គណបក្ស​២​ខកចិត្ត​ចំពោះ​ការប្រែប្រួល​ជំហរ​របស់​មន្ត្រី​ហ៊្វុនស៊ិនប៉ិច

ការប្រែប្រួល ​ជំហរ​របស់​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ញ៉ាំង​ឲ្យ​គណបក្ស​ដែល​បាន​ ចូលរួម​គាំទ្រ​ប្រឆាំង​លទ្ធផល​នៃ​ការបោះ​ឆ្នោត​ខក​ចិត្ត ។

អគ្គលេខាធិការ​គណបក្ស​សិទ្ធិ​មនុស្ស លោក អ៊ូ ច័ន្ទរ័ត្ន បាន​មាន​ប្រសាសន៍​ថា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​គ្មាន​គោលជំហរ​ច្បាស់លាស់ ។

លោក អ៊ូ ច័ន្ទរ័ត្ន បាន​ឲ្យ​ដឹង​ថា ៖ «បើសិន​ជា​គាត់​មិន​បដិសេធ​វិញ​បាន​ន័យ​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច​នេះ​គ្មាន​ជំហរ​ច្បាស់លាស់​ក្នុង​រឿង​នយោបាយ​ទេ»

ចំពោះ​ការប្រែប្រួល​ជំហរ​នេះ​ដែរ មន្ត្រី​គណបក្ស​សមរង្ស៊ី លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា​នេះ​ជា​សិទ្ធិ​ក្នុង​ការជ្រើសរើស​របស់​គណបក្ស​ ហ៊្វុនស៊ិនប៉ិច ។

លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា ៖ «អា​ហ្នឹង​ជា​សិទ្ធិ​របស់​គេ​ ពីព្រោះ​តាម​ដែល​ខ្ញុំ​ដឹង​អ្នក​ដែល​ចូលរួម​ចុះ​ហត្ថលេខា​ទាំងអស់​នោះ គឺ​ធ្វើ​ដោយ​ស្ម័គ្រចិត្ត​អត់​មាន​អ្នក​ណា​បង្ខំ​ទេ ។ ហើយ​បើសិន​ជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​យល់​ថា ស្ថានភាព​ថ្មី​គាត់​មាន​យោបល់​ថ្មី​អា​ហ្នឹង​ជា​សិទ្ធិ​របស់​គាត់ ហើយ​សូម​បញ្ជាក់​ថា​អ្វី​ដែល​ជា​ការថ្លែងការណ៍​នេះ​គ្រាន់តែ​ជា​ការចូលរួម​ ផ្តល់​មតិ​ពាក់ព័ន្ធ​ទៅ​នឹង​លទ្ធផល​ការបោះ​ឆ្នោត​និង​ការងារ​បោះ​ឆ្នោត​ កន្លង​ទៅ​ប៉ុណ្ណោះ»

គណបក្ស នរោត្តម រណឫទ្ធិ នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ចំពោះ​ការប្រែប្រួល​ជំហរ​របស់​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នោះ​ឡើយ ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី

មន្ត្រី​ហ៊្វុនស៊ិនប៉ិច​ប្ដូរ​ជំហរ​ជុំវិញ​ការទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត

មន្ត្រី ​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ប្តូរ​ជំហរ​ជុំវិញ​ការទទួល​ស្គាល់​ លទ្ធផល​ការបោះ​ឆ្នោត ដែល​ការប្តូរ​នោះ​ត្រូវ​គេ​មើល​ឃើញ​ថា​បាន​ធ្វើ​ឡើង​បន្ទាប់ពី​គណបក្ស​ ប្រជាជន​កម្ពុជា​បាន​ប្រកាស​ថា នឹង​ធ្វើ​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​នឹង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​ដឹកនាំ​ ដោយ​លោក ញឹក ប៊ុនឆៃ ។

RFA Photo

និមិត្តសញ្ញា​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ។

គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ធ្វើ​កិច្ចប្រជុំ​ដ៏​ធំ​មួយ​នៅ​ថ្ងៃ​ ព្រហស្បតិ៍​នេះ​នៅ​ទីស្នាក់ការ​គណបក្ស​ក្នុង​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​សំខាន់ៗ​បក្ស​គ្រប់​ខេត្ត​ក្រុង និង​មេ​ដឹកនាំ​គន្លឹះ​ហ៊្វុនស៊ិនប៉ិច​ទាំងអស់ ដូច​ជា​ប្រធាន​គណបក្ស លោក កែវ ពុទ្ធរស្មី សម្តេច​ម្ចាស់​ក្សត្រី នរោត្តម អរុណរស្មី អ្នក​អង្គម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន លោក លឺ ឡាយស្រេង និង​លោក​អគ្គលេខាធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ញឹក ប៊ុនឆៃ ផងដែរ ។

កិច្ចប្រជុំ​ហ៊្វុនស៊ិនប៉ិច​បាន​ធ្វើឡើង​នៅ​មួយ​ថ្ងៃ​បន្ទាប់ពី​គណបក្ស​ ប្រជាជន​កម្ពុជា​បាន​ប្រកាស​ថា នឹង​ធ្វើ​រដ្ឋាភិបាល​ចម្រុះ​ជាមួយនឹង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​ដឹកនាំ​ដោយ ​លោក ញឹក ប៊ុនឆៃ និង​កិច្ចប្រជុំ​នោះ​ទៀត​ដែរ​បាន​ធ្វើឡើង​ក្រោយ​មាន​មន្ត្រី​ជាន់ខ្ពស់​ ហ៊្វុនស៊ិនប៉ិច ២​រូប គឺ​អ្នក​អង្គម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន និង​លោក លឺ ឡាយស្រេង ត្រូវ​គេ​រាយការណ៍​ថា​បាន​ចូលរួម​ជាមួយ​គណបក្ស ៣​ផ្សេង​ទៀត ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការបោះ​ឆ្នោត ។

ក្រោយពី​ការប្រកាស​នោះ​មាន​ការនិយាយ​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច​ក្នុង​រង្វង់​ថ្នាក់​ដឹកនាំ​កំពុងតែ​បែក​គ្នា ជា​ពិសេស​ការ​ដែល​គេ​បាន​កត់សម្គាល់​ម្យ៉ាងទៀត គឺ​នៅ​គ្រា​ដែល​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក កែវ ពុទ្ធរស្មី បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​មួយ​ស្នើ​ទៅ​តុលាការ​កំពូល សូម​ឲ្យ​មាន​ការដក​ពាក្យ​បណ្តឹង​ប្ដឹង​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​ការស្នើ​នោះ​បាន​ទទួល​សេចក្តី​បដិសេធ​ពី​តុលាការ​កំពូល​មក​វិញ ។

នៅ​ក្នុង​កិច្ចប្រជុំ​ថ្ងៃ​ព្រហស្បតិ៍ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក កែវ ពុទ្ធរស្មី បាន​ថ្លែង​ថា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មិន​មាន​ការបែក​គ្នា​នោះ​ទេ ។

ចំណែក​លោក លឺ ឡាយស្រេង ក៏​បាន​បញ្ជាក់​ថា​លោក​ក៏​មិន​បាន​បដិសេធ​ចំពោះ​លទ្ធផល​នៃ​ការបោះ​ឆ្នោត​នោះ​ដែរ ៖ «យើង ​ខ្ញុំ​ទាំងអស់​គ្នា​យើង​អត់​ប្រកែក​រឿង​លទ្ធផល​នេះ​ទេ ។ មិន​ដែល​និយាយ​ថា​មិន​ទទួល​ស្គាល់​ទេ តែ​គេ​ប្រកាស​មក​វា​ទៅ​ជា​ផ្លូវការ​ហើយ អា​ហ្នឹង​វា​អ៊ីចឹង ធ្វើ​ម៉េច ? ហើយ​ស្រុក​យើង​នេះ​ទៀត​ខ្ញុំ​ថា អ្វី​ដែល​យើង​ឃើញ យើង​ដឹង ខ្ញុំ​ថា​បើ​ធ្វើ​ខុស​ហើយ​ខ្ញុំ​ជជែក​ទៅ មាន​អាជ្ញាកណ្ដាល​មួយ​មក​ជម្រះ​ឲ្យខ្ញុំ អា​ហ្នឹង​ខ្ញុំ​ធ្វើ ប៉ុន្តែ​អត់​ទេ លេង​ដាក់​មួយ​ចប់ ទាំង​ពី​តុលាការ​មក​ដល់​ហ្នឹង គឺ​និយាយ​អី​ទៀត ទទួល​ទៅ»

ការបង្ហាញ​រូបភាព​ប្រមូល​ផ្តុំ​គ្នា​មក​វិញ​គឺ​នៅ​ក្រោយ​ស្ថានភាព​ដែល​ គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ថា​នឹង​ធ្វើ​រដ្ឋាភិបាល​ចម្រុះ​ជាមួយនឹង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក្រោម​ការដឹកនាំ​របស់​លោក ញឹក ប៊ុនឆៃ ។

លោក​អគ្គលេខាធិការ​គណបក្ស ញឹក ប៊ុនឆៃ បាន​ថ្លែង​ថា​លោក​មិន​ទាន់​បាន​ជជែក​លម្អិត​រឿង​នេះ ជាមួយ​នឹង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ឯ​ទៀត​នោះ​ទេ ប៉ុន្តែ​មិន​សង្ឃឹម​ថា​នឹង​បាន​ទទួល​ការបែងចែក​អំណាច​ច្រើន​ដូច​មុន​នោះ​ទេ ដោយសារតែ​លោក​និយាយ​ថា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នឹង​អាច​មាន​អាសនៈ​តែ​ចំនួន​២ ​ប៉ុណ្ណោះ​ក្នុង​រដ្ឋសភា​ថ្មី ។

លោក ញឹក ប៊ុនឆៃ បាន​មាន​ប្រសាសន៍​ថា ៖ «អ៊ីចឹង​យើង​អាច​និយាយ​បាន​ថា​ អ្វី​ដែល​យើង​មាន​កាលពី​មុន​២៦​មក​ហ្នឹង ហើយ​មក​ឥឡូវ​មាន​តែ​២​ហ្នឹង វា​អាច​ត្រូវ​បាត់បង់​អី​ច្រើន​ហើយ ។ អ៊ីចឹង​មិន​ដឹង​ជា​ការបាត់បង់​ហ្នឹង​អ្នក​ណា​ខ្លះ​ទេ​ដែល​យើង​ត្រូវ​មាន​ ការបាត់បង់…»

ប្រភព ៖ វិទ្យុអាស៊ីសេរី

មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មួយចំនួន​នឹង​ត្រូវ​ដក​ចេញ​ពី​រដ្ឋាភិបាល

មន្ត្រី ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មាន​ការបែក​បាក់​គ្នា​ដោយ​មាន​មួយ​ក្រុម​ ទៅ​ចូលរួម​ជាមួយ​គណបក្ស​សមរង្ស៊ី​និង​គណបក្ស​ដទៃទៀត ថ្កោលទោស​លទ្ធផល​ការបោះ​ឆ្នោត​នោះ រដ្ឋាភិបាល​នឹង​មាន​ការដក​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មួយចំនួន​ចេញ​ពី​ រដ្ឋាភិបាល ។

RFA Photo

និមិត្តសញ្ញា​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣០ កក្កដា​នេះ ថា រដ្ឋាភិបាល​ដែល​មាន​គណបក្ស​ប្រជាជន​ជា​អ្នក​ដឹកនាំ​នឹង​ដក​មន្ត្រី​មួយចំនួន ​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​ស្និទ្ធ​ជាមួយ​លោក កែវ ពុទ្ធរស្មី ហើយ​រក្សា​ទុក​មន្ត្រី​មួយចំនួន​ដែល​ស្និទ្ធ​ជាមួយ​លោក ញឹក ប៊ុនឆៃ ។

លោក ខៀវ កាញារីទ្ធ បាន​ឲ្យ​ដឹង​ថា ៖ «គណបក្ស​ប្រជាជន​បាន​សម្រេច​យក​ ហ៊្វុនស៊ិចប៉ិច ព្រោះ​ហ៊្វុនស៊ិចប៉ិច​បែក​ជា​២ អ៊ីចឹង​យើង​យក​ហ៊្វុនស៊ិនប៉ិច​ដែល​ជា​របស់​លោក ញឹក ប៊ុនឆៃ គឺ​ជា​ដៃគូ​ក្នុង​រដ្ឋាភិបាល ។ ហើយ​ព្រឹកមិញ​ឯកឧត្ដម សុខ អាន បាន​ឲ្យ សេរីរ័ត្ន ចេញ​ពី​រដ្ឋាភិបាល​ហើយ ល្ងាច​នេះ​លោក កែវ ពុទ្ធរស្មី នឺង​ទៅ​ចេញ​ពី​រដ្ឋាភិបាល»

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សេរីរ័ត្ន អនុ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​មាន​ឈ្មោះ​ត្រូវ​ដក​ចេញ​នោះ​បាន​មាន​ បន្ទូល​ឲ្យ​ដឹង​ថា មក​ទល់​នឹង​រសៀល​ថ្ងៃ​ទី​៣០ កក្កដា​នេះ ព្រះអង្គ​នៅ​មិន​ទាន់​បាន​ទទួល​ដំណឹង​នោះ​ជា​ផ្លូវការ​នៅ​ឡើយ​ទេ ។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សេរីរ័ត្ន បាន​មាន​បន្ទូល​ថា ៖ «មិន​ទាន់​ ឮ​អី​ផ្ទាល់​ពី​សម្ដេច​នាយក​ផង គ្រាន់តែ​ឮ​ល្ហៀងៗ​អ៊ីចឹង ប៉ុន្តែ​មិន​ដែល​និយាយ​ផង មាន​តែ​ប៉ុណ្ណឹង ។ អត់​ទាន់​ធ្វើ​អត្ថាធិប្បាយ​អី​បាន​ទេ ចាំ​មើល​ដក​សិន​បាន​យើង​ធ្វើ​អត្ថាធិប្បាយ​បាន ពីព្រោះ​ហ៊្វុនស៊ិនប៉ិច​ដឹកនាំ​ដោយ​គណៈកម្មការ​អចិន្ត្រៃយ៍ ត្រូវតែ​គណៈកម្មការ​អចិន្ត្រៃយ៍​ចាត់​វិធានការ​របៀប​ម៉េច បាន​យើង​អាច​ចាត់ការ​រឿង​នយោបាយ​ត​ទៅ​អនាគត​យ៉ាង​ម៉េច»

កែវ និមល ៖ ប៉ុន្តែ​ឥឡូវ​ព្រះអង្គ​ទទួល​ស្គាល់​ថា មាន​ការបែកបាក់​ផ្ទៃ​ក្នុង​រវាង​ព្រះអង្គ និង​ឯកឧត្ដម កែវ ពុទ្ធរស្មី ជាមួយនិង លោក ញឹក ប៊ុនឆៃ ដែរ​ក្រាបទូល ?

ស៊ីសុវត្ថិ សេរីរ័ត្ន ៖ មិន​ទទួល​ស្គាល់​ទេ ។ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ជា​គណបក្ស​សេរី​ណាស់ មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ មនុស្ស​ម្នាក់ៗ​អាច​ចេញ​យោបល់​បាន ។

កាលពី​ថ្ងៃ​ទី​២៨ កក្កដា​កន្លង​មក​នេះ ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ សេរីរ័ត្ន តំណាង​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​សមរង្ស៊ី គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស នរោត្តម រណឫទ្ធិ អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​និង​ជាតិ កុំ​ទទួល​ស្គាល់​លទ្ធផល​ការបោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​២៧ កក្កដា​កន្លង​ទៅ ដោយ​បាន​ចាត់ទុក​ថា​ការបោះ​ឆ្នោត​នោះ​មាន​ការបន្លំ​និង​ការចាត់ចែង​ដោយ​ គណបក្ស​ប្រជាជន​កម្ពុជា​តាម​រយៈ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត ។

ប៉ុន្តែ​សេចក្តី​ថ្លែងការណ៍​នោះ​ត្រូវ​បាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មួយ​ ទៀត​ដែល​គេ​ជឿ​ថា​ជា​ក្រុម​របស់​លោក​អគ្គលេខាធិការ ញ៉ឹក ប៊ុនឆៃ នោះ បាន​បដិសេធ ។

កាលពី​ថ្ងៃ​ទី​២៩ កក្កដា​នេះ​ផងដែរ លោក កែវ ពុទ្ធរស្មី ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ក្នុង​នាម​ដើម​បណ្តឹង​បាន​សុំ​ដក​ពាក្យ​ប្ដឹង ​ចំពោះ​ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ពី​បទ​បាន​បំពាន​យក​ដី​កម្មសិទ្ធិ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​សុំ​ឲ្យ​តុលាការ​លើកលែង​ទោស​ចំពោះ​ព្រះអង្គ​ផងដែរ ។

ដោយសារ​ពាក្យ​បណ្តឹង​នេះ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់ទោស​ដាក់​ គុក​និង​ផាក​ពិន័យ​ប្រាក់​ព្រះអង្គ ហើយ​ព្រះអង្គ​ម្ចាស់ នរោត្ដម រណឫទ្ធិ បាន​គង់​និរទេស​ខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី​មិន​បាន​ចូលរួម​ការឃោសនា​បោះ​ ឆ្នោត​បាន​ទេ ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី

ហ៊្វុនស៊ិនប៉ិច​បដិសេធ​ការជូន​ដំណឹង​ថា​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការបោះ​ឆ្នោត

គណបក្ស ​ហ៊្វុនស៊ិនប៉ិច​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ បដិសេធ​ចំពោះ​ការជូន​ដំណឹង​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការបោះ​ឆ្នោត ។

AFP Photo

ស្ត្រី ​ពរ​កូន​នៅ​នឹង​ដៃ​ដាក់​សន្លឹក​ឆ្នោត​ចូល​ក្នុង​ហិប​ឆ្នោត​នៅ​ការិយាល័យ​បោះ ​ឆ្នោត​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០០៨ ។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​មន្ត្រី​ដឹកនាំ​ គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក លឺ ឡាយស្រេង និង​អ្នក​អង្គម្ចាស់ ស៊ីសុវត្ថិ សេរីរ័ត្ន បាន​ធ្វើ​សន្និសីទ​កាសែត​ជាមួយ​គណបក្ស​សមរង្ស៊ី គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស នរោត្តម រណឫទ្ធិ ប្រកាស​បដិសេធ​លទ្ធផល​នៃ​ការបោះ​ឆ្នោត​អាណត្តិ​ទី​៤ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​មាន​និមិត្តសញ្ញា​សម្គាល់​គណបក្ស​ និង​មាន​ត្រា​ប្រថាប់​ផង​នោះ​ដែរ គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​បញ្ជាក់​ថា​សេចក្តី​ប្រកាស​ព័ត៌មាន​និង​ បទសម្ភាសន៍​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​កន្លង​មក​ពាក់ព័ន្ធ​ នឹង​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការបោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ ​ទី​៤ ពុំ​មែន​ជា​គោលជំហរ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នោះ​ទេ ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី