មន្ត្រី​បក្ស​”រណឫទ្ធិ”​សុំ​ឲ្យ​ព្រះ​មហាក្សត្រ​លើកលែង​ទោស​ដល់​សម្ដេច​ក្រុមព្រះ

មន្រ្តី ​ជាន់ខ្ពស់​របស់​គណបក្ស នរោត្តម រណឫទ្ធិ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទូល​ថ្វាយ​ព្រះករុណា ព្រះ​មហាក្សត្រ​ខែ្មរ ព្រះបាទ បរមនាថ នរោត្តម សីហមុនី ដើម្បី​សុំ​ឲ្យ​ព្រះអង្គ​ប្រទាន​ការលើកលែង​ទោស​ថ្វាយ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ក្រោយ​ពី​តុលាការ​កំពូល​បាន​សម្រេច​តម្កល់​សាលដីកា​របស់​តុលាការ​ឧទ្ធរណ៍​ ផ្តន្ទាទោស​ព្រះអង្គ​ឲ្យ​ជាប់​ទោស​១៨​ខែ និង​ផាក​ពិន័យ​ជា​ប្រាក់​១៥​ម៉ឺន​ដុល្លារ​អាមេរិក ។

RFA Photo

សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ប្រធាន​គណបក្ស នរោត្ដម រណឫទ្ធិ។

ផែ្អក​តាម​លិខិត​ចម្លង​ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន​ចុះ​ថៃ្ង​ទី​៣០ ខែ​កក្កដា​កន្លង​ទៅ​ថ្មីៗ​នេះ លិខិត​នោះ​បាន​ចុះ​ហត្ថលេខា​ដោយ​មន្រ្តី​ជាន់ខ្ពស់​របស់​គណបក្ស នរោត្ដម រណឫទ្ធិ ចំនួន​៧​រូប ដែល​មាន​ខ្លឹមសារ​ថា “ទូល​ព្រះបង្គំ​យើង​ខ្ញុំ​សូម​ព្រះបរមរាជានុញ្ញាត​ក្រាបបង្គំ​ទូល​ស្នើ​ ព្រះករុណា​ព្រះបាទ សមេ្តច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ព្រះរាជា​មេត្តា​ប្រោស​ព្រះរាជ​ទាន​ការលើកលែង​ទោស​ថ្វាយ​សម្តេច​ ក្រុមព្រះ នរោត្តម រណឫទ្ធិ ដោយ​ព្រះរាជ​ហឫទ័យ​អនុគ្រោះ​បំផុត” ។

លោក អាណាន់ ដាយ៉ាត មន្រ្តី​ទីប្រឹក្សា​ពិសេស​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​មាន​ប្រសាសន៍​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ៖ «យោង ​ទៅ​តាម​រដ្ឋធម្មនុញ្ញ​មាត្រា​២៧ ព្រះអង្គ​មាន​សិទ្ធិ​គ្រប់គ្រាន់​ណាស់​ក្នុង​ការប្រោស​ព្រះរាជ​ទាន​លើកលែង​ ទោស​ថ្វាយ​សម្ដេច​ក្រុមព្រះ»

ជាមួយ​គ្នា​នោះ​ដែរ​លោក សម រង្ស៊ី មេ​ដឹកនាំ​គណបក្ស​សមរង្ស៊ី និង​លោក គៀត សុគន្ធ តំណាង​ឲ្យ​គណបក្ស​សិទ្ធិ​មនុស្ស បាន​សសេរ​លិខិត​ថ្វាយ​ព្រះ​មហាក្សត្រ​ដាច់​ដោយទ្បែក​ពី​គ្នា សុំ​ឲ្យ​ព្រះ​មហាក្សត្រ​ប្រទាន​ការលើកលែង​ទោស​ថ្វាយ​សមេ្តច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដើម្បី​បើក​ផ្លូវ​ឲ្យ​ព្រះអង្គ​អាច​យាង​ចូល​កម្ពុជា​វិញ​ដើម្បី​បន្ត​ជីវភាព ​នយោបាយ ។

ការសរសេរ​លិខិត​ថ្វាយ​ព្រះ​មហាក្សត្រ​ខាង​លើ​នេះ គឺ​នៅ​គ្រា​ដែល​ព្រះ​មហាក្សត្រ​បាន​យាង​ចាកចេញ​ពី​កម្ពុជា​ឆ្ពោះ​ទៅ​ទីក្រុង ​ប៉េកាំង ប្រទេស​ចិន ជាមួយ​នឹង​អតីត​ព្រះ​មហាក្សត្រ ព្រះបាទ នរោត្តម សីហនុ និង​ព្រះរាជ​អគ្គមហេសី នៅ​ថៃ្ង​សុក្រ​សប្ដាហ៍​នេះ ។

ទាក់ទង​នឹង​បញ្ហា​ខាង​លើ​នេះ លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត (គ.ជ.ប.) បាន​មាន​ប្រសាសន៍​ថា​គ.ជ.ប.​មាន​គម្រោងការ​លុប​ឈ្មោះ​សមេ្តច​ក្រុមព្រះ នរោត្តម រណឬទ្ធិ ចេញ​ពី​បញ្ជី​បេក្ខភាព​ជា​តំណាង​រាស្រ្ត​នៅ​ពេល​ខាង​មុខ​នេះ ។

លោក ទេព នីថា បាន​មាន​ប្រសាសន៍​ថា ៖ «បេក្ខជន​ត្រូវ​ជាប់​ឆ្នោត ក៏ប៉ុន្តែ​បេក្ខជន​ត្រូវ​បាន​តុលាការ​សម្រេច​ជា​ស្ថាពរ​ហើយ​ថា​មាន​ទោស គឺ​មិន​អាច​ស្រង់​ឈ្មោះ​ជាប់​ជា​តំណាង​រាស្ត្រ​បាន​ទេ តាម​ច្បាប់​គឺ​អ្នក​ដែល​បន្ទាប់​ត្រូវ​ឡើង​ជំនួស»

សូម​រំឭក​ថា​តុលាការ​កំពូល​នៃ​ប្រទេស​កម្ពុជា កាលពី​ថៃ្ង​ទី​៣០ ខែ​កក្កដា​កន្លង​ទៅ​ថ្មីៗ​នេះ បាន​សម្រេច​តម្កល់​សាល​ដីកា​របស់​តុលាការ​សាលា​ឧទ្ធរណ៍ ដែល​បាន​ផ្តន្ទាទោស​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ឲ្យ​ជាប់​ទោស​១៨​ខែ និង​ផាក​ពិន័យ​ជា​ប្រាក់​១៥​ម៉ឺន​ដុល្លារ​អាមេរិក ក្រោម​បទ​ចោទ​ថា​បាន​រំលោភ​លើ​សេចក្តី​ទុកចិត្ត​ក្នុង​ការលក់​ទីស្នាក់ការ​ កណ្តាល​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច តម្លៃ​៣​លាន​៦​សែន​ដុល្លារ​អាមេរិក កាលពី​ឆ្នាំ​២០០៥​កន្លង​ទៅ ដែល​មាន​លោក ញឹក ប៊ុនឆៃ ជា​អគ្គលេខាធិការ​គណបក្ស​ហ៊្វុនស៊ិចប៉ិច​ជា​ដើម​បណ្តឹង ។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា ធ្លាប់​បាន​ប្រកាស​ឲ្យ​ដឹង​ជា​រឿយៗ​កន្លង​មក​ថា ការប្រទាន​ការលើកលែង​ទោស​ថ្វាយ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ មិន​អាច​ធ្វើ​ទៅ​បាន​ទេ បើសិន​ណា​គ្មាន​ការស្នើ​ពី​រដ្ឋាភិបាល​របស់​លោក ឬ​មួយ​ក៍​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​មក​ជាប់​ទោស​ចំនួន​២​ភាគ​៣​នៃ​ទោស​១៨​ខែ​នោះ ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី
Advertisements

សមាជិក​បក្ស​”រណឫទ្ធិ”​នៅ​ខែត្រ​ព្រៃវែង​ត្រូវ​អាជ្ញាធរ​បាញ់​សម្លាប់

ប្រធាន ​ប្រតិបត្តិ​គណបក្ស នរោត្តម រណឫទ្ធិ ខេត្ត​ព្រៃវែង លោក ឈួន សយ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា សមាជិក​គាំទ្រ​របស់​ខ្លួន​ម្នាក់​នៅ​ក្នុង​ភូមិ​ល្វេ ឃុំ​ល្វេ ស្រុក​ស៊ីធរ​កណ្តាល ត្រូវ​អាជ្ញាធរ​មូលដ្ឋាន​បាញ់​ប្រហារ​រហូត​បាត់បង់​ជីវិត ។

លោក ឈួន សយ បាន​ចាត់​ទុក​ថា​នេះ​ជា​សកម្មភាព​ភាព​រើសអើង​ផ្នែក​នយោបាយ​មួយ ៖ «ទំនាស់ ​របស់​គាត់​រវាង​ដៃគូ​ភាគី​ពី​ថ្ងៃ​របស់​គាត់ ដូច​ជា​រួចរាល់​អស់​ទៅ​ហើយ តែ​ដល់​មក​នេះ​ពេល​ដែល​ប៉ូលិស​បាញ់​សម្លាប់ ប្រហែល​ជា​គាត់​ចាត់ទុក​ថា អ្នក​ហ្នឹង​ជា​សមាជិក​របស់​គណបក្ស នរោត្ដម ព្រោះ​ដឹង​ថា​ក្រុម​គ្រួសារ​នេះ​ជា​ក្រុម​គ្រួសារ​របស់ នរោត្ដម រហូត​បាន​ជា​គាត់​បាញ់​សម្លាប់​ហ្នឹង វា​ពាក់ព័ន្ធ​នឹង​ការគំរាម​កំហែង​ផ្នែក​នយោបាយ​ដែរ»

នៅ​ផ្ទះ​សាកសព​លោក ញឹម ចៀន ដែល​មាន​តាំង​ស្លាក​សញ្ញា​គណបក្ស នរោត្តម រណឫទ្ធិ នៅ​មុខ​ផ្ទះ​លោកស្រី ខាន់ ភាព អាយុ​៦៩​ឆ្នាំ​ជា​ម្តាយ​ជន​រងគ្រោះ បាន​រៀបរាប់​ពី​ទឹកចិត្ត​សោកស្តាយ​និង​ទាមទារ​ឲ្យ​សមត្ថកិច្ច​ដោះស្រាយ​រក​ យុត្តិធម៌​ជូន ។

លោកស្រី ខាន់ ភាព បាន​ឲ្យ​ដឹង​ថា ៖ «បើសិន​ជា​កូន​ខ្ញុំ​ខុស​ឲ្យ​យក​ ទៅ​ណែនាំ​ទៅ ច្បាប់​ណា៎! រួច​វា​មិន​ណែនាំ​បង្ហួស​អ៊ីចឹង ខ្ញុំ​ម្ដាយ​ហ្នឹង​វា​ស្ដាយ ហើយ​ខ្ញុំ​ថា​អំពើ​ហ្នឹង​វា​ហិង្សា​ពេក»

បើ​តាម​ការសាកសួរ​អ្នក​ដែល​ពាក់ព័ន្ធ​នៅ​កន្លែង​កើត​ហេតុ​និង​របាយការណ៍​ ពី​ប៉ូលិស​ស៊ើប​អង្កេត​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​ជា ៥​ល្ងាច​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ ក្នុង​សភាព​ស្រវឹង​ជន​រងគ្រោះ​បាន​បង្ក​ទំនាស់​ជាមួយ​នឹង​បុរស​ទី​មួយ ឈ្មោះ សុក សុង ដែល​អះអាង​ថា​បាន​លលេង​ជាមួយ​គ្នា ។  ក្រោយ​មក​បុរស​ដែល​ត្រូវ​ប៉ូលិស​បញ្ចប់​ជីវិត​នេះ​បាន​រើស​ពូថៅ​បែរ​ទិសដៅ​ ទៅ​រក​បុរស​ទី​ពីរ ឈ្មោះ ញឹក វុទ្ធ ដែល​ជួយ​ឈឺឆ្អាល​បាន​ត្រូវ​រង​មួយ​ពូថៅ​និង​របួស​ក្បាល​យ៉ាង​ដំណំ ។

ប៉ូលិស​បាន​ដឹង​ហេតុការណ៍​នេះ​ដោយសារ​សេចក្តី​រាយការណ៍​ពី​ស្រី្ត ឈ្មោះ គីម វណ្ណនី របស់​ភរិយា​បុរស​របួស​ក្បាល ទើប​កើត​មាន​ការបាញ់​ប្រហារ​អម​ដោយ​សំឡេង​គាំទ្រ​ឲ្យ​បញ្ចប់​ជីវិត​ជន​រង​ គ្រោះ​តែម្តង​ទៅ នៅ​វេលា​ម៉ោង​ប្រមាណ​ជា ៦:៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល មុន​ពេល​គេ​ឃើញ​ជន​រងគ្រោះ​ដេក​ស្លាប់​នៅ​នឹង​កន្លែង ។

អធិការ​នគរបាល​ស្រុក​ស៊ីធរ​កណ្តាល លោក យន់ សុខណេត បាន​ថ្លែង​ថា​ការបាញ់​ប្រហារ​នេះ​មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ ។ លោក​បន្ថែម​ថា​ប៉ូលិស​បាន​បាញ់​ប្រហារ​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​៥​គ្រាប់​ ដោយសារ​ហេតុផល​ការពារ​ខ្លួន​ប៉ុណ្ណោះ ។

លោក យន់ សុខណេត បាន​មាន​ប្រសាសន៍​ថា ៖ «នគរបាល​បាន​ប្រាប់​ថា ឲ្យ​ចៀន​ហ្នឹង​ចុះ​មក​ដី​ដើម្បី​ទៅ​ផ្ទះ​មេ​ឃុំ​និយាយ​គ្នា ចៀន​ហ្នឹង​ថា​មិន​ទៅ​ទេ ទៅ​មុន​ទៅ ។ យើង​ក៏​នៅ​បន្ត​ហៅ​គាត់​ចុះ​ដី​ដើម្បី​ធ្វើការ​ដោះស្រាយ​រឿង​ហ្នឹង ។ ចុះ​ដី​មក​ហ្នឹង​គឺ​កាំបិត​មក​តែម្ដង ដេញ​កាប់​នគរបាល​ហ្នឹង​២​នាក់​រត់​រួច​ទៅ នៅ​សល់​ម្នាក់ ។ ម្នាក់​ហ្នឹង​ដំបូង​ឡើយ​ក៏​គ្មាន​បំណង​អី​នឹង​ទៅ​បាញ់​គាត់​ទេ គ្រាន់តែ​បាញ់​គំរាម​ធ្វើ​ម៉េច​កុំ​ឲ្យ​មនុស្ស​ហ្នឹង​វា​ចូល​មក​ជិត ។ ហើយ​ដល់​ចុង​ក្រោយ​ហ្នឹង លែង​ដេញ​កាប់​អា​ហ្នឹង មក​កាប់​អា​អ្នក​កាន់​កាំភ្លើង ហើយ​អា​អ្នក​កាន់​កាំភ្លើង​ហ្នឹង​រត់​ទៅ​ទាល់​ច្រក អ៊ីចឹង​ការសម្រេច​ចិត្ត​ចុង​ក្រោយ វា​ក៏​ត្រូវ​គ្រាប់​ងាប់​ទៅ»

ទោះបី​ជា​យ៉ាង​ណា​មន្ត្រី​ស៊ើបអង្កេត​អង្គការ​អាដហុក​ខេត្ត​ព្រៃវែង លោក ឡុង វាសនា បាន​ចាត់ទុក​ថា​នេះ​ជា​អំពើ​ដែល​រំលោភ​លើ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ទោះបី​ជា​មិន​មាន​ការពាក់ព័ន្ធ​នឹង​ហេតុផល​នយោបាយ​ក្តី ។

លោក ឡុង វាសនា បាន​បញ្ជាក់​ថា ៖ «ករណី​នេះ​ជា​ទង្វើ​មួយ​រំលោភ​សិទ្ធិ ​មនុស្ស​ធ្ងន់ធ្ងរ​ណាស់ ព្រោះ​យោង​ទៅ​តាម​សកម្មភាព​និង​ការអនុវត្ត​របស់​សមត្ថកិច្ច គឺ​រំលោភ​ទៅ​លើ​សិទ្ធិ​មនុស្ស ហើយ​គឺ​មាន​ចេតនា​សម្លាប់​ជន​រងគ្រោះ​តែម្ដង»

ប្រភព ៖ វិទ្យុអាស៊ីសេរី