កម្ពុជា​ស្នើ​ឲ្យ​ដាក់​បញ្ចូល​អតីត​គុក​ទួលស្លែង​ជា​សារមន្ទីរ​ចងចាំ​របស់​ពិភពលោក

វិទ្យុអាស៊ីសេរី
ដោយ ហ៊ុយ វណ្ណៈ

សារមន្ទីរ ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង ដែល​ជា​អតីត​មន្ទីរ​ឃុំឃាំង​ធំ​មួយ​របស់​ខ្មែរ​ក្រហម ក្នុង​ក្រុង​ភ្នំពេញ ត្រូវ​បាន​រៀបចំ​ដើម្បី​ដាក់​បញ្ចូល​ជា​សារមន្ទីរ​ចងចាំ​របស់​សកលលោក​នៃ​ អង្គការ​យូណេស្កូ ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា Memory of the World។


RFA file photo
ទេសចរ ​បរទេស​ឈរ​មើល​​រូប​ថត​នៃ​ជន​រងគ្រោះ​ដែល​ស្លាប់​ដោយ​សារ​ការធ្វើ​ទារុណកម្ម ​និង​ការប្រហារ​ជីវិត​នៅ​គុក​ទួលស្លែង​ ក្រោម​របប​ខ្មែរ​ក្រហម​ពី​ឆ្នាំ​១៩៧៥​-១៩៧៩។

លោកស្រី Isabel Qowxavez ជា​មន្ត្រី​អង្គការ​យូណេស្កូ ប្រចាំ​នៅ​ប្រទេស​កម្ពុជា និង​ជា​អ្នក​ជួយ​សម្រប​សម្រួល​រៀបចំ​ឯកសារ​ស្តីពី​ការដាក់​បញ្ចូល​សារមន្ទីរ ​ទួលស្លែង​ចូល​ជា​សម្បត្តិ​មនុស្ស​ជាតិ​នេះ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ឯកសារ​ស្នើ​សុំ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ការិយាល័យ​អង្គការ​យូណេស្កូ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​ថ្ងៃ​សុក្រ សប្តាហ៍​នេះ។

សូម​ជម្រាប​ថា នេះ​គឺ​ជា​កិច្ច​ប្រឹងប្រែង​របស់​កម្ពុជា​ថ្មី​មួយ​ទៀត ក្នុង​ការ​ដាក់​កេរ​ដំណែល​របស់​ខ្លួន​ចូល​ទៅ​ជា​សម្បត្តិ​សម្រាប់​មនុស្ស​ ជាតិ បន្ទាប់​ពី​ប្រាសាទ​ព្រះវិហារ​ខ្មែរ ដែល​ស្ថាបនា​ក្នុង​សតវត្សរ៍​ទី​១១ ត្រូវ​បាន​ដាក់​បញ្ចូល​ជា​បេតិក​ភណ្ឌ​ពិភពលោក​កាល​ពី​ថ្ងៃ​ទី​៧ កក្កដា ឆ្នាំ​២០០៨។

លោក ជ័យ សុភារ៉ា ជា​ប្រធាន​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍ ទួល​ស្លែង បាន​ថ្លែង​បញ្ជាក់​ពី​ក្តី​រំពឹង​របស់​លោក​យ៉ាង​ដូច្នេះ​ថា ៖ «យើង ​គិត​ថា នៅ​ក្នុង​ន័យ​មនុស្ស​ជាតិ​នេះ វា​មាន​តម្លៃ​ខ្លាំង​ណាស់។ ចង់​និយាយ​ថា ការប្រល័យ​ពូជ​សាសន៍​មួយ ដែល​កើត​នៅ​ក្នុង​យុគ​សម័យ​មួយ​ពី​ចន្លោះ​ឆ្នាំ ៧៥ មក ៧៨​នេះ គឺ​ប្រជាជន​យើង​ស្លាប់​ទៅ​នេះ គឺ​ស្លាប់​ដោយ​អយុត្តិធម៌។ ដូច្នេះ វា​មិន​មែន​ថា ការ​ឈឺ​ចាប់​ហ្នឹង វា​មិន​មែន​នៅ​តែ​ក្នុង​ប្រជាជន​កម្ពុជា​ទេ គឺ​ការ​ឈឺ​ចាប់​ហ្នឹង មាន​សម្រាប់​ប្រជាជន​ទាំង​អស់ ក្នុង​ពិភពលោក​ដែរ ព្រោះ​ជា​ឧក្រិដ្ឋកម្ម​មួយ​ប្រឆាំង​នឹង​មនុស្ស​ជាតិ»

សារមន្ទីរ​ទួលស្លែង ត្រូវ​បាន​ជួយ​រៀបចំ​ជា​លើក​ដំបូង​ដោយ​អ្នក​ឯកទេស​សារមន្ទីរ​ជន​ជាតិ​វៀតណាម ​មួយ​រូប​ឈ្មោះ ម៉ៃ ឡាំ ដោយ​ប្រែ​ក្លាយ​ពី​គុក​របស់​ខ្មែ​ក្រហម​មួយ ឈ្មោះ​មន្ទីរ​ស-​២១ ដែល​ត្រូវ​បាន​បោះបង់​ចោល​នៅ​ក្រោយ​ការ​ដួល​រលំ​នៃ​របប​ខ្មែរក្រហម​នោះ។ សារមន្ទីរ​ទួលស្លែង ត្រូវ​បាន​បើក​ឲ្យ​ភ្ញៀវ​ជាតិ​និង​ភ្ញៀវ​អន្តរជាតិ​ចូល​ទស្សនា​ចាប់​តាំង​ពី ​ឆ្នាំ​១៩៨០​មក។

នៅ​ក្នុង​សារមន្ទីរ​ទួល​ស្លែង ដែល​មាន​ទម្រង់​ជា​អគារ​សាលារៀន​កំពស់​៣​ជាន់ និង​មាន​ចំនួន​៤​ខ្នង​ធំៗ​នោះ គឺ​មាន​ដាក់​តាំង​រូបថត​អ្នក​ទោស​ជា​ច្រើន​ពាន់​សន្លឹក ឧបករណ៍​ធ្វើ​ទារុណកម្ម លលាដ៍​សាកសព​អ្នក​ទោស​ដែល​ត្រូវ​បាន​សម្លាប់​ក្នុង​របប​ខ្មែរ​ក្រហម​និង​ ឯកសារ​ដើម​របស់​ខ្មែរ​ក្រហម​ជា​ច្រើន​ម៉ឺន​ទំព័រ។

លោក ជ័យ សុភារ៉ា មាន​ប្រសាសន៍​ទៀត​ថា កេរដំណែល​នៅ​សារមន្ទីរ​ទួលស្លែង ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំ​ទូលាយ​ដោយ​អ្នក​សិក្សា​ស្រាវជ្រាវ​និង​ មន្ត្រី​ច្បាប់​នៅ​សាលាក្តី​ខ្មែរ​ក្រហម​ដើម្បី​ជា​ភស្តុតាង​ក្នុង​ការ​ ជំនុំ​ជម្រះ​ក្ដី​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម ដែល​រួម​មាន​ទាំង កាំង ហ្កិចអ៊ាវ ហៅ ឌុច ជា​អតីត​ប្រធាន​គុក​ទួលស្លែង ហើយ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​រង្គាល​មនុស្ស​ជាង ១២.០០០​នាក់ នៅ​ទីនោះ​ផង​ដែរ៕

បញ្ចេញមតិ