បោះ ​ឆ្នោត​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០០៨ ។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​មន្ត្រី​ដឹកនាំ​ គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក លឺ ឡាយស្រេង និង​អ្នក​អង្គម្ចាស់ ស៊ីសុវត្ថិ សេរីរ័ត្ន បាន​ធ្វើ​សន្និសីទ​កាសែត​ជាមួយ​គណបក្ស​សមរង្ស៊ី គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស នរោត្តម រណឫទ្ធិ ប្រកាស​បដិសេធ​លទ្ធផល​នៃ​ការបោះ​ឆ្នោត​អាណត្តិ​ទី​៤ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​មាន​និមិត្តសញ្ញា​សម្គាល់​គណបក្ស​ និង​មាន​ត្រា​ប្រថាប់​ផង​នោះ​ដែរ គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​បញ្ជាក់​ថា​សេចក្តី​ប្រកាស​ព័ត៌មាន​និង​ បទសម្ភាសន៍​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​កន្លង​មក​ពាក់ព័ន្ធ​ នឹង​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការបោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ ​ទី​៤ ពុំ​មែន​ជា​គោលជំហរ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នោះ​ទេ ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី

សម រង្ស៊ី អំពាវនាវ​ឲ្យ​ពលរដ្ឋ​ច្រានចោល​លទ្ធផល​នៃ​ការបោះ​ឆ្នោត

មេ ​ដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី នៅ​ថ្ងៃ​អង្គារ​នេះ​បាន​អំពាវនាវ​ដល់​ពលរដ្ឋ និង​អ្នក​សង្កេត​ការណ៍​ជាតិ និង​អន្តរជាតិ ឲ្យ​ច្រាន​ចោល​លទ្ធផល​នៃ​ការបោះ​ឆ្នោត​កន្លង​មក​នេះ បន្ទាប់ពី​គម្លាត​នៃ​សំឡេង​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្រុម​អ្នក​ប្រឆាំង​ឃ្លាត​ឆ្ងាយ​គ្នា​ដាច់​ស្រឡះ ។

AFP Photo

ប្រធាន​គណបក្ស​សមរង្ស៊ី លោក សម រង្ស៊ី បោះ​ឆ្នោត​នៅ​ការិយាល័យ​បោះ​ឆ្នោត​មួយ​ក្នុង​ខែត្រ​កំពង់ចាម កាលពី​ថ្ងៃ​២៧ កក្កដា ២០០៨ ។

សេចក្តី​អំពាវនាវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត ដោយ​ប្រកាស​ទាមទារ​ឲ្យ​មាន​ការបោះ​ឆ្នោត​ឡើង​វិញ​នៅ​ទូទាំង​ប្រទេស ដោយសារតែ​មនុស្ស​រាប់​សែន​នាក់​បាន​បាត់​ឈ្មោះ​នៅ​ក្នុង​ពេល​បោះ​ឆ្នោត​នោះ ។

លោក សម រង្ស៊ី បាន​ចោទ​ថា​ការកើន​ឡើង​នៃ​សំឡេង​គាំទ្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ អាណត្តិ​នេះ ដោយសារ​តែ​ការបន្លំ​សន្លឹក​ឆ្នោត​តាម​ទម្រង់​១០១៨ និង​ការបំបាត់​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ដែល​គណបក្ស​របស់​លោក​បាន​រក​ឃើញ​នៅ​ ទីក្រុង​ភ្នំពេញ​មាន​ចំនួន​ជា​ច្រើន​ម៉ឺន​នាក់ និង​បន្ត​រក​ឃើញ​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​ទៀត ។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា ៖ «ច្រើន​ណាស់​មិន​អាច​អនុគ្រោះ​ បាន​ទេ ការបោះ​ឆ្នោត​នេះ​ត្រូវតែ​ឆា​ចោល ត្រូវតែ​រៀបចំ​ការបោះ​ឆ្នោត​ឡើង​វិញ​ដោយ​បញ្ចូល​ឈ្មោះ​អ្នក​ដែល​បាត់​ឈ្មោះ អ្នក​ដែល​ត្រូវ​គេ​លុប​ឈ្មោះ ចូល​វិញ ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​មាន​សិទ្ធិ​បោះ​ឆ្នោត​ដូច​គ្នា ស្មើ​គ្នា គ្រប់​គ្នា ហ្នឹង​ហើយ​ដែល​ហៅ​ថា​គោលការណ៍​ប្រជាធិបតេយ្យ ។ បោះ​ឆ្នោត​បែប​នេះ​អត់​ប្រជាធិបតេយ្យ»

តាម​លទ្ធផល​ឆ្នោត​បណ្តោះអាសន្ន​របស់​អង្គការ​ខុមហ្វ្រែល ដែល​ទទួល​បាន​ពី​ក្រុម​អ្នក​សង្កេត​ការណ៍​របស់​ខ្លួន​នៅ​ការិយាល័យ​បោះ​ ឆ្នោត​ចំនួន ១១៧០​ការិយាល័យ បាន​អះអាង​ថា​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​អាសនៈ​ប្រហែល ៩០​កៅអី គណបក្ស​សមរង្ស៊ី បាន​ប្រហែល​២៦​កៅអី គណបក្ស​សិទ្ធិ​មនុស្ស បាន​ទទួល​អាសនៈ​ប្រហែល​៣​កៅអី គណបក្ស នរោត្តម រណឫទ្ធិ បាន​ទទួល​២​កៅអី និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ទទួល​២​កៅអី ។

ក្រុម​អ្នក​ប្រឆាំង​បាន​ចោទ​ថា​ចំនួន​មនុស្ស​រាប់​សែន​នាក់​ដែល​បាត់​ ឈ្មោះ​សុទ្ធសឹង​ជា​អ្នក​គាំទ្រ​គណបក្ស​ផ្សេងៗ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​គេ​នឹង​ប្តឹងផ្តល់​បញ្ហា​នេះ​ទៅ​កាន់​តុលាការ ។

អគ្គលេខាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត លោក ទេព នីថា មាន​ប្រសាសន៍​ថា​គ.ជ.ប.​ស្វាគមន៍​ទទួល​បណ្តឹង ប៉ុន្តែ​តាម​លក្ខណៈ​ច្បាប់​គេ​មិន​អាច​អនុញ្ញាត​ឲ្យ​មាន​ការបោះ​ឆ្នោត​ឡើង​ វិញ​បាន​ឡើយ ។

លោក​បន្ត​ទៀត​ថា​មាន​សម្អាត​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​មាន​ពិត​មែន ប៉ុន្តែ​ឈ្មោះ​ដែល​គេ​លុប​ចោល​មាន​ចំនួន​ប្រហែល​៥៨៥​ពាន់​នាក់​ប៉ុណ្ណោះ​ដែល ​សុទ្ធសឹង​តែ​ជា​ឈ្មោះ​ខ្មោច ។

លោក ទេព នីថា បាន​មាន​ប្រសាសន៍​ថា ៖ «និយាយ​ថា​ការបាត់​ឈ្មោះ​១​លាន​ កន្លះ​នោះ​គឺ​ដូច​ជា​គ្មាន​ទេ ។ ក្នុង​ឆ្នាំ​នេះ​គ.ជ.ប.​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត​ប្រមាណ​ជា ៥៨៥​ពាន់​នាក់​ប៉ុណ្ណោះ ហើយ​ដល់​បាត់​ឈ្មោះ​១​លាន​កន្លះ​នោះ​ដូច​ជា​មិន​ដឹង​បាន​លេខ​ពី​ណា​ទេ ?»

លោក​បន្ត​ទៀត​ថា​គ.ជ.ប.​នឹង​ចាប់ផ្តើម​ទទួល​ពាក្យបណ្ដឹង​នៅ​បន្ទាប់ពី​ ការប្រកាស​លទ្ធផល​នៃ​ការបោះ​ឆ្នោត​បណ្ដោះអាសន្ន​នៅ​ថ្ងៃ​ទី​៩ សីហា​នេះ ។

គួរ​ជម្រាប​ជូន​ផង​ដែរ​ថា​គណបក្ស​ទាំង​បួន​មាន​គណបក្ស​សមរង្ស៊ី គណបក្ស​សិទ្ធិ​មនុស្ស គណបក្ស នរោត្តម រណឫទ្ធិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ចង​សម្ព័ន្ធ​គ្នា​ក្នុង​ការច្រានចោល​លទ្ធផល​នៃ​ការបោះ​ឆ្នោត​កន្លង​មក​ នេះ ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី

គ.ជ.ប.​នឹង​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ផ្លូវការ​រវាង​ថ្ងៃ​១៣ សីហា ដល់​ថ្ងៃ​៧ កញ្ញា

2008-07-29

យោង ​តាម​ប្រតិទិន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​បាន​ឲ្យ​ដឹង​ថា លទ្ធផល​ជា​ផ្លូវការ​នៃ​ការបោះ​ឆ្នោត​និង​ការបែងចែក​អាសនៈ​រដ្ឋសភា នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​រវាង​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា ដល់​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០០៨ នេះ ។

AFP Photo

ការប្រកាស​លទ្ធផល​នោះ​នឹង​ផ្អែក​លើ​ករណី​មាន​ឬ​គ្មាន​បណ្ដឹង​ក្រោយ​ ការប្រកាស​លទ្ធផល​បណ្ដោះអាសន្ន និង​ករណី​គ្មាន​ការបោះ​ឆ្នោត​សា​ជា​ថ្មី ។

តាម​របាយការណ៍​បណ្ដោះអាសន្ន​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ការបោះ​ឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​អាណត្តិ​ទី​៤​នេះ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​៩០​អាសនៈ គណបក្ស​សមរង្ស៊ី ២៦​អាសនៈ គណបក្ស​សិទ្ធិ​មនុស្ស ៣​អាសនៈ គណបក្ស នរោត្តម រណឫទ្ធិ ២​អាសនៈ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​២​អាសនៈ ។

គណបក្ស​បួន​គឺ​គណបក្ស​សមរង្ស៊ី គណបក្ស​សិទ្ធិ​មនុស្ស គណបក្ស នរោត្តម រណឫទ្ធិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ជំទាស់​ទៅ​នឹង​លទ្ធផល​នោះ​បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​បាត់ ​ឈ្មោះ​នៅ​ក្នុង​បញ្ជី​មិន​អាច​បោះ​ឆ្នោត​បាន ។

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត លោក អ៊ឹម សួស្ដី បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៨ កក្កដា ថា រហូត​មក​ទល់​នឹង​ពេល​នេះ​គ.ជ.ប.​បាន​ទទួល​ពាក្យ​បណ្ដឹង​ចំនួន​៣០​ករណី ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី