ហ៊្វុនស៊ិនប៉ិច​បដិសេធ​ការជូន​ដំណឹង​ថា​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការបោះ​ឆ្នោត

គណបក្ស ​ហ៊្វុនស៊ិនប៉ិច​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ បដិសេធ​ចំពោះ​ការជូន​ដំណឹង​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការបោះ​ឆ្នោត ។

AFP Photo

ស្ត្រី ​ពរ​កូន​នៅ​នឹង​ដៃ​ដាក់​សន្លឹក​ឆ្នោត​ចូល​ក្នុង​ហិប​ឆ្នោត​នៅ​ការិយាល័យ​បោះ ​ឆ្នោត​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០០៨ ។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​មន្ត្រី​ដឹកនាំ​ គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក លឺ ឡាយស្រេង និង​អ្នក​អង្គម្ចាស់ ស៊ីសុវត្ថិ សេរីរ័ត្ន បាន​ធ្វើ​សន្និសីទ​កាសែត​ជាមួយ​គណបក្ស​សមរង្ស៊ី គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស នរោត្តម រណឫទ្ធិ ប្រកាស​បដិសេធ​លទ្ធផល​នៃ​ការបោះ​ឆ្នោត​អាណត្តិ​ទី​៤ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​មាន​និមិត្តសញ្ញា​សម្គាល់​គណបក្ស​ និង​មាន​ត្រា​ប្រថាប់​ផង​នោះ​ដែរ គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​បញ្ជាក់​ថា​សេចក្តី​ប្រកាស​ព័ត៌មាន​និង​ បទសម្ភាសន៍​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​កន្លង​មក​ពាក់ព័ន្ធ​ នឹង​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការបោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ ​ទី​៤ ពុំ​មែន​ជា​គោលជំហរ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នោះ​ទេ ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី

សម រង្ស៊ី អំពាវនាវ​ឲ្យ​ពលរដ្ឋ​ច្រានចោល​លទ្ធផល​នៃ​ការបោះ​ឆ្នោត

មេ ​ដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី នៅ​ថ្ងៃ​អង្គារ​នេះ​បាន​អំពាវនាវ​ដល់​ពលរដ្ឋ និង​អ្នក​សង្កេត​ការណ៍​ជាតិ និង​អន្តរជាតិ ឲ្យ​ច្រាន​ចោល​លទ្ធផល​នៃ​ការបោះ​ឆ្នោត​កន្លង​មក​នេះ បន្ទាប់ពី​គម្លាត​នៃ​សំឡេង​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្រុម​អ្នក​ប្រឆាំង​ឃ្លាត​ឆ្ងាយ​គ្នា​ដាច់​ស្រឡះ ។

AFP Photo

ប្រធាន​គណបក្ស​សមរង្ស៊ី លោក សម រង្ស៊ី បោះ​ឆ្នោត​នៅ​ការិយាល័យ​បោះ​ឆ្នោត​មួយ​ក្នុង​ខែត្រ​កំពង់ចាម កាលពី​ថ្ងៃ​២៧ កក្កដា ២០០៨ ។

សេចក្តី​អំពាវនាវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត ដោយ​ប្រកាស​ទាមទារ​ឲ្យ​មាន​ការបោះ​ឆ្នោត​ឡើង​វិញ​នៅ​ទូទាំង​ប្រទេស ដោយសារតែ​មនុស្ស​រាប់​សែន​នាក់​បាន​បាត់​ឈ្មោះ​នៅ​ក្នុង​ពេល​បោះ​ឆ្នោត​នោះ ។

លោក សម រង្ស៊ី បាន​ចោទ​ថា​ការកើន​ឡើង​នៃ​សំឡេង​គាំទ្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ អាណត្តិ​នេះ ដោយសារ​តែ​ការបន្លំ​សន្លឹក​ឆ្នោត​តាម​ទម្រង់​១០១៨ និង​ការបំបាត់​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ដែល​គណបក្ស​របស់​លោក​បាន​រក​ឃើញ​នៅ​ ទីក្រុង​ភ្នំពេញ​មាន​ចំនួន​ជា​ច្រើន​ម៉ឺន​នាក់ និង​បន្ត​រក​ឃើញ​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​ទៀត ។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា ៖ «ច្រើន​ណាស់​មិន​អាច​អនុគ្រោះ​ បាន​ទេ ការបោះ​ឆ្នោត​នេះ​ត្រូវតែ​ឆា​ចោល ត្រូវតែ​រៀបចំ​ការបោះ​ឆ្នោត​ឡើង​វិញ​ដោយ​បញ្ចូល​ឈ្មោះ​អ្នក​ដែល​បាត់​ឈ្មោះ អ្នក​ដែល​ត្រូវ​គេ​លុប​ឈ្មោះ ចូល​វិញ ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​មាន​សិទ្ធិ​បោះ​ឆ្នោត​ដូច​គ្នា ស្មើ​គ្នា គ្រប់​គ្នា ហ្នឹង​ហើយ​ដែល​ហៅ​ថា​គោលការណ៍​ប្រជាធិបតេយ្យ ។ បោះ​ឆ្នោត​បែប​នេះ​អត់​ប្រជាធិបតេយ្យ»

តាម​លទ្ធផល​ឆ្នោត​បណ្តោះអាសន្ន​របស់​អង្គការ​ខុមហ្វ្រែល ដែល​ទទួល​បាន​ពី​ក្រុម​អ្នក​សង្កេត​ការណ៍​របស់​ខ្លួន​នៅ​ការិយាល័យ​បោះ​ ឆ្នោត​ចំនួន ១១៧០​ការិយាល័យ បាន​អះអាង​ថា​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​អាសនៈ​ប្រហែល ៩០​កៅអី គណបក្ស​សមរង្ស៊ី បាន​ប្រហែល​២៦​កៅអី គណបក្ស​សិទ្ធិ​មនុស្ស បាន​ទទួល​អាសនៈ​ប្រហែល​៣​កៅអី គណបក្ស នរោត្តម រណឫទ្ធិ បាន​ទទួល​២​កៅអី និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ទទួល​២​កៅអី ។

ក្រុម​អ្នក​ប្រឆាំង​បាន​ចោទ​ថា​ចំនួន​មនុស្ស​រាប់​សែន​នាក់​ដែល​បាត់​ ឈ្មោះ​សុទ្ធសឹង​ជា​អ្នក​គាំទ្រ​គណបក្ស​ផ្សេងៗ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​គេ​នឹង​ប្តឹងផ្តល់​បញ្ហា​នេះ​ទៅ​កាន់​តុលាការ ។

អគ្គលេខាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត លោក ទេព នីថា មាន​ប្រសាសន៍​ថា​គ.ជ.ប.​ស្វាគមន៍​ទទួល​បណ្តឹង ប៉ុន្តែ​តាម​លក្ខណៈ​ច្បាប់​គេ​មិន​អាច​អនុញ្ញាត​ឲ្យ​មាន​ការបោះ​ឆ្នោត​ឡើង​ វិញ​បាន​ឡើយ ។

លោក​បន្ត​ទៀត​ថា​មាន​សម្អាត​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​មាន​ពិត​មែន ប៉ុន្តែ​ឈ្មោះ​ដែល​គេ​លុប​ចោល​មាន​ចំនួន​ប្រហែល​៥៨៥​ពាន់​នាក់​ប៉ុណ្ណោះ​ដែល ​សុទ្ធសឹង​តែ​ជា​ឈ្មោះ​ខ្មោច ។

លោក ទេព នីថា បាន​មាន​ប្រសាសន៍​ថា ៖ «និយាយ​ថា​ការបាត់​ឈ្មោះ​១​លាន​ កន្លះ​នោះ​គឺ​ដូច​ជា​គ្មាន​ទេ ។ ក្នុង​ឆ្នាំ​នេះ​គ.ជ.ប.​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត​ប្រមាណ​ជា ៥៨៥​ពាន់​នាក់​ប៉ុណ្ណោះ ហើយ​ដល់​បាត់​ឈ្មោះ​១​លាន​កន្លះ​នោះ​ដូច​ជា​មិន​ដឹង​បាន​លេខ​ពី​ណា​ទេ ?»

លោក​បន្ត​ទៀត​ថា​គ.ជ.ប.​នឹង​ចាប់ផ្តើម​ទទួល​ពាក្យបណ្ដឹង​នៅ​បន្ទាប់ពី​ ការប្រកាស​លទ្ធផល​នៃ​ការបោះ​ឆ្នោត​បណ្ដោះអាសន្ន​នៅ​ថ្ងៃ​ទី​៩ សីហា​នេះ ។

គួរ​ជម្រាប​ជូន​ផង​ដែរ​ថា​គណបក្ស​ទាំង​បួន​មាន​គណបក្ស​សមរង្ស៊ី គណបក្ស​សិទ្ធិ​មនុស្ស គណបក្ស នរោត្តម រណឫទ្ធិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ចង​សម្ព័ន្ធ​គ្នា​ក្នុង​ការច្រានចោល​លទ្ធផល​នៃ​ការបោះ​ឆ្នោត​កន្លង​មក​ នេះ ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី

បក្ស​សមរង្ស៊ី​និង​ពលរដ្ឋ​នៅ​កំពត​ប្រតិកម្ម​នឹង​ភាព​មិន​ប្រក្រតី​ក្នុង​ការបោះ​ឆ្នោត

មន្ត្រី​គណបក្ស​សមរង្ស៊ី​និង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពត បាន​បញ្ចេញ​​ប្រតិកម្ម​ទៅ​នឹង​ភាព​មិន​ប្រក្រតី​ដែល​កើត​មាន​ក្នុង​ការបោះ​ ឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​អាណត្តិ​ទី​៤ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា​នេះ ។

មួយ​ថ្ងៃ​បន្ទាប់ពី​ការបោះឆ្នោត​មន្ត្រី​គណបក្ស​សមរង្ស៊ី​និង​ ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំង​បី ឃុំ​តាកែន ស្រុក​ឈូក ខេត្ត​កំពត បាន​បញ្ចេញ​នូវ​ប្រតិកម្ម​ទៅ​នឹង​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ដែល​កើត​មាន​ ក្នុង​ការបោះឆ្នោត ។

ភ្នាក់ងារ​សង្កេតការណ៍​របស់​គណបក្ស​សមរង្ស៊ី លោក វ៉ែត បូណា បាន​រៀបរាប់​ពី​ភាព​មិន​ប្រក្រតី​ទាំង​នោះ​ដូច​ជា​ការ​ដែល​មាន​អ្នក​ផ្សេង​ ធ្វើការ​បោះឆ្នោត​ជំនួស​ប្រជាពលរដ្ឋ និង​ការ​ដែល​មាន​មនុស្ស​ផ្សេង​ប្រើ​ឈ្មោះ​អ្នក​ស្លាប់ ឬ​ឈ្មោះ​ដែល​ផ្លាស់ប្ដូរ​ទី​កន្លែង​សម្រាប់​ធ្វើការ​បោះឆ្នោត​ជាដើម ។

លោក ឯម ផាន បាន​អះអាង​ថា​ឈ្មោះ​របស់​លោក​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​បោះឆ្នោត​ដោយ​ឈ្មោះ​ ឯម វឿន ភេទ​ស្រី​ទៅ​វិញ ៖ «ខ្ញុំ ​ចង់​ទៅ​បោះ​ឆ្នោត​នឹង​គេ​ដែរ ហើយ​ស្រាប់តែ​មាន​គេ​គូស​ឈ្មោះ​ខ្ញុំ​ហើយ គេ​បន្លំ​ទៅ ហើយ​ស្រាប់តែ​ខ្ញុំ​បោះ​ហើយ ខ្ញុំ​អត់​ទាន់​មាន​ជ្រលក់​ដៃ​ផង»

អ្នកស្រី សំ អូន បាន​សម្ដែង​នូវ​ការសោកស្ដាយ​ដោយ​អ្នកស្រី​ខកខាន​មិន​បាន​បោះ​ឆ្នោត ៖ «ខ្ញុំ ​ម្សិលមិញ​ទៅ​ទាំង​ភ្លៀង​ទាំង​អី​កូន​ខ្ចី​ចង់​ទៅ​បោះ ។ ហើយ​ដល់​ពេល​ទៅ​ដល់​ខ្ញុំ​ចូល​ទៅ​បោះ លេខា​គេ​ពិនិត្យ​មើល​ឈ្មោះ គេ​ថា​ឈ្មោះ សំ អូន គូស​ហើយ​អស់​ហើយ គេ​បោះ​ហើយ​អស់​ហើយ ។ គេ​ដេញ​ឲ្យ​ខ្ញុំ​ចេញ​មក​វិញ ខ្ញុំ​ថា​ខ្ញុំ​មិន​ទាន់​បោះ​ហើយ​ឯណា ? ខ្ញុំ​ទើបតែ​ចូល​មក​ស្រាប់តែ​ថា​ខ្ញុំ​បោះ​ហើយ​ម៉េច​ទៅ ?»

ប្រធាន​គណៈកម្មការ​រៀបចំ​ការបោះ​ឆ្នោត​ខេត្ត​កំពត លោក តែ ជិនណារិទ្ធ បាន​មាន​ប្រសាសន៍​ថា​លោក​ទទួល​បាន​នូវ​ពាក្យ​បណ្ដឹង​មួយចំនួន​ពាក់ព័ន្ធ​នឹង ​ការបោះ​ឆ្នោត ។

លោក តែ ជិនណារិទ្ធ បាន​មាន​ប្រសាសន៍​ថា ៖ «វា​មិនមែន​បញ្ហា​បោះ​ឆ្នោត​ជំនួស​ទេ ។ បញ្ហា​ហ្នឹង​វា​អ៊ីចេះ ឧទាហរណ៍​ថា​អ្នក​ខ្លះ​វា​មាន​ទិន្នន័យ វា​ដូច​ថានៅ​ក្នុង​គ.ជ.ប.​អ៊ីចឹង​យើង​គិត​មើល​ថា ឲ្យ​អ្នក​មក​បោះ​ឆ្នោត​ហើយ​ខុស​ទិន្នន័យ​ក្នុង​ចំណោម​៣​ចំណុច បើសិន​ជា​មាន​ខុស​តែ​មួយ​ចំណុច​អី​យើង​អនុញ្ញាត​ឲ្យ​បោះ អា​ហ្នឹង​ចំណុច​ទី​១ ។ ចំណុច​ហ្នឹង​ជួនកាល​ដល់​ពេល​អ្នក​ហ្នឹង​មក​បោះ​ឆ្នោត​ឃើញ​ខុស ឧទាហរណ៍​ថា​ដូច តុង ហើយ​និង កុង អ៊ីចឹង ដល់​ពេល​មក​អា​ឈ្មោះ​ចុង​ដូច​គ្នា ប៉ុន្តែ​ខុស​តែ​អា តុង ហើយ​និង កុង ទេ»

អ្នក​សម្រប​សម្រួល​នៃ​គណៈកម្មាធិការ ខុមហ្វ្រែល ប្រចាំ​ខេត្ត​កំពត និង​ក្រុង​កែប អ្នកស្រី ទ្រី ឈូន បាន​មាន​ប្រសាសន៍​ថា អ្នកស្រី​បាន​សង្កេត​ឃើញ​ចំណុច​អវិជ្ជមាន​និង​ភាព​មិន​ប្រក្រតី​ច្រើន ។

អ្នកស្រី ទ្រី ឈូន បាន​បញ្ជាក់​ថា ៖ «គេ​យក​ទម្រង់​១០១៨​អ៊ីចឹង​អត់​ មាន​បិទ​រូបថត​យក​ទៅ​បោះ​ឆ្នោត​ជំនួស​ឲ្យ​អ្នក​ដែល​ស្លាប់ ហើយ​គេ​បន្លំ​យក​ទម្រង់​១០១៨​ហ្នឹង​យក​ទៅ​បោះ​ឆ្នោត ។ ហើយ​មួយ​ទៀត​យើង​ឃើញ​ថា មាន​ការបាត់​ឈ្មោះ​ហ្នឹង​ច្រើន ហើយ​ជា​ពិសេស​ទៀត​ហ្នឹង​យើង​មើល​ទៅ​ឃើញ​អាជ្ញាធរ​ហើយ​និង​ក្រុម​ការងារ​បក្ស ​ហ្នឹង​មាន​សកម្មភាព​ច្រើន​នៅ​មុខ​ការិយាល័យ​បោះ​ឆ្នោត​នីមួយៗហ្នឹង ពួក​គេ​មាន​ប្រើ​អាយកូម​ទាក់ទង​គ្នា​ជា​ប្រចាំ​ផង ។ ហើយ​សំខាន់​បំផុត​នៅ​កន្លែង​ខ្លះ​មាន​គេ​ស៊ី​ផឹក​នៅ​មុខ​ការិយាល័យ​បោះ​ ឆ្នោត​ក៏​មាន​ដែរ»

ផ្អែក​តាម​ប្រភព​ពី​មន្ត្រី​សង្កេតការណ៍​បោះឆ្នោត​និង​យោង​តាម​ប្រភព​ពី​ មន្ត្រី​គណបក្ស​នយោបាយ​ផ្សេងៗ ព្រមទាំង​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា​ភាព​មិន​ប្រក្រតី​ទាក់ទិន​នឹង​ការបោះ​ ឆ្នោត ជា​ពិសេស​ការ​ដែល​មាន​អ្នក​ផ្សេង​ធ្វើការ​បោះឆ្នោត​ជំនួស​ប្រជាពលរដ្ឋ និង​ការ​ដែល​មាន​មនុស្ស​ផ្សេង​ប្រើ​ឈ្មោះ​អ្នក​ស្លាប់​ ឬ​ឈ្មោះ​អ្នក​ដែល​ផ្លាស់ប្ដូរ​ទី​កន្លែង​សម្រាប់​ធ្វើការ​បោះឆ្នោត​បាន​កើត​ មាន​ច្រើន​ករណី ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី

មេ​ដឹកនាំ​គណបក្ស​៤​រួមគ្នា​ច្រាន​ចោល​លទ្ធផល​ការបោះ​ឆ្នោត

មេដឹកនាំ​គណបក្ស​ចំនួន​៤​នៅ​ថ្ងៃ​នេះ​បាន​រួម​គ្នា​ធ្វើ​សេចក្តី​ប្រកាស​ ច្រានចោល លទ្ធផល​ការបោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី​៤ ដែល​ទើបតែ​បញ្ចប់​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ បើ​ទោះបី​ជា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​មិន​ទាន់​ប្រកាស​លទ្ធផល ​ឆ្នោត​ជា​ផ្លូវការ​ក៏​ដោយ​ក្តី ។

គណបក្ស​ទាំង​៤​នោះ គឺ​រួម​មាន​គណបក្ស​សម​រង្ស៊ី គណបក្ស​សិទ្ធិ​មនុស្ស គណបក្ស នរោត្តម រណឫទ្ធិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក៏​បាន​ថ្លែង​អំពាវនាវ​កុំ​ឲ្យ​សហគមន៍​អន្តរជាតិ​ទទួល​ស្គាល់​លទ្ធផល​ការបោះ ​ឆ្នោត​នោះ​ផងដែរ ។

ប្រធាន​គណបក្ស​សមរង្ស៊ី គឺ​លោក សម រង្ស៊ី ដែល​តំណាង​ឲ្យ​គណបក្ស​ទាំង​៤​នោះ​បាន​ថ្លែង​ថា លទ្ធផល​ការបោះ​ឆ្នោត​ដែល​គណបក្ស​ទាំង​៤​មិន​អាច​ទទួល​យក​បាន​នោះ គឺ​ដោយសារ​មាន​ពលរដ្ឋ​ជា​ច្រើន​ម៉ឺន​នាក់​បាន​តវ៉ា​អំពី​ការបាត់​ឈ្មោះ និង​ថា​មាន​អ្នក​បន្លំ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ។

ចំណែក​ឯ​មន្ត្រី​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​បាន​ថ្លែង​ តាមរយៈ​ប្រព័ន្ធ​សារព័ត៌មាន​រដ្ឋ និង​ប្រព័ន្ធ​សារព័ត៌មាន​ឯកជន​ជា​បន្តបន្ទាប់​សរសើរ​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​បាន​រៀបចំ​ការបោះ​ឆ្នោត​បាន​ល្អ​ ប្រសើរ​ជាង​អាណត្តិ​កន្លង​ទៅ ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី