សមាគម​បញ្ញវន្ត​ខ្មែរ​នៅ​អាមេរិក​បារម្ភ​អំពី​ការចរចា​រវាង​ខ្មែរ​និង​ថៃ

វិទ្យុអាស៊ីសេរី
ដោយ ម៉ៅ សុធានី

សមាគម ​បញ្ញវន្ត​ខ្មែរ នាទី​ក្រុង​ឡងប៊ីច រដ្ឋ​កាលីហ្វ័រនា កាល​ពី​ចុង​សប្តាហ៍ បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​ស​ម្តែង​ការ​ព្រួយ​បារម្ភ​ខ្លាច​ភាគី​ កម្ពុជា​ចាញ់​ប្រៀប​ភាគី​ថៃ​ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​ ទាំង​ពីរ នាទី​ក្រុង​ហួហ៊ិន របស់​ថៃ នៅ​ថ្ងៃ​ច័ន្ទ ទី​១៨ សីហា​នេះ។

លោក ផង បណ្ឌិត ក្នុង​នាម​សមាគម​បញ្ញវន្ត​ខ្មែរ បាន​សម្តែង​ការព្រួយ​បារម្ភ​ថា ការដក​កងទ័ព​សៀម​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ អាច​នឹង​មាន​ភ្ជាប់​ជា​លក្ខខណ្ឌ​ណា​មួយ​ពី​ខាងសៀម ។

លោក ផង បណ្ឌិ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ទី១ រាជរដ្ឋាភិបាល​ខ្មែរ អាច​នឹង​ធ្វើការ​ព្រមព្រៀង ដោយ​កាត់​បំណែក​ទឹក​ដី ណា​មួយ​របស់​ខ្មែរ​ឲ្យ​សៀម។ ទី​២ រដ្ឋាភិបាល​ខ្មែរ​យល់ព្រម​ឲ្យ​មាន​ការគ្រប់គ្រង​រួម​គ្នា នៅ​តំបន់​ណា​មួយ ជាពិសេស​តំបន់​ប្រាសាទ​ព្រះវិហារ ដែល​ជា​ទឹកដី​របស់​ខ្មែរ។ បើ​ដូច្នោះ​មែន ខ្មែរ​នឹង​បាត់បង់​ទឹក​ដី​ដ៏​ធំ ជា​ពិសេស​បាត់​បង់​ភាព​ជា​ម្ចាស់​របស់​ខ្លួន ដែល​បុព្វបុរស​យើង​បាន​បន្សល់​ទុក។ ទន្ទឹម​នឹង​នោះ ខ្មែរ​នឹង​បាត់​បង់​ចំណូល​ដ៏​ធំ​ពី​វិស័យ​ទេសចរណ៍ មិន​តែ​ប៉ុណ្ណោះ សៀម នឹង​មាន​ល្បិចកល​គ្រប់គ្រង កេង​ប្រវ័ញ្ច​តែ​ម្នាក់​ឯង​និង​បន្ត​ការ​ឈ្លានពាន​ព្រំដែន​ខ្មែរ​បន្ត​ទៅ​ ទៀត​ទៅ​ថ្ងៃ​អនាគត​ជា​មិន​ខាន»

សមាគម ក៏​ធ្វើការ​តឿន​សតិ​រដ្ឋាភិបាល​ខ្មែរ​ពី​កលល្បិច​នានា​របស់​ភាគី​ថៃ ដូចជា​ព្យាយាម​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​ខ្មែរ​ឲ្យ​ទទួល​ស្គាល់​អ្វី​ដែល​សៀម ​ចង់​បាន និង​បញ្ចុះ​បញ្ចូល​ប្រទេស​វៀតណាម​ឲ្យ​ដាក់​សម្ពាធ​លើ​ប្រមុខ​រដ្ឋាភិបាល​ ខ្មែរ ជា​ដើម។

បើ​កិច្ចចរចា​លើក​នេះ​ធ្វើ​ឲ្យ​ខ្មែរ​ត្រូវ​ខាត​បង់ ឬ​ចាញ់​ប្រៀប​សៀម សមាគម​ស្នើ​ឲ្យ​ងាក​មក​រក​ដំណោះស្រាយ​តាមរយៈ​អង្គការ​សហប្រជាជាតិ (អ.ស.ប.) ឬ​តុលាការ​យុត្តិធម៌​អន្តរជាតិ​វិញ។

លោក ផង បណ្ឌិត ក្នុង​នាម​សមាគម​បញ្ញវន្ត​ខ្មែរ​ឯនាយ​សមុទ្រ ក៏​អំពាវនាវ​ឲ្យ​ខ្មែរ​បន្ត​ការតស៊ូ​ដើម្បី​បុព្វហេតុ​ជាតិ ៖ «សមាគម ​បញ្ញវន្ត​ខ្មែរ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស គ្រប់​ស្រទាប់​វណ្ណៈ ព្រម​ទាំង​សហគមន៍​បញ្ញវន្ត ពិសេស​ទូទាំង​ពិភពលោក តស៊ូ​ដើម្បី​បុព្វហេតុ​ជាតិ​នៃ​យើង​ត​ទៅ​ទៀត»

អាមេរិក​សង្ឃឹម​ថា បក្ស​ឈ្នះ​ឆ្នោត​ទាំង​៥ នឹង​ធ្វើការ​រួម​គ្នា​ដើម្បី​ពលរដ្ឋ​ខ្មែរ

នៅថ្ងៃ ​អាទិត្យ​នេះ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​មួយ​បង្ហាញ​អំពី​ក្តី​សង្ឃឹម​របស់​លោក​ថា គណបក្ស​នយោបាយ​ទាំង​៥ ដែល​បាន​ទទួល​ការទុកចិត្ត​បោះឆ្នោត​គាំទ្រ​ពី​ពលរដ្ឋ ទាំង​អ្នក​ឈ្នះ​ច្រើន ទាំង​អ្នក​ឈ្នះ​តិច នឹង​ធ្វើការ​ជាមួយ​គ្នា ដើម្បី​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប។

RFA Photo

លោក ចូសេហ្វ មូសូមែលី (Joseph Mussomeli) ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន​នៅ​ថ្ងៃ​នេះ របស់​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក ចូសេហ្វ មូសូមែលី (Joseph A. Mussomeli) បាន​ថ្លែង​ថា៖ នៅពេល​ដែល​យើង​រង់ចាំ​ ការចេញ​លទ្ធផល​ការបោះឆ្នោត​ជា​ផ្លូវការ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ ការបោះឆ្នោត (គ.ជ.ប.) នឹង​ធ្វើ​ការតាមដាន​ដោយ​យក​ចិត្ដ​ទុកដាក់​ចំពោះ​បណ្ដឹង​និង​បណ្ដឹង​ឧទ្ធរណ៍​ នៅ​សល់​ទាំង​អស់ ទាក់ទង​នឹង​ការរៀបចំ​ការបោះឆ្នោត​ថ្ងៃ​ទី​២៧ ខែ​កក្កដា​នោះ វា​ហាក់​ដូចជា​ទំនង​ច្បាស់​ហើយ​ថា គណបក្ស​នយោបាយ​ចំនួន​៥ បាន​ទទួល​ការគាំទ្រ​ពី​ប្រជាជន​កម្ពុជា​ដើម្បី​ចូល​បម្រើ​ការងារ​ក្នុង​រដ្ឋ ​សភា

លោក ចូសេហ្វ មូសូមែលី បាន​បញ្ជាក់​ទៀត​ថា ៖ ខ្ញុំ​មាន​ការលើក​ទឹក​ ចិត្ដ ដោយ​គណបក្ស​ទាំង​នោះ កំពុង​ពិចារណា​លើ​តួនាទី​ប្រកប​ដោយ​ន័យ​ស្ថាបនា​របស់​គេ ក្នុង​ការបម្រើ​ប្រជាជន​ម្ចាស់​ឆ្នោត​ទាំង​អស់ ដែល​គេ​ត្រូវ​ធ្វើ​ជា​តំណាង​ឲ្យ​នៅក្នុង​រដ្ឋសភា​ថ្មី ហើយ​ខ្ញុំ សង្ឃឹម​ថា គណបក្ស​ដែល​ចូលរួម​ទាំង​អស់ នឹង​មាន​តួនាទី​ជា​វិជ្ជមាន​ប្រកប​ដោយ​ការស្ថាបនា​និង​ខ្លឹមសារ​ដើម្បី​ ចូលរួម​ក្នុង​ការងារ​របស់​គណៈកម្មការ​នានា​របស់​រដ្ឋសភា

លោក John Johnson អ្នក​នាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ អាស៊ីសេរី​ថា ៖ សេចក្តី ​ថ្លែងការណ៍​នេះ​គឺ​លោក​ឯកអគ្គរដ្ឋទូត​ចង់​លើក​ទឹកចិត្ត​ដល់​គណបក្ស​នយោបាយ​ ទាំង​អស់​ឲ្យ​ចូលរួម​ក្នុង​រដ្ឋសភា​ថ្មី​តាម​ដែល​គេ​អាច​ធ្វើ​បាន

សេចក្តី​ថ្លែងការណ៍​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​នេះ ក៏​បាន​ធ្វើ​ឡើង​ភ្លាមៗដែរ បន្ទាប់​ពី​មាន​គណបក្ស​បី​បាន​ប្រកាស​ពហិការ​សម័យ​ប្រជុំ​សភា​លើក​ដំបូង ដោយ​ចោទ​ប្រកាន់​ថា ការបោះឆ្នោត​កន្លង​មក មិន​ត្រឹមត្រូវ​ទេ។

គណបក្ស​ទាំងបី​នោះ​មាន​គណបក្ស​សម​រង្ស៊ី គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស​នរោត្តម រណឫទ្ធិ បាន​ប្រកាស​ប្រឆាំង​លទ្ធផល​នៃ​ការបោះឆ្នោត ដោយ​បាន​ចោទ​ប្រកាន់​ថា មាន​ការលួច​បន្លំ​សន្លឹក​ឆ្នោត មាន​ការលុប​ឈ្មោះ​អ្នក​បោះឆ្នោត ជិត​៦​សែន​នាក់ និង​មាន​ប្រជាពលរដ្ឋ ចំនួន​ជាង​១​លាន​នាក់ បាន​បាត់បង់​សិទ្ធិ​ក្នុង​ការបោះឆ្នោត​កន្លង​ទៅ​នេះ។

ការប្រកាស​ពហិការ​របស់​គណបក្ស​ទាំង​បី​នោះ ក៏​ធ្លាប់​ទទួល​ការព្រមាន​ផង​ដែរ ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គណបក្ស​របស់​លោក បាន​ទទួល​ជ័យជំនះ​លើសលប់​ក្នុង​ការបោះឆ្នោត​នោះ ៖ «ករណី​ដែល​អ្នកឯង​ បោះបង់​ចោល​អាសនៈ គេ​យក​អាសនៈ​ហ្នឹង​ទៅ​ចែក​ឲ្យ​បក្ស​ផ្សេង​ទៀត រឿង​ហ្នឹង​វា​បាន​ប្រហែល​ជាប់ ២០​ជាង ស៊ីសង​ខេត្ត ព្រោះ​កន្ទុយ​យើង​នៅ​វែង​ៗ​ទេតើ! …»

ទោះជា​យ៉ាងណា​ក៏​ដោយ គណបក្ស​ប្រឆាំង​ទាំង​បី បាន​និយាយ​ថា ការធ្វើ​ពហិការ​កិច្ច​ប្រជុំ​សភា​លើក​ដំបូង​នោះ​មិនមែន​ជា​ការបោះបង់​ចោល​ អាសនៈ​នៅ​ក្នុង​សភា​នោះ​ទេ តែ​ជា​ការតវ៉ា​មួយ ដើម្បី​ឲ្យ​មាន​ការដោះស្រាយ​ភាព​មិន​ប្រក្រតី ក្នុង​ការបោះឆ្នោត​កន្លង​មក ហើយ​បាន​បញ្ជាក់​ថា បើ​មិនមាន​ការដោះស្រាយ​ទេ បញ្ហា​នឹង​កើត​មាន​ចំពោះ​ការបង្កើត​រដ្ឋសភា​និង​រដ្ឋាភិបាល​ថ្មី នា​ពេល​ខាង​មុខនេះ៕

នាយក​រដ្ឋមន្ត្រី​ថៃ​និយាយ​ប្រាប់​ប្រធានាធិបតី​អាមេរិក​ពី​បញ្ហា​ជម្លោះ​ជាមួយ​ខ្មែរ

នាយក ​រដ្ឋមន្រ្តី​ថៃ លោក សាម៉ាក់ ស៊ុនថរ៉ាវ៉េទ កាលពី​រាត្រី​ថ្ងៃ​ពុធ​នេះ បាន​ថ្លែង​សេចក្ដី​អំណរ​អរគុណ​ដល់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចច្ច ដាប់ប៊ែលយូប៊ូស្ហ ចំពោះ​ការយល់ដឹង​របស់​លោក​ជុំវិញ​ដំណោះស្រាយ​បញ្ហា​ជម្លោះ​តំបន់​ប្រាសាទ​ ព្រះវិហារ​រវាង​ប្រទេស​ថៃ​និង​កម្ពុជា ។

លោក សាម៉ាក់ បាន​ថ្លែង​ថា​យើង​សូម​អរគុណ​ចំពោះ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដែល​បាន​យល់ ​ដឹង​អំពី​បញ្ហា​ប្រាសាទ​ព្រះវិហារ ។ លោក សាម៉ាក់ ថ្លែង​ដូច្នេះ​នៅ​ក្នុង​ឱកាស​ដែល​លោក​បាន​ទទួល​ជួប​ពិភាក្សា និង​ពិសារ​ភោជនាហារ​រួម​គ្នា​មួយ​ជាមួយ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចច្ច ដាប់ប៊ែលយូប៊ូស្ហ នៅ​វិមាន​រដ្ឋាភិបាល​ថៃ​នៅ​ក្នុង​ក្រុង​បាងកក កាលពី​វេលា​យប់​ម៉ោង ៧ ថ្ងៃ​ពុធ​នេះ ។

គេ​ពុំ​បាន​ឮ​ដោយ​ផ្ទាល់​ថា​លោក​ប្រធានាធិបតី ប៊ូស្ហ បាន​មាន​ប្រសាសន៍​អំពី​បញ្ហា​ប្រាសាទ​ព្រះវិហារ​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី ​ថៃ​នោះ​ទេ ក៏ប៉ុន្តែ​គេ​អាច​សន្និដ្ឋាន​ថា​នៅ​អំឡុង​នៃ​កិច្ច​ពិភាក្សា​នោះ ទំនង​ជា​លោក សាម៉ាក់ បាន​លើក​យក​បញ្ហា​ជម្លោះ​តំបន់​ប្រាសាទ​ព្រះវិហារ​រវាង​កម្ពុជា​និង​ថៃ​ ជម្រាប​ជូន​លោក​ប្រធានាធិបតី ប៊ូស្ហ ។

ការថ្លែង​របស់​លោក សាម៉ាក់ បាន​ថ្លែង​ថា​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​លោក​នាយក​រដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន សែន បាន​ថ្លែង​អំពី​គម្រោងការ​បញ្ជូន​រដ្ឋមន្រ្តី​ការ​បរទេស​របស់​កម្ពុជា គឺ​លោក ហោ ណាំហុង ឲ្យ​ទៅ​ជួប​ចរចា​ជាមួយ​រដ្ឋមន្រ្តី​ការ​បរទេស​ថៃ លោក តឹក ប៊ុនណាត នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ ២០០៨ នេះ ដើម្បី​ពិភាក្សា​អំពី​ការដក​កងទ័ព​និង​នៅ​ចំ​ពេល​ដែល​មាន​របាយការណ៍​ពី​ ជាយដែន​ថៃ​ខ្មែរ​មក​ថា ទាហាន​ជួរ​មុខ​របស់​ថៃ​ពី​អង្គភាព​លេខ​២៦០៦ នៃ​យោធភូមិភាគ​ទី​ពីរ និង​កង​ទាហាន​ជួរ​មុខ​របស់​កម្ពុជា ចំណុះ​ឲ្យ​យោធភូមិភាគ​ទី​៤ បាន​ត្រូវ​ដាក់​ពង្រាយ​ឲ្យ​យាម​ល្បាត​ការពារ​ខ្សែ​ក្រវ៉ាត់​ព្រំដែន​រួម​ គ្នា ចាប់​ពី​បង្គោល​ឡាក់​ទី​២២ ក្នុង​ខេត្ត​សុរិន្ទ​របស់​ថៃ និង​ខេត្ត​ឧត្ដរមានជ័យ​របស់​កម្ពុជា រហូត​ដល់​ទិស​ខាង​កើត​ចម្ងាយ​៤​គីឡូម៉ែត្រ​រៀងៗ​ខ្លួន ដោយ​រង់ចាំ​ដំណោះស្រាយ​ភាព​តានតឹង​នៃ​ជម្លោះ​ព្រំដែន ខណៈ​មេបញ្ជាការ​យោធា​ជាន់ខ្ពស់ និង​ក្រុម​កិច្ចការ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ជុំវិញ​ជម្លោះ​តំបន់​ព្រំដែន​ប្រាសាទ​តាមាន់ និង​ប្រាសាទ​ព្រះវិហារ ។

លោក​ប្រធានាធិបតី ចច្ច ដាប់ប៊ែលយូប៊ូស្ហ ដែល​បាន​មក​ដល់​ប្រទេស​ថៃ​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​លោក​គ្រោង​នឹង​ថ្លែង​សុន្ទរកថា​មួយ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​សីហា​នេះ អំពី​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ទៅ​លើ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៅ​ព្រះរាជ​ដំណាក់​ម្ចាស់ក្សត្រី  ស៊ីរកៀត ចំណែក​ឯ​ភរិយា​របស់​លោក​គឺ​អ្នកស្រី ឡូរ៉ា ប៊ូស្ហ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ជំរំ​ជន​ភៀស​ខ្លួន​ភូមា​ដែល​ស្ថិត​នៅ​តំបន់​ព្រំដែន ​ថៃ​ភូមា ៕

ខ្មែរ​នៅ​អាមេរិក​នាំ​គ្នា​ធ្វើ​ញត្តិ​ទៅ​អ.ស.ប.​និង​ប្រធានាធិបតី​អាមេរិក​ពី​បញ្ហា​ព្រះវិហារ

បញ្ហា ​ជម្លោះ​ជាមួយ​ថៃ​ព្រោះ​តែ​ថៃ​បញ្ជូន​ទ័ព​ចូល​មក​កាន់កាប់​ដែន​ដី​ខ្មែរ ដោយ​ប្រកាន់​ថា​ជា​តំបន់​ប្រទាញ​ប្រទង់​ឬ​តំបន់​ស​ឬ​តំបន់​ចម្រូង​ចម្រាស​ ត្រួត​លើ​គ្នា​អី​គេ​នោះ បាន​នាំ​ឲ្យ​ខ្មែរ​នៅឯ​នាយ​សមុទ្រ​សម្តែង​ការក្តៅ​ក្រហាយ​នឹង​អំពើ​ឈ្លានពាន ​នេះ​របស់​ថៃ។

RFA Photo/Keo Nimol

ប្រាសាទ​ព្រះវិហារ​ខ្មែរ នៅ​លើ​កំពូល​ភ្នំ​ដងរែក​ នៃ​ខេត្ត​ព្រះវិហារ។

នៅឯ​រដ្ឋ​វ៉ាស៊ីនតោន សហគមន៍​អភិវឌ្ឍន៍​ខ្មែរ​រួម​ជាមួយ​បងប្អូន​រួម​ជាតិ​ខ្មែរ​ដទៃ​ទៀត  បាន​ផ្តួចផ្តើម​គំនិត​ធ្វើ​ញត្តិ​ជូន​ដល់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​ សហប្រជាជាតិ (អ.ស.ប.) ដល់​ប្រធានាធិបតី​អាមេរិក​និង​ដល់​មេដឹកនាំ​នៃ​ប្រទេស​កម្ពុជា។

លោក ខេវិន ក្តឹប អនុប្រធាន​សហគមន៍​អភិវឌ្ឍន៍​ខ្មែរ​នៅក្រុង​តាកូម៉ា មាន​ប្រសាសន៍ ៖ «ក្នុងនាម ​ប្រជាជន​ខ្មែរ​ទាំង​អស់ ទាំង​ក្រៅ​និង​ក្នុង​ប្រទេស គឺ​ថា យើង​ចង់​ធ្វើ​ជារួម​ជា​ញត្តិ​រួម ដើម្បី​ប្ដឹង​ទៅ​អង្គការ​សហប្រជាជាតិ ផ្នែក​ខាង​ក្រុមប្រឹក្សា​សន្តិសុខ ដើម្បី​ឲ្យ​លោក​ជួយ​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​បញ្ហា​ជម្លោះ​ខ្មែរ​និង​ថៃ ជាពិសេស ផ្តោត​ទៅ​លើ​ការចូល​ឈ្លានពាន​របស់​ថៃ មក​លើ​ដី​ខ្មែរ​យើង​ហ្នឹង។ យើង​ភ័យខ្លាច ខ្លាច​មាន​ការបង្ហូរ​ឈាម​ដល់​ប្រជាពលរដ្ឋ ដែល​អត់ដឹង​អី​សោះ​នោះ ជាពិសេស​ខ្មែរ​យើង នៅ​ទន់ខ្សោយ​នៅ​ឡើយ ផ្នែក​សេដ្ឋកិច្ច​ក្ដី យោធា​ក្ដី គឺ​ថា យើង​នៅ​ចាញ់​ប្រៀបធៀប​គេ។ ដូច្នេះ យើង​អត់​ចង់​ទេ យើង​ឆ្លងកាត់​សង្រ្គាម​ច្រើន​ឆ្នាំ​ហើយ យើង​មិន​ចង់​ឆ្លងកាត់​ទៀត​ទេ»

កាលពី​ថ្ងៃ​សុក្រ សហគមន៍​ខ្មែរ​ឯ​នាយ​សមុទ្រ បាន​ជួបជុំ​គ្នា​សម្រេច​ថា​ក្រៅពី​ធ្វើ​ញត្តិ​ថ្នាក់​អន្តរជាតិ ដោយ​មាន​ដាក់​ញត្តិ​លើ​ប្រព័ន្ធ​អ៊ិនថឹណិត ដែល​នឹង​អនុញ្ញាត​ឲ្យ​ខ្មែរ​នៅ​គ្រប់​ប្រទេស​ក្នុង​ពិភពលោក អាច​ចូលរួម​ចុះ​ហត្ថលេខា​បាន​ហើយ ក៏​នឹង​មាន​ការប្រារព្ធ​ពិធី​រៃ​អង្គាស​បច័្ចយ​យក​ប្រាក់​ទៅ​ជួយ​ឧបត្ថម្ភ​ ពលរដ្ឋ​រងគ្រោះ​ដោយសារ​ការឈ្លានពាន​របស់​ទាហាន​សៀម​និង​ជួយ​ផ្គង់ផ្គង់​លើក​ ទឹកចិត្ត​ដល់​យោធា​ខ្មែរ​នៅ​ជាយ​ដែន​ផង។

លោក ខេវិន សុំ​ឲ្យ​ខ្មែរ​ប្រួត​ដៃ​គ្នា​ប្រើ​សិទ្ធិ​ក្នុង​ការតវ៉ា​ប្រឆាំង​អំពើ​ឈ្លានពាន​តាម​ផ្លូវ​ច្បាប់ ៖ «ឆ្លៀត ​ឱកាស​នេះ ដើម្បី​អំពាវនាវ​ដល់​បង​ប្អូន​ខ្មែរ ជន​រួមជាតិ​ទាំងអស់​គ្រប់​រូប ក្នុង​និង​ក្រៅ​ប្រទេស។ សូម្បី​មេត្តា​ជួយ​ក្រោក​ឈរ​និង​ការជួយ​រួបរួម​សាមគ្គី​គ្នា​ឡើង ព្រោះ​នេះ ជា​ឱកាស​មួយ ដែល​យើង​ត្រូវ​បង្ហាញ​ឆន្ទៈ​យើង​ជា​ខ្មែរ។ មិន​មែន​ថា អស់​លោក​បាន​នៅ​សុខ​ស្រួល​ដល់​ប្រទេស​ក្រៅ​ហើយ មិនគួរ​អើពើ​ដល់​ប្រទេស​ជាតិ​យើង​ទេ ព្រោះ​ថា វា​ជា​អត្តសញ្ញាណ​របស់​យើង ដែល​ជា​ខ្មែរ កុំ​ឲ្យ​គេ​មើលងាយ ព្រោះ​កន្លង​មក ក្នុង​ប្រវត្តិសាស្រ្ត​ហ្នឹង វា​មាន​ការច្របូក​ច្របល់ ដោយសារ​យើង​អី? ដោយសារ​យើង​មិន​តតាំង មាន​ចរិត​ស្លូតបូត ដូច្នេះ​យើង​គួរតែ​បង្ហាញ​ពី​ឆន្ទៈ​របស់​យើង​និង​សិទ្ធិ​របស់​យើង ដែល​យើង​អាច​ប្រើបាន។ ឥឡូវ​នេះ គឺ​ថា យើង​ត្រូវតែ​ធ្វើ​តាម​ផ្លូវ​ច្បាប់»

ក្រៅពី​នេះ តំណាង​សហគមន៍​ខ្មែរ​ក្រុង​តាកូម៉ា រដ្ឋ​វ៉ាស៊ីនតោន ក៏​អំពាវនាវ​ឲ្យ​ខ្មែរ​ងាក​មក​ប្រើ​គ្រឿង​ឧបភោគ​បរិភោគ​ដែល​ខ្មែរ​អាច​ផលិត​ បាន​ដោយ​ខ្លួន​ឯង គឺ​មាន​ចិត្ត​ជាតិ​និយម​ឈប់​ទិញ​អីវ៉ាន់​ថៃ ៖ «ទំនិញ​ ចេញ​ពី​ថៃ​ហ្នឹង រដ្ឋាភិបាល​គួរតែ​គិត​ពី​រឿង​ហ្នឹង​ដែរ បើ​សិន​ជា​យើង​ជា​ខ្មែរ ជា​ពិសេស​ទំនិញ​កសិកម្ម ផលិតផល​ផ្សេង​ៗ​ដែល​យើង​អាច​ផលិត​បាន​នៅ​ស្រុក​ខ្មែរ​ហ្នឹង គួរតែ​យើង​យក​មក​គិត​សាថ្មី​ម្ដង​ទៀត​ថា យើង​គួរតែ​ប្រើ​ទំនិញ​នៅ​ក្នុង​ស្រុក​របស់​យើង នាំ​គ្នា​ជួយ​ដល់​សេដ្ឋកិច្ច​របស់​យើង ហើយ​ជួយ​បង្កើន​ការងារ​ដល់​បង​ប្អូន​ខ្មែរ​យើង​ដែរ។ យើង​មាន​លទ្ធភាព យើង​មាន​ធនធាន​អាច​ធ្វើ​បាន ដូច្នេះ យើង​មិន​គួរ​ទិញ​ទំនិញ​របស់​គេ ចូលមក​ទេ ដូច្នេះ រដ្ឋាភិបាល លោក​គួរគិត​ផ្នែក​ហ្នឹង​ដែរ ហើយ​ប្រជាជន​ខ្មែរ​យើង​ក៏​គួរ​គិត​ដែរ ដូចជា​ដំណាំ​ស្រួល​បំផុត ដូចជា​ជីរ​ឬ​ក៏​ស្លឹក​គ្រៃ​អី​ហ្នឹង យើង​ដាំ​ដុះ​ខ្លួន​ឯង​បាន គួរតែ​ធ្វើ​ខ្លួន​ឯង​នេះ​ជា​មោទនភាព ក្នុង​មោទនភាព​ជាតិ​ខ្មែរ»